F

និទានរឿង សាកសពដាច់ក្បាល

 (ហេតុការណ៍ពិតធ្វើឱ្យល្បីទូទាំងប្រទេស)

វិរៈគិតថាវាជាផ្លូវល្អបំផុតសម្រាប់រំដោះខ្លួនចេញពីភាពប្រទាក់ប្រទាម។ គាត់បានដឹងដែរថាខ្លួនឯងអាត្មានិយម តែដោយស្រលាញ់ពេក បើគាត់មិនអាចបាននាង គាត់ត្រូវតែសម្លាប់ចោល តែតាមការពិតគាត់គ្រាន់តែអារម្មណ៍ខឹងមួយឆាវនឹងសម្ដីនាងជេរស្ដីមកខ្លាំងៗយ៉ាងដំណំដោយថាខ្លួនមានប្រពន្ធកូនហើយនៅមកទាក់ទងរហូតដល់ការភ្ជាប់ពាក្យទៀត ទើបវិរៈខឹងជ្រុលដៃយកខ្សែរឹតកនាងរហូតដាច់ខ្យល់ស្លាប់ទៅ។ មនុស្សស្រែកជេរប៉ប៉ោច និងការរើបម្រះពីសេចក្ដីស្លាប់ ពេលនេះបែរជាដេកស្ដូកស្ដឹងឥតវិញ្ញាណ។ វិរៈចាប់ផ្ដើមទទួលសម្រួលអារម្មណ៍មកវិញហើយមានវិប្បដិសារី។

ពេលនេះមិនមែនជាពេលដែលត្រូវវែកញែកចោតខ្លួនឯងទេ អ្វីដែលសំខាន់គឺត្រូវចាត់ការយ៉ាងណាជាមួយសាកសពនេះ។ គាត់ស្រកៀភ្នែកនឹងក្រលេកទៅសាកសពនាងក្រមុំដែលពេលនេះឡើងពណ៌ស្លេកស្លាំងជាមួយស្នាមជាំនឹងរាងកាយ។ ធ្វើយ៉ាងណាអ៊ីចេះ? គួរលើកសពទម្លាក់តាមបង្អួចហើយបន្លំគេថានាងលោតសម្លាប់ខ្លួន? ពេលយប់បែបនេះហាក់គ្មានមនុស្សនៅខាងក្រៅទេ ល្បិចនេះអាចយកជាការបាន។ តែ, ស្នាមខ្សែរឹតកវាបង្ហាញជាស្នាមជាំស្វាយឡើងច្បាស់ក្រឡែតទៅហើយនឹង? មាននរណាទៅជឿថាជនរងគ្រោះរឹតកខ្លួនឯងហើយលោតចុះទៅក្រោមនោះ? អត់បានទេ គំនិតនេះពិតជាអត់បាន។ អ…នឹកឃើញហើយ !!! បង្វែងដានប៉ូលីសដោយធ្វើជានាងចង កសម្លាប់ខ្លួន។ តែ, មនុស្សនៅបន្ទប់ជាមួយគ្នា សង្សារចងកខាងប្រុសមិនដឹងយ៉ាងម៉េចទេស វាមិនដែល។ ឬអាចដោះសារប្រាប់ប៉ូលីសថាឃើញនាងយំទើបខ្លួនដេក ភ្ញាក់ឡើងឃើញនាងចងក? មិនសមទេ មិនសមសោះ ហើយណាមួយបន្ទប់នេះគ្មានស្អីដែលអាចចងទ្រទម្ងន់មនុស្សបានទេ រលោងស្អាត ចម្រឹងដែកបង្អួចក៏គ្មាន គឺគ្មានអីគួរឱ្យសង្ស័យថាអាចចងកបានសោះ។ ធ្វើយ៉ាងណាល្អទៅ? ព្រះអើយជួយផង។ វិរៈព្យាយាមរកផ្លូវរួចខ្លួនស្ទើផ្ទុះក្បាល។ បើនាងមិនស្លាប់ ម៉្លេះសមគាត់អាចទៅជួបប្រពន្ធកូននៅស្រុកវិញយ៉ាងរំភើយ តែពេលនេះ ទោះជាប្លុងសាកសពក្នុងបន្ទប់នេះចោលក៏មិនបាន ព្រោះមុននឹងចូលមកបន្ទប់លេខ៣០១ជាន់ទីបីនេះបាន អ្នកកត់ឈ្មោះបានកត់តាំងពីលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ឌ នេះទោះជារត់ដល់ភពណាក៏គេនៅតែចាប់បាន។ ការរត់គេចមិនមែនជាដំណោះស្រាយទេ ពេលនេះត្រូវរកវិធីកម្ចាត់សាកសព។ ចិញ្ច្រាំសាកសពឱ្យទៅជាដុំតូចៗហើយដុតចោលក្នុងបន្ទប់ទឹក? មិនបានទេ ដុតសក់តែមួយសសៃនៅឈ្ងៀមស្ទើស្លាប់ ទម្រាំតែដុតមនុស្សទាំងមូលទៀត ពិតជាមិនអាចទៅរួច ណាមួយផ្ទះសំណាក់នេះមានបំពង់មួយនៅខាងលើ បើចាក់សាំងដុតច្បាស់ជាហុយផ្សែងចូលបំពង់ស្អីនឹង ហើយម្ចាស់ផ្ទះប្រាកដជាដឹង។ គាត់ក្រលេកទៅក្រៅតាមបង្អួចម្ដងទៀត មុននឹងងាកមកសាកសពវិញដែលពេលនេះសាច់ឡើងលឿងស្លេកគ្មានឈាមមួយដំណក់។ ដុតនៅបន្ទប់មិនបាន ម៉ិចមិនយកទៅដុតនៅក្រៅ? វិរៈទះក្បាលខ្លួនឯងយ៉ាងមោទននឹងគំនិតដ៏ឆ្លាតវាងវៃរបស់ខ្លួនតែតាមពិតល្ងង់ខ្លៅ កំសាក និងព្រៃផ្សៃជាទីបំផុត។ គាត់អើតក្បាលទៅក្រៅ ឃើញមានផ្លូវមួយសម្រាប់រត់ពេលមានអគ្គីភ័យ ហើយមានជណ្ដើរដែកចុះទៅតាមក្រោមបាន ផ្លូវនេះអំណោយផលដល់វិរៈអាចអូសសាកសពទៅដាក់ក្នុងរថយន្តរបស់ខ្លួនដែលចតនៅខាងមុខ។ តែ, ជណ្ដើរដែកអាសន្ននោះត្រូវចុះចេញទៅក្រៅតាមមុខដដែល។ នៅទីនេះគ្មានផ្លូវណាអាចចេញរួចដោយមិនឆ្លងកាត់មុខអ្នកកត់ឈ្មោះទេ ជុំវិញសុទ្ធតែរបងខ្ពស់ហុំដោយបន្លាដែកដែលធានាគ្មានភ្ញៀវណាអាចចេញបានក្រៅពីផ្លូវមុខ។ មែនហើយ, បើសិនជាផ្លូវអគ្គិភ័យនេះអាចចេញទៅក្រៅយ៉ាងស្រួលបានមែន ម៉្លេះសមភ្ញៀវទាំងអស់គេគេចមិនបង់លុយតាមផ្លូវនេះហើយ ល្ងង់មែន។ វិរៈចាប់ផ្ដើមមានអារម្មណ៍ឈឺចេញពីខួរ ដូចត្រូវគេស្វានចោះរាប់រយជុំ។ ខាងក្រៅងងឹតនិងស្ងាត់ណាស់។ ក្លិនស្អុយភាយចេញពីសាកសពចាប់ផ្ដើមបង្ហើរមក។ អីក៏លឿនម៉្លេះ ស្លាប់មិនបាន២០នាទីផងស្អុយក្លិនបាត់ហើយ។ នឹកឃើញហើយ ទៅទិញបាវច្រកសាកសព ហើយអូសចេញទៅក្រៅ យកទៅដាក់ក្នុងរថយន្តរួចយកសពទៅដុតនឹងវាលស្ងាត់។


តែ, មិនអាចទេ ផ្ទះសំណាក់មួយនេះតឹងរឹងណាស់ បើភ្ញៀវជញ្ជូនរបស់អ្វីប្លែក គេនឹងឆែក ព្រោះstyleយកសពចេញពីបន្ទប់តាមរបៀបនេះវាចាស់គម្រឹលពេកហើយ ហើយផ្ទះសំណាក់នីមួយៗគេពិនិត្យតឹងរឹងណាស់ដើម្បីកុំឱ្យឃាតកអាចយកសពចេញទៅក្រៅបាន។ វិរៈទះក្បាលខ្លួនឯងមួយទំហឹងដើម្បីរំសាយការឈឺក្បាលផង និងជាការបន្ទោសខ្លួនឯងផង។ គាត់នឹកឃើញគំនិតមួយទៀតហើយ!!! កាត់ក្បាលសាកសពហើយច្រកក្នុងវ៉ាលីដាក់ជាមួយខោអាវរួចដឹកឡានយកទៅដុត បន្ទាប់មកទើបមកកាត់ដៃជើងសាកសពហើយដាក់វ៉ាលីយកចេញទៅទៀត ហត់ណាស់បីដងអស់ពីបន្ទប់ហើយ ហើយណាមួយមនុស្សស្លាប់ហើយដូចអង្កត់អុសអញ្ចឹង មិនមានអារម្មណ៍ឈឺចាប់អីទាំងអស់។

គាត់សម្លឹងទៅសាកសពរួចដើរចេញទៅក្រៅចុះទៅក្រោមតម្រង់ទៅរថយន្តដើម្បីយកកាំបិតប៉ាំងតោនៅក្រោយក្ដិតឡាន។ ឆ្លងកាត់ដល់កន្លែងកត់ឈ្មោះភ្ញៀវ បុរសអ្នកកត់ឈ្មោះសម្លឹងមុខវិរៈដូចចម្លែកអ្វីម្យ៉ាង។

វិរៈដើរឡើងមកលើជាន់ទីបីវិញជាមួយថង់ខ្មៅច្រកកាំបិត ព្រោះបើមិនច្រកថង់ទេអ្នកកត់ឈ្មោះច្បាស់ជាកើតចិត្តសង្ស័យ។ គាត់ដើរយ៉ាងលឿន តែត្រូវភ្ញាក់ព្រើតម្ដងទៀតនៅពេលទើបតែកត់សម្គាល់ថាផ្ទះសំណាក់នេះមានកាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុងជ្រោយខាងក្រៅបន្ទប់ទាំងអស់ ហើយបង្ហាញរូបនៅនឹងមុខកញ្ចក់LCDកន្លែងអ្នកកត់ឈ្មោះភ្ញៀវ ដូច្នេះគាត់ត្រូវសម្ដែងធ្វើគ្មានអីកើតឡើងទើបមិនមានការសង្ស័យ។ មកដល់មុខបន្ទប់ វីរៈភ្ញាក់ព្រើតម្ដងទៀតប្រហោងពោះធ្លុងព្រោះចេញទៅម៉ិញភ្លេចបិទទ្វារ។ គាត់ងាកមើលឆ្វេងស្ដាំ សំណាងដែរ ដោយសារវាជាពេលយប់ទើបគ្មានអ្នកសម្អាត ឬនរណាម្នាក់ឆ្លងកាត់មុខបន្ទប់នេះ។ វីរៈប្រញាប់ចូលបន្ទប់វិញហើយបិទទ្វារ។ សាកសពនៅដេកស្ដូកស្ដឹង តែក្លឹនស្អុយបានឆាបឆួលច្រមុះខ្លាំងជាងមុនទៀត។ ម៉េចក៏ស្អុយលឿនយ៉ាងនេះ? គាត់ដើរទៅជិតសាកសពយកកាំបិតចេញមកហើយស្រាប់តែភ្ញាក់ព្រើតនៅពេលក្រឡេកទៅបង្អួច នៅផ្ទះសំណាក់ម្ខាងទៀតជាប់ផ្ទះសំណាក់នេះ មានបន្ទប់ខ្ពស់ប៉ុនបន្ទប់នេះ ហើយអាចសម្លឹងមកបន្ទប់វីរៈឃើញសកម្មភាពគ្រប់យ៉ាង។ វីរៈរត់ទៅទាញវាំងននបិទ តែដោយកញ្ឆក់ពេកធ្វើឱ្យវាំងននដាច់។ គាត់ខំលើកបិទបាំងវិញ តែវាំងននត្រឹមតែធ្លាក់ចុះក្រោមព្រោះដាច់គន្លឹះវា។ ដោយស្លន់ពេក វីរៈសម្រេចចុចកុងតាក់បិទភ្លើង។ ក្នុងបន្ទប់ងងឹតស្លុបអាចធានាបានហើយថាគ្មាននរណាអាចមើលឃើញ។ វីរៈនៅតែមានចិត្តខឹងនឹងអាវាំងននចង្រៃជាឧបស័គ្គក្នុងស្ថានការណ៍ដ៏តានតឹងនេះ។ គាត់ចាប់ទាញក្បាលសង្សារខ្លួនទទួលអារម្មណ៍ថាសក់នាងវែង ធ្វើឱ្យរំខានក្នុងការកាត់ណាស់ ណាមួយងងឹតផង គាត់ដើរទៅរកកាបូប ហើយស្រវេស្រវាយកឡាមមកកោរសក់នាងចោល។ វីរៈកោរសក់យ៉ាងលឿន មុខឡាមចាក់ចូលស្បែកក្បាលនាងខ្លះតែគ្មានអីបារម្ភទេ នាងស្លាប់ហើយគ្មានអារម្មណ៍ឈឺអីឡើយ។ បន្តិចក្រោយគាត់កោរសក់នាងអស់ សក់មួយបាច់ធំកំពុងនៅរាយប៉ាយពេញនឹង។ គាត់ស្រវ៉ាកើបសក់ចោលវិញទាំងងងឹតព្រោះមិនហ៊ានបើកភ្លើង។ វីរៈងើបយកសក់ទៅដាក់ក្នុងស្បោងខ្មៅមួយហើយចងវាទុកលើគ្រែ។ ដោយសារងងឹតពេក គាត់ដើរបុកទូរខោអាវមួយទំហឹង បណ្ដាលឱ្យទូរ ផ្អែក គ្រាំងទៅកិបជញ្ជាំង។

«ចង្រៃយក៍ ដាក់ទូរម៉ែវាស្អីមិនឱ្យកិបជញ្ជាំងឱ្យហើយទេ នៅគម្លាតតិចសោះមិនដាក់ឱ្យកិបឱ្យហើយ។» គាត់រអ៊ូក្នុងចិត្ត។ ដោយបុកម៉ិញប៉ះក្បាលគាត់ឈឺពេក ទើបគាត់អង្គុយសម្រាកលើគ្រែឱ្យបាត់ឈឺសិន។

មួយសន្ទុះក្រោយមក ស្រាប់តែវីរៈឮសំលេងគោះទ្វារ។ ពុទ្ធោអើយ ជានរណាទៅ? តិចមានអ្នកដែលដេកបន្ទប់ផ្ទះសំណាក់ជាប់នេះឃើញសកម្មភាពសម្លាប់មនុស្សរបស់គាត់តាមបង្ួចទៅ? តែវីរៈចាំបានថាកាលរឹតកសម្លាប់សង្សារខ្លួនបានបិទវាំងននហើយ ទើបតែបើកពេលអើតមើលផ្លូវរកចេញទេ។

«អ្នកនៅខាងក្នុងសូមមេត្តាបើកទ្វារបន្តិច។» សំលេងខាងក្រៅស្រែកមក ធ្វើឱ្យវិរៈភ័យស្ទើលស់ព្រលឹង។ គាត់នៅស្ងៀមដោយសង្ឃឹមថាអ្នកខាងក្រៅនឹងទៅវិញ ប្រសិនបើគ្មានចម្លើយតប។

«អ្នកខាងក្នុងឮខ្ញុំហៅទេ? បើកទ្វារ!» ម្ដងនេះសំលេងដូចជាធ្ងន់ជាងមុន ធ្វើឱ្យវីរៈប្រញាប់រុញសាកសពត្រងោលចូលទៅក្រោមគ្រែមួយទំហឹងកម្លាំងបណ្ដាលឱ្យក្បាលសពបុកខ្ពៀកកឹបនឹងជញ្ជាំង។ គាត់បើកភ្លើងប្រុងទៅបើកទ្វារស្រាប់តែក្រឡេកទៅខាងណោះគ្រែ មានលៀនដៃម្ខាងចេញមក។ ដៃសាក់ដូចជាមនុស្សប្រុសអញ្ចឹង យ៉ាប់មែនសង្សារវីរៈម្នាក់នេះ។ គាត់រុញដៃចូលក្រោមគ្រែវិញ សាច់សពឡើងទន់ល្អូក និងត្រជាក់ស្រេប។

«មេត្តាបើកទ្វារផងបើមិនអញ្ចឹងខ្ញុំចាក់សោរបើកហើយ» អ្នកខាងក្រៅស្រែកតឿនខណៈវីរៈរញីរញ័រ។ គាត់រួសរាន់ទៅបើកទ្វារ ឃើញជាអ្នកបុគ្គលិកផ្ទះសំណាក់។

«អំបាញ់ម៉ិញមានគេទូរស័ព្ទមកខ្ញុំថាមានសំលេងដូចជាអ្វីធ្ងន់ដួលពីបន្ទប់លោក ខ្ញុំបារម្ភក៏មកសួរ តើមានរឿងអីកើតឡើងមែនទេ?» បុរសខាងក្រៅបន្ទប់សួរទាំងភ្នែកសម្លឹងចូលក្នុងបន្ទប់។ វីរៈព្យាយាមសម្រួលសំលេងកុំឱ្យញ័រហើយតប៖

«អត់មានអីទេ ធ្លាក់កែវទឹកនឹងណា អត់អីទេ»

«អូ បើមានរឿងអីអាចទៅខាងក្រោមបាន យើងខ្ញុំនឹងជួយ សុំទោសដែលរំខានទាំងយប់អធ្រាត» បុគ្គលិកនោះក៏ដើរទៅវិញបាត់ទៅ។ ងាប់ហើយ? អ្នកជាប់បន្ទប់បែបដេកលក់ហើយភ្ញាក់វិញដោយសំលេងដួលទូរ។ វីរៈបិទទ្វារបិទភ្លើងហើយបើកភ្លើងអំពូលរាត្រីដែលភ្លឺមិនបានប៉ុនពន្លឺទូរស័ព្ទអិនចុចពិលផង តែគ្រាន់សម្រួលឱ្យអាចកាប់សាកសពបានស្រួលជាងងងឹតឈឹងបានដែរថ្វីបើភ្លឺសែនតិច។

វីរៈទាញសពចេញពីគ្រែវិញដូចជាស្រាលជាងមុន ហើយស្ទើតែនឹងខ្ទប់ច្រមុះព្រោះធំក្លឹនស្អុយឈួល។ ពេលទាញចេញមកគាត់ស្រវាចាប់កប្រុងកាប់ឱ្យដាច់ស្រាប់តែភ្ញាក់ព្រើតស្ទើលស់ព្រលឹងពេលស្ទាបប៉ះនឹងសក់ក្បាលរបស់សព។ ម៉ិញគាត់បានកោរចោលអស់ហើយ ម៉ិចនៅតែមានសក់ទៀត?ពិតជាកោរធ្វេសប្រហែសព្រោះភ័យពេកទើបនៅសល់។ តែដោយសក់ខ្លីមិនវែងទើបមិនពិបាកឱ្យគាត់យកឡាមកោរម្ដងទៀតទេ។

វីរៈព្យាយាមអា-កនាងឱ្យដាច់ចេញ តែ កាំបិតដូចមិនសូវមុតសោះ ជាហេតុឱ្យគាត់លើកដៃកាប់ៗៗជាច្រើនកាំបិត ឃើញថានៅសល់បន្តិចទៀតនឹងដាច់ហើយ។ គាត់លើកកាប់ចុងក្រោយមួយទំហឹងដាច់ក្បាលចេញពីស្មារហើយកាំបិតជ្រុលទៅកាប់ដល់ឥដ្ឋការ៉ូបណ្ដាលឱ្យឥដ្ឋការ៉ូបន្ទប់ប្រេះ និងបង្កើតសំលេងយ៉ាងខ្លាំង។ សាកសពគ្មានក្បាលនៅស្ដូកស្ដឹងគ្មានវិញ្ញាណ។ បន្ទាប់មក, គាត់លាងទឹកក្នុងបន្ទប់ទឹកយ៉ាងស្អាត ទាំងក្បាលទាំងខ្លួន ហើយយកស្បោងច្រកក្បាលដែលកាត់នោះចងយ៉ាងស្អាតរួចដាក់ចូលវ៉ាលី។ វីរៈអូសសាកសពចូលបន្ទប់ទឹក, បិទទ្វារបន្ទប់ទឹកហើយលើកវ៉ាលីក្បាលសង្សារចេញមកក្រៅរួចបិទទ្វារបន្ទប់វិញយ៉ាងប្រុងប្រយ័ត្នមិនឱ្យមានសំលេង។ គាត់ដើរចុះទៅជាន់ផ្ទាល់ដី ធ្វើយួរវ៉ាលីធម្មតាខ្លាចគេសង្ស័យតាមកាមេរ៉ាសុវត្ថិភាព។

មកដល់ជាន់ក្រោម, វិរៈដើរលឿនមិនចង់មើលមុខអ្នកកត់ឈ្មោះម្នាក់នេះទេ តែ…

«ឈប់សិនលោក!!!» បុរសអ្នកកត់ឈ្មោះស្រែកបញ្ឈប់វីរៈ។ វីរៈឈរនឹងថ្កល់ញ័រដៃទទ្រើកហើយដើរត្រលប់មកតុកត់ឈ្មោះវិញទាំងប្រឹងសម្រួលអារម្មណ៍។

«មានការអី?» វីរៈទម្លាក់វ៉ាលីក្បាលសង្សារទៅលើតុ។

«ពេលនេះម៉ោង១ហើយចូលថ្ងៃថ្មី មុននឹងចេញទៅណាបានលោកត្រូវបង់ប្រាក់ថ្លៃបន្ទប់សិន។»

វីរៈយកកាបូបដកលុយទាំងញ័រដៃ។

«ហើយយប់ជ្រៅហើយលោកប្រុងទៅណាដែរ?»

«អឺក….នែក…ខ្ញុំ…ទៅមើល…ទៅមើលមិត្តភក្ដិនៅពេទ្យ…» តបហើយក៏ដើរលឿនៗតម្រង់ទៅរថយន្ត។ វីរៈជិះយ៉ាងលឿនតាមផ្លូវស្ងាត់សំដៅទៅវាលស្ងាត់ណាមួយនឹងអាលចាត់ការក្បាលសង្សារបណ្ដូលចិត្ត។ មកដល់វាលមួយ ងងឹតស្ងាត់ជ្រាប វីរៈងាកឆ្វេងស្ដាំមុននឹងចតរថយន្តហើយលើកវ៉ាលីចុះ។ គាត់បើកយកសាំងពីក្រោយក្ដិតឡាន រួចយកក្បាលចេញពីវ៉ាលីហើយស្រោចសាំងឡើងជោកសក់រួចកេះដែកកេះដុត។ វីរៈត្រូវចំណាយពេលយូរនៅមើលក្បាលដែលឆេះសព្វតែរំលាយទៅយ៉ាងយូរបំផុត។ គាត់មិនបានមើលមុខសង្សារជាលើកចុងក្រោយសោះ ព្រោះងងឹតផង ពេលនេះក្បាលសង្សារលួចលាក់ម្នាក់នេះកំពុងរលាយក្លាយជាផេះដោយអំនាចភ្លើងឆេះ។

«សុំទោសអូនសម្លាញ់ បងសច្ចាជួបអូនជាតិក្រោយ!» គាត់និយាយតែឯងតិចៗមុននឹងយកវ៉ាលីជិះឡានចេញទៅផ្ទះសំណាក់វិញ។ គាត់រួសរាន់ឡើងមកបន្ទប់វិញហើយរកនឹកថានឹងកាត់អ្វីទៀត។ បើកាត់ដៃជើងខ្លួនយកទៅដុតទៀតគិតថាយូរណាស់ ទម្រាំឆេះអស់ប្រហែលព្រឹក ហើយនឹងមានមនុស្សឃើញមិនខាន។ គាត់សម្រេចចិត្តចិញ្ច្រាំសាកសពជាដុំតូចៗហើយដាក់ចូលក្នុងបង្គន់រួចកាច់ទឹកចោលទៅវានឹងអស់មិនខាន។ គិតហើយគាត់ប្រតិបត្តិការណ៍ភ្លាមៗ។ គាត់នៅតែមិនហ៊ានបើកភ្លើងដោយបើកអំពូលរាត្រីជំនួសវិញ។ គាត់បើកទឹកឱ្យហូរចោលដើម្បីកុំឱ្យអ្នកជាប់បន្ទប់ឮសំលេងចិញ្ច្រាំ, អូសសាកសពអត់ក្បាលទៅក្នុងបន្ទប់ទឹកហើយដោះអាវខោចេញ តែខោខូវបូយរឹបខ្លាំងមែនទែន។ សាកសពធំក្លឹនស្អុយខ្លាំងស្ទើទប់ក្អួតមិនឈ្នះ។ កំពុងតែស្រវារកឡេវអាវស្រាប់តែមានសំលេងគោះទ្វារ។

«សូមអ្នកខាងក្នុងមេត្តាបើកទ្វារជាប្រញាប់!!!» សំលេងធ្ងន់បន្លឺឡើងពីខាងក្រៅ។ វីរៈប្រញាប់បិទទ្វារបន្ទប់ទឹកហើយរត់ទៅបើកទ្វារទាំងមិនទាន់រៀបរយអារម្មណ៍។ មានប៉ូលីស៤នាក់ និងអ្នកកត់ឈ្មោះកំពុងឈរនៅមុខនេះ។

«នៅក្នុងបន្ទប់លោកមានករណីឃាតកម្ម!!!»

«ឃាតកម្ម??? គ្មានទេ អត់…អត់មានទេ សង្សារខ្ញុំនាងនៅងូតទឹកក្នុងបន្ទប់ទឹកឯណោះ!!!គ្មានឃាតកម្មអីទេ!!» វីរៈព្យាយាមដោះសារទាំងភិតភ័យ។

«មិនមែនទេលោកស្ដាប់ខ្ញុំសិន!!! គឺមុនលោកមកស្នាក់បន្ទប់នេះមួយថ្ងៃ មានបុរសអាសង់ទីនម្នាក់បានស្នាក់បន្ទប់នេះហើយបានសម្លាប់ក្មេងកម្លោះម្នាក់ហើយយកសពទុកក្រោមគ្រែ,» គាត់ដើរចូលទៅក្នុងបន្ទប់ បើកភ្លើងឱ្យភ្លឺហើយទាញសពចេញមក។

«ហ្អាក? រួចចុះសាកសពស្ត្រីត្រងោលនេះជានរណា? ជាសង្សារលោកទេដឹង?» ៕

ចប់

Post a Comment

Previous Post Next Post

SHANA ONLINE SHOP