F

និទានរឿង៖ សន្សើមព្រឹក

 ចុចចុះឈ្មោះបើកអាខោនទីនេះដើម្បីយកបានប្រម៉ូសិនពិសេសពីក្រុមហ៊ុន GALAXY BET 369




Reading Book

រឿង៖ សន្សើមព្រឹក

រឿងនិទាន

ភាគ​ទី១: ហុងកុង ឆ្នាំ១៩៧៦

នៅពេលដែលខ្ញុំនិងមិត្តរួមថ្នាក់របស់ខ្ញុំកំពុងតែអង្គុយនៅក្នុងថ្នាក់រៀន រង់ចាំចាប់ផ្តើមម៉ោងរៀនដំបូង អ្នកគ្រូបន្ទុកថ្នាក់បានដឹកដៃសិស្សស្រីថ្មីម្នាក់រួមជាមួយនឹងសិស្សម្នាក់ទៀតដើរចូលមកក្នុងថ្នាក់។ រំពេចនោះ សិស្សទាំងអស់គ្នាដែលនៅជជែកប្រលែងគ្នាលេងក៏បង្អាក់សំឡេងឡូឡា រូតរះក្រោកឈរឡើងគោរពស្វាគមន៍អ្នកគ្រូ។ អ្នកគ្រូបានចេញសញ្ញាឱ្យសិស្សគ្រប់គ្នាអង្គុយចុះ។ សិស្សស្រីថ្មីម្នាក់នោះដែលឈរនៅពីក្រោយខ្នងអ្នកគ្រូ មានផ្ទៃមុខស្រស់ស្អាតឥតខ្ចោះព្រមជាមួយការខ្មាសអៀនតិចតួច។ អាយុនិងរូបរបស់នាងស្របាលនឹងពួកខ្ញុំដែរ ប្រហែលជាដប់មួយឆ្នាំ សក់របស់នាងត្រង់វែងដូចជាសរសៃមីពណ៌ត្នោត ម៉ូតសក់សេះនៅពីលើថ្ងាសរឹតតែស័ក្តិសមនឹងទម្រង់ផ្ទៃមុខរបស់នាង សក់ពីរបីសរសៃធ្លាក់សំយុងចុះមកលើផែនថ្ពាល់ដ៏សស្គុសម៉ដ្តខៃ នាងបើកកែវភ្នែកពណ៌ខ្មៅមួយគូធំៗសម្លឹងមើលទៅកាន់មិត្តទាំងអស់គ្នានៅក្នុងថ្នាក់រៀន។ មិត្តភក្តិស្រីដទៃទៀតក៏សុទ្ធតែងឿងឆ្ងល់សម្លឹងមើលទៅកាន់នាងវិញផងដែរ។ នាងមានកម្ពស់រាងខ្ពស់ហើយស្គម ស្លៀកពាក់ឯកសណ្ឋានពណ៌ខៀវទឹកសមុទ្រជាមួយផ្ទៃកបត់តូចនិងសំពត់ត្រង់វែងសំយុងចុះ នៅខាងក្រោមកដៃបត់រំលេចឱ្យឃើញដៃដ៏តូចច្រឡឹងពណ៌ស៊ីជំពូមួយគូប្រៀបដូចជាថ្លើមថ្មគុជ។ ដើមទ្រូងដែលស្ថិតនៅក្នុងវ័យជំទង់ រាងពើងឡើងបន្តិច រីឯនៅពីក្រោមជើង នាងពាក់ស្រោមជើងពណ៌សក្បុសនិងស្បែកជើងប៊ូពណ៌ខ្មៅ។ អ្នកគ្រូបានចង្អុលប្រាប់ឱ្យនាងមកអង្គុយនៅក្បែរខ្ញុំ។ នាងស្ដាប់តាមការបង្គាប់ ដើរសំដៅមក រួចទម្លាក់ខ្លួនអង្គុយចុះនៅក្បែរខ្លួនខ្ញុំ ហើយក៏យកកាតាបពណ៌ផ្កាឈូកដែលកំពុងតែកាន់នៅក្នុងដៃដាក់នៅក្រោមថតតុ។ អ្នកគ្រូបាននិយាយថា៖ «នេះគឺជាមិត្តរួមថ្នាក់ដែលទើបមកដល់ថ្មី សូមប្អូនណែនាំឈ្មោះខ្លួនឯងទៅកាន់មិត្តទាំងអស់គ្នាទៅ!» នៅពេលនោះ សិស្សថ្មីម្នាក់នោះបានក្រោកឈរឡើងដោយឫកពារអុឹមអៀនតិចតួច ហើយបញ្ចេញសំឡេងដ៏សែនពីរោះប្រាប់ពីឈ្មោះមួយ៖ «ស៊ីងលូ គឺ លូ នៅក្នុងសន្សើមពេលព្រឹក» អ្នកគ្រូនិយាយថា៖ «ហ៊ឹម… អង្គុយចុះទៅ!» អ្នកគ្រូបង្រៀនភាសាអង់គ្លេសចាប់កាន់សៀវភៅពុម្ពញែកទំព័របើកឡើងមក ហើយក៏ចាប់ផ្ដើមអានបន្លឺមេរៀនបន្ទាប់នៅក្នុងសៀវភៅ។ ស៊ីងលូយកសៀវភៅរបស់នាងនៅខាងក្រោមថតតុឡើង សន្សឹមៗបើកចូលទៅកាន់ទំព័រដែលអ្នកគ្រូកំពុងតែអាន។ នៅក្នុងខណៈពេលនោះ នាងក៏បានងាកមុខមកញញឹមដាក់ខ្ញុំ។ ស្នាមញញឹមនោះ ហាក់ដូចជាការហុចដៃចេញមករាក់ទាក់សុំការរាប់អានពីខ្ញុំ។ គម្លាតដៃរវាងពួកយើងគឺឃ្លាតពីគ្នាតែពីរបីសង់ទីម៉ែត្រប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ថា នៅក្នុងកែវភ្នែកពណ៌ខ្មៅរបស់នាងមានពន្លឺភ្លឺថ្លាស្រទន់ មូលក្លុំប្រៀបដូចជាទឹកបឹងដ៏សែនជ្រៅមួយ អាចពង្វក់ឱ្យមនុស្សលិចលង់ជ្រៅចូលទៅក្នុងនោះ។ ខ្ញុំក៏ញញឹមទៅកាន់នាងវិញ ឥឡូវនេះទើបខ្ញុំប្រទះឃើញថានៅលើផ្ទៃថ្ងាសរលោងម៉ដ្ដខៃរបស់នាងមានស្នាមកំណកម្សៅពណ៌សកកដុំតូចៗដូចជាព្រិលដោយមិនប្រុងប្រយ័ត្ន នឹកគិតថាប្រហែលជាព្រឹកមិញនេះ នាងប្រញាប់ប្រញាល់ខ្លាំងពេកពេលចាកចេញពីផ្ទះមក។ មួយសន្ទុះក្រោយមក ខ្ញុំបានសរសេរឈ្មោះរបស់ខ្ញុំដោយស្ងាត់ៗនៅលើកូនក្រដាសមួយសន្លឹកហើយរុញវាទៅកាន់កន្លែងរបស់នាង។ ឆ្លៀតពេលអ្នកគ្រូមិនបានចាប់អារម្មណ៍ នាងរហ័សដៀងភ្នែករបស់នាងសម្លឹងមើលចុះទៅលើក្រដាសនោះ នាងងាកមុខមក កែវភ្នែកនាងបញ្ចេញពន្លឺមកកាន់រូបខ្ញុំរួមជាមួយនឹងស្នាមញញឹមនៅចុងបបូរមាត់ រោមភ្នែកដ៏វែងៗងរកោងនិងក្រាស់ខ្មៅប្រៀបដូចជាមេអំបៅដែលរុំព័ទ្ធចុះមកផែនថ្ពាល់ដ៏ស្អាតផូរផង់របស់នាង។ នៅថ្ងៃដែលស៊ីងលូមកដល់នោះ ឆ្នាំសិក្សាថ្មីបានចាប់ផ្ដើមជិតបីសប្តាហ៍ទៅហើយ ខ្ញុំគិតថាគ្រួសាររបស់នាងគឺត្រូវពឹងពាក់លើខ្សែរយៈជាច្រើន ទើបអាចរៀបចំឱ្យនាងបានចូលរៀននៅក្នុងថ្នាក់រៀននាពេលឥឡូវនេះ ថាមិនត្រូវ ប្រហែលជានាងគឺជាកូនមិត្តភក្តិណាម្នាក់របស់លោកនាយកសាលាផងក៏មិនដឹង។ សាលារៀនរបស់ពួកយើងគឺជាវិទ្យាល័យឯកជនសម្រាប់សិស្សស្រីដែលចេញមកពីវង្សត្រកូលគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់និងមានទ្រព្យសម្បិត្តិដ៏ល្បីឈ្មោះ។ ជារៀងរាល់ម៉ោងចេញពីរៀន នៅមុខសាលារៀននេះនឹងពោរពេញទៅដោយឡានទំនើបថ្លៃៗចុះចតព្រោងព្រាត ដើម្បីរង់ចាំទទួលពួកគេ។ មានសិស្សស្រីមួយចំនួនគ្រាន់តែពាក់នាឡិកាដៃមួយ សូម្បីតែប្រាក់ខែរបស់គ្រូបង្រៀននៅទីនេះប៉ុន្មានខែ ក៏មិនអាចទិញបានផង។ នៅរាល់ពេលដែលសាលារៀននេះបង្កើតមូលនិធិស្នើរសុំរៃអង្គាសប្រាក់សប្បុរសធម៌ណាមួយ ក្មេងស្រីៗទាំងនោះគឺតែងតែមានដៃទូលាយ។ ឪពុករបស់ខ្ញុំតែងតែបើកបរឡានទំនើបពណ៌សដែលមានតម្លៃកប់ក្ដោងចេញចូលនៅក្នុងសាលារៀនមួយនេះ គ្រាន់តែមនុស្សដែលគាត់ជូនដំណើរទៅមកជារៀងរាល់ថ្ងៃចូលមកក្នុងទីនេះ មិនមែនជាខ្ញុំទេ ប៉ុន្តែជាលោកនាយកសាលារបស់ពួកយើង។ ឪពុករបស់ខ្ញុំធ្វើជាសូហ្វ័រឡានរបស់លោកនាយកសាលាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយពឹងផ្អែកលើទំនាក់ទំនងនេះ ទើបខ្ញុំត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅសាលារៀននេះ តាំងពីបឋមសិក្សាថ្នាក់ទីបី។ បើទោះបីជាពិន្ទុសិក្សាមិនសូវខ្ពស់ក៏ដោយ ក៏ឆ្នាំនេះខ្ញុំនៅតែឡើងថ្នាក់វិទ្យាល័យនៅទីនេះបានដដែល។ ចំនួនសិស្សដែលក្រីក្រដូចជាខ្ញុំនៅសាលារៀននេះមិនតិចទេ។ ក៏ប៉ុន្តែសិស្សស្រីដែលមានប្រាក់មានយសនិងសិស្សស្រីដែលក្រីក្រ មើលទៅគឺខុសគ្នាដាច់ស្រឡះ និងរឹតតែងាយស្រួលក្នុងការកត់សម្គាល់ថានរណាជាអ្នកនាងធំស្តុកស្តម្ភ នរណាជាកូនអ្នកស៊ីឈ្នួលប្រាក់ខែគេ។ នៅពេលដែលខ្ញុំបានឃើញស៊ីងលូភ្លាមដំបូង ខ្ញុំនឹកគិតថានាងមុខជាកូនស្រីរបស់អភិជនណាម្នាក់ ម្តាយរបស់នាងប្រាកដជាស្ត្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត។ នាងគឺជាព្រះនាងតូចម្នាក់ដែលត្រូវបានឪពុកម្តាយរបស់នាងស្រឡាញ់ថ្នាក់ថ្នម រស់នៅក្នុងប៉មប្រាសាទមួយនៅលើជម្រាលភ្នំ កន្លែងវិស្សមកាលកំសាន្តប្រចាំរបស់ពួកគេគឺប្រហែលជានៅតាមបណ្តាប្រទេសទ្វីបអឺរ៉ុប។ ប៉ុន្តែនោះគឺមិនមែនព្រោះតែនាងស្អាតតែម៉្យាងគត់នោះទេ។ លើសពីនេះទៅទៀត នោះគឺព្រោះតែនាងមានលក្ខណសម្បត្តិខុសពីអ្នកដទៃ។ ទោះសូម្បីតែសិស្សស្រីដែលមានជាងគេបំផុតនៅក្នុងសាលារៀននេះ ប្រៀបផ្ទឹមទៅលើរូបសម្រស់ខាងក្រៅរបស់ពួកក្មេងស្រីទាំងនោះ គឺមិនអាចប្រៀបស្មើនឹងស៊ីងលូនោះទេ ហើយសូម្បីតែលក្ខណសម្បិត្តិជាព្រះនាងក៏មិនអាចប្រៀបស្មើនឹងនាងដែរ។ និយាយរួមទៅ ខ្ញុំមានអារម្មណ៍ថាស៊ីងលូមិនស័ក្តិសមនៅទីនេះទេ នាងគួរតែស្ថិតនៅកន្លែងដែលថ្លៃថ្នូរជាងនេះ។ ទោះរហូតមកដល់ជាច្រើនឆ្នាំក្រោយមក ទស្សនៈរបស់ខ្ញុំចំពោះរូបនាងគឺនៅតែមិនផ្លាស់ប្តូរឡើយ មិនថាស៊ីងលូឈរនៅទីកន្លែងណានោះទេ ក៏នោះមិនមែនជាទីកន្លែងតែមួយជាមួយនឹងពួកខ្ញុំដែរ នាងគឺតែងតែស័ក្តិសមឈរនៅទីកន្លែងដែលល្អប្រណីតជាងនេះ។ ស៊ីងលូគឺជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ណាស់។ នាងគឺតែងតែដូចជាថ្ងៃដំបូងដែលបានមកដល់ទីនេះអ៊ីចឹង ស្អាតបាតនិងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។ ពេលរៀនគឺយកចិត្តទុកដាក់ ខិតខំអានសៀវភៅ និងតែងតែរក្សាលំដាប់ពិន្ទុសិក្សាជាមធ្យមឡើងទៅ ក៏ប៉ុន្តែនាងបែរជាមិនចង់ចូលរួមនៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាដែលត្រូវចំណាយប្រាក់កាក់ណាទាំងអស់ នាងមកដល់ទីនេះ ហាក់ដូចមានគោលបំណងតែមួយគត់គឺអានសៀវភៅ។ ប្រហែលដោយសារតែនាងជាមនុស្សស្ងប់ស្ងាត់ពេក ដូច្នេះទើបការងឿងឆ្ងល់របស់មនុស្សគ្រប់គ្នាចំពោះរូបនាងក៏បានសាបរលាបបាត់យ៉ាងឆាប់រហ័ស។ សិស្សដែលច្រណែននឹងសម្រស់ស្រស់ស្អាតរបស់នាងក៏លែងតាមដានមើលនាងតទៅទៀត។ ខ្ញុំនិងស៊ីងលូកាន់តែស្និទ្ធស្នាលនឹងគ្នាទៅ នោះគឺជារឿងជាងពាក់កណ្តាលឆ្នាំក្រោយ។ នៅរសៀលល្ងាចមួយនារដូវរងា ក្នុងអំឡុងម៉ោងសិក្សាគណិតវិទ្យា ពួកយើងទាំងអស់គ្នាសុទ្ធតែអស់កម្លាំងនិងងងុយគេង ខ្ញុំស្រាប់តែបានប្រទះឃើញស៊ីងលូកំពុងតែលួចអានរឿងប្រលោមលោកមួយក្បាលយ៉ាងក្រាស់ឃ្មឹកនៅក្រោមតុ។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង តាមពិតស៊ីងលូក៏មានពេលខ្លះ “មិនស្ដាប់បង្គាប់” ដែរ។ ខ្ញុំបានកត់សម្គាល់ឃើញថា សៀវភៅរបស់នាង លើកលែងតែសៀវភៅពុម្ពដែលកែសម្រួលថ្មីៗប៉ុណ្ណោះទើបនៅថ្មី រីឯសៀវភៅសិក្សាផ្សេងទៀតដែលនាងប្រើប្រាស់គឺជាសុទ្ធតែជាសៀវភៅចាស់ៗ។ ស៊ីងលូក៏គ្មានសូហ្វ័រឡានផ្ទាល់ណាមកទទួលនាងដូចជាសិស្សអ្នកមានដទៃទៀតដែរ ជារៀងរាល់ពេលចេញពីរៀន នាងនឹងតែងតែដើរចាកចេញទៅតែម្នាក់ឯង។ ក្រោយមកទៀត ខ្ញុំបានឃើញនាងបំពេញបែបបទទីកន្លែងស្នាក់នៅប្រគល់ឱ្យអ្នកគ្រូដោយចៃដន្យ ផ្ទះរបស់នាងគឺនៅក្នុងច្រកផ្លូវតូចមួយ។ ប៉ុន្តែវាមិនមែនដោយសារតែបែបនេះទើបខ្ញុំផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្ញុំជាមួយនឹងស៊ីងលូនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថានាងកំពុងព្យាយាមចូលមកជិតដិតជាមួយនឹងខ្ញុំ។ ខ្ញុំរឹតថែមទាំងការពារនាងដោយគិតថា ប្រហែលជានាងគឺជាកូនឥតខាន់ស្លារបស់អភិជនណាម្នាក់ ហើយបុរសម្នាក់នោះមិនបានបំពេញកាតព្វកិច្ចមើលថែរក្សាម្តាយកូននាងទាំងពីរនាក់។ ខ្ញុំហើយនិងស៊ីងលូសុទ្ធតែចូលចិត្តស្តាប់តន្ត្រីជាភាសាអង់គ្លេស ដូច្នេះពួកយើងតែងតែផ្លាស់ប្តូរស៊ីឌីចម្រៀងដែលពួកយើងចូលចិត្តជាមួយគ្នាទៅវិញទៅមក។ ប៉ុន្តែអ្វីដែលពួកយើងចូលចិត្ដបំផុតនោះគឺបណ្ដើរគ្នាទៅផ្សារទំនើប និងតែងតែដើរមើលនៅតាមហាងទំនិញនិងហាងលក់សម្លៀកបំពាក់ប្រេនលំដាប់រៀងរាល់ពេលចេញពីរៀនម្ដងៗ ដោយគ្រាន់តែក្រឡេកមើលប៉ុណ្ណោះ ប៉ុន្តែមិនទិញឡើយ។ នៅពេលដែលឃើញម៉ូតសម្លៀកបំពាក់ណាមួយដែលពួកយើងស្រឡាញ់តែគ្មានលទ្ធភាពទិញនៅក្នុងទូកញ្ចក់ ពួកយើងតែងតែលួចដកដង្ហើមធំស្របគ្នា។ ស៊ីងលូកម្រនិយាយអំពីរឿងគ្រួសាររបស់នាងណាស់ ខ្ញុំគ្រាន់តែដឹងថាម្តាយរបស់នាងគឺជាអ្នកគ្រប់គ្រងម្នាក់នៅក្នុងរោងចក្រមួយ និងមើលការឃុំគ្រងនាងយ៉ាងតឹងរុឹង។ រាល់ពេលដែលពួកយើងដើរលេងដល់យប់ងងឹតជ្រុល ស៊ីងលូតែងតែខលទៅប្រាប់អ្នកផ្ទះ។ មានថ្ងៃមួយនោះ បន្ទាប់ពីពួកយើងបានដើរលេងនៅក្នុងផ្សារអស់ចិត្តអស់ចង់រួចហើយ ក៏ឈាងចង់ចូលទៅមើលកុន។ នោះគឺជាលើកទីមួយដែលខ្ញុំបានស្ដាប់ឮនាងនិយាយទូរស័ព្ទជាមួយនឹងម្តាយរបស់នាង។ «ឯងនិងអ្នកម៉ាក់ឯងនិយាយអ្វីហ្នឹង? ម៉េចក៏ខ្ញុំស្ដាប់មិនយល់សោះអ៊ីចឹង!» ស៊ីងលូឆ្លើយថា៖ «គឺភាសាអ្នកសៀងហៃ» «ឯងជាអ្នកស្រុកសៀងហៃហ្អេស?» «អុឹម!» «ឯងអម្បាញ់មិញប្រាប់គាត់ថាម៉េច?» កែវភ្នែកមូលក្លុំខ្មៅប្រៀបដូចជាទឹកបឹងដ៏ជ្រៅរបស់ស៊ីងលូមិនព្រិចសូម្បីតែបន្តិច នាងនិយាយដូចជាគ្មានរឿងអ្វី៖ «ខ្ញុំបានប្រាប់អ្នកម៉ាក់ថា ខ្ញុំនិងមិត្តរួមថ្នាក់របស់ខ្ញុំកំពុងតែមើលមេរៀននៅក្នុងបណ្ណាល័យ អាចទៅផ្ទះវិញយប់បន្តិច» នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ខ្ញុំបានចាត់ទុកខ្លួនឯងគឺជាមិត្តល្អបំផុតរបស់ស៊ីងលូ។ តាមពិតទៅ ខ្ញុំក៏មានការលួចកោតស្ញប់ស្ញែងចំពោះនាងបន្តិចបន្តួចផងដែរ នៅក្បែរខ្លួននាង ខ្ញុំមានអារម្មណ៍ថាខ្ញុំក៏ទទួលបានចំហាយឥទ្ធិពលស្ដួចស្ដើងពីនាងបន្តិចខ្លះផងដែរ។ លើសពីនោះ ខ្ញុំក៏មិនដែលខ្វល់ថាស៊ីងលូមានចាត់ទុកខ្ញុំគឺជាមិត្តល្អដូចដែលខ្ញុំគិតដែរឬក៏អត់នោះទេ។ នាងត្រូវបានអប់រំឱ្យធំដឹងក្ដីឡើងមកជាក្មេងស្រីរម្យទមម្នាក់ ទើបកម្រឃើញនាងបង្ហាញពីអារម្មណ៍ពិតប្រាកដណាមួយឱ្យបានច្បាស់លាស់ចេញមកក្រៅណាស់។ លើកលែងតែពេលត្រូវបង្ខំចិត្តនិយាយកុហកអ្នកម៉ាក់របស់នាង ក្រៅពីនោះ នាងគឺតែងតែជាក្មេងស្ដាប់បង្គាប់។ ក៏ប៉ុន្តែបន្ទាប់ពីពេលនោះមក រឿងមួយនោះសម្រាប់នាងប្រែជាការទើសទាល់។ នាងមិនបាននិយាយអ្វីបន្ត ហើយក៏មិនចង់រម្លឹកឡើងវិញ ចំណែកឯខ្ញុំក៏មិនហ៊ានសួរនាំទៀត។ ប៉ុន្មានខែក្រោយមក ការប្រលងថ្នាក់ជាតិបានប្រកាសលទ្ធផល រាយបញ្ជីពិន្ទុចេញមក ពិន្ទុរបស់ស៊ីងលូគឺអន់ខ្លាំងណាស់ និយាយសម្រាប់នាងនោះជាការប៉ះទង្គិចផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ។ ការសិក្សានៅក្នុងថ្នាក់របស់នាងគឺតែងតែស្ថិតនៅលំដាប់ល្អជានិច្ច ខ្ញុំមិនដឹងថាតើនាងនឹងត្រូវប្រឈមមុខជាមួយម្តាយរបស់នាងយ៉ាងណានោះទេ។ ពិន្ទុសិក្សារបស់ខ្ញុំគឺមិនអាចយកទៅប្រៀបធៀបជាមួយនឹងស៊ីងលូបានទេ ក៏ប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹមនោះទេ។ ខ្ញុំដើមឡើយមិនមែនជាអ្នកមានទេពកោសល្យរៀនសូត្រអីណាស់ណានោះទេ ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំមិនចាំបាច់ត្រូវរៀនសូត្រអ្វីអស់ទាំងនេះ បន់ឱ្យតែអាចឆាប់បានចេញទៅធ្វើការរកប្រាក់បន្តិច នោះគ្រួសាររបស់ខ្ញុំនឹងគ្មានសម្ពាធដោយសារតែខ្ញុំទៀត។ ក៏ប្រហែលជាស៊ីងលូគ្មានមធ្យោបាយណាប្រឈមមុខជាមួយនឹងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។ បន្ទាប់ពីរឿងនោះកើតឡើង នាងតែងតែគេចវេសពីខ្ញុំ។ ខ្ញុំព្យាយាមតាមរកនិងខលទៅនាងអស់ជាច្រើនលើកជាច្រើនសារ តែនាងនៅតែមិនព្រមទទួលទូរស័ព្ទរបស់ខ្ញុំឡើយ។ ក្រោយមកនាងក៏បានផ្លាស់ប្តូរលំនៅដ្ឋាន លេខទូរស័ព្ទក៏បានប្តូរដែរ។ ចាប់តាំងពីពេលនោះមក ខ្ញុំនិងស៊ីងលូក៏បាត់បង់ទំនាក់ទំនងគ្នា។ ជារៀងរាល់ពេលដែលខ្ញុំធ្វើដំណើរនៅតាមផ្លូវកាត់ផ្ទះចាស់របស់នាង ខ្ញុំតែងតែនឹកឃើញទៅដល់កែវភ្នែកមួយគូថ្លាឆ្វង់ប្រៀបដូចជាទឹកបឹងនោះ។ រហូតមកទល់ពីរឆ្នាំក្រោយមក ទើបខ្ញុំបានចួបនឹងស៊ីងលូជាថ្មីម្តងទៀត។ នោះគឺនៅក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ១៩៨១… នៅចំពោះមុខខ្ញុំស៊ីងលូបានប្រែប្រួលរូបរាង ហើយកាន់តែស្រស់ស្អាតនិងទាក់ទាញជាងមុន។ សក់ពណ៌ត្នោតរបស់នាងកាលពីមុនមូររួញឡើងជាទឹករលក ពាក់អាវធំរឹបរាងពណ៌ខ្មៅជាមួយនឹងសំពត់ឆែកខ្លី នៅលើជើងពាក់ស្បែកជើងកែងចោតខ្ពស់យ៉ាងភ្លឺរលោង រំលេចឱ្យឃើញជើងទាំងគូវែងស្រឡូន។ នោះគឺជាឯកសណ្ឋានហាងធ្វើការរបស់ពួកយើង។ ប្រសិនបើកាលនោះអាយុពួកយើងចេះគិតគូរដិតដល់បានមួយចំណិតដូចជាឥឡូវនេះ ប្រហែលជាពួកយើងនឹងមានអារម្មណ៍ថាជីវិតគឺជាការសើចចំអកមួយ។ កាលដែលពួកយើងនៅរៀន ស៊ីងលូហើយនិងខ្ញុំតែងតែចូលចិត្តដើរកំសាន្តទៅមើលលេងតាមហាងលក់សម្លៀកបំពាក់ល្បីៗ ក្ដោងច្រមុះសឹងតែប៉ះត្រូវកញ្ចក់ហាងរបស់គេ ស្ញើចសរសើរចំពោះខោអាវដែលមានម៉ាកលំដាប់និងមានតម្លៃមហាសែនថ្លៃ។ អ្នកណាទៅដឹង ប៉ុន្មានឆ្នាំក្រោយមក ពួកយើងទាំងពីរនាក់ក៏បែរជាបានមកធ្វើការរួមគ្នានៅក្នុងហាងលក់សម្លៀកបំពាក់ប្រេនលំដាប់មួយកន្លែង រាល់ថ្ងៃសម្លឹងមើលទៅកាន់សម្លៀកបំពាក់ប្រណីតៗដែលពួកយើងមិនអាចទិញបាន។ ដៀងភ្នែកសម្លឹងមើលពួកវាត្រូវបានស្ត្រីដែលមានអាយុកាលមិនស័ក្តិសមនឹងពាក់វាឬសម្រស់ដាច់ឆ្ងាយពីពួកយើង ទិញវាយកទៅ។ ស៊ីងលូបម្រើការនៅក្នុងហាងនេះមុនខ្ញុំមួយឆ្នាំ។ នៅថ្ងៃដែលពួកយើងបានចួបគ្នាដំបូងនៅទីនេះ គឺនាងជាអ្នកចំណាំខ្ញុំបានមុន។ «លីមុីងជូ! សក់របស់ឯងវែងជាងមុនច្រើនណាស់!» នាងបានញញឹមយ៉ាងស្រទន់មកកាន់ខ្ញុំ តែនៅក្នុងកែវភ្នែករបស់ស៊ីងលូមើលទៅក្រៀមក្រំជាងពេលដែលខ្ញុំធ្លាប់ចួបពីមុនទៅទៀត។ ក៏ដូចជាថ្ងៃដំបូងដែលបានឃើញនាងដើរចូលមកក្នុងថ្នាក់រៀនអ៊ីចឹង ស៊ីងលូគឺឈរនៅចំពោះមុខខ្ញុំបែបនេះ ខ្ញុំនៅតែគិតថា នាងមិនស័ក្តិសមឈរនៅទីនេះទេ។ នាងគួរតែឈរនៅលើទីកន្លែងដ៏ថ្លៃថ្នូរមួយ មិនមែននៅទីកន្លែងដូចជាទីនេះទេ ជារៀងរាល់ថ្ងៃត្រូវមកបម្រើភ្ញៀវដែលមិនមានឥទ្ធិពលខ្ពង់ខ្ពស់ដូចជានាង។ តែទោះយ៉ាងណាក្ដី ចាប់ពីពេលនោះមក ពួកយើងទាំងពីរនាក់ក៏បានចាប់ផ្តើមត្រូវរ៉ូវគ្នាវិញ។ ខ្ញុំមានអារម្មណ៍ដឹងថា នាងពិតជារីករាយណាស់នៅពេលដែលចួបនឹងខ្ញុំម្ដងទៀត។ រីឯចំពោះអ្វីដែលបានកើតឡើងកាលពីពីរឆ្នាំមុន នាងមិនដែលរម្លឹកទៅដល់សូម្បីតែមួយម៉ាត់ វាហាក់បីដូចជាកាលពីពីរឆ្នាំមុន គ្មានអ្វីដែលគួរឱ្យត្រូវចងចាំទាល់តែសោះ។ ខ្ញុំគិតថា នាងប្រហែលជាបានទទួលរងនូវការឈឺចាប់ជាច្រើន។ នៅពេលនោះ ខ្ញុំចង់រើចាកចេញពីផ្ទះដើម្បីរស់នៅដាច់ឡែកដោយខ្លួនឯង ចង់មានជីវិតឯករាជ្យមួយដោយគ្មានការឃុំឃាំង។ ខ្ញុំបានបញ្ចុះបញ្ចូលស៊ីងលូឱ្យមករស់នៅជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនរំពឹងថាអាចបញ្ចុះបញ្ចូលនាងបាននោះទេ។ ខ្ញុំដឹងថាម្តាយរបស់នាងតែងតែឃុំគ្រងយ៉ាងតឹងរុឹងចំពោះនាង។ ប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះ គឺថានាងគ្រាន់តែគិតពីរបីថ្ងៃប៉ុណ្ណោះក៏យល់ព្រម។ ស៊ីងលូហើយនិងខ្ញុំបានទៅរកមើលទីតាំងបន្ទប់ជួលអស់ប៉ុន្មានកន្លែង នៅទីបំផុតពួកយើងក៏សម្រេចចិត្តជ្រើសរើសផ្ទះនៅតំបន់ “Cansa” សំណង់អាគារចំណាស់កម្ពស់បួនជាន់។ ពួកយើងបានជួលបន្ទប់នៅជាន់ទីបួន បើទោះបីកន្លែងតូចបន្តិចពិត តែមានបន្ទប់គេងពីរនិងបន្ទប់ទទួលភ្ញៀវតូចល្មមសមគួរមួយ ថ្នាំលាបជញ្ជាំងផ្ទះក៏នៅថ្មីនៅឡើយ។ ស៊ីងលូគឺជាមិត្ដដ៏ល្អម្នាក់ដែលរកចន្លោះខ្វះខាតគ្មាន។ នាងបានតុបតែងនិងរៀបចំបន្ទប់យ៉ាងស្អាតបាត ដោយមិនចំណាយច្រើន។ នាងបានទិញចង្កៀងតាំងនៅលើតុធម្មតាតូចមួយ ប្រើជ័រកាវបិទគ្រាប់ថ្មចរណៃតូចៗដែលមានពណ៌ចម្រុះភ្លឺចិញ្ចាចចិញ្ចាំងនៅលើចង្កៀងដែលមានពណ៌ទឹកដោះគោនោះ។ ចង្កៀងដ៏ធម្មតានោះ តែមួយប៉ប្រិចភ្នែកក៏បានប្រែក្លាយទៅជាវត្ថុដ៏មានតម្លៃ។ នាងថែមទាំងចេះចម្អិនអាហារ ជាងនេះទៅទៀតនាងតែងតែកែច្នៃមុខម្ហូបឱ្យមើលទៅស្រស់ស្អាតនិងគួរឱ្យចង់ញ៊ាំ។ នាងក៏បានយកកេសសឺឡែនខ្លះចេញពីផ្ទះរបស់នាងមក ដែលគេយកមកប្រើប្រាស់នៅក្នុងពេលបម្រើភោជនីអាហារ។ នៅក្នុងហាងមានសម្លៀកបំពាក់ខ្លះនៅពេលដែលអតិថិជនបានទិញហើយក៏សងត្រលប់មកវិញ បុគ្គលិកដូចជាពួកខ្ញុំនិងស៊ីងលូ ពេលដែលទៅទិញនឹងត្រូវបានបញ្ចុះតម្លៃពិសេស។ ស៊ីងលូនឹងជ្រើសរើសយកពីរបីសម្រាប់។ ថ្វីបើវាគ្រាន់តែជាសម្លៀកបំពាក់និងស្បែកជើងម៉ូតសាមញ្ញៗតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនាងពាក់វាគឺរឹតតែស្អាត នាងថែមទាំងចេះរួមបញ្ជូលសម្លៀកបំពាក់ថ្លៃៗជាមួយខោអាវដែលមានតម្លៃថោក ធ្វើឱ្យនាងមើលទៅរឹតកាន់តែស្រស់ស្អាត។ មានអតិថិជនជាច្រើននៅក្នុងហាងដឹងថានាងចេះជ្រើសរើសសម្លៀកបំពាក់និងរួសរាយរាក់ទាក់ចំពោះភ្ញៀវ បើទោះបីអតិថិជនខ្លះមិនទិញទំនិញក៏ដោយ ក៏ពួកគេតែងតែមករកនាងនិងសាកសួរអំពីម៉ូតថ្មីៗនៅរដូវកាលបន្ទាប់។ ពួកបុគ្គលិកស្រីៗដែលធ្វើការនៅក្នុងហាងរបស់ពួកយើង ឱ្យតែមើលទៅមានរូបសម្រស់តិចតួច នឹងស្រម៉ៃចង់ហក់ចាប់កំលោះៗអណ្ដើកមាស។ មនុស្សគ្រប់គ្នាសុទ្ធតែយល់ថាក្នុងចំណោមពួកយើងទាំងអស់គ្នានេះ ស៊ីងលូគឺជាអ្នកដែលមានលក្ខខណ្ឌល្អដាច់បំផុត ក៏ប៉ុន្តែរាល់ពេលដែលពួកយើងជំណុំគ្នាជជែកលេងសើចអំពីរឿងទាំងនេះ ស៊ីងលូតែងតែបង្ហាញការមិនចាប់អារម្មណ៍។ នៅក្នុងមួយអំឡុងពេលនោះ ខ្ញុំបានមានទំនាក់ទំនងជាមួយនឹងមិត្តប្រុសថ្មីអស់ប៉ុន្មាននាក់ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំក៏នៅតែមិនទាន់ឃើញមានវត្តមានរបស់បុរសណាម្នាក់បង្ហាញខ្លួននៅក្បែររូបនាងនោះឡើយ។ នាងតែងតែព្យាយាមខិតខំធ្វើការ ដោយមិនហ៊ានហូបមិនហ៊ានចាយ គឺអាចមើលដឹងថាស្ថានភាពសេដ្ឋកិច្ចរបស់នាងគឺខ្វះខាតខ្លាំង។ ខ្ញុំក៏មិនបានសួរនាំនាងថាតើនាងខ្វះខាតលុយឬអត់នោះទេ… ថ្វីដ្បិតថាពួកយើងស្នាក់នៅក្នុងបន្ទប់ជួលជាមួយនឹងគ្នាក៏ដោយ ក៏នាងនៅតែដូចជាកាលពីមុនដដែល គឺកម្រនិយាយរឿងរបស់អ្នកផ្ទះណាស់។ ប្រហែលជាកន្លះឆ្នាំក្រោយ ស៊ីងលូហើយនិងខ្ញុំបានលួចចូលទៅហាងលក់គ្រឿងអលង្ការលំដាប់ខ្ពស់មួយដើម្បីដាក់ពាក្យសុំចូលធ្វើការ។ ស៊ីងលូក៏ត្រូវបានគេជ្រើសរើស ព្រោះនាងក្រៅពីចេះភាសាចិនកាតាំងនិងភាសាអង់គ្លេស នាងថែមទាំងអាចនិយាយភាសាជប៉ុននិងភាសាចិនកុកងឺបានយ៉ាងល្អ ចំណែកឯខ្ញុំវិញមិនអាចនិយាយបានល្អដូចជានាងឡើយ។ តែជាសំណាងល្អ ហាងលក់គ្រឿងអលង្ការនោះស្ថិតនៅក្បែរកន្លែងធ្វើការចាស់ ទើបពេលខ្លះពួកយើងនៅតែអាចចេញទៅក្រៅញ៊ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នា។ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃក៏បានកន្លងផុតទៅដោយស្ងៀមស្ងាត់បែបនោះ។ នៅព្រឹកព្រលឹមមួយនារដូវរងានៅក្នុងឆ្នាំ១៩៨៣… ខ្ញុំភ្ញាក់ពីគេងឡើងទាំងរងាញាក់ញ័រ ក្រោកចុះពីលើគ្រែបំណងចង់ទៅកាន់បន្ទប់ទឹក ក៏ស្រាប់តែឃើញស៊ីងលូស្លៀកពាក់យ៉ាងរៀបរយ បើកទ្វាររៀបចំចេញទៅក្រៅ។ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំមិនបានឃើញនាងទេ។ ដោយសារតែមួយរយៈមុនជាថ្ងៃខួបកំណើតខ្ញុំ មិត្តរួមការងារបានបបួលខ្ញុំចេញទៅក្រៅជប់លៀងដល់យប់ជ្រៅប៉ុន្មានយប់ជាប់ៗគ្នា។ ពេលដែលខ្ញុំត្រលប់មកដល់ផ្ទះវិញ ស៊ីងលូតែងតែគេងលក់បាត់ទៅហើយ។ «ឯងលែងទៅធ្វើការនៅហាងលក់គ្រឿងអលង្ការទៀតហើយមែនទេ? ប៉ុន្មានថ្ងៃមុន ពេលចេញពីធ្វើការ ខ្ញុំបានឈាងទៅរកឯង អ្នកនៅទីនោះប្រាប់ថាឯងបានលាឈប់ពីការងារហើយ!» ខ្ញុំបាននិយាយជាមួយនឹងនាង។ កែវភ្នែកធំៗរបស់នាងសម្លឹងមើលមកខ្ញុំមួយភ្លែត ក៏និយាយថា៖ «អុឹម! …មែនហើយ» «នៅសុខៗសោះ ហេតុអីបានជាលាឈប់? ក្រែងនិយាយថាខែក្រោយឯងនឹងឡើងតំណែងហើយហ្អេស? ឬមួយក៏ធ្វើការនៅទីនោះមិនសប្បាយចិត្តទេ?» «គ្មានអីឡើយ! គ្រាន់តែគ្នាចង់សាកល្បងប្ដូរការងារផ្សេងទៀតប៉ុណ្ណោះ» ខ្ញុំបានសួរនាងថា៖ «ឯងរកការងារថ្មីធ្វើបានហើយហ្អេស?» ស៊ីងលូងក់ក្បាល។ ខ្ញុំក៏បានសួរនាងបន្តទៀតថា៖ «តើជាការងារអ្វី?» «នៅ Coffee Shop» ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ចង់ហាមាត់សួរនាងថាហេតុអីទៅ? តែស៊ីងលូប្រញាប់ប្រញាល់ឱនមុខចុះសម្លឹងមើលម៉ោងនៅលើនាឡិកាដៃហើយនិយាយថា៖ «ខ្ញុំយឺតពេលហើយ ចាំយប់នេះត្រលប់មកវិញនឹងជជែកគ្នាជាមួយឯងទៀតណា៎» មុនពេលចាកចេញទៅ នាងនិយាយថា៖ «អាកាសធាតុត្រជាក់ខ្លាំងយ៉ាងនេះ យប់នេះញ៊ាំស៊ុបឆ្នាំងភ្លើងតើល្អទេ! ខ្ញុំនៅមិនទាន់អបអរថ្ងៃខួបកំណើតរបស់ឯងនៅឡើយទេ! ចាំរួចដៃពីការងារ ខ្ញុំនឹងទៅផ្សារទិញម្ហូប» «ចាំគ្នាទៅទិញវិញ» ខ្ញុំនិយាយបន្តថា៖ «ថ្ងៃនេះគ្នាសម្រាក» «ល្អ! យប់នេះចួបគ្នា!» «យប់នេះចួបគ្នា!» នាងបានចាកចេញទៅបាត់ ខ្ញុំនៅតែមិនអាចជឿទៅរួច។ ប្រាក់កម្រៃនៅហាងកាហ្វេម៉េចនឹងអាចប្រៀបផ្ទឹមជាមួយនឹងប្រាក់ខែនៅក្នុងហាងលក់គ្រឿងអលង្ការលំដាប់បាននោះ។ ឯម៉្យាងទៀតស្ថានភាពសេដ្ឋកិច្ចរបស់នាងកំពុងតែឋិតនៅក្នុងភាពយ៉ាប់យុឺន។ ឥឡូវនេះថាលាឈប់ គឺមិនដូចជាយកប្រាក់ភាគលាភដែលខិតខំធ្វើការអស់ប៉ុន្មានឆ្នាំមកនេះគ្រវែងចោលទៅទទេហើយហ្អេស? តើនាងឆ្កួតហើយមែនទេ? ម៉្យាងទៀត តាំងពីដើមមក មានដែលឃើញនាងចេះផឹកកាហ្វេឯណា! រង់ចាំនាងទៅផុត ខ្ញុំដើរលបៗរុញទ្វារចូលទៅក្នុងបន្ទប់គេងរបស់នាង អើតក្បាលចូលទៅមើល ឃើញនៅលើគ្រែនាងពង្រាយសៀវភៅមួយគំនរ សុទ្ធតែទាក់ទងនឹងការឆុងកាហ្វេ មើលទៅនាងហាក់ដូចពិតជាបានប្តេជ្ញាចិត្តផ្លាស់ប្តូរអាជីពទៅលក់កាហ្វេមែន។ នៅយប់នោះ ផុតម៉ោងធ្វើការ ស៊ីងលូបានវិលត្រលប់មកផ្ទះវិញជាមួយនឹងក្លិនកាហ្វេជាប់ពេញខ្លួន។ ពួកយើងបានអុចភ្លើងទៀន អង្គុយញ៊ាំនៅជុំវិញឆ្នាំងស៊ុបពុះហ៊ុយៗ។ នាងថែមទាំងបានទិញស្រាសាំប៉ាញផ្កាកុលាបមួយដបមកគាស់ជប់លៀងថែមទៀតផង។ «តើឯងឆ្កួតហើយមែនទេ? ស្រាមួយដបនេះថ្លៃខ្លាំងណាស់ដឹងទេ!» ខ្ញុំស្រែកឡើងសឹងតែគក់ទ្រូង។ «មានអីឯណា! គឺគ្រាន់តែចង់អបអរថ្ងៃខួបកំណើតរបស់ឯងតែប៉ុណ្ណោះ» ស៊ីងលូលើកកែវស្រាឡើង ក្រេបរសជាតិស្រាដែលមានពណ៌ផ្កាឈូកមួយក្អឹកៗ ហើយនិយាយថា៖ «ខ្ញុំមិនផឹកស្រាទេ លុះត្រាតែវាជាស្រាសំប៉ាញផ្កាកុលាប!» និយាយរួច នាងក៏សន្សឹមៗក្រេបរសជាតិនៅក្នុងកែវស្រានោះបន្តទៅទៀត និយាយតាមត្រង់ចុះ នោះគឺជាលើកទីមួយដែលខ្ញុំបានឃើញនាងផឹកស្រា។ បន្ទាប់មកស្រាមួយដបនោះ ត្រូវនាងផឹកឡើងអស់រលីង ស៊ីងលូក្រោកឈរឡើងទាំងត្រដាបត្រដួសដើរចូលទៅក្នុងផ្ទះបាយចាក់ទឹកផឹក។ ខ្ញុំបានឮសូរសំឡេងរបស់នាង មិនប្រុងប្រយ័ត្នបានធ្វើឱ្យធ្លាក់បែកកែវកញ្ចក់។ ខ្ញុំរហ័សរត់ចូលទៅមើលនិងសួរនាងថា៖ «តើឯងយ៉ាងម៉េចទៅហើយ?» ស៊ីងលូលើកចុងម្រាមដៃរបស់នាងដែលកំពុងហូរឈាមបៀមនៅក្នុងមាត់ ជ្រួញចិញ្ចើមនិយាយថា៖ «ហេតុអ្វីបានជាមិនយកស្រាធ្វើជាឈាម? បែបនោះទើបមិនឆ្អាប!» បើទោះបីជាស៊ីងលូហើយនិងខ្ញុំសុទ្ធតែមានអាយុម្ភ៉ៃពីរឆ្នាំដូចគ្នា ប៉ុន្តែគន់មើលពីគ្រប់ចំណុច នាងគឺមានភាពដឹងក្ដីច្រើនជាងខ្ញុំ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែសរសើរមិត្តរបស់ខ្ញុំម្នាក់នេះជានិច្ច។ រហូតមកទល់ច្រើនឆ្នាំក្រោយមកទៀត ខ្ញុំក៏នៅតែនឹកចងចាំទិដ្ឋភាពនៅពេលដែលបានឃើញនាងដើរចូលមកក្នុងថ្នាក់រៀនដំបូង… នៅពេលដែលនាងអង្គុយចុះនៅជិតខ្ញុំ នៅលើថ្ងាសមានជាប់កំណកម្សៅពណ៌សដូចជាព្រិល គ្រប់រូបភាពទាំងអស់នោះនៅតែដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំយ៉ាងច្បាស់។ ក្រោយមក មានម្ដងនោះ នាងបាននិយាយប្រាប់ខ្ញុំថា៖ «នោះជាម្សៅផាត់មុខម៉ាក Molly របស់ Max Factor! គឺគ្នាសន្សំប្រាក់ទិញវាដោយខ្លួនឯង» មានពេលខ្លះ ក្លិនក្រអូបរបស់ម្សៅនោះតែងតែដិតជាប់ក្លិននៅលើខ្ទង់ច្រមុះរបស់ខ្ញុំ ហាក់ដូចជាចង់រម្លឹកឱ្យខ្ញុំចងចាំថា នាងគឺជាទេពអប្សរដែលធ្លាក់ខុសកន្លែងចុះមកលើផែនដីនេះ ហើយទេពអប្សរនោះគួរតែវិលត្រលប់ទៅស្ថិតនៅលើទីកន្លែងដែលខ្ពង់ខ្ពស់ជាងនេះទើបសម។ ខ្ញុំនៅមិនទាន់ទទួលបានការយល់ព្រមពីស៊ីងលូ អនុញ្ញាតឱ្យខ្ញុំយករឿងរ៉ាវរបស់នាងមកនិយាយនៅឡើយទេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងតែនិយាយនៅទីនេះគឺជាការពិត ខ្ញុំជឿជាក់ថាមិត្តរបស់ខ្ញុំម្នាក់នេះនឹងមិនបន្ទោសខ្ញុំឡើយ។.

ភាគ 2: ចួបនិងគ្មា

នៅរដូវរងា ឆ្នាំ១៩៨៣… នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មួយ ស៊ីងលូបានចាកចេញពីផ្ទះដើរសំដៅទៅកាន់ហាងកាហ្វេ។ ពីផ្ទះរបស់នាងទៅកាន់ហាងកាហ្វេត្រូវចំណាយពេលប្រហែលម្ភ៉ៃនាទីធ្វើដំណើរថ្មើរជើង។ ខ្យល់អាកាសត្រជាក់បក់រំភើយមក ធ្វើឱ្យផ្ទៃមុខត្រជាក់ស្រេបរបស់នាងរឹតតែសស្លេក បង្ហាញឱ្យឃើញពីភាពទន់ខ្សោយរបស់មនុស្សស្រីម្នាក់។ នៅលើខ្លួនរបស់នាងពាក់អាវក្រៅស្បែកសត្វ ពាក់រ៉ូបមានដៅផ្កាស្រទាប់ពីខាងក្នុង ជាមួយនឹងស្បែកជើងប៊ូលកវែងមួយគូពណ៌ខ្មៅ ខ្យល់អាកាសបក់ផាត់ផើយមកលើសម្លៀកបំពាក់នាងទៅមក រំលេចឱ្យឃើញជើងទាំងគូ សស្គុស។ នាងតែងតែចេះរៀបចំការស្លៀកពាក់ឱ្យតាមទាន់សម័យកាល។ នាងដឹងថាស្បែកជើងគឺជារបស់មួយដែលមិនអាចបំភាន់ភ្នែកអ្នកដទៃបាន ពាក់ស្បែកជើងតម្លៃថោកពេកនឹងបំផ្លាញទៅដល់សម្លៀកបំពាក់ទាំងមូល ដូច្នោះទើបនាងបានយកប្រាក់ខំសន្សំ ហើយនិងឆ្លៀតពេលមានការបញ្ចុះតម្លៃពិសេសនៅពេលដែលនាងនៅជាបុគ្គលិកនៅក្នុងហាងលក់សម្លៀកបំពាក់នៅឡើយ ក៏បានទិញស្បែកជើងកវែងស្បែកសត្វមួយគូនេះមក។ អាវស្បែកដែលនាងកំពុងពាក់នេះ គឺកាលពីបីឆ្នាំមុន នាងបានមើលឃើញនៅក្នុងទស្សនាវដ្តីបរទេសមួយ នាងក៏បានថតចម្លងម៉ូតទុកនិងកែប្រែបន្តិចបន្តួច។ ទៅផ្សារជ្រើសរើសប្រភេទក្រណាត់ស្បែកល្អមួយ រួចជួលជាងកាត់ដេរដែលមានថ្វីដៃចំណានម្នាក់កាត់ឱ្យនាង។ ជាងកាត់ដេរម្នាក់នោះ គឺជាជាងកែតម្រូវសម្លៀកបំពាក់ឱ្យភ្ញៀវនៅហាងសម្លៀកបំពាក់ដែលនាងធ្លាប់ធ្វើការពីមុននោះ គាត់គឺពិតជាមានទឹកដៃល្អខ្លាំងណាស់ បុគ្គលិកស្រីៗនៅក្នុងហាងតែងតែទៅរកគាត់កាត់ដេរសម្លៀកបំពាក់ឱ្យ។ ស៊ីងលូពិតជាស្រលាញ់អាវស្បែកនេះខ្លាំងណាស់ នាងក៏បានពាក់វាអស់បីរដូវរងាជាប់ៗគ្នា លំបាកណាស់ទម្រាំតែនាងអាចមានអាវស្បែកល្អប្រភេទនេះ។ ពីរបីថ្ងៃមុន នាងបានទៅហាងសាឡនអ៊ុតសក់របស់នាងឱ្យត្រង់វិញ។ ដើរនៅតាមផ្លូវ សក់ពណ៌ត្នោតក្រាស់របស់នាងបក់ប៉ើងហើរទៅតាមជំនោរខ្យល់ នាងប្រើម្រាមដៃវែកកៀរសរសៃសក់មួយចំនួនទៅក្រោយគុម្ពត្រចៀកម្ខាង រំលេចឱ្យឃើញកន្សែងបង់កពណ៌ក្រហមរុំព័ទ្ធនៅជុំវិញករបស់នាង។ នាងមានកន្សែងប្រភេទនេះច្រើនណាស់និងមានពណ៌ផ្សេងៗពីគ្នា ដើម្បីយកមកពាក់ឱ្យស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់របស់នាង ហើយគឺសុទ្ធតែនាងជាអ្នកចាក់ដោយផ្ទាល់ដៃ។ បើមើលទៅម៉ូតកាន់តែហួសសម័យឬមិនចូលចិត្តទៀតទេ នាងនឹងរុះចេញហើយចាក់ឡើងវិញជាថ្មីម្ដងទៀត។ នាងឈានជើងដើរសំដៅទៅមុខ បានឆ្លងកាត់ហាងលក់ផ្កាមួយកន្លែង ឃើញអ៊ំស្រីម្នាក់កំពុងតែអង្គុយចុះលើដី ទាញស្រាយក្រណាត់ចំណងរុំបាច់ផ្កាធំៗដែលទើបតែដឹកចុះពីឡានមក បែងចែកវាយកមកតម្រៀបទៅក្នុងធុងដាក់ទឹកពេញ។ ក្រសែភ្នែកនាងក៏ក្រឡេកឃើញផ្កាកុលាបពណ៌ក្រហមឆ្អៅមួយបាច់ធំ ផ្កាកុលាបមួយបាច់នោះប្រៀបដូចជាកន្សែងស្បៃដ៏ស្ដើង ស្រទាប់ទងផ្កាទើបតែរីកចេញមកថ្មីស្រស់ៗ ហើយថែមទាំងនៅដក់ជាប់តំណក់ទឹកសន្សើមព្រឹកនៅឡើយ។ ស៊ីងលូក៏សន្សឹមៗដើរចូលទៅជិត ឈោងដៃចេញទៅជ្រើសរើសយកប៉ុន្មានទង មិនប្រយ័ត្នធ្វើឱ្យម្រាមដៃប៉ះមុតត្រូវបន្លារបស់វា។ នាងភ្ញាក់កញ្ឆក់ដកដៃត្រលប់មកវិញយ៉ាងលឿន ភ្នែកសម្លឹងឃើញនៅពីលើមុខរបួសដ៏តូចមានឈាមពណ៌ក្រហមឆ្អៅហូរនៅជុំវិញ។ ស៊ីងលូក៏ប្រញាប់ប្រញាល់លើកម្រាមដៃឡើងបៀមនៅក្នុងមាត់ ដោយនឹកគិតថា៖ «តើនេះគឺជាប្រផ្នូលអាក្រក់មួយឬ?» ពេលនោះ អ៊ំស្រីម្ចាស់ហាងបានដើរមកក្បែរនាងនិងនិយាយថា៖ «តើក្មួយចង់ទិញប៉ុន្មានទងដែរ? ចាំអ៊ំជួយជ្រើសរើសឱ្យ! ផ្កាទាំងអស់នេះសុទ្ធតែជាផ្កាស្រស់ ទើបតែដឹកចុះពីឡានមកទេ គ្រាន់តែឃើញវារីកស្រស់ល្អចឹងគឺដឹងទៅហើយ!» ស៊ីងលូបានសួរពីតម្លៃ បន្ទាប់មកក៏តថ្លៃជាមួយនឹងគាត់ នាងដឹងច្បាស់ថា ផ្កាទាំងអស់នេះដល់ពេលល្ងាចដែលហាងត្រូវបិទទ្វារយ៉ាងហោចណាស់ក៏ចុះតម្លៃពាក់កណ្តាលដែរ ហើយបើទុកនៅតដល់ថ្ងៃស្អែកនឹងរឹតតែថោក។ អ៊ំស្រីចាស់បានចួបប្រទះនឹងមនុស្សខ្លាំងពូកែ គាត់មើលដឹងថានារីវ័យក្មេងនៅចំពោះមុខម្នាក់នេះគឺមានការយល់ដឹងអំពីផ្កា និងជាមនុស្សដែលស្រលាញ់ផ្កា។ ដូច្នោះហើយ អ៊ំស្រីក៏បាននិយាយតម្លៃមួយដែលភាគីទាំងពីរសុទ្ធតែពេញចិត្ត បន្ទាប់មកក៏យកក្រដាសមករុំខ្ចប់ផ្កាដែលស៊ីងលូជ្រើសរើសដោយខ្លួនឯង។ ស៊ីងលូហុចប្រាក់ឱ្យទៅអ៊ំស្រី រួចក៏កាន់បាច់ផ្កាដើរចាកចេញពីហាង នៅសុខៗនាងក៏ស្រាប់តែនឹកឃើញរឿងមួយ មិនដឹងថានៅក្នុងហាងកាហ្វេមានថូផ្កាឬក៏អត់? នៅខាងក្រៅហាងកាហ្វេមានធុងប្លាស្ទិចពីរដាក់នៅមុខមាត់ទ្វារ ស៊ីងលូដើរចូលទៅឱនចុះបើកគម្របមើល តាមពិតគឺជានំស្រួយនិងនំបុ័ងដែលខាងអ្នងផ្គត់ផ្គង់បញ្ជូនយកមកប្រចាំជារៀងរាល់ព្រឹក វាបញ្ចេញក្លិនម៉្សៅមីឡើងក្រអូបឈ្ងុយឈ្ងប់ នាងគ្រាន់តែហិតក្លិនបន្តិចក៏ធុំរងាន់បាត់ទៅហើយ។ រីឯធុងប្លាស្ទិចមួយទៀត គឺជាគ្រាប់កាហ្វេ។ នាងលូកដៃចូលហោប៉ៅអាវយកកូនសោរមួយចង្កោមចេញមក ឱនខ្លួនអង្គុយចុះ ចាក់បើកសោរទ្វាររនាំងពណ៌សធំមួយ។ ទាញទ្វាររនាំងរបើកឡើងទៅលើ បង្ហាញឱ្យទ្វារកញ្ចក់ក្រាស់ដ៏ធំនៅខាងក្នុង ស៊ីងលូប្រើកូនសោរមួយផ្សេងទៀតចាក់បើកចូលទៅក្នុង។ ដំបូងនាងយកកាបូបនិងផ្ការបស់នាងដាក់នៅលើតុមួយនៅជិតមាត់ទ្វារ ហើយបន្ទាប់មកក៏បែរខ្លួនមកក្រោយ ឱនទៅទាញធុងប្លាស្ទិចនៅខាងមុខទ្វារទាំងពីរនោះចូលមកខាងក្នុង រួចហើយក៏និយាយជាមួយនឹងខ្លួនឯងថា៖ «នេះគឺជាជីវិតថ្មីរបស់ឯង!» ហាងកាហ្វេមានទំហំនិងបណ្ដោយចតុកោណកែងតូចគួរសមល្មម បូកបញ្ជូលគ្នាអាចដាក់បានតុនិងកៅអីមួយចំនួន មានរបាឈើដ៏ធំមួយសម្រាប់ជាកន្លែងឆុងភេសជ្ជៈ មានម៉ាស៊ីនសម្រាប់ដុតនំនិងផ្ទះបាយដ៏តូចមួយ។ ផ្ទៃជញ្ជាំងលាបពណ៌ទឹកក្រូច នៅលើជញ្ជាំងមានព្យួររូបគំនូរកាហ្វេនិងរូបនំបុ័ងពីរបីមុខដែលមានបម្រើការនៅក្នុងហាងនេះ នៅក្រោមជើងក្រាលដោយឥដ្ឋការ៉ូដែលមានពណ៌សនិងខ្មៅប្រសព្វគ្នា នៅពីលើពិដានមានចងព្យួរចង្កៀងពណ៌លឿងខ្ចី បញ្ចេញពន្លឺមកយ៉ាងស្រទន់ មានបែបផែនស្ងប់ស្ងាត់ដូចនៅតាមហាងកាហ្វេដ៏ពេញនិយមមួយចំនួននៅតាមបណ្ដាប្រទេសអឺរ៉ុប បើប្រៀបធៀបទៅនឹងដងវិថីដែលមានភាពមមាញឹកនៅខាងក្រៅឯណោះ វាគឺប្រៀបដូចជាពិភពលោកពីរខុសគ្នាទាំងស្រុង។ ស៊ីងលូចុចបើកកុងតាក់អំពូលភ្លើងជាច្រើន ក៏រហ័សបញ្ចេញពន្លឺភ្លើងពណ៌លឿងស្រគាំ បំភ្លឺក្នុងហាងទាំងមូល។ នាងសម្លឹងមើលទៅជញ្ជាំងដែលលាបពណ៌ទឹកក្រូចនោះ មាត់រអ៊ូរទាំថា៖ «មិនដឹងជាពណ៌ស្អីនោះទេ អាក្រក់មើលខ្លាំងណាស់! ចាំរកថ្ងៃទំនេរណាមួយនឹងប្ដូរឱ្យទៅជាពណ៌កុលាបទាំងអស់តែម្ដង!» ប៉ុន្តែនាងក៏ស្រាប់តែផ្លាស់ប្តូរគំនិតរបស់នាងបន្ទាប់ពីនិយាយចប់ភ្លាម នឹកគិតនៅក្នុងចិត្តថា៖ «ទៅខ្វល់ច្រើនយ៉ាងនេះធ្វើអី! ឯងមាននៅទីនេះយូរឯណា!» នាងសម្លឹងមើលទៅនាឡិកានៅលើរបា គឺម៉ោងប្រាំពីរចុចសាមសិបនាទី នៅសល់កន្លះម៉ោងទៀតទើប Coffee Shop បើកទ្វារ។ នាងបានទៅរកថូធំមួយនៅក្នុងផ្ទះបាយ ចាក់ទឹកចូលឱ្យពេញ រួចដោតផ្កាកុលាបមួយទងៗដែលទើបតែទិញថ្មីចូលទៅក្នុងថូ។ យកថូផ្កាដាក់នៅលើរបារ សម្លឹងមើលដោយញញឹមញញែមថា៖ «មានផ្កាកុលាបទើបជាថ្ងៃមួយពេញលេញ!» បន្ទាប់មកនាងក៏បានដោះអាវស្បែករបស់នាងចេញ ផ្លាស់ប្តូរមកឯកសណ្ឋានបុគ្គលិកហាង នោះគឺអាវសឺមីពណ៌សកបត់តូចដៃវែងនិងខោជើងវែងរឹបរាងពណ៌ខ្មៅ។ នៅលើជើងគឺនៅតែពាក់ស្បែកជើងប៊ូលកវែងរបស់នាងនោះដដែល ឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកដ៏តូចចង្អៀត សារ៉េក្រវ៉ាត់កបស់នាងឱ្យរៀបរយ។ អាវទ្រនាប់ខាងក្នុងពណ៌ខ្មៅរបស់ស្ត្រីដែលរំលេចចេញមកព្រៀកៗតាមរយៈអាវសឺមីក្រៅពណ៌សរបស់នាង បង្ហាញឱ្យឃើញពីភាពពង្វក់អារម្មណ៍ម៉្យាង ប៉ុន្តែនៅពេលដែលវាបានពាក់នៅលើខ្លួនរបស់ស៊ីងលូនោះ រឹតតែមានភាពស្រស់ស្អាតអំណួតយ៉ាងជាពិសេស ហាក់បីដូចជាមានអានុភាពណាមួយចេញមកពីរូបនាង។ ក្នុងមាត់របស់នាងខាំដង្កៀបខ្មៅពីរ ម្រាមដៃនាងកំពុងចាប់ក្របួចសក់ទាំងអស់លើកឡើងចងជាសក់កន្ទុយសេះខ្ពស់ស្រឡះទៅពីក្រោយខ្នងរបស់នាង។ ភ្នែកសម្លឹងមើលមុខមាត់របស់ខ្លួនឯងនៅក្នុងកញ្ចក់ ដែលឮអ្នកដទៃតែងតែស្ញើចសរសើរចំពោះភាពស្រស់ស្អាតរបស់នាង រួមទាំងម្ដាយរបស់នាងដែលតែងតែអួតពីកូនស្រីដ៏ស្រស់ស្អាតរបស់គាត់នៅចំពោះមុខសាច់ញាតិផៅសន្ដានរបស់នាង។ ស៊ីងលូមានអារម្មណ៍ថា នាងគឺមានរូបរាងកាត់ទៅរកឪពុករបស់នាង។ ម្តាយរបស់នាងតែងតែប្រើភាសាអ្នកសៀងហៃ និយាយអ្វីមួយដែលមានអ្នកខ្លះស្តាប់បានហើយក៏មានអ្នកខ្លះស្តាប់មិនបានថា៖ «ស៊ីងលូ! គឺជាថ្លើមប្រម៉ាត់របស់ខ្ញុំ គឺជាព្រះនាងតូចរបស់ខ្ញុំ!» ស៊ីងលូមានពេលខ្លះធ្លាប់គិតថា ព្រះបង្កើតរូបនាងមកនៅលើផែនដីនេះគឺមានវាសនាជាព្រះនាង។ នាងចងសក់ឡើងរួច ក៏យកដង្កៀបវែកសក់ដែលរប៉ាយរប៉ាត់សំយុងចុះរបស់នាងគៀបកៀរទៅក្រោមគុម្ពត្រចៀក។ ចងខ្សែក្រណាត់អៀមពណ៌ខ្មៅមួយនៅលើចង្កេះ ដើរចូលទៅកាន់របាកាហ្វេ ចាប់ផ្តើមកិនគ្រាប់កាហ្វេ ហើយក៏យកគ្រាប់កាហ្វេដែលបានកិនរួចរាល់ចាក់ចូលទៅក្នុងម៉ាស៊ីនសម្រាប់ឆុងកាហ្វេ។ បន្ទាប់មកទៀត ម៉ាស៊ីនឆុងកាហ្វេលាន់ឮសំឡេងគ្រឺតគ្រាក់ៗមិនឈប់ ចំហាយទឹកក្តៅភាយចេញមកក្រៅ បង្ហូរសារធាតុរាវពណ៌ខ្មៅក្រាស់ចូលមកក្រោមប៉ាន់ និងរំសាយភាយក្លិនកាហ្វេទៅក្នុងបរិយាកាស។ ស៊ីងលូចាក់ពែងដំបូងមកផឹកដើម្បីសាករសជាតិលមើល។ មនុស្សម្នានៅលើដងផ្លូវនេះបានប្រមូលផ្តុំគ្នាឡើងមកហូរហែរជាបណ្តើរទៅៗ អតិថិជននៅក្នុងហាងនេះ ច្រើនតែជាភ្ញៀវដែលប្រញាប់ប្រញាល់ទៅធ្វើការ ពួកគេមកតម្រង់ជួរទិញកាហ្វេនិងនំបុ័ង ដើរបណ្ដើរបរិភោគបណ្ដើរ គ្មានពេលអង្គុយនៅទីនេះឡើយ។ លុះរហូតមកដល់ផុតម៉ោងមមាញឹក ភ្ញៀវដែលមកដល់ក្នុងហាងបន្តបន្ទាប់មើលទៅហាក់ដូចជាធម្មតាជាងមុន ពួកគេមិនប្រញាប់ប្រញាល់ ហៅកាហ្វេមួយពែង យកទស្សនាវដ្តីពីធ្នើរសៀវភៅ អង្គុយចុះផឹកកាហ្វេនិងអានទស្សនាវដ្តីយ៉ាងស្ងៀមស្ងាត់ សម្រាកអស់ពេលមួយព្រឹកធំ។ ស៊ីងលូអង្គុយនៅឯរបាកាហ្វេ ភ្លក់រសជាតិកាហ្វេនីមួយៗដែលនាងឆុងដោយខ្លួនឯង ត្អូញត្អែរនៅក្នុងចិត្តរបស់នាងថា៖ «កាហ្វេទាំងនេះអីក៏ល្វីងម៉្លេះ!» ហេតុនេះហើយនាងក៏យកម៉្សៅសូកូឡាចាក់បន្ថែមចូលទៅក្នុងពែងកាហ្វេ យកស្លាបព្រាកូរៗរួចក៏លើកឡើងមកភ្លក់លមើលម្ដងទៀត ហើយនិយាយថា៖ «បែបនេះទើបគ្រាន់បើបន្តិច!» នាងចូលចិត្តរបស់ទាំងឡាយដែលមានរសជាតិផ្អែមទាំងអស់ ជាពិសេសគឺរសជាតិផ្អែមរបស់សូកូឡា។ សូកូឡានៅទីនេះមិនមានជាតិគ្រប់គ្រាន់នៅឡើយទេ ចាំថ្ងៃស្អែកនាងនឹងទៅរកទិញម្សៅសូកូឡាដែលមានជាតិកាកាវប៉ែតសិបភាគរយ។ ក្រសែភ្នែករបស់នាងចួនកាលក៏ងាកសម្លឹងមើលចេញទៅក្រៅដោយតាមចាប់អារម្មណ៍ពីមនុស្សគ្រប់រូបដែលដើរនៅខាងក្រៅឈានជើងចូលមកក្នុងហាងកាហ្វេនេះ។ ពេលវេលាចេះតែកន្លងផុតទៅមួយវិនាទីៗ នាងដឹងថាចង្វាក់បេះដូងរបស់នាងកាន់តែយូរទៅកាន់តែលោតញាប់ជាងមុន។ តាមរយៈផ្ទៃទ្វារកញ្ចក់ដ៏ក្រាស់ធំនៅខាងក្រៅ នាងចាប់ភ្លឹកសម្លឹងមើលឃើញបុរសម្នាក់នៅក្នុងឈុតសម្លៀកបំពាក់អាវធំក្រាស់វែង បង់កន្សែងបង់កពណ៌ទឹកដោះគោ ដើរឆ្លងកាត់ហាងរបស់នាងទាំងប្រញាប់ប្រញាល់ជាមួយនឹងហ្វូងមនុស្សនៅខាងក្រៅ នាងខ្សឹបប្រាប់ខ្លួនឯងថា៖ «ប្រហែលមកពីផឹកកាហ្វេច្រើនពេកហើយ!» ប្រសិនបើនៅក្នុងហាងលក់គ្រឿងអលង្ការវិញ ម៉ោងថ្ងៃស្មើរនេះ អស់លោកៗស្រីខ្ជិលច្រអូសទាំងអស់នោះ គឺទើបតែក្រោកចេញពីគ្រែប៉ុណ្ណោះ ស្លៀកពាក់យ៉ាងហ៊ឺហាដើរចូលទៅមើលនៅក្នុងហាងលក់គ្រឿងអលង្ការ ចាយលុយទិញគ្រឿងអលង្ការដូចជាការទិញកូនឆ្កែតូចមួយក្បាល ភ្នែកមិនព្រិចសូម្បីតែបន្តិច។ ពិភពលោកមួយនេះអយុត្ដិធម៌យ៉ាងណាទៅ។ ភ្ញៀវប្រុសម្នាក់ដែលអង្គុយនៅក្បែរមាត់ទ្វារទីបំផុតក៏បានក្រោកឡើងដើរចាកចេញពីក្នុងហាង។ ស៊ីងលូកាន់ក្រណាត់និងថាសមកជូតសម្អាតតុ។ នៅខណៈពេលនោះ ខ្យល់ត្រជាក់មួយមេបក់ពីខាងក្រៅចូលមកក្នុង ធ្វើឱ្យនាងស្រាប់តែមានអារម្មណ៍ថានៅខាងក្រោយខ្នងត្រជាក់ស្រេប នាងក៏បែរក្រោយសម្លឹងទៅកាន់ទិសដៅនោះភ្លែត ហើយនាងក៏បានឃើញបុរសម្នាក់ដែលមានកម្ពស់ខ្ពស់សមសួន កាន់សៀវភៅនិងប៊ិកនៅក្នុងដៃដើរចូលមកក្នុងហាង។ មនុស្សម្នាក់នោះមានអាយុប្រហែលម៉្ភៃប្រាំទៅម៉្ភៃប្រាំមួយឆ្នាំ រូបរាងស្គមបន្តិចប៉ុន្តែពេញកម្លាំងមាំមួនល្អ គេស្លៀកខោខូវប៊យនិងអាវរោមចៀមកវែង នៅលើកែងដៃអាវទាំងពីរមានរង្វង់មូលពណ៌ប្រផេះ។ គេមានទម្រង់មុខរាងមូលជាមួយនឹងរង្វង់ឆ្អឹងថ្គាមរឹងមាំ សក់ខ្មៅកាត់ខ្លីយ៉ាងរៀបរយរបស់គេមើលទៅគឺពិតជាស្រស់សង្ហាណាស់ កែវភ្នែកពណ៌ខ្មៅស្រិលរបស់គេគឺប្រៀបដូចជារលកទឹកសមុទ្រនាពេលរាត្រី ហាក់បីងឿងឆ្ងល់មកកាន់ពិភពលោកមួយនេះ នៅពីលើគឺជាចិញ្ចើមក្រាស់ខ្មៅមួយគូដែលមើលទៅងាយជ្រួញចូលគ្នា ដោយស្នាមញញឹមបន្តិចបន្តួចណាមួយឬពេលដែលបញ្ចេញសំណើចខ្លាំង។ បុរសម្នាក់នោះអង្គុយចុះនៅលើតុដែលស៊ីងលូទើបតែជូតសម្អាតរួចនោះ យកសៀវភៅនិងប៊ិកទុកដាក់នៅម្ខាង បន្ទាប់មកក៏ងាកមកញញឹមយ៉ាងគួរសមជាមួយនាងនិងនិយាយថា៖ «មើលទៅខ្ញុំដូចជាមកចំពេលល្អណាស់!» ស៊ីងលូបញ្ឆិតភ្នែកសម្លឹងមើលទៅគេ នាងមិនសើចដូចជាគេទេ ថែមទាំងនិយាយយ៉ាងទឹកមុខមាំថា៖ «មែនហើយ! ទើបតែមានភ្ញៀវប្រុសម្នាក់ដែលគ្មានផ្ទះសម្បែងទៅវិញអង្គុយនៅទីនេះអស់ពេញមួយព្រឹកធំ!» បុរសនោះយល់ថានារីម្នាក់នេះគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ គេញញឹមៗដាក់នាងហើយបន្តនិយាយថា៖ «ទុកចិត្តចុះ! ខ្ញុំនឹងមិនឈ្លានពានយកតុនេះយូរទេ ព្រោះខ្ញុំមានផ្ទះសម្បែងដែលត្រូវទៅវិញ!» «គ្មានបញ្ហាអ្វីទេ! នៅសល់ពេលតែពាក់កណ្តាលថ្ងៃទៀតប៉ុណ្ណោះ ហាងនឹងបិទទ្វារ ឯម៉្យាងទៀត…នេះគឺជាតួនាទីចម្បងរបស់ហាងកាហ្វេ!» ស៊ីងលូដាក់ថាសនៅក្នុងដៃចុះ នាងលូកយកប៊ិកនិងកូនសៀវភៅមីនុយចេញពីក្នុងអៀម សាកសួរទៅគេថា៖ «អត់ទោសលោក! តើលោកត្រូវការ Coffee អ្វី?» «Coffee ទឹកដោះគោ» កែវភ្នែកខ្មៅមូលក្លុំរបស់ស៊ីងលូមិនជ្រួញចូលគ្នាមិនបាន នាងនិយាយរម្លឹកសំដីគេម្ដងទៀត៖ «Coffee ទឹកដោះគោ?» ស្ដាប់សំឡេងរបស់នាងហាក់បីដូចជាចង់និយាយថាជាមនុស្សប្រុសម្នាក់បែរជាផឹកកាហ្វេទឹកដោះគោ តើដូចជាកូនក្មេងពេកហើយទេដឹង? គេខ្មាសអៀនងាកមុខចេញបន្តិចដោយព្យាយាមបកស្រាយប្រាប់ទៅនាងថា៖ «ទឹកដោះគោអាចជួយទ្រទ្រង់ដល់សុខភាពរាងកាយ…» «ដូច្នោះហើយលោក …» ស៊ីងលូនៅតែសម្លឹងមើលទៅគេមិនដាក់ ប៊ិកនៅលើដៃរបស់នាងកំពុងកត់ត្រាអ្វីមួយក្នុងកូនសៀវភៅ។ «គ្រាន់តែចង់កាត់បន្ថយជាតិល្វីងខ្លះនៅក្នុងកាហ្វេប៉ុណ្ណោះ…» «ដូច្នោះក៏ … » ប៊ិកនៅក្នុងដៃរបស់ស៊ីងលូបានបញ្ឈប់នៅក្នុងលម្ហ។ «រសជាតិទាំងពីរនេះរួមផ្សំចូលគ្នា អាចជួយកាត់បន្ថយអារម្មណ៍តានតឹង!» គេនិយាយទាំងញញឹមញញែម។ «ទ្រឹស្តីនេះពិតជាថ្មីសន្លាងមែន នេះគឺជាលើកទីមួយដែលខ្ញុំស្ដាប់ឮ លើកក្រោយពេលដែលខ្ញុំផឹកស្រា ខ្ញុំនឹងសាកបន្ថែមថែមទឹកដោះគោល៎មើល» «តើនាងជាអ្នកមកធ្វើការថ្មីមែនទេ? ចុះឯណាកញ្ញាកាលពីមុននោះ…» គេបានសួរនាំទៅស៊ីងលូ។ នាងសម្លក់សម្លឹងទៅគេ ហើយបាននិយាយថា៖ «នាងលែងធ្វើការនៅទីនេះទៀតហើយ ស្នាដៃឆុងកាហ្វេរបស់ខ្ញុំក៏មិនអន់ជាងនាងប៉ុន្មានដែរ តើលោកនៅតែចង់តាមរកនាងមែនទេ?» «អូ៎!…មិនមែនអ៊ីចឹងទេ» «ជម្រាបលោកដោយស្មោះត្រង់ចុះ…» ស៊ីងលូនិយាយយ៉ាងប្រាកដប្រជា។ គេផ្ទៀងផ្ទាត់ត្រចៀករង់ចាំស្ដាប់ ដោយនឹកគិតថាបុគ្គលិកស្រីដែលធ្វើការនៅទីនេះពីមុននោះ ប្រហែលជាកើតមានរឿងអ្វី។ នាងបន្តនិយាយថា៖ «នាងគេចទៅពួនរដូវរងាបាត់ហើយ» (*ទស្សនៈចិន: សត្វពស់លាក់ខ្លួននៅក្នុងរូងនារដូវរងា) គេមានអារម្មណ៍ថាចម្លែកណាស់ ម្ដេចបានជានារីម្នាក់នេះអាចនិយាយនូវពាក្យពេជន៍ទាំងអស់ហ្នឹងចេញមកដោយមិនឃើញដូចជាអស់សំណើចអីបន្តិចសោះអ៊ីចឹង។ នៅពេលដែលគេបានឃើញស៊ីងលូដំបូង គេគិតថានាងជានារីដែលមានរូបសម្រស់ស្អាតម្នាក់ ប៉ុន្តែក៏មានភាពសាមញ្ញម៉្យាងផងដែរ។ រហូតមកដល់ពេលនេះ គេមិនដែលធ្លាប់ឃើញមនុស្សស្រីណាចងក្រវាត់កឡើងតែស្រស់ស្អាតយ៉ាងនេះនោះទេ។ គេរឹតតែចាប់អារម្មណ៍កាន់តែច្រើនមកលើនាង គេបានសួរថា៖ «អ៊ីចឹងនាង…» នាងបាននិយាយថា «ខ្ញុំនេះគឺវារចេញមកពីរូងភ្នំបានតែនៅក្នុងរដូវរងាប៉ុណ្ណោះ!» «បើនិយាយអ៊ីចឹង នាងមិនចាំបាច់គេចទៅពួនរដូវរងាដែរទេហ្អេស?» និយាយរួចគេក៏សើច។ ស៊ីងលូងក់ក្បាលដាក់គេយ៉ាងខ្លាំង ទីបំផុតនាងក៏អស់សំណើចទៅតាម «ព្រោះខ្ញុំមិនមែនជាសត្វពស់ទេ!» គេមិនសើចនាងទៀត និយាយដោយគួរសម៖ «រំខាននាង នៅពេលលើកកាហ្វេមក ជួយយកនំខេកសូកូឡាឱ្យខ្ញុំមួយដុំបន្ថែមទៀត» ស៊ីងលូសម្លឹងមើលមុខគេដោយជ្រួញចិញ្ចើមឡើងបន្តិច រួចក៏គ្រវីក្បាលដាក់គេ។ «អូ៎! លក់វាអស់ហើយមែនទេ? បើអ៊ីចឹងយកឱ្យខ្ញុំនំខេករសជាតិពងមាន់ក៏បាន!» ស៊ីងលូនៅតែគ្រវីក្បាលរបស់នាង។ «បើដូច្នោះ…» គេនឹកគិតមួយសន្ទុះ រួចក៏និយាយបន្ត «សុំយកនំឈីសផ្អែម!» ស៊ីងលូនៅតែគ្រវីក្បាលរបស់នាងទៀត។ «តើនំក្នុងហាងទាំងអស់សុទ្ធតែលក់អស់ហើយមែនទេ?» គេជ្រួញចិញ្ចើមក្រឡេកមើលទៅកាន់ទូកញ្ចក់នៅក្នុងរបារ ឃើញនៅសល់នំជាច្រើននៅខាងក្នុង។ គេមានការងឿងឆ្ងល់មកជាខ្លាំង សួរទៅស៊ីងលូជាថ្មី «បើដូច្នោះ នៅសល់នំអ្វីយកចេញមកក៏បានដែរ!» ស៊ីងលូជ្រួយចិញ្ចើមនិងចចេសគ្រវីក្បាលរបស់នាង។ គេស្ទើរតែមិនយល់ពីស៊ីងលូសោះឡើយ នៅក្នុងចិត្តនឹកគិតថា៖ «នេះមិនមែនជារឿងចម្លែកពេកហើយទេដឹង?» ស៊ីងលូដៀងភ្នែកក្រឡេកមើលទៅភ្ញៀវដែលកំពុងអង្គុយញ៊ាំនំផ្អែមនៅតុជិតនោះ នាងខិតចូលមកក្បែរគេ ប្រើសំឡេងតិចៗនិយាយជាមួយគេ «នំនៅទីនេះមិនឆ្ងាញ់ទេ! មានតែកាហ្វេទេដែលអាចផឹកបាន!» គេមានអារម្មណ៍ថាឫកពាររបស់ស៊ីងលូគួរឱ្យស្រលាញ់ខ្លាំងណាស់ គេបន្ថយសំឡេងរបស់គេនិយាយជាមួយនឹងនាងវិញ «ខ្ញុំក៏ដឹងដែរ ប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេ?» «នៅម៉ោងនេះនៅថ្ងៃស្អែក លោកមកកាន់ទីនេះមក៎!» ស៊ីងលូងើបឈរត្រង់ខ្នងឡើងវិញនិយាយ។ គេក៏បានសួរដោយងឿងឆ្ងល់៖ «ថ្ងៃស្អែកនឹងមានអ្វីខុសផ្សេងពីហ្នឹងហ្អេស?» «ថ្ងៃស្អែកលោកប្រាកដជាដឹង ប្រសិនបើលោកមិនប្រកាន់ទេ ថ្ងៃនេះផឹកតែកាហ្វេមុនសិនចុះ!» គេក៏បានងក់ក្បាលយល់ព្រមជាមួយនាង។ ស៊ីងលូលើកថាសកាហ្វេឡើង បោះជំហានឆ្ពោះទៅកាន់កន្លែងឆុងកាហ្វេទាំងរីករាយ នាងចាប់ផ្តើមរៀបចំឆុងកាហ្វេសម្រាប់គេ។ នៅពេលដែលកាហ្វេឆុងក្តៅៗលើកមកដល់ នៅលើផ្ទៃខាងលើនោះមានស្រទាប់ពពុះទឹកដោះគោពណ៌សសរុបចំនួនប្រាំស្រទាប់។ គេមិនធ្លាប់ឃើញពែងកាហ្វេទឹកដោះគោណាស្រស់ស្អាតបែបនេះពីមុនមកទេ។ ស៊ីងលូស្ងាត់មាត់រត់ចូលទៅកន្លែងឆុងកាហ្វេ ចួនកាលលួចសម្លឹងមើលទៅគេកាត់តាមចន្លោះថូផ្កាកុលាបដែលនាងទើបតែដោតបំពេញថ្មីៗ។ បន្ទាប់មកគេបានហៅកាហ្វេពីរដូចនេះថែមពីរពែងទៀត ផឹកកាហ្វេបណ្ដើរឱនអានសៀវភៅបណ្ដើរ ចួនកាលក៏ដាក់សៀវភៅនៅលើដៃចុះម្ដងម្ដាល សម្លឹងមើលចេញទៅខាងក្រៅ ធ្វើបែបនេះអស់រយៈពេលកន្លះថ្ងៃ។ ថ្ងៃនេះកាហ្វេនៅក្នុងពោះរបស់ស៊ីងលូគឺមានច្រើនជាងឈាមនៅក្នុងរាងកាយរបស់នាងទៅទៀត នាងមានអារម្មណ៍ថារាល់ខ្យល់ដង្ហើមរបស់នាងនីមួយៗភាយចេញមកគឺសុទ្ធតែក្លិនកាហ្វេ ចំហាយក្លិនឡើងងំ ស្ទើរតែបន្តិចទៀតធ្វើឱ្យនាងដកដង្ហើមលែងចេញ។ នៅតាមផ្លូវត្រលប់ទៅផ្ទះវិញ នាងបានឆ្លងកាត់ហាងលក់ស្រាមួយកន្លែង មិនឃើញមានដាក់ស្លាកតម្លៃទេ នាងក៏បានចូលទៅក្នុងទិញស្រាសាំប៉ាញកុលាបមួយដបតែម្ដង បើជ្រុលជាយកផ្កាកុលាបចាប់ផ្ដើមថ្ងៃថ្មីមួយទៅហើយ ក៏គួរតែយកផ្កាកុលាបមកបញ្ចប់ទៅវិញ មិនថាយ៉ាងណាក៏ដោយជីវិតនៅថ្ងៃក្រោយនឹងមិនដូចជាពេលនេះទៀតទេ។ នៅក្នុងបន្ទប់ជួលតូចចង្អៀតមួយ នាងនិងមុីងជូនាំគ្នាអង្គុយញ៊ាំស៊ុបឆ្នាំងភ្លើងក្តៅៗបណ្ដើរផឹកស្រាសំប៉ាញបណ្ដើរ។ មុីងជូបានសាកសួរទៅនាងថាតើថ្ងៃដំបូងដែលនាងទៅធ្វើការយ៉ាងណាដែរ មុីងជូនៅតែមិនយល់ហេតុអ្វីបានជានាងចាកចេញពីហាងលក់គ្រឿងអលង្ការលំដាប់ ហើយបែរជារត់ទៅហាង Coffee Shop ធ្វើជាអ្នកបម្រើ។ មើលទៅ មុីងជូគិតថាធ្វើជាបុគ្គលិកបម្រើការនៅក្នុងហាងកាហ្វេគឺតូចតាចខ្លាំងណាស់។ ស៊ីងលូឆ្លើយឱ្យតែរួចផុតៗពីមាត់។ បន្ទាប់មកក៏ផឹកស្រាសំប៉ាញនោះអស់តែម្តង នាងគ្រវីរកមើលតំណក់ស្រាសេសសល់នៅក្នុងដប ឃើញថាបានអស់ហើយ បន្ទាប់មកក៏ចូលទៅក្នុងផ្ទះបាយចាក់ទឹកផឹក នាងមិនប្រយ័ត្នបានធ្វើឱ្យកែវធ្លាក់បែកនៅលើឥដ្ឋ អំបែងកែវនោះប្រៀបដូចជាផ្កាស្រស់រីកស្គុះស្គាយ។ នៅពេលដែលនាងឱនខ្លួនចុះទៅរើសបំណែកអំបែងកែវតូចៗទាំងនោះ ម្រាមដៃរបស់នាងក៏មុតត្រូវដោយធ្វេសប្រហែស ហើយចៃដន្យ នោះគឺជាម្រាមដៃតែមួយដែលមុតត្រូវបន្លាផ្កាកុលាបកាលពីព្រឹកមិញនេះ។ មុីងជូបានដើរចូលទៅជិតនាងហើយសួរនាងថា៖ «តើឯងយ៉ាងម៉េចទៅហើយ?» ស៊ីងលូបៀមម្រាមដៃនៅក្នុងមាត់ នៅក្នុងនឹកចិត្តគិត៖ «តើនេះពិតជាប្រផ្នូលអាក្រក់មួយមែនហ្អេស?» ————– នៅពេលរសៀលថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យដ៏ស្ដួចស្ដើងចែងចាំងពីខាងក្រៅចូលមក បុរសម្នាក់នោះក៏បានមកសារជាថ្មីម្ដងទៀត។ មួយរំពេចភ្លាមៗនោះ នៅពេលដែលគេក្រឡេកឃើញស៊ីងលូ នោះគឺជាលើកដំបូងដែលគេងក់ក្បាលញញឹមដាក់នាង ហើយបន្ទាប់មកក៏អង្គុយចុះនៅលើតុកាលពីម្សិលមិញ ដោះអាវធំក្រៅរបស់គេដាក់ទុកទៅម្ខាង។ ស៊ីងលូដើរចូលទៅរកគេនិងសួរថា៖ «តើត្រូវការកាហ្វេដូចពីម្សិលមែនទេ?» គេឆ្លើយតបជាមួយដោយរីករាយថា៖ «បាទ! អរគុណច្រើន!» «ខ្ញុំផ្ដល់យោបល់ឱ្យលោកនៅថ្ងៃនេះសាកល្បងកាហ្វេរសជាតិក្រាស់បន្តិច និងមិនបន្ថែមទឹកដោះគោ» កែវភ្នែកខ្មៅថ្លារបស់គេសម្ដែងសេចក្ដីងឿងឆ្ងល់ ដោយសួរថា៖ «ហេតុអ្វីបានជាដូច្នោះ? លើសពីនេះ ស្រទាប់ផ្កាដែលនៅក្នុងពែងកាហ្វេកាលពីម្សិលមិញរបស់នាងគឺពិតជាស្អាតខ្លាំងណាស់ ខ្ញុំនៅចង់ឱ្យនាងប្រាប់ពីរបៀបធ្វើវាយ៉ាងណាផង!» ស៊ីងលូរលាស់ចង្កា៖ «វាគ្មានអីពិបាកទេ! គ្រាន់តែប្រើប្រាស់ស្នៀតតិចតួចប៉ុណ្ណោះ ខ្ញុំនៅអាចធ្វើឱ្យចេញជារូបបេះដូងនិងស្លឹកឈើទៀតផង» ក្រសែភ្នែករបស់គេកាន់តែភ្លឺឡើង ធ្វើឱ្យគេរឹតតែចាប់អារម្មណ៍៖ «អូ៎! នៅមានរូបបេះដូងទៀត!» ស៊ីងលូសើចដាក់និងនិយាយថា៖ «ប៉ុន្តែថ្ងៃនេះ សូមលោកស្តាប់តាមយោបល់របស់ខ្ញុំម្ដង ព្រោះតែខ្ញុំមានមូលហេតុពីរ!» គេប្រើដៃច្រត់ចង្កានៅលើតុ បង្ហាញឫកពាររង់ចាំស្តាប់នាងនិយាយ។ ស៊ីងលូសម្លឹងមើលទៅដើមទ្រូងដ៏រឹងមាំរបស់គេ និយាយថា៖ «ទីមួយ! កាយសម្បទារបស់លោកមាំទាំល្អណាស់ មិនផឹកទឹកដោះគោមួយថ្ងៃក៏មិនបាត់បង់ជីវជាតិក្នុងខ្លួនដែរ! ទីពីរ បង្អែមដែលខ្ញុំនឹងរៀបចំមកជូនលោកភ្លក់បន្តិចទៀតនោះ គឺស័ក្តិសមសម្រាប់តែញ៊ាំជាមួយកាហ្វេក្រាស់ប៉ុណ្ណោះ!» គេក៏ងក់ក្បាលយល់ស្រប និយាយថា៖ «ហេតុផលទីពីរស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ណាស់! ខ្ញុំនឹងស្តាប់តាមគំនិតរបស់នាង!» មួយសន្ទុះក្រោយមក នាងបានលើកយកកាហ្វេខ្មៅមួយពែងនិងនំពងទារសជាតិសូកូឡាខ្មៅងងឹតដាក់នៅចំពោះមុខគេ និយាយថា៖ «សាកភ្លក់រសជាតិនេះបន្តិចទៅមើល!» គេកាន់នំពងទាសូកូឡាពណ៌ខ្មៅឡើងខាំមួយម៉ាត់ យកចិត្តទុកដាក់ទំពារនៅក្នុងមាត់ បញ្ចេញទឹកមុខចម្លែកនៅលើផ្ទៃមុខ។ ស៊ីងលូសួរទៅគេទាំងអន្ទះអន្ទែង៖ «យ៉ាងម៉េចហ្នឹង?» «ឆ្ងាញ់ខ្លាំងណាស់! តាំងពីដើមមកខ្ញុំមិនដែលញ៊ាំនំពងទាណាឆ្ងាញ់យ៉ាងនេះនោះទេ! តើហាងរបស់នាងផ្លាស់ប្តូរអ្នកផ្គត់ផ្គង់នំផ្សេងហើយមែនទេ? គួរតែធ្វើបែបនេះតាំងពីយូរទើបប្រសើរ!» ស៊ីងលូគ្រវីក្បាលរបស់នាង និងនិយាយប្រាប់ទៅគេដោយមិនស្ទាក់ស្ទើរថា៖ «គឺខ្ញុំជាអ្នកធ្វើណា៎!» គេហាក់មានការភ្ញាក់ផ្អើលជាខ្លាំងដោយសម្លឹងមើលមុខនាង និយាយថា៖ «គឺនាងធ្វើហ្អេស?» «លោកមិនជឿទេហ្អេស? នៅក្នុងផ្ទះបាយមានឡដុតនំមួយ បើមិនជឿ លោកអាចចូលទៅមើលបាន!» សម្លឹងមើលទឹកមុខម៉ឺងម៉ាត់ចង់ខឹងរបស់ស៊ីងលូ ពិតជាធ្វើឱ្យគេអស់សំណើចមកជាខ្លាំង គេនិយាយដោយញញឹមជាប់មាត់ថា៖ «ជាទូទៅនារីដែលមានសម្រស់ស្រស់ស្អាត ចម្អិនអាហារគឺពិបាកញ៊ាំណាស់» ស៊ីងលូពេបមាត់ និយាយថា៖ «មើលទៅលោកធ្លាប់បរិភោគអាហាររបស់នារីស្អាតៗជាច្រើន!» បុរសវ័យក្មេងរូបនេះប្រែទៅជាមុខក្រហម ឱនមុខចុះភ្លក់កាហ្វេក្រាស់ដែលនាងឆុង នៅលើថ្ពាល់បង្ហាញភាពអៀនខ្មាសចំពោះនាងតិចតួច និយាយថា៖ «ញ៊ាំនំពងទាប្រភេទនេះជាមួយកាហ្វេមិនបន្ថែមទឹកដោះគោគឺពិតជាស័ក្តិសមបំផុត ពុំនោះប្រាកដជាផ្អែមខះកស្លាប់ជាមិនខាន» នៅខណៈពេលនោះ ភ្ញៀវស្រីពីរនាក់ដែលមានអាយុខ្ទង់ម៉្ភៃឆ្នាំអង្គុយនៅតុក្បែរម្ខាង បានធុំក្លិនក្រអូបឈ្ងុយ ក៏ងាកមកសម្លឹងរកមើល ភ្ញៀវស្រីម្នាក់ក្នុងចំនោមនោះបានចង្អុលទៅលើនំដែលដែលគេបានញ៊ាំអស់ពាក់កណ្តាល ស្រែកនិយាយខ្លាំងៗថា៖ «ពួកយើងក៏ចង់ញ៊ាំនំនោះដែរ!» «អូ៎! …សូមអភ័យទោសផង! នំបានលក់អស់ទៅហើយ» ស៊ីងលូបានសុំអធ្យាស្រ័យទៅកាន់ភ្ញៀវស្រីទាំងពីរនាក់នោះ។ ប៉ុន្តែ… មួយសន្ទុះក្រោយ នៅពេលដែលនាងលើកពែងកាហ្វេខ្មៅទីពីរមកឱ្យគេ នាងបានលួចដាក់នំសូកូឡាខ្មៅផ្អែមចូលទៅក្នុងចានទទេទៅលើតុរបស់គេ។ គេសម្លឹងមើលមុខនាងដោយយល់ការនិងមិននិយាយស្ដីអ្វីឱ្យបែកធ្លាយ។ រីឯនាងក៏ធ្វើពុតជាមិនដឹងអ្វីទាំងអស់។ ភ្ញៀវស្រីទាំងពីរនាក់ដែលអង្គុយនៅក្បែរតុនោះ ធុំក្លិននំក្រអូបឈ្ងុុយ ពួកនាងទាំងពីរក៏បានងាកទៅមើលស្របពេលតែមួយ បង្វិលកៅអីអង្គុយខិតមកក្រោយបន្តិច លួចអើតមើលថាតើបុរសម្នាក់នោះកំពុងតែញ៊ាំរបស់អ្វី? រីឯគេ ព្យាយាមប្រើផែនខ្នងរបស់គេបិទបាំងក្រសែភ្នែករបស់ភ្ញៀវស្រីទាំងពីរនាក់ដែលនៅពីក្រោយគេនោះ។ បើទោះបីជានៅពេលដែលញ៊ាំមើលទៅមានភាពលំបាកលំបិនបន្តិច ប៉ុន្តែផ្ទុយទៅវិញគឺមានរសជាតិពិសេសម៉្យាង រូបរាងដ៏ស្រស់ស្អាតរបស់ស៊ីងលូគឺប្រៀបបីដូចជាដួងរស្មីព្រះអាទិត្យរះនារដូវរងា សន្សឹមៗចាក់ទម្លុះចូលទៅក្នុងក្រឪបេះដូងរបស់គេ ដោយបានបន្សល់ទុកនូវក្លិនក្រអូបឈ្ងុយឈ្ងប់និងផ្អែមល្ហែម។ ———– ប៉ុន្មានថ្ងៃបន្តបន្ទាប់មក ថ្ងៃទីបី ថ្ងៃទីបួន នៅជារៀងរាល់ម៉ោងបីឬម៉ោងបួនរសៀល គេនឹងមកក្នុងហាងកាហ្វេ ផឹកកាហ្វេមួយពែងញ៊ាំនំពងទាសូកូឡាពណ៌ខ្មៅដែលមានរសជាតិផ្អែមឆ្ងាញ់។ មានម្តងនោះ ស៊ីងលូបាននាំគេចូលទៅមើលក្នុងចង្ក្រានបាយដើម្បីបញ្ជាក់ឱ្យគេឃើញថានំដែលគេញ៊ាំគឺពិតជាដុតចេញពីឡនៅខាងក្នុងនោះមែន។ ថ្ងៃមួយ ស៊ីងលូបានប្រាប់ឱ្យគេឈប់ផឹកកាហ្វេក្រាស់នោះទៀត ព្រោះនាងមានគម្រោងទុករួចជាស្រេច នាងចង់ឱ្យគេសាកល្បងភ្លក់កាហ្វេដែលនាងឆុងលាយជាមួយម្សៅកាហ្វេកន្លះពែងនិងម៉្សៅសូកូឡាបន្តិច។ គេស្ដាប់ហើយមានការចាប់អារម្មណ៍និងធ្វើតាមនាងទាំងរីករាយ។ កាហ្វេដែលនាងលើកមកឱ្យគេមានក្លិនក្រអូបឈ្ងុយ គេបិទភ្នែកសន្សឹមៗភ្លក់រសជាតិកាហ្វេ។ ស៊ីងលូសួរថា៖ «យ៉ាងម៉េចដែរ?» គេឆ្លើយថា៖ «ខ្ញុំមានអារម្មណ៍ថាផ្អែមល្ហែមដល់ថ្នាក់ស្ទើរតែចង់រលាយរូបកាយ» កែវភ្នែកថ្លាជ្រៅធំៗរបស់ស៊ីងលូមានមន្ទិលបន្តិច សួរទៅគេថា៖ «តើវាផ្អែមពេកមែនទេ?» គេប្រទះឃើញថានាងបានយល់ច្រឡំពីអត្ថន័យរបស់គេ ទើបបកស្រាយយ៉ាងរហ័សថា៖ «អត់ទេ! ល្មមផឹកតែម្ដង! ខ្ញុំចូលចិត្តរសជាតិផ្អែមរបស់វា» ឫកពាររបស់ស៊ីងលូដូចជាចង់សើចបន្តិចអត់បន្តិច និយាយថា៖ «តាំងពីដើមមក ខ្ញុំមិនដែលឃើញមនុស្សប្រុសណាចូលចិត្តផ្អែមយ៉ាងនេះទេ!» គេញញឹមដាក់ស៊ីងលូ៖ «ន័យរបស់នាងគឺចង់ថា មនុស្សខ្ញុំផ្អែមល្ហែមណាស់មែនទេ?» ស៊ីងលូចង់តែខឹងដាក់គេ និយាយថា៖ «ព្រះនាង Windson មិនស្រលាញ់ទឹកដីប៉ុន្តែចូលចិត្តការតុបតែង ធ្លាប់មានព្រះបន្ទូលថានៅក្នុងលោកនេះ គ្មាននរណាម្នាក់ជាអ្នកដែលស្គមបំផុតឬជាអ្នកដែលមានបំផុតនោះទេ តែខ្ញុំយល់ថាមានរបស់មួយដែលលើសហ្នឹងទៅទៀត» គេសួរទាំងងឿងឆ្ងល់ថា៖ «គឺអ្វីទៅ?» «គ្មាននរណាម្នាក់ជាមនុស្សផ្អែមល្ហែមបំផុតនោះទេ!» ស៊ីងលូនិយាយទាំងញញឹម និយាយរួចក៏កាន់ថាសរបស់នាងដើរទៅកន្លែងឆុងកាហ្វេវិញ ចំណែកស្នាមញញឹមនៅលើមុខរបស់នាងក៏បានរលាយបាត់មួយរំពេច ហាក់ដូចជាផ្លាស់ប្តូរមុខមនុស្សម្នាក់ផ្សេងទៀត នាងស្ដាប់ឮសូរសំឡេងនៅក្នុងដួងចិត្តរបស់នាង «មែនហើយ! វានឹងគ្មានមនុស្សណាម្នាក់ផ្អែមល្ហែមបំផុតនោះទេ មានតែមនុស្សដែលឈឺចាប់បំផុត វេទនាបំផុត និងជូរចត់បំផុត!» នៅថ្ងៃនោះ គេផឹកកាហ្វេបណ្ដើរឈ្ងោកមុខចុះអានសៀវភៅបណ្ដើរ នៅស្ងប់ស្ងាត់បែបនេះលុះរហូតមកទល់ម៉ោងប្រាំបីយប់។ គេងើយក្បាលឡើងទាំងល្វើយ ក៏សង្កេតឃើញថាតុនៅជុំវិញគេទាំងអស់គឺសុទ្ធតែគ្មានមនុស្ស ភ្ញៀវនៅក្នុងហាងកាហ្វេនៅសល់តែគេតែម្នាក់។ គេក្រោកឈរឡើងដើរទៅកន្លែងទូទាត់ប្រាក់។ ស៊ីងលូកំពុងតែអង្គុយនៅឯរបារឆុងកាហ្វេ យកចិត្តទុកដាក់អានសៀវភៅធ្វើម្ហូបយ៉ាងស្លុង រោមភ្នែកក្រាស់វែងទាំងគូរបស់នាង ស្ថិតនៅក្រោមពន្លឺភ្លើងពណ៌មាស ហាក់ប្រៀបដូចជាសរសៃសូត្រសំយុងចុះមកក្រោមកែវភ្នែកនាងយ៉ាងស្រទន់ ដៃទាំងពីររបស់គេស៊កនៅក្នុងហោប៉ៅឈរយ៉ាងស្ងៀមស្ងាត់នៅទីនោះភ្លឹកសម្លឹងមើលទៅនាង ដោយមិនហ៊ានឈានចូលទៅរំខាននាងឡើយ។ មួយសន្ទុះធំក្រោយមក ស៊ីងលូស្រាប់តែមានអារម្មណ៍ថាមានខ្សែភ្នែកមួយគូកំពុងតែលួចសម្លឹងមើលមកនាង នាងងើយមុខឡើងទៅមើល ក៏ឃើញរូបគេកំពុងតែឈរស្ងៀមថ្មឹងនៅមួយកន្លែងនោះ។ «សូមទោស! ហាងរបស់នាងដល់ម៉ោងបិទទ្វារហើយឬនៅ?» គេជាអ្នកនិយាយមុន។ ស៊ីងលូកាន់សៀវភៅក្រោកឈរឡើង ហើយនិយាយថា៖ «មិនអីទេ! ខ្ញុំកំពុងតែចង់សាកល្បងដុតនំភីហ្សា» នាងហុចសៀវភៅនោះទៅឱ្យគេមើល។ នៅលើទំព័រសៀវភៅគឺជារបៀបចម្អិនភីហ្សា រូបភាពនៅលើនោះពិតជាគួរឱ្យទាក់ទាញនិងចង់ញ៊ាំ។ នាងបានសួរទៅគេថា៖ «តើលោកចង់មើលខ្ញុំធ្វើទេ?» គេក៏បានឆ្លើយតបថា៖ «សុំទោសផង! ថ្ងៃនេះខ្ញុំមានការណាត់! ចាំពេលក្រោយចុះ» ស៊ីងលូញញឹមៗ៖ «អុឹម! អ៊ីចឹងចាំថ្ងៃក្រោយចុះ» គេបានដាក់ប្រាក់នៅលើតុ បន្ទាប់មកដើរតម្រង់ទៅកាន់មាត់ទ្វារ។ ស៊ីងលូសម្លឹងមើលតាមស្រមោលខ្នងដែលសន្សឹមៗចាកចេញផុតទៅរបស់គេ លើផែនថ្ពាល់ក្រហមរបស់នាងនៅក្រហមតិចៗនៅឡើយ នេះគឺសុទ្ធតែកំហុសរបស់នាង មិនគួរណានឹកគិតថានាងនឹងអាចទាក់ទាញចិត្តគេបានលឿនយ៉ាងនេះ។ «ឯងនេះពិតជាល្ងង់ខ្លៅខ្លាំងណាស់!» នាងបានលួចស្ដីបន្ទោសឱ្យខ្លួនឯងនៅក្នុងចិត្ត។ នៅស្របខណៈពេលនោះ គេស្រាប់តែបកត្រលប់ក្រោយវិញ។ គេដើរចូលមកជិតនាងជាមួយនឹងស្នាមញញឹម សួរថា៖ «នាងធ្វើនំភីហ្សាប្រាកដជាឆ្ងាញ់ណាស់ហើយ?» ស៊ីងលូក៏សួរថា៖ «ចុះការណាត់ចួបរបស់លោកនោះ?» «គ្រាន់តែជាការតាំងពិពណ៌គំនូររបស់មិត្តភក្តិម្នាក់ប៉ុណ្ណោះ» គេញាក់ស្មារបស់គេ និយាយថា៖ «យ៉ាងណាបើជ្រុលជាយឺតពេលទៅហើយ យឺតថែមបន្តិចក៏មិនជាថ្វីដែរ…គេមិនស៊ីសាច់ខ្ញុំនោះទេ! ខ្ញុំឈ្មោះ ស៊ឺជឹងឈុន តើនាងមានឈ្មោះអ្វី?» «ស៊ីងលូ គឺ លូ នៅក្នុងសន្សើមពេលព្រឹក» គេញញឹម ហុចដៃចេញមកនៅចំពោះមុខនាង និយាយថា៖ «រីករាយដែលបានស្គាល់!».

ភាគទី3: សន្សើមព្រឹក (ភាគ៣)

ស៊ីងលូឈោងដៃទៅចាប់បាតដៃដ៏កក់ក្តៅរបស់គេ និយាយថា៖ «រីករាយដែលបានស្គាល់លោក!» ភ្លាមៗនោះ គេស្រាប់តែផ្លាស់ប្តូរគំនិតរបស់គេ សួរទៅនាងថា៖ «តើនាងមានចំណាប់អារម្មណ៍ចង់ទៅទស្សនាការតាំងពិពណ៌នោះដែរឬទេ? នៅមិនឆ្ងាយពីទីកន្លែងនេះប៉ុន្មានទេ មិត្តរបស់ខ្ញុំគូរគំនូរមិនអន់ទេ» គេបានក្រឡេកមើលនាឡិកាដៃរបស់គេ៖ «ពិធីជប់លៀងនៅមិនទាន់បញ្ចប់ទេ ប្រហែលជាអាចនៅមានអាហារខ្លះសម្រាប់ញ៊ាំ ប៉ុន្តែប្រាកដជាមិនឆ្ងាញ់ដូចជានាងធ្វើទេ» «អូខេ!» ស៊ីងលូងក់ក្បាលចុះទាំងរីករាយ។ នាងសម្លឹងមើលទៅឯកសណ្ឋានបម្រើការនៅលើខ្លួនរបស់នាង ក៏និយាយឡើងថា៖ «តើលោកអាចរង់ចាំខ្ញុំមួយភ្លែតបានទេ? ខ្ញុំសុំពេលទៅផ្លាស់ប្ដូរសម្លៀកបំពាក់ចេញសិន» «បាន! ខ្ញុំរង់ចាំនាងនៅខាងក្រៅ» ស៊ីងលូដើរចេញពីក្នុងហាងលក់កាហ្វេមកខាងក្រៅ នាងបានពាក់អាវស្បែកក្រៅពណ៌ខ្មៅ នៅខាងក្នុងគឺជារ៉ូបពណ៌ក្រហម បង្ហាញឱ្យឃើញរង្វង់កនិងដើមទ្រូងសម៉ដ្ដខៃរបស់នាង នៅលើជើង ពាក់ស្បែកជើងកែងចោតពណ៌ខ្មៅខ្ពស់មួយគូ សក់រំសាយចេញមក ប្រៀបដូចជាមេអំបៅ។ នោះគឺជាលើកដំបូងបង្អស់ដែលស៊ឺជឹងឈុនមិនឃើញស៊ីងលូចងសក់កន្ទុយសេះទៀត គេនៅសុខៗក៏ស្រាប់តែបានឃើញសក់ពណ៌ត្នោតរបស់នាងសំយុងចុះមកទន់ល្មើយបែបនេះ ធ្វើឱ្យគេសម្លឹងមើលយ៉ាងភ្លឹកភ្លាំង។ «តើពួកយើងដើរទៅតាមផ្លូវណា?» ស៊ីងលូសួរទៅគេ។ ឮសំឡេងរបស់នាងទើបសុឺជឹងឈុនភ្ញាក់ស្មារតីឡើង រហ័សនិយាយថា៖ «មកខាងណេះ!» ស៊ីងលូដើរបណ្ដើរបង់កន្សែងបង់កពណ៌សនៅលើករបស់នាងបណ្ដើរ ខណៈពេលដែលនាងហៀបនឹងរលាស់កន្សែងទៅក្រោយខ្នងរបស់នាង ស្រាប់តែមានខ្យល់មួយមេធំបក់មក ធ្វើឱ្យកន្សែងមួយនោះហោះទៅគ្របនៅលើមុខរបស់ស៊ឺជឹងឈុនបិទបាំងភ្នែករបស់គេជិតឈឹងនិងធុំក្លិនដ៏ក្រអូបពិសេសម៉្យាង។ «អូ៎…ព្រះអើយ!» ស៊ីងលូក៏ប្រញាប់ស្រវាដៃចាប់ទាញកន្សែងត្រលប់មកវិញ។ នៅក្នុងខណៈពេលភ្លាមៗនោះ នាងស្រាប់តែក្រឡេកទៅឃើញដោយចៃដន្យ នៅក្នុងជ្រកផ្លូវមួយនៅខាងមុខពួកគេ ក្រោមពន្លឺចង្កៀងនៅលើដងផ្លូវ មានបុរសពាក់មួកកន្តិបម្នាក់កំពុងតែលួចសម្លឹងមើលមកនាងនិងសុឺជឹងឈុននៅឯម្ខាង។ ឯបុរសម្នាក់នោះប្រទះឃើញកែវភ្នែករបស់ស៊ីងលូ ក៏រហ័សបែរខ្នងទៅក្រោយរត់គេចខ្លួនបាត់មួយរំពេច។ ស៊ឺជឹងឈុនមិនដឹងថាហេតុអ្វីក៏ស៊ីងលូនៅសុខៗបែរជាឈរភ្លឹកស្ងៀមនៅមួយកន្លែងបែបនេះ ភ្លាមៗនោះគេលើកដៃរបស់គេឡើងទាញកន្សែងចេញពីមុខរបស់គេដោយឫកពារខ្មាសអៀនតិចតួច ហើយឋិតនៅក្នុងពេលនោះ គេក៏បានឃើញក្រសែភ្នែករបស់ស៊ីងលូកំពុងបញ្ឈប់នៅឯច្រកផ្លូវខាងមុខ។ កែវភ្នែករបស់គេក៏សម្លឹងមើលទៅតាមនាងដែរ ប៉ុន្តែមិនបានប្រទះឃើញអ្វីទាំងអស់។ បុរសអាវខ្មៅម្នាក់នោះគេចចេញទៅបាត់ អារម្មណ៍របស់ស៊ីងលូក៏រហ័សត្រលប់មកវិញ នាងទាញកន្សែងមកវិញព័ន្ធពីរជុំនៅលើករបស់នាងឱ្យរៀបរយឡើងវិញ សម្លឹងមើលសុឺជឹងឈុនទាំងអុឹមអៀន ហើយនិយាយថា៖ «សុំទោសផង! អម្បាញ់មិញខ្យល់ធំពេក!» សុឺជឹងឈុនញាក់ស្មារបស់គេ និយាយទាំងស្នាមញញឹមថា៖ «អូ៎…មិនថ្វីទេ…ខ្យល់មួយមេនោះបក់មកចំពេលវេលាល្អណាស់!» «នៅនិយាយថាចំពេលវេលាល្អទៀតហេ៎? ប្រសិនបើពួកយើងកំពុងតែឈរនៅលើផ្លូវថ្នល់វិញ ខ្ញុំស្ទើរតែសម្លាប់លោកបាត់ទៅហើយណា៎!» ស៊ឺជឹងឈុនបើកភ្នែកធំៗចំហមាត់ ធ្វើឫកពារហាក់ដូចជាទើបតែរួចផុតពីសេចក្តីស្លាប់មក និយាយយ៉ាងរន្ធត់ថា៖ «អូ៎មែនហើយ! ស្ទើរតែបន្តិចទៀត នាងបានសម្លាប់ខ្ញុំទៅហើយ!» ស៊ីងលូធ្វើពុតជាមិនយល់ ឱនក្បាលចុះសើចតិចៗ។ ពួកគេសន្សឹមៗបន្តដំណើរទៅមុខ ឆ្លៀតពេលដែលស៊ឺជឹងឈុនមិនបានចាប់អារម្មណ៍ នាងបានងាកទៅក្រោយសម្លឹងមើលទៅកាន់ទីកន្លែងងងឹតនោះម្ដងទៀត នាងចង់ដឹងថាតើបុរសពាក់មួកកន្តិបម្នាក់នោះនៅឈរនៅត្រង់នោះទៀតឬក៏អត់? នាងមិនបានឃើញមនុស្សម្នាក់នោះទៀតទេ ក៏ប៉ុន្តែនាងនៅតែមិនទាន់អស់មន្ទិលសង្ស័យរបស់នាង ថាតើនាងមានមើលច្រឡំឬអត់? «ឈ្មោះរបស់នាងពីរោះណាស់» ស៊ឺជឹងឈុននិយាយ។ «គឺលោកប៉ារបស់ខ្ញុំជាអ្នកដាក់ឱ្យ ខ្ញុំកើតនៅពេលព្រឹកព្រលឹមស្រាងៗ គាត់បាននិយាយថា កាលនោះគាត់បានឃើញនៅលើស្លឹកឈើដើមល្វាខាងក្រៅបង្អួចបន្ទប់សម្រាលមានដក់តំណក់ទឹកសន្សើមព្រឹក ព្រមទាំងឃើញកូនចាបតូចមួយក្បាលកំពុងតែស្រែកច្រៀងនៅលើដើមឈើនោះទៀតផង» «មែនហ្អេស?» ស៊ឺជឹងឈុនលាន់មាត់សួរ។ «កុហកទេ! កូនចាបមួយក្បាលស្រែកច្រៀងនោះគឺក្រោយមកលោកប៉ារបស់ខ្ញុំបន្ថែមដោយខ្លួនឯងទេ» ស៊ីងលូនិយាយរួចក៏សើច។ «ពីមុន តើនាងធ្លាប់ធ្វើការនៅហាងកាហ្វេណាផ្សេងទេ?» «ខ្ញុំហ្អេស? ខ្ញុំធ្លាប់ធ្វើការនៅក្នុងហាងលក់សម្លៀកបំពាក់និងគ្រឿងអលង្ការ» «ចុះហេតុអីបានជាប្តូរមកធ្វើការនៅក្នុងហាងកាហ្វេ?» «សម្លៀកបំពាក់ គ្រឿងអលង្ការ កាហ្វេ គឺជាមជ្ឈដ្ឋានបីខុសៗពីគ្នា ប៉ុន្តែមានតែកាហ្វេប៉ុណ្ណោះដែលអាចផឹកបាន!» ស៊ីងលូក៏បញ្ចេញស្នាមញញឹម៖ «ខ្ញុំមិនចូលចិត្តរបៀបរស់នៅពីមុនទេ នៅទីនេះមានសេរីភាពជាង…តើលោកជាវិចិត្រករមែនទេ?» នាងចង្អុលទៅអាវក្រៅពណ៌ត្នោតរបស់គេ នៅលើកដៃអាវនោះមានដិតស្នាមប្រឡាក់ដោយសារទឹកថ្នាំគំនូរតូចមួយ នាងបានកត់សម្គាល់ឃើញតាំងពីនៅថ្ងៃចួបគេដំបូងមកម៉្លេះ។ ស៊ឺជឹងឈុនលួចស្ងើចសរសើរចំពោះសមត្ថភាពសង្កេតរបស់នាងនៅក្នុងចិត្ត បន្ទាប់មកក៏ងក់ក្បាលចុះដោយការខ្មាសអៀនតិចតួច។ កែវភ្នែករបស់ស៊ីងលូពោរពេញទៅដោយការចង់ដឹង សួរថា៖ «តើលោកល្បីឈ្មោះណាស់មែនទេ?» ស៊ឺជឹងឈុនប្រែជាមុខក្រហមព្រាក និយាយទាំងកំប្លែងថា៖ «ខ្ញុំគ្រាន់តែជាវិចិត្រករក្រីក្រម្នាក់ប៉ុណ្ណោះនិងគ្មានកេរ្តិ៍ឈ្មោះអ្វីនោះទេ» «និយាយអ៊ីចឹងដូចជាបន្ទាបខ្លួនឯងពេកទេដឹង!» ស៊ីងលូនិយាយក្រមិចក្រមើម «ខ្ញុំស្គាល់សមាគមសប្បុរសធម៌មួយ តែងតែជួយដល់វិចិត្រករក្រីក្រ» «តើពិតទេ?» ស៊ឺជឹងឈុនរហ័សសួរទៅស៊ីងលូ។ «កុហកទេ» ស៊ីងលូជ្រួញខ្ទង់ច្រមុះសើចហើយនិយាយថា៖ «លោកបានជាប់អន្ទាក់របស់ខ្ញុំផ្ទួនៗគ្នាពីរដងហើយ!» ស៊ឺជឹងឈុនព្រមទទួលស្គាល់ខ្លួនឯងថា៖ «មែនហើយ …ខ្ញុំងាយចាញ់ល្បិចស្រីស្អាតណាស់!» ស៊ីងលូញញឹមៗ និយាយថា៖ «ជាទូទៅ វិចិត្រករម្នាក់ទាល់តែក្រោយពេលស្លាប់ទៅទើបអាចល្បី!» ស៊ឺជឹងឈុននិយាយថា៖ «ចំណែកឯស្នាដៃទាំងឡាយក៏ទាល់តែចាំក្រោយពេលស្លាប់ទៅទើបមានតម្លៃ តើនាងដឹងថាមកពីហេតុអ្វីទេ?» ស៊ីងលូនិយាយថា៖ «ជោគវាសនារបស់វិចិត្រករ?» ស៊ឺជឹងឈុននិយាយទាំងអស់សំណើចតិចៗថា៖ «នៅពេលដែលវិចិត្រករក្លាយទៅជាអ្នកមានបាន ពួកគេនឹងលែងបញ្ចេញស្នាដៃរបស់ខ្លួនឯងបន្តទៀត» «ក្រៅពីលោក Picasso?» «មែនហើយ! ក្រៅពីលោក Picasso!» ស៊ីងលូបង្អាប់គេជាបន្តបន្ទាប់នៅតាមផ្លូវ។ ពួកគេបានធ្វើដំណើរទៅដល់ទីកន្លែងតាំងពិពណ៌គំនូរ ដែលរៀបចំតាំងបង្ហាញនៅក្នុងកូនផ្ទះតូចក្រោមដីមួយ នៅខាងក្នុងមានសំឡេងជជែកនិងសើចក្អាកក្អាយជាច្រើន មនុស្សភាគច្រើនគឺសុទ្ធតែមានវ័យក្មេង។ ស៊ឺជឹងឈុនបានណែនាំស៊ីងលូទៅកាន់ម្ចាស់ពិព័រណ៍គំនូរនោះ គេគឺជាបុរសមានមាឌធាត់និងទាបម្នាក់ ស្លៀកពាក់សាមញ្ញៗ រួសរាយរាក់ទាក់និងចេះប្រាស្រ័យទំនាក់ទំនងល្អក្នុងសង្គម។ បន្ទាប់ពីរកកន្លែងអង្គុយចុះរួចរាល់ ស៊ឺជឹងឈុនបានដើរទៅយកម្ហូបអាហារប៊ូហ្វេនៅលើតុឈរមកឱ្យស៊ីងលូ។ នៅពេលនោះ មានបុរសវ័យក្មេងពីរបីនាក់បានដើរមកនិយាយជាមួយនឹងគេ រីឯស៊ីងលូគិតតែពីដើរគយគន់មើលគំនូរនៅលើជញ្ជាំង។ ពេញមួយយប់នោះ នៅរាល់ពេលដែលនាងក្រឡេកភ្នែកមើលទៅកាន់ស៊ឺជឹងឈុន នៅក្បែរខ្លួនគេតែងតែឡោមព័ទ្ធជុំវិញទៅដោយក្រុមនារីវ័យក្មេងស្អាតៗជាច្រើននាក់ បង្ហាញខ្លួនមកម្នាក់ហើយម្នាក់ទៀតមិនចេះដាច់ ដែលម្នាក់ៗសុទ្ធតែចង់ទាក់ទាញការចាប់អារម្មណ៍របស់គេ។ នៅក្នុងចិត្តរបស់ស៊ីងលូគិតថា៖ «តើគេមានដឹងខ្លួនឬអត់ហ្នឹង?» ស៊ីងលូមិនសូវជាចូលចិត្តស្នាដៃរបស់វិចិត្រករមាឌធាត់ម្នាក់នោះប៉ុន្មានទេ ស្នាដៃរបស់គេមើលទៅហាក់ដូចជាខ្វះនូវវិញ្ញាណនិងភាពរស់រវើក។ នៅយូរទៅៗ មានអារម្មណ៍ថាសាលគំនូរកាន់តែស្អុះស្អាប់ឡើងទៅ នាងក៏មិនចង់ដើរមើលបន្តទៀត។ រំពេចនោះ ក៏ស្រាប់តែមានសំឡេងមួយបន្លឺឡើងនៅក្បែរនាង៖ «ពួកយើងទៅវិញទៅ!» ប៉ុន្មាននាទីក្រោយមក នាងនិងស៊ឺជឹងឈុនក៏បានឈរនៅលើដងវិថី «Causeway Bay» ខ្យល់ត្រជាក់បក់មករំភើយៗ ធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយជាងមុន។ «តើនាងចូលចិត្តគំនូររបស់មិត្តខ្ញុំទេ?» ស៊ឺជឹងឈុនសួរមកនាង។ «វាមិនមែនមិនស្អាតនោះទេ គ្រាន់តែហាក់ដូចជាមានក្បូរក្បាច់ច្រើនពេក…អូ៎! សុំទោសផងណា៎ ខ្ញុំគ្រាន់តែចង់ចែករំលែកនូវការយល់ឃើញខ្លះចំពោះមិត្តរបស់លោកប៉ុណ្ណោះ» «អត់ទេ! នាងនិយាយមិនខុសទេ ខ្សែភ្នែករបស់នាងមុតមែន» គេបង្អាក់សំដីមួយភ្លែត ក៏សួរថា៖ «តើផ្ទះនាងនៅឯណា?» «អូ៎! នៅជិតនេះទេ ចេញផុតពីផ្លូវមួយនេះគឺដល់ហើយ! ហើយចុះលោកវិញ?» នាងចង្អុលទៅផ្លូវដែលនៅខាងមុខពួកគេ។ «គឺនៅជិត Coffee Shop តែម្ដង» «បើអ៊ីចឹងខ្ញុំដើរទៅតាមផ្លូវខាងនេះមុនហើយ» ស៊ីងលូនិយាយពាក្យលាគ្នាទៅគេមុន៖ «ចួបគ្នាថ្ងៃក្រោយ!» នាងទាញយកកន្សែងបង់កនៅលើករបស់នាងឱ្យខិតឡើងទៅលើបន្តិចទៀតពីព្រោះតែអាកាសធាតុនាពេលយប់កាន់តែចុះត្រជាក់ខ្លាំង បន្ទាប់មកក៏ដើរចូលទៅក្នុងហ្វូងមនុស្សនៅខាងមុខ បន្សល់ទុកនូវស្រមោលរូបរាងតូចច្រឡឹងនៅក្នុងរ៉ូបពណ៌ក្រហមសន្សឹមៗរលាយបាត់ចេញពីខ្សែភ្នែករបស់គេ។ ———— អស់រយៈពេលពេញមួយសប្តាហ៍ពេញបន្ទាប់ពីស៊ីងលូមិនបានមកហាងកាហ្វេធ្វើការនោះទេ។ នៅព្រឹកថ្ងៃមួយ ទីបំផុតនាងក៏បានបង្ហាញខ្លួន។ ក្រោយយប់ដែលបានទៅមើលការតាំងពិពណ៌គំនូរនោះ នាងបាននឹកគិតនៅក្នុងចិត្តថា«មិនអាចបង្ហាញខ្លួនឱ្យគេចួបភ្លាមៗជាដាច់ខាត»ដូច្នេះនាងក៏បានសំងំនៅក្នុងផ្ទះអស់មួយសប្តាហ៍ រកមូលហេតុមួយឱ្យខ្លួនឯង។ «ប្រសិនបើគេស្រលាញ់ឯង អ៊ីចឹងពេលដែលគេមិនបានឃើញឯង នឹងធ្វើឱ្យគេរឹតតែនឹកនាឯងបារម្ភពីឯង មិនថាទោះជាយ៉ាងណា ឯងត្រូវតែហ៊ានប្រថុយមួយក្ដារនេះ!» នៅពេលដែលស៊ឺជឹងឈុនចូលមកដល់ក្នុងហាងភ្លាម ទឹកមុខស្រពាប់ស្រពោនរបស់គេ ក្រោយពេលដែលបានឃើញមុខរបស់នាងស្រាប់តែប្រែជារំភើបត្រេកអរឡើងមកភ្លែត ធ្វើឱ្យនាងដឹងថាវិធីរបស់នាងគឺត្រឹមត្រូវ។ ម៉ោងនៅលើនាឡិកាគឺជាងបីរសៀល ពន្លឺព្រះអាទិត្យចែងចាំងរស្មីកាត់តាមមាត់ទ្វារបង្អួចកញ្ចក់ នៅក្នុងហាងមានតែភ្ញៀវប៉ុន្មាននាក់ប៉ុណ្ណោះ តុអង្គុយនីមួយៗមានតែមនុស្សតែម្នាក់ គ្មាននរណាម្នាក់និយាយស្ដីអ្វី។ ស៊ឺជឹងឈុនដើរសំដៅត្រង់ទៅកន្លែងឆុងកាហ្វេតែម្តង ឫកពារសែនល្ងីល្ងើ ហាក់ដូចជារកនឹកមិនឃើញពាក្យណាមួយដើម្បីចាប់ផ្តើមនិយាយជាមួយនឹងនាង។ «តើនាងឈឺមែនទេ?» ចុងក្រោយក៏ស្ដាប់ឮគេនិយាយពាក្យទាំងនេះ។ «ខ្ញុំមិនស្រួលខ្លួន…» ស៊ីងលូនិយាយដោយសំឡេងតិចៗ។ ស៊ឺជឹងឈុនប្រញាប់សួរទៅវិញយ៉ាងរហ័សថា៖ «តើបានធូរហើយឬនៅ? ជំងឺមានធ្ងន់ធ្ងរទេ?» «មិនមានអ្វីធ្ងន់ធ្ងរទេ…គ្រាន់តែផ្ដាសាយបន្តិចបន្តួចប៉ុណ្ណោះ» ស៊ឺជឹងឈុនដកដង្ហើមចេញមកទាំងធូរទ្រូង ហើយក៏និយាយថា៖ «យប់នោះនាងស្លៀកពាក់ស្អាតណាស់ ខ្ញុំនៅព្រួយបារម្ភមិនដឹងថានាងមានត្រូវគេចាប់ទៅឬអត់?» «ដើមឡើយគឺអ៊ីចឹងមែន ប៉ុន្តែសំណាងល្អខ្ញុំរត់គេចខ្លួនទាន់!» ទឹកមុខរបស់នាងនិយាយយ៉ាងដូចមែនទែន ហើយក៏ចាប់ផ្តើមរៀបចំឆុងកាហ្វេឱ្យគេ៖ «យប់នោះខ្ញុំភ្លេចសួរលោកឱ្យឈឹងថា តើលោកគូរគំនូរប្រភេទអ្វី?» ស៊ឺជឹងឈុនក៏បានឆ្លើយថា៖«គំនូរប្រេង» ស៊ីងលូដៀងភ្នែកសម្លក់គេបន្តិច៖ «ខ្ញុំកំពុងគិតថា តើលោកមានចំណាប់អារម្មណ៍បញ្ជូនស្នាដៃរបស់លោកមកលក់នៅទីនេះដែរឬទេ? ទីមួយចាត់ទុកថាបើកកន្លែងតាំងពិពរណ៌តូចមួយ ទីពីរអាចធ្វើឱ្យមានមនុស្សកាន់តែច្រើនស្គាល់លោក ហើយលោកក៏អាចរកកម្រសបានខ្លះដែរ ទីបី…» ស៊ីងលូលើកពែងកាហ្វេដែលបានឆុងរួចមកដាក់នៅចំពោះមុខគេ។ «មានផលប្រយោជន៍ច្រើនមែនន៎!» ស៊ឺជឹងឈុនឈរញញឹមនៅមុខរបារកាហ្វេ ហើយលើកពែងកាហ្វេរបស់គេឡើងមកផឹក។ «ទីបី…» ស៊ីងលូសម្លឹងមើលទៅលើផ្ទាំងគំនូរដែលព្យួរនៅលើជញ្ជាំងដោយទឹកមុខធុញទ្រាន់និងនិយាយថា៖ «ខ្ញុំទ្រាំមើលរូបគំនូរអាក្រក់ទាំងនោះលែងបានហើយ វាគួរតែដល់ពេលដោះវាចេញល្មម!» «ថៅកែរបស់នាងគ្មានយោបល់អ្វីទេហ្អេស?» «ខ្ញុំគឺជាអ្នកសម្រេចចិត្ត ថៅកែនៅទីនេះគឺមិត្តប្រុសរបស់ខ្ញុំ!» «មែនហ្អេស?» ទឹកមុខរបស់ស៊ឺជឹងឈុនក៏ប្រែជាអាក្រក់ទៅ រំលេចឡើងឱ្យឃើញភាពអស់សង្ឃឹមមួយ គេឈ្ងោកមុខចុះសន្សឹមៗផឹកកាហ្វេរបស់គេ។ ស៊ីងលូលួចក្រឡេកមើលទៅគេ បញ្ចេញស្នាមញញឹមយ៉ាងសមបំណង នាងនិយាយថា៖ «កុហកទេ! ថៅកែនៅទីនេះគឺជាមនុស្សស្រី…លោកបានចាញ់បោកពាក្យបញ្ឆោតរបស់ខ្ញុំជាលើកទីបីហើយណា៎» ស៊ឺជឹងឈុនញញឹមឡើងអស់ពីពោះ៖ «ខ្ញុំធ្លាប់បានប្រាប់នាងពីមុនហើយទេតើ ថាខ្ញុំងាយចាញ់ល្បិចស្រីស្អាតណាស់» ស៊ីងលូងាកទៅរកចង្ក្រានបាយ នាងយកនំពងទាឈីសសូកូឡាខ្មៅមួយដុំដាក់នៅលើចានរួចលើកយកមកឱ្យគេ «លោកអាចមានពេលពិចារណាលើយោបល់របស់ខ្ញុំ?» ស៊ឺជឹងឈុនដួសនំខេកមួយស្លាព្រាមកញ៊ាំមួយម៉ាត់រួចនិយាយថា៖ «ឱ្យតែជាមនុស្សស្រីស្អាតហើយអាចធ្វើនំបានឆ្ងាញ់យ៉ាងនេះ ទោះជាលើកសំណើរយ៉ាងណាក៏ខ្ញុំយល់ព្រមដែរ» ស្នាមញញឹមនៅលើមុខរបស់ស៊ីងលូក៏រលាយបាត់ទៅវិញ នាងនិយាយថា៖ «ខ្ញុំនេះនៅខាងក្រៅស្គាល់នារីស្រស់ស្អាតជាច្រើនសុទ្ធតែចេះធ្វើនំឆ្ងាញ់» ប៉ុន្តែនៅថ្ងៃបន្ទាប់ ស៊ីងលូសម្លឹងមើលទៅកាន់ផ្ទាំងគំនូរនៅលើជញ្ចាំងដែលទើបនឹងព្យួរឡើងថ្មីៗ បេះដូងរបស់នាងលោតយ៉ាងញាប់ញ័រ មានអារម្មណ៍ថាស្ដាយក្រោយ។ នាងនិយាយនៅក្នុងចិត្តថា៖ «មិនគួរដូច្នេះទេ គេម្ដេចក៏អាចគូរបានស្អាតយ៉ាងនេះ?» ស៊ឺជឹងឈុនងាកមកសួរនាងថា៖ «ខ្ញុំមិនដឹងថាគួរតែកំណត់តម្លៃយ៉ាងណានោះទេ» នៅរសៀលល្ងាចនោះ ស៊ឺជឹងឈុនបាននាំយកផ្ទាំងគំនូរតូចៗមួយចំនួន យកមកដាក់នៅលើតុនៅក្នុងហាងកាហ្វេ។ ស៊ីងលូអង្គុយចុះភ្លឹកសម្លឹងមើលរូបគំនូរទាំងនោះ ដោយមិននិយាយស្ដីអ្វីមួយម៉ាត់ ធ្មេញខាំចុងបបូរមាត់ជាប់ នាងខាំខ្លាំងរហូតដល់ថ្នាក់បបូរមាត់របស់នាងប្រែជាសស្គុស។ សម្លឹងមើលអស់មួយសន្ទុះធំ នាងក៏ងើយក្បាលឡើង ភ្នែកមូលក្លំហាក់ដូចជានឹកឃើញអ្វីមួយ និយាយថា៖ «ជាដំបូង លោកយកគំនូរទាំងអស់នេះព្យួរឡើងទៅលើសិនទៅ រីឯតម្លៃចាំខ្ញុំដាក់ឱ្យ!» បន្ទាប់មកនាងក៏បានសួរស៊ឺជឹងឈុនថា៖ «មានតែប៉ុណ្ណឹងទេហ្អេស តើលោកនៅមានរូបគំនូរណាផ្សេងទៀតទេ?» «នៅឯផ្ទះ តើនាងមានចំណាប់អារម្មណ៍ចង់ទៅមើលទេ?» «ក៏បាន តែត្រូវរង់ចាំខ្ញុំចេញពីធ្វើការសិនណា៎» ស៊ីងលូក្រោកឡើងឈរនៅលើកៅអី យកផ្ទាំងគំនូរនីមួយៗព្យួរឡើងនៅលើជញ្ជាំងយ៉ាងប្រុងប្រយ័ត្ន។ ស៊ឺជឹងឈុនឈរមើលនៅខាងក្រោយខ្នងស៊ីងលូយ៉ាងអឹមអៀម គេមានអារម្មណ៍ថា ទង្វើរបស់នាងនៅថ្ងៃនេះចម្លែកបន្តិចបន្តួច បែងចែកមិនច្បាស់ ក៏ប៉ុន្តែស្រស់ស្អាតយ៉ាងជាពិសេស។ បន្ទាប់ពីព្យួរផ្ទាំងគំនូរទាំងអស់រួច សម្លឹងគន់មើលពួកវានៅលើជញ្ជាំងពណ៌ទឹកក្រូចដែលនាងមិនចូលចិត្តសូម្បីតែបន្តិចនោះ នឹកគិតនៅក្នុងចិត្តរបស់នាងថា៖ «ហេតុអ្វីបានជាដូច្នេះ? សូម្បីតែជញ្ជាំងក៏ទើសភ្នែកឯងដែរ!» ផ្ទះជួលដែលស៊ឺជឹងឈុនជួលស្នាក់នៅនោះគឺជាបន្ទប់ដ៏តូចមួយ ហើយក៏ជាបន្ទប់តែមួយដែលគេយកមកគូរគំនូររបស់គេ នៅក្នុងអគារផ្ទះល្វែងកម្ពស់ដប់ពីរជាន់ មានអាយុកាលចាស់សឹងតែអាចចាត់ទុកជាសំណង់បុរាណបាន ពេលជិះជណ្ដើរយន្ដឡើងឮសូរសំឡេងចម្លែកណាស់។ នៅក្នុងបន្ទប់ជួលរបស់គេ មានបន្ទប់គេងតែមួយគត់ ដាក់គ្រែដ៏សាមញ្ញ មានបន្ទប់ទឹកតូចមួយ និងផ្ទះបាយដ៏តូចមួយ បង្អួចតែមួយនៅក្នុងផ្ទះបាយត្រូវបានគ្របបិទបាំងជិតដោយបន្ទះឈើពុកពណ៌សមួយដែលមើលទៅចាស់ណាស់ទៅហើយ ឯគ្រឿងសង្ហារឹមនៅក្នុងផ្ទះក៏សុទ្ធតែចាស់ៗ មានរបស់ខ្លះមើលទៅដូចជារបស់បរិច្ចាគ នៅលើតុឈើការ៉េមួយនៅចំកណ្ដាលបន្ទប់ពង្រាយពាសពេញទៅដោយឧបករណ៍គូរគំនូរ ជក់ ទឹកថ្នាំប្រេងនិងផ្ទាំងក្រដាសសម្រាប់រូបគំនូរ គំនូរដែលគូររួចទុកនៅលើកៅអី រីឯគំនូរមួយចំនួនទៀតផ្ដេកទុកចោលនៅកន្លៀតជញ្ជាំង។ សម្លឹងមើលការតុបតែងនៅខាងក្នុងបន្ទប់ នាងក៏និយាយផងសើចផងថា៖ «អូហូ៎! លោកក្រីក្រជាងខ្ញុំទៅទៀត!» ស៊ឺជឹងឈុនសើចខឹសៗ មិនយកចិត្តទុកដាក់នឹងពាក្យដែលនាងចំអកឱ្យ គេទាញកៅអីស្អាតបាតមួយយកមកឱ្យនាងអង្គុយ។ ស៊ីងលូដោះអាវក្រៅនិងកន្សែងបង់កដាក់នៅលើបង្អែកកៅអី តែនាងមិនបានអង្គុយឡើយ នាងដើរមើលជុំវិញបន្ទប់និងផ្តោតអារម្មណ៍គយគន់លើស្នាដៃរបស់គេ មានគំនូរខ្លះគូរទេសភាព មានគំនូរខ្លះគូររូបមនុស្ស ហើយក៏មានគំនូរខ្លះគូររូបផ្លែឈើ។ ឃើញស៊ីងលូកំពុងតែមើលរូបគំនូរផ្លែឈើដែលគេគូរ ស៊ឺជឹងឈុនក៏សើចឡើងហើយមានចេតនានិយាយលេងសើចថា៖ «នោះគឺជាអាហារថ្ងៃត្រង់…និងពេលយប់របស់ខ្ញុំ» ស៊ីងលូបែរមកហើយនិយាយដោយទឹកមុខម៉ឺងម៉ាត់ថា៖ «លោកមិនសមណាមិនទាន់ល្បីសោះ!» នៅលើទឹកមុខរបស់ស៊ឺជឹងឈុនបញ្ចេញស្នាមញញឹមនិងក្ដីរំភើបនៅពេលឮនាងនិយាយបែបនេះ គេនិយាយញឹមៗថា៖ «ប្រហែលជាដោយសារតែ…ខ្ញុំនៅមានជីវិត!» រួចក៏ញាក់ស្មាធ្វើព្រងើយ ហើយនិយាយថា៖ «ប៉ុន្តែ…ដើម្បីឱ្យរូបគំនូរទាំងនេះអាចលក់ដាច់នៅពេលអនាគត ខ្ញុំអាចនឹងយករឿងសម្លាប់ខ្លួនឯងមកពិចារណាបាន! ខឹសៗ» ស៊ីងលូទ្រាំមិនបានក៏សើចតាមគេ បន្ទាប់មកនាងបានឃើញគំនូរមួយផ្ទាំងគូររង្វង់ទឹកដ៏ធំមួយ។ «តើនេះគឺជាទន្លេ “Thames” មែនទេ?» នាងសួរដោយមានក្តីភ្ញាក់ផ្អើល។ «មែនហើយ» «គូរនៅកន្លែងនោះហ្អេស?» ស៊ឺជឹងឈុនក៏ឆ្លើយតបថា៖ «គូរដោយការចងចាំ តើនាងធ្លាប់ទៅទីនោះដែរមែនទេ?» «ប្រទេសអង់គ្លេសហ្អេស? អត់ទេ…ខ្ញុំមិនដែលទៅទីនោះទេ គ្រាន់តែធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តរឿង Waterloo Bridge» ស៊ឺជឹងឈុនក៏សួរបន្ត៖ «អូ៎! នាងក៏ចូលចិត្តមើលភាពយន្តរឿង Waterloo Bridge ដែរហ្អេស?» ស៊ីងលូងក់ក្បាលហើយនិយាយថា៖ «អុឹម! ប៉ុន្តែនៅក្នុងរឿងគឺនិយាយពីស្ពាន Waterloo» «ត្រូវហើយ! ខ្ញុំគូរ The Tower of London Bridge» ស៊ីងលូសម្លឹងមើលទៅលើផ្ទាំងគំនូរនោះអស់យ៉ាងយូរ។ នៅលើរូបគំនូរគឺជាផ្ទៃមេឃបញ្ចេញពន្លឺផ្ទុយគ្នានឹងពេលវេលា ទន្លេដ៏ធំល្វឹងល្វើយ ថ្លាដូចជាកញ្ចក់រំលេចឱ្យឃើញរស្មីឥន្ទធនូ ស្រស់ស្អាតដូចជានៅក្នុងខ្សែភាពយន្ត។ នៅលើផ្ទៃមុខរបស់នាងសន្សឹមៗប្រែទៅជាក្ដុកក្ដួលទៅៗ ហើយនាងក៏ងាកមុខមកក្រោយសួរទៅស៊ឺជឹងឈុន៖ «តើខ្ញុំអាចប្រើបន្ទប់ទឹកបានទេ?» នាងដើរចូលទៅខាងក្នុងបន្ទប់ទឹកដ៏តូចចង្អៀតរួចក៏ទាញទ្វារបិទជិតទៅយ៉ាងលឿន ដៃទាំងពីររបស់នាងដាក់នៅលើឡាបូលាងដៃទាំងគ្មានកម្លាំង បន្ទាប់មកក៏ប្រែទៅជាក្ដាប់ជាប់យ៉ាងណែន សម្លឹងមើលរូបរាងរបស់នាងក្នុងកញ្ចក់ដែលព្យួរជាប់នៅលើជញ្ជាំង នាងហាក់បីឮសំឡេងនៅក្នុងបេះដូងនាងស្រែកបន្លឺថា៖ «អូ៎! ព្រះជាម្ចាស់អើយ! គេគឺជាមនុស្សដ៏មានទេពកោសល្យម្នាក់!» បន្ទាប់មកនាងព្យាយាមសម្រួលអារម្មណ៍របស់ខ្លួនឯងឡើងមកវិញ ដកមួយដង្ហើមយ៉ាងជ្រៅ ហើយសម្លឹងមើលរូបនាងទៅក្នុងផ្ទាំងកញ្ចក់ម្ដងទៀត កែវភ្នែករបស់នាងស្រាប់តែត្រជាក់ល្អូកនិងដាច់ធម៌មេត្តា និយាយជាមួយនឹងខ្លួនឯង៖ «ស្រេចតែគេទៅ!» នៅពេលដែលស៊ីងលូដើរចេញពីបន្ទប់ទឹកមកវិញ នាងឃើញស៊ឺជឹងឈុនកំពុងតែឈរនៅក្បែរផ្ទាំងគំនូរនោះ។ «តើចង់ញ៊ាំអាហារពេលយប់ជាមួយនឹងគ្នាទេ?» គេសួរទៅនាង។ នាងក្រឡេកមើលទៅរូបគំនូរផ្លែឈើអម្បាញ់មិញនោះ ហើយបន្ទាប់មកក៏ញញឹមសួរគេថា៖ «តើលោកមានន័យថាញ៊ាំជាមួយនឹងរូបភាពទាំងនេះមែនទេ?» ស៊ឺជឹងឈុនអស់សំណើចមកយ៉ាងខ្លាំង៖ «អត់ទេ! ខ្ញុំគួរតែអាចមានហេតុផលគ្រប់គ្រាន់អញ្ជើញនាងទៅញ៊ាំអាហារឆ្ងាញ់មួយពេល» និយាយរួចក៏កាន់យកអាវធំនិងកន្សែងរបស់នាងនៅលើកៅអីរបស់គេឡើង៖ «តស់! យើងទៅ!» ពួកគេបានទៅកាន់អាហាដ្ឋានសាមញ្ញមួយនៅជិតៗនោះ។ ស៊ីងលូញ៉ាំបានតិចតួចណាស់ នាងគិតតែលួចសម្លឹងមើលស៊ឺជឹងឈុនដែលកំពុងតែអង្គុយនៅទល់មុខនាងយ៉ាងស្ងៀមស្ងាត់និងមិននិយាយស្ដីអ្វី យល់ថាបុរសដែលនៅចំពោះមុខនាងម្នាក់នេះជាមនុស្សបើកចំហនិងឆ្លាតវៃ ចួនកាលក៏ចេះកំប្លុកកំប្លែងដែរ។ លោកស្រីស្តុកស្តម្ភម្នាក់នោះធ្លាប់បាននិយាយប្រាប់នាងថា គេសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិ ប៉ុន្ដែបែរជាជ្រើសរើសយកការគូរគំនូរ។ «ហេតុអីទៅ?» នាងបានសួរទៅគេ។ «ព្រោះតែខ្ញុំចូលចិត្តវា» គេឆ្លើយតបទាំងញញឹម។ ស៊ីងលូនិយាយថា៖ «មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើតាមចំណូលចិត្តដែលពួកគេប្រាថ្នាស្រេចតែចិត្តនោះទេ!» «បើអ៊ីចឹងត្រូវមើលថាតើពួកគេស្ម័គ្រចិត្តលះបង់នូវអ្វីខ្លះ?» «អ៊ីចឹងចុះតើលោកបានលះបង់ចោលអ្វីដែរ?» ស៊ឺជឹងឈុនញញឹមនៅចុងមាត់ និងនិយាយថា៖ «មិត្តភក្តិទាំងឡាយរបស់ខ្ញុំសុទ្ធតែអាចរកប្រាក់បានច្រើនជាងខ្ញុំ មិត្តស្រីក៏ច្រើនជាងដែរ» «ប្រាក់គឺមិនមែនជាអ្វីៗគ្រប់យ៉ាងទាំងអស់នោះទេ» ស៊ីងលូសន្សឹមៗនិយាយទាំងស្នាមញញឹមថា៖ «ពីមុនខ្ញុំរកប្រាក់បានច្រើនជាងឥឡូវនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំឥឡូវនេះគឺរីករាយច្រើនជាង» នាងលើកដៃឡើងកៀរសរសៃសក់រ៉ាយប៉ាយរបស់នាងទៅក្រោយគុម្ពត្រចៀក។ «តើលោកមានតាមគ្រូរៀនសូត្រដែរឬទេ?» «ពីមុនខ្ញុំធ្លាប់បានចូលរៀនមួយវគ្គពីរនឹងគេដែរ» «គ្រាន់តែប៉ុណ្ណឹងទេ?» ស៊ឺជឹងឈុនងក់ក្បាលនិងនិយាយថា៖ «អ៉ឹម! តែបុណ្ណឹងទេ!» «ប៉ុន្តែលោកគូរបានស្អាតណាស់! តើសរុបទៅលោកបានលក់ចេញអស់ប៉ុន្មានផ្ទាំងហើយ?» ស្ដាប់ឮសំនួររបស់នាងដូច្នោះ ស៊ឺជឹងឈុនបានត្រឹមតែបញ្ចេញស្នាមញញឹមយ៉ាងខ្មាសអៀន។ «មួយផ្ទាំង?» ស៊ីងលូសួរទៅគេ។ ស៊ឺជឹងឈុនគ្រវីក្បាល។ «ពីរផ្ទាំង?» ស៊ឺជឹងឈុននៅតែគ្រវីក្បាល។ ស៊ីងលូកោងម្រាមដៃមេនិងម្រាមដៃចង្អុលបង្រួមគ្នាជារង្វង់ បន្ទាប់មកបញ្ឈរម្រាមដៃបីទៀតដែលនៅសល់ឡើងទៅលើ ដេញដោរសួរថា៖ «បីផ្ទាំង?» ស៊ឺជឹងឈុនក្រឡេកទៅមើលម្រាមដៃរបស់នាង ហើយក៏លើកម្រាមដៃចង្អុលទៅសញ្ញាដែលនាងបង្ហាញនោះ ពោលតាមត្រង់ដោយអាម៉ាស់មុខថា៖ «គឺជារង្វង់នោះ» ស៊ីងលូលាន់មាត់ឡើងថា៖ «លក់មិនចេញសូម្បីតែមួយទេ? វាគួរឱ្យអស់សំណើចណាស់!» នាងផ្អាកមួយសន្ទុះ ក៏បន្តនិយាយថា៖ «ប្រហែលជាព្រោះតែ…» ស៊ឺជឹងឈុនងក់ក្បាលយល់ស្រប ហាក់បីដូចជាដឹងថានាងចង់សំដៅលើអ្វី គេក៏និយាយជំនួសនាង៖ «មែន…ព្រោះតែខ្ញុំនៅរស់នៅឡើយ!» ស៊ីងលូយកដៃខ្ទប់មាត់សើច។ ស៊ឺជឹងឈុនក៏និយាយបន្តដោយទឹកមុខជាក់ម៉ឺងម៉ាត់យ៉ាងខ្លាំង និយាយថា: «មើលទៅខ្ញុំពិតជាត្រូវទិញកាំភ្លើងដើម្បីឆាប់សម្លាប់ខ្លួនឯងមែនហើយ!» ស៊ីងលូទម្លាក់ដៃចុះ និយាយទាំងនៅសើច៖ «ប៉ុន្តែជាដំបូងលោកក៏នៅតែត្រូវការរកប្រាក់ដើម្បីអាចទិញកាំភ្លើងឱ្យបានសិនដែរ!» ស៊ឺជឹងឈុនធ្វើមុខអស់សង្ឃឹម៖ «មែនហើយ» នៅពេលដែលពួកគេចាកចេញពីអាហារដ្ឋាន ផ្ទៃមេឃនៅពេលរាត្រីកំពុងតែចាប់ផ្តើមបង្អុរភ្លៀងធ្លាក់ចុះមកស្រិចៗ ស៊ឺជឹងឈុនបក់ដៃហៅឡានតាក់ស៊ីបានមួយ។ គេនិយាយជាមួយនឹងស៊ីងលូ៖ «ចាំខ្ញុំជូននាងទៅផ្ទះ» ឡានតាក់ស៊ីបានបរមកឈប់នៅពីក្រោមអគារដែលនាងជួលស្នាក់នៅ ពួកគេទាំងពីរនាក់ចុះពីឡាន។ ស៊ីងលូនិយាយថា៖ «ខ្ញុំគឺនៅទីនេះ» «ខ្ញុំជូននាងឡើង» នាងនិយាយថា៖ «ទីនេះគ្មានជណ្ដើរយន្តទេ» ស៊ឺជឹងឈុនក៏និយាយដោយញញឹមថា៖ «ហាត់ប្រាណបន្តិចក៏ជាការល្អម៉្យាង» ពួកគេក៏ដើរឡើងតាមជណ្តើរជើងឆ្ពោះទៅកាន់ជាន់ខាងលើទាំងងងឹតសូន្យសុង។ គេសួរទៅកាន់ស៊ីងលូថា៖ «រាល់ថ្ងៃនាងតែងតែត្រលប់មកផ្ទះដោយបែបនេះមែនទេ?» ស៊ីងលូដកដង្ហើមទាំងហត់ផងឆ្លើយផង៖ «ថ្លៃជួលនៅទីនេះថោក» «តើនាងនៅជាមួយសាច់ញាតិមែនទេ?» «អត់ទេ! នៅជាមួយមិត្តភក្តិម្នាក់ នាងជាមិត្តរួមវិទ្យាល័យជាមួយនឹងខ្ញុំ» ឡើងមកដល់ជាន់ទីបួន។ «គឺជាន់នេះហើយ» ស៊ីងលូនិយាយបណ្ដើរយកកូនសោរពីក្នុងកាបូបរបស់នាងចេញបណ្ដើរ ហើយនិយាយថា៖ «អរគុណដែលជូនខ្ញុំត្រលប់មកវិញ» «ខ្ញុំកំពុងតែគិតថា…» ស៊ឺជឹងឈុនឈរថ្មឹងនៅឯម្ខាង រដាក់រដុបនិយាយថា៖ «ក្រៅពីនៅហាងកាហ្វេ តើខ្ញុំអាចមានឱកាសបានចួបនាងនៅកន្លែងណាផ្សេងទៀតទេ?» ស៊ីងលូសម្លឹងមុខគេទាំងនៅក្នុងទីងងឹត ញញឹមនិយាយថា: «ពេលខ្លះខ្ញុំអាចនឹងចាកចេញពីហាងកាហ្វេ» ស៊ឺជឹងឈុនទ្រាំមិនសើចមិនបាន។ «តើលោកមានប៊ិកទេ?» ស៊ឺជឹងឈុនរហ័សដកប៊ិកចេញពីក្នុងហោប៉ៅរបស់គេឱ្យទៅនាង។ ស៊ីងលូក៏សួរគេថា៖ «តើលោកចង់សរសេរនៅត្រង់ណា?» ស៊ឺជឹងឈុនឆែករកសព្វមួយសន្ទុះនៅតែមិនឃើញមានកូនក្រដាសណានៅលើខ្លួនគេ ទើបមានតែលាដៃចេញមកកាន់ចំពោះមុខនាង។ «នៅទីនេះ!» ស៊ីងលូចាប់ដៃម្ខាងនោះរបស់គេថ្នមៗ ហើយក៏កត់លេខទូរស័ព្ទរបស់នាងនៅលើដៃរបស់គេ។ កត់រួច នាងហាក់ដូចជានឹកឃើញរឿងអ្វីមួយ សួរថា៖ «នៅខាងក្រៅមេឃកំពុងភ្លៀង! កត់លេខនៅលើនេះអាចត្រូវទឹកភ្លៀងរលុបទេ?» ស៊ឺជឹងឈុនលាដៃម្ខាងទៀតចេញមក ដោយនិយាយថា៖ «កត់ថែមនៅដៃនេះផង» ស៊ីងលូកាន់ដៃម្ខាងទៀត កត់លេខមួយជួរថែមម្តងទៀតនៅក្នុងដៃរបស់គេ។ នាងចង់ញ៉ោះគេ ដោយនិយាយថា៖ «ចុះបើក្រែងលោភ្លៀងធំពេកធ្វើយ៉ាងម៉េចទៅ? ប្រហែលជាលេខទាំងនេះនៅតែត្រូវទឹកភ្លៀងរលុប» ស៊ឺជឹងឈុនអន្ទះអន្ទែង អង្អែលដៃលើផ្ទៃមុខរបស់ខ្លួន សួរថា៖ «តើនាងមិនមែនប្រុងចង់សរសេរនៅលើមុខខ្ញុំថែមទៀតទេហ្អេស?» ស៊ីងលូមិនអាចអត់ទ្រាំបានក៏អស់សំណើចឮៗ ព្រោះទើបតែបានឡើងជណ្តើរជើងហត់មក ផ្ទៃមុខរបស់នាងឡើងក្រហមព្រាលៗបន្ទាប់មកនាងក៏ឮស៊ឺជឹងឈុននិយាយថា៖ «ធ្វើដូច្នេះ វានឹងមិនត្រូវទឹកភ្លៀងធ្វើឱ្យរលុបនោះទេ!» នាងបានឃើញដៃទាំងពីររបស់គេស៊កនៅក្នុងហោប៉ៅខោរបស់គេ។ «ធ្វើយ៉ាងនេះធ្វើម្ដេចលោកអាចហៅតាក់ស៊ីបាន?» នាងក៏បានសួរ។ ស៊ឺជឹងឈុនក្រឡេកមើលជើងរបស់គេហើយញញឹមនិយាយថា៖ «ខ្ញុំដើរទៅវិញ!».

ភាគទី4: សន្សើមព្រឹក (ភាគ៤)

ក្រោយពេលដែលស៊ីងលូបើកទ្វារចូលទៅក្នុងផ្ទះ ស្នាមញញឹមនៅលើមុខរបស់នាងស្រាប់តែរលាយបាត់។ នាងអង្គុយចុះនៅលើកៅអីមួយនៅពីក្រោយទ្វារយ៉ាងនឿយហត់ សន្សឹមៗដោះស្បែកជើងស្បែករបស់នាងចេញ។ នៅពេលនោះ មុីងជូដើរចេញពីក្នុងបន្ទប់ទឹកមកសួរថា៖ «ឯងត្រលប់មកវិញហើយហ្អេស?» ស៊ីងលូងក់ៗក្បាលចុះ ហើយយកស្បែកជើងទៅទុកដាក់នៅចំហៀងម្ខាង។ ខណៈពេលនោះ ភ្លៀងធ្លាក់នៅខាងក្រៅកាន់តែខ្លាំងឡើងៗ ឮសូរសំឡេងទឹកភ្លៀងបក់បោកទៅលើបង្អួចដែលកំពុងបើកបើកចំហ។ «ហេតុអីភ្លៀងធំខ្លាំងម៉្លេះ?» មុីងជូនិយាយបណ្ដើរបម្រុងចង់រកដើរទៅបិទទ្វារបង្អួចបណ្ដើរ តែស្រាប់តែឮស៊ីងលូស្រែកថា៖ «ទុកឱ្យខ្ញុំ!» នៅពេលដែលនាងក្រោកឈរឡើងទៅបិទទ្វារបង្អួច ស៊ីងលូឈរនៅមុខមាត់ទ្វារបង្អួច សម្លឹងមើលទៅមាត់ផ្លូវ នាងឃើញស៊ឺជឹងឈុនដើរចាកចេញពីអគារស្នាក់នៅរបស់នាង មានឡានតាក់ស៊ីបរកាត់មុខរបស់គេ តែគេបែរមិនបក់ដៃហៅ ដៃទាំងពីរនៅតែស៊កជាប់នៅក្នុងហោប៉ៅខោ បោះជំហានជើងរត់យ៉ាងស្ទុះស្ទាជាន់លើតំណក់ទឹកភ្លៀងឆ្ពោះទៅមុខ។ នាងគិតនៅក្នុងចិត្ត«គេធ្វើដូចដែលបាននិយាយមែន ពិតជាល្ងង់ណាស់!» «តើមានមនុស្សជូនឯងត្រលប់មកវិញមែនដែរទេ?» មុីងជូសួរដោយងឿងឆ្ងល់៖ «អម្បាញ់មិញគ្នាហាក់ដូចជាឮឯងជជែកគ្នាជាមួយនរណាម្នាក់នៅខាងក្រៅ» ស៊ីងលូមិននិយាយស្ដី តែក៏មិនបដិសេធ។ «តើជានរណាហ្នឹង? តើជាអ្នកដែលតាមស្រលាញ់ឯងមែនទេ? ឆាប់និយាយមក ឱ្យគ្នាបានដឹងផង!» ស៊ីងលូឆ្លើយតបយ៉ាងព្រងើយកន្តើយ៖ «គ្រាន់តែជាមនុស្សម្នាក់ដែលមិនសំខាន់ប៉ុណ្ណោះ!» នៅយប់នោះ ស៊ីងលូគេងរើបម្រាស់ចុះឡើងនៅលើគ្រែដ៏តូចចង្អៀតរបស់នាងមិនឈប់ នឹកឃើញទៅដល់ផ្ទាំងគំនូរទន្លេThamesមួយនោះ។ នាងខ្សឹកខ្សួលនៅក្នុងចិត្តនាង៖ «គេគូរបានដូចណាស់! គឺដូចទន្លេ Thames បេះបិទតែម្ដង!» បន្ទាប់មក នាងក៏ប្រែទៅជាសោកសៅ៖ «ប្រហែលជាឯងបានភ្លេចរូបរាងរបស់ទន្លេThamesនោះបាត់ទៅហើយ…» ហើយបន្ទាប់មកទៀតនាងក៏បែរមុខរបស់នាងទៅរកផែនជញ្ជាំង កែវភ្នែករបស់នាងរំលេចពន្លឺយ៉ាងចម្លែក មាត់របស់នាងនិយាយជាមួយនឹងខ្លួនឯងថា៖ «ត្រូវតែធ្វើឱ្យគេឆាប់ស្រលាញ់ឯងឱ្យលឿនជាងនេះបន្តិចទើបបាន!» ————- នៅព្រឹកព្រលឹមថ្ងៃបន្ទាប់ នាងភ្ញាក់ឡើងចាកចេញទៅធ្វើការ ដើរកាត់ហាងលក់ផ្ការបស់អ៊ំស្រី នាងក៏ឈាងចូលទៅរើសផ្កាកុលាបពណ៌ក្រហមឆ្អៅមួយបាច់ នាងឮសូរអ៊ំស្រីកំពុងឈរនៅពីក្រោយខ្នងនាងនិយាយថា៖ «ក្មួយស្រីមុខមាត់ស្រស់ស្អាតយ៉ាងនេះ ប៉ុន្តែលើកណាក៏ទិញផ្កាកុលាបដោយខ្លួនឯងចឹងន៎!» នៅពេលដែលនាងដើរជិតទៅដល់ហាងកាហ្វេ នៅពីចម្ងាយនាងបានឃើញស៊ឺជឹងឈុនឈរនៅខាងក្រៅហាង។ ដៃទាំងពីររបស់គេនៅតែស៊កក្នុងហោប៉ៅខោ ឱនមុខចុះលើកជើងធាក់ដុំថ្មតូចៗនៅលើដី។ ស៊ីងលូដើរសំដៅទៅរកគេ ហើយនិយាយថា៖ «លោកមកទាំងព្រលឹមមែន!» ស៊ឺជឹងឈុនងើយក្បាលរបស់គេ នៅលើផ្ទៃមុខគេបញ្ចេញស្នាមញញឹមប្រៀបដូចជាពន្លឺព្រះអាទិត្យរះ និយាយថា៖ «ព្រោះតែចង់ផឹកកាហ្វេមួយពែងនៅពេលព្រឹក!» ស៊ីងលូធ្វើមុខសម្លក់ៗគេ៖ «អូ៎…ព្រោះតែចង់ផឹកកាហ្វេទេហ្អេស!» «អឺនែ៎…មិនមែនអ៊ីចឹងទេ!» ស៊ឺជឹនឈុនប្រញាប់បកស្រាយ។ «តើលោកអាចកាន់ឱ្យខ្ញុំមួយភ្លែតបានទេ? ប្រយ័ត្នណា៎ មានបន្លា កុំឱ្យប៉ះត្រូវដៃ!» ស៊ីងលូហុចបាច់ផ្កាទៅឱ្យគេ រួចយកកូនសោរមកចាក់បើកទ្វារហាងកាហ្វេ។ស៊ឺជឹងឈុនឈរកាន់បាច់ផ្កានៅម្ខាង និយាយលេងសើចថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាព្រះអង្គម្ចាស់តូចនៅក្នុងរឿងព្រេងនិទានណាស់ឥឡូវនេះ!» «ព្រះអង្គម្ចាស់តូចនៅក្នុង The Little Prince ទ្រង់កាន់តែផ្កាកុលាបមួយទងទេ! ហើយគឺរស់នៅក្នុងពិភពមនុស្សតូចៗ!» ស៊ីងលូនិយាយបណ្ដើរទាញទ្វារបើកបណ្ដើរ។ «ព្រះអង្គម្ចាស់តូចស្រលាញ់ផ្កាកុលាបរបស់ទ្រង់មួយទងនោះខ្លាំងណាស់» ស៊ឺជឹងឈុនទាញទ្វារកញ្ចក់បើកជំនួសនាង។ «គួរឱ្យស្ដាយដែរ​ ផ្កាកុលាបនោះមិនស្រលាញ់ទ្រង់» ស៊ីងលូដើរចូលមកក្នុងហាងហើយនិយាយថា៖ «ម៉្យាងទៀតប្រសិនបើទ្រង់ពិតជាស្រលាញ់ផ្កាកុលាបនោះមែន ទ្រង់នឹងមិនបោះបង់វាចោលនៅលើពិភពតូចរបស់ទ្រង់ ហើយធ្វើដំណើរចាកចេញទៅត្រាច់ចរតែម្នាក់ឯងនោះទេ» «ប៉ុន្តែមុនពេលចាកចេញទៅ ព្រះអង្គម្ចាស់តូចបានធ្វើស្រោបកែវចរណៃមួយគ្របពីលើដើម្បីការពារវា!» ស៊ីងលូរៀបអីវ៉ែអីវ៉ាន់នៅលើរបារ យកថូចាក់ទឹកឡើងពេញ ហើយក៏យកផ្កាកុលាបពីក្នុងដៃស៊ឺជឹងឈុនដោតចូលទៅក្នុង បន្ទាប់មកក៏ចាប់ផ្ដើមរៀបចំឆុងកាហ្វេ។ នាងញញឹមសួរស៊ឺជឹងឈុនថា៖ «តើលោកញ៊ាំអាហារពេលព្រឹកហើយឬនៅ?» ស៊ឺជឹងឈុនឆ្លើយថា៖ «នៅទេ» «ខ្ញុំកំពុងរៀបចំដុតនំក្រៀម តើលោកចង់ញ៊ាំទេ?» «នាងចេះដុតនំក្រៀមទៀត?» ស៊ីងលូសម្លក់គេ ហើយនិយាយថា៖ «ខ្ញុំមិនមែនគ្រាន់តែចេះធ្វើនំពងទាសូកូឡាខ្មៅក្ងេះនោះតែមួយមុខទេ!» «នំនោះគឺពិតជាឆ្ងាញ់ខ្លាំងណាស់!» «ខ្ញុំនៅអាចធ្វើនំបុ័ង ថ្ងៃនេះខ្ញុំនៅប្រុងចង់ធ្វើនំប៉័ងគ្រាប់អាល់ម៉ុន» ស៊ឺជឹងឈុនសុំកោតសរសើរ៖ «សូម្បីតែនំបុ័ងក៏នាងចេះធ្វើដែរ?» ស៊ីងលូញញឹម ហុចពែងកាហ្វេទើបតែឆុងរួចឱ្យទៅគេ និយាយថា៖ «ខ្ញុំអាចដុតនំបុ័ងបានពេញមួយតុអាហារ» «ហ៊ឹម…អរគុណ» ដៃទាំងពីរទទួលយកពែងកាហ្វេ ស៊ឺជឹងឈុននិយាយរដាក់រដុបថា៖ «យប់នេះតើពួកយើងអាចញ៊ាំអាហារពេលយប់ជាមួយនឹងគ្នាបានទេ?» វាគឺជាថ្ងៃមួយដ៏ស្រស់ស្រាយ ពួកគេបានចេញទៅមើលកុនជាមួយនឹងគ្នា បន្ទាប់មកទៅភោជនីយដ្ឋានតូចមួយញ៊ាំអាហារពេលយប់។ ស៊ឺជឹងឈុនសប្បាយចិត្តជាខ្លាំង ញញឹមបិទមាត់មិនជិត សើចជជែកលេងជាមួយនឹងនាងពីនេះពីនោះមិនឈប់ឈរ បរិយាកាសនៅក្នុងយប់នោះអាចធ្វើឱ្យអ្នកដទៃឃើញហើយច្រណែន។ ពួកគេបាននិយាយរឿងជាច្រើន អំពីខ្សែភាពយន្តដែលទើបតែមើលចប់ អំពីសៀវភៅដែលពួកគេចូលចិត្ត និងមិត្តភក្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ។ គេបានបង្រៀននាងធ្វើយ៉ាងណាឱ្យរីករាយនឹងជីវិតរបស់ខ្លួន ដែលជាយូរមកហើយនាងមិនធ្លាប់មាន។ នៅពេលគេនិយាយអំពីចំណាប់អារម្មណ៍របស់គេនៅក្នុងការគូរគំនូរ វាគឺជារឿងដែលនាងចូលចិត្ត នាងយកចិត្តទុកដាក់ស្ដាប់គេនិយាយ ស្ងើចសរសើរពីសមត្ថភាពរបស់គេ។ គេបាននិយាយប្រាប់នាងថា នៅប្រទេសអង់គ្លេសមានឈ្មោះផ្កាកុលាបមួយហៅថា Yesterday។ នាងសើចហើយនិយាយថា នាងធ្លាប់តែឮឈ្មោះ Yesterday នៅក្នុង The Beatles និង The Carpenter។ នៅតាមផ្លូវជូនដំណើរនាងត្រលប់ទៅវិញ ស៊ឺជឹងឈុននិយាយថា៖ «ព្រះអង្គម្ចាស់ក្នុង The Happy Prince គ្មានផ្កាកុលាបនោះទេ។ ប៉ុន្តែទ្រង់មានកូនចាបមួយក្បាល…កំដរក្បែររូបចម្លាក់ទ្រង់នៅលើដងទន្លេ កូនចាបតូចពាំយកបន្ទះមាសនៅលើព្រះកាយរបស់ទ្រង់ម្ដងមួយៗទៅជួយដល់ជនក្រីក្រ ទីបំផុតកូនចាបបង្ខំចិត្តពាំយកត្បូងខៀវចុងក្រោយដែលជាកែវភ្នែករបស់ទ្រង់ទៅ រួចកូនចាបក៏បានឃើញទ្រង់សម្រក់ទឹកភ្នែក…ខ្ញុំចូលចិត្តរឿងមួយនេះណាស់» នៅខណៈពេលនោះដៃរបស់ស៊ឺជឹងឈុនក៏ឈោងទៅចាប់កាន់ដៃរបស់ស៊ីងលូ។ ស៊ីងលូនិយាយដោយខ្មាសអៀន៖ «នៅចុងបញ្ចប់ កូនចាបក៏រងាងាប់នៅក្រោមជើងរូបចម្លាក់របស់ព្រះអង្គម្ចាស់! នៅក្នុងលោកនេះដើមឡើយមិនមានព្រះអង្គម្ចាស់ពិតនោះទេ!» ពួកគេទាំងពីរនាក់បានស្រលាញ់គ្នា…តើវាបានចាប់ផ្តើមតាំងពីពេលណា? វាមើលទៅហាក់ដូចជាលឿនជាងអ្វីដែលនាងរំពឹងទុក ហាក់បីដូចជារលកសមុទ្រកំពុងតែវាយបក់មកលើជីវិតរបស់នាង ហើយនាងគ្មានវិធីណាអាចគេចផុត។ រយៈពេលក្រោយៗមកទៀត នៅក្នុងយប់មួយ ពួកគេបានចេញទៅមើលកុន ស៊ឺជឹងឈុនទៅតម្រង់ជួរទិញសំបុត្រកុន ស៊ីងលូរង់ចាំគេនៅក្នុងផ្សារទំនិញ។ នៅក្នុងទីនោះ មានហាងលក់គ្រឿងអលង្ការមួយកន្លែង នាងដើរទៅជិតឈ្ងោកមើល ថ្ងាសរបស់នាងសឹងតែប៉ះត្រូវកញ្ចក់ទូ សម្លឹងមើលភ្លើងពន្លឺអំពូលចង្កៀងតូចពីរបំភ្លឺទៅលើចិញ្ចៀនផ្កាកុលាបមាសមួយវង់ដែលដាក់តាំងនៅក្នុងទូនោះ នៅខាងលើចិញ្ចៀនមានដាំត្បូងពេជ្រតូចៗប្រមាណហាសិបគ្រាប់។ កាលពីមុននាងធ្វើការនៅក្នុងហាងលក់គ្រឿងអលង្ការ នាងធ្លាប់បានឃើញគ្រឿងអលង្ការមានតម្លៃជាច្រើនឆ្នៃម៉ូតរឹតតែស្អាតជាងចិញ្ចៀននេះទៅទៀត ប៉ុន្តែមិនដឹងថាមកពីហេតុអ្វី ចិញ្ចៀនមួយវង់នេះបានទាក់ទាញខ្សែភ្នែកនាងយ៉ាងជាពិសេសចម្លែក។ នៅក្នុងចិត្តរបស់នាងនឹកគិតថា«តើអ្នកណាជាអ្នកអាចពាក់វា? ពិតជាស្អាតខ្លាំងណាស់!» រំពេចនោះ នៅក្នុងកញ្ចក់នាងបានឃើញមុខមាត់មនុស្សម្នាក់ដែលជាមនុស្សតែមួយ គឺជាបុរសពាក់មួកកន្តិបដែលលួចមើលនាងនិងស៊ឺជឹងឈុននៅឯច្រកផ្លូវតូចនៅក្នុងយប់មួយនោះ គេឈរនៅពីក្រោយខ្នងនាង កំពុងសម្លឹងមើលអ្វីដែលនាងកំពុងសម្លឹងមើល។ នាងរហ័សងាកក្រឡេកទៅក្រោយ តែមិនបានឃើញអ្វីសោះ។ បេះដូងរបស់នាងសឹងតែលោតចេញមកក្រៅ នាងនិយាយនៅក្នុងចិត្ត«ខ្ញុំបានឃើញបុរសម្នាក់នោះច្បាស់ណាស់! គឺបុរសម្នាក់នោះទៀតហើយ! តើគេកំពុងតែតាមដានខ្ញុំហ្អេស?» នាងរត់ដេញតាមរកបុរសម្នាក់នោះចេញពីក្នុងហាងលក់ទំនិញ នាងចង់ដឹងថាតើបុរសម្នាក់នោះបានទៅដល់ទីណាទៅហើយ? នៅខណៈពេលនោះ ស្រាប់តែមានដៃម្ខាងដាក់នៅលើស្មារបស់នាង រាងកាយទាំងមូលរបស់នាងភ័យឡើងញ័រ រហ័សបែរទៅក្រោយមើលខ្វាច់។ «អាចចូលទៅមើលបានហើយ!» គេញញឹមនិយាយមកកាន់នាង នៅក្នុងដៃរបស់ស៊ឺជឹងឈុនកាន់សំបុត្រកុនពីរសន្លឹកដែលទើបតែទិញបាន។ តែមើលឃើញទឹកមុខស្លេកស្លាំងរបស់នាង គេសួរទាំងបារម្ភ៖ «តើអូនយ៉ាងម៉េចហ្នឹង?» ស៊ីងលូនិយាយទាំងលាក់លៀម៖ «មកពីបងធ្វើឱ្យអូនភ័យ!» ———— នៅឆ្នាំដែលស៊ីងលូអាយុប្រាំបួនឆ្នាំ លោកប៉ារបស់នាងបាននាំនាងទៅកាន់ប្រទេសអង់គ្លេសដើម្បីចួបនឹងមនុស្សម្នាក់ដែលនាងមិនធ្លាប់ចួបពីមុនមក លោកតាចំណាស់ម្នាក់ដែលជិតស្លាប់។ នោះគឺជាលើកទីមួយដែលសុីងលូធ្វើដំណើរតាមយន្តហោះ។ បុគ្គលិកបម្រើការលើយន្តហោះទាំងអស់សុទ្ធតែក្រឡេកមើលទៅមុខនាង។ ពួកគេខ្សឹបខ្សាវគ្នាថា មិនធ្លាប់ឃើញក្មេងស្រីណាដែលមានមុខមាត់គួរឱ្យស្រលាញ់យ៉ាងនេះទេ កែវភ្នែកភ្លឺថ្លាដូចតារារស្មីនៅលើមេឃ មិនដឹងថានៅពេលធំដឹងក្ដីឡើង នឹងរឹតតែស្រស់ស្អាតជាងហ្នឹងយ៉ាងណាទៅ។ នាងអស់កម្លាំង ផ្ដេកខ្លួនគេងនៅក្នុងរង្វង់ដៃលោកប៉ារបស់នាង គាត់អង្អែលក្បាលនិងសក់របស់នាងដោយសេចក្ដីស្រលាញ់ពេញបេះដូង និយាយថា៖ «កូននឹងស្រលាញ់ទីក្រុងឡុងដ៍ ប៉ុន្តែកូននឹងមុខជាមិនចូលចិត្តអាកាសធាតុនៅទីនោះឡើយ» ស៊ីងលូតែងប៉ងប្រាថ្នាចង់មកកាន់ប្រទេសអង់គ្លេសនេះជាយូរណាស់មកហើយ។ តាំងពីធំដឹងក្ដីមក ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យណូអែល នាងតែងតែទទួលបានអំណោយដែលផ្ញើមកពីប្រទេសអង់គ្លេស។ អំណោយទាំងនោះបូករួមមានតុក្កតាកូនក្រមុំ Barbie សក់ពណ៌មាសស្លៀករ៉ូបពណ៌ក្រហមឆ្អៅ កូនឆ្កែធ្វើពីសូត្រសុទ្ធមានទំពក់ក្រឡៅកមាស កូនខ្លាឃ្មុំតុក្កតា Teddy រោមក្រញ៉ាស់ក្រញ៉ាញ់ សៀវភៅរឿងព្រេងនិទានកុមារលោកខាងលិច… មានម្ដងនោះ នាងទទួលបានស្ករគ្រាប់ដែលមានតែសមាជិកក្នុងខ្សែរាជវង្សអង់គ្លេសប៉ុណ្ណោះទើបអាចញ៊ាំបាន ជាមួយនិងសូកូឡាឆ្នៃម៉ូតយ៉ាងស្អាតមួយប្រអប់។ នៅថ្ងៃបុណ្យណូអែលរាល់ឆ្នាំ គឺជាថ្ងៃដែលសុីងលូទន្ទឹងរង់ចាំបំផុត។ អំណោយទាំងនោះសុទ្ធតែជាកាដូដែលលោកតាចំណាស់ម្នាក់នោះផ្ញើជូនមកឱ្យនាង។ សុីងលូគ្រាន់តែធ្លាប់ឃើញរូបថតរបស់គាត់នៅក្នុងអាល់ប៊ុមរូបថត នៅក្នុងរូបថត គឺជាលោកតាដែលមានរូបរាងចំណាស់និងស្គមខ្ពស់ម្នាក់ ក្រសែភ្នែកបញ្ចេញពន្លឺយ៉ាងស្វាហាប់។ លោកតាចំណាស់គឺជាជីតាបង្កើតរបស់នាងដែលមិនធ្លាប់បានចួបពីមុនមក។ គ្រួសារត្រកូលសុីងរបស់នាងគឺជាគ្រួសារមានខ្សែស្រឡាយរាជវង្សឆេង ផ្លាស់ទីពីទីក្រុងសៀងហៃមករស់នៅទីក្រុងហុងកុងតាំងតែពីដូនតាប៉ុន្មានជំនាន់មុន បន្ទាប់មកកូនចៅជំនាន់ក្រោយៗ ព្រោះតែគ្មាននិស្ស័យលើការធ្វើជំនួញ បូករួមនឹងការចាយវាយខ្ជះខ្ជាយទៀត រហូតមកដល់ជំនាន់របស់សុីងលូ គ្រួសារត្រកូលសុីងគឺគ្រាន់តែនៅសល់កេរ្តិ៍ឈ្មោះតែសម្បកក្រៅ។ លោកតាទួតរបស់សុីងលូមានភរិយាបីនាក់ ភរិយាទាំងបីបង្កើតជូនលោកកូនប្រុសស្រីសរុបដប់បួននាក់។ លោកតាបង្កើតរបស់នាងដែលបានសិក្សាចប់ពីប្រទេសអង់គ្លេសគឺជាកូនប្រុសទីដប់បីរបស់លោកតាទួតតែលោកតាបង្កើតរបស់នាងមិនមែនជាកូនសំណព្វរបស់លោកទេ។ លោកតាមានចរិតមានះនិងឆេវឆាវ ឆ្នាំនោះលោកតាបានឈ្លោះប្រកែកជាមួយឪពុករបស់ខ្លួនមួយប្រាវ រួចក៏កាន់យកទ្រព្យសម្បត្តិដែលជាចំណែករបស់ខ្លួន នាំប្រពន្ធនិងកូនប្រុសតែម្នាក់គត់របស់លោកចាកចេញទៅរស់នៅប្រទេសអង់គ្លេស។ លោកតាពូកែខាងទំនាក់ទំនង ដោយមានប្រវត្តិគ្រួសារចេញពីខ្សែស្រឡាយរាជវង្ស ទើបលោកអាចសម្របខ្លួនចូលទៅក្នុងសង្គមអភិជនរបស់ជនជាតិអង់គ្លេសនៅទីក្រុងឡុងដ៍បានយ៉ាងឆាប់រហ័ស។ លោកធ្វើជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យមួយ ចួនកាលក៏បើកមុខជំនួញតូចៗ ក៏ប៉ុន្តែមិនមានមុខរបរណាបានយូរអង្វែងឡើយ។ រហូតក្រោយមក ទ្រព្យសម្បត្តិក៏បានរលាយអស់ និងត្រឹមរស់នៅពឹងផ្អែកលើប្រាក់សន្សំពីបណ្ដាការរបស់ភរិយាឱ្យតែកន្លងផុតមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែទម្លាប់រស់នៅក្នុងជីវភាពរបស់លោកតានៅតែមិនអាចកែប្រែបាន លោកចូលចិត្តភ្លក់ស្រាថ្លៃ ញ៊ាំអាហារឆ្ញាញ់ និងប្រើប្រាស់សម្ភារៈពេញនិយមថ្លៃៗទាំងដែលមិនចាំបាច់។ លោកប៉ារបស់សុីងលូគឺធំដឹងក្ដីឡើងនៅក្នុងស្ថានភាពបែបនេះ។ គាត់ជាកំលោះមាំមួននិងមានរូបរាងសង្ហាម្នាក់ ក៏ព្រោះតែមានអ្នកម្ដាយស្រលាញ់ថ្នាក់ថ្នមរហូតមកទើបមិនធ្លាប់កើតទុក្ខសៅហ្មងលើរឿងអ្វីទាំងអស់ ហើយក៏មិនចាប់អារម្មណ៍ថាក្នុងផ្ទះគឺមិននៅសេសសល់អ្វី។ គាត់មានចិត្តទូលាយ ជាមនុស្សរីករាយមានស្នាមញញឹមដិតជាប់មាត់ជានិច្ច រៀនសូត្រតាមតែចំណង់ចំណូលចិត្ត។ គាត់មិនសូវត្រូវរ៉ូវគ្នាជាមួយលោកឪពុករបស់គាត់ទេ ប៉ុន្តែគាត់សម្លឹងមើលពិភពលោកនេះនៅក្នុងផ្លូវវិជ្ជមាន។ គាត់ចូលចិត្តដើរកំសាន្ត ចូលចិត្តសិល្បៈ និងតែងតែធ្វើដំណើរគ្រប់ទីកន្លែងដើម្បីស្វែងរកទេសភាពធម្មជាតិដើម្បីគូរគំនូរ ហើយក៏បានបន្សល់ទុកមន្តស្នេហ៍នៅតាមទីកន្លែងទាំងនោះរាប់មិនអស់។ សូម្បីតែនៅតំបន់ Madagasca ក៏មានមនុស្សព្រោះតែគាត់ទើបសម្រក់ទឹកភ្នែក។ នៅឆ្នាំគាត់អាយុម្ភ៉ៃប្រាំមួយឆ្នាំ គាត់បានវិលត្រលប់ទៅប្រទេសអង់គ្លេសស្នងកេរ្តិ៍មរតកពីម្ដាយរបស់គាត់ដែលបានបន្សល់ទុកក្រោយចែកឋានទៅ ហើយគាត់ក៏លែងនៅមានមូលហេតុបន្ដរស់នៅទីនោះ។ នៅឆ្នាំគាត់អាយុសាមសិបឆ្នាំ គាត់ប្រៀបដូចជាសត្វព្រាបហោះហើរវិលត្រលប់មករកទ្រនំទឹកដីហុងកុងវិញ និងស្នាក់នៅក្នុងផ្ទះរបស់ជីដូនបង្កើត គាត់ក៏បានចួបនឹងកូនស្រីក្នុងវ័យពេញក្រមុំម្នាក់របស់មេចុងភៅនៅក្នុងផ្ទះ។ ស្រីក្រមុំម្នាក់នោះបានផុងជើងធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់គាត់ឡើងវង្វេងវង្វាន់ ព្រោះតែចង់ឃាត់ឃាំងគាត់ឱ្យនៅក្បែរខ្លួន នាងសុខចិត្តពពោះកូនរបស់គាត់។ ពួកគេទាំងពីរក៏បានជួលបន្ទប់តូចមួយនៅក្បែរទីប្រជុំជន និងប្រញាប់ប្រញាល់រៀបមង្គលការជាមួយនឹងគ្នា។ ប្រាំពីរខែក្រោយមក នៅក្នុងព្រឹកព្រលឹមស្រាងថ្ងៃមួយនារដូវស្លឹកឈើជ្រុះ ស៊ីងលូក៏បានចាប់កំណើត។ ប្រពន្ធម្នាក់លង់ស្រលាញ់ប្តីរបស់ខ្លួន ព្រោះតែប្ដីរបស់គាត់ជាមនុស្សស្លូតបូត ប្រវត្តិគ្រួសារល្អ និងមានរូបរាងសង្ហាស្អាតបាត។ ពួកគេទាំងពីរធ្លាប់មានមួយរយៈពេលចំណងអាពាហ៍ពិពាហ៍ដំបូងយ៉ាងសែនផ្អែមល្ហែមនិងពោរពេញទៅដោយសុភមង្គល។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលទ្រព្យសម្បត្តិដែលម្ដាយរបស់ប្តីគាត់បន្សល់ទុកឱ្យបានចាយវាយអស់នោះ ទើបស្ត្រីជាប្រពន្ធប្រទះឃើញថាប្ដីរបស់គាត់មិនចេះធ្វើអ្វីទាំងអស់ ហើយថែមទាំងមានបំណងចង់ក្លាយជាវិចិត្រករម្នាក់។ តើគាត់គិតថាគ្រាន់តែគូរគំនូរអាចរកប្រាក់ចិញ្ចឹមមួយគ្រួសារបីនាក់រស់បានហ្អេស? ជាលទ្ធផល ផ្ទាំងគំនូរដែលប្ដីរបស់គាត់គូរពីមួយខែទៅមួយខែសុទ្ធតែលក់មិនចេញ បុរសជាប្ដីខឹងសម្បានិងបន្ទោសមនុស្សទាំងនោះមិនចេះគយគន់របស់មានតម្លៃ ប៉ុន្តែស្ត្រីជាប្រពន្ធបែរជាគិតថាប្តីរបស់គាត់នៅតែមិនទាន់ភ្ញាក់រឭក។ ជីវភាពក្នុងគ្រួសារកាន់តែយ៉ាប់យ៉ឺនទៅ ស្ត្រីជាប្រពន្ធរកនឹករាប់ពាន់មធ្យោបាយ រត់ការគ្រប់ទីកន្លែង ទីបំផុតទើបអាចរកបានការងារគូរគំនូរមួយឱ្យប្ដីរបស់គាត់ នោះគឺជំនួយការគូរគំនូរនៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មធំរបស់រោងភាពយន្តមួយកន្លែង។ បុរសជាប្ដីគិតថាវាជាក្ដីអាម៉ាស់មួយនិងបន្ទាបបន្ថោកលើស្នាដៃរបស់ខ្លួន ក៏ប៉ុន្តែស្ត្រីជាប្រពន្ធបានយំអង្វរករប្ដីរបស់គាត់ ប្រាប់ថាក្នុងផ្ទះពេលនេះនៅជំពាក់ថ្លៃជួលផ្ទះរបស់ម្ចាស់ផ្ទះបីខែ។ ព្រោះតែដើម្បីគេចវេសពីទឹកភ្នែករហេមរហាមរបស់ប្រពន្ធ បុរសជាប្ដីក៏បង្ខំចិត្តយល់ព្រមទទួលយកការងារនោះ។ តាមពិតបុរសជាប្តីកំពុងតែត្រូវឆាកជីវិតស្រមើលស្រម៉ៃមួយនេះបំផ្លាញគាត់ ជីវិតស៊ីវីល័យហ៊ឺហាគ្រប់ទិសទីរបស់គាត់កាលពីមុន បានក្លាយទៅជារឿងអតីតកាល ប្រៀបដូចជាស្រាល្អប្រែក្លាយទៅជាទឹកខ្មេះ នៅសល់តែជីវិតគ្រួសារមួយដែលស្ថិតនៅក្នុងសភាពយ៉ាប់យ៉ឺននិងគួរឱ្យធុញទ្រាន់។ ជារៀងរាល់ព្រឹកចាកចេញពីផ្ទះទៅធ្វើការគឺគ្រាន់តែដើម្បីចៀសគេចពីការស្ដីបន្ទោសរបស់ប្រពន្ធ បុរសជាប្ដីបានប្រើចុងជក់របស់គាត់គូររូបគំនូរសម្រាប់ The Towering Inferno King Kong និងលីស៊ីវឡុងនៅក្នុង The Big Bossទាំងដែលអារម្មណ៍របស់គាត់នៅនឹកស្រណោះជីវិតអភិជនពីមុននៅឡើយ។ ដើម្បីលួងលោមឆាកជីវិតដ៏បរាជ័យមួយនេះ ជារៀងរាល់ពេលដែលបើកប្រាក់ខែម្ដងៗ បុរសជាប្តីនឹងយកប្រាក់ទាំងនោះដើរចាយវាយហុឺហាដូចជាកូនអ្នកមានពីមុន ពេលខ្លះក៏ត្រលប់មកផ្ទះវិញទាំងខ្លួនប្រាណធុំក្លិនស្រាឆួល ស្ត្រីជាប្រពន្ធបានត្រឹមលេបទឹកភ្នែកអត់ទ្រាំនឹងទង្វើគ្មានកំណើតរបស់ប្តី។ ព្រោះដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ស្ត្រីជាប្រពន្ធបានទៅធ្វើការជាចុងភៅឱ្យគ្រួសារមួយដែលមានសមាជិកច្រើន រស់ទាំងត្រដរលំបាកអស់ជាច្រើនឆ្នាំ ទើបគាត់ភ្ញាក់ខ្លួនឃើញថាគាត់បានដើរលើផ្លូវចាស់របស់ម្ដាយគាត់។ ព្រោះតែហេតុនេះហើយ ពេលមានឱកាសល្អ ស្ត្រីជាប្រពន្ធនឹងមិនភ្លេចក្រើនរម្លឹកកូនស្រីរបស់ខ្លួនឱ្យចងចាំទុកថា៖ «កុំស្រលាញ់មនុស្សដែលឆ្លាតវ័យពេក!» «កុំចាញ់បោកសម្ដីផ្អែមល្ហែមរបស់មនុស្សប្រុស!» «មានតែរៀបការជាមួយមនុស្សដែលមានប្រាក់ទេទើបមានសុភមង្គល! មានតែប្រាក់ ទើបអាចទិញសុភមង្គលបាន!» ស្ត្រីជាប្រពន្ធបានយកក្ដីសង្ឃឹមទាំងឡាយទម្លាក់មកលើកូនស្រីរបស់គាត់ រំពឹងក្ដីសង្ឃឹមថានៅថ្ងៃអនាគត នាងនឹងអាចរៀបការជាមួយនឹងមនុស្សដែលមានប្រាក់ម្នាក់។ កូនស្រីគឺជាមោទនភាពរបស់គាត់ មើលឃើញកូនស្រីរបស់គាត់ស្អាតដូចជាទេពអប្សរ ឆ្លាតនិងស្ដាប់បង្គាប់របស់គាត់ រៀនសូត្រក៏ពូកែ។ ជារៀងរាល់ព្រឹក គាត់តែងតែសិតសក់និងក្រងសក់ឱ្យកូនស្រីជាទីស្រលាញ់របស់គាត់ ឱ្យនាងផឹកទឹកដោះគោស្រស់ ឱ្យនាងញ៊ាំខ្លាញ់ត្រី ឱ្យនាងស្លៀកពាក់ស្អាតដូចជាព្រះនាង មិនឱ្យនាងចាញ់ប្រៀបកូនស្រីអ្នកមានណាម្នាក់ឡើយ។ ស្ត្រីជាប្រពន្ធអប់រំកូនស្រីយ៉ាងតឹងតែង ភ័យព្រួយបារម្ភខ្លាចនាងដើរជាន់ដានជើងចាស់របស់គាត់។ ក្រោយពេលស៊ីងលូរៀនចប់ថ្នាក់បឋមសិក្សា នាងត្រូវតម្រូវទៅសិក្សានៅថ្នាក់វិទ្យាល័យដែលមានសិស្សប្រុសនិងស្រីលាយឡំគ្នា។ ម្ដាយរបស់នាងគ្រាន់តែឮថាសាលារៀនមានសិស្សប្រុសរៀនជាមួយ គាត់ភ័យបុកពោះសឹងសន្លប់។ ម្ដាយរបស់នាងបានទៅអង្វរករសុំពឹងពាក់ថៅកែរបស់គាត់ សំអាងទៅលើមុខមាត់ថៅកែរបស់គាត់ ទីបំផុតគាត់ក៏អាចបញ្ជូនកូនស្រីឱ្យចូលទៅរៀននៅវិទ្យាល័យសិស្សស្រីរបស់អ្នកអភិជន។ បុរសជាប្ដីបែរជាមើលងាយលើការខិតខំប្រឹងប្រែងនិងគំនិតរាក់កំផែលរបស់ប្រពន្ធខ្លួនយ៉ាងខ្លាំង។ រីឯគាត់បានបង្រៀនកូនស្រីលើរឿងផ្សេងទៅវិញ គាត់បានបង្រៀននាងឱ្យចេះគូរគំនូរ កាន់ដៃដ៏តូចរបស់កូនស្រីទៅមើលការតាំងពិពណ៌ និងនាំរូបនាងទៅមើលកំពង់ផែប្រេងពីចម្ងាយ។ បុរសជាប្ដីធ្លាប់បានដើរកំសាន្តនៅទីកន្លែងជាច្រើនក្នុងពិភពលោកនេះ គាត់បានរៀបរាប់ឱ្យនាងស្ដាប់ពីទីក្រុងឡុងដ៍ Paris Venice Monte Carlo និងរឿងរ៉ាវនៅ Budapest ស្នេហាចាស់របស់គាត់ បុគ្គលល្បីៗដែលគាត់ធ្លាប់ចួប ពិធីជប់លៀងធំៗដែលគាត់ធ្លាប់បានចូលរួម…កូនស្រីតូចមានការស្ញប់ស្ញែងចំពោះលោកប៉ារបស់នាងជាខ្លាំង រីឯលោកប៉ានាងអាណិតអាសូរដល់កុមារភាពរបស់នាងដែលត្រូវធ្វើតាមការដាក់កំហិតរបស់ម្ដាយនាងគ្រប់សព្វបែបយ៉ាង ដូច្នោះហើយទើបឪពុកនិងកូនទាំងពីរក៏បានក្លាយជាមិត្តយល់ចិត្តនឹងគ្នា។ ជាឪពុកដែលស្រលាញ់កូនខ្លាំងម្នាក់ គាត់បានយករូបថតរបស់កូនស្រីដាក់ជាប់នៅតាមខ្លួន ទៅកាន់ប្រទេសអង់គ្លេសសួរទុក្ខឪពុកជរារបស់ខ្លួន ក្មេងស្រីនេះក៏បានក្លាយជាវត្ថុបើករនាំងគំលាគរវាងអ្នកទាំងពីរ។ ឪពុករបស់គាត់មានសេចក្ដីរំភើបជាខ្លាំងនៅពេលដែលបានឃើញរូបថតរបស់ចៅស្រី គាប់ចួនកាលនោះគឺនៅដើមខែដប់ពីរ។ នៅក្នុងថ្ងៃបុណ្យណូអែល ស៊ីងលូក៏ទទួលបានអំណោយជាលើកដំបូងមកពីប្រទេសអង់គ្លេសភ្ជាប់ជាមួយនិងសំបុត្រមួយច្បាប់សរសេរយ៉ាងខ្លី ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅថា៖ «លោកតាពិតជានឹកចៅណាស់!» អំណោយបានផ្ញើមកឱ្យនាងបានរយៈពេលប្រាំមួយឆ្នាំដំបូង រហូតនៅឆ្នាំទីប្រាំពីរខែប្រាំ គ្រួសាររបស់នាងបានទទួលតួលេខហៅពីប្រទេសអង់គ្លេសបន្ទាន់មួយ។ ជំងឺលោកតាកំពុងស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ក្នុងតួលេខបញ្ជាក់ថា«ចង់ចួបចៅស្រី» ចំណុចមួយបំផុសក្នុងពេលតែមួយ គិតឃើញខុសគ្នារវាងមនុស្សពីរនាក់។ លោកប៉ារបស់ស៊ីងលូមានការនឹកសោកស្ដាយនិងវិប្បដិសារីដែលនៅមិនទាន់បានតបស្នងសងគុណឪពុករបស់ខ្លួន រីឯអ្វីដែលអ្នកម៉ាក់របស់ស៊ីងលូរំពឹងឃើញនោះគឺកេរមរតកដែលឪពុកក្មេកបន្សល់ទុក។ «តាចាស់អត្មានិយមនោះមានកូនប្រុសតែម្នាក់ ម៉្យាងរស់នៅតែឯងរហូតមកនៅប្រទេសអង់គ្លេស ប្រាកដជានៅសល់…» ម្ដាយរបស់ស៊ីងលូនឹកគិតនៅក្នុងចិត្ត។ ដូច្នោះ គាត់ខាំមាត់សង្កត់ចិត្តយកប្រាក់ដែលគាត់ខិតខំសន្សំទុកនិងយកគ្រឿងអលង្ការទាំងអស់ទៅបញ្ចាំ ទើបមានប្រាក់គ្រប់គ្រាន់ទិញសំបុត្រយន្តហោះបញ្ចុះតម្លៃថោកពីរសន្លឹកទៅកាន់ទីក្រុងឡុងដ៍ ជូនដំណើរឪពុកនិងកូនស្រីទាំងពីរឡើងលើយន្តហោះទាំងពោរពេញដោយក្តីសង្ឃឹម។ ប៉ុន្តែស៊ីងលូនៅតែមិនអាចឃើញមុខជីតារបស់នាងជាលើកចុងក្រោយបានទាន់ពេលវេលា។ នៅពេលដែលពួកគេធ្វើដំណើរទៅដល់មន្ទីរពេទ្យ លោកតាចំណាស់ដ៏កម្សត់បានទទួលមរណភាពចាកទៅយ៉ាងស្ងាត់ស្ងៀមកាលពីប៉ុន្មានម៉ោងមុន ជំងឺមហារីកឈាមបាននាំគាត់ចាកចេញទៅឆ្ងាយជារៀងរហូត។ ហើយអ្វីដែលលោកតាចំណាស់បានបន្សល់ទុកមិនមែនជាទ្រព្យសម្បត្តិទេ ប៉ុន្តែគឺជាបំណុលមួយចំនួនដែលនៅមិនទាន់បានសងដាច់។ ពីកន្លែងរបស់លោកមេធាវីមក ទើបលោកប៉ារបស់ស៊ីងលូបានដឹងរឿងរ៉ាវទាំងឡាយ ថាប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់លោកឪពុកគាត់គឺសុទ្ធតែជាបំណុលពូនគរដូចភ្នំដែលកើតមានក្រោយការប្រកបជំនួញបរាជ័យ។ លោកប៉ារបស់ស៊ីងលូបានដឹងឮហើយមិនមានអារម្មណ៍ខកចិត្តទេ ផ្ទុយទៅវិញគាត់បែរជាមានអារម្មណ៍ថាគាត់មិនដែលធ្លាប់ស្និទ្ធស្នាលជាមួយនឹងឪពុកគាត់យ៉ាងនេះនោះឡើយ លោកឪពុករបស់គាត់បានឆ្លងកាត់លើកំណាត់ផ្លូវជីវិតជាច្រើន ហើយទីបំផុតគាត់បានដឹងថាគាត់គឺកាត់តាមរកអ្នកណា។ ឥឡូវនេះគាត់នឹកឃើញទៅដល់ឪពុករបស់គាត់ មានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងសម្រាប់ពេលវេលាដែលកន្លងផុតទៅទាំងឡាយ ដូច្នោះហើយ នៅព្រឹកមួយនោះ គាត់បាននាំកូនស្រីរបស់គាត់ចាកចេញពីសណ្ឋាគារតម្លៃថោក អង្គុយនៅលើទូកដែលអាចគយគន់មើលទេសភាពដងផ្ទៃទន្លេ Thames ដែលលោកឪពុករបស់គាត់ធ្លាប់នាំគាត់ទៅមើល។ កាលនោះឋិតនៅក្នុងខែប្រាំ ដែលជារដូវដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំនៅក្នុងទីក្រុងឡុងដ៍ ស៊ីងលូបានគន់ភ្នែកសម្លឹងឃើញព្រះរាជរាំងអង់គ្លេស វិហារ Westminster វិហារ Cathedral ប៉មទីក្រុងឡុងដ៏ និងមហោស្រពប្រគុំតន្ត្រី… ក្មេងស្រីតូចចង្អុលទៅសត្វក្រៀលពណ៌សដែលហោះហើរតាមដងទន្លេ នាងក្មេងខ្ចីបានងាកសួរលោកប៉ានាងដែលនៅក្បែរខ្លួនថា៖ «តើនោះជាសត្វស្លាបរបស់អ្នកណាប៉ា?» លោកឪពុកញញឹមហើយនិយាយថា៖ «សត្វទាំងនោះជាកម្មសិទ្ធិរបស់មហាក្សត្រី!» «របស់មហាក្សត្រី? អ៊ីចឹងតើមានទាំងអស់ប៉ុន្មានក្បាល?» «សូម្បីតែមហាក្សត្រីអង្គឯងក៏មិនដឹងដែរ តែមិនថាយ៉ាងណា ភីលៀងរបស់មហាក្សត្រីនឹងមកជារៀងរាល់ថ្ងៃដើម្បីមើលថែពួកវាជំនួសទ្រង់» ឡើងមកដល់ច្រាំង លោកឪពុករីករាយនិយាយទៅកាន់ស៊ីងលូថា៖ «តស់! ពួកយើងទៅញ៊ាំបាយ» លោកប៉ារបស់នាងបាននាំនាងចូលទៅក្នុងភោជនីយដ្ឋានបុរាណចំណាស់ស្អាតមួយ នៅពីលើពិដានសំយុងចុះមានព្យួរអំពូលភ្លើងជាច្រើន នៅលើជញ្ជាំងមានកញ្ចក់ចាំងបំភ្លឺរស្មីផ្លាត ស័ក្តិសមជាមួយនឹងចម្លាក់ក្បាច់ផ្កានៅលើកម្រាលឥដ្ឋរលោងដែលអាចឆ្លុះបញ្ចាំងឱ្យឃើញស្រមោលមនុស្ស នៅលើតុមានក្រាលកម្រាលតុក្ងានធ្វើពីសូត្រដែលមានគែមពណ៌ផ្កាឈូក បុគ្គលិកបម្រើការទាំងអស់សុទ្ធតែស្លៀកពាក់ឯកសណ្ឋានមានកន្ទុយត្រចៀកកាំពណ៌ខ្មៅ ទឹកមុខនឹងធឹងដូចពួកអ្នកអភិជន។ ក្មេងស្រីតូចញ៊ាំស៊ុបប័រក្រែមជាមួយនិងស្ទេកសាច់គោ រួមទាំងការ៉េមស្ត្របឺរីទាំងដុំធំៗនៅក្នុងចាន។ បន្ទាប់ពីទទួលទានអាហាររួចរាល់ ពួកគេបានចាកចេញពីក្នុងភោជនីយដ្ឋាន ខណៈពេលកំពុងធ្វើដំណើរនៅលើមហាវិថីទីក្រុងឡុងដ៏ ស៊ីងលូបានបញ្ឈប់ជំហានជើងនៅខាងមុខទូកញ្ចក់ពណ៌ខៀវរបស់ហាងលក់ទំនិញមួយ ផ្ទៃមុខរបស់នាងសឹងតែផ្អឹបជាប់ជាមួយទូកញ្ចក់នោះ នាងសញ្ចឹងមើលប្រអប់កូល័រឈើមួយដោយមិនព្រិចភ្នែក។ ក្មេងស្រីតូចតែងតែប៉ងប្រាថ្នាចង់បានប្រអប់កូល័រឈើដែលមានពណ៌យ៉ាងស្រស់ស្អាតបែបនេះជាយូរណាស់មកហើយ វាត្រូវបានដាក់តម្រៀបគ្នានៅក្នុងប្រអប់រាងចតុកោណកែងពណ៌លឿងមួយ ហើយចុងបណ្ដូលនីមួយៗបានខួងស្រួចរួចជាស្រេច មានពណ៌សរុបទាំងអស់ម៉្ភៃបួនពណ៌។ លោកឪពុកបានរុករកសព្វចន្លោះហោប៉ៅនីមួយៗនៅលើខ្លួនរបស់គាត់ ទីបំផុតក៏រកឃើញក្រដាសប្រាក់មួយសន្លឹកដែលរញីឡើងខ្ទក់ នោះគឺជាប្រាក់សោហ៊ុយធ្វើដំណើរដែលប្រពន្ធរបស់គាត់បានប្រគល់ឱ្យគឺនៅសេសសល់តែប៉ុណ្ណឹង។ បុរសជាឪពុកដែលតែងតែរស់នៅដោយដៃទូលាយគ្មានចេះកើតទុក្ខកង្វល់អ្វីនោះបានសើចញញឹមហើយនិយាយទៅកាន់កូនស្រីរបស់គាត់ថា៖ «ថ្ងៃក្រោយ កូនក៏ចង់ក្លាយជាវិចិត្រករម្នាក់ដែរមែនទេ? អូខេណា៎…ពួកយើងនឹងចូលទៅទិញវា!» ———— ប្រហែលជានៅលើពិភពលោកនេះអាចនឹងមានប្រទេសដែលកាន់តែស្រស់ស្អាតជាងប្រទេសអង់គ្លេស ហើយនិងមានទីក្រុងដែលរឹតតែស្រស់បំព្រងជាងទីក្រុងឡុងដ៍ ប៉ុន្តែរឿងរ៉ាវកុមារភាពរបស់នាងគឺប្រៀបដូចជាអំបែងកែវកញ្ចក់គ្រីស្ដាល់តូចៗជាច្រើនរាប់មិនអស់ដែលព្យួរសំយុងចុះពីលើចង្កៀងភ្លើងនៅលើពិដាន បញ្ចេញពន្លឺភ្លឺចិញ្ចាចចិញ្ចាំងនៅក្នុងការចងចាំអនុស្សាវរីយ៍ដែលគ្មានថ្ងៃរលត់។ ជាច្រើនឆ្នាំក្រោយៗមក មុខមាត់របស់មនុស្សម្នាកាន់តែចាស់ជ្រីវជ្រួញ ទឹកទន្លេ Thames កាន់តែល្អក់កករ ប្រអប់កូល័រពណ៌ក៏កាន់តែចាស់ទៅ ប៉ុន្តែនៅរាល់ពេលដែលស៊ីងលូមានអារម្មណ៍ថាបរាជ័យនិងអស់សង្ឃឹម នាងនឹងតែងតែគិតថាជីវិតដែលស្រស់ត្រកាលនិងសុភមង្គលគ្មានដែនបញ្ចប់គឺកំពុងតែនៅរង់ចាំនាងនៅទីកន្លែងណាមួយ។ ហេតុអ្វីបានជានាងមិនឆាប់ឈានជើងរត់ទៅកាន់ទិសដៅនោះទៅ? ដើម្បីអាចវិលត្រលប់ទៅកាន់ទឹកដីដែលនាងតែងតែប៉ងប្រាថ្នាចង់ទៅនោះ នាងថែមទាំងមិនសោកស្តាយសូម្បីអ្វីទាំងអស់។ ចាប់តាំងពីពេលណាមក ស៊ីងលូបានប្រទះឃើញពីមហិច្ឆតាខ្ពស់ត្រដែតរបស់នាង? នៅពេលដែលនាងមានអាយុដប់មួយឆ្នាំនោះ ម្តាយរបស់នាងបានបញ្ជូននាងទៅសិក្សានៅវិទ្យាល័យសម្រាប់កូនអ្នកអភិជនដែលមើលទៅដូចជាព្រះរាជវាំង។ នៅពេលចាប់ផ្តើមដំបូង ស៊ីងលូមិនបានស្អប់ខ្ពើមសាលារៀនទេ នៅទីនោះគឺពិតជារីករាយខ្លាំងណាស់។ នាងចូលចិត្តប្រើកូនកន្សែងដៃជូតញើសតិចៗនៅលើករបស់នាង ស្ថិតនៅពីក្រោមកង្ហារព្យួរពិដានក្នុងថ្នាក់រៀន និងតែងតែដើរឆ្លងកាត់ច្រកផ្លូវរបៀងដែលក្រាលកម្រាលឈើនៅខាងក្រៅ ចូលចិត្តលួចសម្លឹងមើលអ្នកគ្រូដូនជី(*)ស្អាតៗនៅក្នុងសាលា។ *នៅហុងកុងកាលជំនាន់នោះឋិតក្រោមអាណានិគមអង់គ្លេស គ្រូបង្រៀនគឺជាលោកអាចារ្យដូនជីកាន់សាសនាគ្រិស្ដ។ ស៊ីនលូមិនជឿលើសាសនាគ្រិស្ដទេ ប៉ុន្តែជារឿយៗនាងតែងតែទៅកាន់ព្រះវិហារតូចនៅក្នុងសាលា ដៃទាំងពីរប្រណមនៅចំពោះមុខឈើឆ្កាង លុតជង្គង់ក្នុងទីងងឹត។ នាងចូលចិត្កចម្លាក់ក្បាច់ផ្កាកញ្ចក់នៅលើជញ្ជាំង ផ្កាកុលាបនៅលើទីអាសនៈ បង្ហាញឱ្យឃើញពីក្ដីសោកសង្រេង រូបសំណាកព្រះយេស៊ូកំពុងរងទុក្ខទោសបុកម្នេញនៅលើឈើឆ្កាងនិងរូបចម្លាក់របស់ព្រះម៉ែម៉ារីយ៉ា។ នាងផ្ទៀងត្រចៀកសញ្ចឹងស្តាប់ពីសេចក្ដីទុក្ខសៅហ្មងនៃពិភពលោកនេះពីក្នុងឃ្លាចារនៅក្នុងបទចម្រៀងអធិដ្ឋាន ដែលនៅទីកន្លែងនោះមានសំឡេងទ្រហឹងអឺងកងជាប់ជានិច្ច។ ប៉ុន្តែមិនយូរប៉ុន្មាន ស៊ីងលូបានប្រទះឃើញថា សាលារៀនបានប្រគល់តំណែងជាអ្នកដេញព្យាណូនៅក្នុងក្រុមចម្រៀងសាលាដល់ចៅស្រីរបស់អ្នកមានទ្រព្យម្នាក់។ នៅក្នុងយប់ថ្ងៃបុណ្យណូអែល អ្នកដែលរាំរបាំបាឡេនៅលើឆាកនោះគឺជាកូនស្រីគ្រាប់ពេជ្រសំណព្វរបស់លោកស្ថាបត្យករដ៏ល្បីល្បាញម្នាក់។ មិត្តរួមថ្នាក់ដែលពោរពេញដោយអំណួតរបស់នាងទាំងអស់នោះ បើមិនមែនជាកូនសេដ្ឋីទេក៏ជាកូនចៅរបស់អ្នករាជការធំៗដែរ មានសូហ្វ័រឡានផ្ទាល់ខ្លួនបើកឡានជូនពួកគេមកសាលារៀន ដោយមានអ្នកខ្លះថែមទាំងស្លៀកសម្លៀកបំពាក់ក្រសេត្រង់ភ្លីចងបូរខ្មៅ ពាក់មួកនៅលើក្បាល មើលទៅគឺប្រៀបដូចជាកាពីទែនសមុទ្រដែលបើកបរនាវាតម្លៃមហាសាល ដឹកអ្នកដំណើរជាប្រចាំនៅក្នុងភាពយន្ត។ នៅពេលថ្ងៃត្រង់ អ្នកបម្រើរបស់មិត្តរួមថ្នាក់ទាំងអស់នោះមកតម្រង់ជួរជាជួរវែង ដើម្បីរៀបចំអាហារថ្ងៃត្រង់ដល់អ្នកនាងតូចរបស់ពួកគេ ដោយព្រួយខ្លាចថាអ្នកនាងរបស់ពួកគេដែលធ្លាប់តែស្រណុកនោះមិនទម្លាប់ជាមួយអាហារនៅក្នុងសាលាបាន។ ដូច្នោះហើយ រយៈពេលកាន់តែយូរៗទៅស៊ីងលូកាន់តែប្រែក្លាយជាស្ងប់ស្ងាត់ទៅៗ ដើម្បីចៀសវាងបែកធ្លាយប្រវត្តិពិតរបស់នាង។ នៅពេលបំពេញព័ត៌មានគ្រួសារ លោកប៉ារបស់នាងដើមឡើយគឺជាជាងគូរគំនូរនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធម្មតាម្នាក់ច្បាស់ណាស់ ប៉ុន្តែនាងបែរជាឈ្លាសវៃបំពេញនៅត្រង់កន្លែងមុខរបរថាគឺជា “វិចិត្រករឯក” ។ ម្ដាយរបស់នាងគឺជាចុងភៅបម្រើការតាមផ្ទះធម្មតាម្នាក់ច្បាស់ណាស់ នាងបែរជាបំពេញថាគឺជា “មេផ្ទះចំណាន” ។ ជារៀងរាល់ពេលដែលសាលារៀនចេញសេចក្ដីប្រកាសស្នើរសុំក្នុងគោលបំណងឱ្យសិស្សបរិច្ចាគប្រាក់ ស៊ីងលូតែងតែព្យាយាមបញ្ចុះបញ្ចូលម្ដាយរបស់នាងឱ្យបរិច្ចាគប្រាក់ខ្លះ នាងនឹងជ្រើសយកតួលេខទឹកប្រាក់ទាបបំផុត។ នៅក្នុងថ្ងៃរៀបចំមហោស្រពសិល្បៈ អ្នកគ្រូបង្រៀនបានចែកសំបុត្រឆ្នោតឱ្យសិស្សម្នាក់ៗមួយចំនួនដោយបញ្ជាក់យ៉ាងច្បាស់ថាមិនចាំបាច់លក់វាទាំងអស់នោះទេ ប៉ុន្តែស៊ីងលូនៅតែទទូចបង្ខំឱ្យលោកប៉ារបស់នាងទិញយកទាំងអស់។ គ្រប់ទង្វើទាំងអស់នោះរបស់នាងក៏មិនមែនកើតចេញពីចិត្តសប្បុរសធម៌ឬចិត្តទូលាយអ្វីដែរ តែជាការចង់យកឈ្នះនិងទុកកត្តិយសជាធំ។ ប៉ុន្តែស៊ីងលូប្រទះឃើញថានាងនឹងនៅតែបែបនេះជារៀងរហូតគ្មានថ្ងៃអាចក្លាយទៅជាសិស្សដែលបរិច្ចាគប្រាក់ច្រើនជាងគេនៅក្នុងថ្នាក់។ នាងក៏នឹងមិនមានឱកាសរៀនដេញព្យាណូនិងរាំរបាំបាឡេដែរ។ បើសិនជាអាច ឬមួយក៏នាងមិនអាចធ្វើបានពូកែជាងមិត្តរួមថ្នាក់ដទៃទៀតទេហ្អេស? នៅក្នុងចិត្តរបស់នាងមិនឈប់ស្ដីបន្ទោសសួរទៅព្រះ ហេតុអ្វីបានជានាងមិនអាចក្លាយដូចជាយ៉ាងនោះ? ហេតុអ្វីបានជានាងត្រូវក្រីក្រ? ភាពក្រីក្រមិនមែនជាផ្កាកុលាបនៅលើអាសនៈឬមកុដបន្លានៅលើក្បាលព្រះយេស៊ូទេ តែជាពាក្យបណ្តាសារបស់សាតាន។ ហេតុនេះហើយ ស៊ីងលូក៏លែងទៅព្រះវិហារបួងសួងបន្តទៀត។ នាងបានយកសេចក្ដីទទូចចង់ឈ្នះនិងកត្តិយសជាធំមកទម្លាក់ទៅលើសៀវភៅ ខិតខំស្វះស្វែងរៀនសូត្រ យកចិត្តទុកដាក់អានសៀវភៅ លំដាប់ពិន្ទុរបស់នាងតែងតែស្ថិតនៅលើតារាងកំពូល។ មុខវិជ្ជាដែលនាងចូលចិត្តជាងគេគឺថ្នាក់អក្សរសាស្ត្រអង់គ្លេស នៅក្នុងផ្ទះនាងនឹងនិយាយភាសាអង់គ្លេសជាមួយនឹងលោកប៉ារបស់នាង ដោយនៅក្នុងចិត្តលួចមាក់ងាយម្តាយរបស់នាងដែលមិនចេះនិយាយភាសាអង់គ្លេស មានអារម្មណ៍ថាស្ត្រីចុងភៅតូចទាបម្នាក់នេះមិនស័ក្តិសមនឹងលោកប៉ារបស់នាងនោះឡើយ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ពិន្ទុសិក្សានៅក្នុងសាលាបានត្រឹមតែអាចបំពេញចិត្តចង់យកឈ្នះមួយចំណែកតូចនៅក្នុងដួងចិត្តរបស់នាងប៉ុណ្ណោះ ហើយនាងនៅតែស្រេកឃ្លានចង់ទទួលបានចំណែកផ្សេងលើសពីហ្នឹងទៀត។ ឈានចូលនៅក្នុងវ័យក្រពុំពេញស្នេហ៍ ស៊ីងលូហាក់បីដូចជាជក់ចិត្តនឹងពពួកសៀវភៅមួយទៀត ខ្លឹមសារគឺសុទ្ធតែរៀបរាប់អំពីស្នេហា សេចក្ដីស្នេហាដ៏ងប់ងល់រវាងបុរសហើយនិងស្ត្រី ឆាកជីវិតដែលពោរពេញទៅដោយព្យុះភ្លៀង មនុស្សស្រីមានសម្រស់ផូផង់តែអាយុខ្លី ចង្វាក់ Valse រាំរែកនៅលើកម្រាលព្រំ រាយប៉ាយទៅដោយផ្កាកុលាប គយគន់ពន្លឺព្រះចន្ទនៅលើប៉មប្រាសាទ ពាក្យសម្បថស្លាប់រស់មិនប្រែប្រួល ឱបគ្នាបង្ហូរទឹកភ្នែកនៅក្រោមតំណក់ភ្លៀងធ្លាក់សស្រាំ ក្បាលទទូលមកុដគុជខ្យងជាមួយនឹងស្បៃគ្របដណ្ដប់មុខពណ៌ស កូនក្រមុំជាទីស្រស់ស្អាតបង្អូសស្បៃសំពត់វែងនៅកម្រាលព្រំក្រហមនិងលើកដៃឡើងស្បថសច្ចានៅក្នុងប្រលោមលោករបស់លោកខាងលិច។ ស៊ីងលូមុនអាយុដប់ប្រាំឆ្នាំ នៅក្នុងឆ្នាំទាំងអស់នោះ ដៃទាំងពីររបស់នាងប្រឡាក់ពេញទៅដោយកម្អែលធូលីសៀវភៅចាស់ៗនៅក្នុងតូបជួលសៀវភៅ។ ស្នេហាមិនមែនគឺបែបនោះទេឬ? ចង្វាក់រាំរែកនៅក្រោមពន្លឺចង្កៀងគ្រីស្តាល់ដ៏ធំនោះនឹងនៅតែអាចសម្ដែងបន្តបន្ទាប់ជារៀងរហូត កូនចាបតូចសំបូរស្នេហ៍គ្របដណ្ដប់ដោយរោមពណ៌ស៊ីជំពូទទះស្លាបហោះហើរនៅខាងក្រៅមាត់បង្អួច ក្មេងប្រុសជំទង់វ័យឈាមរាវឆ្កួតងប់នឹងស្នេហ៍ដើម្បីនាងហ៊ានឈោងបេះផ្កាយបេះព្រះចន្ទ។ នៅពីលើក្បាលរបស់ស៊ីងលូគឺជាពន្លឺអំពូលភ្លើងចង្កៀងស្រទន់ដែលបំភ្លឺពិភពលោកមួយដែលនៅទីឆ្ងាយ ប៉ុន្តែមានខ្យល់រលកបក់បោកនៅជុំព័ន្ធទិសទាំងបួន សេចក្ដីក្រៀមក្រំឃាំងឃាត់និងសម្រែកចាបស្រែកលាន់រំពងពីចម្ងាយ ស្នេហានៅក្នុងយុវវ័យដ៏ទន់ខ្សោយរបស់នាងគឺជាដែនដីមួយដែលមនុស្សធម្មតាមិនអាចយល់បាន។ នៅអាយុដប់ប្រាំឆ្នាំ ស៊ីងលូបានស្រលាញ់ក្មេងប្រុសជំទង់ម្នាក់។ គេនិងនាងបានសិក្សានៅក្បែរគ្នាអស់រយៈពេលបួនឆ្នាំនៅឯវិទ្យាល័យ គេគឺ ឈិនជឺជា ដែលជាសិស្សរៀនពូកែម្នាក់ផ្នែកវិទ្យាសាស្ត្រពិត។ នៅក្នុងសាលារៀន ឈិនជឺជាគឺល្បីល្បាញឈ្មោះក្នុងនាមជាប្រធានក្រុមកីឡាម្នាក់ លេងកីឡាតេននីសបានយ៉ាងល្អ និងយកឈ្នះពានរង្វាន់ជើងឯកនៅក្នុងក្លឹបកីឡា។ គេមានកម្ពស់ខ្ពស់សមសួននិងស្អាតសង្ហា នៅលើខ្លួនពាក់អាវកីឡាពណ៌ស រូបរាងរបស់គេដែលរត់ទៅរត់មកនៅលើទីលានបាល់ប្រៀបដូចជាស្បៃក្រណាត់សបំភ្លឺចែងចាំង។ នៅរសៀលល្ងាចមួយនារដូវរងា ឈិនជឺជាបានឃើញស៊ីងលូជាលើកដំបូងនៅខាងក្រៅរបងសាលា ចាប់តាំងពីថ្ងៃនោះមក ជារៀងរាល់ថ្ងៃពេលដែលគេទៅសាលារៀននិងក្រោយពេលចេញពីរៀន គេនឹងតែងតែស្វះស្វែងរកឱកាសដើរឆ្លងកាត់មុខរបស់នាង។ តាមពិត ស៊ីងលូធ្លាប់ឮឈ្មោះល្បីរន្ទឺរបស់គេតាំងតែពីយូរ សិស្សស្រីៗនៅក្នុងសាលារបស់នាងតែងតែនិយាយអំពីគេ តែងតែទៅមើលគេប្រកួត ព្រោះតែគេទើបរៀនលេងតេននីស ថែមទាំងមានចេតនាតែងតែទៅលេងបាល់នៅកន្លែងដែលគេហ្វឹកហាត់។ ថ្ងៃមួយ នៅពេលដើរចេញពីរៀន ស៊ីងលូបានឃើញឈិនជឺជាកំពុងតែអង្គុយនៅជាប់មាត់របងរង់ចាំនាង នៅក្បែរខ្លួនរបស់គេមានមនុស្សពីរបីនាក់ទៀតនៅជាមួយ។ គេសម្លឹងឃើញនាងភ្លាមក៏ប្រញាប់ដើរចូលទៅណែនាំឈ្មោះខ្លួនឯង ហើយនិងប្រញាប់ប្រញាល់ហុចសំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រមួយសន្លឹកទៅក្នុងដៃរបស់ស៊ីងលូហើយនិយាយដោយជឿជាក់នៅក្នុងចិត្តថា៖ «នាងមកមើលការប្រកួតរបស់ខ្ញុំណា៎?» ស៊ីងលូងើយមុខឡើងសម្លឹងមើលទៅគេដោយការងឿងឆ្ងល់ ដៃទទួលយកសំបុត្ររបស់គេ។ នៅថ្ងៃប្រកួត ឈិនជឺជាបានផ្តួលគូប្រកួតដ៏ខ្លាំងក្លានិងយកឈ្នះពានរង្វាន់ជើងឯក ក៏ប៉ុន្តែនៅពេលដែលបានយកឈ្នះនោះ គេបែរជាមានអារម្មណ៍ឯកោយ៉ាងជាពន់ពេក ពីព្រោះតែក្មេងស្រីដែលគេលួចលង់ស្រលាញ់មិនបានបង្ហាញខ្លួននៅក្នុងទីលានអ្នកទស្សនា។ នៅព្រឹកបន្ទាប់ នៅពេលដែលស៊ីងលូដើរចូលទៅក្នុងថ្នាក់ នាងប្រទះឃើញថានៅខាងក្នុងមានក្រសែភ្នែករាប់សិបគូសម្លឹងមើលមកកាន់នាង។ នាងបោះជំហានជើងដើរចូលទៅខាងក្នុងយឺតៗ លើកយកពានរង្វាន់មេដាយមាសដ៏ធ្ងន់ចងភ្ជាប់ជាមួយនឹងខ្សែបូរពណ៌ទឹកប្រាក់ដែលដាក់នៅលើកៅអីអង្គុយរបស់នាងនោះចេញ បន្ទាប់មកនាងអង្គុយចុះហាក់ដូចជាគ្មានរឿងអ្វីកើតឡើង យកសៀវភៅដែលនាងត្រូវរៀនបន្តដាក់នៅលើតុ តែនៅក្នុងក្រអៅបេះដូងរបស់នាងបែរជាមានរលកផ្អែមល្ហែមមួយកកើតឡើង។ ម៉ោងចេញពីរៀននៅថ្ងៃនោះ មនុស្សពីរបីនាក់ដែលនៅជាមួយឈិនជឺជាជារៀងរាល់ថ្ងៃមិនដឹងថាបាត់ទៅណាអស់។ គេឈានចូលទៅស្កាត់មុខស៊ីងលូ ប្រើទឹកមុខមាំសួរនាំនាង៖ «ម្សិលមិញហេតុអីបានជានាងមិនមក?» ស៊ីងលូក្រឡេកមើលមុខគេបន្តិច សោះកក្រោះនិយាយថា៖ «តើចាំបាច់ត្រូវសួរដែរហ្អេស?» ឈិនជឺជាឡើងក្រហមមុខងាំង ត្រឹមមួយឃ្លាក៏និយាយមិនចេញ។ ស៊ីងលូមានចេតនាបញ្ឈឺឱ្យគេខឹង និយាយថា៖ «ខ្ញុំសុខចិត្តទៅមើលសម្បុកចាបវិញល្អជាង!».

ភាគទី5: សន្សើមព្រឹក (ភាគ៥)

បានឃើញទឹកមុខក្រៀមក្រំរបស់ឈិនជឺជា នៅក្នុងចិត្តរបស់ស៊ីងលូបែរជាមានការសោកស្តាយជាខ្លាំង ខ្លាចគេមិនមករកនាងទៀត។ តែទោះជាយ៉ាងណាក្ដី នៅព្រឹកបន្ទាប់ នៅពេលដែលស៊ីងលូដើរចូលទៅក្នុងថ្នាក់ នាងបានឃើញថាមានសម្បុកចាបដ៏គួរឱ្យអាណិតមួយដាក់នៅលើកៅអីរបស់នាង ដោយនៅមានរោមស្លាបពណ៌ប្រផេះពីរបីនៅខាងក្នុង។ ទឹកមុខរបស់សិស្សស្រីៗដែលច្រណែននឹងនាងបានបង្ហាញស្នាមញញឹមចំអកឡកឡឺយនិងសប្បាយរីករាយនៅពេលដែលអ្នកដទៃចួបទុក្ខ ដោយគិតថាឈិនជឺជាមានចេតនាដាក់សម្បុកចាបដើម្បីដឺដងជាមួយនាង។ មានតែស៊ីងលូខ្លួនឯងទេដែលដឹងថា មនុស្សប្រុសម្នាក់ដែលឡើងចាប់សម្បុកចាបយកមកឱ្យនាងនោះ អាចនឹងដើម្បីនាងហ៊ានឈោងបេះផ្កាយបេះព្រះចន្ទ។ ក្រោយម៉ោងចេញពីរៀនថ្ងៃនោះ ឈិនជឺជាឈរនៅខាងក្រៅរបងសាលារង់ចាំនាង ឃើញនាងដើរចេញមក គេឈានចូលទៅក្បែរ ដោយទឹកមុខមាំសួរថា៖ «នោះជាសម្បុកចាបដែលនាងចង់មើលមែនទេ?» ស៊ីងលូដៀងភ្នែកសម្លក់គេ និយាយថា៖ «តើឯងធ្វើយ៉ាងណាទើបយកសម្បុកចាបបាន?» ឈិនជឺជាឆ្លើយតប៖ «នៅលើដើមឈើ!» ស៊ីងលូនិយាយដូចមាក់ងាយ៖ «គឺអ្នកបម្រើឡើងទៅយកឱ្យជំនួសឯងមែនទេ?» ឈិនជឺជារហ័សតប៖ «គឺខ្ញុំតោងឡើងដោយខ្លួនឯងណា៎!» គេថែមទាំងមិនភ្លេចបន្ថែមមួយឃ្លាទៀត៖ «ខ្ញុំតោងឡើងលឿនណាស់» ស៊ីងលូងឿងឆ្ងល់សួរនាំ៖ «ដើមឈើនោះខ្ពស់ប៉ុនណា?» «ប្រហែលមួយជាន់អគារ!» ស៊ីងលូភិតភ័យលាន់មាត់ថា៖ «ព្រះអើយ! បើសិនជាធ្លាក់ចុះមកនោះឯងប្រាកដជាស្លាប់មិនខាន!» ឈិនជឺជាញាក់ៗស្មាព្រងើយ និយាយថា៖ «មិនថ្វីឡើយ! តើនាងនៅចង់ឱ្យខ្ញុំធ្វើអ្វីសម្រាប់នាងទៀតទេ?» ស៊ីងលូញញឹមថា៖ «ឥឡូវនេះខ្ញុំនៅមិនទាន់រកនឹកឃើញទេ ចាំពេលនឹកឃើញខ្ញុំនឹងប្រាប់ឱ្យឯងដឹង» ឈិនជឺជាបែរជាសួរថា៖ «តើនាងចូលចិត្តពានរង្វាន់មួយនោះទេ?» ស៊ីងលូបូញមាត់ និយាយថា៖ «ឯងធ្វើបាបខ្ញុំឡើងល្បីណាស់!» ឈិនជឺជារួញរាលួចក្រឡេកភ្នែកមើលស៊ីងលូបន្តិច៖ «ខ្ញុំចង់ជូនវាឱ្យទៅនាងមែន» ស៊ីងលូសម្លឹងមើលគេ និយាយថា៖ «នោះជារបស់ដែលឯងយកឈ្នះបាន ម៉្យាងខ្ញុំមិនចេះលេងតេននីសទេ» ឈិនជឺជាហឹកហាក់ និយាយថា៖ «ចាំខ្ញុំបង្រៀននាង!» ប៉ុន្តែស៊ីងលូចាំថានាងមិនមានសម្លៀកបំពាក់កីឡាប្រភេទនោះទេ ហើយម្តាយនាងក៏នឹងមិនទិញវាសម្រាប់នាងដែរ។ នាងឱនក្បាលចុះសម្លឹងមើលចុងស្បែកជើងស្បែកពណ៌ខ្មៅរបស់នាងហើយនិយាយយ៉ាងទន់ភ្លន់ថា៖ «ខ្ញុំមិនចាំបាច់ត្រូវរៀននោះទេ!» បន្ទាប់មកនាងក៏បានស្ដាប់ឮសំឡេងកណ្តឹងរបស់ព្រះវិហារតូចនៅក្នុងសាលាកំពុងបន្លឺឡើង សំឡេងនោះប្រៀបដូចជានៅទីដ៏សែនឆ្ងាយ។ ពួកគេទាំងពីរនាក់មិននិយាយអ្វីទៀត គ្រាន់តែសម្លឹងមើលមុខគ្នាម្តងម្កាលប៉ុណ្ណោះ។ ផ្ទៃមុខរបស់នាងប្រៀបដូចខ្យល់ជំនោរនិទាឃរដូវ បក់ផាត់រំសាយនូវភាពឯកោនៃរដូវរងា ប្រស្រីភ្នែកខ្មៅរលោងស្រិលមួយគូនោះគឺហាក់ដូចជាបញ្ចេញសូរសំឡេងមួយបែប រោមភ្នែកដ៏វែងកោងកំពុងតែព្រិចៗ ភ្ជាប់ជាមួយនឹងសេចក្ដីសង្ឃឹមចំពោះសុភមង្គលនិងអនាគត ឆាកជីវិតនិងក្ដីសុបិន្ត។ ព្រះអាទិត្យកំពុងរៀបលិចចុះនៅក្រោមជើងមេឃពីចម្ងាយ ផ្ទៃមេឃក៏កាន់តែងងឹតសូន្យចុះបន្តិចម្តងៗ ពន្លកស្នេហាដែលទើបតែចាប់ផ្តើមរីកបានឈានមកកៀកបង្កើយជើងរបស់នាង។ . . . . ដើម្បីអាចចួបគ្នាលួចលាក់ជាមួយឈិនជឺជា សុីងលូបានប្រតិដ្ឋពាក្យភូតកុហកជាច្រើន ធ្វើឱ្យម្តាយរបស់នាងដែលគិតថាគាត់តែងតែតឹងរឹងខ្លាំងជាមួយនាងរហូតមកនោះ ជឿជាក់ថានាងនឹងមុខជាក្មេងដែលស្ដាប់បង្គាប់ ទើបគាត់មិនបានសង្ស័យអ្វីពីពេលដែលនាងឧស្សាហ៍ទៅបណ្ណាល័យឬត្រូវរៀនបំប៉ននៅសាលាបន្ថែមឡើយ ហើយក៏មិនបានចាប់អារម្មណ៍ពីការផ្លាស់ប្តូររបស់កូនស្រីគាត់ដែរ។ ឥឡូវនេះ ពេលកំពុងនៅក្នុងថ្នាក់រៀន ស៊ីងលូជាម្តងម្កាលតែងលួចក្រឡេកមើលចេញទៅក្រៅបង្អួច ព្រោះតែស្ថិតនៅត្រង់មាត់បង្អួចនោះសម្លឹងចេញទៅក្រៅ នាងនឹងអាចមើលឃើញសាលារៀនសម្រាប់សិស្សប្រុសនៅក្បែរនោះ ដែលខណ្ឌផ្ដាច់ដោយរបងសំណាញ់ពណ៌ខៀវខ្ពស់និងវែងសន្ធឹង នៅទីកន្លែងមួយនោះមានផ្ទុកពិភពលោករបស់នាង។ គូស្នេហ៍វ័យក្មេងទាំងពីរពេលដែលបានចួបមុខគ្នានឹងសាសងផ្ដោះផ្ដងគ្នាទៅវិញទៅមកមិនឈប់ ទោះបីជានៅមិនឆ្ងាយពីសាលាប៉ុន្មាន ក៏ពួកគេទាំងពីរនៅតែហ៊ានចាប់កាន់ដៃគ្នាយ៉ាងក្លាហាន។ មានពេលខ្លះ ឈិនជឺជានឹងនាំស៊ីងលូទៅផ្ទះរបស់គេ។ គេ ឪពុកម្តាយ និងអ្នកបម្រើរបស់គេ រស់នៅក្នុងវីឡាមួយកម្ពស់ពីរជាន់។ ពួកគេទាំងពីរលាក់ពួននៅក្នុងបន្ទប់គេងរបស់ឈិនជឺជា មើលមេរៀនជាមួយនឹងគ្នា ស្តាប់ភ្លេងតន្ត្រី ឱបក្រសោបគ្នា និងថើបមាត់គ្នា។ មានជាច្រើនលើក នាងភ័យខ្លាចរុញច្រានដៃដែលមានបំណងចង់ស្និទ្ធស្នាលជាមួយនាង និយាយដោយអះអាងថា៖ «បើបងស្រលាញ់ខ្ញុំ បងត្រូវតែរង់ចាំខ្ញុំសិន» ភាពបរិសុទ្ធរបស់នាងគឺរក្សាទុកដើម្បីសេចក្តីស្នេហាស្មោះសរបស់ពួកគេ លើសពីនេះ នាងជឿជាក់ថាគេនឹងមានការរំភើបព្រោះចំណុចមួយនេះ។ ប៉ុន្តែតើនាងចាប់ផ្តើមស្អប់គេតាំងពេលណា? នោះគឺពេលដែលឋិតនៅលើកម្រាលពូកក្រាស់នៅក្នុងបន្ទប់នោះហើយ។ នៅថ្ងៃនោះ គេរុញរានិយាយប្រាប់ទៅកាន់ស៊ីងលូថា៖ «លោកប៉ាចង់ឱ្យបងទៅរៀននៅអាមេរិក» ឲសំឡេងរបស់នាងប្រែជាញាប់ញ័រឡើង៖ «ដាច់ខាតត្រូវតែទៅហ្អេស?» «សាលារៀននៅទីនោះបានទទួលយកបងហើយ នៅក្នុងអំឡុងពេលពីរខែខាងមុខបងត្រូវតែទៅដាក់ពាក្យ» គេនិយាយទាំងមិនហ៊ានមើលមុខនាង។ ទឹកភ្នែករបស់ស៊ីងលូហូរចុះដូចជាភ្លៀង នាងស្រែកថា៖ «បងបានដឹងច្បាស់តាំងពីយូរមកម៉្លេះថានឹងត្រូវទៅ! បងបានដឹងជាយូរមកហើយ!» នៅយប់មុនពេលដែលឈិនជឺជាចាកចេញ ស៊ីងលូបានកុហកម្តាយរបស់នាងដើម្បីលួចចេញទៅចួបនឹងគេ។ នាងឱបគេយ៉ាងស្អិត ទ្រហោយំនិយាយថា៖ «បងនឹងស្រលាញ់អ្នកដទៃផ្សេងទៀត…បងនឹងបំភ្លេចខ្ញុំចោលជាមិនខាន…ហេតុអីក៏បងបានដឹងច្បាស់ហើយបែរជានៅតែចង់ចាប់ផ្តើមរឿងរបស់ពួកយើងទៀត?» ឈិនជឺជាពោលអស់ម្តងហើយម្តងទៀតអះអាងជាមួយនឹងស៊ីងលូថា៖ «អត់ទេ… បងនឹងមិនស្រលាញ់អ្នកដទៃផ្សេងទៀតទេ… បងនឹងមិនបំភ្លេចអូនឡើយ…» គេចាប់ស្មាទាំងសងខាងរបស់ស៊ីងលូ សម្លឹងមើលចំទៅកែវភ្នែកហើមក្រហមរបស់នាងបន្ទាប់ពីយំយែក និយាយថា៖ «បងបានគិតគូរហើយថា ចាំដល់ពេលដែលបងទៅដល់ទីនោះបាននឹងនរហើយ បងនឹងសុំឱ្យលោកប៉ាចំណាយប្រាក់កាក់ខ្លះ ធានាអូនទៅរៀននៅបរទេសជាមួយបង» ស៊ីងលូហាក់ស្ទាក់ស្ទើរជាខ្លាំង សួរថា៖ «តើលោកប៉ាបងអាចយល់ព្រមទេ?» «គាត់ស្រលាញ់បងខ្លាំងណាស់ គាត់ប្រាកដជាយល់ព្រម! ឱ្យតែបងខិតខំរៀនសូត្រឱ្យបានល្អ បងនឹងនិយាយប្រាប់ទៅគាត់ភ្លាម ម្យ៉ាងទៀត…» គេនិយាយពោរពេញដោយស្នាមញញឹម៖ «គាត់មានប្រាក់ច្រើនណាស់! កុំបារម្ភអី!» អ្វីដែលនៅក្នុងកែវភ្នែកដក់ជាប់ទឹកភ្នែកទាំងគូរបស់ស៊ីងលូរំលេចឡើង នោះគឺជាអនាគតមួយដែលពោរពេញទៅដោយក្តីសង្ឃឹមនិងសុភមង្គលរាប់មិនអស់។ ទីបំផុតនាងអាចចៀសឆ្ងាយពីម្តាយរបស់នាង ចៀសឆ្ងាយចេញពីកន្លែងគម្រក់មួយនេះ។ បើទោះបីជានៅមិនដាច់ចិត្តពីឪពុករបស់នាងក៏ដោយ ប៉ុន្តែឪពុករបស់នាងប្រាកដជាសប្បាយរីករាយព្រោះតែនាង។ តាមពិតទៅ នាងមិនបានគិតគូរអ្វីច្រើនឡើយ គ្រាន់តែសង្ឃឹមថាឈិនជឺជានឹងឆាប់រហ័សនាំនាងចាកឆ្ងាយទៅ ពួកគេទាំងពីរនឹងមិនបែកគ្នាទៀតឡើយ។ ចាប់ពីពេលនោះតទៅ ពួកគេនឹងរៀននៅក្នុងសកលវិទ្យាល័យជាមួយនឹងគ្នា ប៉ុន្មានឆ្នាំក្រោយមក ពួកគេនឹងបញ្ចប់ការសិក្សាជាមួយនឹងគ្នា ប្រហែលជាពេលបន្ទាប់មកទៀតនោះពួកគេនឹងរៀបការ…ហើយនិងមានក្តីសុបិនជាច្រើននៅខាងមុខកំពុងតែរង់ចាំពួកគេ។ ប៉ុន្តែគេគឺប្រៀបដូចជាបក្សីត្រដាងស្លាបហោះហើរ នាងមិនអាចដេញចាប់គេបានទៀតនោះទេ។ នៅក្នុងមួយរយៈពេលដំបូង គេតែងតែសរសេរសំបុត្រផ្ញើមកកាន់នាងជារៀងរាល់ថ្ងៃ បន្ទាប់មកមួយសប្តាហ៍ម្តង ក្រោយមកទៀតក៏ប្តូរមកជាមួយខែម្តង ខ្លឹមសារនៅក្នុងសំបុត្រដែលតែងផ្ទុកទៅដោយក្ដីនឹករឭកពីដំបូងឡើយ បានសន្សឹមប្រែមកជាពាក្យត្អូញត្អែរពីការមមាញឹកនិងសម្ពាធនៅក្នុងការសិក្សារបស់គេ សំបុត្រសរសេរកាន់តែយូរកាន់តែខ្លីទៅ និងមិនបានបន្តរម្លឹកពីការចង់ទទួលយកនាងទៅរៀននៅអាមេរិកទៀតនោះឡើយ។ នៅពេលនោះ ការប្រលងបញ្ចប់មធ្យមសិក្សាជិតឈានចូលមកដល់ ជារៀងរាល់ថ្ងៃ ស៊ីងលូតែងតែបើកសៀវភៅទន្ទេញមេរៀន ខំប្រឹងផ្តោតអារម្មណ៍សិក្សា ប៉ុន្តែនៅក្នុងចិត្តរបស់នាងតែងតែមានការច្របូកច្របល់ នាងលួងលោមចិត្តខ្លួនឯង និយាយថា៖ «គេកំពុងស្វះស្វែងសិក្សានៅទីនោះហត់នឿយណាស់ ទើបបានជាគ្មានពេលសរសេរសំបុត្រមកញឹកញាប់!» តែមួយសន្ទុះក្រោយមក នាងស្រាប់តែមានអារម្មណ៍អាណិតអាសូរខ្លួនឯងផងគិតកង្វល់ផងថា៖ «ប្រហែលជាគេមានអ្នកថ្មីហើយ…» នាងមួយថ្ងៃៗគិតតែពីសំងំនៅក្នុងបន្ទប់គិតរវើរវាយ ម្តាយរបស់នាងស្មានថានាងមានអារម្មណ៍តានតឹងព្រោះតែការប្រលងនៅថ្ងៃខាងមុខ ទើបជាពិសេសបានរៀបចំថ្នាំប៉ូវកម្លាំងសម្រាប់នាងជាច្រើន បង្ខំឱ្យនាងផឹក ប៉ុន្តែនាងបែរជាក្អួតចេញមកក្រៅវិញទាំងអស់។ នាងមិនឈប់មិនឈរតែងតែសរសេរសំបុត្រដែលផ្ទុកពេញទៅដោយសេចក្ដីនឹកនាទៅកាន់ឈិនជឺជា ប៉ុន្តែសំបុត្រដែលឈិនជឺជាឆ្លើយតបត្រលប់មកនាងវិញបែរជាកាន់តែសោះកក្រោះទៅ ថែមទាំងជារឿយៗត្រូវចំណាយពេលជាយូរទើបឆ្លើយតប។ ជើងម្ខាងរបស់នាងបានចាប់ផ្ដើមផុងចុះជ្រៅនៅក្នុងអន្លង់ស្នេហ៍ នាងបានលង់ខ្លួនជ្រៅយ៉ាងងប់ងល់ទៅក្នុងសេចក្ដីស្នេហាមួយនោះ រីឯគេវិញបានហោះហើរចាកឆ្ងាយទៅកាន់លម្ហមេឃមួយផ្សេងទៀត។ នាងមិនអាចទ្រាំទ្របានទៀតឡើយ នាងក៏បានសរសេរសំបុត្រមួយវែងអន្លាយដេញដោលសួរទៅគេថា តើគេបានស្រលាញ់អ្នកផ្សេងហើយមែនទេ? នាងសម្ងើចក្ដីក្រអឺតក្រទមដោយនិយាយថា បើដូច្នោះមែននោះ នាងនឹងជូនពរឱ្យគេមានសុភមង្គល នាងនឹងបំភ្លេចគេចោលជារៀងរហូត។ នាងពោលស្ដីពាក្យបែបនោះមែនពិត ប៉ុន្តែនាងគឺសឹងតែចង់ប្រើទាំងដៃទាំងពីរជើងទាំងពីរចាប់ឱបក្រសោបរឹតក្ដោបស្នេហាដែលគ្មានឫសគល់នោះឱ្យជាប់។ សំបុត្របានផ្ញើចេញទៅផុត ជារៀងរាល់ថ្ងៃ ស៊ីងលូតែងតែអន្ទះសាររត់ចុះទៅជាន់ក្រោមដើម្បីឆែករកមើលក្នុងប្រអប់សំបុត្រ។ បន្ទាប់ពីពេលពីរសប្តាហ៍ដ៏វែងអន្លាយក្រោយមក នៅថ្ងៃមួយ ទីបំផុតនាងក៏បានឃើញស្រោមសំបុត្រមួយដែលមានតែមផ្ញើមកពីអាមេរិកនៅក្នុងប្រអប់សំបុត្ររបស់នាង។ សំបុត្រដែលនាងក្ដោបកាន់ជាប់នៅក្នុងដៃនាងនេះនឹងប្រកាសពីជោគវាសនានៃស្នេហារបស់នាងនៅក្នុងពេលបន្តិចទៀតនេះ នាងបោះជំហានឡើងទៅលើកាំជណ្តើរដោយយឺតៗ សំបុត្រក្នុងដៃរបស់នាងផុយស្រួយដូចជាស្លឹកឈើក្រៀម។ ឡើងទៅដល់លើផ្ទះ នាងរុញទ្វារបន្ទប់គេងបើក ដើរចូលទៅខាងក្នុង។ «ពួកយើងនៅវ័យក្មេងនៅឡើយ ត្រូវយកចិត្តទុកដាក់ទៅលើការសិក្សាជាមុន…សុំទោសផង…អូននឹងបំភ្លេចបងបាន…អូនប្រាកដជាអាចរកឃើញសុភមង្គលពិត…» ស៊ីងលូអង្គុយនៅលើគ្រែ កែវភ្នែកផ្ទុកដោយតំណក់ទឹកភ្នែក អានជាថ្មីម្ដងហើយម្ដងទៀតនៅឃ្លាចុងក្រោយនោះ នៅក្នុងខួរក្បាលរបស់នាងឡើងរញ៉េរញ៉ៃអស់ រាងកាយទាំងមូលស្ពឹកស្រពន់។ ពិភពលោកទាំងមូលរបស់នាងប្រែជាបែកខ្ចាយខ្ទេច ហេតុអ្វីបានជាងាយស្រួលបែកខ្ចាយយ៉ាងនេះ? ហេតុអ្វីបានជានាងមិនអាចទៅអាមេរិក? ម្តាយនាងនៅខាងក្រៅស្រែកហៅនាង នាងសោកសៅយកសំបុត្រទៅលាក់ទុក រួចបើកទ្វារចេញទៅក្រៅ។ ម្ដាយនាងបានយកសម្លៀកបំពាក់ស្អាតៗប៉ុន្មានសម្រាប់មកឱ្យនាង គឺជាសម្លៀកបំពាក់ចាស់របស់កូនស្រីថៅកែរបស់គាត់ដែលមានអាយុប្រហាក់ប្រហែលនឹងនាង។ ម្តាយរបស់នាងនិយាយថា: «ក្មេងស្រីម្នាក់នោះឆ្នាំក្រោយនឹងទៅរៀននៅអាមេរិក មុនពេលចាកចេញទៅ នាងចង់រៀបចំពិធីជប់លៀងរាំរែកមួយ!» ឮសូរតែ “ព្រូស!” ស៊ីងលូបានដួលសន្លប់ចុះទៅលើឥដ្ឋ។ តើប៉ុន្មានថ្ងៃបន្តបន្ទាប់ក្រោយមកទៀតទាំងនោះ ស៊ីងលូឆ្លងកាត់ទៅដោយយ៉ាងណា? ពេញមួយថ្ងៃពេញ នាងចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ ពេលខ្លះក៏ផ្អែកនៅលើមាត់បង្អួច ភ្នែកសម្លឹងមើលចេញទៅលើទីដងផ្លូវខាងក្រៅយ៉ាងភ្លឹកភ្លាំង សំងំនៅបែបនោះអស់ជាច្រើនម៉ោង ដោយមិននិយាយស្ដីអ្វីសូម្បីមួយម៉ាត់ ពេលញ៊ាំបាយ ក៏បានត្រឹមតែញ៊ាំប៉ុន្មានម៉ាត់ទាំងបង្ខំ។ នៅថ្ងៃមួយ ពេញមួយព្រឹកធំ ស៊ីងលូអង្គុយចុះនៅជាន់ក្រោម ទន្ទឹងរង់ចាំផ្លូវអ្នកយកសំបុត្រមក។ នៅក្នុងចិត្តនាងនឹកគិតថា៖ «ប្រហែលជាគេនឹងផ្លាស់ប្តូរចិត្ត!» ប៉ុន្តែអ្នកយកសំបុត្រនោះមិនបានយកស្រោមសំបុត្រដែលមានបិតតែមពណ៌ខៀវរបស់អាមេរិកមកនោះទេ។ ស៊ីងលូមានការអស់សង្ឃឹម ឡើងជណ្តើរទៅលើផ្ទះវិញ។ ពេលនាងចូលទៅក្នុងបន្ទប់គេង នាងបានឃើញសំបុត្រទាំងអស់ដែលឈិនជឺជាផ្ញើឱ្យនាងត្រូវបានបើករលាត់ចេញមកក្រៅអស់ បោះពង្រាយពេញនៅលើតុ ម្តាយរបស់នាងកំពុងតែឈរក្បែរតុ មានរូបរាងគួរឱ្យខ្លាច។ ស៊ីងលូស្ទុះទៅកញ្ឆក់សំបុត្រទាំងនោះ ស្រែកយំ៖ «ហេតុអីបានជាម៉ាក់មើលសំបុត្ររបស់ខ្ញុំ!» «ឯងថ្លើមធំខ្លាំងណាស់!» ម្ដាយនាងក្ដោបកាន់ដៃរបស់នាង ទាញមកម្ខាង ស្រែកគំហកសួរខ្លាំងៗថា៖ «តើឯងមានដេកជាមួយវាទេ?» «គ្មានទេ!» នាងស្រែកយំ។ «តើទីបញ្ចប់មានឬក៏អត់?!» ម្តាយនាងដូចជាមនុស្សឆ្កួតលីលា ចាប់បោចសក់របស់នាង រួចទះមួយកំផ្លៀងយ៉ាងខ្លាំងដៃ។ ស្នាមម្រាមដៃទាំងប្រាំដិតដាមនៅលើផ្ទៃមុខរបស់នាង ស៊ីងលូខំប្រឹងរើបម្រាស់ចេញពីដៃម្តាយរបស់នាង ដួលកំរោលចុះទៅលើគ្រែស្រែកទ្រហ៊ោយំខ្លាំងៗឡើងថា៖ «គ្មានទេ! គ្មានទេ! គ្មានទេ!» សូរសំឡេងបន្លឺចេញមករួមទាំងក្ដីឈឺចាប់និងវិប្បដិសារី។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្តាយរបស់នាងនៅតែមិនជឿនាង គាត់ចាប់ទាញនាងពីលើគ្រែចុះ អូសនាងចេញទៅកណ្ដាលទីផ្លូវ ស្ទះកាត់ឡានតាក់ស៊ីមួយ រុញច្រាននាងដែលកំពុងតែនៅស្រែកយំយែកចូលទៅក្នុងឡាន។ នៅក្នុងបន្ទប់គ្លីនិកដែលមានពន្លឺអំពូលភ្លើងបំភ្លឺស្រាលស្រទន់ ផួយក្រណាត់ស្ដើងមួយផ្ទាំងគ្របនៅលើខ្លួនប្រាណរបស់ស៊ីងលូ។ នាងពោរពេញដោយភាពអាម៉ាស់គេងនៅលើគ្រែតូចចង្អៀត ជង្គង់ទាំងពីរហែកចេញ ភ្លៅបើកចំហរ ទុកឱ្យអ្នកគ្រូពេទ្យវ័យកណ្តាលម្នាក់ត្រួតពិនិត្យមើលនាង បន្ទាប់មកនាងក៏ឮសំឡេងមនុស្សម្នាក់នោះដើរចេញទៅខាងក្រៅនិយាយស្ដីជាមួយនឹងម្តាយរបស់នាង។ ក្រោយពេលចេញពីបន្ទប់គ្លីនិកមកក្រៅ ម្តាយរបស់នាងបានកាន់ដៃនាងយ៉ាងណែន នៅក្នុងកែវភ្នែកបង្ហាញឱ្យឃើញក្ដីអាណិតស្រលាញ់។ ការអាក់អន់ចិត្តរវាងម្តាយនិងកូនស្រីត្រូវបានដោះស្រាយ នោះហាក់ដូចជាសម្រាប់ពួកគេទាំងពីរនាក់ ភាគីម្ខាងទៀតគឺជាកន្លែងតែមួយគត់ដែលពួកគេអាចពឹងផ្អែកលើនៅក្នុងជីវិតនេះ។ ម្ដាយរបស់នាងជូតទឹកភ្នែកដែលហូរចុះមិនឈប់ ខ្សឹបខ្សួលប្រាប់នាងថា៖ «ដាច់ខាតកុំទុកចិត្តលើមនុស្សប្រុសជារៀងរហូត!» ស៊ីងលូស្រក់ទឹកភ្នែក ហើយនោះគឺជាទឹកភ្នែកនៃក្ដីអាម៉ាស់។ ប៉ុន្តែមិនបានយូរប៉ុន្មាន រវាងម្តាយនិងកូនស្រីទាំងពីរក៏ចាប់ផ្តើមកើតមានព្យុះភ្លៀង។ លទ្ធផលការប្រលងបញ្ចប់មធ្យមសិក្សាត្រូវបានប្រកាស ស៊ីងលូមានតែពិន្ទុមុខវិជ្ជាភាសាអង់គ្លេសតែប៉ុណ្ណោះដែលគ្រប់។ នៅមុនពេលប្រកាសលទ្ធផលប្រលង ឬសូម្បីតែឋិតនៅក្នុងថ្ងៃប្រលងនោះតែម្ដង នាងបានប៉ាន់ស្មានដឹងទុកជាមុនពីលទ្ធផលមួយនេះរួចជាស្រេច។ ប៉ុន្តែប្រៀបដូចជានៅក្នុងលោកនេះ មនុស្សដែលទន្ទឹងរង់ចាំលើសំណាងគឺតែងតែបែបនោះឯកឯង ហេតុនេះស៊ីងលូក៏ធ្លាប់រំពឹងក្ដីសង្ឃឹមដោយឥតមូលហេតុ។ ប៉ុន្តែធាតុពិតនោះគឺប្រៀបដូចជាទឹកត្រជាក់មួយធុងស្រោចមកលើខ្លួនរបស់នាង ជំហានរបស់នាងរដាប់រដួលទៅដោយវិប្បដិសារី។ ហេតុអ្វីបានជានាងជឿមនុស្សម្នាក់នោះ? ហេតុអ្វីបានជាល្ងង់ខ្លៅហ៊ានគិតថាក្មេងប្រុសជំទង់ម្នាក់ដែលគ្មានសមត្ថភាពសូម្បីតែចិញ្ចឹមខ្លួនឯងរស់នោះអាចផ្ដល់សុភមង្គលនិងបំពេញក្ដីបំណងប្រាថ្នាឱ្យនាងបាន? នៅយប់នោះ ស៊ីងលូអង្គុយនៅលើកៅអីបង់នៅក្នុងសួនច្បារសាធារណៈ ខួរក្បាលរបស់នាងទទេស្អាត ផ្លូវត្រលប់ទៅផ្ទះវិញឆ្ងាយដល់ម្លឹង! ហើយនិងនៅមានទឹកមុខខឹងសម្បារបស់ម្ដាយនាងកំពុងរង់ចាំតែនាងនៅទីនោះ។ រហូតដល់ម៉ោងសួនច្បារត្រូវបិទ នាងឈានដើរទាំងល្ហិតល្ហៃវិលត្រលប់មកផ្ទះវិញ ក៏បានឃើញលោកប៉ាដែលពោរពេញដោយក្ដីនឿយណាយកំពុងអង្គុយនៅមុខកាំជណ្តើរផ្ទះជួល។ លោកប៉ារបស់នាងងើបក្បាលឡើង ពេលសម្លឹងឃើញនាង គាត់ដកដង្ហើមយ៉ាងធំ។ ប៉ុន្តែបន្ទាប់ពីឃើញក្រដាសលទ្ធផលប្រលងរបស់នាង គាត់មិនបាននិយាយស្ដីអ្វីទាំងអស់ ដោយគ្រាន់តែប្រគល់វាមកឱ្យនាងវិញ។ «ឡើងទៅលើនិយាយជាមួយនឹងអ្នកម៉ាក់កូនដោយខ្លួនឯងចុះ» ស៊ីងលូភិតភ័យខ្លាច ឈានមួយជំហានម្ដងៗឡើងលើកាំជណ្តើរ ដំណើរផ្លូវមួយនោះមានរយៈចម្ងាយវែងអន្លាយដូចជាមួយពាន់យោជន៍ ពិតជាមានចម្ងាយឆ្ងាយខ្លាំងណាស់។ ហេតុអ្វីទៅបានជាលោកប៉ារបស់នាងមិនកំដរនាងដើរនៅលើផ្លូវមួយនេះ? ថ្ងៃនោះ ពេលដែលម្តាយរបស់នាងចាប់អូសបង្ខំនាងចូលទៅក្នុងឡានតាក់ស៊ីទៅកាន់គ្លីនិក លោកប៉ារបស់នាងមិនបានមកជួយសង្គ្រោះនាងឡើយ។ ហើយនៅក្នុងយប់នេះ គាត់ក៏មិនបានឈោងដៃចេញមកជួយស្រោចស្រង់ដល់នាងដែរ នោះគឺជាការ បោះបង់ចោល! ក្រែងតាំងតែពីមុនមក ឪពុកកូននាងទាំងពីរតែងតែឈរនៅលើគោលជំហរតែមួយហ្អេស! ស៊ីងលូពិតជាសង្ឃឹមយ៉ាងខ្លាំងថាខ្លួនឯងអាចនឹងដួលសន្លប់ចុះឱ្យបានឆាប់ ឬមួយក៏ធ្លាក់ពីលើជណ្តើរនេះឱ្យស្លាប់ទៅតែម្ដង ព្រោះតែនាងមិនចង់ទៅប្រឈមមុខជាមួយម្តាយនាងឡើយ។ ប៉ុន្តែនៅទីបញ្ចប់ ពេលដែលម្តាយរបស់នាងបានឃើញក្រដាសលទ្ធផលប្រលងរបស់នាងនោះ គាត់មិនបានស្តីបន្ទោសឱ្យនាងទាល់តែសោះ។ ម្តាយរបស់នាងចាក់សោរឃុំខ្លួនឯងសំងំនៅក្នុងបន្ទប់ បន្ទាប់មកក៏អង្គុយយំ។ បើប្រៀបធៀបនឹងការដែលឱ្យគាត់ស្រែកច្រឡោតដាក់នាង គាត់ធ្វើដូច្នោះ រឹតតែធ្វើឱ្យនាងពិបាកស៊ូទ្រាំទ្រ ហាក់បីដូចជាអ្វីដែលនាងបានជាន់ពន្លិចនោះ មិនមែនត្រឹមតែជាឆាកជីវិតរបស់នាងទេ ប៉ុន្តែគឺជាឆាកជីវិតនិងអនាគតរបស់គ្រួសារនេះទាំងមូល រួមទាំងសេចក្តីសង្ឃឹមចៀសឆ្ងាយពីជីវភាពដ៏កម្សត់តោកយ៉ាកមួយនេះ។ យប់នោះ លោកប៉ារបស់នាងអង្គុយរង់ចាំនាងត្រលប់មកវិញនៅជាន់ខាងក្រោម បានធ្វើឱ្យគាត់បាត់បង់ការងារធ្វើនៅពេលយប់។ គាត់ថែមទាំងផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នាជាមួយនឹងម្ចាស់ផ្ទះ ទើបត្រូវបណ្ដេញចេញ។ ប៉ុន្តែ គ្រួសារពួកនាងនៅខ្វះថ្លៃឈ្នួលផ្ទះរយៈពេលបីខែជាប់គ្នា។ ក្រោយមក គ្រួសាររបស់នាងបានផ្លាស់ទៅស្នាក់នៅផ្ទះជួលចាស់មួយដែលតូចជាងផ្ទះបច្ចុប្បន្ន លោកប៉ារបស់នាងខ្ចីស្រាបំបាត់ទុក្ខ ម្តាយរបស់នាងដូចជារូបចម្លាក់យ៉ាងសោះកក្រោះ គាត់មិននិយាយស្តីរកស៊ីងលូ ហើយក៏មិនខ្ចីក្រឡេកភ្នែកមើលនាងសូម្បីតែបន្តិច។ ស៊ីងលូនឹកនាទៅដល់លោកតារបស់នាងដែលបានស្លាប់ទៅ នាងគ្រាន់តែធ្លាប់ឃើញគាត់តាមរយៈរូបថតនិងសាកសពដែលនៅសល់ចំហាយកក់ក្តៅចេញពីភាពចាស់ជរារបស់គាត់ នៅក្នុងការចងចាំដ៏ស្រពិចស្រពិល នាងព្យាយាមរម្លឹកមុខមាត់ដ៏គួរឱ្យស្រលាញ់របស់ជីតាម្នាក់នោះ។ ប្រសិនបើលោកតារបស់នាងនៅមានជីវិត នាងនឹងអង្វរគាត់ឱ្យនាំនាងទៅប្រទេសអង់គ្លេស នាងនឹងអាចទៅកាន់ទីនោះម្តងទៀត ប្រហែលជានាងអាចនឹងដូចជាសត្វបក្សីតូចទាំងនោះ ដេញចាប់ក្ដីស្រមៃរាប់មិនអស់ដែលធ្លាក់ចូលទៅក្នុងបាតសមុទ្រ។ . . . . . ឥឡូវនេះ នាងគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រូវចេញទៅក្រៅស្វែងរកការងារធ្វើប៉ុណ្ណោះ។ តាមពិត នាងហើយនិងម្តាយរបស់នាងនៅក្នុងមួយរយៈពេលនេះបានស្ដារភាពចុះសម្រុងគ្នាឡើងវិញ។ នាងដឹងថា នៅក្នុងគ្រួសារមួយដែលក្រីក្រ អ្នកណាអាចរកប្រាក់បាន អ្នកនោះនឹងមានតំណែងក្នុងគ្រួសារ។ ព្រោះតែមានរូបសម្ផស្សខាងក្រៅស្រស់ស្អាត មានប្រវត្តិធ្លាប់សិក្សារៀនសូត្រនិងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ នាងបានទទួលការងារចុះស្ដារផ្នែកលក់យ៉ាងឆាប់រហ័សនៅក្នុងហាងលក់សម្លៀកបំពាក់ប្រេនលំដាប់មួយកន្លែង។ ជារៀងរាល់ខែ ប្រាក់ខែមួយភាគធំរបស់នាងគឺប្រគល់ឱ្យទៅម្ដាយរបស់នាង ព្រោះតែនាងចង់គាស់មាត់បិទជិតជានិច្ចរបស់គាត់។ ជាក់ស្ដែង ម្តាយរបស់នាងក៏ចាប់ផ្តើមនិយាយជាមួយនាងសារជាថ្មី។ នាងដើមឡើយអាចដាក់ពាក្យសុំធ្វើការងារជាលេខាតូចនៅក្នុងក្រុមហ៊ុនមួយកន្លែង រស់នៅនៅក្នុងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃដ៏សាមញ្ញ។ ប៉ុន្តែព្រោះតែកំណើតលោភលន់លើភាពសម្បូរមានបានរបស់នាង ទើបនាំនាងឈានមករកហាងលំដាប់ដ៏ប្រណីតនេះ។ មនុស្សដែលមានរូបសម្រស់សាមញ្ញធម្មតាគឺគ្មានឱកាសអាចចូលមកធ្វើការនៅក្នុងហាងលំដាប់នេះទេ។ អ្នកណាៗក៏ដឹងដែរថា បុគ្គលិកស្រីៗនៅក្នុងហាងលំដាប់នេះគឺសុទ្ធតែស្រស់ស្អាតនិងទាន់សម័យបំផុត ពូកែតុបតែងស្លៀកពាក់។ ដោយហេតុនេះ នៅចំពោះមុខបុគ្គលិកស្រីៗទាំងអស់ដែលឈរនៅពីមុខមាត់ទ្វារហាងនោះ ពួកគេអាចបញ្ចេញឫកពារឆ្មើងឆ្មៃនិងក្រអឺតក្រទម។ សុីងលូបានយកឈ្នះលើគូប្រជែងជាច្រើន ទើបអាចឈានចូលទៅក្នុងពិភពដែលស្រោបដោយពន្លឺមាសពេជ្រទាំងនេះ។ កាលពីមុន ពេលដែលនៅរៀន នាងនិងលីមុីងជូរាល់ថ្ងៃចូលចិត្តបំផុតបន្ទាប់ពីរៀនចប់ នឹងចេញដើរកំសាន្តមើលនៅតាមហាងលក់សម្លៀកបំពាក់ទូទៅ ស្ទាបសាច់ក្រណាត់សម្លៀកបំពាក់ស្អាតៗទាំងនោះជាច្រើនដង អ្នកទាំងពីរថែមទាំងហ៊ានខ្លាំងដល់ថ្នាក់យកសម្លៀកបំពាក់ទាំងអស់នោះដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ផ្លាស់លមើល ដើម្បីលុបបំពេញចំណង់លោភចង់បានមួយផ្នែកនៅក្នុងជម្រៅចិត្តរបស់ពួកគេ នៅពេលដែលដើរចេញពីក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះ មានចេតនាជ្រួញចិញ្ចើមនិយាយថា សម្លៀកបំពាក់ទាំងនោះមិនស័ក្តិសមល្មមខ្លួន។ ប៉ុន្តែឥឡូវនេះ នាងអាចស្ទាបសម្លៀកបំពាក់ល្អៗទាំងនោះជារៀងរាល់ថ្ងៃតាមចិត្តចង់ ដែលសូម្បីតែប្រាក់ខែរាប់ខែឬរាប់ឆ្នាំរបស់នាងក៏នៅមិនអាចទិញបានផង។ បើនិយាយថាទីកន្លែងនោះជាហាងសម្លៀកបំពាក់លំដាប់នោះ គួរតែនិយាយថាជាកន្លែងកំសាន្តអារម្មណ៍ចាយលុយដូចទឹកវិញល្អជាង។ ភ្ញៀវដែលមកកាន់ទីនោះចំណាយប្រាក់យ៉ាងច្រើនសន្ធឹកទៅលើសម្លៀកបំពាក់ ដែលសឹងតែអាចទិញផ្ទះបានមួយខ្នង។ មនុស្សទាំងនោះជះលុយស្រោបលើជីវិតរស់នៅរបស់ពួកគេ ស្រោបលើយុវវ័យដ៏ខ្លីរបស់ពួកគេ លះដៃលះជើងលើការតុបតែងខ្លួនយ៉ាងសុីវីល័យនិងស្រស់ស្អាត ពាក់អាវរោមសត្វថ្លៃនៅលើដងខ្លួនសខ្ចីរបស់ពួកគេ ឬប្រើប្រាស់គ្រឿងអលង្ការថ្លៃទាំងឡាយមកស្រោបស្រប់លើវ័យអាយុកាលដែលសន្សឹមៗកន្លងផុតទៅរបស់ពួកគេ។ តួអង្គទាំងឡាយដែលបោះជំហានជើងចូលមកក្នុងពិភពកំសាន្តអារម្មណ៍នេះ សុទ្ធតែបញ្ចេញមកនូវអានុភាពខ្ពស់សម្ញែង។ សុីងលូធ្លាប់បានចាត់ឱ្យចេញទៅទទួលរាក់ទាក់ភ្ញៀវពិសេសដោយផ្ទាល់ មានព្រះនាងម្ចាស់អុឺរ៉ុប ភរិយារបស់ប្រធានាធីបតី ហើយនាងថែមទាំងធ្លាប់ទទួលរាក់ទាក់ជាមួយព្រះអង្គម្ចាស់អារ៉ាប់និងព្រះជាយាដ៏ស្រស់ស្អាតរបស់ព្រះអង្គម្ចាស់ផងដែរ កុំថាឡើយត្រឹមតែចួបមុខជាមួយនឹងតារាភាពយន្តល្បីនិងពួកអភិជនវណ្ណៈសង្គមជាន់ខ្ពស់ទាំងនោះ។ ការដែលយកខ្លួនទៅជ្រៀតប្រឡូកលិចលង់ទៅក្នុងពិភពកំសាន្តអារម្មណ៍នេះ នឹងឆាប់មានអារម្មណ៍ទទេស្អាតល្វឹងល្វើយ ប្រៀបដូចជាអ្នកញៀនអាភៀន នៅពេលដែលញៀនអាភៀននឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ពឹកស្រពន់ ហើយនិងស្របពេលជាមួយគ្នានោះកាន់តែអាក់អន់ចិត្តនឹងអ្វីៗទាំងអស់នៅក្នុងជីវិតនេះ។ ពួកគេមិនអាចបកក្បាលត្រលប់ក្រោយបានទៀតទេ វាហាក់បីដូចជាស្រមោលផ្សែងអ័ព្ទបង្កើតឡើងដោយការបំភាន់ភ្នែកទាំងនោះទើបជាសុភមង្គលដ៏ពិតប្រាកដ។ មានពេលខ្លះ សុីងលូក៏ដូចបុគ្គលិកស្រីៗដទៃទៀតនៅក្នុងហាងទាំងនោះដែរ ក្រោយពេលដែលចប់ម៉ោងធ្វើការ រង់ចាំមេការហាងចាកចេញទៅផុតភ្លាម ក៏ទាញរនាំងទ្វារបិទជិត ចាប់ទាញសម្លៀកបំពាក់ដែលខ្លួនឯងស្រលាញ់ចុះពីលើធ្នើរទូយកមកស្លៀកពាក់លមើលទៅលើខ្លួនម្ដងមួយៗ រួចក៏ឈរសម្លឹងមើលនៅពីមុខផ្ទាំងកញ្ចក់ធំ ដកដង្ហើមធំស្ញើចសរសើររូបរាងដ៏ស្រស់ស្អាតរបស់រូបខ្លួនឯង។ ដំបូងឡើយ សុីងលូក៏ធ្លាប់មានអារម្មណ៍ត្រេកត្រអាល នៅពេលដែលធ្វើរឿងទាំងនោះដែរ ប៉ុន្តែជាយូរក្រោយៗមកទៀត នៅពេលដែលនាងដឹងខ្លួនថាខ្លួនឯងបានត្រឹមតែស្ទាបប៉ះលើរបស់ខ្ចីពាក់ដ៏ប្រណីតទាំងនេះ កាន់តែធ្វើឱ្យនាងយល់ថាកាន់តែណាយចិត្ត។ នាងមិនឈប់ទទូចស្ដីបន្ទោសភាពអយុត្តិធម៌របស់ព្រះជាម្ចាស់។ សម្បកក្រៅរបស់ភ្ញៀវដែលមកកាន់ទីនេះទាំងអស់នោះគឺមិនស្រស់ស្អាតដូចជានាងនោះទេ រាងរៅក៏មិនស្រស់ស្អាតស្មើនឹងនាងដែរ។ តើព្រះជាម្ចាស់កំពុងតែលេងសើចជាមួយនឹងនាងមែនទេ? ទ្រង់បានផ្លាស់ប្តូរសមាសភាពរបស់នាងជាមួយនឹងពួកមនុស្សទាំងនោះ តើមែនដែរទេ? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សុីងលូនៅតែត្រូវខាំសង្កត់ធ្មេញវិលត្រលប់មករកការពិតវិញ។ នៅថ្ងៃបន្ទាប់ អ្វីៗទាំងអស់ក៏បានផ្លាស់ប្តូរ។ នាងខិតខំធ្វើការងារយ៉ាងស្ងៀមស្ងាត់ ចូលរៀនវគ្គបណ្តុះបណ្តាលដែលក្រុមហ៊ុនជាអ្នករៀបចំ នាងព្យាយាមរៀនពីរបៀបនៃការតុបតែងស្លៀកពាក់ឱ្យបានល្អជាងមិត្តរួមការងារដទៃទៀត ស្វែងរកទិន្នន័យកត់ត្រាទុក។ នាងដើមឡើយមានទេពកោសល្យពីកំណើតស្រាប់ ដូច្នោះលទ្ធផលតែងឈរនៅលំដាប់កំពូលក្នុងថ្នាក់ជាច្រើនឆ្នាំមកនេះ គ្រូបង្រៀនទាំងអស់សុទ្ធតែផ្តល់ការកោតសរសើរនិងពេញចិត្តចំពោះនាង។ នាងថែមទាំងបានចូលរៀនថ្នាក់ភាសាជប៉ុនផងដែរ។ ឥឡូវនេះ ជារៀងរាល់ថ្ងៃនៅកន្លែងធ្វើការ ទោះសូម្បីតែពេលត្រូវប្រឈមមុខនឹងភ្ញៀវដែលក្រអឺតក្រទមបំផុតនិងមិនគោរពអ្នកដទៃជាទីបំផុតក៏ដោយ ក៏នាងនៅតែញញឹម បម្រើសេវាកម្មយ៉ាងយកចិត្តទុកដាក់។ មិនថាយ៉ាងណាក្ដី មិនបន្ទោសបាន នាងមានពេលខ្លះមិនអាចទប់ទល់ចិត្តនៅតែលួចសម្លៀកបំពាក់ដ៏ប្រណីតនៅលើធ្នើរទូខោអាវទាំងនោះមកលមើលលើខ្លួនរបស់នាង។ រយៈពេលយូរៗទៅ នាងកាន់តែនៅស្ងៀមស្ងាត់និយាយស្ដីតិច ស្រងូតស្រងាត់ លែងខំស្វះស្វែង ហាក់ដូចជាព្រមទទួលយកជោគវាសនានៃជីវិតបែបនេះ។ ក៏ប៉ុន្តែកាន់តែធ្វើយ៉ាងនេះនាងរឹតកាន់តែពោរពេញទៅដោយមហិច្ចតាចង់បាន ក្ដីកំហឹង និងក្ដីខឹងស្អប់។ ទោះនាងស្គមស្គាំង ស្លេកស្លាំង ក៏អ្នកដទៃនៅតែអាចមានអារម្មណ៍អំពីមន្តស្នេហ៍ដ៏ត្រជាក់ល្អូកចេញពីលើខ្លួនរបស់នាង។ ការព្រមចុះញ៉មលើព្រេងវាសនារបស់នាងតាមពិតគឺជាប្រឆាំងតបតមួយបែប នាងព្រមនៅស្ងៀមស្ងាត់ក៏ព្រោះតែនាងយល់ថាហត់នឿយល្វើយកាយ។ ភាពសោះកក្រោះដ៏ឯកោនេះ ធ្វើឱ្យនាងរឹតតែនឹកស្រណោះចំពោះសេចក្ដីស្នេហា ក្តីសង្ឃឹម និងសុភមង្គលដែលធ្លាប់ធ្វើឱ្យបាត់បង់ទៅ។ មានថ្ងៃមួយ សុីងលូកំពុងតែនៅក្នុងហាងរៀបចំសម្លៀកបំពាក់នៅលើធ្នើរ ក៏ស្រាប់តែមានសំឡេងមួយបន្លឺឡើងនៅក្បែរខ្លួននាង៖ «អត់ទោ! ខ្ញុំត្រូវការរកទិញអាវសឺមីមួយ!» សុីងលូបែរក្បាលទៅក្រោយសម្លឹងទៅរកមើលអ្នកដែលកំពុងនិយាយនោះ។ រូបសម្បត្តិរបស់គេគឺស្អាតសង្ហាខ្លាំងណាស់ គេយួរអាវធំពណ៌ប្រផេះនៅលើដៃមួយជំហៀង នៅលើខ្លួនរបស់គេពាក់អាវសឺមីពណ៌សនិងស្លៀកខោអឺរ៉ុបពណ៌ខ្មៅអ៊ុតត្រង់ផ្លី នៅលើកអាវសឺមីរបស់គេមានចងក្រវ៉ាត់កពណ៌ផ្កាឈូកដិត ស្បែកជើងស្បែកអឺរ៉ុបថ្លៃពណ៌ខ្មៅនៅលើជើងចែងភ្លឺចែងចាំង គេរំលេចស្នាមញញឹម បញ្ចេញធ្មេញទាំងជួរសស្គុសដូចជាព្រិល ទឹកមុខយ៉ាងរីករាយនោះ ពោរពេញទៅដោយភាពរស់រវើកនិងស្វាហាប់ ហាក់បីដូចជាមិនថាឋិតនៅក្នុងកាលៈទេសៈណាក៏អាចបង្កើតនូវចំណុចជាច្រើនដ៏គួរឱ្យជាទីបេតី។ សុីងលូប្រទះឃើញថានៅលើអាវសឺមីត្រង់ដើមទ្រូងរបស់គេមានស្នាមប្រឡាក់កំណកកាហ្វេស្ងួតមួយ។ គេសម្លឹងមើលទៅសុីងលូហើយនិយាយថា៖ «អម្បាញ់មិញនេះនៅហាងកាហ្វេ ខ្ញុំមិនប្រយ័ត្នធ្វើឱ្យកំពប់កាហ្វេប្រឡាក់លើអាវ បន្តិចទៀតត្រូវចេញទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិ ទើបមិនមានពេលត្រលប់ទៅផ្ទះផ្លាស់ប្តូរអាវថ្មី» «ចា៎! លោក! សូមលោករង់ចាំបន្តិច! ខ្ញុំនឹងទៅយកអាវឱ្យលោករើសមើល! សូមសួរថាតើខ្ញុំគួរហៅនាមលោកយ៉ាងណា?» គេឆ្លើយតបថា៖ «ខ្ញុំមានត្រកូល យ៉ាង» សុីងលូសាកសួរ Size អាវរបស់គេ បន្ទាប់មកទៅយកអាវសឺមីប៉ុន្មានឈុតចេញពីធ្នើរ ហើយរៀបដាក់បង្ហាញចេញម្តងមួយៗនៅចំពោះមុខគេ សរុបទាំងអស់មានម៉្ភៃអាវ។ «លោកយ៉ាង! សូមអញ្ចើញមើល តើអាវទាំងអស់នេះយ៉ាងណាដែរ?» នាងសួរទៅគេ។ គេក្រឡេកមើលទៅកាន់អាវសឺមីមួយនៅពីមុខគេ ហើយនិយាយថា៖ «មើលដំបូងៗឃើញថាគ្រាន់បើទាំងអស់!» សុីងលូបែរផ្ទៃមុខមក កែវភ្នែកភ្លឺមូលក្រឡង់សម្លឹងទៅរកគេ និយាយថា៖ «មែនហើយ! អាវទាំងអស់នេះគឺសុទ្ធតែស័ក្តិសមចំពោះលោក» គេក្រឡេកមើលសុីងលូ ហើយញាក់ស្មាថា៖ «អ៊ីចឹងទិញយកទាំងអស់តែម្ដងចុះ!» កែវភ្នែករបស់សុីងលូនៅតែនឹងនរដូចធម្មតា មើលមិនឃើញសញ្ញាណអ្វីទាំងអស់៖ «អរគុណជាខ្លាំងណាស់!​​ លោកយ៉ាង! អ៊ីចឹងតើយប់នេះលោកនឹងពាក់អាវណាទៅចូលរួមពិធី?» គេឆ្លើយតបទៅនាង: «នាងជួយជ្រើសរើសយកមួយជួសខ្ញុំទៅ» សុីងលូក្រឡេកមើលទៅកាន់សម្លៀកបំពាក់និងក្រវ៉ាត់ករបស់គេនៅថ្ងៃនេះ នាងកាន់អាវសឺមីពណ៌សមួយដែលមានប៉ាក់ថ្នេរក្បាច់ផ្កាពណ៌ខ្មៅងងឹត សាកសួរទៅគេដោយស្នាមញញឹមថា៖ «លោកយ៉ាង! អាវនេះលោកយល់យ៉ាងណាដែរ?» «ស្អាតខ្លាំងណាស់» គេពោលតប។ បន្ទាប់មក សុីងលូនាំផ្លូវគេចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ ពេលគេផ្លាស់ប្តូរអាវថ្មី ដោះក្រវ៉ាត់កចេញ រូបរាងរបស់គេស្រស់សង្ហាខ្លាំងណាស់។ «តើត្រូវការឱ្យខ្ញុំជួយដែរទេ?» សុីងលូពោលសួរ។ «អ្ហ៎… អរគុណ!» ដៃទាំងពីររបស់គេស៊ូកក្នុងហោប៉ៅ។ សុីងលូឈានដើរចូលទៅជិត លើកដៃឡើងចងខ្សែក្រវាត់កឱ្យគេ។ រោមភ្នែកកោងស្អាតនៅលើត្របកភ្នែករបស់នាងសំយុងចុះទៅមុខ កែវភ្នែករបស់នាងផ្ចិតផ្ចង់ ទម្រង់ផ្ទៃមុខនិងគល់ជើងសក់របស់នាងស្ថិតនៅពីក្រោមពន្លឺភ្លើងចង្កៀងកាន់តែរំលេចនូវភាពស្រស់ស្អាតយ៉ាងឥតខ្ចោះ បបូរមាត់បិទជិតរបស់នាងបញ្ចេញភាពផូផង់ប្រៀបដូចជាស្រទាប់ផ្កាអង្គារសីល៍។ នាងធុំក្លិនចំហាយទឹកអប់ស្រាលៗនៅលើដងខ្លួនរបស់គេ ទាំងស្រពិចស្រពិលថែមទាំងមានអារម្មណ៍ថាខ្យល់ដង្ហើមរបស់គេកំពុងត្រដុសចុះមកលើក្បាលសក់របស់នាង។ ក្បាលរបស់នាងសឹងតែបន្តិចប៉ះត្រូវលើចង្ការបស់គេ ខណៈពេលនោះគេចាប់ភ្លឹកឃើញដោយអចេតាឃើញថានៅលើកអាវបត់របស់នាង មានប្រឡាក់កម្ទេចកំណកម៉្សៅពណ៌ស មើលពីដំបូងទៅហាក់ដូចជាម៉្សៅរបស់កូនក្មេងខ្លាំងណាស់ រំសាយភាយនូវក្លិនក្រអូបដែលធ្វើឱ្យអ្នកដទៃធ្លាក់ក្នុងអន្លង់។ អ្នកទាំងពីរឈរនៅស្ងៀមអស់ជាយូរដោយមិននិយាយស្ដីអ្វី។ បន្ទាប់មកសុីងលូក៏ទម្លាក់ដៃរបស់នាងចុះ ឈានថយចេញបន្តិចរក្សាគំលាតនិយាយថា៖ «រួចរាល់ហើយលោក» គេលើកដៃឡើងស្ទាបៗក្រវាត់កលើខ្លួនគេដែលបានចងយ៉ាងស្អាតរៀបរយ និយាយតាមត្រង់ទៅ គេពិតជាមិនចង់ទៅចូលរួមពិធីនោះសោះឡើយ គេមិនចូលចិត្តរៀបឫករៀបពារនៅក្នុងទំនាក់ទំនងសង្គមទាំងនោះជាខ្លាំង។ សុីងលូសួរថា៖ «មង្គលការមិត្តល្អមែនទេ?» «អត់ទេ! គ្រាន់តែជាមិត្តរួមថ្នាក់ចាស់ម្នាក់នៅសាកលវិទ្យាល័យ Stanford» សុីងលូឧទានឡើង៖ «អូ៎… គឺនៅអាមេរិក…» «នាងធ្លាប់ទៅអាមេរិកដែរហ្អេស?» សុីងលូឆ្លើយតប៖ «ខ្ញុំមិនដែលទៅទីនោះទេ គ្រាន់តែ…ខ្ញុំមានមិត្តម្នាក់ កំពុងសិក្សាក្រៅប្រទេសនៅទីនោះ» គេម្ខាងនោះសួរថា៖ «ចុះឥឡូវនៅទាក់ទងគ្នាទៀតទេ?» សុីងលូស្រាប់តែនឹកឃើញដល់ឈិនជឺជា កែវភ្នែកផ្ទុកនូវភាពក្រៀមក្រំរបស់នាងព្រិចៗចុះបន្តិច និយាយដោយខ្សឹបខ្សួលថា៖ «លែងនៅទាក់ទងទៀតហើយ» សុីងលូដកស្លាកតម្លៃចេញពីលើអាវនីមួយៗ នាងទទួលយកកាតធនាគាររបស់ភ្ញៀវម្នាក់នោះហើយក្រឡេកមើលឡើងទៅលើ ឈ្មោះរបស់គេគឺ យ៉ាងជិនមុីញ។ នាងស្នើរសុំឱ្យគេចុះហត្ថលេខាទៅលើក្រដាសវិក័យប័ត្រ។ គេម្ខាងនោះពោលឡើងម្តងទៀតថា៖ «ចាំបន្តិច ខ្ញុំកំពុងតែរកនឹកមធ្យោបាយដើម្បីគេចខ្លួន» សុីងលូសួរថា៖ «ពិធីប្រារព្ធនៅទីនេះហ្អេស?» គេម្ខាងនោះងក់ក្បាល ញញឹមៗនិយាយថា៖ «ឮសូរថាអញ្ជើញភ្ញៀវស្ទើរតែពាក់កណ្ដាលទីក្រុងហុងកុងនេះទៅចូលរួម» សុីងលូលាត់ក្រដាសពណ៌សស្ដើងមួយសម្រាប់ខ្ចប់អីរ៉ាន់ចេញ បន្ទាប់មកបត់អាវរបស់គេដាក់ចូលទៅក្នុង ញញឹមហើយនិយាយថា៖ «មង្គលការតែងជារឿងមួយដែលគួរឱ្យអបអរសាទរ» នៅពេលដែលនាងងើយមុខឡើង នាងសម្លឹងឃើញកែវភ្នែករបស់គេម្ខាងនោះកំពុងសញ្ចឹងមើលមកនាង ធ្វើឱ្យមុខនាងឡើងក្រហមព្រឿងៗ។ បន្ទាប់មក នាងក៏យកអាវដែលរុំខ្ចប់យ៉ាងស្អាតនោះដាក់ទៅក្នុងថង់ក្រដាស រួចជូនដំណើរភ្ញៀវចាកចេញទៅវិញ។ អ្នកទាំងពីរចែកផ្លូវគ្នានៅមាត់ទ្វារ។ នាងឃើញរូបគេដើរតែម្នាក់ឯងទៅកាន់សាលពិធីដែលស្ថិតនៅជាន់ទីពីរ ផែនខ្នងអាវធំពណ៌ប្រផេះនោះក៏សន្សឹមៗរសាត់បាត់ចេញពីកន្ទុយភ្នែកនាងបន្តិចម្តងៗ។ នៅថ្ងៃបន្ទាប់ យ៉ាងជិនមុីញក៏បានមកម្ដងទៀត។ នៅពេលគេបានឃើញសុីងលូ គេរំលេចស្នាមញញឹមបង្ហាញធ្មេញសស្អាត ដោយនិយាយថា៖ «ម្សិលមិញខ្ញុំស្ដាប់តាមសំដីនាង អង្គុយរហូតដល់ចប់កម្មវិធី ញ៊ាំឆ្អែតខ្លាំងឡើងប៉ោងពោះ ហេតុនេះហើយខ្ញុំត្រូវការទិញខោថ្មីបន្ថែម» សុីងលូក៏សួរថា៖ «តើលោកពេញចិត្តម៉ូតណាដែរ?» គេឆ្លើយតបថា៖ «នាងជួយជ្រើសរើសជួសខ្ញុំពីរបីសម្រាប់មកចុះ! ព្រោះថ្វីភ្នែកជ្រើសរើសសម្លៀកបំពាក់របស់នាងគឺពិតជាល្អណាស់!» ក៏ដូចជាពីម្សិលមិញផងដែរ គេបានទិញយកខោទាំងអស់ដែលសុីងលូជ្រើសរើស។.

ភាគទី6: សន្សើមព្រឹក (ភាគ៦)

រយៈពេលបីថ្ងៃបន្តបន្ទាប់ យ៉ាងជិនមុីញនៅតែមកក្នុងហាងទិញសម្លៀកបំពាក់។ សម្លៀកបំពាក់ដែលគេស្លៀកពាក់គឺសុទ្ធតែជ្រើសរើសតាមចិត្តចង់ ប៉ុន្តែក៏មើលទៅថ្លៃថ្នូរផងដែរ ដែលការធ្វើតាមតែចិត្តឯងនិងភាពថ្លៃថ្នូរចេញពីក្នុងខ្លួនគេស្រាប់នោះធ្វើឱ្យគេមើលទៅដូចជាមនុស្សមិនធម្មតា។ គេជាមួយនិងសុីងលូតែងតែជជែកគ្នាលេងអំពីម៉ូតរដូវកាលសម្លៀកបំពាក់ចេញថ្មីៗ គេក៏ចូលចិត្តស្ដាប់ភ្លេងតន្ត្រីបុរាណផងដែរ ចូលចិត្តមើលល្ខោន និងចូលចិត្តសិល្បៈឆ្នៃប្រតិដ្ឋ។ មានថ្ងៃមួយ យ៉ាងជិនមុីញបាននិយាយរៀបរាប់អំពីទីកន្លែងជាច្រើនដែលគេធ្លាប់បានទៅ រៀបរាប់ប្រាប់នាងពីជីវិតនៅ Stanford ផ្ទះរបស់គ្រួសារគេដែលមាននៅទីក្រុង Paris Tokyo Barcelona និងថែមទាំងមានផ្ទះនៅទីក្រុងឡុងដ៍។ សុីងលូក៏និយាយសង្កត់ធ្ងន់ថា៖ «ខ្ញុំក៏ធ្លាប់បានទៅទីក្រុងឡុងដ៍ពីមុនដែរ។ ពាក់កណ្តាលជីវិតរបស់លោកតាខ្ញុំគឺរស់នៅទីក្រុងឡុងដ៍នោះឯង តែគាត់បានទទួលអនិច្ចកម្មច្រើនឆ្នាំមកហើយ» យ៉ាងជិនមុីញក្រឡេកមើលនាង រួចសួរថា៖ «តើទីក្រុងឡុងដ៍គឺជាទីក្រុងដែលនាងស្រលាញ់ខ្លាំងបំផុតមែនទេ?» ស៊ីងលូបានត្រឹមតែនិយាយថា៖ «មិនដែលប្រៀបធៀបពីមុនមក ហេតុនេះទើបមិនដឹង!» ប៉ុន្តែនិយាយសម្រាប់នាង ទីក្រុងឡុងដ៍បានប្រែក្លាយទៅជាទីកន្លែងនិមិត្តតំណាងមួយ ដែលតំណាងឱ្យថានាងធ្លាប់មានប្រវត្តិគ្រួសារដូចជាពួកអ្នកអភិជន ប្រៀបដូចជាចៅស្រីស្តេចរបស់អាណាចក្រដួលរលំមួយនៅប៉ែកអឺរ៉ុប ឆាកជីវិតនាពេលបច្ចុប្បន្នរបស់នាងគឺគ្រាន់តែជាការផ្តន្ទាចៃដន្យពីជោគវាសនាប៉ុណ្ណោះ។ បន្តិចក្រោយមក យ៉ាងជិនមុីញក៏បាននិយាយថា៖ «ប្រហែលជាមួយរយៈក្រោយខ្ញុំនឹងមិនបានមកកាន់ទីនេះទៀតទេ» ទឹកមុខរបស់សុីងលូក៏ស្រាប់តែប្រែជាស្លេកស្លាំង រហ័សសួរទៅគេថា៖ «អឺ… ហេតុអីក៏អ៊ីចឹង?» ដៃទាំងពីររបស់យ៉ាងជិនមុីញស៊កក្នុងហោប៉ៅ សម្លឹងមើលកែវភ្នែកខ្មៅថ្លាធំៗរបស់នាងហើយនិយាយថា៖ «សម្លៀកបំពាក់ដែលខ្ញុំបានទិញមួយរយៈនេះ ល្មមគ្រប់គ្រាន់អាចឱ្យខ្ញុំស្លៀកពាក់បានដប់ឆ្នាំហើយ!» សុីងលូសម្លឹងមើលគេ ខ្ជិបបបូរមាត់បន្តិចហើយនិយាយថា៖ «មែនហើយ! មនុស្សម្នាក់ពិតជាមិនចាំបាច់ត្រូវការស្លៀកពាក់សម្លៀកបំពាក់ច្រើនយ៉ាងនេះនោះទេ!» យ៉ាងជិនមុីញងក់ក្បាលចុះ។ «ដ្បិតទិញសម្លៀកបំពាក់ច្រើនក៏ដោយ ក៏ខ្ញុំវិលទៅវិលមកនៅតែស្លៀកសម្លៀកបំពាក់ចាស់ៗដដែល» សុីងលូចង់រិះរកការងារបន្តិចបន្តួចមកធ្វើ ដើម្បីបង្វែលអារម្មណ៍តប់ប្រមល់របស់ខ្លួនឯង ហេតុនេះទើបនាងយកសម្លៀកបំពាក់ពីរបីសម្រាប់ដែលបានបត់ទុកយ៉ាងស្អាតបាតនៅលើធ្នើរទូ យកមកបត់ឡើងវិញសារជាថ្មី ម្ដងហើយម្ដងទៀត។ «ហេតុអីបានជាលោកមិនស្លៀកសម្លៀកបំពាក់ថ្មីដែលទើបនឹងទិញនោះ?» នាងសួរបណ្ដើរក្នុងពេលកំពុងបត់សម្លៀកបំពាក់បណ្ដើរ។ យ៉ាងជិនមុីញបាននិយាយថា៖ «មនុស្សខ្ញុំ បើស្រលាញ់អ្វីមួយ នឹងស្រលាញ់ជាប់ជានិច្ច» សុីងលូក្រឡេកមើលគេបន្តិច ឧទានឡើងតែមួយឃ្លា៖ «អូ៎…ភ្ញៀវដទៃមួយចំនួនក៏និយាយបែបនេះដែរ» «ក្រៅពីនេះទៀត…» យ៉ាងជិនមុីញបាននិយាយថា៖ «សប្តាហ៍ក្រោយ ខ្ញុំត្រូវទៅប្រទេសអុីតាលី» សុីងលូសួរថា៖ «ទៅដើរកំសាន្តជាមួយនឹងមិត្តភក្តិមែនទេ?» យ៉ាងជិនមុីញញញឹមនិយាយថា៖ «មិនមែនទេ! ខ្ញុំទៅទីនោះចូលរួមការប្រណាំងឡាន» សុីងលូភ្ញាក់ឱ្យព្រើត រហ័សសួរថា៖ «លោកជាអ្នកប្រណាំងឡានអាជីពហ្អេស?» យ៉ាងជិនមុីញសើចស្រស់បស់និយាយថា៖ «គឺគ្រាន់តែបើកប្រណាំងលេងជាមួយនឹងមិត្តភក្តិប៉ុណ្ណោះ» សុីងលូបើកភ្នែកធំៗ ហើយនិយាយថា៖ «ប្រណាំងឡានគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់!» នៅលើទឹកមុខរបស់យ៉ាងជិនមុីញបង្ហាញឡើងនូវភាពជឿជាក់យ៉ាងខ្លាំងថា៖ «ពេលមើលពីក្រៅទៅយល់ថាគ្រោះថ្នាក់ណាស់អ៊ីចឹងឯង ប៉ុន្តែវាមិនដូច្នោះទេ ឱ្យតែសាកល្បងឆ្លងកាត់បន្តិចនោះប្រាកដជាចូលចិត្តលើវាជាមិនខាន» បន្ទាប់មក យ៉ាងជិនមុីញក៏ក្រឡេកមើលទៅនាឡិកាក្នុងដៃបន្តិច រួចងើយមុខឡើងសម្លឹងមើលទៅសុីងលូនិយាយថា៖ «នាងជិតចប់ម៉ោងធ្វើការហើយឬនៅ?» សុីងលូឆ្លើយតបថា៖ «មែនហើយ ខ្ញុំជិតដល់ម៉ោងចេញពីធ្វើការហើយ» យ៉ាងជិនមុីញក៏សួរបន្តទៀតថា៖ «ក្រោយចេញពីធ្វើការ បើសិនជានាងទំនេរ តើពួកយើងអាចចេញទៅញ៊ាំអាហារពេលយប់ជាមួយនឹងគ្នាបានទេ?» នោះគឺជាពេលយប់ដ៏រីករាយមួយ សុីងលូអង្គុយនៅក្នុងឡានស្ព័រតម្លៃថ្លៃកប់ក្ដោងដែលមានចុងកន្ទុយឡានពណ៌ក្រហមឆើតរបស់យ៉ាងជិនមុីញ។ រថយន្តរបស់គេបើកបរដោយល្បឿនសន្ទុះយ៉ាងលឿននៅលើផ្លូវហាយវេតាមផ្លូវជាយក្រុង។ មានពេលខ្លះ សុីងលូប្រើដៃបិទខ្ទប់ភ្នែកមិនហ៊ានសម្លឹងមើលទៅទីខាងមុខ។ យ៉ាងជិនមុីញទាញដៃនាងចេញម្តងហើយម្តងទៀត និយាយថា៖ «កុំខ្លាចអី!» រថយន្តបើកបរស្ទុះដូចជាខ្យល់កួចឆ្ពោះសំដៅទៅលើកំពូលភ្នំ ពួកគេអង្គុយនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅលើកំពូលភ្នំទទួលទានអាហារ។ ភ្លៀងធ្លាក់ពេញពីរសប្តាហ៍ជាប់គ្នា គាប់ចួនយប់ថ្ងៃនេះមេឃប្រែជារាំងស្រឡះល្អ លម្ហក្នុងយប់រាត្រីរឹតតែស្រស់ថ្លាត្រកាល ផ្កាយនៅឯជើងមេឃក៏រឹតតែភ្លឺចែងចាំង។ យ៉ាងជិនមុីញលាន់មាត់ថា៖ «ពួកយើងពិតជាសំណាងល្អមែន!» សុីងលូនិយាយថា៖ «មែនហើយ! ខានឃើញផ្កាយរះជាយូរមកហើយ» យ៉ាងជិនមុីញសម្លឹងមើលមកកាន់កែវភ្នែករបស់នាង ហើយនិយាយថា៖ «ប៉ុន្តែកែវភ្នែកទាំងគូរបស់នាងគឺរឹតតែភ្លឺស្អាតជាងផ្កាយនៅលើមេឃទៅទៀត» សុីងលូអស់សំណើច៖ «ពិតមែនហ្អេស?» យ៉ាងជិនមុីញសម្លឹងមើលទៅនាងយ៉ាងផ្ជិតផ្ជង់ម្តងទៀត ហើយនិយាយថា៖ «កែវភ្នែកទាំងគូធំក្រឡង់យ៉ាងហ្នឹង ប្រាកដជាក់ជាបន្ទុកធ្ងន់ខ្លាំងណាស់មែនទេ?» សុីងលូជ្រួញៗលើចុងច្រមុះបន្តិចនិយាយថា៖ «បន្ទុកធ្ងន់ហ្អេស?» យ៉ាងជិនមុីញលួចញញឹមនៅចុងមាត់។ «កែវភ្នែកមូលធំៗយ៉ាងនេះ ហើយនិងរោមភ្នែកវែងងរក្រាស់ឃ្មឹកយ៉ាងនេះយ៉ាងហោចណាស់ក៏ទម្ងន់ពីររយក្រាមដែរមើលទៅ? ធ្វើម្ដេចនឹងមិនមែនជាបន្ទុកមួយនោះ? ប៉ុន្តែផ្ទុយទៅវិញ វាគឺជាបន្ទុកដ៏សែនស្រស់ស្អាតមួយ» សុីងលូក៏សើចឡើងនិយាយថា៖ «លោកកាលនោះរៀនគណិតវិទ្យានៅឯ Stanford មែនទេ? តើលោកអាចគណនាចេញទម្ងន់ពីររយក្រាមបានដោយយ៉ាងណា?» យ៉ាងជិនមុីញឆ្លើយតបថា៖ «ខ្ញុំសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម» គេនិយាយថា ក្រោយពេលបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក គេត្រលប់មកកាន់កាប់មុខជំនួញគ្រួសារ។ គ្រួសាររបស់គេបើករោងចក្រតម្បាញនិងកាត់ដេរ។ ដើមឡើយ គេគិតចង់ចេញរកសុីដោយឯករាជ្យ ប៉ុន្តែឪពុករបស់គេត្រូវការគេជាចាំបាច់។ ក្រោយពេលហូបអាហាររួច ពួកគេទាំងពីរក៏ដើរថ្មើរជើងលេង ស្រស់ស្រូបខ្យល់អាកាសនៅលើកំពូលភ្នំ។ គេសម្លឹងមើលមកនាងដោយក្រសែភ្នែកកោតស្ញប់ស្ញែងអស់ពីហឫទ័យ ហើយក៏និយាយទៅកាន់នាងថា៖ «តើថ្ងៃស្អែកខ្ញុំនៅអាចមានឱកាសបានចួបនាងទៀតទេ?» សុីងលូបន្ទាបក្រសែភ្នែកដែលកំពុងតែមានសុភមង្គលចុះបន្តិច រំលេចស្នាមញញឹមយ៉ាងស្រទន់ដាក់គេ។ រយៈពេលពេញមួយសប្តាហ៍បន្ទាប់នោះ ពួកគេតែងចួបមុខគ្នាជារៀងរាល់ថ្ងៃ ហើយស្ថិតនៅក្នុងបរិយាយខុសៗគ្នា រួមមានទាំងនៅក្នុងបន្ទប់ទទួលទានអាហារក្រោមពន្លឺភ្លើងទៀន ឬនៅក្នុងបន្ទប់ទទួលទានអាហារដែលមានវង់ភ្លេងតន្ត្រីករច្រៀងក្បែរតុអាហាររបស់ពួកគេ។ មានយប់ខ្លះពួកគេចេញទៅរាំរបាំកំសាន្ត ចួនកាលក៏ជិះឈាងនៅកាន់មាត់ឆ្នេរសមុទ្រ ដើរលំហែរកាយជើងទទេនៅលើគ្រាប់ដីខ្សាច់។ នៅក្នុងយប់មួយ ឡានស្ព័រប្រណាំងរបស់យ៉ាងជិនមុីញបើកបរទៅកាន់មាត់សមុទ្រ ពួកគេទាំងពីរជជែកគ្នាលេងនៅក្រោមពន្លឺព្រះចន្ទ។ ពីរសប្តាហ៍ក្រោយបន្ទាប់ពីនោះ សុីងលូទទួលគ្រប់រសជាតិនូវក្តីនឹកនានិងទូលទុក្ខបុកម្នេញ។ យ៉ាងជិនមុីញបានចាកចេញទៅប្រទេសអុីតាលីចូលរួមប្រណាំងឡាន។ សុីងលូភ្លាមៗនោះនឹកព្រួយបារម្ភថាគេអាចនឹងចួបឧបទ្ទវហេតុណាមួយដែលនឹកស្មានមិនដល់ ហើយព្រមទាំងនឹកព្រួយខ្លាចថាគេទៅយូរយ៉ាងនេះ ទៅកាន់កន្លែងឆ្ងាយយ៉ាងនេះ ប្រហែលជាគេអាចនឹងចាប់ភ្លឹកដឹងខ្លួនថា គេមិនបាននឹកនានាងអ្វីបន្តិចសោះ ទោះយ៉ាងណាក្ដី ទំនាក់ទំនងរវាងនាងនិងគេគឺនៅមិនទាន់មានរឿងអ្វីកើតឡើងទាំងអស់! នៅថ្ងៃនោះ យ៉ាងជិនមុីញទីបំផុតក៏បានវិលត្រលប់មកវិញ។ នៅពេលដែលសុីងលូចាកចេញពីធ្វើការ ដើរចេញពីមាត់ទ្វារហាង ក៏ក្រឡេកឃើញឡានប្រណាំងពណ៌ក្រហមឆើតនោះរបស់គេ បញ្ចេញភ្លើងហ្វាបំភ្លឺពន្លឺយ៉ាងភ្លឺចែងចាំងនាពេលយប់រាត្រី។ គេបើកទ្វារឡានចុះចេញពីកន្លែងអ្នកបើកបរ ឈានដើរសំដៅចូលមករកនាង ប្រៀបដូចជានិស្សិតប្រុសម្នាក់ ឱនផ្ទៃមុខចុះមកក្បែរត្រចៀកនាង និយាយប្រៀបដូចជាខ្សឹបខ្សួលថា៖ «បងនឹកអូនណាស់!» សុីងលូឈរស្រឡាំងកាំង នឹករឭកទៅដល់ស្នេហាដែលធ្លាប់បាត់បង់នោះ តែនៅពេលនេះបានវិលមកកៀកជើងនាងវិញម្ដងទៀត ជីវិតប្រចាំថ្ងៃដែលបានហោះឆ្ពោះទៅកាន់ទីឆ្ងាយរបស់គេ រីឯនាងវិញមានតែក្ដីស្រមៃដែលគួរឱ្យធុញទ្រាន់។ យ៉ាងជិនមុីញបានបង្រៀននាងឱ្យចេះធ្វើយ៉ាងណារស់នៅសោយសុខក្នុងជីវិតនេះ គេចេះសព្វគ្រប់វិធីដើរលេងសើចសប្បាយនិងឡូយឆាយ។ គេខំព្យាយាមយកឈ្នះចិត្តនាង លង់ស្រលាញ់នាងងប់ងល់ប្រៀបដូចជានិស្សិតប្រុសដ៏ពុះកញ្ជ្រោលម្នាក់ គ្រាន់តែចួបនឹងនារីដែលខ្លួនគិតថាស្រលាញ់ភ្លាមក៏ប្រញាប់ប្រញាល់ពោលពាក្យសារភាពបង្ហាញពីអារម្មណ៍ពិត ឬគ្រាន់តែបែកបាក់ពីគ្នាភ្លាមក៏ប្រញាប់រត់មករកនាងនិយាយប្រាប់ថាគេមិនដាច់អាល័យនឹងនាង។ ពេលនេះសុីងលូងកំពុងតែរំភើបក្ដុកក្ដួលចិត្តចំពោះគេជាខ្លាំង ក្នុងចិត្តនាងចាប់ផ្តើមនឹកគិតថា៖ «គេមិនយូរមិនឆាប់គង់តែហាមាត់ស្នើរសុំសំណើរនោះជាមួយនឹងឯង តើឯងគួរតែយល់ព្រមជាមួយគេទេ?» ថ្ងៃមួយ យ៉ាងជិនមុីញបាននាំសុីងលូទៅកាន់ផ្ទះវីឡារបស់គេនៅឯជាយក្រុង។ រថយន្តបើកបរនៅលើផ្លូវតូចឆ្ពោះឡើងទៅលើជម្រាលភ្នំ ឆ្លងកាត់ព្រៃឈើមួយកន្លែង ផ្ទៃដំបូលវីឡាក្បឿងពណ៌សមួយសន្សឹមៗរំលេចឡើងនៅចំពោះមុខ មានអ្នកបម្រើស្លៀកពាក់ឯកសណ្ឋានយ៉ាងរៀបរយជាច្រើននាក់ ចេញមកឈរតម្រៀបគ្នានៅមុខកាំជណ្តើរទ្វារធំ ទទួលស្វាគមន៍ពួកគេ។ យ៉ាងជិនមុីញបញ្ឈប់ឡាន ចុះចេញពីលើឡាន ហើយចាប់កាន់ដៃរបស់សុីងលូប៉ុន្តែគេបែរជាមិនចូលទៅក្នុងផ្ទះមុន។ គេនិយាយប្រាប់នាងថា៖ «បងនាំអូនទៅមើលអ្វីម៉្យាង!» ពួកគេដើរកាត់តាមចំហៀងរបងវីឡា ឆ្ពោះទៅកាន់សួនច្បារមួយនៅខាងក្រោយផ្ទះ វាលស្មៅពណ៌បៃតងទាក់ដិតភ្នែក នៅតាមបណ្តោយសួនច្បារមានដើមឈើបៃតងចាស់ក្រាស់ពីរជួរ មែកឈើសំយុងវែងៗ បក់រំយោលទៅតាមខ្យល់។ ពួកគេសន្សឹមៗដើរឆ្លងកាត់វាលស្មៅនោះ ស្បែកជើងកែងចោតខ្ពស់របស់សុីងលូជាន់លើទឹកសំណើមនៅលើទងស្មៅ។ សុីងលូសួរថា៖ «តើបងចង់នាំខ្ញុំទៅមើលអ្វី?» យ៉ាងជិនមុីញមិនឆ្លើយតបនឹងនាងទេ ដើរឆ្ពោះទៅមុខទៀតដប់ជំហាន ពួកគេក៏បានមកដល់ទីវាលដីចំហរចោលមួយ រំពេចនោះនៅពីមុខសុីងលូបំផុសចេញខ្លាឃ្មុំខ្មៅដ៏ធំមួយក្បាល។ ខ្លាឃ្មុំខ្មៅនោះត្រូវបានចាក់សោរឃុំទុកនៅក្នុងទ្រុងដែកមួយយ៉ាងធំ។ សុីងលូស្រែកភ្ញាក់ឡើងទាំងភ័យស្លន់ស្លោរ ចាប់ឱបក្រសោបដើមដៃយ៉ាងជិនមុីញយ៉ាងណែន លាក់ពួននៅពីក្រោយខ្នងរបស់គេ។ «នេះជាសត្វចិញ្ចឹមសំណព្វចិត្តរបស់លោកប៉ាបង មិត្តចាស់ម្នាក់បានជូនវាមកឱ្យគាត់កាលពីប៉ុន្មានឆ្នាំមុន» ទ្រុងដែកដ៏ធំសម្បើមនោះត្រូវបានចាក់ច្រវាក់សោរជាប់ ពួកគេបោះជំហានដើរទៅមុខទ្រុងដែកនោះ។ យ៉ាងជិនមុីញងាកមុខមកនិយាយជាមួយសុីងលូថា៖ «អូនឃើញទេ! វាមិនស៊ីមនុស្សទេ!» សុីងលូងើយមុខចេញពីខ្នងរបស់គេ។ ខ្លាឃ្មុំខ្មៅមួយក្បាលនោះកំពុងតែដើរយ៉ាងខ្ជិលច្រអូសវិលទៅវិលមកនៅក្នុងទ្រុងដែក។ ក្រឡេកមើលដំបូង វាមើលទៅចាស់ ចុងច្រមុះសើម ភ្នែកតូចៗ រោមខ្មៅនៅលើខ្លួនប្រឡាក់ប្រឡូកសុទ្ធតែដី មានឆ្នូតសមួយផ្ទៃធំនៅលើដើមទ្រូង ហើយវាហាក់បីដូចជាមិនចាប់អារម្មណ៍ថាមានមនុស្សកំពុងសម្លឹងមើលវាទាល់តែសោះ។ ក្រៅពីនៅក្នុងសៀវភៅ សុីងលូមិនដែលធ្លាប់ឃើញខ្លាឃ្មុំពិតទេ! ជាងនេះទៅទៀតវាគឺជាខ្លាឃ្មុំខ្មៅចិញ្ចឹមនៅក្នុងវីឡាឯកជនមួយ។ នាងប្រមូលក្ដីក្លាហានដើរចេញពីក្រោយខ្នងយ៉ាងជិនមុីញ សួរទៅគេថា៖ «តើវាគឺញីឬក៏ឈ្មោល?» យ៉ាងជិនមុីញឆ្លើយថា៖ «ឈ្មោល» ខ្លាឃ្មុំខ្មៅនោះដើរយ៉ាងរំភើយនៅពីខាងមុខទ្រុង បន្ទាប់មកក៏ហាមាត់ស្ងាបយ៉ាងធំ។ សុីងលូសួរបន្តថា៖ «តើវាអាយុប៉ុន្មានហើយ?» មួយរំពេចភ្លាមនោះ ខ្លួនប្រាណរបស់ខ្លាឃ្មុំខ្មៅទាំងមូលនោះស្រាប់តែបោលស្ទុះងើបក្រោកឈរឡើងវឹប ជើងខាងក្រោយជាន់លើដី ដៃខាងមុខទាំងពីរស្រវ៉ាចាប់របងទ្រុងដែក។ សុីងលូភិតភ័យខ្លាចដល់ថ្នាក់លើកដៃខ្ទប់មុខស្រែកឡើង។ យ៉ាងជិនមុីញក៏រហ័សចាប់ទាញនាងចូលមកឱបជាប់ទ្រូង លួងលោមថា៖ «កុំខ្លាច! មានបងនៅទីនេះហើយ!» មនុស្សទាំងពីរបានចាកចេញពីក្នុងសួនច្បារនោះ វិលត្រលប់ទៅកាន់ផ្ទះវីឡាធំវិញ ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងគ្នាយ៉ាងរីករាយ អមជាមួយនឹងស្រាសំប៉ាញក្លាសេត្រជាក់មួយដប។ យ៉ាងជិនមុីញនាំនាងដើរមើលគយគន់នៅជុំវិញផ្ទះ បន្ទាប់មកក៏ចូលទៅកាន់ក្នុងបន្ទប់មួយ នៅចំកណ្តាលបន្ទប់មានដាក់គ្រែដ៏ធំមួយយ៉ាងប្រណីត ក្រាលសព្វទៅដោយកម្រាលសូត្រថ្លៃ។ ពន្លឺព្រះអាទិត្យចាំងដួងរស្មីកាត់តាមចន្លោះវាំងននបង្អួចដែលរហើបចេញ។ សុីងលូនិងយ៉ាងជិនមុីញអង្គុយចុះនៅកែមគ្រែជជែកគ្នាលេងខ្សឹបខ្សួល។ យ៉ាងជិនមុីញសួរទៅនាង៖ «អូនចង់ផឹកអ្វីទេ?» សុីងលូឆ្លើយតបថា៖ «ខ្ញុំមិនស្រេកទេ» មួយប៉ប្រិចភ្នែកនោះ គេស្រាប់តែស្រវាដៃឱបនាងក្រសោបចូលទៅក្នុងរង្វង់ដើមទ្រូង រ៉ូបរោមចៀមពណ៌ខ្មៅរបស់នាងនិងគ្រាប់ឡេវនៅលើអាវសឺមីពណ៌ខៀវបង្អស់របស់គេបានប្រទាក់ជាប់គ្នា។ នាងបិទភ្នែកទាំងពីរដោយសេចក្ដីអៀនខ្មាស ជើងមួយចំហៀងរបស់នាងបោះឡើងទៅលើគ្រែដោយមិនអាចដកចេញបាន។ ស្បែកជើងកែងចោតដែលពាក់ជាប់នឹងជើងរបស់នាងកំពុងតែញ័រទធាក់។ សុីងលូបានបណ្ដែតបណ្ដោយខ្លួនទៅតាមចំណង់លោភប្រាថ្នារបស់នាង នោះគឺពិភពលោកដ៏មានសុភមង្គលនិងវង្វេងលីលា។ កាលពីមុន ម្ដាយរបស់នាងតែងរម្លឹកដាស់តឿននាងថា មនុស្សប្រុសឱ្យតែអាចយកមនុស្សស្រីឡើងគ្រែបានហើយ គេនឹងឈប់ស្រលាញ់មនុស្សស្រីម្នាក់នោះទៀត។ នាងបានជឿលើសម្ដីម្តាយរបស់នាង ភាពបរិសុទ្ធដែលនាងខំព្យាយាមការពារសម្រាប់ខ្លួននាងចំពោះឈិនជឺជានោះ ទីបំផុតនាងក៏នៅតែមិនអាចរក្សាឃាត់គេឱ្យនៅបាន។ ម្តាយរបស់នាងយល់ខុសទាំងស្រុង រឿងទាំងនេះមានតែធ្វើឱ្យមនុស្សទាំងពីរកាន់តែជិតដិតកាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងថែមមួយកម្រិតទៀត។ សុីងលូហាក់បីមានអារម្មណ៍ថានាងមិនដែលធ្លាប់ស្រលាញ់អ្នកណាម្នាក់ខ្លាំងបែបនេះពីមុនមកទេ មិនដែលធ្លាប់ស្រលាញ់កែវភ្នែកដ៏ភ្លឺថ្លានេះនិងបបូរមាត់និយាយខ្សឹបខ្សួលអស់ទាំងនេះ។ នាងពិតជាសែនស្រលាញ់គេខ្លាំងយ៉ាងហួសហេតុ។ ថ្ងៃមួយនាងចង់ឱ្យគេសារភាពប្រាប់នាងតាមត្រង់ថាតើគេធ្លាប់ឡើងគ្រែជាមួយនឹងមនុស្សស្រីអស់ប៉ុន្មាននាក់ហើយ? យ៉ាងជិនមុីញក៏រៀបរាប់ឱ្យនាងស្ដាប់ នាងបែរប្រែជាប្រចណ្ឌជាមួយនឹងមនុស្សស្រីដែលនាងមិនធ្លាប់ទាំងចួបមុខទាំងនោះ ហើយនិងចាប់ផ្តើមគិតទាំងរវើរវាយថាតើ «គូសត្រូវស្នេហា របស់នាងទាំងនោះមានរូបរាងយ៉ាងណាដែរទៅ?» សុីងលូខាំចុងបបូរមាត់ជជីកសួរគេថា៖ «បងក៏ស្រលាញ់មនុស្សស្រីទាំងអស់នោះដែរតើមែនទេ?» យ៉ាងជិនមុីញគ្រវីក្បាលយ៉ាងទុក្ខវេទនា។ សុីងលីសួរដេញដោរបន្តទៀតថា៖ «តើមនុស្សប្រុសអាចឡើងគ្រែជាមួយនឹងមនុស្សស្រីដែលខ្លួនមិនស្រលាញ់បានដែរហ្អេស?» បើទោះបីជាយ៉ាងជិនមុីញព្យាយាមប្រើគ្រប់វិធីមកបកស្រាយយ៉ាងណាក៏ដោយ ក៏សុីងលូនៅតែអាក់អន់ចិត្តចំពោះគេ លុះរហូតដល់ពេលគេសម្លឹងមើលមកកាន់នាងស្បថស្បែថា៖ «តាំងពីដើមមក បងមិនដែលស្រលាញ់មនុស្សស្រីណាម្នាក់ដូចជាអូនទេ!» នៅពេលដែលឮគេនិយាយដូច្នោះ សុីងលូឈោងដៃទៅស្ទាបអង្អែលថ្នមៗលើផ្ទៃមុខរបស់គេ ផ្តល់រង្វាន់ឱ្យគេដោយស្នាមថើបនែបនិត្យមួយ។ ប៉ុន្តែល្បែងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។ ជាបន្ទាប់មកទៀត នាងរលាស់ចង្កាចេញយ៉ាងអំណួត និយាយទៅកាន់គេថា៖ «មិត្តស្រីពីមុនរបស់បង…តើពួកគេស្អាតដែរទេ?» នាងចូលចិត្តឃើញទឹកមុខព្យាយាមបកស្រាយយ៉ាងឈឺក្បាលរបស់យ៉ាងជិនមុីញ ចូលចិត្តស្តាប់គេនិយាយពាក្យសរសើរនាង ដែលអ្វីៗទាំងអស់នេះធ្វើឱ្យនាងជឿយ៉ាងជាក់ថា ពេលនេះនាងបានក្ដោបក្ដាប់លើរូបគេទាំងស្រុង។ . . . . . ពួកគេទាំងពីរតែងទៅរាំរែក ជជែកគ្នាលេងសើចសប្បាយនៅក្រោមពន្លឺភ្លើងទៀន ខ្ជិលច្រអូសដេកសន្ធឹងនៅលើគ្រែធំក្នុងវីឡា ផឹកស្រាសំប៉ាញផ្កាកុលាបត្រជាក់។ សុីងលូយកក្រដាសនិងជក់ទៅកាន់ទីនោះដើម្បីគូររូបព្រៃប្រឹក្សា។ នាងថែមទាំងបានគូររូបខ្លាឃ្មុំខ្មៅនោះ ក៏ដូចជារូបសំណាកបុរាណៗនៅក្នុងវីឡាធំ ដែលនៅលើរូបសំណាកនីមួយៗទាំងនោះពោរពេញទៅដោយស្លាកស្នាមចាស់ស្រាំនៃអាយុកាលដ៏សែនឯកោ និងតែងតែនៅឈរញញឹមជាប់យ៉ាងវេទនា។ នាងតែងតែប៉ងប្រាថ្នាចង់ក្លាយជាវិចិត្រករដ៏ចំណានម្នាក់ ចៀសចេញពីកន្លែងកំសាន្តអារម្មណ៍ដ៏ឡូយឆាយលើភាពស្តុកស្តម្ភតាំងពីព្រឹកទល់យប់ទាំងនោះ មួយថ្ងៃៗត្រូវមើលទឹកមុខអ្នកដទៃ។ ចុះឥឡូវនេះអ្វីដែលនាងកំពុងស្រវាឆ្ពោះទៅមិនមែនជាការចង់ស្រណុកសោយសុខលើភាពស្តុកស្តម្ភដែរទេហ្អេស? នាងបានឱបក្រសោបយកទ្រនំស្តុកស្តម្ភនេះចាត់ទុកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងយ៉ាងរីករាយ យកមនោសញ្ចេតនាដែលប្រាក់អាចទិញបាននេះប្រែជាស្នេហាដ៏ផ្អែមល្ហែម។ នាងរត់ដេញតាមដំណើរជីវិតបែបនេះ ក៏ប៉ុន្តែបែរជាបានត្រឹមតែឃើញឆាកជីវិតគឺប្រៀបដូចជាសៀកបំភាន់ភ្នែក។ នាងតែងតែសុបិន្តថា នៅថ្ងៃណាមួយ ក្បាលរបស់នាងនឹងទូលមកុដកម្រងផ្កា សំយុងស្បៃសគ្របមុខចុះយ៉ាងវែង ស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ស្បៃសដែលរឹតតែសជាងរោមកញ្ជ្រោងប្រាក់ កាន់ដៃឪពុករបស់នាង បោះជំហានដើរនៅលើកម្រាលព្រំក្រហមយ៉ាងមានមោទនភាព រីឯយ៉ាងជិនមុីញកំពុងតែឈរយ៉ាងសង្ហានៅឯចុងផ្លូវកម្រាលព្រំពីចម្ងាយរង់ចាំទទួលនាង។ ក្រោយពេលដែលរៀបការរួច ពួកគេនឹងរស់នៅក្នុងវីឡាធំមួយដែលរឹតតែវិសេសវិសាលជាងវីឡានេះទៅទៀត។ ពួកគេនឹងរស់នៅក្នុងជីវិតមួយយ៉ាងសោយសុខនិងសម្បូរសប្បាយ រួមគ្នាចូលរួមទៅកាន់គ្រប់រាល់ពិធីជប់លៀងស្រមោលសរទាំងឡាយ ត្រកងដៃរាំរែកយ៉ាងយូរនៅក្រោមពន្លឺព្រះចន្ទ។ ក្រែងក្ដីស្នេហាតែងសុទ្ធតែត្រូវការស្ថិតនៅក្នុងពិភពងងឹតស្លុងបែបនេះហ្អេស? ប៉ុន្តែយ៉ាងណាក្ដី នៅក្នុងយប់មួយ នៅពេលដែលសុីងលូចេញពីធ្វើការ នាងបានដើរឆ្លងកាត់សណ្ឋាគារលំដាប់មួយនៅលើផ្លូវធំ ក្រឡេកភ្នែកឃើញផ្ទាំងទិដ្ឋភាពមួយយ៉ាងស្រស់ស្អាតនៅពីមុខមាត់ទ្វារ បុរសជាកូនកំលោះស្ថិតនៅក្នុងឈុតក្រសេពណ៌ខ្មៅ នារីជាកូនក្រមុំស្ថិតនៅក្នុងរ៉ូបអាពាហ៍ពិពាហ៍យ៉ាងស្ភឹមស្ភៃថ្លៃថ្នូរ ដៃត្រកងលើកស្បៃរ៉ូបឡើង កន្ទុយស្បៃសំពត់រំសាយចុះយ៉ាងវែងមកលើផ្ទៃជណ្ដើរសន្សឹមៗបោះជំហានលើកាំជណ្ដើរថ្មម៉ាបសឡើងទៅលើសាលពិធីនៅជាន់ទីពីរ នៅទាំងសងខាងផ្លូវបង្កាន់ដៃជណ្ដើរ ផ្កាកុលាបពណ៌សតុបតែងចងភ្ជាប់ជិតទៅលើបង្កាន់ដៃកាំជណ្តើរដែកដែលស្រោបទៅដោយពណ៌ទឹកមាស លាតសន្ធឹងយ៉ាងវែងមិនឃើញទីចុងបញ្ចប់។ ពីមុនមក ពេលដែលដើរឆ្លងកាត់ទីកន្លែងនេះ នាងមិនដែលធ្លាប់ឃើញទិដ្ឋភាពទាំងនេះម្ដងណាឡើយ ថ្ងៃនេះដោយចៃដន្យនាងបែរជាហាក់ងឿងឆ្ងល់បញ្ឈប់ជំហានជើងឈរសម្លឹងមើល នឹកស្រមើលស្រមៃទៅដល់ថ្ងៃមង្គលការរបស់ខ្លួនឯងផ្ទាល់។ នាងក្រឡេកភ្នែកមើលទៅបន្ទះដែក Postcard ភ្លឹបភ្លែតមួយដែលចងព្យួរភ្ជាប់នៅក្បែរជើងកាំជណ្តើរ នៅលើបន្ទះដែកនោះមានសរសេរឈ្មោះកូនកំលោះកូនក្រមុំទាំងពីរ។ នាងប្រទះឃើញថានាមត្រកូលនិងឈ្មោះជាភាសាអង់គ្លេសរបស់កូនកំលោះនោះគឺដូចគ្នាទាំងស្រុងជាមួយនឹងឈ្មោះរបស់យ៉ាងជិនមុីញ។ បេះដូងរបស់នាងលោតរំជួលញ័រក្ដុកក្ដួល ពោលនៅក្នុងចិត្តថា៖ «ឈ្មោះភាសាអង់គ្លេសនេះក៏មានគេនិយមប្រើច្រើនណាស់ដែរ!» លើសពីនេះ ក្រែងយ៉ាងជិនមុីញពេលនេះកំពុងតែនៅអាមេរិកដោះស្រាយកិច្ចការងារហ្អេស! កាលពីពីរថ្ងៃមុននេះ គេនៅបានខលទូរសព្ទមកសួរសុខទុក្ខនាង នាងបានសួរគេថាតើពេលណាទើបត្រលប់មកវិញ គេនិយាយថាមកលើកនេះគេត្រូវនៅថែមបីសប្តាហ៍ទៀត មុនដាក់ទូរសព្ទចុះ គេថែមទាំងថើបខ្យល់នាងតាមទូរសព្ទពីនាយឆ្ងាយ។ កូនកំលោះដែលមានឈ្មោះដូចគ្នានៅក្នុងសាលមង្គលការដ៏ធំកក្រឹកកក្រេងនោះ ធ្វើម្ដេចនឹងអាចជាគេបានទៅ? ប៉ុន្តែសុីងលូនៅតែមិនអាចឃាត់ឃាំងរូបខ្លួនឯងបាន សន្សឹមៗបោះជំហានឡើងទៅលើជណ្តើរថ្មម៉ាបសនោះ។ នាងផ្អែកទៅលើបង្កាន់ដៃជណ្ដើរនៅឯម្ខាង តោងជាប់នឹងដៃឈានជើងឡើង នៅក្នុងទីកន្លែងពោរពេញដោយសំឡេងសូរភ្លេងតន្ត្រី និងសូរសំឡេងភ្ញៀវកត្តិយសទាំងឡាយជជែករាក់ទាក់គ្នាយ៉ាងហឹកហាក់ ភ្ញៀវម្នាក់ៗស្លៀកពាក់យ៉ាងស្រស់ស្អាតដើរឆ្លងកាត់មុខនាង ខណៈដែលទឹកមុខរបស់នាងពេលនេះកំពុងតែអាក្រក់មើលយ៉ាងខ្លាំង តែគ្មានសូម្បីតែមនុស្សណាម្នាក់ចាប់អារម្មណ៍លើនាង។ ប៉ុន្តែនាងនៅតែបន្តឈានជើងឡើងទៅលើ មានអារម្មណ៍ថាបេះដូងរបស់នាងកំពុងតែលោតញាប់ញ័រជញ្ជួយចង្វាក់ ហាក់ដូចសឹងតែមិនអាចដកដង្ហើមបាន។ ខណៈវេលានោះ នាងស្រាប់តែនឹកឃើញថ្ងៃដែលប្រកាសលទ្ធផលប្រឡងមធ្យមសិក្សានោះ នាងក៏ឈានដើរឡើងលើជណ្តើរតែម្នាក់ឯងបែបនេះទៅចួបនឹងម្ដាយរបស់នាង។ នាងមិនចងចាំថា កាលនោះនាងបានឆ្លងកាត់ពេលវេលានោះដោយយ៉ាងណាទេ។ ឥឡូវនេះ សុីងលូកំពុងតែឈរនៅដើមផ្លូវមាត់ជណ្តើរ បុគ្គលិកបម្រើភេសជ្ជៈម្នាក់លើកថាសស្រាក្រឡុកដើរឆ្លងកាត់មុខរបស់នាង។ នៅខាងក្រៅទ្វារសាលពិធីមង្គលការមានភ្ញៀវឈរនៅជាច្រើនរង់ចាំចូលទៅក្នុង គ្រប់គ្នាផ្ដុំគ្នាមួយក្រុមបួនមួយក្រុមប្រាំឈរជជែកគ្នា។ នាងបោះជំហានដើរកាត់ពីមុខពួកគេ ក៏ស្រាប់តែឃើញមានក្រុមបុរសៗវ័យក្មេងប៉ុន្មាននាក់ ស្លៀកពាក់ឈុតក្រសេពណ៌ខ្មៅ ម្នាក់ៗក្នុងដៃកាន់កែវស្រាសាំប៉ាញ កំពុងឈរនៅឡោមព័ន្ធជុំវិញបុរសម្នាក់ស្លៀកពាក់ក្នុងឈុតក្រសេពណ៌សនិងខោខ្មៅ កំពុងតែសើចសប្បាយយ៉ាងក្អាកក្អាយ។ សុីងលូមើលមិនឃើញមុខមាត់របស់បុរសម្នាក់នោះឡើយ នាងឈានដើរចូលទៅកៀកជិតបន្តិចដើម្បីសម្លឹងមើលឱ្យច្បាស់ បុរសម្នាក់ក្នុងចំណោមនោះក៏បានឃើញនាង បន្ទាប់មកក៏ចាប់ភ្លឹកសម្លឹងមើលនាង នៅក្នុងខណៈពេលនោះ បុរសៗដទៃទៀតដែលនៅក្បែរគេក៏បែរខ្នងមកក្រោយសម្លឹងទៅរកនាង។ ទីបំផុត សុីងលូក៏បានឃើញមុខមាត់បុរសដែលស្លៀកសម្លៀកបំពាក់ពណ៌សនោះច្បាស់ នៅលើកអាវរបស់គេមានចងបូរផ្ការបស់កូនកំលោះ ក្រឡេកឃើញពីដំបូងគឺពិតជាស្រស់សង្ហាឥតខ្ចោះ គេកំពុងតែឈរសើចខ្លាំងៗជាមួយនឹងក្រុមមិត្តភកិ្តរបស់គេ។ កែវភ្នែកធំៗរបស់សុីងលូបញ្ឈប់នៅលើខ្លួនកូនកំលោះនោះដូចកំពុងតែឆាបឆេះ ក្រែងកាលពីប៉ុន្មានថ្ងៃមុនគេនៅនិយាយថាគេស្រលាញ់នាងខ្លាំងណាស់ហ្អេស? ក្រែងកាលពីប៉ុន្មានថ្ងៃមុនគេនៅដេកក្បែរខ្លួននាងនៅឡើយហ្អេស? ហើយចុះឥឡូវនេះវិញ គេកំពុងតែឈរនៅត្រង់ទីនោះ ធ្វើពុតជាមិនស្គាល់នាង។ ពួកបុរសៗដែលឈរនៅព័ទ្ធក្បែរគេនោះប្រើក្រសែភ្នែកសែនចម្លែកសម្លឹងមើលទៅកាន់ភ្ញៀវដែលមិនបានអញ្ជើញមកនោះ។ សុីងលូងាកមុខចេញទៅម្ខាង បែរខ្នងបង្វែរទៅក្រោយចៀសពីក្រសែភ្នែកទាំងនោះ សន្សឹមៗដើរទាំងរ៉េចុងកែងស្បែកជើងចុះតាមកាំជណ្តើរ ពេលដែលនាងឈានចុះដល់ពីរកាំចុងក្រោយ នាងក៏ហក់ស្ទុះវឹងរត់ចេញទៅដូចជាហោះ។ នៅខាងក្រៅសណ្ឋាគារពោរពេញទៅដោយរថយន្តបើកបរឆ្វាត់ឆ្វែង តែសុីងលូបែរមិនខ្វាយខ្វល់អ្វីរត់សម្រុកឆ្លងផ្លូវកាត់មុខឡានដែលកំពុងបរមកដល់ ធ្វើឱ្យអ្នកបើកបរម្នាក់នោះស្រែកជេរប្រទិចខ្លាំងៗ។ ខួរក្បាលរបស់នាងវិលខ្ញាល់ ជំហានជើងនាងរញីរញ័របន្តរត់ទៅមុខ។ ស្ថិតនៅក្នុងខណៈពេលនោះ មានដៃរឹងមាំម្ខាងស្ទុះមកក្របួចចាប់ដើមដៃរបស់នាងនៅពីខាងក្រោយយ៉ាងជាប់។ នាងផ្អៀងក្បាលក្រឡេកមើលទៅក្រោយចង់គ្រវាសដៃរបស់យ៉ាងជិនមុីញចេញ តែគេកាន់តែចាប់ដៃនាងរឹតតែណែន ទាញអូសនាងទៅកាន់ចំណតរថយន្តក្រោមដី។ សុីងលូស្រែកគំហោកឡើង៖ «នៅថ្ងៃដែលបងចួបខ្ញុំដំបូងនោះ! បងបានដឹងច្បាស់ថាខ្លួនឯងជិតរៀបការទៅហើយ! ហេតុអីបានជានៅចង់កុហកខ្ញុំ!» តាំងពីដើមដល់រហូតមក ដៃរបស់យ៉ាងជិនមុីញនៅតែចាប់ដៃនាងយ៉ាងជាប់ដដែល ហាក់បីដូចជាភិតភ័យខ្លាចថា ឱ្យតែគេព្រលែងចេញ សុីងលូនឹងអាចធ្វើនូវរឿងអ្វីមួយដោយមិនគិតពីលទ្ធផលយ៉ាងណា។ គេនិយាយបកស្រាយថា៖ «កាលនោះ…បងក៏មិននឹកគិតថាពួកយើងនឹងអាចចាប់ផ្តើម…» ព្រោះតែកំហឹងកំរោល សុីងលូស្រែកច្រឡោតឡើងដោយមិនគិតពីអ្វីទាំងអស់៖ «ប៉ុន្តែបងក៏មិនដែលនឹកគិតថានឹងស្ទាក់ស្ទើរសូម្បីតែបន្តិចលើមង្គលការនេះទេ!» យ៉ាងជិនមុីញនៅតែចាប់ដៃរបស់នាង និយាយទាល់តម្រិះថា៖ «មង្គលការនេះគឺគ្រួសាររបស់បងជាអ្នករៀបចំ!» សុីងលូសម្លឹងមើលចំមុខគេ ខឹងបន្ទោសនិយាយថា៖ «មែនហ្អេស? បងត្រូវគ្រួសារបង្ខិតបង្ខំ! បងគួរឱ្យអាណិតអាសូរណាស់! កូនក្រមុំនោះប្រាកដគឺជាអ្នកនាងវង្សត្រកូលធំម្នាក់ដែលមានទ្រព្យមានឋានៈដ៏សែនថ្លៃថ្នូរស្រស់ស្អាតមែនទេ? ខ្ញុំពិតជាអាណិតបងខ្លោចចិត្តណាស់… បងពិតជាមិនអាចមានវិធីបដិសេធមិនរៀបការជាមួយនឹងនាងបានទេ!» ខ្សែភ្នែករបស់នាងក្រឡេកមើលទៅលើឈុតអាវធំយ៉ាងស្អាតប្រណីតរបស់គេ។ «ប៉ុន្តែប្រសិនបើបងគឺពិតជាមនុស្សម្នាក់ដែលត្រូវបង្ខំឱ្យធ្វើជាកូនកំលោះមែននោះ បងប្រាកដជាមិនសើចសប្បាយក្អាកក្អាយជាមួយនឹងអ្នកដទៃយ៉ាងនេះនោះទេ ទឹកមុខដ៏សែនរីករាយនោះ ជជែកគ្នាសើចខ្លាំងៗជាមួយនឹងមិត្តភក្តិនោះ…ខ្ញុំភ្លេចអបអរបង! អ្នកប្រុសយ៉ាង! សូមអបអរសាទរ…ជូនពរឱ្យលោកនិងកូនក្រមុំស្រលាញ់គ្នាដល់ចាស់សក់ស្កូវកោងខ្នង រួមរស់នៅក្បែរគ្នាជារៀងរហូត!» សុីងលូចង់ដកដៃចេញពីគេ យ៉ាងជិនមុីញបែរជាចាប់ទាញនាងចូលមកឱបកាន់តែណែន កែវភ្នែករបស់គេក្រហមងាំងនិយាយថា៖ «អូនកុំធ្វើចឹងអី! អូនមិនដឹងទេ! ហើយក៏មិនយល់នោះឡើយ…ថាបងស្រលាញ់អូនខ្លាំងប៉ុនណា!» សុីងលូងើយមុខឡើង កែវភ្នែករបស់នាងពោរពេញដោយរលកទឹកភ្នែកជន់លិចសម្លឹងមើលទៅកាន់គេយ៉ាងស្ងៀមស្ងាត់។ នាងស្រែកទ្រហោយំរហាម សួរទៅគេថា៖ «លោកមិនបានកុហកខ្ញុំទេ?» នាងប្រៀបដូចជាកូនចាបតូចរងរបួសកំពុងដេកញ័រទទ្រើកនៅក្រោមភ្លៀង។ កែវភ្នែកដ៏ឈឺចាប់គ្រាំគ្រារបស់នាងពោរពេញទៅដោយតំណក់ទឹកភ្នែកញាក់ញ័រមិនឈប់។ បេះដូងរបស់គេលោតរំជួលឡើង ក៏រហ័សឈ្ងោកមុខចុះថើបទៅលើកែវភ្នែកដែលកំពុងស្រក់ទឹកភ្នែកនោះ សុីងលូត្រដាងដៃឱបករបស់គេ ឈរអើតចុងជើងឡើងបន្តិច ឱនថើបលើបបូរមាត់របស់គេ។ នៅសុខៗរំពេចនោះ យ៉ាងជិនមុីញក៏ស្រែកថ្ងូរឡើងមកយ៉ាងឈឺចាប់រហ័សរុញច្រាននាងចេញ។ នាងត្រដាប់ត្រដួសឈានថយទៅក្រោយ សើចញញឹមចេញមកយ៉ាងជូរចត់ លើកខ្នងដៃឡើងជូតដានឈាមពីជ្រុងមាត់របស់នាង។ នាងខាំពេញមួយទំហឹងលើបបូរមាត់គេ បង្ហាញស្នាមដាច់រយៈមួយឆ្នូតវែង ហូរឈាមប្រតាកពេញ។ យ៉ាងជិនមុីញរហ័សយកកូនកន្សែងពណ៌សមកបិទខ្ទប់មុខរបួស ហើយសម្លឹងមើលទៅនាងយ៉ាងចងកំហឹងពេញពោះ។ សក់ក្បាលនាងឡើងសំពីងសំពោង នាងឈរមានលំនឹងត្រលប់មកវិញយឺតៗ បបូរមាត់ញញីញញ័រនិយាយថា៖ «ឥឡូវនេះចេញទៅថើបកូនក្រមុំថ្មីរបស់លោកចុះ!» គេស្រែកគំហកដាក់នាង៖ «នាងឆ្កួតហើយ! នាងជាស្រីឆ្កួតខ្លាំងណាស់!» នាងលិតឈាមចេញពីលើបបូរមាត់នាង កែវភ្នែកដ៏ក្រៀមក្រំរបស់នាងសម្លឹងមើលទៅគេដោយក្ដីអស់សង្ឃឹម និយាយថា៖ «បើជាខ្ញុំវិញនោះ ខ្ញុំនឹងមិននិយាយពាក្យទាំងអស់នេះទេ…តែនិយាយថាខ្ញុំត្រូវបានគេបង្ខំឱ្យរៀបការជាមួយនឹងស្រីម្នាក់ដែលខ្ញុំមិនស្រលាញ់… ហើយនិយាយថាខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់… តើលោកចាត់ទុកខ្ញុំជាអ្វី? ស្រីកំណាន់របស់លោក? ល្បែងលេងរបស់លោក? បន្ទាប់មកលោកនឹងសើចចំអកឱ្យខ្ញុំថាល្ងង់ខ្លៅនិងក្មេងខ្ចី? ប្រាំមួយខែមកនេះ លោកធ្វើឱ្យខ្ញុំជឿជាក់លើលោក ថាលោកស្រលាញ់ខ្ញុំ…ប្រសិនបើខ្ញុំមិនបានស្គាល់លោកទេ ខ្ញុំដើមឡើយនឹងអាចមានសុភមង្គល!» យ៉ាងជិនមុីញឈឺផ្សាលើបបូរមាត់ ឱនក្បាលចុះ ប្រើដៃទាំងពីរសង្កត់លើមុខរបួស កុំឱ្យឈាមហូរប្រឡាក់មកលើឈុតក្រសេពណ៌សរបស់គេ ខំទ្រាំទប់កំហឹងនិងភ្លើងក្ដៅកំរោលដែលចង់តែហក់ទៅច្របាច់កនាង។ «គឺនាងស្ម័គ្រចិត្តដោយខ្លួនឯងទេ!» សុីងលូរត្រដាបត្រដួសឈានដើរថយទៅក្រោយ ហើយក៏រត់ស្ទុះវឹងចេញទៅ។ នាងរត់ឆ្លងកាត់ថ្នល់ផ្លូវធំ ដើរនៅលើផ្លូវថ្មើរជើងអស់មួយសន្ទុះ ក៏ឱនខ្លួនចុះដកដង្ហើមដង្ហក់ នាងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងគ្រាន់តែជាសុបិនបំភាន់ភ្នែកមួយ អ្វីៗគ្រប់យ៉ាងដែលនាងមានសុទ្ធតែត្រូវបានរលាយបែកខ្ចាត់ខ្ចាយអស់រលីង រសាត់ហោះហើរចេញពីខ្លួននាងដូចជាធូលីម៉្សៅហុយ។ នាងនឹកឃើញទិដ្ឋភាពដែលឈិនជឺជាឈរនៅក្បែរទ្វាររបងទ្វារសាលាខាងក្រៅជារៀងរាល់ថ្ងៃ ទន្ទឹងរង់ចាំរូបនាងចេញពីរៀន។ នាងនឹកឃើញរូបភាពដ៏សែនឯកោរបស់ខ្លាឃ្មុំខ្មៅជាប់ឃុំនៅក្នុងទ្រុងដែកនោះ ចង្វាក់រាំរែកជាមួយយ៉ាងជិនមុីញ ស្រាសំប៉ាញផ្កាកុលាបក្លាសេត្រជាក់ដែលបានក្រេបផឹកនៅលើគ្រែក្នុងវីឡាធំនោះ ស្នាកដានឈាមប្រឡាក់នៅលើកម្រាលពូកនៅទីកន្លែងនោះ…នាងបានគាស់រម្លើងរឿងអតីតកាលទាំងអស់ចេញពីខ្លួនរបស់នាង។.

ភាគទី7: សន្សើមព្រឹក (ភាគ៧)

ជារៀងរាល់ថ្ងៃនាងនៅតែចេញទៅធ្វើការដូចធម្មតា ផាត់ម៉្សៅទ្រនាប់ពណ៍ផ្កាឈូកបន្តិចនៅលើផ្ទៃមុខដ៏ស្លេកស្លាំងរបស់នាង បិទភ្ជាប់បបូរមាត់ដែលធ្លាប់ខាំបបូរមាត់នរណាម្នាក់នោះ បំភ្លេចចោលនូវក្លិនឆ្អាបឈាមទាំងនោះ។ មួយខែក្រោយមក បន្ទាប់ពីបើកប្រាក់រង្វាន់បំណាច់ឆ្នាំរួច សុីងលូក៏លាឈប់ចាកចេញ ហើយបានផ្លាស់ប្ដូរទៅធ្វើការនៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែងនៅក្នុងមជ្ឈមណ្ឌលពាណិកជ្ជកម្ម “Landmark” ។ ទីកន្លែងនោះនៅតែជាសួនកម្សាន្តអារម្មណ៍របស់លំដាប់អ្នកអភិជនមួយផ្សេងទៀត។ បន្ទាប់ពីធ្វើការនៅទីនោះបានមួយឆ្នាំ នាងក៏បានចួបជាមួយនឹងមិត្តសម្លាញ់ចាស់របស់នាងកាលរៀននៅឯវិទ្យាល័យ លីមុីងជូ។ ភ្លាមៗនោះ នាងក៏ស្រាប់តែបានប្រទះឃើញថា មានតែមិត្តភាពពីកុមារភាពប៉ុណ្ណោះទើបបរិសុទ្ធ។ នាងបានរើចាកចេញពីផ្ទះមកជួលបន្ទប់ស្នាក់នៅតូចមួយរស់នៅជាមួយនឹងមុីងជូ។ ហើយនាងក៏មិនធ្លាប់រម្លឹកដល់រឿងអតីតកាលពីមុនជាមួយនឹងមុីងជូឡើយ ព្រោះតែចង់រកប្រាក់ នាងខិតខំសំងំនៅធ្វើការយ៉ាងស្ងាត់ស្ងៀម ហាក់បីដូចជាអ្វីៗជុំវិញខ្លួនមិនទាក់ទងនឹងនាង។ ដួងវិញ្ញាណរបស់នាងបានរសាត់រសាយចេញពីក្នុងរូបកាយទៅតាមក្ដីសុបិនដែលរលាយខ្ចាត់ខ្ចាយនោះជាយូរមកហើយ។ . . . . . គេងនៅលើខ្នើយកើយ សុីងលូបែរមុខទៅម្ខាងសម្លឹងមើលទៅកាន់សុឺជឹងឈុន គេកំពុងគេងលក់យ៉ាងស្កប់ស្កល់។ ចង្កៀងភ្លើងបញ្ចេញពន្លឺពណ៌លឿងទុំស្រទន់នៅពីលើក្បាលរបស់ពួកគេ បំភ្លឺលើមុខមាត់ដ៏ស្រស់សង្ហារបស់គេ គេគឺប្រៀបបីដូចជាក្មេងម្នាក់ដែលគ្មានការបង្ការខ្លួនទុក មិនថាអ្នកណាក៏អាចធ្វើបាបគេបានដែរ។ ពេលកំពុងគេង ដៃម្ខាងរបស់សុឺជឹងឈុននៅតែកាន់ដៃនាងជាប់ណែន មើលទៅគេហាក់ដូចជាចង់កាន់ឱ្យជាប់បែបនេះជារៀងរហូត។ នៅសុខៗពេលនោះ សុីងលូក៏ស្រាប់តែមានអារម្មណ៍ថា មិនដែលធ្លាប់មានបុរសណាម្នាក់ប្រើដៃគេការពារស្នេហារបស់នាងបែបនេះឡើយ។ នាងអើតផ្ទៃមុខឡើងចង់ថើបទៅលើថ្ពាល់របស់គេ ប៉ុន្តែពេលដែលនាងហៀបបន្តិចទៀតនឹងថើបគេ នាងក៏ស្រាប់តែភិតភ័យខ្លបខ្លាចចំពោះអារម្មណ៍ខ្លួនឯង។ ផ្ទៃមុខនាងដកថយទៅក្រោយវិញ សន្សឹមៗរបេះដៃរបស់គេចេញ។ នាងទាញផួយឡើងថ្នមៗចុះចេញពីគ្រែ យកអាវឡែនរោមចៀមប្រផេះដែលព្យួរនៅក្បែរគ្រែម្ខាងមកពាក់ រួចដើរទាំងជើងទទេទៅកាន់ផ្ទះបាយចាក់ទឹកផឹក។ នាងហាក់បីស្រេកទឹកមកជាខ្លាំង ចាក់ទឹកពេញមួយកែវធំ ងើយក្បាលឡើងអកផឹកក្អឹកៗ ទឹកហៀរពីជ្រុងមាត់នាងហៀរចេញមកក្រៅ ហូរចុះមកក្រោមជើងចង្ការហូតទៅដល់ផ្ទៃកដ៏សខ្ចី។ នៅក្នុងចិត្តរបស់នាងនិយាយថា៖ «ឯងមិនអាចស្រលាញ់គេឡើយ…ធ្វើបែបហ្នឹងគឺខុសហើយ» ប៉ុន្តែនៅក្បែរសុឺជឹងឈុន នាងពិតជាបានឆ្លងកាត់នូវពេលវេលាយ៉ាងរីករាយជាច្រើន។ ដូចជាក្នុងយប់នេះ នាងបានញ៊ាំអាហារពេលយប់ជាមួយនឹងមិត្តប៉ុន្មាននាក់របស់គេ៖ បុរសពីរនាក់គឺជាវិចិត្រករក្រីក្រដូចជាគេដែរ បុរសម្នាក់ជាអ្នកនិពន្ធដែលគ្មានក្ដីសង្ឃឹមចេញសៀវភៅនិងម្នាក់ទៀតជាអ្នកដឹកនាំរឿងដែលទន្ទឹងរង់ចាំល្បី។ មនុស្សទាំងនេះគឺរួសរាយនិងរាក់ទាក់ចំពោះនាងណាស់ ពួកគេនិយាយលេងសើចសប្បាយ ជជែកគ្នាពីឧត្តមគតិនិងជីវិតរស់នៅរបស់ពួកគេ។ ដោយមិនចាំបាច់ងឿងឆ្ងល់នោះឡើយ សុឺជឹងឈុនគឺជាមនុស្សល្អដាច់គេបំផុតនៅក្នុងចំណោមក្រុមមិត្តរបស់ពួកគេទាំងអស់ គេដាក់ខ្លួនយ៉ាងសុភាពរាបសារ សញ្ជឹងស្តាប់អ្នកដទៃនិយាយពីយោបល់និងគោលគំនិតឆន្ទៈមិនចេះចប់របស់មិត្តទាំងឡាយដោយយកចិត្តទុកដាក់។ គេគឺមានភាពទាក់ទាញដ៏ពិសេសមួយដែលពិបាករកពាក្យនឹងថ្លែង មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តគេ។ «ពួកគេមើលទៅមិនដឹងអ្វីទាល់តែសោះឡើយ! មិនដឹងថាគេគឺជាអ្នកណានោះឡើយ!» សុីងលូក្រឡេកភ្នែកសម្លឹងមើលជុំវិញផ្ទះបាយដ៏សាមញ្ញនេះ បង្អួចតែមួយគត់ត្រូវបានបិទបាំងជិតដោយបន្ទះឈើពុកចាស់មួយ ក៏ដូចជាជម្រៅចិត្តខាងក្នុងរបស់នាងត្រូវបានបិទបាំងជិតជាយូរមកហើយ ដូច្នេះមិនគួរណាមានអារម្មណ៍អ្វីផ្សេងទៀតឡើយ។ នាងទម្លាក់កែវទទេដាក់ចុះទៅក្នុងឡាបូលាងដៃ នៅក្បែរនោះឃើញមានក្បាលជក់ប៉ែលមួយនិងថ្នាំប្រេងពណ៌នៅលើក្ដារបន្ទះលាយពណ៌ដែលនៅមិនទាន់បានប្រើប្រាស់។ នាងក្រឡេកមើលទៅកាន់បន្ទះឈើពុកចាស់ពណ៌សគ្របបង្អួចនៅម្ខាងនោះ ក៏មានអារម្មណ៍ថាវាហាក់គួរឱ្យកណ្ដោចកណ្ដែងខ្លាំងណាស់។ នឹកគិតដូច្នេះ នាងក៏កាន់ជក់ប៉ែលនិងបន្ទះក្ដារលាយថ្នាំពណ៌ឡើងមក នាងគូរទ្វារបង្អួចបើកចំហពាក់កណ្ដាលពីទ្វារខាងឆ្វេងគូរនៅជិតជញ្ជាំង ដែលនៅខាងលើនោះលាយឡំទៅដោយភ្លើងបំភ្លឺផ្លូវចម្រុះពណ៌ចែងចាំង នៅចន្លោះទ្វារបើកចំហរំលេចផ្លូវដែកមួយជួរ នៅពីលើគឺជាផ្ទៃមេឃពណ៌ខៀវស្រងាត់ដែលកំពុងតែរៀបលិចមកជាពេលរាត្រី។ រីឯនៅទ្វារខាងស្តាំព្យួរសំយុងដួងព្រះចន្ទមួយយ៉ាងសស្លេក។ ទេសភាពនេះប្រៀបដូចជាកំពុងតែសម្លឹងមើលចេញទៅក្រៅមាត់បង្អួច នាងសម្លឹងឃើញលម្ហមេឃដីដ៏សែនធំល្វឹងល្វើយមួយ។ ឋិតនៅក្នុងខណៈពេលនោះ សុីងលូមានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែសម្លឹងមើលមកនាងនៅពីក្រោយ។ នាងក៏បែរក្បាលទៅក្រោយមើល ក៏បានឃើញសុឺជឹងឈុនកំពុងឈរនៅក្រោយខ្នងនាង ឃ្លាតពីនាងតែប៉ុន្មានជំហានប៉ុណ្ណោះ ព្រោះតែទើបភ្ញាក់ពីគេង សក់ក្បាលរបស់គេឡើងរញ៉េរញ៉ៃ។ «បងភ្ញាក់ហើយហ្អេស!» នាងពោលឡើង។ ទឹកមុខរបស់សុឺជឹងឈុនបង្ហាញសេចក្ដីភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំង និយាយថា៖ «អូនមិនដែលប្រាប់បងពីមុនមកទេថាអូនចេះគូរគំនូរ!» «អូនគ្រាន់តែគូរផ្ដេសផ្ដាសប៉ុណ្ណោះ» សុីងលូក៏និយាយបន្តថា៖ «ហេតុអីបានជាគ្របបង្អួចនេះបិទជិតឈឹងយ៉ាងនេះ?» «ពេលដែលបងរើមកដល់ បង្អួចនេះបិទជិតស្រាប់ទៅហើយ ម្ចាស់ផ្ទះនិយាយថា ដោយសារតែផ្ទះនៅក្បែរនេះជាកន្លែងធ្វើស្រាលក់ ទើបមានបំពង់បង្ហុយផ្សែង» សុឺជឹងឈុនឈានចូលមកជិតបន្តិច ក្រឡេកមើលទេសភាពដែលសុីងលូបានគូរនៅលើបង្អួចនោះ ហើយលាន់មាត់ពោលដោយកោតសរសើរថា៖ «អូនគូរបានស្អាតខ្លាំងណាស់!» សុីងលូយកជក់ប៉ែលនិងក្ដារលាយថ្នាំពណ៌ដាក់ចូលទៅក្នុងឡាបូលាងដៃ និយាយថា៖ «បងកំពុងចំអន់ឱ្យអូន!» «អូនក៏ធ្លាប់រៀនគូរគំនូរដែរហ្អេស?» «អូនហេ៎? កាលពីនៅតូច អូនធ្លាប់រៀននៅក្នុងម៉ោងរៀនគូរគំនូរបន្ថែម» សុីងលូឆ្លើយតបមកជាធម្មតា។ «អូនពិតជាមានទេពកោសល្យណាស់!» សុីងលូរីកស្នាមញញឹមហើយនិយាយថា៖ «អូនក៏ដឹងដែរ ប៉ុន្តែប្រាកដណាស់អូនមិនអាចប្រៀបផ្ទឹមជាមួយនឹងបងបានទេ» សុឺជឹងឈុននិយាយថា៖ «អូនគួរតែសាកល្បងផ្ដោតលើការគូរគំនូរឱ្យបានច្រើន» សុីងលូនិយាយទាំងមិនរំជើបរំជួលចិត្តអ្វីបន្តិចថា៖ «មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើនូវរឿងដែលពួកគេចូលចិត្តបានទាំងអស់នោះទេ!» សុឺជឹងឈុនទាញនាងចូលមកជិត ឱបក្រសោបចង្កេះរបស់នាង សម្លឹងមើលទៅកែវភ្នែកខ្មៅធំៗរបស់នាង ហើយនិយាយទាំងក្រៀមក្រំថា៖ «មានពេលខ្លះបងមានអារម្មណ៍ថាបងមិនដែលធ្លាប់ស្គាល់អូននោះទេ!» សុីងលូប្រើម្រាមដៃច្បិចលើចុងច្រមុះរបស់គេថ្នមតិចៗ ដោយនិយាយថា៖ «ពីព្រោះ…អូនគឺមកពីពិភពមួយដ៏សែនឆ្ងាយ!» សុឺជឹងឈុនថើបលើម្រាមដៃរបស់នាងហើយនិយាយថា: «អូ៎! តាមពិត…អូនគឺជាមនុស្សក្រៅភពហ្អេស?» សុីងលូងក់ក្បាលចុះធ្វើទឹកមុខមុឺងម៉ាត់ និយាយខ្សឹបខ្សួលថា៖ «អាថ៌កំបាំងនេះគឺមានតែបងម្នាក់ទេដែលដឹង» «បើអ៊ីចឹងនោះ តើរូបរាងពិតរបស់អូនគឺយ៉ាងណាដែរទៅ?» ឮសំនួរភ្លាមៗនេះរបស់សុឺជឹងឈុន ធ្វើឱ្យនាងលោតកែងជើងស្ទុះកញ្ឆោលឡើង។ នាងដកម្រាមដៃចេញពីគេទៅយ៉ាងរហ័ស ងាកមុខមកអង្អែលដៃលើសរសៃសក់រលោងវែងៗរបស់នាង និយាយយ៉ាងម៉ឺងម៉ាត់ថា៖ «គឺគ្មានសក់ទេ…» បន្ទាប់មកសុីងលូចង្អុលម្រាមដៃមកជ្រុងកន្ទុយភ្នែករបស់នាងថា៖ «នៅត្រង់ភ្នែកគឺប្រហោងធ្លុងធំពីរ គ្មានប្រស្រីភ្នែក…» ម្រាមដៃនាងបន្តចង្អុលចុះក្រោមបន្តិច៖ «ច្រមុះសំប៉ែត គ្មានធ្មេញនៅក្នុងមាត់ ស្បែកឡើងគគ្រើម» ចុងក្រោយបង្អស់ សុីងលូលើកម្រាមដៃឡើងទៅពីមុខកែវភ្នែករបស់សុឺជឹងឈុន ហើយនិយាយថា៖ «ម្រាមដៃគឺមានតែម្រាមមួយប៉ុណ្ណោះ!» សុឺជឹងឈុនក្ដោបក្រសោបម្រាមដៃរបស់សុីងលូ និយាយទាំងសើចញញឹមថា៖ «បងខ្លាចខ្លាំងណាស់!» «បានហើយចុះណា៎!» សុីងលូគ្រវីដៃបក់ៗនៅចំពោះមុខរូបគេថា៖ «អូនសន្យានឹងបង អូននឹងមិនឱ្យបងឃើញរូបរាងពិតរបស់អូនឡើយ» នៅក្នុងចិត្តរបស់នាងគិតថា៖ «មែនហើយ! បងនឹងមិនអាចឃើញវាទេ» រំពេចនោះ សុឺជឹងឈុនក៏ស្រាប់តែសួរថា៖ «ចុះហេតុអ្វីបានជាអូនមករកបង?» កែវភ្នែកដ៏ស្រស់ស្អាតរបស់សុីងលូសម្លឹងមកកាន់គេដោយស្ងៀមស្ងាត់ ហើយនិយាយយ៉ាងទន់ភ្លន់គួរឱ្យស្រលាញ់ថា៖ «ពីព្រោះតែបងគឺជាមនុស្សដែលគួរឱ្យស្រលាញ់ជាទីបំផុតនៅលើភពផែនដីនេះ…បងគឺជាមនុស្សតែម្នាក់គត់!» សុឺជឹងឈុនក្រឡេកមើលអាវឡែនរោមចៀមពណ៌ប្រផេះ ដែលមានមួកកបត់ឡើងរញ៉ិករញ៉ុកខ្ទក់ និយាយថា៖ «តែទោះយ៉ាងណាក៏អូនមិនគួរយកអាវឡែនរបស់បងពាក់អ៊ីចឹងដែរ?» សុីងលូទះស្រាលលើថ្ងាសខ្លួនឯងបន្តិចនិយាយថា៖ «អូ៎… អ៊ីចឹងសោះ ទើបបានជាអូនមានអារម្មណ៍ថារាងធូររលុងបន្តិច» «នេះគឺជាអាវដែលមិត្តស្រីរបស់បងចាក់ដោយផ្ទាល់ដៃណា៎ តាំងពីដើមមក មិនដែលមាននារីណាម្នាក់ចាក់អាវឱ្យបងទេ! សុំទោសផង! បងមិនអាចជូនវាឱ្យទៅអូនបានទេ» នោះគឺជាអាវឡែនដែលសុីងលូមិនគេងមិនសម្រាកពេញមួយយប់ដើម្បីចាក់សម្រាប់ឱ្យសុឺជឹងឈុន។ នៅថ្ងៃដែលទទួលបានអំណោយនេះ សុឺជឹងឈុនត្រេកអរសប្បាយចិត្តដូចជាកូនក្មេង ហើយក៏រហ័សរហួនយកវាស៊កពាក់នៅលើខ្លួនភ្លាម។ សុីងលូយល់ថាដៃអាវរាងខ្លីបន្តិច ប៉ុន្តែសុឺជឹងឈុនចចេសថា វាមិនខ្លីទេ មិនថាទោះបីជាយ៉ាងណាក៏មិនព្រមដោះចេញ ហើយថែមទាំងនិយាយលេងសើចថា គេខ្លាចបើគេដោះវាចេញនោះ នាងនឹងដណ្ដើមយកវាត្រលប់ទៅវិញ។ អាវឡែននោះ ពេលដែលសុឺជឹងឈុនពាក់ចូលមើលទៅពិតជាស្អាតសង្ហាណាស់ នាងប្រើពេលមួយយប់មិនគេងមិនសម្រាកចាក់វាសម្រាប់គេ។ របស់នេះដើមឡើយគឺគ្រាន់តែជាចំណងរឹតមួយយកមកចងឃុំទុកគេ ក៏ប៉ុន្តែនាងមិននឹកស្មានថារូបរាងគេបែរជារំភើបចិត្តខ្លាំងអនេកយ៉ាងនេះ។ ដៃរបស់សុីងលូចាប់ក្ដាប់ចុងអាវឡែនចាក់នៅលើខ្លួនរបស់នាង ទាញហើបក្បាលពោះឡើង ហាក់បីដូចជាចង់ដោះវាចេញមក និយាយថា៖ «បងចង់ឱ្យអូនសងវាឱ្យបងវិញឥឡូវនេះហ្អេស?» សុឺជឹងឈុនទាញសុីងលូខិតចូលមកជិត គេចាប់លើកមួកអាវឡែននៅពីក្រោយខ្នងឡើងផុតលើក្បាលរបស់នាង។ ក៏ដោយសារមួកអាវចាក់តាមសាយខ្លួនរបស់គេ វាធំជាងក្បាលនាងបន្តិច មួកអាវបាំងជិតឈឹងកែវភ្នែកមួយចំហៀងរបស់សុីងលូ។ នាងផ្ដេកផ្ដួលទៅលើដើមទ្រូងរបស់គេ សើចញញឹមសួរថា៖ «បងចង់ធ្វើអីហ្នឹង?» «បងមានរបស់មួយចង់ជូនឱ្យអូន ដូច្នេះអូនមិនគួរមើលមុនទេ» នៅក្រៅគែមមួក ដៃរបស់សុឺជឹងឈុនបានបិទបាំងជិតភ្នែករបស់នាង។ ក្រោយពេលបញ្ជាក់ច្បាស់ថានាងមិនឃើញអ្វីសោះ ទើបគេក៏នាំផ្លូវនាងដើរចេញទៅក្រៅ។ ដើមទ្រូងរបស់សុឺជឹងឈុនផ្អែកផ្អឹបមកលើផែនខ្នងរបស់សុីងលូ នាំផ្លូវនាងឈានមួយជំហានៗដើរឆ្ពោះទៅមុខ។ សុីងលូចង់លួចក្រឡេកមើល ប៉ុន្តែដៃរបស់សុឺជឹងឈុនបិទបាំងភ្នែករបស់នាងយ៉ាងណែន នាងគ្រាន់តែឃើញភាពងងឹតសូន្យសុងនៅពីមុខភ្នែករបស់នាង ដោយមិនដឹងថាគេចង់នាំនាងទៅណា។ នាងចាប់តោងក្រសោបលើដៃទាំងពីររបស់សុឺជឹងឈុន ញញឹមហើយសួរថា៖ «តើនោះជាអ្វីទៅ?» សុឺជឹងឈុនមិនឆ្លើយតបនឹងនាង នៅតែបន្តនាំនាងដើរទៅមុខ។ អ្វីៗនៅជុំវិញនោះហាក់ស្ងប់ស្ងាត់មកជាខ្លាំង នៅសុខៗសុីងលូស្រាប់តែមានអារម្មណ៍ភ័យខ្លាច នឹកគិតពីប្រយោគចុងក្រោយរបស់គេ គេបានសួរនាងថា «ចុះហេតុអ្វីបានជាអូនមករកបង?» ឬមួយថាគេបានដឹងអស់ទៅហើយ? តើគេចង់ធ្វើអ្វីដល់នាង? បេះដូងរបស់នាងលោតឌឹបដាក់ៗ ចង់សាករបេះចេញពីដៃរបស់គេ។ ប៉ុន្តែគេរឹតតែក្តោបជាប់កាន់តែខ្លាំង ហាក់ដូចជាចង់កប់នាងទាំងរស់នៅក្នុងទីជ្រោះជ្រៅ។ នាងភិតភ័យស្លន់ស្លោចាប់ទាញដៃទាំងពីររបស់សុឺជឹងឈុនដែលកំពុងតែបិទបាំងភ្នែករបស់នាងចេញ ក្រចកដៃរបស់នាងខ្វាចជ្រៅចាក់ចូលទៅក្នុងស្បែករបស់គេ សំឡេងស្រែកខ្លាំងៗបន្លឺឡើងយ៉ាងភ័យខ្លាចថា៖ «លែងខ្ញុំទៅ!» សុឺជឹងឈុនថ្ងូរភ្ញាក់បន្តិចហើយក៏ព្រលែងដៃចេញពីនាង។ សុីងលូខំប្រឹងរើបម្រាស់ខ្លួនចេញពីក្នុងដៃរបស់គេ សក់ក្បាលរបស់នាងឡើងរញ៉េរញ៉ៃ មួកអាវឡែនរលាត់ទៅពីក្រោយក្បាលអស់ ជើងសក់នៅលើកំពូលក្បាលរបស់នាងប៉ើងញ័របន្តិច ក៏ព្រោះតែភ័យខ្លាច ប្រហោងច្រមុះរបស់នាងបើកធំៗ ភ្នែកធំៗទាំងពីររបស់នាងបើកសម្លក់កាន់តែធំជាងហ្នឹងទៀត ក៏ប៉ុន្តែនៅខណៈពេលនោះ នាងបែរជាប្រទះឃើញថា សុឺជឹងឈុនកំពុងតែឈរសម្លឹងមើលទៅនាងដោយខ្សែភ្នែករន្ធត់ភ្ញាក់ផ្អើល។ សុឺជឹងឈុនត្រូវនាងបំភ័យឱ្យភ័យខ្លាច។ គេមិនដែលធ្លាប់ឃើញសុីងលូបែបនេះឡើយ ក្រឡេកមើលពីដំបូងទៅនាងគឺមើលទៅប្រៀបដូចជាកូនឆ្មាដែលកំពុងភ័យខ្លាច រោមទាំងអស់នៅលើខ្លួនប៉ើងឆ្កឺតឡើងទៅលើ មាត់ហាយ៉ាងធំញេញចង្កូមទាំងពីរស្រែកបន្លាចគេ សឹងតែចង់ហក់លោតមកក្រញ៉ាំខ្ញាំសាច់គេខាំសុីសាច់គេ។ សុឺជឹងឈុនអង្អែលលើដៃរបស់គេដែលត្រូវខ្វាចឱ្យរបួស សម្លឹងមើលទៅសុីងលូដែលឈរនៅពីក្រោយខ្នង និយាយថា៖ «បងគ្រាន់តែចង់ឱ្យអូនមើលរបស់នេះតែប៉ុណ្ណោះ!» មួយប៉ប្រិចភ្នែកនោះ សុីងលូក៏ងាកក្បាលមកក្រោយ សម្លឹងមើលទៅរបស់នោះ។ នៅពេលដែលឃើញទិដ្ឋភាពបំផុសឡើងនៅចំពោះមុខនាងនោះ នាងភ្ញាក់ឱ្យព្រើត។ តាមពិត សុឺជឹងឈុនចង់បង្ហាញឱ្យនាងមើលរូបគំនូរនៅលើក្ដារគំនូរ។ តួអង្គដែលគូរនៅក្នុងរូបគំនូរនោះគឺជានាង។ នាងពាក់អាវសឺមីពណ៌សដែលជាឯកសណ្ឋានរបស់ហាងកាហ្វេ ចងក្រវាត់កពណ៌ខ្មៅ សក់ពណ៌ត្នោតចងបួងឡើងទៅខ្ពស់ ឈរនៅឯរបារឆុងកាហ្វេ កែងដៃទាំងពីរច្រត់ឡើងនៅលើតុ។ នៅក្បែរៗនោះថែមទាំងមានថូផ្កាមួយដោតបំពេញបាច់ផ្កាកុលាបក្រហមស្រស់ពេញ។ នាងហាក់ដូចជាព្រងើយកន្តើយអារម្មណ៍ភ្លឹកភ្នែកសម្លឹងមើលទៅកាន់ទេសភាពនៅលើទីដងផ្លូវផ្ការោយ នៅក្នុងក្រសែភ្នែករបស់នាងបង្ហាញឡើងមកនូវសេចក្ដីសៅហ្មងនិងទុក្ខកង្វល់យ៉ាងជ្រាលជ្រៅ។ សុីងលូភ្លឹកសម្លឹងមើលទៅកាន់រូបគំនូរនោះមិនដាក់ភ្នែក កន្លងផុតអស់ពេលជាយូរនាងនៅតែមិននិយាយស្ដីអ្វី។ «រូបគំនូរមួយនេះគឺពិតជាស្រស់ស្អាតអ្វីម៉្លេះទេ!» ទោះសុបិនក៏សុីងលូមិននឹកស្មានឡើយថា សុឺជឹងឈុនបែរហាក់បីដូចជាមើលធ្លុះពីជម្រៅដួងចិត្តខាងក្នុងរបស់នាង។ នាងតែងតែគិតថានៅចំពោះមុខគេ នាងលាក់បាំងបានជិតយ៉ាងល្អ។ នាងតែងតែបង្ហាញឱ្យគេឃើញនូវរូបរាងដ៏សែនរីករាយនិងគ្មានទុក្ខកង្វល់របស់នាង ជារឿយៗតែងបង្ហាញជាប់ទឹកមុខសើចញញឹមដើម្បីលាក់អាថ៌កំបាំងនៅខាងក្នុងដួងចិត្តរបស់នាង។ ប៉ុន្តែសុឺជឹងឈុនបែរជាអាចមើលឃើញពីភាពឯកោនិងទុក្ខព្រួយរបស់នាង។ កែវភ្នែកដ៏ស្រស់ស្អាតរបស់នាងរំលេចពន្លឺរស្មីនៃរលកទឹកភ្នែក មិនដឹងថាចេញពីអារម្មណ៍ភ័យខ្លាច ឬចេញពីអារម្មណ៍រំជួលចិត្តនោះទេ។ សុឺជឹងឈុនមិនយល់ពីកែវភ្នែករបស់នាង គេសួរទៅនាងថា៖ «តើអូនយ៉ាងម៉េចហ្នឹង?» សុីងលូបែរមុខទៅរកគេ ខាំចុងបបូរមាត់របស់នាងបន្តិច ហើយនិយាយថា៖ «អូនខ្លាចភាពងងឹតណាស់» សុឺជឹងឈុនរំលេចស្នាមញញឹមយ៉ាងស្រទន់៖ «ម៉េចក៏អូនមិនឆាប់និយាយប្រាប់បង?» សុីងលូញញឹមពេបមាត់ថា៖ «បងនឹងថាអូនប្រម៉ាត់តូច!» សុឺជឹងឈុនក៏ឈានដើរចូលទៅជិត ឈ្ងោកខ្លួនចុះមកឱបនាងយ៉ាងទន់ភ្លន់ ប្រើបាតដៃរបស់គេជូតញើសចេញពីថ្ងាសរបស់នាង ហើយនិយាយថា៖ «អត់ទេ! បងនឹងការពារអូន» សុីងលូងើយផ្ទៃមុខឡើងសម្លឹងមើលទៅគេសួរថា៖ «តើបងគូររូបនេះតាំងពីពេលណាហ្នឹង?» សុឺជឹងឈុនសម្លឹងមើលមុខនាងញញឹមយ៉ាងស្រទន់ និយាយសង្កត់ធ្ងន់ថា៖ «អាថ៌កំបាំង!» សុីងលូបូញមាត់ឡើងសួរថា៖ «តើបងត្រូវគូរយូរប៉ុនណា? ម៉េចបានជាអូនមិនធ្លាប់ឃើញបងគូរសោះអ៊ីចឹង?» សុឺជឹងឈុននៅតែញញឹមយ៉ាងស្រទន់ថា៖ «គ្រប់យ៉ាងដំណើរការនៅក្នុងអាថ៌កំបាំង» សុីងលូសម្លឹងមើលទៅរូបគំនូរ ក៏ប្រទះនូវការចងចាំឃើញថាសុឺជឹងឈុនថ្មីៗនេះហាក់ដូចជាអាថ៌កំបាំងបន្តិចមែន នៅចំពោះមុខនាង គេហាក់ដូចជាចង់លាក់បាំងអ្វីមួយ។ ថ្ងៃមួយ នាងមិនបានប្រាប់គេទុកជាមុនក៏រត់មកផ្ទះរបស់គេ ប្រើកូនសោរដែលគេឱ្យនាងបើកទ្វារ។ ពេលដែលទ្វាររបើកភ្លាម គេហាក់ដូចជាតក់ក្រហល់មានចេតនាលាក់អ្វីមួយទៅខាងក្រោយខ្នងរបស់គេ។ នាងនៅមានមន្ទិលជាប់ជានិច្ច តាមពិតអ្វីដែលគេចង់លាក់បាំងនោះគឺជារូបគំនូរដែលនៅមិនទាន់គូរបញ្ចប់ គេចង់ផ្ដល់សេចក្ដីភ្ញាក់ផ្អើលមួយឱ្យទៅនាង។ នាងបានយល់ច្រឡំលើគេខុសទាំងស្រុងហើយ។ នាងលើកដៃរបស់គេឡើងមកមើល នៅលើកដៃម្ខាងនោះរំលេចចេញស្នាមខ្វាចដាច់សាច់ចេញពីស្នាដៃរបស់នាងយ៉ាងច្បាស់។ នាងរអៀសចិត្តសួរទាំងបារម្ភថា៖ «នៅឈឺទេ?» សុឺជឹងឈុនគ្រវីក្បាល ឆ្លើយតបថា៖ «មិនឈឺទេ» សុឺជឹងឈុនសួរទៅនាងថា៖ «តើអូនចូលចិត្តរូបគំនូរនេះទេ?» សុីងលូខ្សឹកខ្សួលតិចៗថា៖ «បងពិតជាគូរបានស្អាតខ្លាំងណាស់!» សុីងលូក្រឡេកមើលទៅកាន់ផ្ទាំងរូបគំនូរនោះ តើនារីដ៏ស្រស់ស្អាតដែលមើលទៅត្រជាក់ល្អូកម្នាក់នោះគឺពិតជានាងមែនឬ? នាងមានអារម្មណ៍ថានាងហាក់ដូចមិនធ្លាប់ស្គាល់រូបខ្លួនឯងពិតទាល់តែសោះ នាងបានផ្លាស់ប្តូរច្រើនខ្លាំងណាស់។ នាងនៅចាំថានាងធ្លាប់មានក្ដីសុបិនចំពោះជីវិតមួយនេះ នាងជឿជាក់ថានាងនឹងអាចចាប់តោងក្ដាប់បាននូវសេចក្ដីសុភមង្គលនិងក្ដីសុខសាន្តរីករាយ នាងប៉ងប្រាថ្នាថ្ងៃថ្មីដែលពោរពេញដោយពណ៌ភ្លឺចម្រុះ ប៉ងប្រាថ្នាជីវិតរស់នៅសោយសុខនិងស្តុកស្តម្ភ ប៉ុន្តែអ្វីៗទាំងអស់នោះបានឃ្លាតទៅកាន់ទីកន្លែងដ៏សែនឆ្ងាយនិងកំពុងសើចចំអកឱ្យនាង។ នាងសន្សឹមៗងើយផ្ទៃមុខឡើងយឺតៗ ភ្នែកសម្លឹងមើលទៅកាន់សុឺជឹងឈុន ឋិតនៅក្នុងមួយចង្វាក់ខណៈពេលនោះ នាងនឹកគិតនៅក្នុងចិត្តថា៖ «គេស្រលាញ់ឯង!» ——— នៅថ្ងៃចុងសប្តាហ៍ក្នុងខែដប់មួយ ឋិតនៅក្រោមពន្លឺព្រះអាទិត្យនាពេលរសៀលល្ងាច សុីងលូនិងសុឺជឹងឈុនជិះទូកឆ្លងដងទន្លេទៅកាន់ “ម៉ៃហួរ” ។ មិត្តភកិ្តម្នាក់របស់សុឺជឹងឈុនរៀបចំការតាំងពិពណ៌នៅទីនោះ។ ផ្ទះតាំងពិពណ៌នោះមានទីតាំងឋិតនៅក្រោមជើងភ្នំ “TS” ត្រូវឆ្លងកាត់វាលស្រែមួយ ជ្រោះអូរមួយ បន្ទាប់មកបត់ទៅក្នុងច្រកផ្លូវកាត់តូចមួយ។ សំណង់ផ្ទះមានតែមួយជាន់តែប៉ុណ្ណោះ ដែលមើលទៅចំណាស់បុរាណណាស់ នៅសងខាងមាត់ទ្វារធំទាំងពីរមានព្យួរពាក្យស្លោកអបអររដូវផ្ការីកពីរជួរវែង ហើយនិងចងព្យួរចង្កៀងគោមក្រហមមួយគូ ឯទ្វារធំគឺធ្វើពីឈើ។ សុឺជឹងឈុនចាប់កាន់ដៃសុីងលូដើរចូលទៅក្នុងផ្ទះ ពេលដែលពួកគេដើរឆ្លងកាត់ទីធ្លាធំមួយ ឃើញមានពូជឆ្កែរោមពណ៌មាសប៉ុន្មានក្បាលកំពុងតែខ្ជិលច្រអូសដេកអាំងថ្ងៃចំតិត សម្លឹងឃើញមនុស្សចម្លែកហើយ ពួកវាមិនខ្ចីទាំងងើយក្បាលឡើងមើលផង។ មានមិត្តភក្តិជាច្រើនមកចូលរួម ជំនុំគ្នាមួយក្រុមប្រាំមួយក្រុមបីកំពុងតែអង្គុយជជែកគ្នាលេងអំពីរឿងរ៉ាវជីវិតរៀងៗខ្លួន នៅក្នុងចំណោមពួកគេ ក៏មានមនុស្សប៉ុន្មាននាក់សុីងលូធ្លាប់បានចួបពីមុន។ សុឺជឹងឈុនបានណែនាំសុីងលូទៅកាន់ម្ចាស់ផ្ទះ។ នារីម្នាក់នោះមានសម្បុរខ្មៅស្រអែម រូបរាងខ្ពស់ ស្លៀករ៉ូបពណ៌សក្បុសរលុង នៅលើជើងគ្មានពាក់ស្បែកជើង មានស្នាមអុចខ្មៅជាច្រើននៅជុំវិញរង្វង់ភ្នែក បបូរមាត់ក្រាស់ឃ្មឹកពេលដែលរីកស្នាមញញឹមឡើងមក សក់ដ៏វែងស្រិលចងក្របួចបួងឡើង នៅលើគុម្ពស្លឹកត្រចៀកដោតផ្កាអ័រគីដេមួយទង។ នោះគឺជារូបរាងមួយដ៏ចម្លែក មុខមាត់មិនជាស្រស់ស្អាតនោះទេ ប៉ុន្តែនៅពេលដែលការតុបតែងខ្លួនទាំងនេះដាក់បញ្ចូលគ្នាក៏បង្កើនទៅជាភាពទាក់ទាញមួយយ៉ាងបង្ខំចិត្ត។ នារីម្ចាស់ផ្ទះចាប់ក្រសោបដៃរបស់សុីងលូឡើង បបូរមាត់ដ៏មានមន្តស្នេហ៍របស់នាងសើចញញឹមនិយាយថា៖ «ខ្ញុំមិនដែលធ្លាប់ឃើញសុឺជឹងឈុននាំមិត្តស្រីរបស់គេមកជាមួយនោះទេ ខ្ញុំនៅនឹកស្មានថាគេមិនចូលចិត្តមនុស្សស្រីឡើយ! ប៉ុន្តែតាមពិតសំណូមពររបស់គេគឺខ្ពស់យ៉ាងនេះ!» សុីងលូរំលេចស្នាមញញឹមយ៉ាងគួរសម។ នារីម្ចាស់ផ្ទះនោះក្រឡេកក្រសែភ្នែកសម្លឹងមើលទៅកាន់សុឺជឹងឈុនបន្តិច ហើយក៏ងាកមកនិយាយជាមួយនឹងសុីងលូថា៖ «គេគឺជាបុរសដ៏ល្អម្នាក់ បើសិនជាថ្ងៃណាមួយនាងមិនអាចរក្សាគេបានទៀតទេនោះ សូមប្រាប់ខ្ញុំឱ្យដឹងមួយម៉ាត់ផង! ពីព្រោះគេក៏ជាចំណីហ្វូងសត្វកំណាចមួយដែរ!» នៅក្នុងដួងចិត្តរបស់សុីងលូនឹកគិតថា៖ «មនុស្សស្រីម្នាក់នេះ និយាយស្ដីគ្មានសុជីវធម៌ណាស់!» ប៉ុន្តែនៅលើផ្ទៃមុខរបស់សុីងលូនៅតែរក្សាស្នាមញញឹមជានិច្ចដដែល។ បន្ទាប់មកទៀត ពួកគេបានដើរចូលទៅជិតក្រុមមនុស្សជំនុំគ្នាទាំងនោះ និយាយស្ដីសួរសុខទុក្ខមិត្តភក្តិ រីករាយនឹងការគយគន់លើស្នាដៃបង្ហាញឡើងរបស់នារីម្ចាស់ផ្ទះ ហើយក៏រួមគ្នាដើរទៅខាងក្រោយផ្ទះទស្សនាឡដុតឥដ្ឋដ៏ធំសម្បើម ដែលប្រើសម្រាប់ដុតស្នាដៃស្មូនដីឥដ្ឋទាំងនេះ។ នៅពេលរសៀលបាក់ល្ងាច មនុស្សម្នាក់ៗសុទ្ធតែហាក់បីខ្ជិលល្វើយបន្តិច អ្នកទាំងអស់គ្នាក៏នាំគ្នាអង្គុយញ៊ាំនំនែកនិងផឹកតែពេលរសៀល សំណេះសំណាលអំពីរឿងដែលមិនជាសំខាន់សម្រាប់គ្នា។ សុឺជឹងឈុនងាកខ្សឹបក្បែរត្រចៀករបស់សុីងលូ៖ «ពួកយើងចេញទៅក្រៅដើរលម្ហែបន្តិចទៅ!» ហើយដូច្នេះ ពួកគេក៏ក្រោកដើរចេញទៅដោយស្ងាត់ៗ។ ពួកគេដើរដោយគ្មានគោលដៅនៅលើផ្លូវដ៏តូចមួយឆ្ពោះទៅកាន់កំពូលភ្នំ។ សុីងលូសម្លឹងមើលទៅសុឺជឹងឈុនហើយនិយាយថា៖ «នារីម្ចាស់ផ្ទះមើលទៅហាក់ដូចជាចូលចិត្តបងណាស់!» សុឺជឹងឈុនញញឹម ហើយនិយាយថា៖ «ម៉េចនឹងអាចទៅ?» សុីងលូនិយាយថា៖ «អ្នករាល់គ្នាសុទ្ធតែអាចមើលដឹងបាន មានតែបងដែលមើលមិនដឹង!» សុឺជឹងឈុននិយាយថា៖ «នាងគឺគ្រាន់តែលេងសើចប៉ុណ្ណោះ ចរិតលក្ខណៈរបស់នាងគឺដូចជាមនុស្សប្រុសអ៊ីចឹង!» សុីងលូល្វើយចិត្តនិយាយថា៖ «ពិតមែនហ្អេស?» នៅសុខៗនោះនាងក៏ស្រាប់តែមិននិយាយអ្វីទៀត បោះជំហានដើរឆ្ពោះទៅមុខដោយស្ងាត់ៗ។ ហេតុអ្វីនាងត្រូវប្រចណ្ឌ? ការប្រចណ្ឌគឺគ្រោះថ្នាក់ខ្លាំងណាស់ ដូចជាគ្រាប់ណូតភ្លេងពណ៌សនៅក្នុងភ្លេងតន្ត្រីមួយ បន្ទាប់ពីគ្រាប់ណូតភ្លេងពណ៌សនោះ ពិតណាស់ជាបន្តនឹងមានចង្វាក់ធ្វើឱ្យដួងអារម្មណ៍កាន់តែពុះកញ្ជ្រោលឡើងខ្លាំង។ សុឺជឹងឈុនចាប់កាន់ដៃរបស់នាង សួរយ៉ាងអន្ទះសារថា៖ «អូនយ៉ាងម៉េចហ្នឹង? បងពិតជាគ្មានអ្វីជាមួយនឹងនាងទេ!» សុីងលូញញឹមតិចៗ ហើយនិយាយថា៖ «បងមើលខ្លួនឯងចុះ តើចាំបាច់ត្រូវស្លន់ស្លោបកស្រាយដល់ម្ល៉ឹងទេ? ខ្ញុំគ្រាន់តែលេងសើចជាមួយបងប៉ុណ្ណោះ!» មួយរំពេចនោះ ពួកគេបានឡើងទៅដល់លើកំពូលភ្នំ ផ្ទះក្បឿងបែបអង់គ្លេសពណ៌សមួយបានរំលេចមកនៅចំពោះមុខពួកគេ។ ផ្ទះនោះគឺមានតែមួយជាន់ លើដំបូលមានប្រក់បំពង់បង្ហុយផ្សែង នេះគឺជាផ្ទះតែមួយគត់នៅលើកំពូលភ្នំ នៅជុំវិញផ្ទះមានហ៊ុមព័ទ្ធរបងឈើពណ៌ស ឯនៅខាងលើរបងមានផ្កាដុះចម្រុះពណ៌គ្រប់ប្រភេទ។ កូនឆ្កែខ្មៅមុខល្ងង់ៗតូចមួយក្បាលមិនដឹងជារត់ចេញមកពីកន្លែងណានោះទេ បក់គ្រវីៗកន្ទុយដាក់សុីងលូមិនឈប់។ សុីងលូរីករាយជាខ្លាំងសើចញញឹមឡើងលឹបភ្នែក។ នាងបញ្ឈប់ដំណើរហើយនិយាយថា៖ «ចម្លែកមែន! ហេតុអ្វីបានជាមានផ្ទះមួយនៅទីនេះ?» សុឺជឹងឈុនឈរនៅក្បែរនាង និយាយថា៖ «អូនមើលន៎!» សុីងលូបែរមុខទៅកាន់ទិសម្ខាងទៀត ឈរសម្លឹងពីទីនេះទៅនឹងអាចមើលឃើញគុម្ពព្រៃឈើដ៏ច្រើនសន្ធឹកនៅចម្រៀកជើងភ្នំ នៅឯជើងមេឃពីចម្ងាយរំលេចដួងព្រះអាទិត្យកំពុងសំយុងរៀបលិចចុះ សុីងលូឃើញផ្ទៃសមុទ្រនៅឯនាយសែនធំល្វឹងល្វើយ រលកសមុទ្រកំពុងបក់បោកទៅតាមជំនោរខ្យល់មិនឈប់។ ទីកន្លែងដែលនាងសំដៅឆ្ពោះទៅកាលពីមុនគឺជាផ្ទះវីឡាដ៏ធំឋិតនៅក្រោមពន្លឺព្រះចន្ទ មានច្រករបងថ្មម៉ាបកោងហើយនិងជីវិតរស់នៅស្តុកស្តម្ភនៅក្រោមភ្លើងចង្កៀងគ្រីស្តាល់ដ៏ស្រស់បំព្រង រហូតមកទល់ពេលនេះ នាងមិនដែលធ្លាប់កោតស្ញប់ស្ញែងជីវិតរស់នៅបែបទីជនបទទេ ទីភូមិដ៏ស្ងប់ស្ងាត់ស្រឡះកាយ និងសូរសំឡេងសត្វល្អិតស្រែកបន្ទរនៅក្នុងព្រៃប្រឹក្សា។ ផ្ទះដែលមានដំបូលប្រក់ក្បឿងពណ៌សនិងផ្ទាំងទេសភាពទាំងឡាយដែលនៅចំពោះមុខនេះបានធ្វើឱ្យនាងរំជួលចិត្តយ៉ាងភ្ញាក់ផ្អើល។ នៅពីក្រោយខ្នងពួកគេសុខៗស្រាប់តែមានសំឡេងមួយបន្លឺឡើង៖ «វាចូលចិត្តបំផុតគឺតាមប្រលែងលេងជាមួយនឹងមនុស្សស្រីដែលស្អាតៗ!» សុីងលូនិងសុឺជឹងឈុនងាកក្បាលមកក្រោយទន្ទឹមគ្នា ស្រាប់តែឃើញមានលោកតាវ័យចំណាស់ម្នាក់ឈរនៅក្បែរមាត់របងផ្ទះ កាន់ធុងទឹកស្រោចផ្កានៅក្នុងដៃ មើលទៅគាត់គឺជាអ្នកមើលថែសួនចម្ការនៅទីនេះ។ សុឺជឹងឈុនជាមនុស្សដំបូងដែលផ្ដើមការសន្ទនា គេបានសួរថា៖ «លោកតា! តើនៅទីនេះមានមនុស្សរស់នៅដែរមែនទេ?» លោកតាចំណាស់ឆ្លើយថា៖ «ម្ចាស់ផ្ទះនៅទីនេះគ្រាន់តែមកលេងតែក្នុងវិស្សមកាលរដូវក្តៅប៉ុណ្ណោះ ខ្យល់ព្រៃភ្នំនៅទីនេះត្រជាក់ល្ហើយល្អណាស់!» បន្ទាប់មកលោកតាចំណាស់បាននិយាយបន្តទៀតថា៖ «តើអ្នកទាំងពីរចង់ចូលទៅក្នុងមើលលេងកម្សាន្តបន្តិចទេ?» សុីងលូនិងសុឺជឹងឈុនសម្លឹងមើលមុខគ្នាហើយសើចញញឹម ស្ទើរតែឆ្លើយស្របដំណាលគ្នាថា៖ «ប្រាកដជាចង់!» លោកតាចំណាស់បាននាំពួកគេឆ្លងកាត់សួនផ្កាចូលទៅក្នុងផ្ទះ។ នៅខាងក្នុងផ្ទះរៀបចំតុបតែងយ៉ាងសាមញ្ញ នៅលើពិដានព្យួរស្លាបកង្ហារពណ៌សពីរបីគ្រឿង កម្រាលឥដ្ឋធ្វើពីឈើគ្រឿងសង្ហារឹមទាំងអស់នៅក្នុងផ្ទះធ្វើពីឈើឬស្សី នៅលើជញ្ជាំងមានភ្ជាប់ជើងក្រានផ្ដល់កំដៅបុរាណមួយ។ ដើរឆ្លងកាត់ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវមានទ្វារកញ្ចក់រាបដល់ដីយ៉ាងប្រណីតគួរឱ្យគន់ភ្នែក ដើរចេញមកដល់ក្រោមសំយ៉ាបផ្ទះតូច មានព្យួរកៅអីទោងយោលធ្វើពីឬស្សី។ នៅចំពោះមុខរបស់ពួកគេគឺជាទេពភាពព្រៃភ្នំនិងសមុទ្រ។ សុីងលូទម្លាក់ខ្លួនអង្គុយចុះនៅលើកៅអីទោងយោលឬស្សីនោះយ៉ាងរំភើបរីករាយ យោលទោងទៅមកដកដង្ហើមស្រស់ថ្លា លាន់មាត់ពោលថា៖ «ទីនេះគឺពិតជាស្អាតខ្លាំងណាស់!» សម្លឹងឃើញសុីងលូសប្បាយរីករាយខ្លាំងយ៉ាងនេះ សុឺជឹងឈុនក៏បាននិយាយថា៖ «ចាំថ្ងៃក្រោយពេលដែលបងល្បី បងនឹងទិញផ្ទះនេះជូនឱ្យអូន! ពួកយើងមកកាន់ទីនេះជាមួយគ្នា! ស្នាក់នៅកម្សាន្តអារម្មណ៍និងគូរគំនូរ!» សុីងលូងើយផ្ទៃមុខឡើងសម្លឹងមើលសុឺជឹងឈុនហើយនិយាយថា៖ «តើបងធ្លាប់ឮរឿងតំណាលរបស់វិចិត្រករក្រីក្រនិងផ្ទះសម្បែងហើយឬនៅ?» សុឺជឹងឈុនចងចិញ្ចើមបន្តិច ឫកពារដូចជាមិនដែលធ្លាប់បានឮពីមុនមកសោះ។ សុីងលូអង្អែលរោមកូនឆ្កែតូចដែលដេកក្រាបននៀលនៅលើភ្លៅរបស់នាង ម្រាមជើងសំយុងចុះទៅលើផ្ទៃដី និយាយថា៖ «កាលដ៏យូរលង់ណាស់មកហើយ មានវិចិត្រករក្រីក្រម្នាក់។ នៅថ្ងៃមួយ វិចិត្រករដ៏ក្រីក្រកម្សត់ម្នាក់នោះនិងប្រពន្ធរបស់គេបានទៅកាន់ទីដីកោះល្ហល្ហេវតូចមួយ ប្រទះភ្នែកឃើញផ្ទះតូចមួយខ្នងដែលអ្នកទាំងពីរសុទ្ធតែស្រលាញ់ពេញចិត្តយ៉ាងខ្លាំង។ វិចិត្រករក្រីក្រម្នាក់នោះបាននិយាយប្រាប់ទៅកាន់ប្រពន្ធរបស់គេថា៖ «ចាំថ្ងៃក្រោយបងល្បី មានប្រាក់ច្រើន បងនឹងទិញផ្ទះមួយនេះ ពួកយើងនឹងរស់នៅទីនេះរហូតដល់ចាស់សក់ស្កូវ» ជាច្រើនឆ្នាំក្រោយមក វិចិត្រករក្រីក្រម្នាក់នោះក៏ពិតជាបានល្បីល្បាញ រកប្រាក់បានយ៉ាងច្រើន។ គេនិងប្រពន្ធរបស់គេរស់នៅក្នុងផ្ទះវីឡាធំដ៏ប្រណីតមួយនៅចំកណ្តាលក្រុង ដែលពេលខ្លះមានការមមាញឹកជាខ្លាំង។ នៅថ្ងៃមួយ ស្ត្រីជាប្រពន្ធបានសួរទៅកាន់វិចិត្រករម្នាក់នោះថា«ក្រែងពួកយើងបាននិយាយគ្នាហើយថាពួកយើងនឹងទិញផ្ទះតូចនៅលើកោះនោះហ្អេស?» វិចិត្រករនោះក៏និយាយថា«ក្រែងពួកយើងឥឡូវនេះរស់នៅបានសុខស្រួលហើយទេតើ អ្នកណាទៅចង់រស់នៅលើដីកោះតូចដែលគ្មានអ្វីៗទាំងអស់នោះ!?» សុឺជឹងឈុនដាក់ដៃលើខ្សែទោង ឱនខ្លួនចុះបន្តិចសម្លឹងទៅកាន់សុីងលូ និយាយថា៖ «ហេតុអីក៏អូនមិនជឿបង?» សុីងលូនិយាយថា៖ «រហូតមកទល់ពេលនេះ បងពិតជាមិនដែលធ្លាប់ឮរឿងតំណាលនេះទេហ្អេស? មនុស្សយើងម្នាក់ៗគង់នឹងផ្លាស់ប្តូរចិត្ត!» សុឺជឹងឈុនសម្លឹងមើលសុីងលូ និយាយមុឺងម៉ាត់ថា៖ «បងនិយាយបានប្រាកដជាធ្វើបាន!» កែវភ្នែកធំៗរបស់សុីងលូស្រពិចស្រពិលសម្លឹងកាត់ពីលើក្បាលរបស់គេ សម្លឹងមើលទៅកាន់ដុំពពកពណ៌ទឹកក្រូចដាំខ្លួនចុះនៅឯជើងមេឃ មានអារម្មណ៍ថាមេឃរឹតតែស្រឡះល្អបក់ល្ហើយកាយបន្តិច។ ដូច្នេះហើយ នាងព្រលែងកូនឆ្កែតូចនៅក្នុងដៃរបស់នាង ដើម្បីឱ្យវារត់ចេញទៅ រួចក្រោកឈរឡើងមកនិយាយថា៖ «ព្រះអាទិត្យលិចហើយ! ពួកយើងត្រលប់ទៅវិញទៅ!» នៅពេលដែលចាកចេញពីក្នុងផ្ទះដំបូលប្រក់ក្បឿងពណ៌សនោះ កូនឆ្កែខ្មៅតូចរត់ដេញតាមពីក្រោយនាងមិនឈប់ឈរ ប៉ុន្តែសុីងលូមិនខ្ចីងាកក្រោកក្រឡេកមើលសូម្បីតែបន្តិច។ នៅថ្ងៃបន្ទាប់ សុីងលូឈឺធ្ងន់។ ការឈឺចុកចាប់បែបនេះតែងតែជារៀងរាល់ខែម្ដងមកធ្វើទារុណកម្មនាងពីរបីថ្ងៃ ប៉ុន្តែលើកនេះវិញបែរជាធ្ងន់ធ្ងរខ្លាំងខុសពីសព្វដង។ តាំងតែពីព្រឹកព្រលឹមមក នាងមានអារម្មណ៍ថាឈឺចុកពោះជាខ្លាំង ញាក់ញ័រកន្ត្រាក់ពេញខ្លួន។ នាងក្ដោបខ្លួនគេងឃ្លុំនៅក្នុងផួយ នៅពីលើថ្ងាសនាងបែកគ្រាប់ញើសធំៗ។ នាងបានទូរសព្ទទៅ Coffee Shop ដើម្បីសុំច្បាប់សម្រាក នាងគិតថាគេងមួយស្របក់ហើយនឹងគ្រាន់បើឡើងមិនខាន។ ប៉ុន្តែនាងគេងលើគ្រែរមៀលចុះរមៀលឡើង ខាំមាត់ថ្ងួចថ្ងូរមិនដាច់ ការឈឺចុកចាប់បុកម្នេញនោះកាន់តែឈឺខ្លាំងឡើងៗទៅ។ នាងស្រាប់តែចងចាំមកថានាងធ្លាប់អានសៀវភៅមួយក្បាលនិយាយថា សត្វឆ្កែអាចហិតធុំក្លិនចំអាបឈាម ក្លិនអ្នកជំងឺ និងក្លិនមនុស្សស្លាប់ នៅទីបំផុតនោះនាងក៏បានយល់ថាហេតុអ្វីបានជាកាលពីម្សិលមិញ កូនឆ្កែខ្មៅតូចនោះចេះតែដេញតាមនាងជាប់រហូត។ នាងសែនទន់ខ្សោយព្យាយាមក្រោកចុះពីគ្រែ ដើម្បីរកមើលថ្នាំផឹក។ ក៏ប៉ុន្តែថ្នាំដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជាមកឱ្យនាងកាលពីលើកមុននោះ នាងបានលេបអស់ទៅហើយ ។ នាងចូលទៅក្នុងបន្ទប់របស់មុីងជូ ចង់សុំពឹងមិត្តឱ្យជូននាងទៅមន្ទីរពេទ្យ។ តែនៅលើគ្រែគ្មានមនុស្សនៅឡើយ សុីងលូសម្លឹងមើលទៅកាន់នាឡិកាដាក់ម៉ោងរោទ៍នៅលើក្បាលគ្រែ ស្រាប់តែឃើញតាមពិតម៉ោងមួយរសៀលទៅហើយ មុីងជូបានចេញទៅធ្វើការបាត់ហើយ។ ដើមឡើយនាងរកចង់ផ្លាស់សម្លៀកបំពាក់ចេញទៅមន្ទីរពេទ្យ ប៉ុន្តែនឹកគិតថានាងត្រូវវារចុះទៅក្រោមបួនជាន់ ហើយនៅពេលដែលនាងត្រលប់មកវិញ នាងត្រូវតោងវារឡើងទៅលើបួនជាន់ទៀត ស្ថានភាពរបស់នាងពេលនេះគឺធ្វើទៅមិនរួចទេ។ នាងវិលត្រលប់ទៅគេងលើគ្រែវិញ ខំអត់ទ្រាំនូវការឈឺចាប់ផ្នែកពោះខាងក្រោម ក្ដោបភ្លៅទាំងពីរយ៉ាងណែន គេងញ័រទទ្រើកនៅក្នុងផួយដូចជាកូនសត្វតូចរងរបួស។ ខណៈពេលដែលស្មារតីនាងហាក់ស្រពិចស្រពិល ទូរសព្ទនៅក្បែរគ្រែរបស់នាងក៏បន្លឺសំឡេងរោទ៍ឡើងមក នាងឈោងដៃចេញទៅចុចលើកទទួល និយាយទន់ខ្សោយថា៖ «អាឡូ?» «តើអូនយ៉ាងម៉េចហ្នឹង? ម៉េចបានជាថ្ងៃនេះមិនចេញទៅធ្វើការ?» នោះគឺជាសំឡេងរបស់សុឺជឹងឈុន។ សុីងលូឆ្លើយតបថា៖ «អូន…មិន…ស្រួលខ្លួន…» សុឺជឹងឈុននិយាយយ៉ាងព្រួយអន្ទះសាថា៖ «អូនមិនស្រួលខ្លួននៅត្រង់ណា? តើមានធ្ងន់ធ្ងរទេ?» សុីងលូឆ្លើយតបដោយសំឡេងខ្សោយៗ៖ «អូនគេងមួយភ្លែតនឹងលែងអីហើយ» សុឺជឹងឈុននិយាយថា៖ «ចាំបងនឹងឆាប់ទៅជូនអូនទៅមន្ទីរពេទ្យ!» សុីងលូនិយាយទាំងស្មារតីរវីរវាយថា៖ «មិន…ចាំបាច់ទេ…» ប៉ុន្តែប្រហែលជាជាងដប់នាទីក្រោយមក កណ្ដឹងទ្វារផ្ទះរបស់នាងក៏បន្លឺសូររំពងឡើង។ សុីងលូបែរក្បាលចេញទៅឯម្ខាងគ្រែ។ នៅជុំវិញផ្ទៃមុខរបស់នាងសុទ្ធតែសរសៃសក់សើមញើសជោក នៅលើដងខ្លួននាងស្លៀកឈុតរាត្រីរ៉ូបស្បៃពណ៌ស នៅពីខាងក្រោយខ្នងនាងរ៉ូបស្បៃជ្រាបញើសជោកស្អិតជាប់នឹងខ្នង។ នាងរញីរញ័រខំក្រោកឡើងមកអង្គុយ យកដៃទាំងពីរជូតញើសច្បូតសក់នៅលើផ្ទៃមុខ ដោយនៅក្នុងចិត្តនឹកគិតថា «មិនអាចឱ្យគេមើលឃើញរូបរាងរបស់ឯងបែបនេះជាដាច់ខាត គេនឹងឈប់ស្រលាញ់ឯងទៀតមិនខាន!» នាងចង់លាបក្រែមបបូរមាត់ឱ្យស្រស់បស់បន្តិច ប៉ុន្តែនាងពិតជាគ្មានកម្លាំងកំហែងអ្វីទាល់តែសោះ។ សំឡេងកណ្ដឹងទ្វារបន្លឺផ្ទួនៗឡើងម្តងហើយម្ដងទៀតយ៉ាងរហន់ នាងក៏រហ័សស៊កស្បែកជើងព្រុយនៅក្នុងផ្ទះពណ៌ផ្កាឈូកដែលដាក់នៅក្បែរគ្រែ ទប់ខ្លួនតោងដៃលើជញ្ជាំងឈានដើរទៅមុខយឺតៗ។ នៅពេលដែលទ្វាររបើកចេញ នាងសម្លឹងឃើញសុឺជឹងឈុនឈរនៅខាងក្រៅមាត់ទ្វារ គេដកដង្ហើមយ៉ាងដង្ហក់ ផ្ទៃមុខឡើងក្រហមងាំង ច្បាស់ណាស់គេគឺបានរត់មួយវឹងពីជាន់ក្រោមឆ្ពោះឡើងមកលើនេះ។ សុឺជឹងឈុនស្ទុះចូលទៅជួយគ្រានាង សួរថា៖ «អូនយ៉ាងម៉េចទៅហើយ?» នាងស្តីបន្ទោសទៅគេ៖ «ក្រែងអូនប្រាប់បងហើយកុំឱ្យមកហ្អេស? អូនគ្រាន់តែឈឺចុកពោះពេលមករដូវប៉ុណ្ណោះ គេងតែមួយភ្លែតនឹងលែងថ្វី!» នាងសែនទន់ខ្សោយឈានវិលត្រលប់ទៅរកគ្រែគេងចុះទៅវិញ សុឺជឹងឈុនអង្គុយចុះនៅក្បែរគ្រែ អង្អែលដៃទាំងពីររបស់នាង ដៃទាំងគូនោះសស្លេកត្រជាក់ដូចជាផ្ទាំងទឹកកក ធ្វើឱ្យគេភិតភ័យស្លន់ស្លោកាន់តែខ្លាំង។ សក់របស់នាងឡើងរញ៉េរញ៉ៃ ទន់ខ្សោយគេងស្ងៀមថ្មឹងមួយកន្លែងនៅត្រង់នោះ ខ្លាចថាគេឃើញផ្ទៃមុខសស្លាំងរបស់នាង នាងក៏គេងបែរខ្នងដាក់ទៅគេ ខ្លួនប្រាណក្ដោបកោងដូចជាកូនបង្គា។ គេក៏ស្រាប់តែសម្លឹងឃើញនៅពីក្រោយរ៉ូបស្បៃពណ៌សនោះមានប្រឡាក់ឈាម។ គេលាន់មាត់ថា៖ «អូនហូរឈាមហើយ» សុីងលូស្ទាបដៃទៅលើរ៉ូបស្បៃរាត្រីនៅពីក្រោយខ្នងរបស់នាង ជាក់ស្ដែងពិតនៅជុំវិញផ្ទៃនោះសើមទឹកមួយថ្លុក។ នាងក៏បែរខ្លួនមកវិញទាញក្រសោបផួយឡើងគ្របក្បាលជិត ស្រែកច្រលោតឡើងខ្លាំងៗថា៖ «ចេញទៅ! បងឆាប់ចេញទៅ!».

ភាគទី8: សន្សើមព្រឹក (ភាគ៨)

សុឺជឹងឈុនស្ទុះចេញទៅក្រៅបន្ទប់គេង គេបានរកឃើញសម្លីអនាម័យមួយកញ្ចប់ក្នុងថតទូកញ្ចក់សំភារនៅខាងក្នុងបន្ទប់ទឹក។ គេកាន់សម្លីអនាម័យនោះរត់ចូលមកក្នុងបន្ទប់គេងវិញ ដើរទៅក្បែរគ្រែទាញផួយដែលគ្របដណ្ដប់លើខ្លួននាងឡើង ជួយគ្រានាងឱ្យងើបក្រោកថ្នមៗ និយាយថា៖ «អូនឆាប់ក្រោកមកផ្លាស់ប្តូរសម្លៀកបំពាក់ទៅ បងជូនអូនទៅមន្ទីរពេទ្យ តើអូនកំពុងប្រើរបស់នេះមែនទេ?» សម្លឹងឃើញសម្លីអនាម័យកាន់ជាប់នៅក្នុងដៃរបស់គេ នៅក្នុងជម្រៅបេះដូងរបស់នាងមួយរំពេចភ្លាមនោះលោតរំញោចសេចក្តីឈឺចាប់មួយយ៉ាងពិបាកថ្លែង។ «សម្លៀកបំពាក់របស់អូនទុកនៅឯណា? ចាំបងទៅយកមកឱ្យអូន!» គេនិយាយឡើង។ នាងក្រឡេកភ្នែកសម្លឹងទៅកាន់ទូខោអាវដែលនៅក្បែរគ្រែ។ សុឺជឹងឈុនក៏ប្រញាប់ដើរទៅបើកទូខោអាវរកមើល រួចយករ៉ូបមួយនិងអាវក្រៅឱ្យតែបានៗពីដៃ ដាក់ចុះរៀបរយនៅក្បែរគ្រែ និយាយទៅកាន់នាងថា៖ «បងរង់ចាំអូននៅខាងក្រៅ» សុីងលូស្លេកស្លាំងងក់ក្បាលចុះយឺតៗ សុឺជឹងឈុនបោះជំហានដើរចេញទៅក្រៅទាញទ្វារបិទ។ សុីងលូមិនអាចអត់ទ្រាំបានតទៅទៀត ក៏លើកដៃឡើងខ្ទប់មុខសម្រក់ទឹកភ្នែកទ្រហោយំ។ បន្ទាប់មកនាងក៏ជូតទឹកភ្នែកចេញឱ្យស្អាត ក្រោកផ្លាស់ប្តូររ៉ូបនិងអាវក្រៅដែលគេជ្រើសរើសឱ្យនាង ស៊កស្បែកជើងនៅក្នុងផ្ទះ ដើរចេញទៅក្រៅបន្ទប់រកមើលស្បែកជើងពាក់។ សុឺជឹងឈុនចាប់ក្ដាប់ក្រសោបដៃរបស់នាង និយាយថា៖ «មិនបាច់ទេ! បងអៀវអូនចុះទៅ» សុីងលូនិយាយថា៖ «អូនអាចដើរដោយខ្លួនឯងបាន!» សុឺជឹងឈុនបែរខ្នងអង្គុយចុះឱនខ្លួនចេញបញ្ជា៖ «ឱ្យឆាប់ឡើង!» សុីងលូមានតែបង្ខំចិត្តផ្ដេកទៅលើខ្នងរបស់គេ។ សុឺជឹងឈុនអៀវនាងចុះទៅជាន់ខាងក្រោម នាងផ្អែកក្បាលលើស្មារបស់គេ ទាំងស្រពេចស្រពិលឈឺថ្ងូរឡើងតិចៗ។ សុឺជឹងឈុនសួរថា៖ «តើអូនឈឺខ្លាំងណាស់មែនទេ?» សុីងលូខាំសង្កត់បបូរមាត់ គ្រវីក្បាល។ នៅទីបំផុត អ្នកទាំងពីរក៏បានមកដល់មន្ទីរពេទ្យ។ គ្រូពេទ្យក៏បានចេញថ្នាំបំបាត់ការឈឺចាប់សម្រាប់សុីងលូ។ សុឺជឹងឈុនចាក់ទឹកក្តៅឧណ្ហៗមួយកែវឱ្យទៅនាង សម្លឹងមើលនាងលេបថ្នាំ និយាយជាមួយនាងដូចនិយាយជាមួយនឹងកូនក្មេងតូចថា៖ «លេបថ្នាំរួចនឹងលែងឈឺទៀតហើយ» សុីងលូងើយផ្ទៃមុខទាំងនៅសស្លេកឡើង សួរទៅគេថា៖ «តើរូបរាងអូនពេលនេះអាក្រក់មើលខ្លាំងណាស់មែនទេ?” សុឺជឹងឈុនអង្អែលដៃលើសក់នាងថ្នមៗ និយាយថា៖ «អូនគឺស្អាតបំផុត!» នៅពេលដែលត្រលប់ទៅវិញ សុឺជឹងឈុននៅតែបន្តអៀវនាងទៀតឡើងទៅលើកាំជណ្តើរ។ សុីងលូនិយាយថា៖ «អូនអាចឡើងទៅដោយខ្លួនឯងបាន» សុឺជឹងឈុននិយាយថា៖ «អត់ទេ! អូននៅខ្សោយខ្លាំងណាស់» សុីងលូផ្ដេកនៅលើខ្នងរបស់គេខ្សឹកខ្សួលថា៖ «គ្រាន់តែចុកពោះពេលមករដូវប៉ុណ្ណោះ! មើលរូបរាងរបស់បងចុះ ម្ដេចក៏តឹងតែងខ្លាំងយ៉ាងនេះ?» នៅពេលដែលឆ្ពោះទៅដល់ជាន់ទីងងឹត គេបានសួរនាងថា៖ «តើការឈឺចាប់នេះមានវិធីព្យាបាលដាច់ទេ?» សុីងលូឆ្លើយតបថា៖ «គ្រូពេទ្យនិយាយថា សម្រាលកូនម្នាក់រួចនឹងលែងថ្វី» សុឺជឹងឈុនក៏និយាយថា៖ «បើអ៊ីចឹង ពួកយើងបង្កើតកូនម្នាក់ទៅ!» នាងសម្លឹងមើលផែនថ្ពាល់របស់គេ ពោលតិចៗថា៖ «បងឆ្កួតទេហ្អេស!» សុឺជឹងឈុននិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «ឱ្យតែអូនយល់ព្រម!» សុីងលូមិនឆ្លើយតបនឹងគេ។ នៅក្នុងចិត្តនាងនឹកគិតថា៖«មិនអាចមានរឿងទាំងនេះកើតឡើងជាដាច់ខាត!» សុឺជឹងឈុននិយាយថា៖ «បើថ្ងៃក្រោយអូនមិនស្រួលខ្លួននៅត្រង់ណា ត្រូវតែប្រញាប់ប្រាប់ឱ្យបងបានដឹង! បើមិនមែនបងទូរសព្ទមកថ្ងៃនេះទេនោះ អូនប្រហែលជាអ្វីក៏មិនព្រមនិយាយដែរ» សុីងលូនិយាយថា៖ «ថ្ងៃនេះបងត្រូវទៅចួបឈ្មួញកណ្ដាលលក់គំនូរហ្អេស អូនមិនចង់ធ្វើឱ្យបងព្រួយបារម្ភនោះទេ! ត្រូវហើយ! តើឈ្មួញមើលរូបគំនូររបស់បងរួចយល់យ៉ាងណាដែរ?» សុឺជឹងឈុនឆ្លើយតបដោយរីករាយ៖ «បងបានយកគំនូរប៉ុន្មានផ្ទាំងទៅឱ្យគាត់ពិនិត្យមើលវាយតម្លៃ គាត់និយាយថាគាត់ពេញចិត្តជាខ្លាំងណាស់ គាត់ថាវានឹងមុខជាអាចលក់ចេញបាន ហើយនៅចង់ឱ្យបងនាំយកស្នាដៃច្រើនជាងហ្នឹងបន្ថែមទៀតនៅពេលក្រោយប្រគល់ទៅឱ្យគាត់លក់។ គាត់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងអាជីពហ្នឹងណាស់!» ផ្ទៃមុខរបស់សុីងលូផ្អែកនៅលើស្មារបស់គេ នាងនិយាយថា៖ «បើអ៊ីចឹងនោះគឺពិតជាប្រសើរខ្លាំងណាស់មែនទេ?» «ថាមិនត្រូវប្រហែលជាពួកយើងអាចនឹងឆាប់ៗមានប្រាក់ទិញផ្ទះក្បឿងនៅលើកំពូលភ្នំនោះ» សុឺជឹងឈុនប្រើដៃរឹតបន្តឹងខ្នងរបស់នាងកាន់តែខ្លាំង។ ដៃទាំងពីរបស់សុីងលូឱបលើករបស់គេដោយមិននិយាយស្ដីអ្វីទាំងអស់។ នៅក្នុងយប់ថ្ងៃនោះ សុីងលូក្រោកចុះពីគ្រែចេញទៅលេបថ្នាំជាលើកទីបី ការឈឺចុកចាប់ដ៏ទុរន់ទុរានោះក៏កាត់បន្ថយបាត់បន្តិចម្តងៗ សុឺជឹងឈុនបានស្តាប់តាមសម្ដីនាង យល់ព្រមវិលត្រលប់ទៅផ្ទះវិញ។ នាងផ្ដេកខ្នងទៅលើខ្នើយកើយ កោងក្បាលជង្គង់ទាំងពីរឡើងអង្គុយនៅលើគ្រែ ឈោងដៃចេញទៅទាញបើកថតតុនៅក្បែរគ្រែ ដែលនៅទីនោះមានដាក់ស្រោបសឺមីឯកសារមួយច្បាប់។ នៅពីក្នុងសឺមីឯកសារ នាងដកក្រដាសកាសែតចាស់មួយសន្លឹកចេញ។ មានពេលខ្លះនាងនឹកគិតថា៖«តើពេលនេះឯងកំពុងតែធ្វើអ្វីហ្នឹង?» ក្រោយពេលដែលបែកបាក់គ្នាជាមួយនឹងយ៉ាងជិនមុីញ នាងក៏បានផ្លាស់ប្ដូរទៅធ្វើការនៅក្នុងហាងសម្លៀកបំពាក់លំដាប់មួយកន្លែងទៀតនៅទីប្រជុំជន ដែលនោះក៏នៅតែជាពិភពហុឺហាមួយផ្សេងទៀត។ ប៉ុន្តែនាងក៏មិននៅដូចជាពីមុនទៀតទេ ពីមុននាងធ្លាប់ចូលចិត្តអានប្រលោមលោកណាស់ ប៉ុន្តែឥឡូវនេះនាងមិនអានវាទៀតទាល់តែសោះ។ នាងសែនសោកស្ដាយដែលបានប្រគល់ខ្លួនឱ្យទៅគេ ហើយនាងក៏ស្រាប់ប្រទះដឹងខ្លួនថានាងលែងមានអារម្មណ៍ចំពោះគេតទៅទៀតហើយ។ ប្រហែលជាបេះដូងរបស់នាងត្រូវបានកំណាត់គល់ឧសងាប់ដុតកម្លោចស្ទើរតែគ្មាននៅសេសសល់អ្វី ហើយបានរលាយក្លាយទៅជាកម្ទេចផេះ។ ឥឡូវនេះវិញនោះ នាងគ្រាន់តែចង់មានប្រាក់ជាច្រើន នោះទើបជារបស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិតរស់នៅរបស់នាងដែលនាងខំស្វះស្វែងតាមរក ហើយវាក៏ជារបស់តែមួយគត់ដែលនាងអាចជឿជាក់បាន។ ជំហានបន្ទាប់ពីនោះ នាងនឹងចាកចេញពីទីកន្លែងដែលធ្វើឱ្យនាងអស់សង្ឃឹមនិងឈឺចាប់នេះ ទៅកាន់ទីកន្លែងតែលតោលមានសេរីភាពមួយដ៏សែនឆ្ងាយ។ នៅទីនោះនឹងគ្មាននរណាម្នាក់ស្គាល់នាងឡើយ។ ហេតុដូច្នោះហើយ សុីងលូបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំង មិនយូរប៉ុន្មាននាងក៏បានឡើងតំណែង។ បន្ទាប់មកនាងរឹតកាន់តែចង់រកប្រាក់ឱ្យបានច្រើនជាងនេះ នាងក៏ប្ដូរការងារទៅធ្វើការនៅក្នុងហាងលក់គ្រឿងអលង្ការលំដាប់មួយផ្សេងទៀត។ ប៉ុន្តែនៅក្នុងពេលនោះ លោកប៉ារបស់នាងក៏ព្រោះតែអន្ទះសាចង់សហការជាមួយនឹងមិត្តរបស់គាត់បើកអាជីវកម្មតូចមួយ ជាលទ្ធផលនោះក៏ខាតបង់ធ្ងន់ ជំពាក់បំណុលគេច្រើនវ័ណ្ឌក សុីងលូគ្មានជម្រើសអ្វីក្រៅពីខាំធ្មេញដកប្រាក់សន្សំទាំងអស់ពីក្នុងធនាគារដែលនាងខំសន្សំរហូតមកនោះ យកទៅសងបំណុលជំនួសឪពុកនាង។ និយាយចំពោះឪពុកម្នាក់ដែលសុីងលូធ្លាប់កោតស្ញប់ស្ញែង បុរសដែលនាងធ្លាប់គោរពស្រលាញ់ ប៉ុន្តែនៅសុខៗក្នុងខណៈវេលានោះក៏ស្រាប់តែកកើតមានអារម្មណ៍ស្អប់ខ្ពើមមួយដែលមិនអាចរកពាក្យនិយាយបាន។ ថ្ងៃនោះ នាងវិលត្រលប់ទៅផ្ទះវិញ បោះប្រាក់ឡើងទៅលើតុបាយ ខឹងតូចចិត្តស្រែកគំហកដាក់ទៅគាត់ថា៖ «ហេតុអីបានជាប៉ាធ្វើបែបនេះចំពោះខ្ញុំ!» កាលនោះ បើសិនលោកប៉ារបស់នាងស្ដីបន្ទោសបកមកនាងវិញ នាងប្រហែលជាអាចនឹងគ្រាន់បើចិត្តឡើងបន្តិច ក៏ប៉ុន្តែគាត់បែរជាមិននិយាយអ្វីមួយម៉ាត់ កាន់យកប្រាក់នោះចាកចេញទៅ។ ធាតុពិតនោះ បានបំផ្លិចបំផ្លាញគាត់ទាំងស្រុង។ នៅក្នុងចិត្តរបស់សុីងលូលួចពោលពាក្យជេរស្តីដោយស្ងាត់ៗថា៖«កំសាកណាស់! មនុស្សកំសាក!» ហើយសុីងលូក៏មិនខ្ចីនិយាយស្ដីរកលោកប៉ានាងទៀត។ ថ្ងៃមួយ នាងក្រឡេកភ្នែកកាត់ឃើញដោយចៃដន្យទៅត្រង់ជួរបន្ទាត់ចំណងជើងនៅលើកាសែតមួយច្បាប់យ៉ាងមិនព្រិចភ្នែក សម្លឹងមើលឃើញមតិការផ្សព្វផ្សាយមួយដ៏សែនចម្លែកជាពន់ពេក។ មាតិការផ្សព្វផ្សាយនោះបានសរសេរថា៖«លោកស្រីស្តុកស្តម្ភមានទ្រព្យច្រើនសន្ធឹកម្នាក់តែសែនចំបែងឯកា ចង់ស្វែងរកមនុស្សវ័យក្មេងម្នាក់រួមដំណើរកំសាន្តជាមួយនឹងគាត់ ផ្ដល់ប្រាក់កម្រៃក្រាស់ក្រែលជាទីគាប់ចិត្ត ទទួលយកតែមនុស្សស្រី មានលក្ខខណ្ឌរូបសម្រស់ត្រូវតែស្រស់ស្អាត អាទិភាពសម្រាប់អ្នកដែលចេះនិយាយភាសាអង់គ្លេស!» នៅលើមាតិការផ្សព្វផ្សាយមានតែអាសយដ្ឋានទំនាក់ទំនងតាមអុីម៉ែលតែប៉ុណ្ណោះ។ នៅពេលដែលសុីងលូបានមើលឃើញការផ្សព្វផ្សាយមួយនោះ នោះគឺជាពេលវេលាដែលសុីងលូយល់ថាអស់ក្ដីសង្ឃឹមនិងវេទនាបំផុតនៅក្នុងជីវិត។ ហេតុនេះហើយ នាងបានសរសេរប្រវត្តិរូបសង្កេតនិងថតរូបថតមួយសន្លឹកផ្ញើចេញទៅ។ . . . នៅព្រឹកថ្ងៃបន្ទាប់ បើកភ្នែកភ្ញាក់ពីគេងឡើងមក សុីងលូនៅតែស្លៀកពាក់ឈុតរាត្រីដដែល។ នាងបើកទ្វារបង្អួចចេញ នៅព្រឹកព្រលឹមស្រាងៗនៅឡើយ ទើបនៅលើទីដងផ្លូវនៅស្ងាត់ជ្រងំឱ្យជ្រាប មានតែសូរសំឡេងមែកឈើកំពុងយោលយោកទៅតាមជំនោរខ្យល់បក់។ នាងងើយផ្ទៃមុខឡើងសម្លឹងមើលទៅដុំពពកនៅលើមេឃ ផ្ទៃមេឃពណ៌ខៀវស្រឡះថេងភ្លឺចិញ្ចាងចូលមកក្នុងកែវភ្នែកថ្លាឈ្វង់របស់នាង។ នាងមិនអាចទប់ស្នាមញញឹមបាន ជ្រមុជដួងកាយចិត្តជាមួយនឹងភាពរីករាយដ៏ថ្មីសន្លាង។ នាងធាក់ខ្ទាត់ស្បែកជើងព្រុយពណ៌ផ្កាឈូកនៅលើជើងរបស់នាងចេញទៅឆ្ងាយ ជ្រើសរើសយកសម្លៀកបំពាក់ដែលនាងចូលចិត្តបំផុតនៅក្នុងទូខោអាវ ប៉ុន្តែនាងក៏បានងាកមកក្រោយរើសស្បែកជើងនោះឡើងមកវិញទុកដាក់នៅក្បែរកៀនគ្រែ។ ស្បែកជើងមួយគូនោះគឺកាលពីម្សិលមិញបានដើរជាន់លើផ្ទៃកម្រាលឥដ្ឋពណ៌សក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ បន្ទាប់មក នាងក៏ដើរចាកចេញពីផ្ទះជួល ឈាងកាត់ហាងលក់ផ្ការបស់អ៊ំស្រីម្នាក់នោះ នាងក៏នៅតែទិញផ្កាកុលាបស្រស់មួយបាច់ធំ។ អ៊ំស្រីម្នាក់នោះនិយាយថា៖ «ថ្ងៃនេះទឹកមុខក្មួយស្រស់បស់ល្អណាស់! ជាធម្មតាឃើញខ្វះកម្លាំងជីវិតជីវ៉ាបន្តិច!» សុីងលូញញឹមយ៉ាងផ្អែមល្ហែម ហើយក៏និយាយថា៖ «អ៊ំស្រីក៏ស្រស់បស់ណាស់ដែរ!” នាងប្រគល់ប្រាក់ឱ្យទៅគាត់ អ៊ំស្រីបានជូនថែមផ្កាប៊េប៊ីមួយបាច់ទៀតដល់នាង។ នាងញញឹមយ៉ាងរីករាយ រួចហើយក៏ដើរចេញពីក្នុងហាងផ្កា នៅពេលដែលងើយមុខឡើងនាងក៏ស្រាប់តែប្រទះភ្នែកសម្លឹងឃើញបុរសពាក់មួកកន្តិបម្នាក់នោះ។ គេកំពុងតែឈរនៅជ្រុងមួយក្បែរដងសសរភ្លើងនៅឯទល់មុខចិញ្ចើមផ្លូវខាងមុខ ស្លៀកពាក់សាមញ្ញនិងពាក់អាវធំក្រាស់ឃ្មឹក ពាក់មួកកន្តិបនៅលើក្បាល បៀមកន្ទុយបារីនៅក្នុងមាត់ និងកៀបកាសែតមួយច្បាប់នៅដើមក្លៀក។ ពេលសម្លឹងឃើញនាង គេមានចេតនាបង្វិលខ្នងដាក់នាង លាត់បើកកាសែតនៅក្នុងដៃចេញ ធ្វើពុតជាកំពុងមើល។ សុីងលូបានប្រទះឃើញជាច្រើនដងមកហើយ បុរសម្នាក់នោះតែងតែដើរតាមឃ្លាំមើលរាល់សកម្មភាពរស់នៅរបស់នាង។ ប៉ុន្តែនៅក្នុងពេលនេះ នាងស្រាប់តែមានអារម្មណ៍ថា នាងមិនអាចបន្តអត់ទ្រាំបានតទៅទៀត រួចក៏ឈានជើងដើរសំដៅទៅរកគេ។ នៅពេលដែលបុរសនោះឃើញនាងក៏ប្រញាប់ដើរទៅមុខ។ តែនាងមិនព្រមបោះបង់ ស្ទុះដេញទៅតាមស្កាត់នៅពីមុខគេ និយាយទាំងខឹងសម្បា៖ «ហេតុអីបានជាលោកចេះតែដើរតាមខ្ញុំ?» បុរសម្នាក់នោះគ្មានមធ្យោបាយអ្វីក៏បញ្ឈប់ជើងនៅឈរស្ងៀម។ គេមានអាយុប្រហែលសែសិបឆ្នាំ កែវភ្នែកមុតស្រួចលាក់បង្កប់នៅពីក្រោយដងកញ្ចក់វ៉ែនតាខ្មៅធំៗនោះ មើលទៅអាប់អួរជាខ្លាំង ធ្វើឱ្យមនុស្សពេលឃើញដំបូងមានអារម្មណ៍ថាគេមិនចង់បង្ហាញពីសមាសភាពពិតរបស់គេ។ គេក្រឡេកមើលទៅសុីងលូបន្តិច ពោលស្ដីដោយទើសទាល់ថា៖ «សួស្ដី! អ្នកនាងសុីង!» សុីងលូមិនសម្ដែងក្ដីចាប់អារម្មណ៍អ្វី តែដេញដោរសួរថា៖ «ហេតុអីក៏លោកមួយថ្ងៃៗចាំតាមឃ្លាំមើលខ្ញុំជាប់រហូត?» បុរសម្នាក់នោះព្រិចភ្នែកគិតពិចារណាមួយសន្ទុះ រួចក៏និយាយយ៉ាងគួរសមថា៖ «ខ្ញុំមកតាមជួយអ្នកនាង មិនមែនតាមឃ្លាំមើលទេ» សុីងលូក្រឡេកមើលទៅរូបគេចុះឡើង និយាយដោយកំរោលថា៖ «ខ្ញុំអាចដោះស្រាយដោយខ្លួនឯងបាន!» បុរសម្នាក់នោះមិននិយាយស្ដីអ្វី បដិសេធមិនបញ្ចេញយោបល់ ហើយបន្ទាប់មកគេក៏និយាយថា៖ «គេល្អចំពោះនាងណាស់!» សុីងលូភ្ញាក់ញ័រខ្លួនឡើង និយាយនៅក្នុងចិត្តថា៖«តាមពិតកាលពីម្សិលមិញ គេក៏នៅតាមឃ្លាំមើលឯងជាប់ជានិច្ចដែរ!» នាងនិយាយដោយត្រជាក់ល្អូកថា៖ «រឿងទាំងនោះមិនពាក់ព័ន្ធនឹងលោកទេ!» បុរសម្នាក់នោះឆ្លើយតបដោយសុជីវធម៌៖ «អ្នកនាងសុីង! ពួកយើងម្នាក់ៗសុទ្ធតែមានតួនាទីរៀងៗខ្លួន!» សុីងលូមួយរំពេចភ្លាមៗនោះគ្មានពាក្យអ្វីត្រូវនិយាយ។ បុរសម្នាក់នោះក៏ហាមាត់និយាយបន្តទៀតថា៖ «ខ្ញុំសូមក្រើនរម្លឹកអ្នកនាងបន្តិច ពេលវេលារបស់អ្នកនាងនៅមិនច្រើនទេ» ក្រោយពេលនិយាយចប់ពាក្យទាំងនោះ នៅជ្រុងកែមមាត់របស់គេរំលេចគំនួចស្នាមញញឹមឡើងមកដូចជាមានផងដូចជាអត់ផង ហើយបន្ទាប់មកគេក៏បោះជំហានដើរចាកចេញទៅ។ . . . . . សុីងលូឈរស្ងៀមឆ្កឹងនៅទីនោះ ភ្នែកសម្លឹងមើលផែនខ្នងរបស់បុរសពាក់មួកកន្តិបនោះផុតទៅបាត់នៅផ្លូវបំបែក។ នៅលើដងផ្លូវកាន់តែមានមនុស្សច្រើនកកកុញទៅៗ ផ្ទៃមេឃក៏កាន់តែរះភ្លឺទៅ ប៉ុន្តែអារម្មណ៍របស់នាងបែរជាបានប្រែប្រួល។ ការបង្ហាញខ្លួនមករបស់បុរសម្នាក់នោះគឺប្រៀបដូចជាដំបងឈើមួយវាយសំពងមកលើក្បាលរបស់នាង ដាស់រម្លឹកឱ្យនាងភ្ញាក់ដឹងខ្លួនថានាងមិនមែនជាមនុស្សស្រីដែលកំពុងតែមានស្នេហានោះទេ។ នៅល្ងាចថ្ងៃព្រហស្បតិ៍មួយ សុឺជឹងឈុនបាននិយាយថានឹងមក Coffee Shop ទទួលនាងក្រោយពេលចេញពីធ្វើការ បន្ទាប់មកទៅមើលកុនជាមួយគ្នា។ ក៏ប៉ុន្តែរហូតមកដល់ម៉ោងហាងកាហ្វេត្រូវបិទទ្វារទៅហើយ គេក៏នៅតែមិនទាន់បង្ហាញខ្លួន។ សុីងលូឈានដើរចេញទៅមាត់ទ្វារ ព្យួរស្លាក “Closed” នៅលើទ្វារកញ្ចក់ ក៏ប៉ុន្តែប្រទះឃើញថា សុឺជឹងឈុនកំពុងឈរធ្មឹងនៅខាងក្រៅហាងកាហ្វេ ដៃទាំងពីរស៊កនៅក្នុងហោប៉ៅ ទឹកមុខហាក់កណ្ដោចកណ្ដែងបន្តិច។ សុីងលូភ្ញាក់ផ្អើលបន្តិចរហ័សសួរថា៖ «ហេតុអីបានជាបងមិនចូលទៅក្នុង?» សុឺជឹងឈុនសម្លឹងឃើញនាង ងើយក្បាលឡើង និយាយទាំងស្រងូតស្រងាត់ថា៖ «ឈ្មួញកណ្ដាលដែលទិញគំនូរនោះបានប្រគល់គំនូរទាំងអស់ត្រលប់មកឱ្យបងវិញហើយ» សុីងលូលាន់មាត់សួរថា៖ «ក្រែងគាត់និយាយថាគាត់ពេញចិត្តរូបគំនូររបស់បងណាស់ហ្អេស?» សុឺជឹងឈុនឆ្លើយតបថា៖ «គាត់និយាយថាគាត់រកមិនបានភ្ញៀវជាវគំនូរទាំងនោះទេ!» សុីងលូខឹងសម្បានិយាយថា៖ «រឿងហ្នឹងម៉េចនឹងអាចទៅ? បងគូរគំនូរបានស្អាតដល់ម្ល៉ឹង!» សុឺជឹងឈុនញញឹមយ៉ាងបង្ខំចិត្ត និយាយថា៖ «មិនថ្វីទេ! ទោះយ៉ាងណាគាត់មិនមែនជាមនុស្សដំបូងទេដែលបដិសេធនឹងបង! គាត់បាននិយាយពាក្យសុំទោសមកជាច្រើន ធ្វើឱ្យបងស្ដាប់ទៅឡើងរអៀសខ្លួន!» សុីងលូនៅខឹងចិត្តនិយាយថា៖ «មនុស្សទាំងអស់នោះមានចេះមើលគំនូរដែរទេ?» សម្លឹងឃើញរូបរាងសុីងលូក្រេវក្រោធខឹងចិត្តយ៉ាងនេះ ក៏ប៉ុន្តែផ្ទុយទៅវិញ សុឺជឹងឈុនឈរនៅឯម្ខាងបែរជានៅសើចញញឹមចេញមកតិចៗ។ គេញាក់ៗស្មាបន្តិច ធ្វើឫកពារដូចជាមិនយកចិត្តទុកដាក់ក្នុងចិត្ត និយាយមកជាធម្មតាថា៖ «បងអាចយកគំនូរទៅអោយឈ្មួញកណ្ដាលដទៃទៀតវាយតម្លៃ គង់តែអាចរកបានមនុស្សពេញចិត្តនឹងវាមិនខាន! តស់ពួកយើងទៅ! ទៅមើលកុន! ទៅអបអរ!» សុីងលូបើកភ្នែកធំៗសម្លឹងមើលគេ ហើយសួរថា៖ «អបអរសម្រាប់អ្វីទៅ?» នៅលើផ្ទៃមុខរបស់សុឺជឹងឈុនរំលេចស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ និយាយថា៖ «អបអរដែលពួកយើងនៅតែមានជីវិតរស់រានប្រសើរនៅឡើយ! អបអរដែលពួកយើងនៅតែបន្តនៅក្បែរគ្នានៅឡើយ! អបអរបងនៅតែបន្តគូរគំនូរ! បងមិនបោះបង់ក្ដីសុបិនជាដាច់ខាត!» នៅព្រឹកថ្ងៃបន្ទាប់ គេរៀបចំបែងចែកស្នាដៃរបស់គេផ្ញើទៅឱ្យឈ្មួញរកសុីទិញគំនូរមួយចំនួនធំ ក៏ប៉ុន្តែក្រោយពេលដែលផ្ញើចេញទៅក៏គ្មានលទ្ធផលគាប់ប្រសើរអ្វី ។ បន្ទាប់មកនោះ ស្នាដៃគំនូរទាំងឡាយនិងស្រោមសំបុត្រប៉ុន្មានច្បាប់ផ្ញើវិលបកត្រលប់មកវិញជាបន្តបន្ទាប់។ «ជូនចំពោះលោកសុឺ» សូមកុំអស់សង្ឃឹម! តាំងពីដើមមក សិល្បករឆ្នៃប្រតិដ្ឋទាំងឡាយតែងតែដឹកនាំខ្លួនឯងដើរមុនពេលវេលា។ សូមជូនពរឱ្យលោកនឹងអាចឆាប់រកឃើញឈ្មួញដែលមានជំនាញសិស្បៈសុីជម្រៅពិតប្រាកដ។ ពីលោកអគ្គនាយកអុីហាន ក្រុមហ៊ុនកៅមុីញគ័ង” … «លោកសុឺជាទីគោរព» សូមអរគុណសម្រាប់ទំនុកចិត្ត ដែលបានផ្ញើស្នាដៃរបស់លោកមកកាន់ហាងតូចតាចរបស់ខ្ញុំ។ ហាងរបស់ពួកយើងកំពុងតែដំណើរការគោលដៅ តែជាសំណាងមិនល្អមិនប្រកបទៅដោយរលូន។ ពិតជាការសោកស្តាយខ្លាំងណាស់។ ពីលោកនាយកឈូសុីង ហាងគំនូរប៉ាយមុឹង… … «ជូនចំពោះលោកសុឺ» ហាងរបស់ពួកយើងគ្មានលទ្ធភាពទេ។ សូមអរគុណដែលបានផ្ញើស្នាដៃមក។ ពីលោកនាយកយុនហ្វាង ហាងគំនូរលូហ្វាង… … សុឺជឹងឈុនប្រមូលយកស្រោមសំបុត្រទាំងអស់ទុកដាក់ឡើងទៅលើធ្នើរសៀវភៅ។ គេងាកមកនិយាយលេងសើចជាមួយនឹងសុីងលូ៖ «ចាំថ្ងៃក្រោយនៅពេលដែលបងល្បី សំបុត្រទាំងអស់នេះនឹងក្លាយទៅជាអតីតកាលចងចាំដ៏មានតម្លៃ!» កែវភ្នែកដ៏ស្រស់ស្អាតរបស់សុីងលូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលទៅកាន់បុរសដែលនៅចំពោះមុខនាងម្នាក់នេះ។ គេហួសពីឈាននៅក្រៅការគិតទុករបស់រូបនាងទាំងស្រុង គេនឹងនៅតែរស់នៅបែបនេះជារៀងរហូត មិនថាក្ដីបរាជ័យធំប៉ុនណា ក៏គ្មានផ្លូវអាចបំបាក់គេបានដែរ យ៉ាងច្រើនបំផុតក៏គ្រាន់តែអាចធ្វើឱ្យគេចងចិញ្ចើមចុះបន្តិចតែប៉ុណ្ណោះ។ នាងខាំសង្កៀតធ្មេញនិយាយថា៖ «មនុស្សទាំងអស់នោះពិតជាគ្មានភ្នែកមែន!» សុឺជឹងឈុនសើចញញឹមឡើងនិយាយថា៖ «ទោះបីជាមនុស្សទាំងអស់នោះមិនទិញគំនូររបស់បងក៏ដោយ បងនៅតែអាចយកទៅចិញ្ចើមផ្លូវ តម្រៀបគំនូរនៅមុខផ្លូវតាំងលក់ មើលទៅក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ! កុំព្រួយអី! បងនឹងមិនទុកឱ្យអូនដាច់ពោះស្លាប់ទេ!» សុីងលូភ្នែកសម្លឹងមើលទៅគេយ៉ាងក្រៀមក្រំ ផ្ទុយទៅវិញសុឺជឹងឈុនបែរជាលួងលោមនាងថា៖ «ឱ្យតែគ្រាក្រីក្រ អូនមិនប្រកាន់ញ៊ាំនំប៉័ងរួមគ្នាជាមួយនឹងបង បងស្កប់ស្កល់ពេកណាស់ទៅហើយ» សុីងលូក៏សើចសួរថា៖ «តើជានំបុ័ងសាច់ផាត់ឬជានំបុ័ងសាប?» សុឺជឹងឈុនញញឹមស្រទន់ឆ្លើយតបថា៖ «ដំបូងប្រហែលជាអាចញ៊ាំនំបុ័ងសាច់ផាត់ បន្ទាប់មកអាចនឹងប្រហែលជាញ៊ាំនំប៉័ងសាប!» សុីងលូងើយផ្ទៃមុខឡើងសម្លឹងមើលគេ បង្រួមចុងកន្ទុយភ្នែករបស់នាងបន្តិច សើចញញឹមនិយាយថា៖ «បើអ៊ីចឹងនោះ ជាដំបូងពួកយើងចាប់ផ្ដើមពីឆ្អឹងជំនីជ្រូកសិនទៅ!» សុឺជឹងឈុនសើចឡើងកក្អឹក។ គេទាញនាងចូលមកក្នុងរង្វង់ដៃ ហើយនិយាយថា៖ «បងនឹងមិនឱ្យអូនរងទុក្ខលំបាកទេ សុខភាពរបស់អូនមិនល្អ ថ្ងៃក្រោយត្រូវញ៊ាំបំប៉នឱ្យបានច្រើនបន្តិច» ផ្ទៃមុខរបស់សុីងលូផ្ដេកលើស្មារបស់សុឺជឹងឈុន កែវភ្នែកខ្មៅថ្លាទាំងនោះហាក់ដូចកំពុងតែលិចលង់សម្លឹងមើលទៅកាន់ទីរាត្រីងងឹតនៅខាងក្រៅមាត់បង្អួច។ ឋិតនៅពីចម្ងាយ វាហាក់ដូចជាបុរសពាក់មួកកន្តិបនោះបានបង្ហាញខ្លួនឡើងមកទៀតហើយ។ សុឺជឹងឈុនសន្សឹមៗដកប្រអប់ពណ៌ផ្កាឈូកដែលមានអ្វីម៉្យាងមក និយាយថា៖ «រាល់លើកពេលដែលទៅមើលកុននៅទីនោះ បងឃើញអូនតែងតែចាប់ភ្លឹកមើលចិញ្ចៀននេះជាប់ជានិច្ច។ បងគិតថាអូនប្រាកដជាស្រលាញ់វាខ្លាំងណាស់ ដូច្នេះបងក៏បានទិញវាមក» សុីងលូប្រៀបដូចជាយល់សុបិន នាងងើយមុខឡើងសម្លឹងទៅគេឱ្យបានច្បាស់លាស់ ដោយនៅក្នុងចិត្តនឹកគិតថា «ហេតុអីបានជាអ៊ីចឹង? ហេតុអីបានទៅជាអ៊ីចឹង?» នាងខាំបបូរមាត់សួរគេថា៖ «តើបងបានប្រាក់មកពីណាទិញវា?» សុឺជឹងឈុនញញឹមខខ្សោះ ហើយក៏និយាយថា៖ «បងលក់គំនូរមួយផ្ទាំង» សុីងលូសួរថា៖ «លក់ឱ្យអ្នកណា?» សុឺជឹងឈុនឆ្លើយថា៖ «គឺលក់ឱ្យអ្នកមីងហឺហ្នឹងឯង!» សុីងលូសួរដោយសង្ស័យថា៖ «តែមួយផ្ទាំងទេ?» នាងសួរចប់ ក៏បែរមុខទៅសម្លឹងរកមើលរូបគំនូរទាំងឡាយដែលដាក់គរផ្តេកចោលនៅក្នុងបន្ទប់។ មួយរំពេចនោះ នាងក៏ស្រាប់តែនឹកឃើញថា ពីព្រោះហេតុនេះហើយទើបបានជាប៉ុន្មានថ្ងៃមកនេះ នាងតែងតែមានអារម្មណ៍ថាដូចជាបាត់រូបគំនូរមួយផ្ទាំង។ «បងលក់ផ្ទាំងគំនូរទន្លេ “Thames” នោះហើយមែនទេ? តើបងលក់តម្លៃប៉ុន្មាន?» សុឺជឹងឈុនញញឹមឆ្លើយតបថា៖ «ល្មមគ្រប់ទិញចិញ្ចៀនមួយវង់នេះ!» សុីងលូឈឺផ្សាចិត្តយ៉ាងខ្លាំងនិយាយថា៖ «គាត់កេងចំណេញលើបងហើយ! រូបគំនូរនោះបងគូរបានស្អាតខ្លាំងយ៉ាងនេះ មិនអាចត្រឹមតែមានតម្លៃតែប៉ុណ្ណឹងនោះទេ! ជាងនេះទៅទៀត ក្នុងខ្លួនបងគ្មានប្រាក់ចាយច្រើនទេ! ចាំបាច់អ្វីត្រូវទិញវាមក?» សុឺជឹងឈុនឈោងដៃចេញទៅចាប់កាន់ដៃរបស់នាង សម្លឹងមើលនាងហើយនិយាយថា៖ «ព្រោះតែអូនស្រលាញ់វា!» សុីងលូមិននិយាយអ្វីបន្តទៀត រាងកាយរបស់នាងញ័រចំប្រប់។ នាងសម្លឹងមើលទៅសុឺជឹងឈុន នឹកទៅដល់ស្នេហាដែលនាងខំស្វះស្វែងតាមរកតែបែរជាកុហកបោកប្រាសក្បត់នាងយ៉ាងណា ភាពកក់ក្តៅដែលនាងប៉ងប្រាថ្នាធ្លាប់សើចចំអកនាងយ៉ាងណា។ ឋិតនៅក្នុងខណៈវិនាទីនេះ នាងលែងមានក្ដីសង្ឃឹមថានឹងអាចរកឃើញសុភមង្គលពិតទៀតហើយ នៅក្នុងខណៈពេលដែលនាងមិនចង់បាន ក៏ប៉ុន្តែវាបែរជាហោះឆ្ពោះមកទីនេះ ប្រើចំពុះរបស់វាចឹកទម្លុះបេះដូងត្រជាក់ល្អូករបស់នាងឱ្យឆាបឆេះរោលអណ្ដាតភ្លើងពណ៌ខៀវស្រងឹតឡើងមក។ កែវភ្នែកដ៏ឈឺចាប់គ្រាំគ្រាបើកធំៗសម្លឹងមើលទៅកាន់បុរសដែលនៅចំពោះមុខនាង គេផ្តល់ភាពកក់ដ្ដៅដល់នាងយ៉ាងនេះ ប៉ុន្តែនាងមិនសមនឹងទទួលវាទេ! កែវភ្នែករបស់នាងក្តៅងំគគុក នៅសុខៗនោះនាងក៏ស្រាប់តែស្ទុះក្រោកពីកៅអី សំឡេងនាងញ័រៗ៖ «អូនមិនត្រូវការទេ! បងយកវាទៅប្ដូរយកប្រាក់វិញទៅ!» សុឺជឹងឈុនងើយមុខឡើងសម្លឹងមើលទៅនាងមិនដាក់ សួរដោយភ្ញាក់ផ្អើល៖ «តើអូនយ៉ាងម៉េចហ្នឹង? អូនមិនសប្បាយចិត្តទេហ្អេស?» សុីងលូសម្លឹងមើលទៅគេ បង្ហាញឡើងនូវទឹកមុខមួយដែលគេមិនអាចមើលធ្លុះបាននាង នាងឆ្លើយថា៖ «មែនហើយ! អូនមិនស្រលាញ់វាទេ!» សុឺជឹងឈុនគិតមិនយល់ គេសម្លឹងមើលមកនាង កាន់ប្រអប់ចិញ្ចៀននៅលើតុឡើង ហើយនិយាយថា៖ «បងគិតថាអូននឹងស្រលាញ់វា…» មិននៅរង់ចាំឱ្យគេនិយាយចប់ ភ្លាមៗនោះ សុីងលូក៏កាន់យកអាវក្រៅនិងកាបូបស្បែករបស់នាងស្ទុះសម្រុកចេញពីបន្ទប់ រត់មួយវឹងចេញទៅផ្លូវធំ។ ជំហានជើងរបស់នាងញាប់ញ័រ ដើរបណ្ដើរទ្រហោយំពេញមុខបណ្ដើរ នៅក្នុងចិត្តខ្សឹកខ្សួលថា៖ «គេស្រលាញ់ឯង!».

ភាគទី9: សន្សើមព្រឹក (ភាគ៩)

នៅក្នុងខណៈពេលនោះ ដើមដៃម្ខាងស្ទុះស្រវាមកចាប់ដៃនាងពីក្រោយ នាងសន្សឹមៗងើយផ្ទៃមុខឡើង ក៏ឃើញសុឺជឹងឈុន គេកំពុងតែសម្លឹងមើលមកនាងយ៉ាងយកចិត្តទុកដាក់ និយាយថា៖ «តើបងបានធ្វើអ្វីខុសធ្វើឱ្យអូនខឹងមែនទេ?» នាងទប់សង្កត់ទឹកភ្នែកដើម្បីអាចសម្លឹងមើលទៅគេឱ្យកាន់តែច្បាស់ និយាយនៅក្នុងចិត្តខ្លួនឯងថា៖ «ទាន់ពេលឯងនៅមានសតិសម្បជញ្ញៈនៅឡើយ» សុឺជឹងឈុនជជីកសួរនាងថា៖ «តើទីបញ្ចប់អូនយ៉ាងម៉េចហ្នឹង?» នាងពង្រឹងចិត្តនិយាយយ៉ាងដាច់ម៉ាត់ថា៖ «ពួកយើងបែកគ្នាទៅ!» សុឺជឹងឈុនរន្ធត់ចិត្តមិនស្ទើរ គេរហ័សសួរថា៖ «ហេតុអី?» សុីងលូខាំបបូរមាត់និយាយថា៖ «អូនមិនល្អដូចជាបងគិតនោះទេ!» សុឺជឹងឈុនគ្រវីក្បាលនិយាយថា៖ «ម៉េចនឹងអាចទៅ?» សុីងលូលើកដៃរុញច្រានគេចេញ ស្រែកគំហោកដាក់គេដូចមនុស្សរោគចិត្ត៖ «បងទៅៗ! អូនមិនសមឱ្យបងស្រលាញ់នោះទេ! កុំមករកអូនទៀត! អូនមិនចង់ចួបនឹងបងទៀតទេ! ពួកយើងបែកគ្នាទៅ!» សុឺជឹងឈុនឆាបឆួលចិត្តដេញដោលសួរទៅនាង៖ «តើមានរឿងអ្វីកើតឡើង? អូនឆាប់និយាយប្រាប់បងមក!» សុីងលូសម្រក់ទឹកភ្នែកចុះយ៉ាងក្ដុកក្ដួល ចង់និយាយប្រាប់រឿងទាំងឡាយឱ្យគេដឹង ក៏ប៉ុន្តែ… នាងហាក់ដូចជាបានឃើញបុរសពាក់មួកកន្តិបម្នាក់នោះកំពុងឈរលាក់ខ្លួននៅជ្រុងម្ខាងមួយពីចម្ងាយសម្លឹងមើលមកនាង។ នៅទីបំផុត នាងក៏នៅតែមិននិយាយអ្វី។ នាងស្រក់ទឹកភ្នែកសម្លឹងមើលទៅគេ។ «គង់មានថ្ងៃណាមួយ បងនឹងឈប់ស្រលាញ់អូនទៀត!» សុឺជឹងឈុនបន្ធូរមួយដង្ហើមចេញយ៉ាងវែង រហូតពេលនេះទើបគេបានយល់ នេះគឺជាអ្វីដែលនាងកំពុងព្រួយបារម្ភ។ គេសន្សឹមៗទាញអូនចូលមកឱបក្នុងរង្វង់ទ្រូង និយាយថា៖ «បងនឹងស្រលាញ់អូនជារៀងរហូត!» បន្ទាប់មក គេក៏ដាក់ប្រអប់ចិញ្ចៀនពណ៌ផ្កាឈូកទៅក្នុងដៃរបស់នាងនិយាយថា៖ «របស់ដែលជូនឱ្យអូនហើយ បងនឹងមិនយកវិញទេ» ទឹកភ្នែករបស់សុីងលូហូរចុះឥតស្រាកស្រាន្ត នាងឱបដើមទ្រូងគេយ៉ាងណែន ដកដង្ហើមធំនៅក្នុងចិត្តនិយាយថា៖ «ហេតុអីក៏ក្លាយទៅជាបែបនេះ? តើនេះជាវាសនាឬ?» នៅរសៀលល្ងាចមួយ គាប់ចួនសុីងលូបានចួបជាមួយអ្នកមីងហឺនៅខាងក្រៅហាងកាហ្វេ គាត់កំពុងនាំបុរសវ័យក្មេងម្នាក់និងស្ត្រីពោះធំម្នាក់ទៅមើលផ្ទះ។ ពេលដែលសម្លឹងឃើញសុីងលូភ្លាម អ្នកមីងហឺក៏ទាញដៃនាងមកជិតនិយាយសួរនាំយ៉ាងរីករាយ៖ «គាប់ចួនម៉្លេះសុីងលូ! ទើបតែចេញពីធ្វើការមែនទេ?» ដោយមិននៅរង់ចាំឱ្យសុីងលូឆ្លើយតប អ្នកមីងហឺបាននិយាយបន្តបន្ទាប់ទៀតដោយខ្លួនឯង។ គាត់បានប្រាប់ឱ្យសុីងលូដឹងថា ភ្ញៀវទាំងពីរនាក់នោះគឺជាប្តីប្រពន្ធនឹងគ្នា ប្រពន្ធមានផ្ទៃពោះប្រាំខែ មិត្តភក្តិរបស់នាងក៏បានណែនាំនាងឱ្យមករកអ្នកមីងហឺនាំទៅមើលបន្ទល់ជួលមួយនៅកាច់ជ្រុងផ្លូវ។ ពួកគេធ្វើការនៅក្បែរៗនេះ ម្នាក់ជាលេខា ឯម្នាក់ទៀតជាស្មៀន។ ប្តីប្រពន្ធទាំងពីរនាក់នោះកំពុងតែឈរធ្មឹងថ្មែនៅឯម្ខាងដូចជាមនុស្សទីងមោង រង់ចាំពួកនាងនិយាយគ្នា។ សុីងលូធុញថប់ចង់រកវិធីគេចចេញពីគាត់។ នៅសុខៗនោះ នាងក៏ស្រាប់តែនឹកឃើញនូវរឿងមួយ។ នាងក៏រហ័សសួរទៅអ្នកមីងហឺថា៖ «អ្នកមីងបានទិញផ្ទាំងគំនូរទន្លេ Thames របស់ជឹងឈុនទៅមែនទេ?» អ្នកមីងហឺឆ្ងល់ណាស់ក៏សួរទៅវិញថា៖ «ទន្លេ Thames អ្វីទៅ?» សុីងលូក្នុងទ្រូងមិនពេញចិត្ត និយាយថា៖ «មីងបានទិញផ្ទាំងគំនូរនោះទៅ ប៉ុន្តែបែរជាមិនដឹងថានោះគឺជាផ្ទាំងគំនូរទន្លេ Thames!» សុីងលូនិយាយប្រាប់ឱ្យគាត់ដឹងថា៖ «ទេសភាពនៅក្នុងផ្ទាំងគំនូរនោះ គឺជាទេសភាពថ្ងៃរៀបលិចនាដងទន្លេ Thames នៅក្នុងប្រទេសអង់គ្លេស» អ្នកមីងហឺឆ្លើយថា៖ «ខ្ញុំមិនបានទិញគំនូររបស់គេទេ!» សុីងលូខឹងបុកទ្រូងឡើង ពោលនៅក្នុងចិត្តថា៖«ហេតុអ្វីបានជាគេនិយាយកុហក?» រំពេចនោះ អ្នកមីងហឺស្រាប់តែលាន់មាត់ «អូ៎» ឡើងមួយម៉ាត់ ហើយក៏និយាយថា៖ «គេនិយាយថាខ្ញុំជាអ្នកទិញគំនូរនោះហ្អេស? ខ្ញុំដឹងថាពីណាជាអ្នកទិញវា!» សុីងលូសួរថា៖ «ជាអ្នកណា?» អ្នកមីងពោលបន្តថា៖ «ខ្ញុំមិនដឹងថាគេគឺជាអ្នកណាទេ…» សុីងលូនិយាយថា៖ «ក្រែងមីងនិយាយថាមីងដឹងថាជាអ្នកណាហ្អេស?» អ្នកមីងហឺក៏ពោលបន្តទៀតថា៖ «ន័យរបស់ខ្ញុំចង់ថាខ្ញុំដឹងថាគេយកផ្ទាំងគំនូរទាំងនោះទៅលក់នៅឯណា… ខ្ញុំបានចួបនឹងគេកាលប៉ុន្មានថ្ងៃមុន… គេប្រាប់ខ្ញុំកុំឱ្យនិយាយប្រាប់ទៅនាង… នាងមេត្តាកុំនិយាយថាខ្ញុំជាអ្នកនិយាយឱ្យសោះណា៎…» សុីងលូសួរដោយសង្ស័យ៖ «តើមីងបានចួបគាត់នៅឯណា?» អ្នកមីងហឺឆ្លើយថា៖ «គឺនៅវិថីយុីតុងហ្នឹងណា៎… នៅថ្ងៃនោះ ខ្ញុំឈាងទៅលេងមិត្តចាស់ៗរបស់ខ្ញុំ គាប់ចួនក៏បានឃើញគេក្រាលគំនូរលក់នៅតាមចិញ្ចើមផ្លូវ… រៀបដាក់តាំងយ៉ាងច្រើន ប៉ុន្តែមានមនុស្សអើតមើលទិញតិចតួចណាស់… មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចេះគយគន់គំនូរនោះទេ… ម្យ៉ាងទៀត អាកាសធាតុពេលយប់ត្រជាក់ខ្លាំងយ៉ាងនេះ… មើលទៅពិតជាគួរឱ្យអាណិតខ្លាំងណាស់ …» សុីងលូញ័រព្រឺខ្លួនឡើង។ អ្នកមីងហឺខិតចូលមកកៀកត្រចៀកនាងសួរថា៖ «នាងយ៉ាងម៉េចហ្នឹង?» សុីងលូនិយាយថា៖ «គ្មានអ្វីទេ! គ្រាន់តែមានអារម្មណ៍ត្រជាក់បន្តិច» អ្នកមីងហឺយល់ចិត្ត ពោលសង្កត់បន្ថែមថា៖ «ពេលដែលចួបនឹងគេ… កុំប្រាប់ថាខ្ញុំនិយាយណា៎…គេខ្លាចនាងដឹងហើយមិនសប្បាយចិត្ត…» សុីងលូងក់ក្បាលចុះ។ ទីបំផុត អ្នកមីងហឺក៏នាំផ្លូវប្ដីប្រពន្ធដែលបានឈររង់ចាំអស់ជាយូរនោះចាកចេញទៅ ស្រមោលខ្នងរបស់ស្ត្រីវ័យកណ្ដាលម្នាក់និងមនុស្សវ័យក្មេងពីរនាក់ក៏បានបាត់ផុតទៅកាច់ជ្រុងផ្លូវម្ខាង។ តាមពិត សុឺជឹងឈុនលាក់បាំងនឹងនាងលួចទៅក្រាលគំនូរលក់នៅតាមចិញ្ចើមផ្លូវ។ នៅក្នុងដួងចិត្តសុីងលូពោលថា៖ «ប្រាក់ដែលទិញចិញ្ចៀនគឺរកបានពីនោះហ្អេស! តើពេលណាទើបគេព្រមនិយាយប្រាប់ឱ្យឯងដឹង?» . . . . . នៅយប់ថ្ងៃបន្ទាប់នោះ សុីងលូបានទៅដល់ចិញ្ចើមផ្លូវវិថីយុីតុង ពិតជាប្រទះឃើញថា សុឺជឹងឈុនកំពុងឈរនៅឯទីនោះ។ នាងភ្ញាក់ភិតភ័យខ្លាច រត់ទៅលាក់ខ្លួននៅកន្លែងឆ្ងាយមួយលួចសម្លឹងមើលទៅគេ។ សុឺជឹងឈុនពាក់អាវយឺតឡែននិងរុំកន្សែងបាំងកដែលនាងចាក់ឱ្យគេ នៅលើដីមានចង្កៀងប្រេងកាតមួយ ហើយនិងមានគំនូរជាងដប់ផ្ទាំងដាក់តម្រៀបតាំងនៅលើកាំជណ្តើរខាងមុខមាត់ទ្វារធនាគារ។ គេកំពុងលក់គំនូរបណ្ដើរគូរគំនូរនៅពេលតែមួយបណ្ដើរ។ អាកាសធាតុត្រជាក់ស្រេង អ្នកធ្វើដំណើរនៅតាមផ្លូវរងាញាក់ញ័រគិតតែពីឈ្មុសឈ្មុលករបស់ពួកគេ ឆ្លងកាត់ផ្លូវទាំងប្រញាប់ប្រញាល់ ចួនកាលក៏មានអ្នកដំណើរទេសចរពីរបីនាក់ប៉ុណ្ណោះដែលងឿងឆ្ងល់ក៏បញ្ឈប់ជើងឈរសម្លឹងមើល។ នៅក្នុងមួយខណៈពេលនោះ ខ្យល់ត្រជាក់មួយមេបក់បោកមក ឮសូរសំឡេងខ្យល់វ៉ូៗ សម្លៀកបំពាក់នៅលើមាឌធំខ្ពស់របស់គេ កាន់តែស្ដើងស្រិលឡើងទៅៗ គេមិនបានពាក់អាវរងាក្រៅមកជាមួយទេ ជើងរបស់គេនៅលើដីកំពុងតែត្រដុសគ្នាដើម្បីបង្កើនភាពកក់ក្តៅ មើលទៅហាក់ដូចជាមិនគួរឱ្យជឿខ្លាំងណាស់ ប៉ុន្តែវាក៏ភ្ជាប់មកភាពរស់រវើកណាស់ដែរ រួមជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខរបស់គេ ក្នុងមាត់គេក៏ថែមទាំងនៅគ្រហឹមច្រៀង ប្រៀបបីដូចជាឆាកជីវិតនៅចំពោះមុខគេគ្មានអ្វីមួយដែលគួរឱ្យកើតទុក្ខព្រួយនោះទេ។ សុីងលូនៅចាំ គេធ្លាប់និយាយលេងសើចថា៖ «ទោះបីជាមនុស្សទាំងអស់នោះមិនទិញគំនូររបស់បងក៏ដោយ បងនៅតែអាចយកវាទៅចិញ្ចើមផ្លូវ តម្រៀបគំនូរនៅមុខផ្លូវតាំងលក់…» នាងមិននឹកស្មានថាសុឺជឹងឈុនពិតជាធ្វើរឿងបែបហ្នឹងមែន។ នាងសន្សឹមៗឈានឆ្ពោះទៅចំពោះមុខគេដោយស្ងៀមស្ងាត់។ នៅពេលដែលសុឺជឹងឈុនសម្លឹងឃើញរូបនាង ទឹកមុខរបស់គេបង្ហាញឡើងនូវភាពភ្ញាក់ផ្អើលនិងក្រែងរអែងចិត្ត។ គេសាកសួរស្ទាបស្ទង់នាងថា៖ «គឺអ្នកមីងហឺជាអ្នកប្រាប់អូនមែនទេ?» សុីងលូខាំចុងបបូរមាត់បន្តិច និយាយយឺតៗថា៖ «បងនិយាយថាបងបានលក់ផ្ទាំងគំនូរនោះឱ្យទៅគាត់» សុឺជឹងឈុនញញឹមឡើងហើយនិយាយថា៖ «មានអ្នកទេសចរជនជាតិអង់គ្លេសម្នាក់បានទិញវាទៅ គេធ្វើការនៅក្នុងសារមន្ទីរ គេជាមនុស្សយល់ដឹងពីគំនូរ!» សុីងលូនិយាយថា៖ «នៅទីនេះលក់គំនូរមួយផ្ទាំងអាចលក់បានប្រាក់ប៉ុន្មានទៅ? នៅមិនគ្រាន់អាចទិញចិញ្ចៀនមួយផង» សុឺជឹងឈុននិយាយដោយរីករាយថា៖ «មនុស្សម្នាក់នោះបានទិញម្ដងបីផ្ទាំង ថ្ងៃនេះអាកាសធាតុមិនល្អ ពេលដែលអាកាសធាតុល្អ លក់ដូរក៏ដាច់ណាស់ដែរ!» សុីងលូទម្លាក់ទឹកមុខចុះសួរទៅគេ៖ «ហេតុអីបានជាបងមិនប្រាប់អូន?» សុឺជឹងឈុនសម្លឹងមើលទៅនាងដោយរសាប់រសល់ និយាយថា៖ «បងមិនចង់ធ្វើឱ្យអូនព្រួយបារម្ភ!» សុីងលូសន្សឹមៗងើយផ្ទៃមុខឡើងមក កែវភ្នែកទាំងគូខ្មៅថ្លាធំៗនោះ សម្លឹងមើលទៅកាន់សុឺជឹងឈុន កែវភ្នែករបស់នាងផ្ទុកនូវសេចក្ដីក្រៀមក្រំ រួចទាំងការខកចិត្ត បុរសដែលនៅចំពោះមុខនាងម្នាក់នេះសែនស្លូតបូតទៀងត្រង់យ៉ាងនេះ គេនឹងមិនអាចមានថ្ងៃសម្រេចជោគជ័យឡើយ។ ដៃដ៏ត្រជាក់ស្រេបរបស់សុឺជឹងឈុនក្រសោបចាប់ដៃតូចច្រឡឹងរបស់នាងថ្នមៗ និយាយយ៉ាងស្រទន់ថា៖ «អូនទៅផ្ទះវិញសិនទៅ! នៅទីនេះត្រជាក់ខ្លាំងណាស់» សុីងលូដឹងថា… ខ្លួននាងមិនអាចនៅក្បែរគេបន្តទៅទៀតទេ។ ពេញមួយថ្ងៃបន្ទាប់នោះ ទូរសព្ទនៅលើតុបន្លឺសំឡេងរោទ៍ឡើងមិនឈប់ឈរ សុីងលូអង្គុយនៅលើកៅអីសាឡុងក្នុងបន្ទប់យ៉ាងស្ងាត់ស្ងៀម រំកិលចុងម្រាមដៃបើកមើលទំព័រទស្សនាវដ្តីដែលទើបនឹងចុះផ្សាយថ្មី នាងព្រងើយកន្តើយនឹងសំឡេងរោទ៍របស់ទូរសព្ទ។ នាងដឹងថា គឺសុឺជឹងឈុនកំពុងតែខលទូរសព្ទមក។ គេច្បាស់ជាបានដឹងថានាងមិនទៅធ្វើការនៅ Coffee Shop ទៀតទេ។ នៅពេលព្រលប់ ទីបំផុតសំឡេងទូរសព្ទក៏ឈប់រោទ៍បន្ត។ មុីងជូចេញពីធ្វើការត្រលប់មកផ្ទះវិញ នាងបើកកុងតាក់ភ្លើង ហើយក៏បានប្រទះឃើញថា សុីងលូកំពុងអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវងងឹតសូន្យឈឹង ទឹកមុខរបស់នាងស្លេកស្លាំងដោយមិនបញ្ចេញអាកប្បកិរិយាអ្វីទាំងអស់។ មុីងជូលាន់មាត់ស្រែក៖«ព្រះអើយ» ហើយក៏សួរទៅសុីងលូថា «ហេតុអ្វីបានជាឯងមិនបើកភ្លើង? ឯងបំភ័យគ្នាសឹងស្លាប់! គេកំពុងតែនៅខាងក្រោមឯណោះ!» សុីងលូងើយក្បាលឡើង សួរទៅកាន់មុីងជូ៖ «ឯងបាននិយាយថាម៉េចខ្លះ?» មុីងជូយកសៀវភៅប៉ុន្មានក្បាលដែលនាងទើបតែបានទិញពីផ្សារដាក់ឡើងទៅលើតុ ហើយនិយាយថា៖ «គ្នាថាឯងចាកចេញតាំងពីព្រឹកព្រលឹមម៉្លេះ គ្រាន់តែនិយាយថាទៅដើរលេងទេសចរ បីថ្ងៃក្រោយទើបវិលត្រលប់មកវិញ មិនបាននិយាយប្រាប់ថាទៅណាទេ» សុីងលូនិយាយថា៖ «អរគុណឯងណាស់» បន្ទាប់មក នាងក៏យកសៀវភៅថ្មីៗទាំងនោះ បើកចេញមកមើល និយាយថា៖ «ឯងទិញឱ្យខ្ញុំមែនទេ?» មុីងជូឆ្លើយតបថា៖ «អុឹម! ឯងមើលទៅមើលសៀវភៅទាំងអស់នេះជាសៀវភៅដែលឯងត្រូវការមែនទេ? តើឯងនិងគេកើតមានរឿងអ្វីទៅ…មើលឫកពាររបស់គេហាក់ដូចជាតានតឹងខ្លាំងណាស់!» មុីងជូនិយាយចប់ នាងក៏ដើរទៅក្បែរមាត់បង្អួច សម្លឹងមើលចុះកាត់តាមស្បៃវាំងនន ឈ្ងោកមើលមួយសន្ទុះ ក៏ខ្សឹបខ្សួលឡើងនិយាយថា៖ «មើលទៅដូចជាទៅបាត់ហើយ» សុីងលូសួរយ៉ាងត្រជាក់ល្អូកថា៖ «តើគេនៅមាននិយាយអ្វីទៀតទេ?» មុីងជូអង្គុយហើយនិយាយថា៖ «គេសួរគ្នាថាហេតុអីបានជាឯងលាឈប់ពីការងារ? ឯងលាឈប់ហើយហ្អេស?» សុីងលូងក់ក្បាលចុះ ហើយសួរម្តងទៀតថា៖ «ចុះឯងឆ្លើយតបយ៉ាងណា?» ដៃទាំងពីររបស់មុីងជូទ្រក្បាល និយាយថា៖ «គ្នាថាគ្នាមិនដឹងទេ គ្នាពិតជាអ្វីក៏មិនបានដឹងទាំងអស់! ពួកឯងទាំងពីរនាក់ឈ្លោះប្រកែកគ្នាមែនទេ? គេពិតជាល្អនឹងឯងខ្លាំងណាស់! គ្នានៅនឹកស្មានថាឯងក៏នឹងស្រលាញ់គេវិញដែរ! គេសង្ហាណាស់ អ្នកទាំងពីរសក្តិសមនឹងគ្នាណាស់! មានជាច្រើនដងនៅជាន់ខាងក្រោម ពេលគ្នាចួបប្រទះគេជូនឯងត្រលប់មកផ្ទះវិញ ទឹកមុខគេតែងតែញញឹមជាប់មាត់ជានិច្ច ផ្អែមល្ហែមដូចស្ករគ្រាប់អ៊ីចឹង។ និយាយតាមត្រង់ ពេលនោះគ្នានៅលួចបារម្ភថា ឯងនឹងរើចាកចេញទៅនៅជាមួយគេឆាប់ៗមិនខាន!» កែវភ្នែករបស់សុីងលូនៅតែសម្លឹងមើលទៅសៀវភៅមិនដាក់ ដោយមិនកម្រើកកាយវិការអ្វី នាងក៏មិននិយាយអ្វីទាំងអស់។ បីថ្ងៃក្រោយមក សុឺជឹងឈុនមិនបានខលទូរសព្ទមកទៀតទេ។ លុះរហូតដល់ព្រឹកព្រលឹមនៅថ្ងៃពុធ ទូរសព្ទនៅលើតុក៏រោទ៍មិនឈប់បន្តទៀត ស៊ីងលូហាក់បីដូចជាធ្វើជាស្ដាប់មិនឮដូចជាពីមុន នាងអង្គុយថ្មឹងលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវ អានសៀវភៅនៅក្នុងដៃរបស់នាងយ៉ាងស្ងៀមស្ងាត់ វាជាសៀវភៅប្រលោមលោកបែបរន្ធត់ព្រឺព្រួច។ លុះរហូតមកដល់ពេលយប់។ សុីងលូក្រោកឈរឡើង ទម្លាក់សៀវភៅនៅក្នុងដៃចុះ ផ្លាស់ប្តូរឈុតសម្លៀកបំពាក់ នាងឈរនៅមុខផ្ទាំងកញ្ចក់ ផាត់ម៉្សៅថ្ពាល់ក្រហម ដើរចុះទៅជាន់ក្រោម បក់ដៃហៅឡានតាក់ស៊ីមួយ។ ឡានរំកិលកង់ទៅមុខ នាងផ្អែកខ្នងនៅលើសាឡុងកៅអីឡានខាងក្រោយ ទឹកមុខសែនត្រជាក់ស្រេង។ បន្ទាប់មក ឡានក៏បានឈប់នៅខាងក្រៅផ្ទះជួលរបស់សុឺជឹងឈុន។ សុីងលូចុះចេញពីឡាន ងើយក្បាលឡើងដៀងភ្នែកសម្លឹងមើល នៅលើចង្រឹងបង្អួចដែកដែលធ្លាប់ស្គាល់នោះនៅជាន់ទីដប់មានរស្មីពន្លឺអំពូលភ្លើងស្រអាប់។ នាងខាំសង្កត់ធ្មេញបោះជំហានដើរចូលទៅ។ ឋិតនៅជាន់ខាងលើ សុីងលូបានប្រើសោចាក់បើកទ្វារ។ រុញទ្វាររបើកចេញ នាងក៏ឃើញសុឺជឹងឈុនឈរនៅក្នុងបន្ទប់គំនូរ កំពុងសម្លឹងមើលមកកាន់មាត់ទ្វារនេះ។ គេស្គមស្លាំង ពុកមាត់ស្រម៉ូវដុះពេញនៅលើមុខក៏មិនកោរចេញ។ នៅពេលដែលគេឃើញសុីងលូនោះ សុឺជឹងឈុនមិននិយាយអ្វីក្រៅពីចូលមកឱបនាង ឬក៏អាចនិយាយថា គេសម្រុកស្ទុះចូលមកឱបក្រសោបនាងយ៉ាងណែន។ គេនិយាយផ្ទួនៗថា៖ «តើអូនទៅណាហ្នឹង? ម៉េចបានជាមិននិយាយប្រាប់បងមួយម៉ាត់ក៏ចាកចេញទៅដើរលេងទេសចរបាត់? បងព្រួយបារម្ភពីអូនខ្លាំងណាស់ដឹងទេ!» សុីងលូឈរនៅស្ងៀមមិនមានប្រតិកម្មអ្វី នាងនិយាយថា៖ «ខ្ញុំមិនបានទៅទីណាទាំងអស់» សុឺជឹងឈុនភ្ញាក់ផ្អើលមកជាខ្លាំង និយាយថា៖ «ប៉ុន្តែមុីងជូបាននិយាយថាអូន…» សុីងលូឆ្លើយតបថា៖ «គឺខ្ញុំជាអ្នកឱ្យនាងនិយាយបែបនោះ» សុឺជឹងឈុនមិនយល់អ្វីក៏សួរថា៖ «ហេតុអីទៅ?» សុីងលូខំប្រឹងប្រើកម្លាំងរើបម្រាស់ចេញពីក្នុងរង្វង់ដៃរបស់គេ សម្លឹងមើលចំទៅកាន់កែវភ្នែករបស់គេ ខាំសង្កត់ចុងបបូរមាត់ហើយនិយាយថា៖ «ខ្ញុំមិនចង់ចួបនឹងលោកទេ» សុឺជឹងឈុនភាំងស្លឺស្មារតី អស់រយៈពេលជាយូរនៅតែមិនអាចនិយាយពាក្យអ្វីចេញបាន។ «ខ្ញុំមកយកអីវ៉ែអីវ៉ាន់របស់ខ្ញុំ!» និយាយចប់រួច សុីងលូក៏ឈានដើរឆ្ពោះទៅកាន់បន្ទប់គេង បើកទូខោអាវ យកខោអាវប៉ុន្មានសម្រាប់របស់នាងញាត់ដាក់ចូលទៅក្នុងកាបូប។ សុឺជឹងឈុនអន្ទះសាដល់ថ្នាក់ចាប់ទាញកញ្ឆក់កាបូបចេញពីក្នុងដៃរបស់នាងភ្លាមមួយរំពេច ហើយនិយាយថា៖ «តើព្រោះតែអូនខឹងបងដែលនិយាយកុហកអូនមែនទេ? អូនមិនចូលចិត្តឱ្យបងទៅក្រាលគំនូរលក់នៅតាមចិញ្ចើមផ្លូវ អ៊ីចឹងបងថ្ងៃក្រោយនឹងឈប់ធ្វើបែបនោះទៀតគឺបានហើយ!» សុីងលូទាញកញ្ឆក់កាបូបយកមកវិញ ដៀងសម្លឹងមើលគេមួយក្រឡេកភ្នែក ហើយនិយាយថា៖ «សូម្បីតែថ្លៃជួលបន្ទប់ក៏គ្មានប្រាក់បង់ឱ្យគេផង មិនទៅក្រាលគំនូរលក់តាមចិញ្ចើមផ្លូវ តើនៅអាចរស់រួចទេ?» សុឺជឹងឈុននិយាយថា៖ «បើអូនមិនចូលចិត្ត បងនឹងមិនធ្វើទេ!» សុីងលូដៀងភ្នែកសម្លក់ទៅគេ និយាយថា៖ «លោកកុំស្លូតត្រង់យ៉ាងឆោតល្ងង់បែបនេះទៀតអីបានទេ! តើលោកចាត់ទុកជីវិតរស់នៅមួយនេះជាអ្វី? ប្រឈមមុខនឹងភាពជាក់ស្ដែងបន្តិចទៅ!» នាងដកមួយដង្ហើមវែងចេញហើយនិយាយថា៖ «ថ្ងៃក្រោយមិនថាលោកធ្វើអ្វីក៏មិនជាប់ពាក់ព័ន្ធនឹងខ្ញុំដែរ!» “ផាំង!” មួយសំឡេងយ៉ាងខ្លាំង នាងបោកបិទខ្ទប់ទ្វារទូខោអាវទៅវិញ និយាយទៅកាន់គេយ៉ាងត្រជាក់ល្អូកថា៖ «ពួកយើងបែកគ្នាទៅ!» សុឺជឹងឈុនស្លុតចិត្តឡើងរឹងខ្លួនឆ្កឺត គេសួរទៅយ៉ាងរហ័សថា៖ «ហេតុអីទៅ? ពួកយើងទាំងពីរកំពុងតែមានសុភមង្គលណាស់ ហេតុអីក៏បែកគ្នា? តើនៅទីបញ្ចប់ទៅអូនកើតអី?! បងមិនយល់ទេ!» សុីងលូឆ្លើយតបថា៖ «ពួកយើងមិនសក្តិសមនឹងគ្នាទេ! កុំខ្ជះខ្ជាយពេលវេលាទៀត!» នាងពោលពាក្យទាំងអស់នោះចប់ ក៏យួរកាបូបឡើងដើរតាំងៗចេញពីក្នុងបន្ទប់គេង។ សុឺជឹងឈុនរត់ស្ទុះដេញតាមនាង ស្រវាទាញដៃរបស់នាងស្ទើរតែលុនតួអង្វរករ៖ «កុំទៅអី! អូនកុំទៅអី! បងបានធ្វើអ្វីខុស សូមអូននិយាយប្រាប់បងមក៎!» សុីងលូខំប្រឹងគ្រវាសដៃរបស់គេចេញ ហើយនិយាយថា៖ «លោកលែងខ្ញុំទៅ! ពួកយើងបានបញ្ចប់គ្នាហើយ!» សុឺជឹងឈុនមិនព្រមលែងដៃរបស់នាង គេបានប្រើកម្លាំងខ្លួនរឹតឱបក្រសោបនាង ទឹកភ្នែកកំពុងជន់លិចកន្ទុយកែវភ្នែករបស់គេ និយាយថា៖ «អូនដឹងច្បាស់ថាបងស្រលាញ់អូនខ្លាំងណាស់ មិនថារឿងអ្វីក៏បងអាចធ្វើដើម្បីអូនបានដែរ! បងមិនអាចអត់ពីអូនបាននោះទេ! កុំចាកចេញពីបងអី!» សុីងលូសម្លឹងមើលទៅគេ សូម្បីតែគ្រានៅក្នុងឆាកជីវិតដែលកម្សត់លំបាកបំផុត នៅក្នុងថ្ងៃដែលជាទីអស់សង្ឃឹមបំផុត ក៏នាងមិនដែលឃើញគេទន់ជ្រាយដូចជានៅក្នុងថ្ងៃនេះដែរ។ កែវភ្នែករបស់គេឡើងសរសៃក្រហមឆេះនិងហើមស្ពីង គេមិនបានគេងអស់ជាច្រើនថ្ងៃ ទឹកមុខដែលមិនដែលចេះខ្វាយខ្វល់ពីជីវិតនិងព្រួយបារម្ភអ្វីរបស់គេត្រូវបានសេចក្ដីឈឺចាប់នេះវាយរាបទៅដី។ ច្រមុះនាងក្ដៅផ្សា សំឡេងរបស់នាងបន្លឺឡើងមកជាមួយនឹងក្ដីអាណិតអាសូរ៖ «លោកមិនយល់ពីខ្ញុំឡើយ! អ្វីដែលពួកយើងទាំងពីរចង់បានគឺមិនដូចគ្នាទេ!» គេមានអារម្មណ៍ថានាងចាប់ផ្ដើមទោរទន់ចិត្ត នៅក្នុងចិត្តគេមានសង្ឃឹមអាចនឹងអង្វរករនាងបាន និយាយថា៖ «ពួកយើងទាំងពីរផ្តើមជាថ្មីម្តងទៀតបានទេ?» ភ្លាមៗនោះ នាងស្រាប់តែប្រទះឃើញថា សុឺជឹងឈុនគឺមិនយល់ពីអ្វីដែលនាងកំពុងនិយាយទាល់តែសោះ។ «សូមកុំចាកចេញពីបងអី!» គេឱបរឹតនាងនៅក្នុងរង្វង់គេយ៉ាងណែន ថ្ពាល់សើមជោកត្រដុសនៅលើក្បាលនិងសក់របស់នាង គេចង់ឱនចុះមកថើបនាង។ សុីងលូបែរមុខគេចចេញទៅម្ខាង នៅទីបំផុតក៏និយាយថា៖ «សូមទុកពេលឱ្យខ្ញុំគិតមើលបន្តិច!» សុឺជឹងឈុនហាក់ដូចជាឃើញពន្លឺក្តីសង្ឃឹម គេឱបនាងហើយនិយាយថា៖ «យប់នេះអូននៅទីនេះហើយណា៎!» «ទេ!» សុីងលូពោលឡើង ងើបចេញពីក្នុងដើមទ្រូងរបស់គេ «ខ្ញុំចង់នៅស្ងប់ស្ងាត់តែម្នាក់ឯង ខ្ញុំនឹងមករកលោកនៅពេលក្រោយ» អាកប្បកិរិយារបស់នាងដាច់ញ៉ាត់យ៉ាងនេះ ធ្វើឱ្យគេមិនហ៊ាននិយាយអ្វីតទៅទៀត ខ្លាចថាបើគេនៅតែមានះនឹងធ្វើឱ្យនាងផ្លាស់ប្តូរចិត្ត។ សុីងលូបោះជំហានយឺតៗដើរចេញទៅក្រៅទ្វារ ដោយមិនងាកក្រោយមើលគេសូម្បីតែបន្តិច។ នាងដើរចេញពីក្នុងអគារផ្ទះជួល ក្រឡេកភ្នែកឃើញបុរសពាក់មួកកន្តិបនោះកំពុងឈរលាក់ខ្លួននៅជ្រុងជញ្ជាំងងងឹតមួយ នាងក៏ដើរសំដៅទៅខាងគេ។ នៅពេលដើរឆ្លងកាត់មនុស្សម្នាក់នោះ នាងមិនខ្ចីទាំងងើយភ្នែកសម្លឹងគេឡើយ។ បីសប្តាហ៍បន្ទាប់មក ទូរសព្ទនៅតែរោទ៍ឡើងមកជារៀងរាល់ថ្ងៃ គឺសុទ្ធតែសុឺជឹងឈុនខលមក។ សុីងលូតែងតែទុកឱ្យវានៅរោទ៍ចោល។ បើមុីងជូនៅផ្ទះ នាងនឹងពឹងពាក់មុីងជូលើកទូរសព្ទជួស ប្រាប់ថានាងបានចេញទៅក្រៅបាត់ហើយ។ មានតែប៉ុន្មានគ្រាប៉ុណ្ណោះ សុីងលូសាកលើកទូរសព្ទឡើងមកដោយខ្លួនឯង ស្តាប់លមើលពីអ្វីដែលគេនិយាយ។ នៅពេលដែលដឹងថាគឺជានាង សុឺជឹងឈុនប្រៀបដូចជាកូនឆ្កែតូចបក់កន្ទុយរីករាយពេលដែលឃើញម្ចាស់។ ពេលខ្លះគេអង្វរនាងឱ្យត្រលប់ទៅវិញ ពេលខ្លះគេសាកសួរពីរឿងដែលនាងកំពុងធ្វើថ្មីៗនេះ ថាតើនាងមានមានអ្នកថ្មីផ្សេងទៀតឬក៏អត់? ហើយក៏មានពេលខ្លះគេហាក់បីដូចជាអស់សង្ឃឹមទាំងស្រុង ក៏ប៉ុន្តែថ្ងៃបន្ទាប់គេនៅតែខលមកម្តងទៀតដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់ សង្ឃឹមថាអ្វីៗមុខជាអាចផ្លាស់ប្តូរបាន។ មានជាច្រើនដងពេលគេស្រវឹងទោរទន់ យប់ជ្រៅពាក់កណ្ដាលអធ្រាត្រខលទូរសព្ទមកនិយាយថាគេស្រលាញ់នាងមិនឈប់។ ដូច្នោះហើយ សុីងលូក៏លែងទទួលទូរសព្ទនៅពាក់កណ្តាលយប់ទៀត។ នៅក្នុងយប់មួយ សុឺជឹងឈុនឈរនៅខាងក្រោមផ្ទះ ខលទូរសព្ទទៅនាង សំឡេងខ្សត់ខ្សោយកម្លាំងសាកសួរទៅកាន់ស៊ីងលូថា តើគេអាចឡើងទៅលើចួបនឹងនាងបន្តិចបានទេ? សុីងលូក៏ឆ្លើយតបគំរោះគំរើយមកវិញភ្លាមថា៖ «បើលោកធ្វើបែបនោះ ខ្ញុំសូម្បីតែគិតមើលក៏មិនគិតដែរ!» ក្រោយពេលនិយាយចប់ នាងក៏បិទទូរសព្ទចោលតែម្ដង។ ពាក់កណ្តាលអធ្រាត្រ នាងត្រូវសូរសំឡេងព្យុះភ្លៀងបក់បោកបំភ័យឱ្យភ្ញាក់។ នាងក្រោកចុះពីលើគ្រែ សម្លឹងមើលកាត់តាមវាំងននបង្អួចក្រឡេកចុះទៅក្រោម ស្រាប់តែឃើញមានមនុស្សកំពុងឈរនៅលើផ្លូវដើរងងឹតនៅឯចិញ្ចើមផ្លូវម្ខាង ទឹកភ្លៀងធ្វើឱ្យខ្លួនប្រាណរបស់គេទទឹកជោក។ គេនៅតែមិនទាន់ចាកចេញទៅណា នាងមើលមិនឃើញមុខមាត់របស់គេឡើយ តែអ្វីដែលនាងមើលឃើញគឺជារូបកាយដែលកំពុងបាក់ស្រុតចុះនិងពោរពេញដោយក្ដីឈឺចាប់។ នាងត្រូវតែធ្វើទុក្ខបុកម្នេញផ្លូវកាយចិត្តគេឱ្យដល់ទីបំផុត… សុីងលូកាន់ទូរសព្ទឡើង ខលទៅលេខមួយខ្សែហើយនិយាយថា៖ «ម៉ោងប្រាំបីព្រឹកឮ! មកទទួលខ្ញុំ» នៅម៉ោងប្រាំពីរម៉្ភៃនាទីព្រឹក សុីងលូអង្គុយនៅពីមុខផ្ទាំងកញ្ចក់ទូសម្អាង នាងចាប់ផ្តើមទះតប់ម៉្សៅតុបតែងគ្រឿងសម្អាងរបស់នាង។ ក្រោយពេលផាត់មុខរួច នាងស្លៀករ៉ូបពណ៌ខ្មៅមានប៉ះផ្កាមួយទងនៅពីមុខដើមទ្រូង និងបាញ់បន្ថែមក្លិនទឹកអប់យ៉ាងក្រអូបឈួល។ នៅម៉ោងប្រាំបីគត់ នាងបិទភ្លើងនៅក្នុងបន្ទប់ ពាក់អាវក្រៅពណ៌ផ្កាឈូកបន្ថែមមួយជាន់ទៀត និងពាក់ស្បែកជើងកែងចោតខ្ពស់ពណ៌ខ្មៅមួយគូ ឈានដើរចេញទៅក្រៅ។ ដើរចេញពីផ្ទះជួល រថយន្តស្ព័រពណ៌ក្រហមឆើតឆាយមួយឈប់នៅចិញ្ចើមផ្លូវរង់ចាំនាង។ ស្នាមញញឹមដ៏គួរឱ្យទាក់ទាញរំលេចឡើងនៅលើផ្ទៃមុខរបស់នាង នៅក្នុងឡានមានបុរសម្នាក់កំពុងរូតរះចុះពីឡាន។ គេមានមាឌធំមាំខ្ពស់ស្រឡះ មានមុខមាត់ស្អាតសង្ហា ស្លៀកពាក់ឈុតក្រសេយ៉ាងថ្លៃថ្នូរ នៅពេលដែលញញឹមគឺប្រៀបដូចជាមនុស្សស្រី។ គេដើរទៅបើកទ្វារឡានឱ្យសុីងលូ កាយវិការដៃស្និទ្ធស្នាលជាទីបំផុតដាក់នៅលើខ្នងរបស់នាង។ សុីងលូអង្គុយចូលទៅក្នុងឡាន នៅជ្រុងកន្ទុយកែវភ្នែកនាងម្ខាងឃើញសុឺជឹងឈុនកំពុងឈរនៅក្រោមដើមឈើលើចំហៀងផ្លូវដើរមួយនៅឯចិញ្ចើមផ្លូវទល់មុខ ខ្សែភ្នែកសម្លឹងមើលមកកាន់ទីនេះមិនដាក់។ រថយន្តមិនលឿនពេកមិនយឺតពេក បើកបរធ្វើដំណើរទៅកាន់ជម្រាលភ្នំ ចួនម្ដងម្ដាលសុីងលូនឹងងាកមកម្ខាង ផ្អែកលើស្មាដ៏ធំទូលាយរបស់បុរសនោះ ឱបរឹតក្រសោបដើមដៃរបស់គេយ៉ាងណែបនិត្យទន់ភ្លន់។ បន្ទាប់មករថយន្តក៏បានបើកបរចូលទៅចុះចតក្នុងចំណតរថយន្តរបស់សណ្ឋាគារលំដាប់មួយកន្លែងនៅលើជម្រាលភ្នំ។ សុីងលូនិងបុរសម្នាក់នោះចុះពីលើឡាន គេឱបត្រកងចង្កេះរបស់នាង ពួកគេទាំងពីរដើរបណ្ដើរគ្នាបណ្ដើរនិយាយលេងសើចនឹងគ្នាបណ្ដើរ ចុចប៉ូតុងជណ្តើរយន្តឡើងទៅជាន់ទីម្ភៃ។ នោះគឺជាបន្ទប់វីអាយភីមួយដែលមានបន្ទប់តូចបួនផ្សេងទៀត អាចគយគន់ឃើញទិដ្ឋភាពនាពេលរាត្រីទាំងមូលនៅលើកំពង់ផែកោះ Victoria។ នៅពេលដែលអ្នកទាំងពីរចូលទៅដល់ក្នុងបន្ទប់ ស្នាមញញឹមដ៏ផូផង់នៅលើផ្ទៃមុខរបស់សុីងលូក៏រលាយបាត់ទៅវិញភ្លែត។ នាងដកប្រាក់មួយបាច់ចេញពីក្នុងកាបូបរបស់នាងហុចទៅឱ្យបុរសម្នាក់នោះ ដោយមិនបញ្ចេញប្រតិកម្មអ្វីមកទាំងអស់និយាយថា៖ «នេះជារបស់លោក!» នាងក្រឡេកមើលទៅកាន់បន្ទប់មួយនៅឯម្ខាង «យប់នេះលោកទៅគេងនៅទីនោះចុះ ព្រឹកស្អែករង់ចាំពេលដែលខ្ញុំចាកចេញហើយ ទើបលោកអាចចេញទៅបាន» បុរសម្នាក់នោះទទួលយកប្រាក់ ឆ្លើយតបទៅវិញយ៉ាងរីករាយ៖ «ខ្ញុំដឹងហើយ! សូមអរគុណអ្នកនាងសុីង!» សុីងលូដើរចូលទៅក្នុងបន្ទប់គេងមួយទាញទ្វារបន្ទប់បិទ។ នាងមិនបានបើកភ្លើងទេ ពាក់អាវក្រៅជាប់ខ្លួនជាប់ផ្អែកទៅលើគ្រែ សំងំនៅអង្គុយដោយគ្មានចលនា។ នៅក្នុងបន្ទប់គេងមានដេគ័រស៊ុមបង្អួចរាបដល់ដី នាងអាចមើលឃើញពន្លឺនាពេលរាត្រីចម្រុះពណ៌រំលេចមកពីអាគារនៅពីចម្ងាយ។ តាំងពីតូចមក នាងតែងតែសុបិនចង់រស់នៅក្នុងបន្ទប់ប្រណីតបែបនេះ អាចគេងនៅលើគ្រែគេងសម្រាប់ព្រះនាងដែលគ្របដណ្ដប់ទៅដោយកម្រាលស្បៃសូត្រស្រទន់ នាងគិតថាបែបនោះនៅពេលយប់ នាងប្រាកដជាគេងលង់លក់យ៉ាងស្កប់ស្កល់។ ប៉ុន្តែបែរជាមិនថាយ៉ាងណា នៅក្នុងយប់មួយនោះនាងមិនអាចមានវិធីគេងលក់ឡើយ។ នាងដឹងថា បន្ទាប់ពីថ្ងៃស្អែកនេះតទៅ អ្វីៗគ្រប់យ៉ាងនឹងប្រែប្រួល។ . . . . . ព្រឹកថ្ងៃបន្ទាប់ នៅពេលដែលព្រះអាទិត្យរះចែងចាំងចូលមកក្នុងបន្ទប់ ដួងកែវភ្នែកដ៏មានមន្តស្នេហ៍ថ្លាឈ្វង់របស់នាងកាន់តែព្រិចធ្មេចមមើល។ សុីងលូសម្លឹងមើលទៅកាន់នាឡិកាដៃរបស់នាង ឃើញថា ម៉ោងដប់កន្លះព្រឹក។ នាងងើបក្រោកចុះពីលើគ្រែយឺតៗ អង្គុយចុះនៅមុខទូកញ្ចក់សម្អាង ពន្លឺភ្លើងអំពូលបំពាក់នៅជុំវិញទូកញ្ចក់រាងពងក្រពើ ភ្លឺបញ្ចាំងមកលើផ្ទៃមុខរបស់នាងចែងចាំង នាងកាន់ក្រាស់សិតសក់ឡើង សន្សឹមៗចាប់ផ្តើមសិតសក់របស់នាង។ នៅម៉ោងដប់មួយគត់ សុីងលូដើរចាកចេញពីក្នុងសណ្ឋាគារទាំងទឹកមុខសែនល្វើយ។ សក់ដ៏វែងរលាស់របស់នាងរំសាយចុះ នៅលើកំពកសក់ថែមទាំងនៅជាប់តំណក់ទឹកសន្សើម។ សុឺជឹងឈុនកំពុងឈរថ្មឹងនៅខាងមុខកាំជណ្តើរច្រកទ្វារធំសណ្ឋាគារ។ បីសប្តាហ៍កន្លងមកនេះ សុីងលូមិនបានឃើញមុខគេផ្ទាល់តទល់មុខនឹងគ្នាឡើយ គេស្គាំងស្គមបាក់កម្លាំង ទឹកមុខរបស់គេសស្លេកដូចក្រដាស កែវភ្នែករបស់គេពោរពេញទៅដោយសរសៃឈាមក្រហមឆេះ សក់ឡើងរញ៉េរញ៉ៃ ពុកមាត់ក៏មិនកោរ នៅលើខ្លួនរបស់គេថែមទាំងកំពុងនៅពាក់អាវឡែនដែលនាងចាក់ឱ្យគេ។ អាវចាក់មួយនេះកាលពីម្សិលម៉្ងៃត្រូវបានសើមជោកដោយសារទឹកភ្លៀង រីឯកាលពីម្សិលមិញនេះវិញត្រូវបានខ្យល់អាកាសរាត្រីបក់សម្ងួតថ្ងៃនេះវាក៏បានផ្លាស់ប្តូររូបរាង។ សម្លឹងមើលឃើញគេ សុីងលូហាក់ភ្ញាក់ស្រឡាំងកាំងសួរគេថា៖ «ហេតុអីបានជាលោកនៅទីនេះ?» បុរសដ៏គួរឱ្យអាណិតអាសូរនៅចំពោះមុខនាង មិនហ៊ានហាស្តីបន្ទោសនាងឡើយ។ បបូរមាត់គេរញីរញ័រ ព្យាយាមសួរថា៖ «គេជានរណា? អ្នកទាំងពីរ…កាលពីយប់មិញនៅជាមួយនឹងគ្នាមែនទេ?» កែវភ្នែកមូលក្លំធំៗរបស់សុីងលូសម្លឹងមើលទៅគេយ៉ាងដាច់ចិត្ត ឆ្លើយតបថា៖ «មែនហើយ!» ចម្លើយដែលប្រៀបបីដូចជាការប្រកាសកាត់ទោសប្រហារជីវិតមកលើរូបគេ។ សុឺជឹងឈុនសួរយ៉ាងឈឺចុកចាប់ថា៖ «ចាប់ផ្តើមតាំងពីពេលណា?» សុីងលូនិយាយយ៉ាងត្រជាក់ល្អូកថា៖ «លោកមិនចាំបាច់ដឹងទេ!» កែវភ្នែករបស់សុឺជឹងឈុនប្រែជាក្រហមងាំង និយាយថា៖ «តើនៅទីបញ្ចប់បងបានធ្វើអ្វីខុសទៅ? ហេតុអីបានជាបែបនេះ!» គេស្រាប់តែមានអារម្មណ៍ថាគេមិនធ្លាប់ស្គាល់មនុស្សស្រីដែលនៅចំពោះមុខគេម្នាក់នេះទេ នាងប្រែទៅជាគួរឱ្យខ្លាចរអា។ សុីងលូឆាបឆួលចិត្តនិយាយថា៖ «លោកមិនបានធ្វើអ្វីខុសឡើយ! តែខ្ញុំបានប្រាប់លោកហើយថាអ្វីដែលពួកយើងទាំងពីរចង់បានគឺមិនដូចគ្នាទេ! ខ្ញុំអាយុម្ភៃបីឆ្នាំហើយ ខ្ញុំមិនចង់រង់ចាំទៀតទេ! យុវវ័យរបស់នារីម្នាក់មានដែនកំណត់! តើលោកគិតថាក្រោយភ្លៀងធ្លាក់មេឃនឹងមានឥន្ទធនូ? តើលោកគិតថាសិល្បៈអាចយកទៅដោះដូរបាយហូបបានហ្អេស? ខ្ញុំមិនចង់ចំណាយពេលវេលាពាក់កណ្តាលជីវិតក្រោយរបស់ខ្ញុំរស់នៅជាមួយវិចិត្រករក្រីក្រម្នាក់នោះទេ! អាចនឹងមាននារីដទៃទៀតស្ម័គ្រចិត្ត ប៉ុន្តែមិនមែនជាខ្ញុំនោះឡើយ! របស់ដែលលោកគូរមកគឺគ្មានអ្នកណាចង់ទិញទេ! គំនូរដែលគ្មានអ្នកទិញគឺជាសំរាម!» សុឺជឹងឈុនស្រឡាំងកាំង គេភ្ញាក់ឱ្យព្រើតសម្លឹងមើលទៅកាន់ផ្ទៃមុខនាង ហើយនិយាយថា៖ «បងតែងតែគិតរហូតមកថាចិត្តអូនក៏ស្រលាញ់…» សុីងលូនហាមាត់កាត់សំដីរបស់គេ ប្រស្រីភ្នែកពណ៌ខ្មៅរបស់នាងសម្លឹងមកគេយ៉ាងត្រជាក់ល្អូក និយាយថា៖ «លោកគិតថាខ្ញុំក៏ស្រលាញ់រូបគំនូរទាំងនោះដែរមែនទេ? មែន! មានរូបខ្លះគូរមិនអន់ទេ! ក៏ប៉ុន្តែតើវាមានប្រយោជន៍អ្វី? តើលោកនៅតែគិតថាសង្គមនាពេលបច្ចុប្បន្ននេះនៅជាសង្គមយករបស់ដោះដូររបស់ទៀតហ្អេស? លោកអាចយករូបគំនូរទាំងនោះទៅដោះដូរបាយហូបបានហ្អេស! ទៅដោះដូរមកជាផ្ទះសម្បែងបានហ្អេស? មនុស្សលោករស់គ្មានគោលដៅជីវិតណាឱ្យពិតប្រាកដជាក់ស្ដែងទេ! លោកនិងខ្ញុំមិនដូចគ្នាឡើយ! ខ្ញុំនេះរស់នៅវេទនាឆ្អែតឆ្អន់ហើយ! ខ្ញុំមិនចង់រស់នៅដោយក្រីក្រលំបាកទៀតនោះទេ!» «នៅពេលដែលអូនស្គាល់បង បងគឺរស់នៅយ៉ាងហ្នឹងស្រាប់!» គេពោលបន្ទឺឡើង។ «ខ្ញុំធ្លាប់ព្យាយាមសាកល្បងដែរ! ប៉ុន្តែខ្ញុំធ្វើមិនបានទេ! ខ្ញុំមិនចង់នៅរង់ចាំរហូតដល់ក្លាយទៅជាផ្ការុះរោយរសាត់អស់ហើយទើបសោកស្តាយក្រោយ។ លោកអាចនៅតែបន្តគូរគំនូររបស់លោករហូតដល់អាយុប៉ែតសិបឆ្នាំ ប៉ុន្តែខ្ញុំមិនចង់រស់នៅក្នុងបន្ទប់ជួលដ៏កខ្វក់នោះរហូតដល់ស្លាប់នោះទេ! តើទីបញ្ចប់លោកមានយល់ទេ?» សុឺជឹងឈុនខ្លាចញញើតនាងនិយាយថា៖ «បងមិននឹកស្មានទេថាអូនគឺជាមនុស្សបែបហ្នឹង!» សុីងលូសម្លក់ខ្សែភ្នែកទៅគេហើយនិយាយថា៖ «សុឺជឹងឈុន! ខ្ញុំតាំងពីដើមមកគឺជាមនុស្សបែបហ្នឹងឯង គ្រាន់តែលោកមិនដឹងប៉ុណ្ណោះ!» នៅសុខៗខណៈនោះ នៅលើទឹកមុខរបស់គេក៏លែងបង្ហាញភាពទន់ខ្សោយទៀត។ នាងបានហែកចម្រៀកបេះដូងរបស់គេខ្ទេចខ្ទី ជាន់ឈ្លីលើកត្តិយសរបស់គេហ្មត់ ក៏ព្រោះតែរឿងទាំងអស់នោះ ផ្ទុយទៅវិញគេបែរជាប្រែជានឹងធឹងយ៉ាងខ្លាំង។ កែវភ្នែករបស់គេសម្លឹងមើលទៅនាងដោយសេចក្ដីចងកំហឹង ខឹងគុំគួនស្អប់ខ្ពើម ហាក់ដូចជាស្ទើរតែចង់លើកដៃឡើងជូនរង្វាន់នាងមួយកំផ្លៀង ទះឱ្យចាស់ដៃ។ សុីងលូភ្ញាក់ភ័យខ្លាចមួយរំពេច ខាំសង្កត់បបូរមាត់ ខំប្រឹងងើយមុខសម្លឹងមើលទៅគេ។ សុឺជឹងឈុនសន្សឹមៗនិយាយយ៉ាងត្រជាក់ស្រេងថា៖ «សុីងលូ! នាងគឺពិតជានារីមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺកែវភ្នែករបស់នាង ខ្ញុំមិនដែលធ្លាប់ឃើញកែវភ្នែកមនុស្សស្រីណាម្នាក់ភ្លឺថ្លានិងជ្រៅក្រឡង់បែបនេះទេ។ ក៏ប៉ុន្តែដួងជម្រៅចិត្តខាងក្នុងរបស់នាងបែរជាសែនងងឹតស្លុងនិងរាក់កំភែលយ៉ាងនេះ!» គេក្រឡេកមើលនាងដោយខ្សែភ្នែកមើលងាយ។ កែវភ្នែករបស់សុីងលូនៅតែបង្ខំបើកធំៗសម្លក់ទៅកាន់គេ និយាយយ៉ាងក្រអឺតក្រទម៖ «លោកត្មិះដៀលខ្ញុំចុះ! សុឺជឹងឈុន! ពួកយើងបានបញ្ចប់គ្នាហើយ!» នាងលើកដៃបក់ហៅឡានតាក់ស៊ីមួយគ្រឿង ដោយមិនងាកក្រោយ ចូលទៅអង្គុយនៅក្នុងឡានយ៉ាងលឿន។ ឡានបើកបរចាកចេញឆ្ងាយពីជម្រាលភ្នំ ចាកចេញឆ្ងាយពីស្រមោលខ្នងមួយ ក្បាលរបស់សុីងលូផ្អែកទៅលើបង្អួចកញ្ចក់ឡានតំណក់ទឹកភ្នែកសន្សឹមៗស្រក់ចុះរមៀលចេញពីត្របកភ្នែក។ នាងដឹងថានាងគ្មានថ្ងៃអាចវិលត្រលប់ក្រោយវិញទៀតទេ។ លុះនៅវេលាព្រឹកព្រលឹមមួយ បន្ទាប់ពីបីថ្ងៃក្រោយមក ឡានតាក់ស៊ីបានជូនដំណើរសុីងលូមកកាន់វីឡាចំណាស់ដ៏ធំស្កឹមស្កៃមួយ ទីតាំងឋិតនៅទល់មុខនឹងឆ្នេរសមុទ្រ “Shek O” ។ នៅលើកាំជណ្តើរមាត់ទ្វារធំខាងមុខ មានស្ត្រីចំណាស់ម្នាក់ស្លៀកពាក់ឈុតរ៉ូបវែងប្រពៃណីសៀងហៃពណ៌ប្រផេះដិតកំពុងឈរនៅទីនោះ នោះគឺជាស្ត្រីចំណាស់ម្នាក់មានរាងរៅស្លីមស្រស់ស្អាតបែបមនុស្សចាស់។ សក់របស់ស្ត្រីម្នាក់នោះបានប្រែជាស្កូវ ខ្នងត្រង់កោងចុះបន្តិច ផ្ទៃមុខជ្រីវជ្រួញពោរពេញទៅដោយភាពមុឺងម៉ាត់និងក្រអឺតក្រទម នារីបម្រើការនៅក្នុងផ្ទះពីរនាក់ស្លៀកពាក់ឯកសណ្ឋានរៀបរយឈរឱនក្បាលនៅពីក្រោយខ្នងរបស់គាត់ដោយក្ដីគោរពខ្លបខ្លាច។ នៅពេលដែលឃើញសុីងលូបោះជំហានឡើងលើកាំជណ្តើរ ស្ត្រីម្នាក់ចំណាស់នោះពោលទៅកាន់នាងដោយមិនបញ្ចេញអាកប្បកិរិយាអ្វីទាំងអស់ថា៖ «លោកស្រីសុឺ! កំពុងតែរង់ចាំនាងនៅខាងក្នុង» សុីងលូសង្កត់បបូរមាត់ជិតងក់ក្បាលចុះ រួចដើរតាមស្ត្រីម្នាក់នោះចូលទៅក្នុងវីឡាធំ។ ស្ត្រីម្នាក់នោះដើរនាំផ្លូវនៅពីមុខងើយក្បាលឡើងទៅខ្ពស់ ស្បែកជើងប៉ាក់រាបពណ៌ខ្មៅរបស់គាត់ជាន់នៅលើផ្ទៃកម្រាលឥដ្ឋការ៉ូថ្ម ចួនកាលបញ្ចេញនូវសូរសំឡេងសែនតូចបំផុត។ សុីងលូងើយផ្ទៃមុខសម្លឹងមើលទៅបរិវេណវីឡានេះទាំងមូល។ នេះជាលើកដំបូងដែលនាងបានមកកាន់ទីនេះ វីឡាដ៏សែនធំស្កឹមស្កៃនេះ នៅសុខៗស្រាប់តែធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួនឯងសែនតូចល្អិត ប្រៀបបីដូចជាកម្ទេចស្លឹកឈើប៉ើងធ្លាក់ចូលទៅក្នុងបឹងដ៏សែនជ្រៅគ្មានបាត។ ស្ត្រីចំណាស់ម្នាក់នោះបាននាំផ្លូវនាងទៅកាន់បន្ទប់សៀវភៅ។ ទ្វារបើកត្រដាងចេញមកភ្លែត សុីងលូក៏បានឃើញមនុស្សម្នាក់ស្លៀកពាក់នៅក្នុងឈុតរ៉ូបវែងប្រពៃណីសៀងហៃពណ៌បៃតងគុជ ជាមួយរូបរាងសែនទន់ភ្លន់ឈរបែរខ្នងដាក់នាង ស្ត្រីម្នាក់នោះកំពុងតែឈរនៅមុខជ្រុងបង្អួចកញ្ចក់ដ៏ធំមួយក្រសែភ្នែកបែរមុខឆ្ពោះទៅមាត់សមុទ្រ។ ស្ត្រីចំណាស់នៅក្បែរខ្លួនសុីងលូឱនលំទោនខ្លួនទៅកាន់ផែនខ្នងមនុស្សម្នាក់នោះយ៉ាងជាទីគោរពប្រតិព័ទ្ធ សំឡេងរបស់ស្ត្រីចំណាស់ពោរពេញទៅដោយមនោសញ្ចេតនាទន់ភ្លន់បន្លឺឡើង៖ «លោកស្រីសុ! អ្នកនាងស៊ីងបានមកដល់ហើយ» ស្រមោលខ្នងនោះក៏លើកដៃឡើងបន្តិចជាសញ្ញាបង្គាប់ឱ្យស្ត្រីចំណាស់ចាកចេញ។ ស្ត្រីចំណាស់នោះសន្សឹមៗដើរថយខ្នងទៅក្រោយរួចបែរខ្លួនចាកចេញទៅ ដៃទាញទ្វារបិទថ្នមៗដោយទុកឱ្យសុីងលូនៅតែម្នាក់ឯង។ នៅពេលដែលផែនខ្នងនោះបែរមកក្រោយយឺតៗ ខណៈពេលនោះនាងហាក់បីដូចជាកំពុងធ្លាក់ចូលទៅក្នុងការសញ្ជឹងគិត។ លោកស្រីសុឺបច្ចុប្បន្នមានវ័យជាងហាសិបឆ្នាំ ព្រោះតែមើលថែទាំសម្រស់បានល្អ ហេតុនេះទើបរូបរាងរបស់គាត់គឺនៅវ័យក្មេងជាងអាយុពិតច្រើន សក់ដែលស្កូវលាបប្រែជាពណ៌ខ្មៅចងបួងឡើងខ្ពស់នៅខាងក្រោយក្បាល រ៉ូបវែងប្រពៃណីសៀងហៃនៅលើដងខ្លួនត្រូវបានច្នៃកាត់ដេរយ៉ាងប្រណីត។ នៅលើជើងពាក់ស្បែកជើងកែងមួយគូពណ៌ទឹកឃ្មុំ នៅកដៃខាងស្តាំពាក់កងដៃគុជថ្មពណ៌បៃតងថ្លា។ គាត់មានកែវភ្នែកពណ៌ខ្មៅភ្លឺស្រទន់ស័ក្តិសមនឹងទម្រង់ចង្កាដែលទូលទឹកមុខមុឺងម៉ាត់និងភាពនឹងនររបស់គាត់។ ផ្ទៃមុខនេះអាចមើលទៅសែនទន់ភ្លន់ ប៉ុន្តែក៏អាចមើលទៅសែនត្រជាក់ល្អូកផងដែរ នៅក្នុងខណៈពេលនេះ ទឹកមុខរបស់គាត់គឺខណ្ឌកាត់នៅចំកណ្ដាលព្រំដែនរវាងចំណុចទាំងពីរនោះ។ លោកស្រីសុឺសង្កេតមើលសុីងលូមួយសន្ទុះ បន្ទាប់គាត់ក៏ប្រកាន់ជំហរនិយាយថា៖ «សូមអញ្ជើញអង្គុយ! អ្នកនាងសុីង» សុីងលូនៅតែឈរនឹងថ្មឹងដូចដើម នាងឆ្លើយតប៖ «មិនចាំបាច់ទេ!» នៅលើផ្ទៃមុខលោកស្រីសុឺរំលេចស្នាមញញឹមដិតដាមមួយឡើងមក និយាយថា៖ «នាងធ្វើបានល្អណាស់! អរគុណ!» កែវភ្នែកលឿងស្លក់របស់សុីងលូសម្លឹងមើលទៅគាត់ និយាយដោយស្ទាក់ស្ទើរ៖ «តើពេលនេះគាត់យ៉ាងម៉េចទៅហើយ?» លោកស្រីសុឺនិយាយថា៖ «អរគុណចំពោះការព្រួយបារម្ភរបស់នាង» សុីងលូបានយល់ អត្ថន័យនៅក្នុងសំដីទាំងនេះគឺ៖ “វាមិនពាក់ព័ន្ធនឹងនាងទេ នាងមិនចាំបាច់ត្រូវដឹង!” នាងក៏សួរបន្តទៀត៖ «ម្ដេចបានជាឈ្មួញកណ្ដាលទាំងឡាយមិនទទួលទិញគំនូររបស់គាត់? គឺលោកស្រីជាអ្នកធ្វើមែនទេ?» លោកស្រីសុឺគ្រាន់តែនិយាយថា៖ «ប្រាក់អាចទិញបាននូវអ្វីៗជាច្រើន» សុីងលូស្រាប់តែភ្ញាក់ដឹងខ្លួន រូបគំនូរដែលសុឺជឹងឈុនគូរ គឺគ្មានថ្ងៃមានឈ្មួញណាម្នាក់ហ៊ានទិញឡើយ។ នាងឈរស្ងៀមថ្មឹងនៅត្រង់នោះ មិនសួរអ្វីបន្ថែមទៀត។ លោកស្រីសុឺកាន់កាតធនាគារនៅលើតុឡើង ហុចឱ្យទៅសុីងលូ និយាយថា៖ «នេះគឺជាប្រាក់កម្រៃរបស់នាង» សុីងលូមិនឈោងដៃចេញទៅទទួលទេ។ នាងខាំសង្កត់ធ្មេញនិយាយថា៖ «ខ្ញុំសូមបោះបង់!» ទឹកមុខរបស់លោកស្រីសុឺបង្ហាញសេចក្ដីភ្ញាក់ផ្អើលបន្តិច គាត់សម្លឹងមើលទៅសុីងលូ វាយតម្លៃលើនាងដោយស្ងៀមស្ងាត់ ហាក់មានមន្ទិលលើនាង ចង់ដឹងថាតើនៅទីបញ្ចប់នាងចង់បានអ្វីឱ្យពិតប្រាកដ។ សុីងលូប្រមូលភាពក្លាហានទាំងអស់និយាយថា៖ «ខ្ញុំបានស្រលាញ់គាត់ហើយ!» លោកស្រីសុឺមិននិយាយអ្វី ភាពស្ងៀមស្ងាត់របស់គាត់ធ្វើឱ្យសុីងលូមើលឃើញពន្លឺនៃក្តីសង្ឃឹម។ ចង្វាក់បេះដូងរបស់នាងលោតដុកដាក់ៗ កែវភ្នែកធំៗពោរពោញទៅដោយសេចក្ដីអន្ទះសាឥតថ្លឹងថ្លែង ខំព្យាយាមសម្លឹងចាប់រកតម្រុយណាមួយនៅលើផ្ទៃមុខរបស់លោកស្រីសុឺ។ នៅលើផ្ទៃមុខរបស់លោកស្រីសុឺមិនបញ្ចេញប្រតិកម្មអ្វីពិសេសទាំងអស់។ គាត់សម្លឹងមើលទៅសុីងលូ សន្សឹមៗនិយាយថា៖ «ប៉ុន្តែនាងស្រលាញ់ប្រាក់ច្រើនជាង!» សុីងលូមិនមានពាក្យអ្វីអាចបដិសេធបាន។ លោកស្រីសុឺហុចកាតទៅចំពោះមុខនាង ហើយនិយាយយ៉ាងត្រជាក់ល្អូកថា៖ «ប្រាក់ដប់លានអាចធ្វើបាននូវរឿងជាច្រើន នាងរាប់ចំនួនតួលេខមើលទៅ» សុីងលូហាក់រំជួលចិត្តឡើងនិយាយថា៖ «លោកស្រីមិនយល់ពីកូនប្រុសរបស់លោកស្រីទាល់តែសោះ!» គាត់សួរបកទៅវិញ៖ «តើពិបាកយល់ដល់ថ្នាក់នាងអាចយល់ច្រើនជាជាងខ្ញុំហ្អេស?» សុីងលូនិយាយថា៖ «បើសិនជាលោកស្រីពិតជាស្រលាញ់គាត់ដូចដែលលោកស្រីនិយាយមែន លោកស្រីមិនសមណាធ្វើចំពោះគាត់បែបនេះនោះទេ!» លោកស្រីសុឺនិយាយយ៉ាងធម្មតាថា៖ «នាងក៏ដូចជាខ្ញុំដែរប៉ុណ្ណោះ» សុីងលូទាល់ពាក្យសំដីនឹងឆ្លើយ។ ម្តាយរបស់សុឺជឹងឈុននិយាយត្រូវ បើនាងពិតជាស្រលាញ់គេដូចដែលនាងគិតមែននោះ នាងគួរតែបញ្ឈប់តាំងពីយូរមកម៉្លេះ ហេតុអ្វីបានជានាងនៅតែបន្តប្រព្រឹត្តិរហូតមកទល់ពេលនេះ? ហេតុអ្វីបានជានាងមិននិយាយប្រាប់គេដោយស្មោះត្រង់ទៅ? ប្រហែលជាគេអាចនឹងជឿជាក់នាង។ គេនៅតែអាចបន្តធ្វើជាវិចិត្រករក្រីក្រម្នាក់ មនុស្សទាំងពីរនៅតែអាចបន្តជីវភាពរស់នៅដោយសាមញ្ញ។ ប៉ុន្តែមានតែមេឃទេទើបដឹងថាតើនៅទីបញ្ចប់ព្រោះតែហេតុអ្វី រូបនាងមិនចង់បញ្ឈប់វាទាល់តែសោះ។ ហេតុនេះ នាងក៏ទទួលយកកាតពីក្នុងដៃម្តាយរបស់សុឺជឹងឈុន។ ———- «ខ្ញុំសង្ឃឹមថានាងអាចធ្វើតាមការសន្យា នៅក្នុងរយៈពេលមួយសប្តាហ៍ចាកចេញពីហុងកុង» លោកស្រីសុឺពោលឡើងថា៖ «អ្នកនាងសុីង! នាងកុំអាក់អន់ចិត្តអី! នេះជាកិច្ចការសំខាន់ ហេតុនេះពួកយើងត្រូវកត់សម្គាល់ឱ្យច្បាស់ថា នាងគឺជាជម្រើសដ៏ស័ក្តិសមបំផុត» សុីងលូខឹងចិត្តនិយាយថា៖ «ក៏ព្រោះតែខ្ញុំក្រ! ហេតុនេះទើបអ្នកគិតថា មិនថាអ្វីខ្ញុំក៏ព្រមធ្វើ?» លោកស្រីសុឺនិយាយដោយត្រជាក់ល្អូកថា៖ «គ្រប់យ៉ាងអាចទិញបានដោយប្រាក់ ក៏អាចលក់បានដែរ» សុីងលូមានអារម្មណ៍ថាស្ត្រីនៅចំពោះមុខនាងម្នាក់នេះកំពុងតែប្រមាថនាង។ នាងឱបក្ដីក្រែងខ្មាសនិយាយថា៖ «រឿងបែបហ្នឹងខ្ញុំនឹងមិនធ្វើទេ!» «យកល្អពួកយើងគួរពិភាក្សាគ្នារឿងប្រាក់កម្រៃជាមុនសិនទៅ!» លោកស្រីសុឺនិយាយថា៖ «ក្រោយពេលកិច្ចការជោគជ័យ នាងនឹងទទួលបានប្រាក់ដប់លាន!» សុីងលូរន្ធត់ចិត្តឡើងរឹងខ្លួនឆ្កឹង។ នាងបើកភ្នែកធំៗសម្លឹងមើលទៅលោកស្រីសុឺ។ នាងស្ទើរតែមិនជឿលើត្រចៀករបស់នាង។ លោកស្រីសុឺនិយាយដោយត្រង់ៗថា៖ «អ្នកនាងសុីង! ខ្ញុំរីករាយដែលនាងជួយដល់ខ្ញុំនៅក្នុងរឿងនេះ។ ឯម្យ៉ាងទៀត កូនប្រុសរបស់ខ្ញុំមានរូបរាងក៏មិនអន់ដែរ។ នាងមិនចាំបាច់ទទួលយកសំណើរបស់ខ្ញុំឥឡូវនេះទេ នៅក្នុងរយៈពេលបីថ្ងៃ ខ្ញុំនឹងរង់ចាំចម្លើយពីនាង» សុីងលូមិនអស់ចិត្តនៅតែសួរថា៖ «ហេតុអីក៏ជាខ្ញុំ?» លោកស្រីសុឺឆ្លើយតបថា៖ «ខ្ញុំអាចរកបានមនុស្សស្រីដែលរឹតតែស្អាតជាងនាង ក៏ប៉ុន្តែនាងទើបជាប្រភេទនារីដែលកូនប្រុសរបស់ខ្ញុំពេញចិត្ត។ បានចួបនាងនៅថ្ងៃនេះ ខ្ញុំក៏កាន់តែជឿជាក់ថាខ្ញុំនឹងមិនជ្រើសរើសខុសនោះទេ។ អ្នកនាងសុីង! នាងនៅក្មេងយ៉ាងនេះ ប្រាក់ដប់លានអាចធ្វើបាននូវរឿងជាច្រើន។ នាងគិតឱ្យបានហ្មត់ចត់ទៅ» សុីងលូក៏មិនបានទទួលយកសំណើរភ្លាមៗនោះឡើយ បន្ទាប់ពីចាកចេញពីក្នុងវីឡានោះ នាងបានបញ្ឈប់ជើងនៅមុខហាងលក់សៀវភៅមួយកន្លែងឈានចូលទៅទិញសៀវភៅមួយក្បាល “ជីវប្រវត្តិរបស់លោកសុឺជាសុឹង”។ នៅក្នុងយប់នោះ នាងបានអានសៀវភៅមួយក្បាលនោះ។ សុឺជាសុឹងមានទ្រព្យសម្បត្តិមហាសាលច្រើនជាងការគិតរបស់នាងទៅទៀត។ នៅពេលលោកនៅមានជីវិត លោកគឺជាមហាសេដ្ឋីឈរលំដាប់នាំមុខនៅក្នុងចំណោមកំពូលស្តេចកប៉ាល់ធំជាងគេទាំងដប់នៅលើពិភពលោក គឺជាលោកថៅកែធំក្ដោបក្ដាប់លើវិស័យដឹកជញ្ជូនដែនសមុទ្រ ក្រៅពីនោះនៅមានមុខជំនួញខាងវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង វិនិយោគទុន និងអចលនទ្រព្យ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស ព្រះមហាក្សត្រីប្រទេសអង់គ្លេស ព្រះចៅអធិរាជជប៉ុន គឺសុទ្ធតែជាមិត្តរបស់លោក លោកអាចខលទូរសព្ទដោយផ្ទាល់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាភ្ញៀវញឹកញាប់របស់ “10 Downing Street” (លំនៅឋាននាយករដ្ឋមន្រ្តីអង់គ្លេស)។ រីឯភរិយារបស់លោក គូវិនហ្វាង អ្នកគឺជាសិស្សប្អូនស្រីរបស់លោកកាលគ្រាដែលលោកកំពុងនៅសិក្សា អ្នកទាំងពីររួមរស់ជាមួយនឹងគ្នាយ៉ាងមានសុភមង្គល ពួកគាត់មានកូនប្រុសម្នាក់។ នៅក្នុងសៀវភៅថែមទាំងមានរូបថតដែលសុឺជឹងឈុនថតរួមគ្នាជាមួយនឹងឪពុកម្តាយរបស់គេកាលពីគេនៅតូច។ លោកស្រីសុឺមិនកុហកនាងទេ សុឺជឹងឈុនគឺមិនត្រឹមតែមានរូបរាងមិនអន់ទេ ថែមទាំងនៅពេលធំដឹងក្ដីឡើង ប្រែក្លាយជាសុភាពបុរសស្រស់សង្ហាឥតទាស់។ សុីងលូដាក់សៀវភៅចុះ ខួរក្បាលរបស់នាងកាន់តែនឹកគិត ចិត្តរបស់នាងកាន់តែជ្រួយច្របល់។ ប្រាក់ដប់លាន… មានស្ត្រីម្នាក់ឱ្យប្រាក់នាងដប់លាន ចង់ឱ្យនាងតាមស្រលាញ់កូនប្រុសរបស់គាត់ បន្ទាប់មកទាត់គេចោល។ នាងមិនមែនកំពុងតែយល់សប្តិទេមែនទេ? មានប្រាក់ដប់លាននោះ នាងអាចធ្វើនូវអ្វីដែលនាងចង់ធ្វើ។ នាងចង់បានប្រាក់ទាំងនោះ។ នៅថ្ងៃទីបី នាងបានខលទូរសព្ទទៅកាន់លោកស្រីសុឺ។ «ខ្ញុំទទួលសំណើរ!» នាងនិយាយដោយភាពតានតឹងបន្តិច។ លោកស្រីសុឺរីករាយនិយាយថា៖ «ពិតជាអរគុណណាស់! លីងសុិនជាក្មួយប្រុសរបស់អ្នកមីងលីង ដែលជាមេការផ្ទះរបស់ខ្ញុំ អាចជឿទុកចិត្តលើគេបានទាំងស្រុង។ គេនឹងជួយដល់នាង ប្រសិនបើមានធុរៈអ្វី នាងអាចទៅរកគេឱ្យជួយ។ គ្រាន់តែ… ខ្ញុំរម្លឹកនាងទុក ប្រសិនបើកូនប្រុសរបស់ខ្ញុំដឹងពីគម្រោងការមួយនេះចេញពីនាង ដល់ពេលនោះ ខ្ញុំប្រាកដជាមិនទទួលស្គាល់ឡើយ» សុីងលូភិតភ័យក្នុងពោះនិយាយថា៖ «លោកស្រីសុឺ! ចុះបើគាត់មិនស្រលាញ់ខ្ញុំទេគិតយ៉ាងម៉េច?» លោកស្រីសុឺឆ្លើយតបដោយខ្លីថា៖ «នាងត្រូវតែរកវិធីធ្វើឱ្យគេស្រលាញ់នាងឱ្យទាល់តែបាន» រឿងអ្វីៗក៏ដំណើរការទៅមុខដោយបែបនោះ។ នៅក្នុងថ្ងៃបន្ទាប់ សុីងលូបានទទួលឯកសារទាក់ទងអំពីសុឺជឹងឈុនពីដៃលីងសុិន នៅខាងក្នុង ក្រៅពីមានរូបថតរបស់គេនោះ ថែមទាំងមានបញ្ជីរៀបរាប់លម្អិតអំពីចំណង់ចំណូលចិត្តរបស់គេ គេចូលចិត្តគូរគំនូរ ចូលចិត្តស្តាប់តន្ត្រី ចូលចិត្តអានសៀវភៅ ចូលចិត្តអាហារបង្អែម ឧទាហរណ៍ដូចជា គេចូលចិត្តអាហារផ្អែមនិងជាពិសេសគឺស្ករសូកូឡា។ ជារៀងរាល់ថ្ងៃ គេតែងតែទៅ Coffee Shop នៅក្បែរផ្ទះជួលផឹកកាហ្វេមួយពែង។ ព្រោះតែហេតុនេះ បុគ្គលិកស្រីដែលធ្លាប់បម្រើការនៅក្នុង Coffee Shop នោះនៅសុខៗក៏ត្រូវបានហាងបញ្ឈប់។ លីងសុិនបានរៀបចំឱ្យសុីងលូចូលធ្វើការជំនួសកន្លែងមនុស្សស្រីម្នាក់នោះ។ កាលនោះ ចំពោះអ្នកមានប្រាក់ សុីងលូមានការមើលងាយនិងសែនស្អប់ខ្ពើមជាខ្លាំង។ នៅពេលដែលបានមើលឃើញសុឺជឹងឈុនជាលើកដំបូងនៅ Coffee Shop នាងនឹកគិតនៅក្នុងចិត្តថា៖«មនុស្សប្រភេទនេះអាចរស់នៅក្នុងភាពទីទាល់ខ្វះខាតបានដែរហ្អេស? ប្រហែលជាឯងនៅមិនទាន់ទាត់គេចោលផង គេមិនអាចស៊ូទ្រាំបានក៏រត់ត្រលប់ទៅផ្ទះវិញបាត់ទៅហើយ!» នៅពេលដែលនាងនៅមិនទាន់បានឃើញគំនូរដែលសុឺជឹងឈុនគូរនៅឡើយ នាងនៅគិតថាពួកប្រភេទកូនប្រុសអ្នកមានរស់នៅចាំទំរើសដូចជាគេនេះតើអាចគូរគំនូរបានល្អកម្រិតណាទៅ? ប៉ុន្តែនាងបានគិតខុសទាំស្រុង។ គេគឺជាអ្នកមានទេពកោសល្យកំពូលលើសអ្នកដទៃ។ គេក៏មិនមែនជាពួកប្រភេទកូនប្រុសអ្នកមានរស់នៅចាំទម្រើសដូចដែលនាងគិតនោះទេ។ គេគឺជាមនុស្សល្អម្នាក់។ គេអាចស៊ូទ្រាំនឹងការលំបាកបាន។ នាងគិតថានាងអាចជាមនុស្សដាច់ចិត្តដាច់ធម៌មេត្តាម្នាក់ បេះដូងរបស់នាងបានស្លាប់ជាយូរមកហើយ សូម្បីតែសេចក្ដីស្នេហានិងរូបកាយរបស់នាងក៏អាចលក់បានដែរ តែបែរជាមិននឹកស្មានថានាងមានបំណងចង់ធ្វើឱ្យសុឺជឹងឈុនស្រលាញ់ខ្លួនឯងងប់ងុល ប៉ុន្តែផ្ទុយទៅវិញនាងបែរជាមកស្រលាញ់គេយ៉ាងជ្រាលជ្រៅ ប្រៀបដូចជាឃាតករសុីឈ្មួលម្នាក់លង់ស្រលាញ់មនុស្សដែលខ្លួនត្រូវសម្លាប់។ តាំងពីដើមមក មិនធ្លាប់មានបុរសណាម្នាក់ស្រលាញ់នាងដូចជាសុឺជឹងឈុនឡើយ គេបានព្យាបាលផ្សះផ្សារបួសនៅក្នុងបេះដូងរបស់នាង ប៉ុន្តែគេក៏បែរគឺជាមនុស្សតែម្នាក់គត់ដែលនាងបានក្បត់។ លើសពីនេះ នៅគ្រាចុងក្រោយបង្អស់ នាងបានពឹងពាក់លីងសុិនឱ្យជួយរកតារាម៉ូដែលប្រុសនិងជួលបន្ទប់សណ្ឋាគារប្រណីត រួមគ្នាសម្ដែងឆាកល្ខោនផងលេងសើចផង ធ្វើបាបចិត្តរបស់គេឱ្យរងរបួសយ៉ាងដំណំ។ សុឺជឹងឈុនមួយជីវិតនេះនឹងមិនអភ័យទោសឱ្យនាងឡើយ។.

ភាគទី បញ្ចប់: សន្សើមព្រឹក (ភាគបញ្ចប់)

រដូវរងានៅក្នុងទីក្រុងឡុងដ៍ត្រជាក់ដល់ឆ្អឹងនិងសំណើមអួអាប់។ សុីងលូនឹករឭកដល់គ្រាដែលនាងបានមកកាន់ទីកន្លែងនេះជាលើកដំបូងពេលនាងមានអាយុប្រាំបួនឆ្នាំ ឪពុករបស់នាងបានប្រាប់នាងថា៖ «កូននឹងស្រលាញ់ទីក្រុងឡុងដ៍ ប៉ុន្តែកូននឹងមុខជាមិនចូលចិត្តអាកាសធាតុនៅទីនោះឡើយ» កាលនោះ ហេតុអីបានជានាងមិនជឿគាត់? នាងធ្លាប់គិតថា នៅពេលដែលនាងមានប្រាក់យ៉ាងច្រើនៗ នាងនឹងមុខជាសប្បាយរីករាយយ៉ាងខ្លាំង រាល់អ្វីទាំងអស់ដែលនាងធ្លាប់ប៉ងប្រាថ្នាពីមុន ឥឡូវនេះនាងអាចទទួលបានហើយ។ ប៉ុន្តែមកដល់ទីក្រុងឡុងដ៍បានមួយឆ្នាំ កន្លែងដែលនាងស្នាក់គឺត្រឹមបន្ទប់តូចមួយនៅក្នុងផ្ទះជួល។ នាងបានកាត់សក់ដ៏វែងរបស់នាងចោលអស់ សម្លៀកបំពាក់ដែលនាងស្លៀកពាក់ឥឡូវនេះគឺថោកជាងនៅពេលដែលនាងរស់នៅហុងកុងទៅទៀត ជីវភាពកាន់តែដុនដាបជាងពីមុន។ នាងមិនដាច់ចិត្តចាយវាយប្រាក់នៅកុងធនាគារនោះឡើយ មិនមែនដោយសារតែនាងវាយឫកឆ្មើងឆ្មៃអ្វីទេ ប៉ុន្តែនាងបានចាត់ទុកវាគឺជាដិតដាមអនុស្សាវរីដែលធ្វើជាទាសករស្នេហានោះ។ នៅពេលដែលនាងចាកចេញពីហុងកុងកាលពីមួយឆ្នាំមុន នាងទៅដោយប្រញាប់ប្រញាល់ និយាយទៅកាន់មុីងជូថា៖ «ខ្ញុំទៅដល់ទីនោះនឹងទាក់ទងទៅឯងតាមក្រោយ» នៅថ្ងៃចាកចេញរបស់នាងនោះ មានមនុស្សដឹកជញ្ជូនព្យាណូខ្មៅខ្នាតកណ្ដាលមួយគ្រឿងមកកាន់ក្នុងបន្ទប់ជួលរបស់ពួកគេ។ នោះជាអំណោយដែលនាងបានរៀបចំដោយស្ងាត់ៗសម្រាប់មុីងជូ។ កាលដែលនៅរៀនក្នុងសាលា ពួកគេទាំងពីរតែងតែលួចស្ងើចសរសើរក្មេងស្រីដទៃទៀតអង្គុយដេញទំនុកភ្លេងនៅលើភីងព្យាណូយ៉ាងក្រអឺតក្រទមនៅចំពោះមុខពួកគេ។ មុីងជូទួញសោកជារឿយៗថានាងក៏ចង់បានព្យាណូមួយនឹងគេដែរ។ កន្លងផុតជាច្រើនឆ្នាំ ទីបំផុតនាងក៏ទទួលបានវា។ ឥឡូវនេះ សុីងលូចួនកាលនឹងសរសេរសំបុត្រផ្ញើទៅកាន់មុីងជូម្តងម្កាល នៅក្នុងសំបុត្រនាងបានរម្លឹកអំពីអតីតកាលរបស់ពួកនាងទាំងពីរនាក់បន្តិចម្តងៗ។ ចំណុចនេះគឺខុសឆ្ងាយពីរូបនាងកាលពីមុនទាំងស្រុងដែលជាមនុស្សស្ងប់ស្ងាត់និងមានមន្ទិលបិទបាំងជាច្រើន ក៏ប្រហែលជាដោយសារតែនាងមានទុក្ខកង្វល់ដែលលាក់កប់ទុកនៅក្នុងដួងចិត្តច្រើនពេក ឬក៏ព្រោះតែនាងដឹងថា នាងនឹងមិនអាចវិលត្រលប់ទៅទីនោះវិញបានទៀតទេ ពួកគេទាំងពីរឋិតនៅដាច់ឆ្ងាយគ្នាយ៉ាងនេះ តែផ្ទុយទៅវិញនោះ បែរជាធ្វើឱ្យពួកគេកាន់តែស្និទ្ធស្នាលជាងកាលពីមុន ពួកគេទាំងពីរបានយករឿងអាថ៌កំបាំងរៀងៗខ្លួននិយាយប្រាប់គ្នាទៅវិញទៅមក ហើយក៏បង្ខំឱ្យម្នាក់ៗស្បថស្បែថា មិនថាទោះបីមានរឿងអ្វីកើតឡើង ក៏មិនអាចនិយាយចេញមកជាដាច់ខាត។ ពេលវេលាមិនបានលុបបំបាត់រឿងអតីតកាលនោះឡើយ ជារៀងរាល់កណ្ដាលយប់អធ្រាត្រនៅពេលដែលនាងស្ទុះភ្ញាក់ពីដំណេកនៅលើគ្រែក្នុងបន្ទប់ជួលដ៏សែនតូចចង្អៀតនោះ នាងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងសែនឃ្លាតដាច់ទៅឆ្ងាយពីរូបនាង ហាក់បីដូចជានៅទីនេះមិនមែនជាកន្លែងរបស់នាងនោះឡើយ។ នាងបានទៅកាន់ “Caves City” នៅក្នុងរឿងព្រេងនិទាន ប៉ុន្តែនាងរកមិនឃើញចង្កៀងគោមពណ៌លឿងនិងរហាត់ទឹកធ្លាក់ទេ។ ផ្ទុយទៅវិញនោះ នាងមានអារម្មណ៍ថានាងគឺជាមនុស្សដែលត្រូវនិរទេសខ្លួនដ៏ឯកោបំផុត តែលតោលគ្មានទីបញ្ចប់។ ឈរសញ្ចឹងប្រឈមនៅចំពោះមុខដងទន្លេ “Thames” ដ៏ស្រស់ស្អាត សេចក្តីនឹកនាស្រុកកំណើតរបស់នាងរឹតកាន់តែកើនឡើង។ ជារៀងរាល់នៅពេលដែលពោះរបស់នាងមានអាការៈចាប់ផ្ដើមធ្វើទុក្ខឈឺម្ដងៗ នាងក៏តែងតែនឹកឃើញដល់រូបរាងដែលស៊ឺជឹងឈុនអៀវនាងឡើងកាំជណ្ដើរងងឹតស្លុងម្ដងមួយកាំៗនៅឯផ្ទះចាស់ថ្ងៃមួយនោះ គេបាននិយាយថា«ពួកយើងបង្កើតកូនម្នាក់ទៅ?» នោះគឺជាសេចក្ដីដ៏ឈឺចាប់បំផុតក្នុងដើមទ្រូងរបស់នាង។ នាងអាចនិយាយតាមត្រង់ជាមួយគេ ប៉ុន្តែនាងបែរជាមិនអាចធ្វើបាន។ ថ្ងៃមួយនៅក្នុងខែពីរ ការឈឺចុកចាប់ពេលមករដូវបានកន្លងផុតទៅ ប៉ុន្តែនាងនៅតែមានអារម្មណ៍ខ្សោយនិងអស់កម្លាំងជាខ្លាំង។ ពេលកំពុងរៀននៅក្នុងសាលា នាងបានដួលសន្លប់ មិត្តរួមថ្នាក់របស់នាងបានបញ្ជូននាំនាងទៅកាន់មន្ទីរពេទ្យនៅក្បែរសាលារៀន។ នៅទីនោះ លោកគ្រូពេទ្យវ័យចំណាស់ម្នាក់បានធ្វើការពិនិត្យយ៉ាងហ្មត់ចត់សម្រាប់នាង ដោយបង្គាប់នាងឱ្យវិលមកម្ដងទៀតនៅមួយសប្តាហ៍ក្រោយ។ មុនពេលរៀបចាកចេញទៅ លោកគ្រូពេទ្យបានសួរនាងថា៖ «នៅក្នុងគ្រួសាររបស់កញ្ញាមាននរណាម្នាក់ធ្លាប់មានជំងឺអ្វីធ្ងន់ធ្ងរទេ?» សុីងលូឆ្លើយតបថា៖ «លោកតារបស់ខ្ញុំមានជំងឺមហារីកគ្រាប់ឈាម» និយាយចប់ នាងខ្សត់ខ្សោយកម្លាំងធ្វើដំណើរចាកចេញពីក្នុងមន្ទីរពេទ្យ។ មួយសប្ដាហ៍កន្លងក្រោយមក ឋិតនៅក្នុងថ្ងៃដែលមានភ្លៀងសន្សើមធ្លាក់ នាងវិលត្រលប់ទៅកាន់មន្ទីរពេទ្យវិញ ក្រៅពីមើលទៅនៅតែទន់ខ្សោយបន្តិច នាងមានអារម្មណ៍ថាស្មារតីរបស់នាងល្អប្រសើរឡើងច្រើនណាស់។ លោកគ្រូពេទ្យម្នាក់នោះប្រកាសរបាយការណ៍ជំងឺប្រាប់នាងថា៖ «លទ្ធផលគឺជាជំងឺមហារីកគ្រាប់ឈាម កញ្ញាត្រូវរៀបចំខ្លួនសម្រាកមន្ទីរពេទ្យធ្វើការវះកាត់ឱ្យបានឆាប់បំផុត។ កញ្ញាអាចវិលត្រលប់ទៅវិញពិភាក្សាគ្នាជាមួយនឹងក្រុមគ្រួសារសិនទៅចុះ ថ្ងៃស្អែកខលមកមន្ទីរពេទ្យដើម្បីធ្វើការណាត់ពេលវេលាវះកាត់ ត្រូវតែឱ្យបានឆាប់បន្តិច!» សុីងលូត្រដាបត្រដួលដើរចេញពីក្នុងមន្ទីរពេទ្យ នៅក្នុងចិត្តរបស់នាងពោរពេញទៅដោយក្ដីកំហឹងខឹងស្អប់ចំពោះជីតារបស់នាងដែលបានស្លាប់ទៅ អំណោយបុណ្យណូអែលរបស់គាត់មួយជំហានម្ដងៗបាននាំនាងមកកាន់ទីកន្លែងនេះ ប៉ុន្តែតាមពិតទៅគឺមានបំណងចង់ប្រទានជំងឺតំណពូជនេះមកឱ្យនាងទេហ្អេស? លោកតាកញ្ចាស់អាត្មានិយមម្នាក់នោះ នាងសូម្បីតែរូបរាងរបស់គាត់ក៏មិននៅចងចាំអ្វីបន្តិចផង។ ផ្លូវវិលត្រលប់ទៅផ្ទះវិញស្រាប់តែវែងបន្លាយសែនឆ្ងាយ ប្រៀបហាក់បីដូចជាឋិតនៅឆ្ងាយរហូតដល់រាប់សតវត្សខ្មៅងងឹតសូន្យសុងនៅខាងមុខ។ ភ្លៀងសន្សើមបង្អុរធ្លាក់ស្រិចៗបានធ្វើឱ្យទទឹកសើមសម្លៀកបំពាក់របស់នាង។ នាងបានត្រលប់ទៅកាន់បន្ទប់ជួលវិញ បើកម៉ាសុីនកំដៅឡើង ទម្លាក់ខ្លួនគេងក្ដោបប្រាណយ៉ាងទន់ខ្សោយនៅលើសាឡុងពណ៌ក្រហមនៅក្នុងបន្ទប់។ សំឡេងភ្លៀងធ្លាក់នៅខាងក្រៅមាត់បង្អួចបន្តបន្ទាប់បន្លឺសូរសៀងនៅក្នុងត្រចៀករបស់នាង ហើយក៏សន្សឹមៗរសាត់បាត់ទៅក្នុងលម្ហទទេល្វឹង។ ប្រសិនបើនាងបានដឹងថានាងមានជំងឺនេះតាំងពីដើមមក តើនាងនឹងនៅតែអាចទទួលយកសំណើរលក់សេចក្ដីស្នេហារបស់នាងទៀតដែរឬទេ? នាងធ្លាប់ប្រាថ្នាចង់ស្លាប់បែបនេះក៏ប៉ុន្តែមិនអាចដូចក្ដីសមបំណង សេចក្ដីស្លាប់បែរជាឈានមករកនាងនៅពេលដែលនាងក្រឡាស់ដៃមិនទាន់ ប្រៀបដូចជាការដាក់ទោសទណ្ឌមួយ។ នាងពោលពាក្យជេរស្ដីទៅកាន់ព្រះជាម្ចាស់ បន្ទោសព្រេងវាសនាដែលអយុត្តិធម៌ចំពោះរូបនាង។ ឬមួយក៏នាងគួរណាតែអរគុណទៅដល់ព្រះជាម្ចាស់ដែលប្រទានប្រាក់ឱ្យនាងអាចមានលទ្ធភាពទៅព្យាបាលជំងឺ? នៅក្នុងខណៈពេលនោះ នៅខាងក្រៅទ្វារស្រាប់តែបន្លឺសំឡេងកណ្ដឹងរោទ៍។ នាងនឹកស្មានថាមច្ចរាជបានឈានមកដល់ ក៏ត្រដាបត្រដួលចេញទៅបើកទ្វារ។ ទ្វាររបើកចេញមកភ្លាម នាងភ្ញាក់ឱ្យព្រើត។ សុឺជឹងឈុនកំពុងតែឈរនៅខាងក្រៅមាត់ទ្វារ គេស្លៀកពាក់ឈុតក្រសេពណ៌ខៀវងងឹតស្អាតបាតត្រង់ផ្លី សក់ខ្លីសិតយ៉ាងរៀបរយ នៅលើផ្ទៃមុខថែមទាំងទុកពុកចង្កាបែបសុភាពបុរស។ ភាពទន់ភ្លន់ស្រស់បស់នៅលើទឹកមុខរបស់គេកន្លងមកនោះក៏លែងឃើញ ជំនួសមកវិញដោយភាពមុឺងម៉ាត់និងចាស់ទុំ។ សុឺជឹងឈុនហាមាត់និយាយឡើងមុនថា៖ «គឺមុីងជូប្រាប់ឱ្យខ្ញុំដឹងថានាងនៅទីនេះ។ តើខ្ញុំអាចចូលទៅក្នុងបានទេ?» សុីងលូងក់ៗក្បាលផ្ងក់ៗ ទុកឱ្យគេដើរចូលទៅក្នុងបន្ទប់។ នាងក្រឡេកភ្នែកមើលទៅតាមផែនខ្នងរបស់គេ នៅក្នុងជម្រៅបេះដូងដ៏សែនឈឺចុកចាប់រីករីងស្ងួត មួយរំពេចនោះរំញោចឡើងដួងពន្លឺនៃក្តីសង្ឃឹមនូវអ្វីដែលធ្លាប់បាត់បង់ទៅ តើមុីងជូបានប្រាប់រឿងទាំងឡាយឱ្យគេដឹងហើយមែនទេ? សុឺជឹងឈុនបែរខ្លួនមកក្រោយ និយាយថា៖ «មុនពេលខ្ញុំមកកាន់ទីក្រុងឡុងដ៍ ខ្ញុំចួបនឹងនាងដោយចៃដន្យនៅតាមផ្លូវ» បន្ទាប់មកគេក៏ក្រឡេកមើលជុំវិញបន្ទប់នៅក្នុងផ្ទះជួលតូចចង្អៀតនេះ ហើយសួរទៅនាងដោយមន្ទិលថា៖ «មិត្តប្រុសមានប្រាក់របស់នាងនោះនៅឯណា? គេមិននៅជាមួយនឹងនាងទេហ្អេស?» ដួងពន្លឺនៃក្តីសង្ឃឹមនោះទើបតែរំលេចឡើងបន្តិចក៏ស្រាប់តែរលត់បាត់ទៅវិញ។ សុីងលូប្រើដៃឆ្វេងរបស់នាងក្ដោបម្រាមដៃខាងស្តាំយ៉ាងជិត ម្រាមដៃខាងស្តាំរបស់នាងនៅតែពាក់ចិញ្ចៀនផ្កាកុលាបដែលគេធ្លាប់ជូនឱ្យនាង។ ក្រោយពេលដែលចែកផ្លូវគ្នា នាងក៏នៅតែពាក់ចិញ្ចៀននោះជាប់រហូតដដែល។ «មិនអាចឱ្យគេឃើញទេ!» នៅក្នុងចិត្តរបស់នាងនឹកគិត។ ពួកគេទាំងពីរនាក់នៅស្ងាត់ស្ងៀមអស់ជាយូរ ទីបំផុតសុឺជឹងឈុនក៏និយាយឡើងថា៖ «ខ្ញុំដើមឡើយគឺអាចផ្តល់ឱ្យនាងរាល់អ្វីៗគ្រប់យ៉ាងដែលនាងប៉ងចង់បាន» សុីងលូធ្វើពុតជាមិនយល់ និយាយថា៖ «ខ្ញុំមិនយល់ពីសំដីរបស់លោកទេ…» សុឺជឹងឈុនបោះជំហានដើរយឺតៗទៅកាន់មាត់បង្អួច ប្រព័ន្ធបំពង់កំដៅចាស់ទ្រុឌទ្រោមបន្លឺសូរសំឡេងតិចៗនៅក្រោមជើងរបស់គេ។ គេនិយាយថា៖ «នៅពេលដែលនាងស្គាល់ខ្ញុំ ខ្ញុំពិតជាសែនល្ងង់ខ្លៅណាស់ ចង់ក្លាយទៅជាវិចិត្រករម្នាក់ នឹកស្មានថានឹងមានមនុស្សស្រលាញ់ខ្ញុំដោយសុទ្ធចិត្ត នឹងមិនមែនមកពីខ្ញុំគឺជាមនុស្សមានសាវតាយ៉ាងណានោះទេ…» នៅក្នុងចិត្តរបស់សុីងលូទួញសោក៖«គេស្អប់ឯងខ្លាំងណាស់!» ប៉ុន្តែនាងបែរជ្រួញចិញ្ចើមដាក់គេបន្តិច ដោយធ្វើពុតជាស្ដាប់មិនយល់ថាគេចង់មានន័យអ្វី។ សុឺជឹងឈុននិយាយថា៖ «ពិតណាស់នាងប្រាកដជាមិនដឹងនោះទេ ដូច្នេះហើយមិនអាចបន្ទោសនាងបានទេ។ ខ្ញុំមានប្រាក់ច្រើនណាស់។ នាងនឹកស្មានមិនដល់មែនទេ?» សុីងលូខ្ជិបបបូរមាត់ជិតឈឹងមិននិយាយអ្វី។ នាងក្ដោបក្រសោបម្រាមដៃរបស់នាងកាន់តែណែន។ សុឺជឹងឈុនដៀងភ្នែកមើលទៅក្នុងបន្ទប់គេងដែលបើកទ្វារចំហចោល រួចបែរក្បាលមកសម្លឹងទៅមើលសុីងលូ ហើយសើចចំអន់ខ្លួនឯងថា៖ «កើតមកនៅក្នុងគ្រួសារមានទ្រព្យសម្បត្តិមហាសាលបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ហាក់ក្រែងខ្មាសបន្តិច ហាក់ដូចជាពួកយើងបានដណ្ដើមយកចំណែកដែលអ្នកដទៃគួរមាន ខ្ញុំថែមទាំងធ្លាប់គិតចង់បោះបង់ចំណែកទ្រព្យសម្បត្តិរបស់ខ្លួនឯង ចង់ធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត។ ដូចដែលនាងធ្លាប់និយាយអ៊ីចឹងថា បើទោះបីជាខ្ញុំក្រក៏ខ្ញុំនៅតែជាតារារស្មីភ្លឺស្រទន់មួយដួង» សុីងលូគ្រាន់តែនិយាយថា៖ «លោកលែងនៅគូរគំនូរទៀតហើយមែនទេ?» សុឺជឹងឈុនញាក់ស្មាព្រងើយ ឆ្លើយតបយ៉ាងត្រជាក់ល្អូកថា៖ «ពេលនេះខ្ញុំជាប់រវល់ខ្លាំងណាស់ គ្មានពេលវេលានោះទេ» គេនិយាយបន្តទៀតថា៖ «អរគុណនាងដែលធ្វើឱ្យខ្ញុំបានដឹងថា មានប្រាក់កាក់មិនមែនជាទោសកំហុសនោះទេ ប៉ុន្តែលោភលន់ប្រាក់កាក់ទើបជារឿងគួរឱ្យស្អប់ខ្ពើម» សុីងលូញ័រព្រឺខ្លួនទទ្រើកខាំសង្កត់បបូរមាត់ នាងនៅស្ងាត់ស្ងៀម ហើយមិននិយាយអ្វីទាំងអស់។ នាងបានយល់ គេមកកាន់ទីនេះមិនមែននៅមានមនោសញ្ចេតនាចំពោះនាងទេ ប៉ុន្តែគឺដើម្បីមកសងសឹកនាង។ សមមុខរបស់នាងហើយ។ ក្រោយពេលដែលសុឺជឹងឈុនចាកចេញទៅ សុីងលូអស់ក្ដីសង្ឃឹមដេកននៀលនៅលើគ្រែតូចចង្អៀតនៅក្នុងបន្ទប់ជួល ការឈឺចុកចាប់ក៏ធ្វើទុក្ខបុកម្ដេញនាងម្តងទៀត នាងមានអារម្មណ៍ថាពោះរបស់នាងរឹតណែន ឈឺជាងការឈឺចាប់ពេលមករដូវទៅទៀត។ នាងក្តៅស្អុះស្អាប់ ឈុតគេងពាក់នៅលើខ្លួនសើមញើសជោក ស្អិតប្រតាកជាប់ខ្នង ប្រៀបហាក់បីដូចជាកូនសត្វត្រចៀកកាំដ៏គួរឱ្យអាណិតអាសូរស្រក់ទឹកភ្នែកនៅពេលដែលធ្លាក់ចូលទៅក្នុងដីភក់ជ្រៅ។ នៅព្រឹកថ្ងៃបន្ទាប់ នាងខលទូរសព្ទទៅកាន់មន្ទីរពេទ្យ។ លោកគ្រូពេទ្យវ័យចំណាស់នោះ ទទួលទូរសព្ទសួរនាងថា៖ «តើកញ្ញាចង់ធ្វើការវះកាត់នៅពេលណា?» សុីងលូនិយាយថា៖ «នៅក្នុងសប្តាហ៍នេះបានទេ?» កាលពីយប់មិញ មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ សន្សើមអ័ព្ទក្រាស់ពណ៌ប្រផេះគ្របដណ្តប់ពាសលម្ហផ្ទៃមេឃទីក្រុងឡុងដ៍ទាំងមូល។ សុីងលូរៀបចំដាក់តាមខ្លួនសម្លៀកបំពាក់មួយចំនួន មុនពេលចេញទៅក្រៅមាត់ទ្វារ នាងបង់កន្សែងបង់កដែលមានសរសៃឆ្នូតៗពណ៌ក្រហមផ្លែសុដា និងនៅលើផ្ទៃកថែមទាំងមានតប់ម៉្សៅក្រអូប។ នោះគឺជាក្លិនផ្កាម្លិះ ក្លិនដែលតំណាងឱ្យសំណាងរបស់នាង។ នាងធ្វើដំណើរចាកចេញពីក្នុងផ្ទះជួល បំណងចង់ទៅកាន់ចំណតឡានក្រុងនៅទិសខាងកើត ក៏មិនដឹងមកពីហេតុអ្វីថ្ងៃនេះបែរជាមានមនុស្សយ៉ាងច្រើនកកស្ទះពេញ។ នាងក៏សម្រេចចិត្តដើរបត់កាត់ទៅច្រកផ្លូវមួយទៀតទៅកាន់ស្ថានីយរថភ្លើងក្រោមដី។ នាងដើរចូលទៅក្នុងច្រកផ្លូវតូចនៅទិសខាងលិចងងឹតស្លុបនិងស្ងាត់ជ្រងំ នៅលើផ្ទៃដីសុទ្ធតែជង្ហុកថ្លុកទឹកភក់ខ្មៅកខ្វក់ នាងក៏លោតហក់គន្លងយ៉ាងលឿន។ មួយខណៈដែលនាងហក់ទៅ រំពេចនោះក៏ស្រាប់តែមានដៃដ៏កខ្វក់មួយមិនដឹងចេញមកពីទីកន្លែងណា ស្ទុះស្រវាមកចាប់ដៃរបស់នាងយ៉ាងកំរោល។ មួយរំពេចភ្លាមៗនោះនាងក៏បែរក្បាលទៅក្រោយ សម្លឹងឃើញជនអនាថានៅតាមផ្លូវម្នាក់ សក់ក្បាលសំពីងសំពោង មនុស្សម្នាក់នោះស្រែកគំហកដាក់នាងយ៉ាងគួរខ្លាចថា៖ «ឱ្យប្រាក់មកយើង!» សុីងលូចង់រត់គេចចេញទៅ ក៏ប៉ុន្តែមនុស្សម្នាក់នោះក្ដោបជាប់កន្សែងបង់ករបស់នាងទាញកញ្ឆក់មកវិញ កូនកាំបិតមុតស្រួចមួយចាំងផ្លាតពន្លឺឡើង ផ្ជង់ទៅត្រង់ពោះរបស់នាង ទាញកញ្ឆក់កាបូបស្ពាយនៅលើស្មារបស់នាង។ នៅខណៈពេលនោះ នៅក្នុងកែវភ្នែករបស់គេកាន់តែរំញោចក្ដីលោភលន់ឡើង គេស្រែកចេញបញ្ជាថា៖ «ដោះចិញ្ចៀនឱ្យយើង! ឱ្យឆាប់ឡើង!» «ទេ!» សុីងលូអង្វរករ៖ «របស់នេះមិនអាចឱ្យទៅលោកបានទេ! ខ្ញុំសូមអង្វរលោក!» មនុស្សម្នាក់នោះមិនខ្វល់ពីនាង ក៏ស្ទុះទៅចាប់ក្របួចដៃនាងចង់ដោះចិញ្ចៀន សុីងលូប្រទាញប្រទង់ស្រែកថា៖ «ទេ! កុំយកចិញ្ចៀនរបស់ខ្ញុំអី! ខ្ញុំនឹងឱ្យប្រាក់លោក!» កូនកាំបិតតូចចាក់ទម្លុះចូលទៅក្នុងពោះរបស់នាងមួយជ្រួក ឈាមក្រហមស្រស់ធ្លាយចេញដូចទឹកហូរបាក់ទំនប់។ សុីងលូភិតភ័យស្លន់ស្លោប្រើដៃទប់សង្កត់លើមុខរបួស នាងចង់ចាកចេញពីច្រកផ្លូវតូចនេះ ប៉ុន្តែនាងប្រៀបដូចជាសត្វចាបត្រូវព្រួញបាញ់ ចាប់ផ្តើមវិលវល់ខ្ញាល់ រេរាជំហានជើងសន្សឹមៗបន្ទន់ជង្គង់ដួលចុះទៅ ទីបំផុតធ្លាក់ចូលទៅក្នុងជង្ហុកទឹកភក់កខ្វក់។ នាងចង់រស់… ពេញមួយជីវិតរបស់នាងពុះពារដើម្បីតែមុខមាត់ ប៉ុន្តែនៅថ្ងៃនេះ ទឹកភក់កខ្វក់បានជ្រាបសើមលើក្បាលសក់រញ៉េរញ៉ៃរបស់នាង នាងដេកស្ពឹកស្រពន់ខ្លួនមួយកន្លែងនៅត្រង់ទីនោះ រាងកាយទាំងមូលញាក់ញ័រទទ្រើក ឈាមក្រហមហូរចេញពីក្នុងពោះនាងលាតបន្លាយដល់កែងជើង។ នាងធុំក្លិនចម្អាបឈាម ក្លិនមួយនោះប្រៀបបីដូចជាធូលីដីភក់។ នាងភ្លឹកភ្នែកសម្លឹងមើលឆ្ពោះទៅត្រង់ផ្ទៃមេឃនៅពីខាងលើក្បាល សន្សើមអ័ព្ទខ្មៅងងឹត មិនដឹងថាជាតំណក់ទឹកសន្សើមព្រឹក ឬក៏ជាតំណក់ទឹកភ្លៀងទេ មានប៉ុន្មានតំណក់ចាប់ផ្តើមបង្អុរធ្លាក់ចុះស្រិចៗមកលើដួងជម្រៅកែវភ្នែកភ្លឺថ្លារបស់នាងដែលធ្លាប់តែងតែប៉ងលោភលន់ប្រាថ្នាលើទ្រព្យសម្បត្តិនិងភាពថ្កុំថ្កើនទាំងឡាយនៅក្នុងលោកនេះ បបូរមាត់របស់នាងសន្សឹមៗរហើបឡើង ក៏ព្រោះតែសែនសោកស្តាយក្រោយហើយក៏ព្រោះតែកំពុងទ្រហោយំ បន្ទាប់មកនាងអង្អែលដៃទៅលើដើមទ្រូងដែលធ្លាប់ស្រលាញ់នរណាម្នាក់ខ្លាំងនោះជាមួយម្រាមដៃដែលពាក់ចិញ្ជៀនពេជ្រ នៅចុងក្រោយបង្អស់ញាក់កន្ត្រាក់ទៅលើកែងជើង ជើងទាំងគូដែលធ្លាប់ឈរកៀកជិតនឹងសុភមង្គលនោះ។ នាងនឹកឃើញនៅថ្ងៃដែលស៊ឺជឹងឈុនអៀវនាងឡើងកាំជណ្ដើរងងឹតស្លុងមួយកាំៗ គេបាននិយាយថាៈ “ពួកយើងបង្កើតកូនម្នាក់ទៅ!” នាងក៏នឹកឃើញនៅថ្ងៃដែលនាងនិងគេនៅក្បែរគ្នាសម្លឹងមើលពពករសាត់នៅក្នុងផ្ទះប្រក់ក្បឿងពណ៌សនៅលើកំពូលភ្នំ គេបាននិយាយថា គេចង់រស់នៅជាមួយនាងអស់ពេញមួយជីវិតនៅក្នុងផ្ទះនោះ។ នាងហាក់បីប្រៀបដូចជាសុខៗស្រាប់តែភ្ញាក់ចេញពីសុបិន នាងបានដើរនៅលើផ្លូវជាច្រើន ប៉ុន្តែមិនមែនទៅ “Caves City” តែគឺទៅកាន់ “ទីវាលភក់មរណៈ” វាលភក់នេះគ្មានច្រកចេញឡើយ ខ្មោចព្រាយបិសាចនិងហ្វូងសត្វសាហាវហោះហើរឡោមព័ទ្ធជុំវិញដួងវិញ្ញាណមនុស្ស។ ប៉ុន្តែហេតុអីបានជានាងឈានមកដល់ផ្លូវមួយនេះ? ឋិតនៅពីចម្ងាយ សូរកណ្តឹងព្រះវិហារបន្លឺខ្ទរឡើងនៅពេលព្រឹកព្រលឹម។ នៅក្នុងច្រកផ្លូវតូច នៅពីក្រោយចម្រឹងបង្អួចដែកចាស់ច្រែះមួយ សំឡេងវិទ្យុបើកបន្លឺឡើង នារីអ្នកអានសារព័ត៌មានម្នាក់កំពុងតែអានព័ត៌មាននៅនាទីពេលព្រឹក៖«កូនប្រុសរបស់អតីតកំពូលស្តេចកប៉ាល់ហុងកុងនឹងធ្វើដំណើរមកកាន់ “10 Downing Street” នៅវេលាព្រឹកនេះ ដើម្បីចុះសួរសុខទុក្ខនិងចូលរួមចួបជុំពិសារអាហារពេលព្រឹកជាមួយលោកនាយករដ្ឋមន្ត្រី» ទឹកមុខរបស់សុីងលូប្រែជាសស្លេក មាត់របស់នាងរបើកបន្តិច។ “ស្តេចកប៉ាល់វ័យក្មេង ដឹកនាំនាវឹកឱ្យចុះចត (ទម្លាយទីផ្សារ) ប្រកាសចូលរួមសហការ បណ្ដាក់ទុនជាមួយធនាគារធំជាងគេនៅក្នុងប្រទេសអង់គ្លេស ក្លាយទៅជាម្ចាស់ភាគហ៊ុនធំទីពីរ…” រំពេចនោះ សុីងលូស្រាប់តែអស់សំណើចខ្សត់ខ្សោះ នាងគឺជាអ្នកធ្វើឱ្យសុឺជឹងឈុនវិលត្រលប់ទៅស្នងកេរមរតកគ្រួសារវិញ។ គេទទួលបានជោគជ័យខ្លាំងយ៉ាងនេះ គេនឹងប្រាកដជាកំពុងតែមានសុភមង្គលខ្លាំងណាស់។ លើមុខរបួសលែងនៅហូរឈាមសន្ធឹក នាងធ្លាប់បានភ្លក់រសជាតិនៃការបែកបាក់ ហេតុនេះហើយ នាងក៏មិនសែនឈឺចាប់ខ្លាំងទៀត មិនឱ្យសេចក្ដីលោភលន់និងវិប្បដិសារីបុកទន្ទ្រាំបេះដូងរបស់នាងបន្តទៀត នាងសន្សឹមៗផ្អៀងក្បាលទៅលើស្មាខាងស្តាំ ដាច់ខ្យល់ដង្ហើម។ “ជាមួយនឹងគ្នានេះ ស្តេចកប៉ាល់វ័យក្មេងក៏បានបង្ហាញចក្ខុវិស័យឈានទៅមុខដែរថា លោកពេលនេះកំពុងពិភាក្សាក្នុងការដាក់កំពង់ផែកប៉ាល់ចូលក្នុងចក្រភពអង់គ្លេស…” ប៉ុន្មានម៉ោងក្រោយមក ភ្លៀងធ្លាក់ក៏រាំង ឆ្កែខ្មៅមួយក្បាលធុំក្លិនមនុស្សស្លាប់ ក៏រត់សំដៅចូលទៅក្នុងច្រកផ្លូវតូច វាឈប់នៅមុខសាកសពព្រុសមិនឈប់។ ស្ត្រីម្នាក់ដើររើសសម្បកកំប៉ុងរត់តាមមកចាប់ទាញក្រឡៅកឆ្កែខ្មៅរបស់គាត់នោះជំទាលស្រែកបញ្ឈប់វា។ កូនឆ្កែនេះឡូឡាតម្លង់គេឯងខ្លាំងណាស់។ ស្ត្រីដើររើសសម្បកកំប៉ុងម្នាក់នោះមើលឃើញសុីងលូដេកផ្ងារពោះស្ដូកស្ដឹងនៅក្នុងថ្លុកទឹកភក់កខ្វក់ ម្រាមដៃនាងប្រឡាក់សុទ្ធតែទឹកភក់ គាត់ក៏រហ័សរត់ទៅខលហៅប៉ូលិស។ ក៏ប៉ុន្តែមុនពេលនឹងខលទូរសព្ទទៅហៅប៉ូលិស គាត់លួចលាក់ស្រូតដៃយ៉ាងរហ័សទាញដោះចិញ្ចៀនពេជ្រផ្កាកុលាបនៅលើម្រាមដៃរបស់សុីងលូចេញ ញាត់ទុកទៅក្នុងហោប៉ៅអាវរបស់ខ្លួន។ ក្រោយពេលដែលសុីងលូស្លាប់ ម្តាយរបស់នាងបានទទួលដំណឹងពីមេធាវីរបស់នាងថាកូនស្រីរបស់គាត់បានទុកដាក់ប្រាក់កាក់ទាំងអស់សម្រាប់ផ្ទេរឱ្យទៅអ្នកម្តាយ។ ហើយគាត់មិនបានដឹងរឿងអ្វីបន្តិចទាល់តែសោះ ថាហេតុអ្វីបានជាគណនីធនាគាររបស់កូនស្រីគាត់មានប្រាក់ច្រើនសម្បើមយ៉ាងនេះ? ប៉ុន្តែគាត់គ្មានវិធីអាចដេញដោលសួរទៀតឡើយ… កូនស្រីជាទីស្រលាញ់របស់គាត់បានលាចាកពីក្នុងលោកនេះទៅដោយបែបនេះ ចាកចោលមនុស្សចាស់ជរាទន់ខ្សោយពីរនាក់។ គាត់នឹករឭកដល់កាលពីនៅតូច កូនស្រីរបស់គាត់ស្តាប់បង្គាប់យ៉ាងណា គួរឱ្យស្រលាញ់យ៉ាងណា ស្រស់ស្អាតប្រៀបដូចជាកូនក្រមុំតុក្កតា រាល់អ្វីទាំងអស់ដែលអ្នកម្តាយម្នាក់នេះខំប្រឹងប្រែងធ្វើគឺសុទ្ធតែដើម្បីចង់ឱ្យនាងល្អ។ កូនស្រីគាត់ម្នាក់នោះពិតជាសែនអភ័ព្វខ្លាំងណាស់ ធ្វើឱ្យគាត់ទ្រហោយំយ៉ាងឈឺចុកចាប់ប្រេះចិត្តគ្រាំគ្រា។ កូនស្រីរបស់គាត់បានបន្សល់ទុកប្រាក់កាក់ឱ្យគាត់ គាត់បានយកប្រាក់មួយចំណែកទៅទិញផ្ទះមួយល្វែងមានបន្ទប់ពីរ បន្ទប់មួយសម្រាប់ស្នាក់នៅ បន្ទប់មួយទៀតសម្រាប់ជួល ថ្មីៗនេះតម្លៃផ្ទះឡើងថ្លៃកប់ក្ដោង។ លោកប្តីឥតបានការរបស់គាត់ នៅពេលនេះផឹកស្រាកាន់តែច្រើនឡើង គ្មានមួយវិនាទីណានៅស្វាងឡើយ ក៏ប៉ុន្តែរស់នៅជាមួយនឹងគ្នាអស់ពែលជាយូរមកនេះក៏បានប្រែក្លាយជាទម្លាប់ ឯម្យ៉ាងទៀត កូនស្រីបានស្លាប់ចាកចោលពួកគាត់ទៅហើយ អ្នកទាំងពីរគឺដូចជាកាលនៅពីក្មេង មើលថែទាំគ្នាទៅវិញទៅមក។ មួយឆ្នាំក្រោយបន្ទាប់ពីសុីងលូស្លាប់ សុឺជឹងឈុនពង្រីកជំនួញនាវាកប៉ាល់នៅក្នុងដៃរបស់គេទៅជាទ្រង់ទ្រាយធំ គេថែមទាំងបានទទួលជោគជ័យក្នុងការប្រឡូកចូលទៅក្នុងវិស័យអចលនទ្រព្យនិងធនាគារតូចធំ ទិញដីធ្លីយ៉ាងច្រើន បង្ការហានិភ័យនៃវិស័យដឹកជញ្ជូនធ្លាក់ចុះនៅក្នុងពិភពលោក។ ម្តាយរបស់គេមានមោទនភាពចំពោះគេយ៉ាងខ្លាំង។ អ្នកម្តាយទន់ភ្លន់របស់គេគឺជាស្ត្រីដែលល្អចំពោះគេបំផុតនៅក្នុងលោកនេះ។ ហេតុអ្វីក៏បានជាពីមុនគេតែងតែទាស់ទែងជាមួយម្តាយគេ ធ្វើឱ្យគាត់ឈឺចិត្តយ៉ាងនោះ? ក្រោយពេលចែកផ្លូវគ្នាជាមួយនឹងសុីងលូ គេបាក់ស្រុតទឹកចិត្តយ៉ាងខ្លាំង នៅថ្ងៃមួយ អ្នកមីងលីងអ្នកមើលការផ្ទះរបស់គេភិតភ័យស្លន់ស្លោរត់មកក្នុងផ្ទះជួលប្រាប់គេថា អ្នកម្តាយរបស់គេឈឺធ្ងន់ដួលសន្លប់ចូលមន្ទីរពេទ្យ អាការៈធ្ងន់ធ្ងរខ្លាំងណាស់។ គេស្ទុះស្ទារត់ទៅកាន់មន្ទីរពេទ្យដើម្បីចួបនឹងអ្នកម្តាយរបស់គេ ម្តាយរបស់គេទន់ខ្សោយគេងនៅលើគ្រែអ្នកជំងឺ ទន់ខ្សោយលើកដៃចាប់កាន់ដៃរបស់គេ និយាយថា៖ «កូនប្រុសច្រមក់! កូនស្គាំងស្គមខ្លាំងម៉្លេះ មួយរយៈពេលនេះកូនរស់នៅសុខសប្បាយទេ? កូនតែម្នាក់ឯងរស់នៅខាងក្រៅទម្លាប់បានទេ?» នៅខណៈនាទីនោះ គេក៏យំ។ អ្នកម្តាយរបស់គេបានអង្វរករគេឱ្យវិលត្រលប់មកកាន់កាប់មុខជំនួញរបស់ដូនតាវិញ នៅពេលនោះ គេគ្មានក្ដីសង្ឃឹមអ្វីនៅក្នុងជីវិតនេះទៀតទេ គេក៏បានយល់ព្រមនឹងគាត់។ គេមិននឹកស្មានថាគេអាចរកសុីធ្វើជំនួញបាន។ ឥឡូវនេះ រូបគេលែងនៅគូរគំនូរទៀតហើយ។ នៅគ្រាចុងក្រោយដែលគេបានចួបនឹងសុីងលូគឺនៅក្នុងបន្ទប់ផ្ទះជួលតូចនៅទីក្រុងឡុងដ៍នោះ នៅពេលនោះគេបានពោលពាក្យសំដីបញ្ឈឺចិត្តនាងជាច្រើន គេសម្លឹងមើលទៅកាន់ផ្ទាំងគំនូរដែលគេបានគូររូបនាង នៅតែព្យួរទុកនៅក្នុងបន្ទប់គេងដូចពីមុន។ នៅក្នុងចិត្តគេគិតថា៖«ហេតុអ្វីបានជានាងនៅតែរក្សារូបគំនូរនោះ?» ក្រោយពេលវិលត្រលប់មកពីប្រទេសអង់គ្លេសវិញ ទើបគេបានដឹងដំណឹងនាងស្លាប់។ គេមិនស្អប់នាងឡើយ។ នៅពេលនោះ ព្រោះតែសុីងលូ គេមានបំណងចង់បោះបង់ការគូរគំនូរចោល គេអាចផ្តល់ប្រាក់យ៉ាងច្រើនឱ្យទៅនាង បំពេញគ្រប់រាល់បំណងប្រាថ្នារបស់នាង ដោយគ្រាន់តែដើម្បីស្នាមញញឹមរបស់នាង ដោយគ្រាន់តែដើម្បីឃើញនាងសប្បាយរីករាយប៉ុណ្ណោះ។ គេដឹងថានាងខ្វះអារម្មណ៍សុវត្ថិភាព។ ទោះយ៉ាងណា រូបគេក៏ធ្លាប់ស្រលាញ់នាង។ នៅឆ្នាំទីពីរបន្ទាប់ពីសុីងលូស្លាប់ទៅ សុឺជឹងឈុនរៀបមង្គលការ រៀបការជាមួយនឹងនារីដ៏សែនស្រស់ស្អាតម្នាក់ដែលជាកូនស្រីម្ចាស់ធនាគារ។ ថ្វីដ្បិតតែនារីម្នាក់នោះមិនមានទេពកោលសល្យធ្វើជំនួញ ប៉ុន្តែគឺជាមនុស្សស្រីទន់ភ្លន់សុភាពរាបសារ អ្នកម្តាយរបស់គេស្រលាញ់ពេញចិត្តនាងខ្លាំងណាស់។ នៅក្នុងពិធីមង្គលការ កូនក្រមុំទូលមកុដគុជខ្យងភ្លឺចិញ្ចាច គ្របស្បៃដណ្ដប់មុខពណ៌ស ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សក្បុស ជាមួយនឹងស្បៃសំពត់បង្អូសវែងអន្លាយ ឪពុករបស់កូនក្រមុំបានប្រគល់ដៃរបស់នាងទៅឱ្យកូនកំលោះ។ ពីរឆ្នាំក្រោយមកបន្ទាប់ពីរៀបការរួច សុឺជឹងឈុនមានកូនដំបូង ទារកគឺជាក្មេងប្រុស។ >>>ចប់ដោយបរិបូរណ៍<<<

Post a Comment

Previous Post Next Post

SHANA ONLINE SHOP