F

4 រឿង : ព្រឺព្រួច និងអាថ៌កំបាំង

 ចុចចុះឈ្មោះបើកអាខោនទីនេះដើម្បីយកបានប្រម៉ូសិនពិសេសពីក្រុមហ៊ុន GALAXY BET 369








Reading Book

4 រឿង : ព្រឺព្រួច និងអាថ៌កំបាំង

ដកស្រង់ចេញពីសាច់រឿងពិត ដែលម្ចាស់ស្នាដៃបានជួបប្រទះ

Chapter 1: ផ្លូវកែងនិងភ្លើងស្តុប

មួយជីវិតខ្ញុំមិននឹកស្មានទេថាមានមនុស្សស្រីម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំងដល់ថ្នាក់នេះ… សួស្តីខ្ញុំឈ្មោះស្រីពេជ្រតែភាគច្រើនគេហៅខ្ញុំតែអាពេជ្រៗទេពេលខ្លះក៏អាការពិបអ៊ីអ៊ីចឹងទៅ។ កាពិបហ្នឹង ម៉ាក់ខ្ញុំអ្នកហៅព្រោះថាមាឌខ្ញុំកាលពីតូចហ្នឹងហា វាកាធាត់! ទាត់មួយជើងអីគ្មានរសើបទេ។ “កាពិបហា! អើយមីកាពិប! ” សំឡេងម៉ាក់ខ្ញុំហៅខ្ញុំពីខាងក្រោមផ្ទះមកមិនដឹងជាស្អីគាត់ទេព្រលឹមឡើង ម៉ោងទើបតែប្រាំមួយសោះហៅនោះផ្អើលអស់ហើយអ្នកជិតខាង។ ដឹងទេថាខ្ញុំនេះវាទម្រាំតែបានដេកវាម៉ោងឡើងមួយជាង ដឹងថារវល់ធ្វើអីទេ? គឺលេងហ្គេមនោះអី! “បាទ!” ខ្ញុំឆ្លើយទាំងមួម៉ៅ មាត់ខ្ញុំតែបែបហ្នឹង ភាគច្រើនឆ្លើយតែបាទទេ ព្រោះថាខ្ញុំនេះវាស្រលាញ់ស្រី តែថា ម៉ែខ្ញុំគាត់អត់ដឹងទេហ៊ានតែដឹង បើមិនខ្ញុំអត់កន្លែងនៅ។ “ចុះមកខាងក្រោមស៊ីបាយហើយទៅសាលា” ម៉ែស្រែកម្ដងទៀត មិនដឹងជាស្អី និយាយធម្មតាគឺមិនចេះនិយាយទេអ្នកម្តាយជាទីបណ្តូលចិត្តខ្ញុំ ចូលចិត្តតែស្រែក ថ្លង់សឹងស្លាប់។ “បាទ!” ខ្ញុំស្រែកទៅវិញ ម៉ែស្រែកបានខ្ញុំក៏ស្រែកបាន។ ម៉ោង ៦: ២០នាទីនៅខាងក្រោមផ្ទះ ខ្ញុំកំពុងតែញុំាបាយទាំងអួលៗ ម្ហូបថ្ងៃលើកណាក៏ត្រីងៀត រហូតមុខខ្ញុំនេះចង់ដូចត្រីងៀតហើយខ្លាចណាស់ខ្លាចតែពេលណាមួយមុខដូចត្រីងៀត ស្រីឈប់ស្រលាញ់ទេ។ ១០នាទីក្រោយខ្ញុំរៀបចំខ្លួននឹងញ៉ាំបាយរួចមិត្តខ្ញុំម្នាក់ឈ្មោះនាងម៉ីក៏មករកខ្ញុំ។ វានេះជាមិត្តខ្ញុំយូរហើយតាំងពីកាលខ្ញុំទើបតែ ៣ឆ្នាំ។ “ការពេជ្រៗ” នាងម៉ីហៅខ្ញុំ។ ខ្ញុំនេះគ្រាន់តែឮសំឡេងនាង ក៏ធុញសឹងតែស្លាប់ ធុញវាណាស់រាល់ថ្ងៃ ពេលដើរជាមួយវាម្ដងៗខ្មាសគេសឹងស្លាប់ ដឹងខ្មាសរឿងអីទេ! នោះមើលទៅមីមួយហ្នឹងវាហាច់ណាស់ ឃើញប្រុសមិនបានទេ ញញឹមរហែកមាត់ចោល តែបើថាប្រុសមិនមើលមុខហេស? “បងទៅណាហ្នឹង?” នេះឯងពេលញញឹមដាក់ប្រុសរួច។ ប្រុសមិនមើលមុខក៏ស្រែកហៅយកតែម្ដង អូយៗខ្មាសគេណាស់ ខ្ញុំកម្មអីទេបានមិត្តមកអ៊ីចឹង។ “យី! មួយដៃបែកមាត់ឥឡូវហ្នឹង ហៅឯងបង ហៅចែបានត្រូវ” ប្រុសម្នាក់នោះស្ដីឱ្យនាងម៉ី។ នាងម៉ីមិនបានមាត់នឹងនៅស្ងៀមសិន។ “នែនាងនេះទៅដុបយើងទៅ” ខ្ញុំទះក្បាលនាងមួយដៃមុននឹងឡើងម៉ូតូ ហុងដា សេរី២០២១ របស់នាង។ នាងនេះវាជាអ្នកមានដូច្នេះហើយទើបខ្ញុំជិះម៉ូតូជាមួយនាង ខ្ញុំក៏មានម៉ូតូដែរ តែខ្ជិលជិះ សុខចិត្តជិះជាមួយវា អត់ខាតលុយថ្លៃសាំង “មានជម្រាបលាម៉ាក់នៅនឹង?” “កុំចេះអីដល់ម៉ោងហើយទៅលឿនទៅ” ពីផ្ទះទៅសាលារៀងឆ្ងាយគួរសមដែរ ផ្ទះខ្ញុំនៅត្រពាំងអញ្ចាញ ឯសាលានៅជិតភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំងណានេះ ជិះម៉ូតូ ២០នាទីបានដល់ ឯកង់ជិះ ៣០នាទី ឬ ៤០នាទីបានដល់ ជិះកង់ស្លាប់ចោល។ ជិះតាមផ្លូវមកដល់មុខវត្តពោធិ ផ្លូវនោះជាផ្លូវកែង ផ្លូវកែង មាន ២ កែងទី១ មិនសូវជាកែងអីប៉ុន្មានទេ តែអាកែងទី២ហ្នឹង កែងយកតែមែនទែន របងវត្តខ្ពស់ពិបាកអើតកមើល ពេលជិះជិតដល់ផ្លូវកែង មានរ៉ឺម៉កមួយជិះយឺតៗនៅខាងមុខម៉ូតូនាងម៉ី ដោយហេតុថានាងមិនចេះជិះយឺតៗនោះទេ ភាគច្រើនជិះម៉ាបាសសក់ នាងបានវ៉ារ៉ឺម៉កនោះ “នែៗ យឺតៗ កុំវ៉ាៗ ផ្លូវកែង!” ខ្ញុំគោះស្មារនាងខ្លាំងៗ ឱ្យនាងបន្ថយល្បឿនមកវិញ មិនឱ្យនាងវ៉ាតែនាងមិនស្ដាប់ខ្ញុំ នាងវ៉ារ៉ឺម៉កនោះទាល់តែបាន វ៉ារួចក៏បានមកផ្លូវកែងឡានធំមួយបានជិះមក ទល់មុខនឹងម៉ូតូខ្ញុំ។ ខ្ញុំភ័យពេកយកដៃបិទភ្នែកសិន ខ្ញុំមិនដឹងថាមានរឿងអីកើតឡើងទេ ខ្ញុំមិនចង់ឃើញ “គេចទៅកៀនរបងទៅ!” ខ្ញុំស្រែកដាក់ នាងភ្ញាក់អារម្មណ៍ឡើងវិញ និងកាច់ចង្កូតទៅខាងស្ដាំកៀនរបងវត្ត ម្ចាស់ឡានបានឈប់បម្រុងថានឹងមកជេរពួកខ្ញុំ តែថាមិត្តខ្ញុំនេះវាឆ្លាតណាស់ វាបញ្ឆេះម៉ូតូទៅតទៀតគ្មានឱ្យអ្នកណាមកជេរក្បាលនាងទេ។ “ស្រីឆ្កួត! តិចងាប់! អញឈប់ជិះជាមួយនាងហើយ!” ខ្ញុំវៃស្មានាងខ្លាំងៗខ្ញុំនេះភ័យចង់ស្លាប់ បេះដូងក៏លោតចង់តែប្រេះតែម៉ាកៗហ្នឹង ខ្ញុំរស់បានប៉ុន្មានថ្ងៃ? “វាមិនអីទេ! ” នាងឆ្លើយទាំងគ្មានអារម្មណ៍ក្នុងខ្លួន។ “នាងកើតអី? ម៉េចបានគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង?” ខ្ញុំទះក្បាលនាងរាល់ដង នាងម៉ី មិនដែលអ៊ីចឹងទេ នាងរួសរាយនិយាយច្រើនឡប់ៗប្រុងប្រយ័ត្ននឹងការជិះម៉ូតូណាស់ ទោះបីជានាងជិះលឿនតែភ្នែកនាងងាកចុះឡើងៗមើលផ្លូវរហូត វ៉ាអីក៏មិនដែលវ៉ាផ្លូវកែងដែរ។ តែថាលើកនេះម៉េចបានអ៊ីចឹង? មីមួយហ្នឹងសង្ស័យខ្មោចចូលហ្មង។ “អញមានកើតអីគ្រាន់តែរៀងព្រឺៗ” នាងនិយាយនិងបន្ថយល្បឿន ខ្ញុំមិនចាប់អារម្មណ៍នឹងនាងទៀតទេ ព្រោះថាខ្ញុំគិតតែពីមើលទៅផ្ទះមួយនៅកៀនដើមស្វាយផ្ទះមាន​ពណ៌​ក្រហម មានបុរសម្នាក់ស្លៀកពាក់ធម្មតាអាវដៃវែងជាមួយនឹងខោជើងវែង អង្គុយនៅនឹងមុខផ្ទះនោះ គាត់អង្គុយនៅលើរ៉ឺម៉កទឹកអំពៅមួយ។ “នោះ ហែ្ហងផឹកទឹកអំពៅអត់?” ខ្ញុំសួរទៅមិត្តខ្ញុំនឹងតាមមើលរ៉ឺម៉កទឹកអំពៅនោះ។ “អត់ទេ!” នាងម៉ី បន្ថែមល្បឿនទៅមុខ ខ្ញុំក៏ងាកទៅខាងមុខ តែថាខ្ញុំឃ្លានទឹកអំពៅក៏ងាកទៅវិញ តែថាងាកទៅវិញបាត់រ៉ឺម៉កទឹកអំពៅបាត់ ហេ!! បាត់ទៅណា! ជិះលឿនម្ល៉េះ ងាកទៅមុខងាកមកវិញបាត់។ “នែ! ខ្មោចលងវើយ ” ខ្ញុំកេះមិត្តខ្ញុំទាំងព្រឺឆ្អឹងខ្នងខ្ញាកៗ ណាមួយផ្លូវចេញពីផ្លូងកែងមិញនេះរៀងស្ងាត់ដែរ “ខ្មោចម៉ែនាងឯងលងម៉ោងជិត៧?” ម៉ីមិនខ្វល់ ដោយសារនាងម្នាក់នេះ មិនចេះខ្លាចខ្មោចទេព្រោះថាឪនាងនេះណា ចេះវិជ្ជាធ្មប់អ៊ីចឹងហើយនាងខ្លាចរកអីបើផ្ទះនាងចិញ្ចឹមខ្មោច ចិញ្ចឹមព្រាយ ម្រេញគង្វាលពេញផ្ទះ។ “អូយត្រជាក់ណាស់ហា!” ខ្ញុំនិយាយនឹងបានងាកទៅខាងក្រោយ ចៃដន្យអីរ៉ឺម៉កទឹកអំពៅនោះបានជិះតាមខ្ញុំ ជិះតាមធ្វើអីខ្ញុំនេះណាវាឆ្អែតហើយលែងចង់ផឹកទឹកអំពៅអីហើយ ព្រឺណាស់! ម៉ែអាណា ម្ដងឃើញម្ដងអត់ ហើយជិះក្រោយឯងនឹងសម្លក់ទៀតហាស ធ្វើមើលតែឯងហ្នឹងងទៅធ្វើអីគាត់អ៊ីចឹង។ មកដល់សាលា ខ្ញុំបានងាកទៅខាងក្រោយម្ដងទៀត តែថាបាត់រ៉ឺម៉កទឹកអំពៅនោះទៅហើយ តាមផ្លូវខ្ញុំងាកក្រោយមើលទៅគាត់រហូតម៉េចបានបាត់ខ្លួនកើត? “ទៅចុះនេះលុយទិញបាយផងណាយើងយកម៉ូតូទៅផ្ញើ” ម៉ីហុចលុយឱ្យខ្ញុំ ៥ពាន់រៀល រួចដើរចូលទៅក្នុងផ្ទះមួយផ្ញើម៉ូតូ ខ្ញុំនេះ វារៀងញ័រៗខ្លាចខ្មោចនោះខ្លាច ទាំងដែលយប់ឡើងនៅតែម្នាក់​ឯង​សោះហ្នឹងហា។ “អុីៗ! យកបាយពីរប្រអប់” ខ្ញុំនិយាយតិចៗហើយងាកទៅខាងក្រោយ ចង្រៃអីស្រាប់តែឃើញរ៉ឺម៉កទឹកអំពៅដដែលនោះចតរ៉ឺម៉កមុខខ្លោងទ្វារសាលា! “អុញ! នេះមនុស្សពិតតើហុី?” ខ្ញុំមើលទៅពូម្នាក់នោះ តែថាពូនោះគាត់មើលមកខ្ញុំដូចគ្នា បានបន្តិចក៏មានសិស្សប្រុសម្នាក់បានទិញទឹកអំពៅពូនោះមួយកែវ។ ឃើញបែបនេះហើយខ្ញុំក៏មានអារម្មណ៍ល្អឡើងវិញ លែងសូវខ្លាចទៀតហើយ តែខ្ញុំរៀងភ្លឹកៗ។ “មីអូន” អុីលក់បាយនោះមកគោះស្មារខ្ញុំ។ ខ្ញុំរហ័សងាកទៅរកគាត់យ៉ាងប្រញាប់។ “ហូយ! អុី អស់ព្រលឹងខ្ញុំហើយ” ខ្ញុំហុចលុយឱ្យគាត់ទាំងព្រលឹងចុងសក់ កំពុងតែខ្លាចខ្មោចសុខៗ ក៏មកគោះអ៊ីចឹងអ្នកណាមិនច្រឡំថាខ្មោចលង? “អរគុណអុី” ខ្ញុំទទួលបាយនិងងដើរឆ្លងថ្នល់ចូលសាលា តែថារ៉ឺម៉កទឹកអំពៅពូនោះស្រាប់តែជិះបិះនឹងបុកខ្ញុំ។ ខ្ញុំរហ័សចូលទៅកៀននឹងសម្រួលអារម្មណ៍មកវិញ អ្នកនៅជុំវិញខ្ញុំពួកគេហាក់នៅធម្មតាគេមិនខ្វល់ពីខ្ញុំទេ។ ខ្ញុំងាកទៅមើលមនុស្សជុំវិញរួចដកដង្ហើមធំ ខ្ញុំគិតថាពួកគេមិនបានចាប់អារម្មណ៍ហើយមើលទៅ។ “អាពេជ្រ! ឯងអត់អីណាហី? នេះផឹកទៅ” ម៉ីដើរមករកខ្ញុំ និងបានហុចទឹកសុទ្ធមួយដបឱ្យខ្ញុំ។ ខ្ញុំមិននិយាយអី តែបេះដូងខ្ញុំនេះវាចាប់ផ្តើមលោតទៀតហើយ។ ម៉ោង ១១:០០ ខ្ញុំបានចេញពីរៀន រួចឈរនៅមុខសាលាចាំមនុស្សម្នាក់ ឃើញចាំអ៊ីចឹងមិនមែនចាំមិត្តខ្ញុំមីខ្មីហ្នឹងទេ គឺចាំសង្សាររបស់ខ្ញុំ ដែលជាស្រីស្អាតប្រចាំសាលាឯកជនខាងមុខសាលាខ្ញុំ។ នាងនៅភូមិម្ដុំនេះទេ តែនាងសុខចិត្តជិះម៉ូតូជូនខ្ញុំទៅ រួចទើបត្រលប់មកផ្ទះវិញ ហើយអាកាលជួបគ្នាដំបូងហ្នឹង ជួបគ្នានៅកន្លែងទិញបាយ នាងតែងតែជិះម៉ូតូ PCX មករៀនរាល់ថ្ងៃ តែថាពួកយើងរៀងសាលាខុសគ្នា នាងរៀននៅសាលាឯកជន ខ្ញុំវិញរៀននៅសាលារដ្ឋ នោះមកពីនាងជាកូននាយកសាលាឯកជនហ្នឹង។ “ចាំបងយូរទេ?” នាងសួរមកកាន់ខ្ញុំ។ សង្សាររបស់ខ្ញុំនាងឈ្មោះមេសា រូបរាងស្រឡូន កាលមុននោះឮថាមានកូនចៅសង្កាត់ណាទេ ទៅដណ្ដឹង តែនាងមិនយកសុខចិត្តស្រលាញ់គ្នាលួចលាក់ជាមួយនឹងខ្ញុំ ខ្ញុំនេះវាមិនមានអីអស្ចារ្យទេ ម៉ាក់មេភូមិ ប៉ាចៅសង្កាត់ហ្នឹង។ “មិនយូរទេ!” ខ្ញុំឡើងម៉ូតូហ្នឹង ងាកទៅខាងក្រោយបន្តិចមើលទៅម៉ី ដែលជិះពីខាងក្រោយខ្នងខ្ញុំ ម៉ី នាងមិនដែលទៅផ្ទះចោលខ្ញុំទេព្រោះថានាងខ្លាចខ្ញុំនឹងសង្សារខ្ញុំជិះហួសផ្ទះទៅកន្លែងផ្សេង។ “ថ្ងៃនេះអូនកើតអីមុខស្លេកម្ល៉េះ?” មេសាមើលមកមុខខ្ញុំតាមកញ្ចក់ ខ្ញុំនេះរៀងភ្លឹកតិច ហើយខ្ញុំមិនបានឆ្លើយតបទៅនាងវិញទេដោយហេតុថា ខ្ញុំជួបពូទឹកអំពៅនោះទៀតហើយ។ នោះៗគាត់កំពុងតែឈរកណ្ដាលផ្លូវ រ៉ឺម៉កគាត់ចតជិតបឹងឈូកមួយគាត់ឈរកណ្ដាលផ្លូវសម្លឹងមកខ្ញុំមិនដាក់ភ្នែកសោះ ពេលនោះមេសានាងបានជិះហួសឯខ្ញុំក៏នៅតែតាមមើល តាមមើលរហូតដល់ពូមួយនោះរត់តាម។ “នាងក្មេងចង្រៃ ទៅស្លាប់ទៅ” ពូមួយនោះរត់មកកៀកនឹងម៉ូតូ និងឈោងដៃរកចាប់កាតាបខ្ញុំបាន “មេសា! មេសា! ជិះឱ្យលឿនបង! បងជិះឱ្យលឿនវាជិតមកដល់ហើយ” ខ្ញុំស្រែកឆោឡោពេញផ្លូវ ពូនោះមិនដឹងជាកើតអីទេរត់តាមខ្ញុំមករហូត រត់ផងលានអណ្ដាតដាក់ផង ពេលខ្លះខ្ញុំងាកទៅក៏អត់មានក្បាលទៀត! នេះលេងមែនទែនឬ? “បងជិះឱ្យលឿន!” ខ្ញុំស្រែកហើយស្រែកទៀត។ “អ្នកណាតាម? បងមិនឃើញអីទេ!” មេសាឈប់ម៉ូតូ នឹងងាកទៅខាងក្រោយ តែនាងមិនបានឃើញអ្វីទេ មានតែខ្ញុំ។ ខ្ញុំម្នាក់ប៉ុណ្ណោះដែលមើលឃើញ! ខ្ញុំបើកភ្នែកតិចៗមើល​ទៅខាងក្រោយ មិនមានអីពិតមែន បាត់ទៅណាហើយ? មិញនេះរត់តាមច្បាស់ណាស់។ “កុំយំៗ! វាមិនអីទេស្ដាប់បង! នេះពាក់វាទៅ” មេសានាងក៏មានប៉ាដែលចេះវិជ្ជាធ្មប់ អ៊ីចឹងហើយនាងយល់ពីស្ថានភាព នាងបានដោះខ្សែដៃរបស់នាងមកឱ្យខ្ញុំ។ “កើតអី?” ម៉ី ឈប់ម៉ូតូមកមើលខ្ញុំ។ ខ្ញុំគិតតែពីយំ ម៉ី នាងងាកកជុំវិញ ងាកមើលទៅដើមឈើមាត់បឹង រួចនាងងក់ក្បាលព្រមទាំងបានមើលទៅខ្សែដៃមេសា។ “នាងទុកវាពាក់ទៅ ពេជ្រនាងយករបស់ខ្ញុំទៅល្អជាង!” នាងម៉ីរកថានឹងដោះខ្សែដៃនាងឱ្យខ្ញុំតែបងមេសាគាត់មិនព្រម។ “ទេ! នាងមិនអាចធ្វើអ៊ីចឹងទេ ពេជ្រ! អូនពាក់វាទៅបងមិនអីទេ” មេសាដោះខ្សែដៃបស់នាងមកពាក់ឱ្យខ្ញុំ និងបានសម្លឹងមើលទៅមុខរបស់ម៉ី។ ២០នាទីក្រោយ មេសានាងជូនខ្ញុំមកដល់មុខផ្ទះតែផ្ទះខ្ញុំចាក់សោរ ខ្ញុំទាញទូរសព្ទមកខលទៅម៉ាក់ភ្លាម។ “អាឡូម៉ាក់១ ម៉ាក់នៅណា?” ខ្ញុំនិយាយជាមួយនឹងម៉ាក់ដោយសំឡេងញ័រៗ ហាក់ភ័យមិនទាន់បាត់។ “នៅកំពត នាងឯងទៅដេកផ្ទះមិត្តសិនទៅ” ម៉ាក់ថាហើយចុចបិតភ្លាម ខ្ញុំទុកទូរសព្ទវិញងាកទៅមើលមុខ មេសា និង ម៉ី ។ ពួកនាងញញឹមស្រស់មកកាន់ខ្ញុំញញឹម? ញញឹមរកម៉ែពួកនាងអី ខ្ញុំនេះខ្លាចសឹងអី។ “ម៉ីយើងទៅដេកដែរណា” ខ្ញុំកាន់ដៃនាងនិយាយទាំងចង់យំ ព្រោះថាខ្ញុំជួបទៀតហើយ ជួបខ្មោចទៀត តែលើកនេះមិនមែនពូទឹកអំពៅទេតែជាកូនក្មេងមកពីណាមិនដឹងទេ មកឈរនៅលើដំបូលខ្ញុំសម្លឹងមើលមកខ្ញុំសឹងតែជ្រុះគ្រាប់ភ្នែកចេញមក មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានខ្មោចស្រីម្នាក់ទៀត ឈរនៅកៀននឹងនាងញញឹមស្រស់ណាស់។ ម៉ី ងក់ក្បាល គ្រាន់តែងក់ក្បាលភ្លាម ខ្ញុំនេះក៏ប្រញាប់ឡើងម៉ូតូនាង។ សង្សារខ្ញុំក៏មិនបាននិយាយអី តែខ្ញុំដឹងថានាងកំពុងតែខឹងខ្ញុំ តែខ្ញុំមិនអាចទៅគេងកន្លែងផ្សេងក្រៅពីផ្ទះនាងម៉ីហ្នឹងទេ ព្រោះថានាងម៉ី នាងអាចការពារខ្ញុំបាន។ “បងទៅផ្ទះហើយណា” សង្សារខ្ញុំនិយាយមកកាន់ខ្ញុំ។ ខ្ញុំងក់ក្បាលតិចៗ និងញញឹមតិចៗដាក់សង្សារខ្ញុំ។ ពេលមកដល់ផ្ទះម៉ី ខ្ញុំនេះណា ងាកឆ្វេងងាកស្ដាំរកមើលប៉ារបស់នាង តែរកមិនឃើញទេ ឃើញតែម៉ាក់នាងកំពុងតែស្រោចផ្កា ពូទឹកអំពៅចតរ៉ឺម៉កអង្គុយបើកភ្នែកមកខ្ញុំម៉ក់ៗបើកភ្នែករកអី? ខ្ញុំពិតជាមិនយល់មែនទែន ហើយមិនដឹងជាគាត់នោះជាខ្មោច ឬព្រាយ ឬមួយជាទេវតាតាមខ្ញុំទេ។ តាមខ្ញុំតាំងពីទៅរៀនមកដល់ពាក់កណ្ដាលផ្លូវ ក៏រត់តាម ពេលនេះក៏មកដល់មុខផ្ទះម៉ីទៀត។ ម៉ី ដើរនៅខាងមុខខ្ញុំ នាងងាកទៅខាងក្រោយ ទឹកមុខនាងមិនសូវស្រួលប៉ុន្មានទេ ខ្ញុំដឹងថានាងបានឃើញខ្មោចនោះឬអត់ សង្ឃឹមថានាងនឹងមិនបានឃើញទៅចុះ “ពេជ្រ!” សំឡេងសង្សារខ្ញុំស្រែកហៅខ្ញុំពីខាងក្រៅផ្ទះ នាងចតម៉ូតូកៀនរ៉ឺម៉កទឹកអំពៅនោះ បើតាមខ្ញុំចាំប៉ានាងជាអ្នកចេះវិជ្ជាធ្មប់អ៊ីចឹងហើយមេសានាងអាចនឹងចេះវិជ្ជានោះពីប៉ានាងខ្លះៗដែរ ព្រោះនាងថានាងអាចឃើញខ្មោចដែលកំពុងតែតាមខ្ញុំនោះ។ “បងមិនទៅផ្ទះទេមែន?” ខ្ញុំចេញពីផ្ទះម៉ីទៅរកសង្សារខ្ញុំពូទឹកអំពៅនោះគាត់ស្រាប់តែបាត់ខ្លួន បន្ទាប់ពីខ្ញុំដើរទៅជិតដល់គាត់ ឃើញខ្ញុំដើរអ៊ីចឹង មិនមែនខ្ញុំមិនខ្លាចគាត់ទេ តែខ្ញុំអាងសង្សាររបស់ខ្ញុំ។ “ទេបងសុំគេងនៅទីនេះផងបានទេ? ព្រោះថាខ្សែដៃបងបានឱ្យទៅអូនបាត់ហើយ” នាងនិយាយទាំងទឹកមុខមិនស្រួល។ ខ្ញុំនេះមិនយល់ពីសម្ដីដែលនាងនិយាយនោះទេ គ្រាន់តែឱ្យខ្សែដៃមកខ្ញុំពាក់ព័ន្ធអីនឹងរឿងទៅផ្ទះ? ខ្លាចប៉ាជេររឿងខ្សែដៃមែនទេ? “ចូលមកប្រយ័ត្នប្រយែងតិចទៅ” ម៉ីដើរមកពីខាងក្រោយខ្ញុំ នាងបានបើកទ្វារឱ្យសង្សារខ្ញុំចូលទៅខាងក្នុង។ បន្ទាប់ពីចូលម៉ូតូបិតទ្វាររួច រ៉ឺម៉កទឹកអំពៅក៏លេចខ្លួនមកម្ដងទៀតតែថាពូទឹកអំពៅលើកនេះ រាងខុសប្លែកពីលើកមុន គាត់លើកនេះកំពុងតែដើរមករកខ្ញុំ។ សន្សឹមៗមុខរបស់គាត់គិតតែពីញញឹមតែភ្នែករបស់គាត់សម្លឹងមកកាន់ខ្ញុំសម្លឹងដល់ថ្នាក់ជ្រុះភ្នែកមក។ “អាយ! ជួយ!” ខ្ញុំរត់ទៅកាន់ដៃសង្សារខ្ញុំជាប់ពូទឹកអំពៅគាត់មិនអាចចូលមកខាងក្នុងផ្ទះម៉ីបានទេ ដោយសារតែផ្ទះម៉ីមានអ្នកការពារត្រឹមត្រូវ។ ខ្ញុំឃើញអ៊ីចឹងក៏លែងមាត់ បាត់មាត់ឆឹងតែម្ដង “ចូលមក” ម៉ីបក់ដៃហៅខ្ញុំជាមួយនឹងសង្សារខ្ញុំ។ សង្សារខ្ញុំប្រញាប់កាន់ដៃខ្ញុំចូលទៅខាងក្នុងផ្ទះ។ “ប៉ាម៉ាក់នាងទៅណាអស់ហើយ?” មេសាសួរដោយមើលជុំវិញផ្ទះ មេសាជាមួយនឹងខ្ញុំភាគច្រើនតែងតែមកលេងផ្ទះម៉ីបានញឹកញាប់ មកពេលណាក៏ឃើញប៉ាម៉ាក់ម៉ីដែរ តែលើកនេះមិនឃើញទើបហាក់ប្លែកចិត្ត។ “គាត់មិននៅទេ” ខ្ញុំភ្ញាក់ព្រើត នេះម៉ាក់នាងមិននៅ ចុះអ្នកណាគេស្រោចផ្កាមិញនេះ? ជាស្អី?ឃើញនៅស្រោចផ្កាច្បាស់ណាស់មិញ “នាងកើតអី? ចូលមកដល់ផ្ទះយើងហើយគ្មានខ្មោចណាលងនាងកើតទេ” ម៉ីដើរទៅចង្រ្កានបាយ ទៅរកមើលបាយម្ហូប សង្សារខ្ញុំក៏ទៅអង្គុយនៅលើសាឡុង តែខ្ញុំនេះវិញទៅណាអត់រួចទេ អស់កម្លាំងដល់ហើយកម្រើកខ្លួនមិនរួច និយាយអ្វីក៏មិនកើត នេះខ្ញុំកើតអីនឹង? កុំប្រាប់ណាថាជំនាងផ្ទះកំពុងលេងជាមួយខ្ញុំ? ហ៊ើយ! ពិតមែនជំនាងផ្ទះកំពុងលេងជាមួយខ្ញុំ! នោះមើលទៅ លេងឈរនៅចំពោះមុខខ្ញុំល្អណាស់ ញញឹមដាក់ទៀតផង។ “នាងជាមិត្តខ្ញុំ សូមជំនាងផ្ទះកុំលេងជាមួយនាងអី” ម៉ីដើរមកជិតខ្ញុំ នាងបានទះស្មាខ្ញុំតិចៗ ទះរួចខ្ញុំក៏មានកម្លាំងវិញអាចកម្រើកខ្លួនបាន។ ខ្ញុំគិតថាថ្ងៃនេះខ្ញុំកើតអី ម៉េចបានមានគេតាមខ្ញុំរហូត? ឬមួយខ្ញុំស៊យពេកដល់ថ្នាក់មើលឃើញខ្មោច? វាម៉េចនឹងអាច? ខ្ញុំនេះណាឈ្មោះ អាពេជ្រ ជាកូនហេងប្រចាំភូមិ។ “ពេលញុំាបាយរួច នាងកុំចេញពីផ្ទះនេះណាប្រយ័ត្នខ្លួនបន្តិចទៅ គេកំពុងតែចាំនាងនៅមុខផ្ទះ” ម៉ី ចាប់ដៃរបស់ខ្ញុំ។ ខ្ញុំឮនឹងឃើញនាងចាប់ដៃ ទើបបែរមុខទៅទ្វារផ្ទះ នាងក៏ឃើញខ្មោចមកពីណាទេច្រើនណាស់មានទាំងប្រុសទាំងស្រី ទាំងពូទឹកអំពៅ នេះខ្មោចទាំងនេះមកពីណាហ្នឹងងច្រើនម្ល៉េះ? ខ្ញុំមានបានទៅធ្វើអីពួកគេឯណា ចុះមករកខ្ញុំធ្វើអី? បើថាខ្ញុំធ្វើអំពើអាក្រក់ ក៏មិនមែនដែរ ខ្ញុំសម្លាប់ពួកគេក៏មិនមែនដែរ ខ្ញុំនៅតែផ្ទះនិងដើរលេងជាមួយនឹងសង្សារ ឬមួយម៉ី មិនដែលទៅធ្វើអីអ្នកណាផង “ពួកគេមករកខ្ញុំធ្វើអី?” ខ្ញុំកាន់ដៃសង្សារខ្ញុំ ក្បាលរបស់ខ្ញុំចាប់ផ្តើមឈឺ ឈឺកាន់តែខ្លាំងទៅៗ ភ្នែករបស់ខ្ញុំងងឹតបន្តិចម្ដងៗខ្ញុំមិនយល់ថាវាកើតអីនោះទេ តែម៉េចបានភ្នែកខ្ញុំងងឹតម្ល៉េះ? បានបន្តិច ខ្ញុំបានមកដល់កន្លែងមួយដែលពោរពេញទៅដោយខ្មោចជាច្រើន ឈរតម្រៀបគ្នានៅនឹងមុខខ្ញុំ ខ្មោចទាំងនោះសុទ្ធតែជាខ្មោចតៃហោង។ ខ្លះមានក្បាល ខ្លះក៏គ្មានក្បាល អ្នកខ្លះទៀតក៏យួរក្បាលរបស់គេ អ្នកខ្លះទៀតមកតែពាក់កណ្ដាលខ្លួន! ខ្ញុំដើរទៅខាងក្រោយបន្តិចម្ដងៗ តែថាពួកខ្មោចនោះ វាមិនបានមកតាមខ្ញុំនោះទេ ពួកវាបានដកដៃរបស់វា មកតាមចាប់ខ្ញុំទៅវិញទេ ខ្ញុំត្រលប់ក្រោយរត់ទៅយ៉ាងលឿន! “សងជីវិតយើងវិញមក!” សំឡេងខ្មោចកងរំពងពេញត្រចៀកខ្ញុំ។ ខ្ញុំរត់ទៅមុខរត់ ទៅកាន់តែលឿន សំឡេងដកដង្ហើមរបស់ខ្ញុំក៏ដកញាប់ទៅៗខ្ញុំរត់ឆ្ងាយហើយតែផ្លូវគ្មានទីបញ្ចប់ទាល់តែសោះ។ “សងជីវិតយើងវិញមក!” សំឡេងខ្មោចបានបន្លឺមកម្ដងទៀត ខ្ញុំរត់បណ្ដើរយកដៃទៅបិតត្រចៀកបណ្ដើរ ខ្ញុំមិនចង់ឮអ្វីដែលគួរឱ្យខ្លាចនោះទៀតទេ! ខ្ញុំខ្លាច! “មេសាជួយ ជួយផងមេសា!” ខ្ញុំស្រែកហៅសង្សារខ្ញុំ មានតែសង្សារខ្ញុំទេដែលអាចជួយខ្ញុំបាននាងពូកែគ្រប់យ៉ាង!។
 “ឈឺណាស់! អាយ! ជួយ! ឈឺ! ក្ដៅណាស់!” សំឡេងខ្មោចតៃហោងគ្មានស្បែក បានមកឈរមុខខ្ញុំ ទាំងខ្លួនរបស់គេកំពុងតែឆេះជាមួយនឹងភ្លើង គេស្រែក! គេស្រែកជាមួយនឹងភាពឈឺចាប់ គេស្រែកម្ដងហើយ ម្ដងទៀតគេក៏រត់មកតាមខ្ញុំដូចគ្នា។ “មេសា! ម៉ី!ជួយផង!” ខ្ញុំរត់បានបន្តិចក៏ជួបជាមួនឹងមិត្តខ្ញុំ។ ខ្ញុំខំរត់ទៅរកពួកគេតែថា…ពួកគេស្រាប់តែរលាយបាត់ ខ្ញុំឈរត្រង់ធ្មឹង ព្រោះថាអស់ផ្លូវរត់បាត់ហើយ អស់ហើយ ខ្ញុំត្រូវរត់ទៅណាទៀត? “សងជីវិតយើងវិញមក!” ពាក្យដដែលនោះមានបន្លឺនៅក្នុងត្រចៀកខ្ញុំដដែល ខ្មោចនោះបានមកឈរជុំវិញខ្លួនខ្ញុំ។ ខ្ញុំ…ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបានទៀតទេ បានត្រឹមអង្គុយខ្ទប់ត្រចៀកតែប៉ុណ្ណឹង។ “ពេជ្រ” សំឡេងមេសាបានហៅខ្ញុំតិច និងបានអង្រួនរាងកាយខ្ញុំ។ ខ្ញុំបានឈរនៅមើលរាងកាយខ្ញុំពេលនេះជាវិញ្ញាណ! ខ្ញុំបានឃើញរាងកាយខ្ញុំកំពុងតែដេកស្កូកស្ដឹង មេសានាងយំហៅខ្ញុំមកវិញរហូត ម៉ី អង្គុយមើលមុខខ្ញុំទឹកភ្នែកនាងហូរ តែនាងមិនបាននិយាយអ្វីទេ នាងបានតែបង្ហូរទឹកភ្នែកប៉ុណ្ណោះ។ “ហេ!ហេ! បងខ្ញុំនៅទីនេះបង” ខ្ញុំស្រែកដាក់សង្សារខ្ញុំ។ “នែ! នាងខ្មោចតៃហោង នាងប្រឹងស្រែករកអី? ជាខ្មោចតៃហោងម្នាក់សោះ ម៉េចក៏អាចចូលមកក្នុងផ្ទះនេះបាន?” ជំនាងផ្ទះស្រីម្នាក់ បានមកនិយាយនៅពីក្រោយខ្នងរបស់ខ្ញុំ មិនដឹងជាមកតាំងពីកាលទេ។ “អាយក្ដៅ!” ខ្ញុំរលាយបាត់ខ្លួនបន្តិចម្ដងៗព្រោះតែបារមីជំនាងផ្ទះខ្លាំងជាងខ្ញុំ ចំណែកឯខ្ញុំ….ខ្ញុំមិនដឹងជាខ្លួនឯងជាអ្វីឱ្យប្រាកដទេ? ដឹងត្រឹមថាជំនាងផ្ទះមិញនេះហៅខ្ញុំថាខ្មោចតៃហោង! ហេនេះខ្ញុំស្លាប់តាំងពីកាលណាហ្នឹង? ស្លាប់ដោយសារអី? ឬមួយពួកខ្មោចទាំងនោះ ជាអ្នកយកខ្ញុំទៅ? អត់ទេៗ វាមិនអាចទេ។ “ជួយផងៗក្ដៅណាស់” ខ្ញុំមិនដឹងថាជំនាងផ្ទះរបស់នាងម៉ីកើតអីទេ សុខៗខ្ញុំកំពុងតែឈរនៅនឹងមាត់ទ្វារផ្ទះនាងសោះ គាត់ស្រាប់តែមកបញ្ចេញរិទ្ធិជាមួយនឹងខ្ញុំ។ “បងមេសា” ខ្ញុំស្ទាបខ្លួនស្រែកទាំងការឈឺចាប់ បានបន្តិចសង្សារខ្ញុំមេសាបានចេញពីក្នុងផ្ទះមកទាំង ទឹកភ្នែករហាម ព្រមទាំងបានមកឱបខ្ញុំគាត់សុខចិត្តទទួលរងនូវការឈឺចាប់ជំនួសខ្ញុំ ហេតុអីក៏គាត់ល្អយ៉ាងនេះ? គាត់ជាទេវតាមកចាប់ជាតិមែនទេ? “ទ្រាំបន្តិចទៅជិតអស់អីហើយ” គាត់អង្អែលក្បាលខ្ញុំនឹងញញឹមដាក់ខ្ញុំបន្តិច មុននឹងប្រើកម្លាំងរបស់គាត់ទាំងអស់ប្រយុទ្ធជាមួយនឹងជំនាងផ្ទះ គាត់បញ្ចេញកម្លាំងរបស់គាត់ រួចជំនាងផ្ទះស្រាប់តែបាត់ខ្លួនសង្សារខ្ញុំ គាត់ក៏រលាយខ្លួនបន្តិចម្ដងៗ។ “រស់នៅឱ្យបានល្អ” គាត់រលាយខ្លួនអស់ហើយនៅសល់តែសំឡេងដ៏ស្រទន់របស់គាត់ ខ្ញុំភ្លាមៗបានហូរទឹកភ្នែកមក នេះជាលើកទីមួយដែលខ្ញុំមានអារម្មណ៍ថាបងមេសាដូចជាព្រះមកតាមការពារខ្ញុំ គាត់ជាមនុស្សម្នាក់ដែលស្រលាញ់ខ្ញុំ ហើយខ្ញុំនឹងចងចាំគាត់ឱ្យបានល្អ ខ្ញុំនឹងមិនបំភ្លេចគាត់ចោលនោះទេ។ “ពេជ្រៗ ងើបឡើងណា កុំគេងអ៊ីចឹងអី” សំឡេងបងមេសាបានដាស់ខ្ញុំ។ ខ្ញុំបើកភ្នែកតិចៗទៅមើលគាត់ នេះខ្ញុំកើតអីហ្នឹង ខ្ញុំនៅទីណាក្រែងមិញខ្ញុំនៅមុខផ្ទះនាងម៉ីឈរយំស្ដាយបងមេសាទេតើ នេះកុំប្រាប់ណាថាខ្ញុំយល់សប្តិ? គ្មានសុបិនណាស់ច្បាស់ដល់ថ្នាក់នេះទេ។ “នេះទឹក! ផឹកសិនទៅណា” ម៉ី យកទឹកមកឱ្យខ្ញុំ។ ខ្ញុំក៏ទទួលនឹងយកមកផឹក ខ្ញុំគេងនៅលើពូករបស់នាងម៉ី មិនដឹងជាចង្រៃឬចៃដន្យទេ ខ្ញុំស្រាប់តែឃើញជំនាងផ្ទះមកឈរនៅមាត់ទ្វារបន្ទប់ឈរនៅមាត់ទ្វារបន្ទប់គេងនាងម៉ី ឈររកអី? ខ្ញុំមិនត្រូវការនាងទេ។ “កុំខ្លាច គាត់មកល្អ នាងទេដែលមកអាក្រក់នាំទុក្ខដល់ហើយ” នាងម៉ីចង្អុលក្បាលខ្ញុំ មេសានាងមើលមុខម៉ី សម្លឹងខ្លាំងៗហាក់មិនចង់ឱ្យម៉ីនិយាយរឿងអីប្រាប់ខ្ញុំទៀតអ៊ីចឹង។ ដល់ពេលរឿងវាបែបហ្នឹងពេក វាដូចជាពិបាកនឹងយល់ណាស់ ចង់សួរអ្នកណាក៏មិនដឹង។ “កុំមាត់អីពេជ្រ អូនគេងទៅ បងនៅទីនេះហើយ ស្អែកចាំបងនាំអូនទៅផ្ទះបង” មេសានាងនិយាយត្រឹមតែប៉ុន្មានម៉ាត់នេះ ខ្ញុំអាចកាត់សេចក្ដីបានខ្លះៗហើយ គឺថាបងមេសាប្រាកដជាយកខ្ញុំទៅឱ្យប៉ាគាត់ជួយខ្ញុំ កុំឱ្យឃើញខ្មោចនិងងកុំឱ្យខ្មោចតាមលង ឬតាមសម្លាប់។ “ចុះប៉ានាងទៅណា?” រវាងប៉ាម៉ី និងប៉ាបងមេសា ខ្ញុំស្និទ្ធជាមួយនឹងប៉ាម៉ីជាង អ៊ីចឹងទើបចង់ឱ្យប៉ាម៉ីជួយប្រសើរជាង ណាមួយនាងម៉ីក៏ចេះវិជ្ជាធ្មប់អីអស់នឹងដែរ។ “មិននៅទេ កំពុងតែនៅចិនដោះអំពើធ្មប់ ឯម៉ាក់វិញនៅជាមួយនឹងប៉ា” នាងម៉ីឆ្លើយធម្មតា។ ព្រឹកស្អែកម៉ោង៧ព្រឹក នាងម៉ី បងមេសា និងខ្ញុំ រៀបចំខ្លួនយ៉ាងសមរម្យ ម្នាក់ៗសុទ្ធតែមានខ្សែដៃស្អីទេនេះ ពណ៌ខ្មៅៗ ខ្ញុំមិនដឹងថាវាជាខ្សែអីទេ តែបងមេសាឱ្យខ្ញុំតាំងពីពេលខ្មោចរត់តាម បងមេសាគាត់គ្មានខ្សែដៃហ្នឹងទេ មានតែខ្សែកព្រះមួយ ខ្ញុំគិតថាខ្សែកព្រះបងមេសាអាចនឹងល្អជាងខ្សែដៃខ្ញុំ។ “តោះពេជ្រឡើងម៉ូតូមក” បងមេសាកាន់ដៃខ្ញុំ និងញញឹមដាក់ខ្ញុំបន្តិច ខ្ញុំនេះដូចជាមិនចង់ទៅតាមគាត់សោះ តែថាបើមិនទៅតាមខ្ញុំប្រាកដជាខ្មោចតាមកាច់បំបាក់កស្លាប់ចោលបងមេសាមិនខាន។ “ពេជ្រ នាងត្រូវចាំណា តាមផ្លូវឃើញអ្វីក៏ដោយ នាងត្រូវតែធ្វើធម្មតាៗ តែមិនអ៊ីចឹងទេ នាងប្រាកដជាស្លាប់ ខ្ញុំវិញមិនអាចទៅជាមួយនឹងនាងបានទេ ព្រោះថាខ្មោចទាំងនោះនឹងអាចធ្វើបាបឯងជាងនេះ អ៊ីចឹងខ្ញុំនៅចាំផ្ទះ” នាងម៉ីឈរនិយាយពីក្នុងផ្ទះមក នាងឈរនៅជិតជំនាងផ្ទះស្អីគេនឹងទៀតហើយ សង្ស័យតែនាងម៉ីនិងជំនាងផ្ទះត្រូវគ្នាខ្លាំងហើយបានជាឈរជិតគ្នា និយាយជាមួយគ្នាស្រួលណាស់។ “បាទ” ខ្ញុំតបទៅនាង រួចបងបងមេសាក៏បញ្ឆេះម៉ូតូ ខ្ញុំឱបចង្កេះគាត់ជាប់។ ព្រោះថាខ្ញុំនេះមានចរិតជាប្រុសខ្លះៗមែន តែខ្ញុំខ្លាចណាស់ ខ្មោច។ បើខ្ញុំមិនខ្លាចខ្មោច ពេលនេះបងមេសាត្រូវហៅខ្ញុំថាបងនឹងធ្វើប្រពន្ធខ្ញុំ។ “បង បងដឹងទេថាហេតុអីបានខ្មោចតាមខ្ញុំអ៊ីចឹង?” “ប្រហែលអូនឯងជាដើមហេតុឱ្យគេស្លាប់ដឹង?” បងមេសានិយាយទាំងហីៗ ខ្ញុំដឹងថាគាត់ជាអ្នកទីមួយ ដែលដឹងពីរឿងខ្មោចនេះ តែគាត់មិនប្រាប់ខ្ញុំ។ “ជាដើមហេតុឯណាបង ច្រើនដល់ថ្នាក់នេះ មិនក្រោមពីសាមសិបនាក់ទេ” បងងាកឆ្វេងងាកស្ដាំក្រែងថាជួបខ្មោច មានអីជួបមែន គឺនៅឈរពេញផ្លូវកែងទី១ របងវត្ត បងមេសាគាត់បន្ថយល្បឿនបន្តិចម្ដងៗព្រោះថាជាផ្លូវកែងខ្ញុំនេះក៏ចាំសម្ដីនាងម៉ី ទើបបិទភ្នែកឈ្មុលមុខនឹងខ្នងរបស់បងមេសាពេលជិះទៅដល់ផ្លូវកែង ខ្មោចទាំងនោះបាននិយាយអ្វីទេរង៉ូវៗ ខ្ញុំស្ដាប់មិនបានសោះ តែមានខ្មោចមួយនោះនិយាយច្បាស់គេនិយាយថា៖ “សងជីវិតយើងវិញមក!” ពាក្យនឹងទៀតហើយ! ពាក្យហ្នឹង ឮតាំងពីនៅក្នុងសុបិនពេលនេះក៏នៅតែឮទៀត។ “សងជីវិតយើង” មកដល់ផ្លូវកែងទី២ ខ្ញុំបានបើកភ្នែកតែស្រាប់តែឃើញរូបខ្ញុំជាមួយនឹងនាងម៉ី កំពុងតែជិះម៉ូតូក្នុងសម្លៀកបំពាក់ជាសិស្ស ជិះវ៉ា រ៉ឺម៉កទឹកអំពៅមួយ ខ្ញុំនឹងមិត្តខ្ញុំវ៉ារួច ក៏បានទៅជួបជាមួយនឹងឡានធំ ខ្ញុំនិងមិត្តខ្ញុំ បានវ៉ាឡាននោះរួច តែថាឡាននោះបានគេចពួកខ្ញុំ ឃើញតែត្រឹមនេះ បងមេសាគាត់បានជិះហួសផុត។ “គ្រាំងផាំង!” សំឡេងអីមកពីខាងក្រោយខ្នងខ្ញុំ ជាសំឡេងអី? ខ្ញុំចង់ឱ្យបងមេសាជិះបកទៅវិញតែមិនហ៊ាន ព្រោះថាខ្ញុំបានឃើញខ្មោចនៅខាងក្រោយច្រើនណាស់ហ៊ានតែបកក្រោយខ្មោចកាច់កស្លាប់ទាំង២។ “កុំមើល” បងមេសានិយាយប្រាប់ខ្ញុំ ខ្ញុំងាកទៅមុខវិញ។ មកដល់ផ្ទះបងមេសាភ្លាម ក៏ឃើញប៉ានាងនៅឈរមុខផ្ទះ ក្នុងដៃមានទឹកមន្តរួចស្រេច គ្រាន់តែមកដល់មុខផ្ទះ ប៉ាបងមេសាបានទុកទឹកមន្តមុខផ្ទះ បងមេសាគាត់បានយកទឹកមន្តមកលុបមុខ និងយកបន្តិចទៀតមកបាចលើខ្លួនខ្ញុំ សល់ជះទៅលើម៉ូតូ។ បានបន្តិច បងមេសាគាត់មិននិយាយអី និងបានយកម៉ូតូចូលផ្ទះ ចូលរួចខ្មោចប្រហែលជាសាមសិបនាក់ បានរត់មកពីណាមិនដឹងរត់មករកខ្ញុំ! ហ៊ើយ! ខ្ញុំឃើញបែបនេះមិនភ្លើនៅទេ រត់ចូលក្នុងរបងផ្ទះទៅឈរជិតប៉ាបងមេសា។ “កុំខ្លាច នាងចូលមកដល់ទីនេះ គ្មានខ្មោចណាអាចចូលមកតាមទេ” ខ្មោចទាំងអស់ឈរនៅមុខផ្ទះកាន់អាវុធពេញដៃហាក់ចង់យកមកសម្លាប់ខ្ញុំ។ “ខ្សែដៃមេសាឱ្យទៅនាងឬ?” ប៉ាបងមេសាគាត់សម្លឹងមកខ្សែដៃពណ៌ខ្មៅៗ ដែលបងមេសាបានឱ្យខ្ញុំកាលពីម្សិល។ “ចាសលោកអ៊ំ” “ហ៊ឹមអ៊ីចឹងទេតើ បានម្សិលមិញមិនមកផ្ទះ” គាត់និយាយរួចដើរចូលទៅខាងក្នុងផ្ទះ។ “បង! មានរឿងអីពាក់ព័ន្ធជាមួយនឹងខ្សែដៃនឹងមែនទេ?” “ចូលទៅខាងក្នុងសិនទៅណា” បងមេសានិយាយបន្លប់ខ្ញុំ ស្របពេលដែលខ្មោចទាំងនោះកំពុងតែស្រែកដោយការឈឺចាប់ពីខាងក្រៅរបងផ្ទះមក។ “ខ្សែដៃមួយនេះ ជាខ្សែដៃដែលអាចការពារខ្មោច បិសាច ព្រាយ ពួកអមនុស្សមិនឱ្យមកយាយីបាន មេសាឱ្យខ្សែដៃនេះទៅនាងចាត់ទុកថាវាជាសំណាងដ៏ធំរបស់នាងទៅចុះ! យប់មិញកូនស្រីយើងមិនមកផ្ទះព្រោះតែនាង គេបានឱ្យខ្សែដៃទៅនាង គេគ្មានអីទុកការពារខ្លួនទេ” គាត់និយាយចប់ ខ្ញុំមើលទៅមុខបងមេសា បងមេសាគាត់ញញឹមស្រស់ណាស់ គាត់ធ្វើមើលតែខ្ញុំហ្នឹងនាំរឿងល្អឱ្យគាត់អ៊ីចឹង។ “នាងដឹងថាខ្មោចទាំងនោះមកតាមនាងធ្វើអីទេ?” “មិនដឹងទេលោកអ៊ំ” “ឯងមិនចាំខ្មោចទឹកអំពៅនោះទេ?” បងមេសាគាត់ហៅខ្ញុំថាឯងព្រោះគាត់ខ្លាចប៉ាគាត់ដឹងថា ខ្ញុំនិងគាត់ជាសង្សារនឹងគ្នា ហ៊ានតែដឹង ខ្ញុំនេះដឹងតែក្លាយជាចំណីខ្មោចក្រៅផ្ទះនោះមិនខាន។ “ចាំគាត់បានតាមលងខ្ញុំតាំងពីម្សិលមិញ គាត់មានរ៉ឺម៉កមួយគាត់លងខ្ញុំបន្ទាប់ពីខ្ញុំជិះវ៉ារ៉ឺម៉កទឹកអំពៅមួយនោះ…អេរ! រ៉ឺម៉កទឹកអំពៅដូចគ្នា! ខ្ញុំយល់ហើយ!” ពូទឹកអំពៅមួយនោះជាខ្មោចដែលបានស្លាប់ព្រោះតែជិះគេចឡាន! គាត់ស្លាប់ដោយសារតែខ្ញុំជាមួយនិងមិត្តខ្ញុំ។ ខ្ញុំចាំបានមិញនេះពេលជិះមកជាមួយនឹងបងមេសាខ្ញុំបានឮសំឡេងអ្វីទេឮខ្លាំងណាស់។ “ល្អអ៊ីចឹង នាងគួរតែទៅនិយាយជាមួយគេ ព្រោះនាងជាដើមហេតុ” លោកអ៊ំគាត់និយាយដោយមិនខ្វល់ពីខ្ញុំ។ “ហេតុអីជាខ្ញុំ? មិត្តខ្ញុំនាងម៉ី ជាអ្នកបើក” ខ្ញុំប្រកែក នាងម៉ីជាអ្នកបើក នាងម៉ីវាព្រហើន ទៅយកនាងទៅកុំមកយកខ្ញុំ! ខ្ញុំមិនដឹងអីទេ។ “មិត្តនាងជាដើមហេតុ តែមិត្តមានបារមីខ្ពស់ជាងនាង ប៉ាមិត្តនាងជាបិសាចលានឆ្នាំមកចាប់ជាតិ គេមានអំណាចជាងនាង ចំណែកនាងអំណាចនាងគ្រាន់តែមនុស្សធម្មតា អ៊ីចឹងហើយ នាងត្រូវតែមកទទួលខុសត្រូវ។ “ឯងចាំបានទេព្រឹកមិញ ម៉ី ត្រូវមកជាមួយនឹងឯង តែនាងមិនមកវិញ ព្រោះនាងមិនទាន់ចង់ស្លាប់” បងមេសានិយាយមកកាន់ខ្ញុំទាំងអួលដើមក ខ្ញុំនេះស្រាប់តែស្រក់ទឹកភ្នែកមកម៉ាត់ៗ នេះមិត្តខ្ញុំវាដល់ថ្នាក់ហ្នឹងផងហេស? វាអាត្មានិយមណាស់ វាគិតតែខ្លួនឯង វាជាអ្នកបង្កខ្ញុំជាអ្នកទទួលខុសត្រូវ។ “កុំយំ” បងមេសាគាត់ចង់ទាញខ្ញុំទៅឱប តែប៉ានាងចេះតែសម្លឹងមុខនាង អ៊ីចឹងហើយបាននាងអង្អែលក្បាលខ្ញុំវិញ “ចុះលោកអ៊ំខ្មោចដទៃទៀត?” “ឱ្យខ្មោចនោះរម្លឹកឯងទៅ” “អាយ!” ខ្មោចមួយមកពីណាមិនដឹងទេ មកអង្គុយចំនឹងមុខខ្ញុំ ឃើញមុខរបស់ខ្មោចនោះហើយខ្ញុំស្រាប់តែដួលភ្លាមៗទៅលើសាឡុង។ ភិប…ខ្ញុំបានមកដល់ស្តុបជម្ពូវ័នខ្ញុំឈរនៅចំកណ្ដាលស្តុប។ ឡានម៉ូតូបានជិះបុកទម្លុះខ្ញុំជាច្រើនគ្រឿង ពេលនេះខ្ញុំស្ថិតជាព្រលឹង វិលវល់នៅកណ្ដាលស្តុប។ បានបន្តិចខ្ញុំបានឃើញបងមេសាគាត់ដុបខ្ញុំដែលជាមនុស្សពិត ខាងផ្លូវរបស់បងមេសាគឺភ្លើងក្រហមតែខ្ញុំជាមួយគាត់មិនបានឈប់នោះទេ ព្រោះឃើញខាងផ្លូវខាងស្ដាំនោះ គេមិនទាន់មក បងមេសាគាត់បន្ថែមល្បឿនជិះទៅយ៉ាងលឿន។ ទៅជិតដល់គោលដៅ ស្រាប់តែមានឡានដឹកនារីកម្មកររោងចក្រមួយឡានធំ។ ឡានមួយនោះបានជិះយ៉ាងលឿនវីសនឹងបុកម៉ូតូខ្ញុំ ខុសគ្នាតែកន្លះម៉ែត្រប៉ុណ្ណោះ។ ម៉ូតូរបស់បងមេសាបានទៅផុត តែឡានធំមួយនោះ បានឈប់នៅកណ្ដាលផ្លូវ ឡានដែលនៅខាងក្រោយឡានធំកុងត័ន័រនោះជាឡានដឹកកម្មកររោងចក្រ ឡាននោះមានទំហំធំគួរសម មនុស្សក្នុងនោះមានកម្មករប្រហែលជាហាសិបនាក់។ ដោយសារតែឡានកម្មករជាប្រភេទឡានធំ ពិបាកនឹងជាន់ហ្វាំង ណាមួយល្បឿនលឿនផង ក៏ជ្រុលមកបុកជាមួយនឹងឡានកុងត័ន័រដែលអកសឺព្រោះតែម៉ូតូបងមេសា។ “ផាំង!” ឡានកម្មកររោងចក្របានផ្ទុះភ្លាមៗ ព្រោះតែកម្លាំងបុកខ្លាំងឡានកម្មករបានក្រឡាប់និងឆេះយ៉ាងសន្ធោរសន្ធៅ។ ខ្ញុំឈរមើលទាំងស្លុតចិត្ត “នេះ…” ខ្ញុំឈរនៅកណ្ដាលផ្លូវដើរសន្សឹមៗទៅមើលឡានដែលកំពុងនឹងឆេះ។ “ក្ដៅណាស់ៗ! ជួយផង!” សំឡេងកម្មកររោងចក្របានបន្លឺឡើង ខ្ញុំឈរភ្លឹកមើលទៅពួកគាត់ ទឹកភ្នែកស្រាប់តែហូរមក រឿងគ្រប់យ៉ាងមកពីខ្ញុំ? ខ្ញុំជាអ្នកធ្វើឱ្យពួកគាត់បែកបាក់គ្រួសារ បែកបាក់ម៉ាក់ប៉ា បំផ្លាញជីវិតរបស់ពួកគាត់ខ្ញុំជាមនុស្សអាក្រក់។ ខ្ញុំអង្គុយចុះទៅលើថ្នល់យកដៃខ្ទប់ត្រចៀកភ្នែកមិនចង់ឃើញ មិនចង់ឮអ្វីទាំងនេះទៀតទេ ខ្ញុំខ្លាច ខ្លាចខ្លាំងណាស់។ “ហាៗ” សំឡេងដកដង្ហើមរបស់ខ្ញុំ ហើយពេលនេះកំពុងតែអង្គុយនៅមុខប៉ាបងមេសា មេឃចាប់ផ្តើមងងឹត ផ្លេកបន្ទោរឆ្វេចឆ្វាច ផ្គរលាន់ រង្គើរអស់មេឃដី។ “សងជីវិតយើង…សងជីវិតយើង” “នាងបំបែកយើងពីកូនយើង…” “នាងបំបែកយើងពីគូរដណ្ដឹងយើង…” “នាងបំបែកយើងពីគ្រួសារយើង…” “នាងសមតែស្លាប់!” សំឡេងខ្មោចទាំងនោះស្រែកព្រមៗគ្នា រំពងពេញត្រចៀកខ្ញុំ ពួកខ្មោចពេលនេះ នៅពេញផ្ទះរបស់បងមេសា ពួកវាឈរសម្លឹងមកខ្ញុំនិយាយពាក្យដដែលៗ អ្នកខ្លះក៏យំសោក អ្នកខ្លះស្រែកស្ដីបន្ទោស។ “ពួកខ្មោចតៃហោងឯងចង់បានអី?” ប៉ាបងមេសាឈរនៅជិតខ្ញុំចង្អុលទៅខ្មោចទាំងនោះ។ ប៉ាបងមេសាគាត់មកនិយាយបែបនេះ ដ្បិតអីបងមេសាគាត់ក៏ជាដើមហេតុ។ “ចង់បានជីវិតនាង! នឹងជីវិតនាងនោះមួយទៀត!” ខ្មោចទាំងអស់ចង្អុលមកខ្ញុំ ហើយក៏ចង្អុលទៅបងមេសា។ “ចុះបើអ្វីផ្សេង?” “មិនយក! យើងចង់បានតែជីវិតនាងពេជ្រ! ជាមួយជីវិតនាងមេសា! បើមិនបានទាំង២ យ៉ាងណាក៏បានមួយ!” ខ្មោចស្រែកមកម្ដងទៀត ខ្ញុំញ័រដៃញ័រជើង ក្នុងចិត្តបន់ស្រន់រកព្រះមកជួយ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ខ្ញុំមិនទាន់នឹងបានធ្វើជាប៉ូលិស ដើម្បីបំពេញក្តីស្រមៃផងស្លាប់ងាយៗយ៉ាងម៉េច? “បានៗ” ប៉ាបងមេសានិយាយហើយ ងាកខ្លួនព្រមទាំងបានយកកាំបិតមកកាត់ខ្សែដៃពណ៌ខ្មៅដែលបងមេសាឱ្យខ្ញុំ។ “ទេៗកុំចូលមក!” ខ្ញុំស្រែកមួយអស់សំឡេងតែវាយឺតពេលខ្មោចស្រីម្នាក់បានហោះមកកាច់បំបាក់កខ្ញុំ! ខ្ញុំហូរឈាមតាមមាត់ស្លាប់នៅនឹងកន្លែង។ “ពេជ្រៗ! អូន! លែងខ្ញុំ! ពេជ្រ! ប៉ាខ្ញុំជាដើមហេតុ ប៉ាឱ្យគេយកខ្ញុំទៅដែរទៅប៉ា…ប៉ាលែងខ្ញុំទៅប៉ាខ្ញុំទៅរកពេជ្រណាប៉ា” បងមេសាគាត់ស្រែកយំ ចង់មកតាមខ្ញុំ តែប៉ានាងជាមួយនិងកូនចៅបានចាប់នាងជាប់មិនឱ្យនាងមកតាមខ្ញុំនោះទេ។ “មែនខ្សែដៃ!” បងមេសាមើលទៅខ្សែដៃគាត់នឹងញញឹមតិចៗ រួចខាំវាឱ្យដាច់ ភ្លាមៗខ្មោចស្រីដដែលនោះបានហោះមកកាច់បំបាក់កបងមេសា នឹងបោះនាងឱ្យមកដេកក្បែរខ្ញុំ ខ្មោចទាំងអស់បានសមបំណងពួកគេហើយ ពួកគេបានរលាយនឹងបានសើចសប្បាយចិត្ត។ “ពេជ្រ បងស្រលាញ់អូន មានជាតិក្រោយបងសូមជួបអូនគ្រប់ៗជាតិណា” បងមេសាគាត់នៅសល់ដង្ហើមតិចៗ គាត់បានកាន់ដៃខ្ញុំគាត់ស្លាប់ទាំងស្នាមញញឹម។ ខ្ញុំឯនេះវិញមិនទាន់ស្លាប់ទេ ខ្ញុំក៏សល់ដង្ហើមតិចៗដែរខ្ញុំញញឹមទាំងបិទភ្នែក។ “បងមេសា ខ្ញុំពេលនេះស្លាប់ទៅបិទភ្នែកជិតហើយ ខ្ញុំអរគុណបងសម្រាប់រឿងកន្លងមក បងជាមនុស្សស្រីម្នាក់ដែលអស្ចារ្យ ខ្ញុំស្រលាញ់​បង សង្ឃឹមថាជាតិក្រោយ ខ្ញុំនឹងបានរស់នៅជាមួយបងបងមេសា” ខ្ញុំនិយាយក្នុងចិត្តមុននឹងផុតដង្ហើមទៅ៕ ចប់.

Chapter 2: សំណែនស្រីក្រមុំ

សូរិយារៀបអស្តង្គតទៅ ពន្លឺព្រិចៗក៏រសាយបាត់ទៅបន្តិចម្តងៗ ធ្វើឱ្យផ្ទៃវេហាងងឹតទៅម្តងបន្តិចៗ។ ពន្លឺព្រះចន្ទក៏រំលេចខ្លួនឡើង ភ្លឺចែងចាំងនាពេលរាត្រីក៏បំភ្លឺឡើង សំឡេងសត្វក៏រំពងឡើង ធ្វើឱ្យមនុស្ស ទាំងពួង ទន់ព្រះនេត្រាទោះបីចង់បើកក៏បើកមិនរួច កំហឹង អាម្មណ៍មួហ្មង សៅហ្មងទាំងឡាយក៏រលាយតាមព្រះវាយោ ។ ខ្យល់ត្រជាក់បក់ផាត់ប៉ះសាច់ធ្វើឱ្យត្រជាក់ស្រេប រហូតធ្វើឱ្យមនុស្សស្រីម្នាក់គេងលក់លង់ លក់រហូតដាស់មិនដឹងខ្លួន ? ផាំងៗៗៗៗ! ! ! ម៉ោង១:១៣:00នាទីទាបភ្លឺ! ! ! (សំឡេងម៉ោងរោទ៍ឮទីងៗៗៗៗ) ដៃធំៗជាមួយម្រាមដៃសុទ្ធតែស្នាម និងឈាមក្រហមក្រមៅ រីឯកែវភ្នែកពោលពេញដោយក្តីឈឺចាប់ និងទឹកភ្នែកហូរមកជាប់នឹងថ្ពាល់ ។ ដៃដ៏កម្សត់ទាំងគូរចាប់កាន់រូបថតនារីម្នាក់ ដែលនារីក្នុងរូបនេះចោមពុងនិងស្លៀកក្បិន ដៃម្ខាងកាន់ក្អមកៀកនឹងត្រកៀក ចំណែកដៃម្ខាងទៀតទ្របាតក្អម សក់រលោងរលាស់ ចំណែកឯកែវភ្នែកភ្លឺថ្លាដូចត្បូងពេជ្រ រន្ធប្រស្រីភ្នែកពណ៌ត្នោត….! «លោកម្ចាស់ឃុន! ដល់ពេវេលាហើយទាន! » «តោះទៅ » (សំឡេងខ្សាវៗចេញពីបបូរមាត់ដែលប្រេះហាក់ដូចមិនទាន់បានឆីទឹកពេញមួយថ្ងៃ និងនឿយហត់ដូចមិនទាន់បានឆីបាយនំចំណី)។ ពេលនោះមានអ្នកបម្រើស្រីបួនប្រាំអ្នកហែរអមពីក្រោយ ដោយដៃរបស់ពួកគេកាន់នូវគ្រឿងដង្វាយជាច្រើន ដែលមានដូចជា ភួងផ្កាម្លិះមួយភួង ទឹកមួយផ្តិល នំអន្សម ផ្លែឈើ និងឈាមស្រស់មួយផ្តិល។ លោកម្ចាស់ឃុនចាប់ផ្តើមលើកដៃស្តាំថ្មមៗចាប់បើកគន្លឹះសម្ងាត់មួយ រួចហើយទ្វាក៏ចាប់ផ្តើមបើក ពន្លឺភ្លឺទៀន គោម ចង្កៀង ក៏ចាប់ផ្តើមមានពន្លឺឡើង ភាយក្លិនផ្កាពិដោរសាយភាញពេញបន្ទប់ បើយើងក្រឡេកមើលពីចំហៀងឡើងលើយើងសង្កេតឃើញមានរចនាក្បាច់ក្បូរលើជញ្ជាំងដ៏ល្អប្រណិតកម្ររកបាន តែនៅកៀនជញ្ជាំងនោះមានឈើមួយធំល្មមរាងជ្រុង ដែលមានក្បាច់រចនាលាយឡំគ្នាជាមួយនឹងក្បាច់លោត ក្បាច់លាន …. ហើយកម្ពស់យើងនោះពុំសូវខ្ពស់ប៉ុន្មានប្រហែលមួយម៉ែត្រ រីឯបណ្តោយមានប្រវែង ពីរម៉ែត្រ ឈើទាំងអស់ត្រូវហ៊ុមព័ទ្ធជិត ដោយពីលើមានផ្កាជាច្រើនដាក់ពេញ។ មឈូស? «ពួកឯងឆាប់នាំគ្នាក្រៀកយកអ្នកនាងតូចឯងមក” លោកម្ចាស់ឃុននិយាយដោយដៃចង្អុលទៅម្ខាង។ អ្នកបម្រើប្រុសម្នាក់ចាប់ផ្តើមបើកគន្លឹះសម្ងាត់នោះមក មឈូសក៏បើកលោតចេញមកជាបន្ទះក្តាររាបស្មើលើដី ។ អ្នកបម្រើស្រីពីរអ្នកបានរៀបចំអាងងូតទឹកដែលធ្វើពីឈើខ្លឹមរួមជាមួយរចនាបទ ឆ្លាក់ ដាំ ដាប់ ជាច្រើន។ បន្ទាប់មកអ្នកបម្រើប្រុសពីរនាក់បានដងទឹកចាក់បំពេញអាង ។ «ឆាប់យកផ្កាម្លិះមកនិងទានមក!» អ្នកបម្រើស្រីម្នាក់បានយកផ្កាម្លិះឱ្យលោកម្ចាស់ឃុន រួចលោកម្ចាស់ឃុនក៏ចាក់ផ្កាម្លិះចូលក្នុងទឹក រួចហើយឱ្យអ្នកបម្រើស្រីជួយអុជទានជុំវិញអាងទឹក។ ពេលនោះ លោកម្ចាស់ឃុនបានយកផ្តិលដែលធ្វើពីស្ពាន់មានក្បាច់ក្បូរយ៉ាងរចនាពិសិដ្ឋមកដងទឹករួចងូតឱ្យសាកសពនៅលើក្តារដែលសេកស្លាំងគ្មានឈាមមួយដំណក់ បន្ទាប់ពីសម្អាតខ្លួនប្រាណរួចហើយ ប្តូរសម្លៀកបំពាក់ឱ្យសាកសពទាំងនោះសមរម្យ ថែមទាំងនិយាយថា៖ «សំណែនមនុស្សស្រីក្រមុំម្ចាស់បងអាចរកឱ្យបានហើយ ចាំបន្តិចសិនទៅណាម្ចាស់ប្អូន» ពេលនោះខ្ញុំឃើញគ្រប់រូបភាព រួចខ្ញុំបានយកដៃរបស់ខ្ញុំខ្ទប់មាត់ដើម្បីកុំឱ្យខ្លួនឯងស្រែក ស្រាប់តែពេលនោះជើងខ្ញុំថយថារត់ទៅបន្ទប់វិញ ស្រាប់តែជើងរបស់ខ្ញុំរត់ប៉ះនឹងចង្កៀងប្រេងកាតធ្លាក់បែក «នរណា? នរណាគេនឹង? ពួកឯងឆាប់ទៅមើលទៅ» សំឡេងលោកម្ចាស់ឃុនសង្កត់យ៉ាងខ្លាំងៗ។ ខ្ញុំភ័យណាស់ក៏ខ្លាចលោកម្ចាស់ឃើញ ព្រោះវាថ្ងៃធ្វើការទី១របស់ខ្ញុំផង ដោយសារឥទ្ធិពលនៃភាពភ័យខ្លាចខ្ញុំក៏រត់យ៉ាងលឿនដល់ក្នុងបន្ទប់ រួចយកភួយដណ្តប់ឡើងជិតក្បាល។ ខ្ញុំឈ្មោះ លីណា គឺ ឆន លីណា! ជានិសិ្សតដែលទើបចប់ខាងផ្នែករបាំប្រពៃណីនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប៉ុន្តែខ្ញុំមិនទាន់មានការងាធ្វើនៅឡើយទេ។ នេះមិនមែនជាសម័យអង្គរជាសម័យលង្វែកទេ វាជាសម័យបច្ចុប្បន្នហើយ។ ខ្ញុំជាអ្នកបម្រីថ្មីរបស់លោកម្ចាស់ឃុន ដែលត្រូវមករស់នៅទីនេះ ដោយសារតែបញ្ហាជីវភាពមានភាពយ៉ាប់យ៉ឺនទើបខ្ញុំត្រូវបង្ខំចិត្តមកធ្វើការនៅទីនេះ។ ប្រាប់ទៅចុះព្រោះតែប្រាក់ខែនៅទីនេះច្រើន មិនមែនតិចទេណាមួយខែ បាន១០០០ដុល្លាឯណោះ អ្នកណាមិនចង់ធ្វើ អាចនិយាយថាវានឹងធ្វើឱ្យគ្រួសារខ្ញុំប្រសើរឡើង។ ការនិយាយស្តីការស្លៀកពាក់គឺបែបបុរាណខ្លាំងណាស់ សូម្បីតែម្ហូបក៏ដូចគ្នាដែរ។ ព្រឹកបន្ទាប់… ថ្ងៃនេះជាថ្ងៃធ្វើការទី២របស់ខ្ញុំហើយ ប៉ុន្តែខ្ញុំមិនទាន់ធ្វើការបានភ្លាមៗនោះទេ ដោយសារតែខ្ញុំត្រូវរៀនពីរបៀបរស់នៅ ការនិយាយស្តី ការធ្វើម្ហូបបុរាណ របៀបបត់ផ្កាឈូក ក្រងផ្កាម្លិះជាដើមរយៈពេលមួយអាទិត្យសិន។ ខ្ញុំក៏ចេញពីបន្ទប់ចេញមករួមជាមួយសម្លៀកបំពាក់បុរាណជាមួយអាវចោមពុងនិងក្បិនថែមទាំងបួងសក់ទៅលើពាក់ភួងផ្កាម្លិះទៀត មើលទៅដូចអ្នកបម្រីៗពិតនៅក្នុងកុនអ៊ីចឹង ហាហា…! «ម៉ែអន!» ខ្ញុំហៅស្រ្តីចំណាស់ដែលធ្វើការនៅទីនេះជិត៥០សិនឆ្នាំហើយគឺតាំងពីលោកម្ចាស់ឃុនមិនទាន់កើតម្ល៉េះ។ «មកនេះម៏! ចាំម៉ែអនបង្រៀនឯងពីរបៀបរៀបផ្កា បត់ផ្កានិងក្រងផ្កាមិះ។ យ៉ាងម៉េចដែរយប់មិញដេកលក់ទេ?» ម៉ែអនសួរបណ្ដើរដៃបត់ផ្កាឈូកបណ្ដើរ។ «ចា៎! ម៉ែអន លក់ស្រួលណាស់» (មាត់ប្រាប់ថាលក់ស្រួលណាស់តែតាមពិតខ្ញុំគេងមិនសូវលក់ទេព្រោះទិដ្ឋភាពយប់មិញដក់ក្នុងខួរក្បាលខ្ញុំណាស់) ខ្ញុំឆ្ងល់ណាស់ខ្លាំងថាហេតុអីសម័យនេះហើយបែបជាក្នុងភូមិគ្រឹះនេះមករស់នៅបែបសម័យបុរាណទៅវិញ? ថែមទាំងមានមឈូសមានខ្មោចស្រីទៀត ខ្ញុំចង់សួរម៉ែអនពីព្រឹត្តិការណ៍យប់មិញណាស់ តែបើសួរទៅច្បាស់ជាគាត់ដឹងថាខ្ញុំដឹងរឿងនេះហើយទោះសួរក៏គ្មានចម្លើយអីដែរ អូយ!ឈប់គិតហើយព្រឺសម្បុរណាស់! តែពេលនោះខ្ញុំកំពុងបត់ផ្កាឈូក ភ្នែកខ្ញុំក៏ទៅចាប់ភ្លឹករបស់ម្យ៉ាងព្យួរលើជញ្ជាំង ខ្ញុំលេបទឹកមាត់ក្អឹកថាឈប់គិតហើយបែបជាមកឃើញរូបម្ចាស់ខ្មោចស្រីក្នុងរូបថតនោះទៅវិញ។ ពេលនោះខ្ញុំសួរទៅម៉ែអនភ្លាម «ម៉ែអនតើអ្នកនៅក្នុងរូបថតនោះជាអ្នកណា?» ខ្ញុំចង្អុលទៅរូបព្យូរលើជញ្ជាំងជិតរូបលោកម្ចាស់ឃុន «គឺជាអ្នកនាងតូចត្រូវជាប្អូនបង្កើតលោកម្ចាស់ឃុន» «ចុះពេលនេះអ្នកនាងតូចទៅណាបាត់ហើយម៉ែអន? » ខ្ញុំដឹងចម្លើយហើយគ្រាន់តែចង់សួរបញ្ជាក់ឱ្យច្បាស់ តែគ្មានចម្លើយពីម៉ែអនទេ។ ទឹកមុខម៉ែអនប្រែជាស្រអាប់នឹងរលីងរលោងចង់ស្រក់ទឹកភ្នែកមក ប្រហែលម៉ែអននឹងអ្នកនាងតូចជិតស្និទ្ធនឹងគ្នាណាស់មើលទៅ។ មួយស្របក់ក្រោយមកទើបម៉ែអនបន្លឺថា៖ «អ្នកនាងតូចទៅបាត់រហូតហើយ» ទឹកភ្នែកជាច្រើនតំណក់ហូរកាត់ថ្ពាស់ដ៏ជ្រីជ្រួញរបស់ស្រ្តីចំណាស់នេះ។ ដោយហេតុខ្ញុំមិនចង់ឃើញគាត់កើតទុក្ខបែបនេះក៏បង្វែរអាម្មណ៍ទៅសួរគាត់វិញ៖ «ម៉ែអន! ខ្ញុំក្រងផ្កានេះយ៉ាងមេចដែរទទួលយកបានអត់?» ម៉ែអនបានយកដៃឆ្វេងដ៏ជ្រីវជ្រួញរបស់គាត់រួមជាមួយសរសៃប៉ោងៗជូតទឹកភ្នែកចេញ ហើយក៏បន្តថា៖ «ឯងនេះក្រងបានស្អាតណាស់បង្រៀនទៅឆាប់ចេះណាស់» ក្រោយពីការងារទាំងនេះចប់ ហើយអាហារលោកម្ចាស់ឃុនត្រូវបានធ្វើរួចរាល់ ម៉ែអនក៏បានអនុញ្ញាតឱ្យខ្ញុំដើរលេងតែមុននឹងគាត់ឱ្យខ្ញុំដើរទៅលេងគាត់ហាមប្រាមកុំឱ្យទៅនៅព្រៃខាងក្រោយផ្ទះព្រោះគាត់ប្រាប់ថាខាងក្រោយជាព្រៃស្តុកសម្បូរសត្វព្រៃ ពិស បើមានអ្នកណាធ្វើអីទៅស្រែកក៏គ្មានអ្នកឮដែរ។ ជំហានខ្លីៗរបស់ខ្ញុំបានបោះដំណើរទៅមុខព្រោះតែស្លៀកក្បិនគឺពិបាកដើរណាស់។ នៅទីនេះបរិយាកាសល្អណាស់ទោះបីគ្មានម៉ាស៊ីនត្រជាក់ក៏ពុំមានអាម្មណ៍ថាក្តៅស្អុះដែរ។ ជួនកាលមានខ្យល់បក់មករវិចៗប៉ះសាច់ធ្វើឱ្យព្រឺរោមកង្កែបអស់ហើយ អា៎! ច្រឡំទេព្រឺរោមគីង្គក់ទេតើ។ ភ្នែកខ្ញុំកំពុងគយគន់ទេសភាពយ៉ាងល្អឯកនៅភូមិគ្រឹះនេះស្រាប់តែភ្នែកទាំងគូរបស់ខ្ញុំគ្រលៀសយ៉ាងលឿនទៅខាងក្រោយផ្ទះក៏ឃើញអក្សរធំៗមួយផ្ទាំងថា៖ «ព្រៃខ្មោចចងក» វឹប! ! ខ្ញុំលេបទឹកមាត់ក្អឹក អ៊ីយ៉ាស់សូម្បីតែឈ្មោះព្រៃសោះសូម្បីតែឮក៏គួរឱ្យខ្លាចដែរ។ ខ្ញុំក៏នឹកដល់សម្តីម៉ែអនថាព្រៃនេះសម្បូរសត្វព្រៃពិស ហើយបើមានអ្នកណាធ្វើអីស្រែកក៏មិនឮដែរ។ ខ្ញុំជាមនុស្សខ្លាចខ្លាំងណាស់ខ្លាចទាំងមនុស្សខ្លាចទាំងខ្មោច ប៉ុន្តែនៅសុខៗខ្ញុំក៏មានអាម្មណ៍ចង់ចូលទៅមើលក្នុងព្រៃនោះ ក៏គិតថាគ្រាន់តែចូលមើលវាមិនអីទេបើមានគិតអាក្រក់ក៏តាមនឹងចុះ និយាយលេងទេខ្ញុំណាទៅចិត្តងាយខ្លួនងាយនោះ។ ជើងឆ្វេងរបស់ខ្ញុំស្រាប់តែបោះទៅមុខមួយជំហាន បន្ទាប់មកជើងស្តាំក៏បន្តទៀត «លីណា!» រំពេចនោះខ្ញុំងាកទៅក្រោយភ្លាមយ៉ាងស្លន់ស្លោ បេះដូងលោតញាប់ៗរួចខ្ញុំឱនលុតជង្គង់ក្នុងនាមអ្នកបម្រើទៅកាន់ម្ចាស់ប្រុស៖ «ចា៎! លោកម្ចាស់ឃុន» «នេះម៉ែអនមិនបានប្រាប់ឯងទេអីថាកុំឱ្យទៅព្រៃខាងក្រោយព្រោះវាមានសត្វពិសសាហាវ បើឯងស្លាប់បាត់អ្នកណាមកបម្រើយើងជំនួសឯង» លោកម្ចាស់ឃុននិយាយទាំងកំហឹង «សូមខមាទោសផងទានប្រុស! ខ្ញុំមិនមានចេតនាទៅព្រៃក្រោយទេ» ខ្ញុំនិយាយទាំងឱនមុខចុះ «បើឯងគ្មានចេតនាទៅព្រៃខាងក្រោយ អ៊ីអ៊ីចឹងឯងចង់ទៅណា?» «គឺ…គឺ…គឺខ្ញុំម្ចាស់…» «នៅគឺៗនឹងហើយ ឆាប់និយាយភ្លាមមើលថាឯងចង់ទៅណា?» «គឺខ្ញុំម្ចាស់ចង់ទៅបត់ជើងតូច» ខ្ញុំមិនចង់កុហកលោកម្ចាស់ទេតែវាជាចាំបាច់ពិតមែន បើនិយាយតាមត្រង់ខ្ញុំនឹងអាចត្រូវលោកម្ចាស់ដេញចេញមិនខាន «បើចង់ទៅបត់ជើងគឺទៅខាងកើតនៅម្តុំខ្ទមនោះមិនមែននៅព្រៃខាងក្រោយផ្ទះទេ» «ចា៎! ទានប្រុស» «អ៊ីអ៊ីចឹងយើងទៅសម្រាកវិញហើយ បើមានការងារអីធ្វើក៏ទៅធ្វើទៅ» លោកម្ចាស់ដើរទៅដោយមិនបាច់ចង់ឮការឆ្លើយតបរបស់ខ្ញុំ មិនបានប៉ុន្មានជំហានផងលោកម្ចាស់ក៏ដើរមកវិញហើយពោលថា៖ «អ! យើងភ្លេចប្រាប់មួយទៀតថាបើមិនចង់ស្លាប់អត់អំពើនៅក្នុងព្រៃនោះទេកុំចូលទៅក្នុងព្រៃនឹង ប្រយ័ត្នគ្មានអ្នករកលុយឱ្យម៉ែឪទៅ» ហើយលោកម្ចាស់ក៏ដើរទៅផ្ទះធំទៅ អូយ! ! ! ព្រលឹងហោះស៊ីព្រលិតហើយ សំណាងហើយដែលលោកម្ចាស់មិនជ្រាបពីការពិត បើមិនអ៊ីចឹងទេស៊ីអំបិលប្រហុកហើយនាងអើយ។ ខ្ញុំក៏ងើបមកវិញរួចក៏បោសគូទខោយ៉ាងញាប់ដៃរួចក៏ដើរទៅផ្ទះបាយដើម្បីមករៀនបន្ថែមទៀត។ «ចាក់អើម៉ែអន!» «អូយយ៉ាស ! កាដុមឆែកកង្កែបឆា ត្រីប្រឡាក់មាន់ស្ងោរ…នេះសំណាងហើយដែលកាំបិតមិននៅជាប់ដៃបើមិនអ៊ីចឹងត្រូវរយះក្បាលជាពីរហើយនាង» ម៉ែអននិយាយបណ្ដើរធ្វើកាយវិការបណ្ដើរព្រមទាំងយកកាំបិតមកលលេងជាមួយក្បាលខ្ញុំទៀត «ម៉ែអន ! ខ្ញុំធ្វើលេងទេតើខ្ញុំមិនដឹងថាម៉ែចេះភ្ញាក់ឯណា» ខ្ញុំនិយាយទាំងសើចលលេងជាមួយគាត់។ ម៉ែអនក៏បន្ត៖ «អឺៗៗ! បានហើយ ឆាប់ទៅរៀបចំបាយទឹកឱ្យលោកម្ចាស់ទៅ រួចហើយលើកឱ្យលោកម្ចាស់ផងទោះបីលោកមិនពិសារក៏ទុកនៅនឹងសិនទៅ» «ចា៎! ម៉ែអន» ខ្ញុំក៏រៀបចំដួសបាយដាក់ក្នុងចានស្ពាន់ដែលដាប់ចម្លាក់ក្បាច់ខ្មែរនិងរូបគំនូរយ៉ាងស្រស់ត្រកាល រួចហើយក៏លើកបាយនិងម្ហូបដាក់ថាសពណ៌មាសអមជាមួយនឹងទឹកអប់ផ្កាម្លិះមួយផ្តិល។ ពេលនោះខ្ញុំថានឹងរៀបលើកថាសទៅហើយក៏ភ្នែកខ្ញុំនឹងប្រទះឃើញម៉ែនអនកំពុងតែរៀបទៀន ផ្កាភ្ញីនិងគ្រឿងសក្ការៈជាច្រើនទៀត។ ខ្ញុំក៏នឹកគិតក្នុងចិត្តថា «យី! ថ្ងៃនេះមិនមែនជាថ្ងៃសីលឯណា តែបើជាថ្ងៃសីលមែនល្ងាចទៅហើយនឹងតើម៉ែនអនយកគ្រឿងសក្ការៈបូជានោះទៅណា?» ដោយសារតែការចង់ដឹងចង់ឮរបស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តសួរគាត់៖ «ម៉ែអនយកគ្រឿងសក្ការៈបូជានោះទៅណាក្បាលល្ងាចហើយនឹង» «អឺ! វាជាទំនៀមទម្លាប់បុរាណគឺយកបូជាចំពោះអរុកអាក្សអ្នកតាដែលយើងបានសុំសេចក្តីសុខសេចក្តីសប្បាយ» និយាយបណ្ដើរហើយម៉ែអនងើបមុខខ្ញុំបន្តិចរួចក៏បន្តរៀបចំទៀត «ម៉ែនអន ឥឡូវល្ងាចហើយនឹងចុះយកទៅសែនពេលណាទៅ?» ខ្ញុំសួរទាំងនៅមន្ទិលសង្ស័យនិងសញ្ញាសួរពេញក្នុងក្បាល «ឯងកុំសួរច្រើនពេកមើលឆាប់លើកបាយទឹកឱ្យលោកម្ចាស់ឱ្យលឿនទៅ បើនៅតែចង់ចេះដឹងអ៊ីចឹងប្រយ័ត្នលោកម្ចាស់ដេញក្បាលចេញហើយអត់លុយឱ្យអ្នកផ្ទះទៅ ធ្វើការងាររបស់ឯងឱ្យល្អទៅប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ» «ចា៎! ម៉ែអន» ខ្ញុំតបដោយសម្តីរាបស្មើ១៨០ដឺក្រេជាមួយទឹកមុខក្រៀមក្រំព្រោះមុននឹងទើបតែលោកម្ចាស់ថាឱ្យខ្ញុំរឿងប្រយ័ត្នដេញចេញអត់ការងារធ្វើមកដល់ឡូវម៉ែអនក៏និយាយអ៊ីចឹងម្នាក់ទៀត។ ឈប់គិត ខ្ញុំក៏ចាប់លើកថាសបាយម្ហូបយ៉ាងរហ័សដើម្បីបំពេញការងារខ្ញុំឱ្យល្អ ខ្ញុំក៏ស្រូតដើរឱ្យលឿនដើម្បីឆាប់បានលោកម្ចាស់ពិសារបាយ ពេលនោះខ្ញុំដើរជិតដល់កន្លែងលោកម្ចាស់អង្គុយហើយស្រាប់តែ «ព្រូស» ជើងខ្ញុំចំពប់នឹងដុំថ្មមួយដុំយ៉ាងធំធ្វើឱ្យមុខខ្ញុំផ្កាប់នឹងដីហើយបាយសម្លក៏កំពប់អស់ ខ្ញុំក៏បន្លឺសំឡេងតិចៗថា៖ «អូយ» និយាយមិនទាន់រួចផុតពីមាត់ផងស្រាប់តែខ្ញុំឃើញជើងពីរធំៗនៅនឹងមុខខំ ពេលនោះខ្ញុំងើបមុខយ៉ាងសន្សឹមៗហើយក៏ឧទានយ៉ាងល្វើយៗ «លោកម្ចាស់» ខ្ញុំរហ័សងើបរួចក៏លុតជង្គង់តាមរបៀបអ្នកបម្រើរួចចង់និយាយអ្វីមួយ តែពេលនោះលោកម្ចាស់ក៏និយាយកាត់មុនថា «នេះឯងធ្វើការងារយ៉ាងរបៀបមេច? សូម្បីតែការងារតូចមួយឯងធ្វើមិនកើតផង ឯងចង់ឱ្យយើងដេញឯងចេញមែន?» «សូមទានប្រុសមេត្តាប្រោសប្រណី ខ្ញុំម្ចាស់គ្មានចេតនាទេ ខ្ញុំម្ចាស់មិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យរឿងនេះកើតឡើង» ខ្ញុំនិយាយបណ្ដើរលើកដៃសំពះបណ្ដើរហើយទឹកភ្នែកខ្ញុំរមៀលហូរមកដូចជាទឹកធ្លាក់ពីជ្រោះ «ការងារតូចមួយក៏ត្រូវប្រយ័ត្នដែរបើមិនចង់ឱ្យយើងរើសអ្នកបម្រើថ្មីមកជំនួសឯង» «អគុណទានប្រុសដែលប្រោសប្រណីនាងខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមសន្យាថានឹងប្រុងប្រយ័ត្នលើកក្រោយៗទៀត” ខ្ញុំនិយាយមិនទាន់នឹងចប់ផងស្រាប់តែអ្នកបម្រើប្រុស២ ៣នាក់ចេញមក «ឆាប់ចាប់នាងភ្លាមទៅ!» លោកម្ចាស់ឃុននិយាយរួចដៃចង្អុលមកខ្ញុំ ពេលនោះកម្លាំងដៃដ៏ខ្លាំងបានចាប់ដៃខ្ញុំទាំងសងខាងយ៉ាងខ្លាំងទោះខ្ញុំរើបម្រាស់យ៉ាងណាក៏មិនរួច «លោកម្ចាស់! ម៉េចក៏ចាប់ខ្ញុំ ខ្ញុំធ្វើអ្វីខុសទៅទាន? សូមមេត្តាប្រោសប្រណីកូនចាបកូនព្រាបដូចខ្ញុំផងទាន» និយាយបណ្ដើរខ្ញុំខំប្រឹងរមួលកដៃចេញពីបុរសទាំងពីរនាក់នោះបណ្ដើរ ទឹកភ្នែករបស់ខ្ញុំរមៀលមកដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយខ្ញុំរឹតតែរន្ធត់ជាមួយហេតុការណ៍ទាំងនេះ «ការងារតូចមួយឯងធ្វើមិនកើតផងបើមិនប្រដៅឯងខ្លះមេ្តចនឹងថ្ងៃក្រោយឯងចេះប្រយ័ត្នទៅ» «អាភឿន ! ឆាប់យករំពាត់ផ្តៅមកឱ្យយើង» «នេះទានម្ចាស់» អាភឿនហុចរំពាត់ផ្តៅឱ្យលោកម្ចាស់ហើយដើរចេញយ៉ាងឱនលំទោន «យើងត្រូវតែដាក់ទោសឯងឱ្យណាណីម្តង» ថាហើយលើកម្ចាស់ក៏យករំពាត់ផ្តៅវាយខ្នងរបស់ខ្ញុំឮសូរខ្វាច់ៗ។ យ៉ាងម៉េច? ដាក់ទណ្ឌកម្មដូចសម័យមុន? នេះ២០២១ហើយណា ទោះនេះជាផ្ទះបុរាណតែខ្ញុំជាមនុស្សមិនមែនសត្វទេ ខ្ញុំមានសិទ្ធិ… «អួយ!» ខ្ញុំចេះតែថាក៏បានត្រឹមស្រែកពេលគេវាយ។ បើចេញផុតពេលណាខ្ញុំប្តឹងឱ្យអស់សក់ក្បាលម្តងចាំមើលទៅលោកឃុន។ «ទានម្ចាស់ ! ខ្ញុំម្ចាស់សុំអង្វរកុំដាក់ទណ្ឌកម្មខ្ញុំម្ចាស់ខ្ញុំរៀងហើយ អូយៗៗ» ទោះខ្ញុំអង្វរលោកម្ចាស់ឃុនយ៉ាងណាក៏លោកម្ចាស់នៅតែវាយយ៉ាងពេញទំហឹងដោយកម្រោល សំឡេងរំពាត់នៅលើខ្នងខ្ញុំខ្វាច់ៗហាក់ដោយគ្មានការសណ្តោសប្រណីដូចវាយសត្វធាតុ វាយមិនដល់៥រំពាត់ពេលនោះស្រាប់តែ «ព្រូស! » ខ្ញុំបានបើកភ្នែកយ៉ាងសន្សឹមៗរួចហើយខ្ញុំក៏ក្រឡេកទៅខាងស្តាំដៃក៏ឃើញម៉ែអនអង្គុយនៅក្បែរខ្ញុំ ដោយទឹកមុខរាងស្រពោនបន្តិច «តើខ្ញុំនៅទីណា? ម្តេចក៏ខ្ញុំមកនៅទីនេះទៅកើត?» ខ្ញុំសួរទាំងមន្ទិលសង្ស័យមិនដែលសុខៗខ្ញុំមកដល់ទីនេះបានដោយរបៀបណា? ព្រោះពេលនោះខ្ញុំត្រូវគេវាយសន្លប់បាត់ទៅហើយ។ «គឺនៅបន្ទប់ឯង មុននេះឯងសន្លប់» ម៉ែអនឆ្លើយតបមកខ្ញុំទាំងមុខមិនសូវជារីកប៉ុន្មានទេ ខ្ញុំក៏ឆាប់ងាករកមើលប្រភពសំឡេង ច្បាស់ណាស់ប្រភពសំឡេងនោះនៅខាងឆ្វេងដៃខ្ញុំហើយខ្ញុំក៏ឧទានយ៉ាងតិចៗថា៖ «លោកម្ចាស់ឃុន!» ខ្ញុំចាប់ផ្ដើមខ្លាចគាត់ហើយភ្លាមនោះខ្ញុំក៏ឆាប់ក្រោកទាំងឈឺពេញខ្នង មិនទាន់ទាំងក្រោករួចផងលោកម្ចាស់ឃុនក៏ប្រាប់ខ្ញុំថា «មិនបាច់ក្រោកទេ ឱ្យយើងសុំទោសផងដែលមុននឹងយើងមិនអាចគ្រប់គ្រងអាម្មណ៍ជ្រុលដៃទៅវាយឯងយើងគ្មានចេតនាទេវាគ្រាន់តែជាអាម្មណ៍ខឹងមួយឆាវ» លោកម្ចាស់និយាយដូចខ្លួនមានកំហុស «អគុណលោកម្ចាស់ដែលសណ្តោសប្រណីដល់នាងខ្ញុំដោយមិនបណ្តេញនាងខ្ញុំចេញ លោកម្ចាស់មានឋានៈខ្ពង់ខ្ពស់មិនគួរមកសុំទោសអ្នកបម្រើដូចជានាងខ្ញុំទេ» «យើងខុសយើងសុំទោស ម៉ែអនដាំបបរឱ្យនាងនិងលាបថ្នាំឱ្យនាងផង យើងចេញទៅវិញហើយ» «ចា៎! ទានប្រុស!» ម៉ែអននិយាយទាំងឱនលំទោនរួចហើយលោកម្ចាស់ក៏ចេញទៅជាមួយអ្នកបម្រើបាត់ទៅ «ឆាប់បែរខ្នងមកចាំម៉ែលាបថ្នាំឱ្យ» ម៉ែអននិយាយបណ្ដើរថែមទាំងយកថ្នាំបណ្ដើរ «ចា៎! ម៉ែអន» ទោះខ្ញុំមិនបានយកដៃទៅស្ទាបខ្នងខ្ញុំក៏ដឹងថាខ្នងខ្ញុំមានស្នាមរំពាត់និងមានរលាត់ស្បែកចេញឈាមខ្លះដែរ រួចហើយខ្ញុំក៏បែរខ្នងឱ្យម៉ែអនលាបថ្នាំឱ្យ «អូយ!» «ទ្រាំបន្តិចទៅលាបហើយឥឡូវហើយណាលីណា» ម៉ែអននិយាយលួងលោមខ្ញុំ ពេលនេះខ្ញុំសុខចិត្តខាំមាត់សង្កត់ធ្មេញសង្កត់ចិត្តនឹងមុខរបួសនេះណាស់ «ម៉ែអន ? ម្តេចគ្រាន់តែខ្ញុំធ្វើឱ្យបាយសម្លកំពប់បែបនេះសោះ ហេតុអីលោកម្ចាស់វាយខ្ញុំខ្លាំងមេស?» ម៉ែអនក៏ដកដៃឈប់លាបថ្នាំឱ្យខ្ញុំមួយភ្លេតរួចក៏និយាយបណ្ដើរហើយក៏លាបបណ្ដើរ «កាលដែលលោកម្ចាស់វាយឯងខ្លាំងយ៉ាងនេះគឺដោយសារកំហឹងមួយឆាវដូចដែលលោកគាត់ជម្រាបមុននឹងអ៊ីចឹង ព្រោះតែពេលដែលឯងលើកបាយម្ហូបឱ្យលោកចំពេលដែលលោកមិនមានអាម្មណ៍ល្អគឺពេលលោកកំពុងកាន់រូបថតរបស់អ្នកនាងតូចនិងកំពុងនឹករម្លឹកដល់អ្នកនាងតូចយ៉ាងខ្លាំង» «ម៉ែអន សុំសួរមួយបានទេ?» «សួរអីក៏សួរមកតែឆ្លើយបានឬមិនបានចាំមើលសិន» «អ្នកនាងតូចស្លាប់បានប៉ុន្មានឆ្នាំហើយ?» «២៣ឆ្នាំហើយ» «២៣ឆ្នាំ?» ខ្ញុំភ្លាត់សំឡេងព្រោះតែភាពភ្ញាក់ផ្អើលដោយអ្នកនាងតូចស្លាប់ទៅយូរបែបនេះហើយតែលោកម្ចាស់នៅតែនឹករលឹករាល់ថ្ងៃនិងសភាពសាកសពនៅល្អបែបនេះ? «នឹងហើយ២៣ឆ្នាំហើយ យើងលាបថ្នាំឱ្យឯងហើយៗនោះបបរលើតុឆាប់ឆីទៅអាលចូលសម្រាក យប់ហើយ ស្អែកនឹងមានកម្លាំងធ្វើការមិនត្រូវយកលេសឈឺមកឈប់ទេ» «ចា៎! ម៉ែអន» ម៉ែអនក៏ចេញពីបន្ទប់ទៅដែលធ្វើឱ្យខ្ញុំបន្សល់នូវសញ្ញាសួរពេញក្បាល ខ្ញុំក៏លើកបបររួចហើយដាក់ចូលក្នុងមាត់រួចទំពាយ៉ាងឆ្ងាញ់ ដៃចេះតែដាក់បបរចូលក្នុងមាត់តែខួរក្បាលខ្ញុំនៅតែវិលវល់គិតអំពីរឿងបន្ទប់សម្ងាត់ដាក់មឈូស រឿងព្រៃខ្មោចចងក និងសាកសពអ្នកនាងតូចដែលស្លាប់ទៅ២៣ឆ្នាំទៅហើយហេតុអីមានសភាពដូចសាកសពដែលទើបនឹងស្លាប់ ខ្ញុំកំពុងតែគិតពេលនោះខ្ញុំក៏ឮសម្រែកស្រែកដង្ហើយហៅល្វើយៗ ជួយ! ជួយខ្ញុំផង… ស្ងាត់! ស្ងាត់ឱ្យជ្រាបគ្មានឮសំឡេងអីទៀតទេ។ មួយសន្ទុះក្រោយមកទើបខ្ញុំឮសំឡេងមនុស្សស្រីជាច្រើននាក់ឮតែ ជួយផង! ជួយខ្ញុំផង ! ជួយយកខ្ញុំចេញពីនេះទៅ ! ឮសំឡេងទាំងនោះខ្ញុំចាប់ផ្ដើមភ័យណាស់រួចក៏យកភួយដណ្តប់ពីចុងជើងដល់ចុងសក់ ខ្ញុំលែងគិតពីខ្នងឈឺអីទៀតហើយ ប៉ុន្តែសំឡេងនៅតែបន្តតែមាត់ខ្ញុំចេះតែសូត្រ ព្រះពុទ្ធព្រះធម៌ព្រះសង្ឈជួយកូនចៅផង។ សំឡេងនៅតែបន្តពេញទំហឹងក្នុងត្រចៀកខ្ញុំ ខ្ញុំក៏បានផ្ទៀងត្រចៀកគឺ …គឺខ្ញុំឮប្រភពសំឡេងនោះចេញពីព្រៃខាងក្រោយ ពេលនោះជើងខ្ញុំសាកតែដើរទៅមុខ ខ្ញុំព្យាយាមទប់ជើងខ្លួនឯងខ្លាំងណាស់ប៉ុន្តែវានៅតែបន្តទៅមុខរហូត រហូតដល់ខ្ញុំទៅដល់កន្លែងមួយគឺ”ព្រៃ..ខ្មោចចងក” ប៉ុន្តែជើងខ្ញុំនៅតែមិនឈប់ដើរប្រៀបដូចមានអីចាប់ឱ្យដើរអ៊ីចឹងមាត់ខ្ញុំទោះចង់ស្រែកក៏ដូចមានអីមកខ្ទប់ដែរគឺខ្ញុំមិនអាចសូម្បីតែហាមាត់រហូតខ្ញុំចូលទៅដល់ព្រៃធំមួយ រំពេចនោះជើងខ្ញុំក៏លែងដើរទៅមុខហើយខ្ញុំក៏លែងមានអាម្មណ៍ថានរណាខ្ទប់មាត់ខ្ញុំក៏ចាប់ផ្ដើមសង្កេតទៅឃើញថាខ្ញុំអាចឃើញព្រៃនៅទីនេះព្រាលៗព្រោះតែខែនេះជាខែភ្លឺហើយព្រៃនេះជាព្រៃស្តុកដូចដែលមែនអននិយាយមែនខ្ញុំកំពុងតែមើលៗក៏ឃើញដើមកកោះមួយដ៏ធំមិនដឹងជាមានអាយុកាលប៉ុន្មានឆ្នាំហើយ ភ្លាមនោះភ្នែកទាំងសងខាងខ្លួនខ្ញុំលែងកម្រើកទៀត ព្រោះតែខ្ញុំឃើញទិដ្ឋភាពមួយមិននឹកស្មានគឺខ្ញុំឃើញស្រីៗសុទ្ធតែចងកនៅក្រោមដើមកកោះនោះ ខ្ញុំភ័យស្លន់ស្លោណាស់ទើបមិនបានរាប់ថាមានស្រីប៉ុន្មាននាក់ទេដែលចងកនៅក្រោមដើមកកោះនោះ។ ខ្ញុំក៏ងាកទៅមើលចំហៀងទៀតគឺឃើញស្រី្តម្នាក់ឈរបែរខ្នងគឺស្លៀកពាក់ដូចជាខ្ញុំណាស់ហើយគេក៏បែរមករកខ្ញុំដោយសភាពជាខ្មោចតៃហោងគឺភ្នែកនាងបើកធំៗសក់សំពីងសំពោង ហើយក៏មានសភាពរឹតរួមជាមួយឈាមហូរចេញពីក ភ្លាមៗនោះខ្ញុំក៏ដួលអុកគូទមួយទំហឹងនឹងលើកដៃសំពះដោយនិយាយថា៖ «កុំធ្វើបាបខ្ញុំអី ខ្ញុំគ្មានចេតនាចូលមកទីនេះទេ» ខ្ញុំឱនមុខចុះមិនហ៊ានមើលមុខខ្មោចនោះទេ «ជួយពួកយើងចេញពីទីនេះផង» នាងនិយាយអមជាមួយទឹកភ្នែករលីងរលោង «ខ្ញុំជួយនាងដោយយ៉ាងមេចទៅ? សូម្បីតែពេលនេះខ្ញុំមិនអាចជួយខ្លួនឯងឱ្យគេចផុតពីនាងផងនឹង» ខ្ញុំពិតជាក្លាហានខ្លាំងណាស់ដោយហ៊ានសូម្បីតែនិយាយជាមួយខ្មោច «នាងទៅស្លាប់ទៅជួយពួកយើងបានហើយ» «វឹប!» ខ្ញុំស្ទុះងើបយ៉ាងលឿនទើបដឹងថាខ្ញុំយល់សប្តិហើយខ្ញុំបែកញើសឡើងប៉ុនៗគ្រាប់ពោត តែខ្លួនខ្ញុំទៅប្រឡាក់នឹងដីនិងមានអាម្មណ៍ថាចុកគូទណាស់ រួចខ្ញុំក៏យកដៃឱបក្បាលជង្គង់គិតពីរឿងយល់សប្តិ។ កំពុងតែគិតៗក៏ខ្ញុំឃើញពន្លឺចង្កៀងនៅឯក្រោមផ្ទះខ្ញុំក៏ចុះទៅមើលលបៗក៏ដឹងថាទ្វាគន្លឹះសម្ងាត់បានបើករួចទៅហើយខ្ញុំក្រឡេកមើលនាឡិកាដែលព្យូរនឹងជញ្ជាំងគឺបានចង្អុលម៉ោង១:២០នាទីហើយ ខ្ញុំទៅឃើញទិដ្ឋភាពដូចដែលឃើញថ្ងៃដំបូងតែក្រឡេកទៅប៉ះនឹងគ្រឿងសក្ការៈបូជាគឺជាគ្រឿងសក្ការៈបូជាដែលម៉ែអនរៀបទុកពីក្បាលល្ងាចទេតាស ប៉ុន្តែខ្ញុំមិនបានឃើញដង្វាយឈាមទេ «ថ្ងៃស្អែកជាថ្ងៃសីលពេញបូណ៌មីហើយម្ចាស់អូន សំណែនស្រីក្រមុំនឹងត្រូវបានសែននៅថ្ងៃស្អែកហើយប្អូននឹងទៅបានសុខហើយគ្រប់យ៉ាងក៏ត្រូវដោះស្រាយ» «សំណែនស្រីក្រមុំ?» ខ្ញុំឧទានតិចៗព្រោះខ្លាចមាននរណាមើលឃើញខ្ញុំ «មែនហើយ! នាងជាសំណែនទី២៣ដែលជាអ្នកអាចដោះបណ្តាសារភូមិគ្រឹះនេះ ប្អូនដឹងទេថានាងស្លូតបូតខ្លាំងណាស់ថ្ងៃមិញម្ចាស់បងបានវាយនាងរហូតដល់សន្លប់បងមិនគួរណាប្រើអាម្មណ៍ឆេវឆាវមួយពេលទេបងអាណិតនាងណាស់មិនដឹងថាពេលនេះនាងយ៉ាងមេចយ៉ាងម៉ាទេ» «ពុទ្ធោ! ! ខ្ញុំក្លាយ ជាសំណែនឱ្យខ្មោចម្ចាស់ស្រីនោះមែនទេព្រោះតែប្រាក់ខែមួយពាន់ពីរពាន់ខ្ញុំត្រូវលះបង់ជីវិតបែបនោះមែនទេ?» ខ្ញុំមិននឹកស្មានថាមានរឿងអ៊ីចឹងកើតមកលើខ្ញុំទេ ភ្លាមៗខ្ញុំក៏ទន់ជង្គង់ដួលលើដីដោយដៃខ្ញុំប៉ះចង្កៀងបានធ្វើឱ្យចង្កៀងធ្លាក់បែក «អ្នកណា? អ្នកណាគេ? ឯងឆាប់ចេញទៅមើលភ្លាម!» លោកម្ចាស់ឃុនបានបញ្ជាឱ្យពួកបម្រើប្រុសចេញមកមើលប្រភពសំឡេង ខ្ញុំខំប្រឹងរត់ខ្លាំងណាស់ តែដោយសារតែអាម្មណ៍ស្លន់ស្លោមិនដឹងជារត់ទៅណាឱ្យប្រាកដ រំពេចនោះគឺខ្ញុំដឹងខ្លួនឯងច្បាស់ខ្លាំងណាស់គឺខ្ញុំកំពុងតែនៅក្រោមដើមកកោះឯព្រៃខាងក្រោយផ្ទះ ខ្ញុំឃើញសុទ្ធតែខ្មោចស្រីគឺខ្ញុំចាប់ផ្ដើមរាប់ខ្មោចស្រីទាំងនោះគឺមាន២២នាក់ អ៊ីចឹងមានន័យថាខ្ញុំជាអ្នកដែលត្រូវចងទី២៣ ខ្មោចទាំងនោះគឺសុទ្ធសឹងតែមានអាយុប្រហាក់ប្រហែលខ្ញុំ និងស្លៀកពាក់ជាអ្នកបម្រើទាំងអស់។ ពេលនោះមានខ្មោចស្រីម្នាក់ក៏បែរមករកខ្ញុំសួរថា៖ «តើនាងចង់ដឹងការពិតរឿងទាំងនោះដែរទេ?» ខ្មោចស្រីទាំង២១ក៏នៅពីក្រោយខ្មោចស្រីដែលសួរខ្ញុំដែរ «ខ្ញុំលែងចង់ដឹងឮអីទៀតហើយសូមយកខ្ញុំចេញពីទីនេះផងខ្ញុំលែងចង់បានលុយទៀតហើយខ្ញុំគ្រាន់តែចង់មានជីវិតត្រឡប់មើលថែម៉ែដែលឈឺនៅផ្ទះនិងចង់រស់នៅជាមួយប្អូនៗខ្ញុំវិញទេ?» ទឹកភ្នែកជាច្រើនដំណក់រមៀលចេញពីភ្នែកខ្ញុំ ហើយខ្ញុំនិយាយទាំងលត់ជង្គង់នៅមុខខ្មោចទាំងនោះ «នាងប្រាកដដែរទេថានាងឈប់ចង់បានលុយហើយ? ចុះបើកាលដែលប្តូរជីវិតនាងទៅនឹងកាលដែលធ្វើឱ្យជីវភាពគ្រួសារនាងធូរធារតើនាងហ៊ានទេ?» ខ្ញុំស្លុតវង្វេងវង្វាន់ ក៏មិនដឹងតបថាម៉េចស្រាប់តែខ្មោចស្រីនោះបន្ថែម៖ «នាងស្ងាត់បែបនេះមានន័យថានាងហ៊ានមែនទេ ? នាងដឹងទេនាងជាសំណែនចុងក្រោយហើយដែលអាចធ្វើឱ្យវិញ្ញាណអ្នកនាងតូចនិងពួកយើងទៅទីបរមសុខលែងវិលវល់ហើយភូមិគ្រឹះនេះក៏លែងត្រូវបណ្តាសារដែរ ម្យ៉ាងទៀតគ្រួសារនាងនឹងមានជីវភាពធូរធារព្រោះតែលោកម្ចាស់ឃុននឹងផ្តល់មាសប្រាក់កែវកងនិងទ្រព្យសម្បិត្តជាច្រើន» «បើខ្ញុំក្លាយជាសំណែនគ្រប់គ្នានឹងមានក្តីសុខមែនទេ?» «មែន! នាងដឹងទេអ្នកដែលចូលមកទីនេះហើយគឺមិនអាចចេញមកវិញទេ ហើយពួកយើងទាំង២២នាក់នេះចូលមកទីនេះក្នុងគោលបំណងតែមួយគឺដើម្បីតែលុយរួមទាំងនាងផងដែរ ប៉ុន្តែការលះបង់ដោយការថ្វាយខ្លួនជាសំណែននេះមិនខាតបង់អ្វីឡើយក៏ព្រោះតែពេលនេះជីវភាពគ្រួសាររបស់យើងបានធូរធារខ្លាំងណាស់ យើងធ្វើគ្រប់យ៉ាងចង់ឃើញមនុស្សដែលយើងមានក្តីសុខ» ខ្មោចស្រីម្នាក់ទៀតនិយាយឡើងដោយទឹកមុខស្រពោន។ ទឹកភ្នែកខ្ញុំហូរមកស្រស្រាក់ព្រោះខ្ញុំចង់ខ្លាំងណាស់គឺចង់ឃើញមនុស្សដែលខ្ញុំស្រឡាញ់មានក្តីសុខមានផ្ទះនៅដែលសមរម្យឃើញម៉ែនិងប្អូនៗមានម្ហូបញុំាឆ្ងាញ់ៗ «ខ្ញុំគឺជាសំណែនទី១មកដល់ពេលនេះខ្ញុំរង់ចាំ២៣ឆ្នាំហើយដែលនៅក្នុងព្រៃនោះគឺដើម្បីរង់ចាំនាងមកជួយខ្ញុំនិងអ្នកគ្រប់គ្នា ប៉ុន្តែខ្ញុំមិនហត់ទេដែលរង់ចាំនាងព្រោះការលះបង់របស់ខ្ញុំបានឃើញមនុស្សខ្ញុំស្រឡាញ់មានក្តីសុខ» «ចុះធ្វើយ៉ាងមេចទើបខ្ញុំជួយអ្នកទាំងអស់គ្នាបាន?» «ពេលនាងទៅវិញនាងគ្រាន់តែថ្វាយខ្លួនជាដង្វាយឱ្យលោកម្ចាស់ទៅ» «មូលហេតុអីបានភូមិគ្រឹះនេះត្រូវបណ្តាសារ?» «ពួកយើងមិនដឹងទេដឹងត្រឹមតែថានាងជាដង្វាយចុងក្រោយដែលត្រូវថ្វាយដែលលែងឱ្យពួកយើងទៅចាប់ជាតិបានហើយភូមិគ្រឹះទាំងមូលក៏លែងត្រូវបណ្តាសារដែរ» ខ្មោចស្រីនៅខាងក្រោយគេក៏និយាយមកកាន់ខ្ញុំ៖ «លីណាៗៗ!» ខ្ញុំក៏បើកភ្នែកទៅគឺកំពុងឃើញលោកម្ចាស់ឃុនកំពុងតែដាស់ខ្ញុំ «ខ្ញុំម្ចាស់នៅទីណាទានប្រុស?» «គឺមុននេះឯងសន្លប់» «សន្លប់?» ខ្ញុំជាមនុស្សទន់ខ្សោយណាស់គឺឆាប់សន្លប់ ខ្ញុំឆាប់ភ័យឆាប់ស្លុតតាំងពីពុកគ្រោះថ្នាក់ចរាចរណ៍មក តែឆ្ងល់ថាខ្ញុំឃើញខ្មោចស្រីទាំងនោះម៉េចខ្ញុំមិនសន្លប់ទៅ «មែនហើយគឺសន្លប់នៅក្រោមផ្ទះ» «បើខ្ញុំលះបង់ខ្លួនខ្ញុំក្លាយជាសំណែនស្រីក្រមុំគ្រប់យ៉ាងនឹងល្អមែនទេ ទាំងគ្រួសារខ្ញុំ លោកម្ចាស់ផ្ទាល់ ម៉ែអននិងខ្មោចស្រីក្រមុំទាំង២២មែនទេ?» ខ្ញុំសួរទៅលោកម្ចាស់ដោយមើលមុខលោកម្ចាស់ហើយលោកម្ចាស់ក៏ទម្លាក់ទឹកមុខសោះថែមមួយកម្រិតរួចក៏តបមកខ្ញុំ៖ «មែនហើយអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើង» «តើលោកម្ចាស់ឱ្យខ្ញុំម្ចាស់ជឿចិត្តយ៉ាងមេចបើខ្ញុំស្លាប់បាត់មេចទើបខ្ញុំដឹងថាលោក ម្ចាស់បានប្រគល់ទ្រព្យសម្បិត្តឱ្យទៅគ្រួសារខ្ញុំ?» «អាពាង! ទៅយកកិច្ចសន្យាមក» «បាទទានប្រុស!» អាពាងក៏ចូលក្នុងផ្ទះបាត់ «លោកម្ចាស់! ម៉េចក៏លោកមិនសួរខ្ញុំម្ចាស់ថាខ្ញុំដឹងរឿងមកពីណាអ៊ីចឹង?» លោកម្ចាស់សើចចុងមាត់រួចក៏តបថា៖ «វាជាចេតនាទេដែលយើងឱ្យឯងឃើញបន្ទប់សម្ងាត់និងក្តារមឈូស» «ចេតនា?» ខ្ញុំដំឡើងសំឡេងបន្តិច «មែនហើយគឺចេតនា ហើយយើងក៏មិនឆ្ងល់ដែរថានាងដឹងរឿងមកពីណាគឺនាងដឹងពីខ្មោចក្រមុំទាំង២២ព្រោះវិញ្ញាណនាងនៅវិលវល់» «នេះទានប្រុសកិច្ចសន្យា» អាពាងហុចកិច្ចសន្យាហើយក៏ដើរចេញទៅ «នាងផ្តិតមេដៃទៅអ៊ីចឹងហើយនាងអាចទុកចិត្តយើងបានហើយពេលនាងធ្វើការនាងចប់យើងនឹងប្រគល់លុយ១០ម៉ឺនដុល្លា» លោកម្ចាស់បានហុចកិច្ចសន្យាមកឱ្យខ្ញុំរួចខ្ញុំក៏ទទួលយកនិងអានដោយប្រុងប្រយ័ត្ន «ឯងសម្រេចចិត្តសិនទៅហើយចាំព្រឹកមកប្រាប់យើងបើឯងយល់ព្រមយើងនឹងធ្វើពិធីដង្វាយម៉ោង៥:០០ល្ងាច» លោកម្ចាស់ក៏ដើរចេញហើយអ្នកបម្រើប្រុសក៏ដើរតាមពីក្រោយរួចទុកឱ្យខ្ញុំនៅកណ្តោចកណ្តែងម្នាក់ឯង។ ខ្ញុំប្រឹងស្រវាងើបហើយដើរទៅបន្ទប់ទាំងមីងមាំង ដៃស្តាំខ្ញុំចាប់បើកទ្វាទាំងគ្មានអាម្មណ៍ក្នុងខ្លួន រួចក៏ទយគូទលើគ្រែ ភ្នែកទាំងគូសម្លឹងមើលក្រដាសកិច្ចសន្យា ខ្ញុំពិតជាគ្មានជម្រើសទេហើយការលះបង់របស់ខ្ញុំនឹងធ្វើឱ្យមនុស្សដែលខ្ញុំស្រឡាញ់មានជីវភាពធូរធារជាមួយលុយយ៉ាងច្រើន ហើយវិញ្ញាណទាំងអស់ក៏លែងវិលវល់និងភូមិគ្រឹះនេះក៏រួចបណ្តាសារ។ សំឡេងមាន់រងាវគឺម៉ោង៥ហើយ ហើយខ្ញុំគឺមិនទាន់បានគេងទេ ខ្ញុំក៏ប្រញាប់យកទឹកលុបរួចក៏ឆ្លុះកញ្ជក់សភាពខ្ញុំគឺដូចមនុស្សឆ្កួតអ៊ីចឹង សក់ខ្ញុំរញ៉េរញ៉ៃ ភ្នែកខ្ញុំក៏ស្លក់ហើយខ្មៅដូចផេនដាអ៊ីចឹងហាហា «តុកៗៗ» (សំឡេងគោះទ្វា) «ចូលមក» ពេលនោះអ្នកបម្រើស្រី៤ ៥នាក់បានចូលក្នុងបន្ទប់ខ្ញុំថែមទាំងមានសម្លៀកបំពាក់គ្រឿងម្សៅទៀតផង រួចខ្ញុំសួរយ៉ាងឆ្ងល់ «តើពួកបងចូលមានការអីមែនថែមទាំងមានសម្លៀកបំពាក់មកជាមួយដែរ?» «លោកម្ចាស់បញ្ជាឱ្យពួកបងមកបន្តិចទៀតដឹងហើយ ពួកបងនាំឯងទៅងូតទឹកសិន» អ្នកបម្រើស្រីម្នាក់ក្នុងចំណោមប្រាំអ្នកនិយាយមកកាន់ខ្ញុំ រួចក៏កាន់ដៃខ្ញុំទៅកន្លែងងូតទឹក ។ នៅទីនោះខ្ញុំឃើញមានអាងហែលទឹកមួយដែលធ្វើអំពីឈើម្យ៉ាងយ៉ាងប្រណិតបើតាមខ្ញុំចាំមិនខុសគឺឈឺធ្នុងដែលដាប់ដាក់ដោយក្បួនរចនាបទម្យ៉ាងដូចជារៀបរាប់ពីព្រឹត្តិការណ៍នាសម័យណាមួយ ហើយបើខ្ញុំធ្លាប់រៀនប្រវត្តិសាស្ត្រពិតប្រាកដណាស់ជាព្រឹត្តិការណ៍សម័យលង្វែកដែលព្រះបាទចន្ទរាជាជាអ្នកឡើងសោយរាជ្យ រួមទាំងក្បាច់ចម្លាក់ផ្សេងទៀតតែក្បាច់ចម្លាក់ដែលខ្ញុំចាប់អាម្មណ៍ជាងគេគឺចម្លាក់ផ្កាក្រវ៉ាន់ដែលជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។ នៅក្នុងអាងនោះមានទឹកបំពេញហើយស្រាប់ដោយអប់ជាមួយផ្កាម្លិះជាច្រើន ភ្លាមនោះគេក៏ឱ្យខ្ញុំចូលក្នុងអាងទឹករួចពួកគាត់ងូតទឹកឱ្យខ្ញុំថែមទាំងខាត់ស្បែកជាមួយរមៀតពន្លៃទៀតផង ខ្ញុំមានអាម្មណ៍ថាធូរស្រាលនិងស្រស់ថ្លាណាស់។ បន្ទាប់មកពួកគាត់ក៏នាំទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយបំពាក់នូវគ្រឿងអលង្ការយ៉ាងល្អប្រណិត និងស្លៀកពាក់ដូចជាកូនក្រមុំដែលការនាពេលបច្ចុប្បន្នយើងអ៊ីចឹង។ ក្រោយស្លៀកពាក់រួចខ្ញុំក៏ត្រូវបានអ្នកបម្រើហែលហមដូចលោកស្រីម្ចាស់ ខ្ញុំមានអាម្មណ៍ថាថ្ងៃនេះផ្ទះត្រូវបានរៀបចំហើយបាយសីជាច្រើនថ្នាក់ ពេលខ្ញុំចុះមកក្រោមខ្ញុំក៏ឃើញម៉ែអនមុនគេ «ស្អាតខ្លាំងម្លេះកូនលីណា!» ម៉ែអនចាំដៃខ្ញុំហើយទាញខ្ញុំឱ្យទៅអង្គុយកន្លែងមួយយ៉ាងសមរម្យ «ស្អាតមែនហ៎ម៉ែនអន?» ខ្ញុំសួរដោយមិនភ្លេចញញឹមញញែមទេ «មែនតាស! ម៉ែមិននិយាយលេងទេ» «អរ! ម៉ែអន តើថ្ងៃនេះលោកម្ចាស់រៀបចំពិធីអីដែរ?» ម៉ែអនទម្លាប់ទឹកមុខនិងនិយាយតិចៗថា «វិធីសែនសំណែន» «ម៉ែអន តែនេះខ្ញុំមិនទាន់បានផ្តិតមេដាយយល់ព្រមទេណា» «នាងបានផ្តិតហើយទេតើ» សំឡេងលោកម្ចាស់ចេញពីក្នុងផ្ទះរួចដើរសំដៅមកខ្ញុំថែមទាំងក្នុងដៃមានក្រដាសកិច្ចសន្យាទៀតផង «ខ្ញុំមិនទាន់បានផ្តិតទេលោកម្ចាស់» «នាងសាកមើលខ្លួនឯងមើល!» លោកម្ចាស់បានហុចកិច្ចសន្យាមកឱ្យខ្ញុំ គឺខ្ញុំបានឃើញមានស្នាមមេដៃខ្ញុំផ្តិតហើយរួចមែនតែខ្ញុំពិតជាមិនដឹងមែនថាខ្ញុំបានផ្តិតទាំងពីពេលណា តែខ្ញុំក៏មិនប្រកែកដែលរព្រោះខ្ញុំសម្រេចចិត្តច្បាស់ហើយមុននិងក្រោយខ្ញុំក៏គង់តែផ្តិត។ «ថ្ងៃនេះយើងរៀបចំពិធីទាំងអស់សម្រាប់នាង» លោកម្ចាស់បានទះដៃបីដងពេលនោះអ្នកបម្រើប្រុសស្រីជាច្រើនលើកបាយទឹកមកយ៉ាងច្រើនលោកក៏បន្តថា «នេះឆីទៅសម្រាប់នាងទាំងអស់» «លោកម្ចាស់និងម៉ែអនខ្ញុំសុំអ្នកទាំងពីរហូបបាយជាមួយខ្ញុំបានទេ» «នាងលះបង់សម្រាប់យើងច្រើនណាស់ហេតុអីរឿងតូចតាចមួយយើងធ្វើសម្រាប់នាងមិនបាន» លោកម្ចាស់និយាយរួចក៏អង្គុយថែមទាំងពមបាយមួយម៉ាត់យ៉ាងមានក្តីសុខ ខ្ញុំក៏មិនក្រែងចិត្តលោកម្ចាស់ដែរព្រោះខ្ញុំចង់សាកភ្លក្សម្ហូបសម័យមុនគឺថាឆ្ងាញ់ខ្លាំងណាស់ ខ្ញុំញុំាយ៉ាងឆ្អែតបន្ទាប់មកពេលនោះលោកម្ចាស់ក៏ទះដៃបីដងហើយអ្នកបម្រើប្រុសស្រីក៏លើកចានឆ្នាំងចេញទៅ។ ភ្លាមនោះក៏មានការសូត្រមន្ត ក្រុងពាលីដែរ រួចហើយការចាប់ផ្ដើមសម្តែងសិល្បៈក៏ចាប់ផ្ដើមខ្ញុំធ្លាប់តែឈរលើកឆាកហាត់រាំរបាំតែពេលនេះខ្ញុំបែបមកអង្គុយមើលវិញ អ្នករាំរបាំជំនាន់មុនគឺមានភាពរស់រវើកណាស់មើលយ៉ាងណាក៏មិនជិនណាយ ខ្ញុំស្ទើរតែភ្លេចថាបន្តិចទៀតខ្ញុំត្រូវស្លាប់ដែរ។ របាំក៏ត្រូវបានបញ្ចប់ខ្ញុំក៏មិនភ្លេចងាកមើលម៉ោងដែរពេលនេះគឺម៉ោង៤:៥៥នាទីល្ងាចហើយ ពេលនេះក៏មានអ្នកបម្រើប្រុសនាំខ្ញុំទៅកណ្តាលហ្វូងមនុស្សហើយបានឱ្យខ្ញុំលត់ជង្គង់ចុះដើម្បីថ្វាយខ្លួនជាដង្វាយ «លោកម្ចាស់មុននឹងខ្ញុំស្លាប់ទៅ តើលោកអាចឆ្លើយនឹងខ្ញុំបានទេថាហេតុអ្វីភូមិគ្រឹះនេះជាប់បណ្តាសារហើយហេតុអ្វី២៣ឆ្នាំហើយសាកសពអ្នកនាងតូចមានសភាពដូចាជាមនុស្សទើបស្លាប់អ៊ីចឹង?» ខ្ញុំក៏ងាកមើលម៉ោងឃើញថាម៉ោង៤:៥៩ហើយ «…..» គ្មានចម្លើយ ខ្ញុំដឹងតែម្យ៉ាងគឺពេលនេះលោកម្ចាស់បានកាន់កាំបិតមួយយ៉ាងធំសំដៅមករកខ្ញុំ ហើយលោកក៏បានយកកាំបិតមកអាកខ្ញុំដោយមានផ្តិលស្ពាន់មួយសម្រាប់ត្រងឈាមដែលពេលនោះខ្ញុំដឹងថាខ្ញុំបានដាច់សរសៃបំពង់កហើយបិទភ្នែកយ៉ាងសន្សឹមៗទៅ៕.

Chapter 3: ពិធីជប់លៀង

រាជធានីភ្នំពេញ មុខព្រះបរមរាជវាំងព្រះអាទិត្យកំពុងចាប់ផ្តើមលិចបន្សល់ពន្លឺខ្លះៗធ្វើឱ្យផ្ទៃទឹកទន្លេនិងពពកក្រហមច្រាលនៅលើដើមឈើមានសត្វស្រែកចេចចាចចំណែកឯលើផ្លូវមានព្រាបរាប់សិបផ្តុំគ្នាដើរទាំងហ្វូងចឹកចំណីតាមដងមាត់ទន្លេ។ មនុស្សម្នាមកម្តុំមុខវាំងមកដើម្បីអង្គុយសម្រាកកម្សាន្តល​ម្ហែប្រាណបន្ធូរបន្ថយអារម្មណ៍តានតឹងពីការងារ។ ចំណែកខ្ញុំមកទីនេះដើម្បីរម្លឹកមេរៀនមួយកំភ្លូសនេះ។ ខ្ញុំឈ្មោះភពអាយុ២២ឆ្នាំជានិស្សិតពេទ្យឆ្នាំទី៤ហើយនៅសល់តែមួយសប្តាហ៍ទៀតខ្ញុំត្រូវប្រឡងបំណាច់ឆ្នាំហើយ។ ជាទម្លាប់ខ្ញុំតែងតែមករម្លឹកមេរៀនកន្លែងមនោរម្យបែបនេះណាស់។ រាល់ថ្ងៃខ្ញុំបានប្រាក់ឧបត្ថម្ភពីម៉ែឪរបស់ខ្ញុំមកពីខេត្តមិនពិបាកធ្វើអីហត់ទេរស់រានសុខស្រួលគឺដេកស៊ីតែម្តង​ តែក៏មិនដល់ថ្នាក់ភ្លើតភ្លើនរហូតធ្វេសប្រហែសក្នុងការរៀនសូត្រនោះដែរ ហេតុនេះធ្វើឱ្យខ្ញុំពូកែជាងចំណោមសិស្សដទៃទៀតហើយនឹងក្លាយជាពេទ្យម្នាក់សម្រាប់បម្រើជាតិក៏ដូចជាសមនឹងកិត្តិនាមរបស់ឪពុកម្តាយខ្ញុំផងដែរ។ ដូចជាហូរហែណាស់ហើយយូរៗម្តងខ្ញុំងើយមុខឡើងលើដោយធ្វើមាត់ជីបអូចៗផងដែរជាទម្លាប់ខ្ញុំរាល់ពេលទន្ទេញមេរៀន។ ភ្លាមពេលខ្ញុំទម្លាក់មុខមកវិញ ខ្ញុំស្រាប់តែភ្ញាក់នឹងបុរសចំណាស់ម្នាក់ដែលទើបនឹងមកអង្គុយបង់ក្បែរនេះ ខ្ញុំមើលគាត់ហើយមើលទៀតមិនដាក់ភ្នែក ចម្លែកណាស់ គាត់ស្លៀកក្បិនអាវសដូចជាមិនមែនមនុស្សសម័យកាលនេះទេ គាត់ឆ្លងភពទេដឹង? ចិត្តខ្ញុំនឹកភា្លមទៅដល់ដំណាលរឿងដែលខ្លួនឯងធ្លាប់មើលដូចមនុស្សឆ្លងភពអីជាដើម។ ខ្ញុំខំផ្ទៀងសម្លឹងជុំវិញខ្លួនខ្លាចក្រែងមានគេថតកុន តែហាក់គ្មានឃើញអ្វីដូចរំពឹងសោះ ឯមនុស្សដែលអង្គុយជុំវិញក៏គ្មានឃើញអ្នកណាសម្លឹងមកតាចម្លែក ឬគាត់ធ្លាប់មកម្តុំនេះហើយស្លៀកពាក់បុរាណអ៊ីចឹងធ្លាប់ទៅហើយ? ខ្ញុំសម្លឹងគាត់ជាថ្មី គាត់មានពុកមាត់រិចៗអាយុប្រមាណ៤០ក្រាស់ ប្រហែលមួយនាទីក្រោយបុរសចំណាស់ម្នាក់នោះបានមកក្បែរខ្ញុំហើយគាត់ឱនមកពោលប្រាប់៖ “ចៅដឹងទេកាលពី៤០ឆ្នាំមុនតាក៏មកអង្គុយបង់នេះដើម្បីរម្លឹកមេរៀនដែរ!” ខ្ញុំជ្រួញចិញ្ចើមមិនយល់ សែសិបឆ្នាំមុនជំនាន់អី? ពេញនិយមនឹងការអង្គុយអានសៀវភៅដូចនេះដែរអ្ហែស? សែសិបឆ្នាំមុនគាត់ប្រហែលទើបប្រាំបីប្រាំបួនឆ្នាំទេដឹង? ខ្ញុំងាកមើលសៀវភៅវិញធម្មតាមិនតបទៅគាត់យ៉ាងណាទេ ព្រោះមិនដឹងនិយាយអី។ “មិនអីទេ!” លោកតានិយាយខ្លីក្រោយពេលឃើញខ្ញុំស្ងាត់ដូចមាត់គេចុកបាត់។ គាត់អង្គុយចុះក្បែរខ្ញុំរួចគាត់បាននិយាយវែកញែកបូបាច់ពីវេជ្ជសាស្ត្រធ្វើឱ្យខ្ញុំស្តាប់ចំហរមាត់ធ្លុង ទាំងដែលរឿងទាំងនោះខ្ញុំហាក់មិនធ្លាប់បានចួបសោះ តែបើតាមដឹងត្រួសៗទៅវាដូចជាការព្យាបាលតាមបែបបុរាណម៉េចមិនដឹង គាត់មកចំដូចដឹងខ្ញុំនឹងរៀនពេទ្យអ៊ីចឹង ហើយខ្ញុំក៏បានសាសងសន្ទនាជាមួយគាត់វិញឡើងមួយសន្ទុះធំដែរ។ ហើយពេលនោះគាត់ស្រាប់តែនិយាយប្តូររឿងភ្លាម… “ចៅចូលចិត្តភ្លេងរបាំបុរាណដែរទេ?” ខ្ញុំគាំងភ្លាមខ្ញុំមិនសូវចូលចិត្តភ្លេងរបាំបុរាណស្អីនោះទេតែខ្ញុំខ្លាចក្រែងចិត្តចគាត់ខ្ញុំងក់ក្បាលផ្ងក់ៗឆ្លើយញឹមៗ៖ “បាទខ្ញុំចូលចិត្តខ្លាំងណាស់!” “ត្រូវហើយ!តាគិតថាចៅប្រាកដជាចូលចិត្ត” លោកតាតបទាំងសើចក្អឹកៗ។ “ចៅគិតយ៉ាងណាបើតាអញ្ចើញចៅទៅចូលរួមពិធីជប់លៀងមួយនៅផ្ទះរបស់តានៅថ្ងៃស្អែកនេះហើយពួកយើងមានការប្រគុំភ្លេងចួបជុំគ្នានោះ?” ខ្ញុំរៀបឆ្លើយនឹងគាត់ហើយស្រាប់តែគាត់ប្រះខ្លួនងើបពីបង់ហើយបានហុចសំបុត្រពណ៌សបិតដោយទឹកទៀនមួយដែលដកចេញពីត្រង់ណាមកមិនដឹង រួចហុចឱ្យមកខ្ញុំ “សង្ឃឹមថានឹងមានវត្តមានរបស់ចៅទៅចូលរួម គ្រួសាររបស់យើងប្រាកដជាសប្បាយរីករាយមិនខាន!” ខ្ញុំមើលមុខគាត់ទាក់ទើរក្នុងចិត្ត វាមិនដែលមនុស្សមិនស្គាល់គ្នាផង ត្រឹមនិយាយត្រូវរ៉ូវគ្នាពីរឿងព្យាបាលប៉ុណ្ណឹងមកហៅឯទៅជប់លៀង? តានេះធ្វើខួបអីចង់យកចំណងដៃទេដឹង? ខ្ញុំអេះក្បាលតិចៗសម្លឹងគាត់មិនដាក់ភ្នែក តាបោះសំបុត្រអញ្ជើញដាក់លើបង់ហើយនិយាយតិចៗ៖ “តាសង្ឃឹមថាចៅនឹងទៅ!” គាត់និយាយផងសើចក្អឹកៗផងរួចដើរចេញទៅបាត់។ ខ្ញុំមិនទាន់បាននិយាយមួយម៉ាត់ថាខ្ញុំព្រមឬមិនព្រមផង តែពេលនោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាគិតរវើរវាយម៉េចមិនដឹងគ្រាន់តែបានប៉ះសំបុត្រអញ្ជើញនោះ។ តែម្យ៉ាងខ្ញុំគិតថាមិនអីទេមើលទៅគាត់រួសរាយគួរឱ្យចូលចិត្តណាស់ ខ្ញុំនឹងទៅចូលរួម តែ…វាហាក់ចម្លែកត្រង់ថា ម៉េចក៏ក្នុងសំបុត្រមិនសរសេរអ្វីសោះ? ទូត!ទូត! ទូរសព្ទទាក់ទងបានតែគ្មានអ្នកទទួលសោះ ខ្ញុំសម្រេចថាទៅពិធីជប់លៀងរបស់តាចម្លែកនោះ តែក្នុងសំបុត្រគ្មានប្លង់ គ្មានអាសយដ្ឋាន មានតែលេខទូរសព្ទមួយខ្សែរតេហើយមិនទទួលទៀត។ រួចគ្មានអីត្រូវនិយាយលោកតានោះលេងសើចនឹងខ្ញុំពិតមែន។ ទីត!ទីត! សំឡេងស៊ីផ្លេឡានពណ៌ខ្មៅរលោងស្រិលបានបន្លឺមុខបន្ទប់ខ្ញុំ។ ត្រូវហើយឡាននោះប្រាកដជាមកទទួលខ្ញុំមិនខានទេ តែ…គាត់ស្គាល់កន្លែងខ្ញុំនៅដោយរបៀបណា បើពេលនិយាយគ្នាខ្ញុំអត់បានប្រាប់ផងនឹង? ខ្ញុំស្រវាំងភ្នែកមួយភ្លែត ក៏ឃើញខ្លួនឯងដើរតម្រង់ឡានមួយគ្រឿងនោះទាំងសប្បាយចិត្ត លោកតាមើលទៅបុរាណៗតែមានណាឡានឡើងថ្មីស្រឡាងលោកអើយ។ ខ្ញុំប្រញាប់ឡើងឡាន។ “ព្រះ” ខ្ញុំខ្ញុំភ្លាត់មាត់ព្រោះនឹកមិនដល់ថា អ្នកបើកឡានក៏ស្លៀកពាក់បុរាណដូចលោកតាចម្លែកនោះដែរទេ។ ឡានចាប់ផ្តើមចេញដំណើរ។ ខ្យល់តាមបង្អូចបក់មកផើយៗត្រជាក់ស្រួលណាស់ខែភ្លឺដូចយប់១៥កើត ត្រូវហើយ! ព្រោះថ្ងៃនេះជាយប់១៥កើត។ បន្តដំណើរមកដូចជាយូរដែរតែ…អ្នកបើកឡានដូចជាមិនមានសួរនាំខ្ញុំមួយម៉ាត់ណាសោះ ធ្វើដូចជាខ្ញុំជាភ្ញៀវមិនត្រូវបានគេអញ្ជើញ អ៊ីចឹង។ ណ្ហើយ…! ឡានបន្តដំណើរហូតផុតតំបន់ក្រុង។ ភ្លើងបំភ្លឺតាមផ្លូវក៏គ្មានឡើយដែរតែផ្លូវនៅតែអាចមើលឃើញព្រោះពន្លឺព្រះចន្ទចោលមក។ “នេះផ្ទះលោកតាចំណាស់នោះទៅដល់ណាទៅ? គាត់បោកខ្ញុំទេដឹង? “ ខ្ញុំនិយាយខ្សាវៗម្នាក់ឯង។ “ទេ…បើគាត់បោកខ្ញុំគាត់ឱ្យអ្នកបើកឡានមកយកខ្ញុំធ្វើអី?” ខ្ញុំដកដង្ហើមធំមួយរួចឈប់គិត។ វាដូចជាឆ្ងាយក្រុងដែរហើយ ផ្លូវស្ងាត់ជ្រងំ មើលមិនឃើញអ្វីក្រៅពីវាលស្រែ។ “មានផ្ទះ!” ខ្ញុំភ្ញាក់ផ្អើល។ ជិះឆ្ងាយដែរហើយទើបមកឃើញផ្ទះមួយខ្នងនេះ តែវានៅដាច់ពីគេឆ្ងាយមែនទែន ហើយមានតែមួយខ្នងនឹងទៀត ជុំវិញផ្ទះនេះងងឹងសូន្យសុងរកមើលអ្វីមិនធ្លុះសោះ ស្រាប់តែសំឡេងស្អកៗមួយតបមកខ្ញុំ៖ “ប្រហែលគេទើបមកសាងសង់ផ្ទះតំបន់នេះហើយ” ខ្ញុំងាកភ្លែតមើលទៅកញ្ចក់ខាងមុខ គាត់ស្តាប់ឮពាក្យក្នុងចិត្តខ្ញុំ? តែខ្ញុំបែរជាធម្មតាស្រាប់ទៅហើយ៖ “អ៎! បាទ!” ខ្ញុំតបគាត់ដោយងក់ក្បាលតិចៗ ហើយក៏បន្តសួរគាត់មួយសំណួរបន្ថែម៖ “នេះយើងជិតដល់ហើយនៅបង” ស្ងាត់…ស្ងាត់ជ្រងំម្តងទៀតបុរសបុរាណនោះមិនតបខ្ញុំជំនួសមកដោយសំឡេងខ្យល់បក់ចូលតាមបង្អួចវូរៗ…ត្រជាក់ស្រេប។ បន្តិចក្រោយខ្ញុំឃើញមានផ្ទះកាន់តែច្រើនធ្វើឱ្យខ្ញុំកាន់តែភ្ញាក់ផ្អើលជាយក្រុងពេលនេះមិនស្ងាត់ដូចពីមុនទេ។ ខ្ញុំឃើញមានផ្ទះធំមួយនៅចុងគេ។ នោះជាផ្ទះរបស់លោកតានោះហើយ។ ឡានបានមកដល់របងផ្ទះដ៏ធំស្កឹមស្កៃសាងសង់ឡើងពីឈើទាំងអស់រចនាបទខ្មែរសុទ្ធសាធមានដើមឈើធំតូចជាច្រើនតែផ្ទះទាំងមូលបំភ្លឺដោយពន្លឺទៀននិងចន្លុះទៅវិញ។ ខ្ញុំចុះពីលើឡានៗក៏ទៅហួសខ្ញុំបាត់ ធ្វើឱ្យខ្ញុំចម្លែកចិត្តណាស់ដែរ។ គ្រាន់តែមកជិតរបងទ្វារភ្លាមរបងទ្វារចាប់ផ្តើមបើកក្រាក។ “យី!ផ្ទះលោកតាទំនើបតើ!” ខ្ញុំពោលរួចដើរចូលក្នុងផ្ទះបណ្តើរ។ គ្រាន់តែឈានជើងចូលភ្លាមសំឡេងពិណពាទ្យប្រគំយ៉ាងគ្រលួចរំពងអឺងកងសំឡេងមនុស្សម្នាចេញពីក្នុងផ្ទះមកដូចជាអ៊ូអរខ្លាំងណាស់។ ខ្ញុំបានឃើញដើមពោធិ៍ធំមួយបែកខ្លួនជាពីរធ្វើឱ្យខ្ញុំមើលមិនចង់ដាក់ភ្នែក។ ខ្ញុំបានឡើងជណ្តើររួចបានចូលទៅខាងក្នុងធ្វើឱ្យខ្ញុំស្រឡាំងកាំងមួយរំពេចព្រោះអ្នកនៅក្នុងកម្មវិធីទាំងអស់មានស្រីចាស់ប្រុសក្មេងសុទ្ធតែស្លៀកពាក់តាមបែបបុរាណទាំងអស់។ លោកតាចំណាស់បានមកទទួលរាក់ទាក់ខ្ញុំ។ “អញ្ជើញមកហើយហីចៅ? មោះ! មកអង្គុយក្បែរនេះម៏!” លោកតាបានដើនាំខ្ញុំទៅកន្លែងដែលមានមនុស្សម្នាកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ភ្នែកចោលទៅអ្នករបាំពត់ពែនអែនអនយ៉ាងទន់ភ្លន់តាមភ្លេងឥតដាក់ភ្នែកឡើយ។ ខ្ញុំអង្គុយស្មៀមដូចគេដូចឯង។ បន្ទាប់ពីរបាំមួយបានបញ្ចប់របាំមួយអ្វីផ្សេងទៀតបានចូលមកដល់។ មិនមានអ្នកណានិយាយជាមួយខ្ញុំមួយម៉ាត់ណាឡើយ។ កុំថាឡើយនិយាយ សូម្បីតែទឹកមួយកែវទទួលភ្ញៀវគ្មានផង។ បើកុំតែខ្ញុំខ្លាចបាត់បង់ភាពថ្លៃថ្នូររបស់ខ្ញុំ កុំអីមិននៅអង្គុយទីកន្លែងដែលបុរាណដ៏គួរឱ្យធុញទ្រាន់មួយនេះទេ កោតចិត្តណាស់ដែលខ្ញុំអាចមកទីនេះបាន។ នេះជាពិធីជប់លៀងយ៉ាងម៉េចទៅលោកអើយ។ លោកតាក៏មិនដឹងគាត់ទៅណាហើយដែរ ទុកឱ្យខ្ញុំអង្គុយឡិងឡង់ម្នាក់ឯង អស់ទៅពេលជាយូររបាំបានបញ្ចប់។ មនុស្សម្នាបានប្រះខ្លួនក្រោករួចធ្វើដូចជាលាគ្នាត្រលប់ទៅវិញ។ “នេះពួកគេទៅផ្ទះហើយមែនទេ?” ខ្ញុំភ្លាត់មាត់និយាយម្នាក់ឯង។ លោកតាបានលេចមុខម្តងទៀត ខ្ញុំបានដើរឱនៗទៅរកលោកតាហើយសួរគាត់៖ “លោកតា! កម្មវិធីគេចប់ហើយមែនទេលោកតា?” “ចប់ហើយចៅ” លោកតាឆ្លើយមកខ្ញុំយ៉ាងខ្លីធ្វើឱ្យខ្ញុំជ្រួញចញ្ចើម។ “ចៅមកយឺតពេលបន្តិចទើបមកមិនទាន់គេ “លោកតាបន្ថែម “អ៊ីចឹងខ្ញុំសុំទៅផ្ទះដែរហើយលោកតា” ខ្ញុំនិយាយតបគាត់ “ទៅចុះអរគុណសម្រាប់វត្តមានរបស់ចៅ!” លោកតាតបខ្ញុំយ៉ាងភ្លាវខ្ញុំស្មានថាគាត់នឹងឃាត់ខ្ញុំឱ្យទៅនៅហូបអីសិនកម្មវិធីជប់លៀងស្អីមិនមានស្អីបន្តិចសោះក្រៅពីមកឱ្យអង្គុយមើលរបាំទាំងនេះពិតជាឆ្កួតមែន។ ខ្ញុំបានលាលោកតារួចដើរចុះទៅក្រោមទាំងមុខជូរគ្រប់គ្នាដែលបានមកចូលរួចក៏បាត់អស់ទៅណាមិនដឹងប្រហែលគេទៅផ្ទះអស់ហើយមិនដែលម៉ែអាណាទៅអីម្តងទាំងអស់គ្នាអ៊ីចឹងទេ។ មិនខ្វល់ច្រើនខ្ចិលខ្វល់ ដើរឱ្យតែលឿនប្រញាប់បានទៅដល់ក្រៅ។ ដើរដល់ក្រៅរបងភ្លាមឡានដដែលដែលជូនខ្ញុំមកបានលេចចេញមកពីណាមិនដឹងមកពីមុខខ្ញុំ។ ខ្ញុំឡើងឡានរួចយកទូរសព្ទចេញពីហោប៉ៅមកមើលម៉ោង… ១២:៣៤ ស្អីគេមកតែមួយភ្លែតសោះម៉ោង១២ហើយ? ខ្ញុំប្រុងឆាតទៅមិត្តភក្តិតែម្តុំនេះគ្មានសេវាឱ្យប្រើការបានសោះ។ ខ្ញុំដាក់ទូរសព្ទចូលក្នុងហោប៉ៅវិញរួចផ្តេកខ្លួនទៅនឹងកៅអីឡាន។ ខ្យល់ត្រជាក់ៗធ្វើឱ្យខ្ញុំស្រាប់តែលង់លក់បាត់… ហឹក!!..ខ្ញុំដង្ហក់ខ្យល់បើកភ្នែកឡើងទាំងសក្បុស ខ្ញ…ខ្ញុំមិនបាននៅលើឡានទៀតទេខ្ញុំកំពុងនៅក្នុងព្រៃតែម្នាក់ឯង? ក្បែរខ្លួនខ្ញុំមានសុទ្ធតែផ្នូរខ្មោចទាំងអស់ជុំវិញហុំព័ទ្ធទៅដោយដើមឈើតូចធំមានទាំងគុម្ពឬស្សីស៊ុបទ្រុប។ ដៃជើងខ្ញុំចាប់ផ្តើមញ័រទទ្រើកដោយភាពតក់ស្លុតបេះដូងចាប់ផ្តើមលោតញាប់ទៅៗខណ:ញើសចាប់ផ្តើមហូរស្រោចមកតាមជើងសក់។ “មិនអាចបែបនេះទេ! មិនអាចបែបនេះទេ!” ខ្ញុំយកដៃជ្រោងសក់ក្បាលខ្លួនឯងដោយភាពរន្ធត់និងស្លុតចិត្តបំផុត។ តើខ្ញុំមកទីនេះបានដោយយ៉ាងម៉េច? ខ្ញុំហូរទឹកភ្នែកដោយភាពតក់ស្លុតពេក ខ្ញុំស្ទើរតែស្រែកយំហ៊ូទៅហើយតែយំក៏យំមិនចេញដែរ។ ខ្ញុំខំប្រះខ្លួនងើបឡើងទាំងច្រងាប់ច្រងិលឈរទ្រេតទ្រោតរួចងាកមើលជុំវិញខ្លួនម្តងទៀតដោយដង្ហើមមិនចង់ដល់គ្នា។ ខ្ញុំភ័យយ៉ាងខ្លាំងហើយប្រញាប់រត់តម្រង់ទៅមុខទាំងត្រហេបត្រហបគ្មានទិសដៅ។ រត់ផងងាកមើលឆ្វេងផងស្តាំផងក្រោយផងស្រាប់តែ… ព្រូស…ជើងខ្ញុំទាក់នឹងវល្លិដួលខ្ពោកទៅនឹងដី។ ខ្ញុំប្រឹងងើបឡើងទាំងត្រដាបត្រដួសស្រាប់តែខ្ញុំឃើញផ្នូរដ៏ធំមួយនៅពីមុខខ្ញុំ ផ្លេកបន្ទោរបាញ់ព្រាក ធ្វើឱ្យខ្ញុំមើលឃើញច្បាស់ថា ផ្នូរមួយនេះធំចម្លែកជាងគេ ឯនៅចំហៀងផ្នូរមានដើមឈើធំមួយដែលបែកខ្លួនជាពីរ ធ្វើឱ្យខ្ញុំនឹកឃើញកាលខ្ញុំដើរចូលទៅផ្ទះលោកតានោះផ្ទះគាត់ក៏មានឈើធំបែកជាពីរនេះនៅចំហៀងផ្ទះគាត់ដែរគឺវាជាដើមពោធិ៍នោះ។ ឬមួយផ្ទះដែលខ្ញុំឃើញនោះជាផ្នូរមួយនេះ? គ្រាន់តែគិតដល់ត្រឹមនេះខ្ញុំចាប់ផ្តើមងើបឡើងរួចរត់…រត់យកតែមែនទែនមិនដឹងថារត់ទៅណាទេ។ រត់បានឆ្ងាយបន្តិចស្រាប់តែមានផ្លូវកៅស៊ូនៅពីមុខខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ព្រោះបានមកដល់ថ្នល់វិញហើយ។ ខ្ញុំអរស្ទើរគាំងបេះដូងតែម្តង។ បន្តិចក្រោយមកមានឡានបើកមកកាត់ផ្លូវនេះធ្វើឱ្យខ្ញុំមានសង្ឃឹមឡើងវិញ។ឡានបានឈប់បន្ទាប់ពីខ្ញុំបក់ដៃហៅ។ ម្ចាស់ឡានពិតជាចិត្តល្អណាស់គាត់បានឱ្យខ្ញុំបន្តរដំណើជាមួយគាត់។ ខ្ញុំបិទភ្នែកដកដង្ហើមចេញយ៉ាងវែងដើម្បីបន្ធូរអារម្មណ៍ពីរឿងដែលបានកើតឡើងអម្បញ់មិញនេះ។ ដូចជាធ្ងន់ក្បាលរួចក៏លង់លក់ទៅ… វឹប!..ផូង!.. ខ្ញុំភ្ញាក់ព្រើតព្រោះសំឡេងរន្ទះបាញ់មួយគ្រាប់ហឹងពេញត្រចៀក។ ខ្ញុំភ្ញាក់ឡើងមកវិញទាំងស្រពេចស្រពិល។ វឹប!.. ឡានបានឈប់តែមិនឃើញម្ចាស់ឡានទេ។ គាត់បានបាត់ហើយ ខ្ញុំអើតក្បាលមើលតាមបង្អួចកញ្ចក់ឡានទើបខ្ញុំដឹងថាខ្ញុំកំពុងនៅមុខផ្ទះលោកតាចម្លែកនោះ។ ហឹក!!…ខ្ញុំដង្ហក់ខ្យល់បើកភ្នែកឡើងទាំងសក្បុស។ ខ្ញុំមិនច្បាស់ថាខ្លួនឯងកំពុងធ្វើអីទេប៉ុន្មានម៉ោងនេះ ចាប់តាំងពីខ្ញុំបានកាន់សំបុត្រអញ្ជើញមួយនឹងមក នៅមុខខ្ញុំពេលនេះ គឺលោកតាចម្លែក ហើយគាត់កំពុងបើកឡាននេះឯង….

Chapter 4: ផ្ទះចាស់នៅភូមិម៉ាសុីនបូម

រឿងពិតរបស់ផ្ទះមួយខ្នងស្ថិតនៅភូមគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ជាផ្ទះដែលបានសាងសង់ឡើងរួចរាល់ប្រាំមួយខែមុនសម័យខ្មែរក្រហមចូលមកដល់ហើយបានបន្សល់ទុកនូវរឿងរ៉ាវអភិនីហារជាច្រើនមុនពេលត្រូវបានម្ចាស់ផ្ទះនិមន្តព្រះសង្ឃមកសូត្រមន្តស្រោចទឹករំដោះគ្រោះ។ សួស្ដី!ខ្ញុំឈ្មោះ សុធាវី រឿងរ៉ាវដែលខ្ញុំនឹងរៀបរាប់ខាងមុខនេះគឺជារឿងដែលកើតឡើងនៅលើផ្ទះរបស់ខ្ញុំ ជាផ្ទះដែលខ្ញុំរស់នៅតាំងពីកើតមករហូតធំធាត់ឡើងដូចសព្វថ្ងៃ។ ផ្ទះយើងស្ថិតនៅភូមិគារ២ ជាភូមិដែលនៅឆ្ងាយពីផ្លូវជាតិលេខប្រាំប្រហែលជិត២គីឡូមែត្រហើយស្ថិតនៅបណ្ដោយត្រើយខាងលិចស្ទឹងមោង ឬស្ទឹងដូនទ្រី ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកភូមិម៉ាស៊ីនបូមគឺសម្ដៅទៅលើផ្ទះប៉ុន្មានខ្នងដែលស្ថិតនៅជុំវិញរោងម៉ាស៊ីនបូមទឹកសម្រាប់យកទឹកពីស្ទឹងទៅចាក់ឱ្យរថភ្លើងកាលពីសម័យសង្គមរាស្រ្តនិយម។ ទោះបីជាពេលក្រោយមកក្នុងទសវត្សរ៍ឆ្នាំ៨០ ដែលមានរថភ្លើងប្រើប្រាស់ឡើងវិញពិតមែនប៉ុន្តែម៉ាស៊ីនបូមមិនត្រូវបានយកមកប្រើប្រាស់ទៀតនោះទេហើយវាក៏ក្លាយជាកន្លែងលេងកម្សាន្តរបស់ក្មេងៗតាំងពីជំនាន់ម៉ាក់ខ្ញុំរហូតមកដល់ជំនាន់ខ្ញុំអ៊ីចឹងទៅ។ នៅក្នុងឆ្នាំ២០១៩សេវាកម្ម រថភ្លើងដឹកអ្នកដំណើរជាខ្សែរថភ្លើងត្រង់ពីភ្នំពេញទៅបាត់ដំបងបានចាប់ផ្ដើមដំណើរការឡើងវិញបន្ទាប់ពីផ្អាកចរាចណ៍អស់ជាង២០ឆ្នាំប៉ុន្ដែរោងម៉ាស៊ីនបូមទឹករបស់យើងបានចាស់ទ្រុឌទ្រោមមិនអាចនឹងបន្តស្ដាប់សំឡេងរថភ្លើងទៀតទេហើយវាក៏ត្រូវបានវាយកំទេចចោលនៅក្នុងឆ្នាំ២០១៩នេះដូចគ្នាដើម្បីពង្រីកដីធ្វើផ្លូវក្រាលកៅស៊ូ។ រោងម៉ាស៊ីនបូមក៏បាត់រូបរាងទៅនៅសល់តែឈ្មោះពីពេលនោះមកទាំងដែលខ្ញុំអត់ដែលបានថតរូបជាមួយវាសូម្បីមួយសន្លឹក! បកមកវិញនៅក្នុងពេលឥឡូវនេះប្រហែលជាគ្មាននរណាគេនិយាយអំពីផ្ទះមួយខ្នងនៅភូមិម៉ាស៊ីនបូមនេះទៀតទេឬមួយក៏គេបំភ្លេចវាចោលអស់ហើយព្រោះគ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់ប៉ុន្តែបើកាលពីមុនឆ្នាំ២០០៨វិញគេមិនហ៊ានរម្លឹកព្រោះគេខ្លាចចំណែកសាក្សីខ្លះដែលបានឃើញផ្ទាល់ក៏មានខ្លះបានស្លាប់ទៅហើយដែរឯក្មេងៗជំនាន់ក្រោយដឹងត្រឹមតែថាផ្ទះនេះមានម្ចាស់ដែលដាំស្រកានាគនិងធ្វើផ្សិតចំបើងប៉ុណ្ណោះ។ ចំណុចពិសេសរបស់ផ្ទះនេះនៅត្រង់ថាវាត្រូវបានសាងសង់រួចរាល់រយៈពេល៦ខែមុនចូលសម័យប៉ុលពតគឺសង់ឡើងដោយឪពុករបស់ប៉ាខ្ញុំ។ ផ្ទះនេះជាផ្ទះតែមួយគត់ដែលមានបាសំាងទឹកសម្រាប់ទុកទឹកប្រើប្រាស់នៅក្នុងភូមិគារ២នេះតែតាមខ្ញុំដឹងផ្ទះគេនៅភូមិផ្សេងក៏គ្មាននរណាសង់បាសាំងទឹកនេះដែរព្រោះគេប្រើពាងធំៗវិញហើយដែលមានបាសាំងទឹកនេះក៏មិនមែនលោកតាខ្ញុំធ្វើដែរគឺធ្វើឡើងដោយពួកប៉ុលពតទៅវិញទេ។ បាសាំងទឹកនៅផ្ទះខ្ញុំគេធ្វើឡើងដោយរៀបឥដ្ឋប៉ាតស៊ីម៉ង់ឡើងផុតពីដីកម្ពស់ប្រហែល១មែត្រកន្លះហើយមានរាងជាចតុកោណកែងបណ្ដោយប្រហែល២មែត្រកន្លះ ទទឹងជាង១មែត្រកម្រាស់ក្រាស់ល្មមដើម្បីកុំឱ្យជ្រាបទឹកតែមិនដឹងទេថាបានគេសង់វាឡើងក្នុងគោលបំណាងណាមួយឱ្យប្រាកដ។ គិតថាបើសិនអ្នកទាំងនោះបានដឹងរឿងរ៉ាវបន្តបន្ទាប់ទាក់ទងនឹងបាសាំងទឹកនេះនៅពេលក្រោយតើពួកគាត់យល់យ៉ាងណា? ខ្ជិលឆ្ងល់រឿងពួកគាត់គិតយ៉ាងម៉េចយើងបន្តទៅទៀត ផ្ទះនេះជាផ្ទះម៉ូតកន្តាំងទំហំបីខ្នងមួយខ្នងខាងក្រោយសម្រាប់ធ្វើជាផ្ទះបាយដែលជាទម្លាប់របស់ប្រជាជនក្នុងតំបន់គេចូលចិត្តសង់ផ្ទះរបៀបនេះប៉ុន្តែបច្ចុប្បន្នផ្ទះដែលមានលក្ខណៈបែបនេះនៅសល់តែ២ឬ៣ខ្នងប៉ុណ្ណោះដោយសារវិវឌ្ឍភាពនៃសង្គម។ ក្រោយរបបប៉ុលពតបានបញ្ចប់គ្រួសារយាយខ្ញុំក៏បានវិលមកផ្ទះវិញប៉ុន្តែផ្ទះទំហំបីខ្នងដែលមានលក្ខណៈពេញលេញត្រូវបានគេរើខ្នងខាងក្រោយអស់ទាំងមូល មួយផ្នែកធំនៃខ្នងខាងមុខនៅសល់តែរនូតនិងបង្អួចមួយចំនួននៃខ្នងកណ្ដាលត្រូវបានគេរុះចេញសរុបមកគឺបាត់បង់លើសពីពាក់កណ្តាលផ្ទះតែយ៉ាងណាក៏គ្រាន់បើជាងផ្ទះរបស់យាយទួតខាងម៉ាក់ខ្ញុំដែលអស់រលីងនៅសល់តែគ្រោងផ្ទះតែម្ដង។ ដូច្នេះសរុបមកផ្ទះខ្ញុំនេះចាត់ទុកថាមានតែពីរខ្នងប៉ុណ្ណោះ។ ពីមុនមកម៉ាក់ខ្ញុំបានប្រាប់ថាឈើផ្ទះដែលបាត់ទៅត្រូវបានគេយកធ្វើអុសដុតដោយហេតុថាពេលទើបចេញពីរបបប៉ុលពតម្នាក់ៗខ្លាចមិនហ៊ានដើរឆ្ងាយទៅរកអុសអីទេព្រោះខ្លាចជាន់មីនដោយតំបន់នេះសុទ្ធតែព្រៃហើយមីននឹងក៏សម្បូរពិតមែន ប៉ុន្តែការពិតទៅផ្នែកខ្លះគេយកធ្វើអុសមែនតែផ្នែកខ្លះទៀតវាត្រូវបានអ្នកជិតខាងដែលគេត្រលប់មកដល់ស្រុកមុនគ្រួសារយាយខ្ញុំហើយអត់មានផ្ទះនៅទើបរើយកម្នាក់មួយផ្នែកយកមកផ្សំផ្គុំនឹងឈើដែលគេមានខ្លះបានជាផ្ទះខ្លួនគេគ្រាន់ជ្រកភ្លៀងជ្រកខ្យល់នឹងឯង។ ចំពោះសសរផ្ទះវិញយើងដឹងហើយថាចាស់ៗពីដើមគាត់ចូលចិត្តសង់សសររាងមូលធំៗផ្ទះខ្ញុំអាចមានសសររាងតូចបើប្រៀបធៀបនឹងផ្ទះពីដើមតែបើប្រៀបនឹងផ្ទះឈើសម័យឥឡូវធំជាងពីរបីដងអីដែរហ្នឹង!យ៉ាងណាសសរផ្ទះនេះមិនមានលក្ខណៈរលោងស្រិលអីដូចដែលយើងស្រមៃនោះទេ គ្រាន់តែវាធ្វើពីឈើល្អពណ៌ខ្មៅតែប៉ុណ្ណឹងឯង។ ជាបន្តាប់ទៀតផ្ទះនេះត្រូវបានដាក់ជាថ្លៃខាន់ស្លាពេលដែលប៉ាចូលដណ្ដឹងម៉ាក់ដូច្នេះពេលរៀបការរួចផ្ទះនេះគឺជាកម្មសិទ្ធម៉ាក់និងប៉ា។ ពេលរស់នៅដំបូងៗអត់អីទេព្រោះនៅជុំគ្នាច្រើនគ្រួសារ។ កាលនោះឆ្នាំ១៩៩២នៅមានពួកប៉ុលពតចូលមកម្ដងម្កាលនៅឡើយហើយម្នាក់ៗក្រណាស់គ្មានលទ្ធភាពសង់ផ្ទះនៅខ្លួនឯងទើបរស់នៅជុំគ្នាក្រោមដំបូលតែមួយជិត១០គ្រួសារសុទ្ធតែបងប្អូនខាងប៉ាទាំងអស់។ ក្រោយពេលដែលគ្រប់គ្នាមានផ្ទះនៅរៀងៗខ្លួនហើយរើចេញអស់គ្រប់យ៉ាងក៏ចាប់ផ្ដើមផុសរូបរាងឡើង ដែលវាមិនមែនទើបនឹងកើតឡើងប៉ុន្តែដោយសារម៉ាក់ខ្ញុំទើបនឹងមានឱកាសចួបនឹងឯង… កំណប់លើដី… រឿងដែលខ្ញុំនឹងចាប់ផ្ដើមដំបូងគឺរឿងកំណប់… ខ្មែរយើងមានជំនឿណាស់លើរឿងកំណប់ជាពិសេសអំឡុងពេលមុនឆ្នាំ២០១០។ ភាគច្រើនគឺគេយល់សប្តិឃើញមានគេហៅឱ្យទៅយកកំណប់ឬមានហោរាទាយពីកំណប់នៅត្រង់នេះឬត្រង់នោះឬក៏វាសនាអ្នកនេះអ្នកនោះត្រូវបានកំណប់ជាដើម។ ចំពោះផ្ទះខ្ញុំគឺវាកើតឡើងទាំងពីរយ៉ាង។ ដំបូងគឺរឿងហោរទាយ… តាសុងត្រូវជាពូរបស់ប៉ាបានជួបហោរម្នាក់នៅជំរុំទាយថាមានផ្ទះមួយខ្នងមានបាសាំងទឹកនិងមានដើមក្រសាំងខាងមុខផ្ទះៗនោះមានកំណប់តែគាត់យកមិនបានទេព្រោះគេបានដៅមកហើយថាផ្ទះនេះទាល់តែម្ចាស់គេពិតប្រាកដទើបអាចរស់នៅបានឯកំណប់ទាល់តែកូនម្ចាស់ផ្ទះនោះធំពេញរូបពេញរាងទើបអាចយកបាន។ ត្រង់នេះតាសុងគាត់សង្ស័យថាកំណប់ អាចនឹងនៅក្រោមសសរផ្ទះឬក៏ច្បាស់ជានៅក្រោមបាសាំងទឹកនេះតែម្ដងទើបគាត់ចាំសង្កេតមើល…សង្កេតមើលរហូត…តាំងពីជំនាន់នៅជំរុំថៃរហូតដល់ឥឡូវអត់មានឃើញអីសោះ! ប៉ុន្តែបញ្ហានៅត្រង់ថាហោរនោះមិនមែនជាហោរតែម្នាក់ដែលទាយថាបែបនេះនោះទេ គឺមានហោរជាច្រើនសឹងតែគ្រប់ហោរឱ្យតែមានឱកាសបានទាយគឺតែងតែទាយថាផ្ទះនេះមានកំណប់ទាំងអស់។ ពេលមួយនោះពួកខ្ញុំនៅតូចៗនៅឡើយប៉ាមិនអស់ចិត្តក៏ជីកបាតបាសាំងសាកមើលប៉ុន្តែជីកបានមួយប្រឡោះមិនឃើញអីគាត់ក៏លែងជឿណាមួយស្ដាយខ្លាចខូចបាសាំងផង ម្យ៉ាងរឿងកំណប់នេះបើគេមិនចង់ឱ្យយើងផងធ្វើម្ដេចនឹងឃើញ? ចំពោះហេតុផលចម្បងដែលធ្វើឱ្យប៉ានឹកឃើញជីកបាសាំងមើលគឺព្រោះតែសម្ដីមនុស្សម្នាក់… ក្នុងឆ្នាំ១៩៩៨ ម៉ាក់ខ្ញុំយកបងប្រុសខ្ញុំមកភ្នំពេញដើម្បីចាក់វ៉ាក់សាំងរលាកខួរក្បាល។ ម៉ាក់ខ្ញុំគាត់ជាមនុស្សរួសរាយរាក់ទាក់ធ្វើឱ្យគ្រូពេទ្យប្រុសវ័យចំណាស់ម្នាក់គាត់ចូលចិត្តហើយគាប់ជូនជាឃើញសំបុត្រកំណើតកូននៅភូមិគារ២ ស្រុកមោងនេះផងគ្រូពេទ្យនោះនិយាយថាកាលជំនាន់ប៉ុលពតគាត់ធ្លាប់រស់នៅស្រុកនេះដែរហើយក៏សួរម៉ាក់ថា «ចុះមានស្គាល់ផ្ទះមួយដែលមានបាសាំងទឹកនៅម្ដុំម៉ាស៊ីនបូមឬអត់?» គាត់បញ្ជាក់ទៀតថាមានតែផ្ទះមួយនឹងទេដែលមានបាសាំងទឹកនៅភូមិនឹង។ ម៉ាក់រីករាយដែលមានគេស្គាល់ផ្ទះគាត់ក៏ប្រាប់ថា «ហ្នឹងហើយជាផ្ទះខ្ញុំ! » គ្រូពេទ្យនោះក៏ជ្រុលមាត់និយាយថា «ផ្ទះនោះមានគេកប់កំណប់ណា៎! គេប្រាប់ខ្ញុំថាគេកប់នៅក្រោមបាសាំងទឹកហ្នឹង ខ្ញុំចង់យកដែរប៉ុន្តែហោរទាយថាមិនទាន់អាចយកបានទេទាល់តែឆ្នាំ២០០០ទើបយកបាន » ម៉ាក់ខ្ញុំជាមនុស្សមិនលោភលន់ណាមួយគាត់នៅក្មេងហើយមិនជឿរឿងអស់ទាំងនឹងផងទើបគាត់ឆ្លើយថាចាំទទួលពេលដែលគ្រូពេទ្យនោះទៅរកកំណប់នៅឆ្នាំ២០០០…ហ្នឹងហើយ កាលនឹងគាត់ក៏លួចគិតដែរបើគេយកកំណាប់បានយើងម្ចាស់ផ្ទះដែលថាគេមិនឱ្យអីសោះ? ប៉ុន្តែកន្លងមកដល់ឆ្នាំ២០០០ស្ងាត់មិនឃើញគ្រូពេទ្យនោះសោះទើបប៉ាកើតគំនិតជីកបាសាំងមើលខ្លួនឯង។ ប៉ុន្មានឆ្នាំក្រោយមកទៀតនៅតែមិនឃើញគ្រូពេទ្យនោះមករកកំណប់រហូតមកដល់ឥឡូវជាងម្ភៃឆ្នាំហើយក៏ស្ងាត់មិនឃើញដែរ។ ម៉ាក់ថាប្រហែលជាគាត់ស្លាប់ឬមួយក៏ត្រូវគេប្រាប់ថាកំណប់នេះមិនមែនជារបស់គាត់ដូចអ្នកមុនៗក៏ថាបាន។ ចំពោះរឿងយល់សប្តិវិញម៉ាក់ឃើញច្រើនដងណាស់តែពេលដែលគេហៅទៅយកម៉ាក់មិនហ៊ានទៅព្រោះម៉ាក់គិតថា ចុះបើគេបញ្ឆោតយើងឱ្យទៅដើម្បីចាំកំណប់ជំនួសគេវិញនោះ? និងថារួចចុះបើទៅឃើញពស់ធំៗដូចគេដំណែលមិនលស់ព្រលឹងស្លាប់ហើយទេ? ដូច្នេះគាត់ក៏ហីមិនខ្ចីខ្វល់។ ពេលខ្ញុំរៀនថ្នាក់ទី៥ម៉ាក់យល់សប្តិឃើញគេហៅឱ្យទៅយកកំណប់ម្ដងទៀតតែព្រលឹងម៉ាក់ក្នុងយល់សប្តិប្រាប់គេថាមិនហ៊ានទៅយកទេព្រោះខ្លាចបើចង់ឱ្យយកមកដាក់លើផ្ទះឱ្យមក…ក្នុងយល់សប្តិម៉ាក់ឃើញគេលើកកំណប់មកដាក់លើផ្ទះឱ្យច្បាស់ក្រឡែតប៉ុន្តែស្អែកឡើងស្អាតចេសគ្មានឃើញអ្វីទាំងអស់គាត់អស់ជំនឿរលីង។ ក្រោយមករំលងមិនបានប៉ុន្មាន ម៉ាក់គិតឃើញថាមុខរបរដែលគាត់រកស៊ីសព្វថ្ងៃ គឺរបរម៉ៅម្នាស់ពីចំការគេយកទៅលក់នៅផ្សារ​បឹងឈូក ខេត្តបាត់ដំបង នោះជារបរមិនគង់វង្សឡើយ បើចំណេញក៏ចំណេញច្រើន បើជួនជាខាតក៏អាចនឹងឡុងចុង គាត់ពិបាកចិត្តចេះតែសម្រាន្តមើលទូរទស្សន៍ដល់យប់ៗជ្រៅ គាប់ជួនយប់មួយនោះគាត់មើលចំកម្មវិធីជ្រុងមួយនៃគំនិត ដែលគេនិយាយអំពីដំណាំស្រកានាគ។ ម៉ាក់ចាប់អារម្មណ៍ ក៏ហៅប៉ាឱ្យមកមើលជាមួយ តែប៉ាគាត់មិនសូវខ្វល់ទេ មានតែម៉ាក់ប៉ុណ្ណោះដែលជ្រួលជ្រើមនឹងដំណាំនេះ។ ក្រោយពីនិយាយជាមួយប៉ាឱ្យសម្រេចចិត្តដាំស្រកានាគនេះហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើវាម្ដងបន្តិចៗរហូតបានជាផ្លែផ្កាល្បីពេញមួយស្រុក។ ព្រោះបែបតែនេះទើបម៉ាក់ដឹងថា នេះហើយជាកំណប់ដែលគេយកមកដាក់ឱ្យដល់លើផ្ទះនោះឯង។ តែថាកំណប់ណាក៏ដោយ​ចាយ​មិនបានមួយជីវិតនោះទេ បើមិនមានអ្វីបន្ថែមសូម្បីដំណាំមានលើដីនេះក៏គង់តែហិនហោចតាមពេលវេលាដែរ។ រឿងកំណប់នេះមិនបញ្ចប់ត្រឹមហ្នឹងនោះទេ…ព្រោះនៅតែមានហោរផ្សេងៗទៀតមកនិយាយដដែលៗពីរឿងផ្ទះមានកំណប់ពិសេសគឺរឿងទាល់តែកូនម្ចាស់ផ្ទះទើបអាចយកបាននឹងតែម្ដង។ នៅឆ្នាំ២០១៦ពេលខ្ញុំរៀនថ្នាក់ទី១២ ម៉ាក់យល់សបិ្តឃើញមនុស្សស្រីពីរនាក់មកយកកំណប់នោះ។ ក្នុងយល់សប្តិលើកនេះម៉ាក់ឃើញបុរសក្បាលទំពែក៣នាក់អង្គុយដូចមុំចង្ក្រាន្តនៅក្នុងរណ្តៅដ៏ជ្រៅនិងមានក្រឡមួយនៅកណ្ដាលឃើញហើយគួរឱ្យខ្លាច។ គេជជែកគ្នាថាគួរតែឱ្យកំណប់ទៅស្ត្រីទាំងពីរនាក់នោះឬយ៉ាងណា? ពីរនាក់ថាឱ្យព្រោះគេចង់ទៅចាប់ជាតិថ្មីមិនចង់នៅចាំកំណប់នេះតទៅទៀតប៉ុន្តែមានម្នាក់ដាច់អហង្ការថាមិនអាចឱ្យបានទេព្រោះត្រូវចាំកូនម្ចាស់ផ្ទះនេះធំសិនហើយចង្អុលមកមនុស្សម្នាក់ដែលម៉ាក់មើលឃើញត្រឹមតែជើងថា «នុ៎ះកូនគេជិតធំហើយតើ!ចាំបន្តិចទៀតទៅ» ត្រឹមនេះម៉ាក់ក៏ភ្ញាក់ដោយមិនទាំងដឹងថាកូននោះជាកូនមួយណាដ្បិតថាឃើញជាជើងមនុស្សប្រុសប៉ុន្តែកូនប្រុសមានពីរនាក់ឯណោះនឹង! តើម្នាក់ណានឹងយកកំណប់នេះបាន? ឥឡូវពួកយើងវាលើសពីធំហើយណា៎…ចុះកំណប់នឹងអង្កាល់បានឱ្យ??? កូនដែលមិនត្រូវនៅ… ឥឡូវចូលដល់សាច់រឿងកូនវិញម្ដង… នេះនឹងនិយាយពីអំពីជំនឿលើរឿងគេមកយកព្រលឹងដូចជាសត្វខ្លែងស្រាកយំឬឃើញពស់ធំៗជាដើមពិសេសប្រជាជនតំបន់ជនបទដូចជាពួកយើងជឿយកទាល់តែមែនទែន។ ក្នុងឆ្នាំ១៩៩២ បន្ទាប់ពីរៀបការហើយប៉ាម៉ាក់គ្មានកូនទេ ទោះចង់បានយ៉ាងណាក៏ដោយ។ រហូតដល់ជិតបីឆ្នាំក្រោយទើបមាន…គឺឆ្នាំ១៩៩៥…កូននេះស្អាតល្អសម្បុរសភ្លឺថ្លោសទ្រលុកដូចកូនកាត់ មួយដងស្ទឹងនរណាមិនល្បីសរសើរថាកូននេះស្អាតល្អប្លែកដូចកូនពួកទាហានអ៊ុនតាក់នោះ? ព្រោះសម័យនឹងជាសម័យពួកទាហានអ៊ុនតាក់ចូលស្រុកហើយគ្រប់គ្នាច្បាស់ជាដឹងហើយពីប្រវត្តិអ៊ុនតាក់មកស្រុកខ្មែរដើម្បីជួយរៀបចំការបោះឆ្នោះនោះ។ បច្ចុប្បន្នយើងប្រហែលជាឮអំពីទារកដែលកើតមកមានទម្ងន់ថ្លោសៗដូចជា៥ឬ៦គីឡូហើយខ្លះ៧គីឡូជាដើម ដូចគ្នាដែរកូននេះក្នុងឆ្នាំ១៩៩៥កើតមកមានទម្ងន់៥គីឡូដោយសម្រាលតាមធម្មជាតិវាគឺជាការភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នាដែលមានវត្តមាននៅក្នុងពេលសម្រាលនោះ។ ដោយសារមុនពេលកើត គេគិតថាម៉ាក់ប្រហែលជាមានកូនភ្លោះច្រើនជាងទើបពេលកើតបានកូនតែមួយហើយធំវែងជាងខ្លួនម្ដាយទៅទៀតនេះគឺវាហួសស្មានពិតមែន។ គេថារបស់ល្អពិបាកថែរ ណាម៉្យាងកូននេះល្អពេកមិនសមនឹងសាច់ឈាមប៉ាម៉ាក់ខ្ញុំសោះ។ ពេលកូនបាន ៧ខែរឿងចម្លែក ក៏បានកើតឡើង… ថ្ងៃមួយពេលរសៀលចំពេលទឹកលិចត្រឹមជង្គង់ផងនោះម៉ាក់កំពុងអង្គុយយោលកូនង៉ានៅលើផ្ទះ យោលចុះយោលឡើងគាត់ក្រឡេកភ្នែកទៅលើឃើញពស់មួយយ៉ាងធំវាលើពិដានផ្ទះ!! ពស់ធំជិតប៉ុនសសរផ្ទះទៅហើយនរណាមិនស្លុត? ម៉ាក់ភ្លាត់មាត់ស្រែកមួយអស់សំឡេងថា « ពស់! » ធ្វើឱ្យភ្ញាក់កន្ត្រាក់រលឹកកូនង៉ាដែលកំពុងលង់លក់នោះឱ្យស្រែកយំវ៉ាស់ឡើង… ភ្លាមៗនោះដែរ ម៉ាក់ស្រែកហៅគេអ្នកជិតខាងប្រុសៗឱ្យមកជួយដេញពស់ ព្រោះបន្ទាប់ពីស្រែកហើយ ពស់នេះនៅនឹងថ្កល់មិនវារទៅណាឡើយ។ ពេលនោះមានញាតិប្រុសៗពេញកម្លាំងបួននាក់មកជួយ…ពីរនាក់ឆ្កឹះទម្លាក់ពីខាងលើឯពីរនាក់ទៀតចាំវាយនៅខាងក្រោមកាលនោះក៏មានអ្នកជិតខាងស្រីប្រុសផ្សេងៗទៀតមកឈរចាំមើលដែរតែម៉ាក់មិនចាំៗបានតែបួននាក់ប្រុសៗនោះ។ ដោយកម្លាំងពួកគាត់ខ្លាំងមិនប៉ុន្មានពស់នោះក៏ធ្លាក់ប្រូងចូលក្នុងបាសាំងបែកទឹកខ្ចាយ! មនុស្សទាំងអស់បូកទាំងម៉ាក់ខ្ញុំសុទ្ធតែបានឃើញបានឮថាពស់នោះធ្លាក់ចូលក្នុងបាសាំងទឹក…ក៏ប៉ុន្តែ…គ្មានពស់នៅក្នុងបាសាំងទឹកនោះទេ…??? គឺបាត់សូន្យហាក់ដូចវាគ្រាន់តែជាស្រមោលបំភាន់ភ្នែកឱ្យយើងឃើញថាពិតជាមានពស់មែនតែវាមិនមានអ៊ីចឹងដែរ។ ទាំងអស់គ្នាស្រឡាំងកាំងរកពស់មិនឃើញមិនដឹងវាវារចេញតាមផ្លូវណាបើពស់ឡើងប៉ុនណាប៉ុណ្ណី? បច្ចុប្បន្នសាក្សីដែលឃើញពស់នោះបានស្លាប់អស់ពីរនាក់ទៅហើយ…ម្នាក់ស្លាប់ដោយរថភ្លើងកិននឹងម្នាក់ទៀតស្លាប់ទាំងវ័យក្មេងដោយខ្យល់គ។ ចាប់ពីថ្ងៃដែលឃើញពស់នោះមក កូនប្រុសដំបូងដ៏ល្អឥតខ្ចោះនេះចាប់ផ្ដើមឈឺឥតស្រាកដាក់ថ្នាំអីក៏មិនត្រូវ។ ព្រោះកូនមួយនេះម៉ាក់ប៉ាខ្ញុំក្រអស់ពីខ្លួនគឺទទេស្អាតគ្មានសល់អីកាលនឹងម៉ាក់ថាលើខ្លួនគាត់មានលុយតែប៉ុន្មានរយរៀលប៉ុណ្ណោះហើយសូម្បីប្ដីប្រពន្ធក៏ឈ្លោះគ្នាមិនឈប់រកលែងលះគ្នាម្ដងជាពីរដងជារួមគឺជីវិតពួកគាត់ងងឹតឈឹង។ចុងក្រោយដល់កូននេះយកកម្មអស់ហើយស្លាប់បាត់ទើបពួកគាត់ស្រឡះខ្លួនរកឃើញពន្លឺវិញ។ រឿងកូនមួយនេះយាយខាងម៉ាក់ខ្ញុំគាត់ធ្លាប់មើលហោរឃើញថា កូននេះជាកូនកម្មសម្បុរសម្បកគេល្អប៉ុន្តែលុះអស់កម្មគេទៅវិញហើយៗលើកក្រោយហោរដដែលទាយថាកូននេះគេមកយកទៅវិញតាំងពីថ្ងៃដែលឃើញពស់នឹងឯង។ យាយគាត់ដឹងថាម៉ាក់មិនជឿណាមួយក្មេងល្អស្អាតគាត់ក៏មិនហ៊ាននិយាយទាល់តែកូននេះស្លាប់បាត់ទើបប្រាប់ម៉ាក់។ ឯខ្ញុំវិញគិតថាមកពីជំនឿចាស់បុរាណនឹងហើយទើបគាត់ស្លាប់!បើចាស់ៗគ្រាន់តែឮក្មេងឈឺមិនគិតឱ្យយកទៅពេទ្យទេដោយសម្អាងថា «អញចិញ្ចឹមកូនមករស់បួនដប់នាក់មិនឃើញអី» គិតតែរឿងហោរាគន់គូរថ្នាំបុរាណតាមពិតក្មេងឈឺរលាកស្រោមខួរសោះនឹង! អឹម…ប៉ុន្តែឈឺជំងឺនេះទៅហើយបើមើលពេលនោះរស់ក៏មិនបានយូរដដែល។ ក្មេងនៅស្រុកខ្ញុំដែលកើតក្នុងឆ្នាំនោះកើតជំងឺរលាកស្រោមខួនេះច្រើននាក់ណាស់ហើយស្លាប់ឡើងពាយតែម្ដង…គេនាំគ្នាជឿថាជំងឺនេះឆ្លងពីចៃគោ(?) ឯការចិញ្ចឹមគោជារឿងធម្មតាសម្រាប់អ្នកស្រុកនរណាក៏មានគោដែរជំនាន់នោះម៉្យាងវិស័យសុខាភិបាលកាលនោះនៅខ្សោយ ក្មេងស្លាប់ជារឿងធម្មតាទៅហើយ អាចនិយាយថាសឹងតែមួយគ្រួសារមានកូនស្លាប់មួយក៏បានដែរ! កូនកម្មនោះស្លាប់ទៅបាត់ហើយ នៅឡើយតែកូនអត់កម្មបីនាក់ក្រោយទេដែលលំបាក ព្រោះសុទ្ធតែកូនស៊េរី « ម៉ែអាបំផ្លាញ » « អស់អីថ្លែង » និង « មួយស្រុកមានតែមួយ »នោះឯង!!! នេះជារឿងខ្មោច… រឿង កំណប់និងរឿងកូននិយាយរួចហើយ នៅឡើយតែរឿងខ្មោច… ត្រៀមរោមសម្រាប់បះហើយឬនៅ? វគ្គ ១ « កូនក្មេងមកពីណា?» ផ្ដើមដំបូងគឺជារឿងរបស់តាឆឺតដែលគាត់ធ្លាប់រស់នៅលើផ្ទះនេះដែរមុនពេលគាត់រើចេញទៅផ្ទះផ្សេង ពេលនោះក៏មានមីងជីដូនមួយរបស់ប៉ាខ្ញុំម្នាក់ឈ្មោះយាយផល្លីនិងគ្រួសារគាត់រស់នៅផ្ទះមួយខាងក្រោយផ្ទះខ្ញុំ។ ផ្ទះយាយផល្លីនៅមិនឆ្ងាយប៉ុន្មានពីគុម្ភឫស្សីក្រោយផ្ទះ គឺថាអាដែងណែ៎នៅស្រុកមោង-ឫស្សី មិនខ្វះដើមឫស្សីពិតមែន គ្រាន់តែក្រោយផ្ទះខ្ញុំមានដើមឫស្សីឡើងធំៗជង្គ្រោង២គុម្ភហើយក៏ក្លាយជាចំណុចដំបូងបង្អស់ដែលចាស់ៗគិតដល់ពេលដែលមានកូនចៅបាត់រកមិនឃើញ…តែរឿងរបស់តាឆឺតអត់មានអីពាក់ព័ន្ធនឹងដើមឫស្សីទេ ហើយក៏មិនគួរឱ្យខ្លាចអ្វីដែរ ព្រោះគ្រាន់តែព្រលឹមឡើងស្រាងៗ តាឆឺតឈរក្រោមផ្ទះឃើញក្មេងៗពីរបីនាក់លេងទឹកពាងយាយផល្លី ជះទៅជះមកគ្មានសំចៃដៃ។ តាឆឺតគិតក្នុងចិត្តថា ទឹកពាងខំរែកពីស្ទឹងមកឡើងហត់ម៉េចក៏យាយផល្លីបណ្តោយកូនឱ្យជះលេងតាមសេរីបែបនេះ? គាត់ក៏ស្រែកហាមក្មេងៗទាំងនោះឱ្យឈប់ដល់ក្មេងមិនឈប់គាត់ក៏រកដើរទៅក្រោយហើយស្រែកហៅយាយផល្លីម្ដង «ផល្លី! អើផល្លី! ម៉េចបានឱ្យអាក្មេងៗវាជះទឹកលេងទាំងព្រឹកអ៊ីចឹងហា៎ស? ចេញមកហាមវាតិចមើល៎ អស់ទឹកខានដាំបាយស៊ីឥឡូវហើយ! » ប៉ុន្តែពេលដែលគាត់ទៅកាន់តែជិតស្រាប់តែបាត់ក្មេងៗនោះអស់ដូចគេជប់! «ចុះវាទៅឯណា៎វាអស់ហើយ មិញឃើញនៅនឹងសោះ?» សំខាន់ទឹកពាងអត់មានស្រក ឯនៅលើដីក្បែរពាងក៏គ្មានទឹកសើមដែរ។ ពេលដែលហៅយាយផល្លីមកសួរទើបតាឆឺតដឹងថាវាគ្រាន់តែជាការក្រោកពីព្រលឹមងូតទឹកទៅធ្វើការរបស់ពួកម្រេញគង្វាលតែប៉ុណ្ណោះឯង ព្រោះកូនៗយាយផល្លីនៅកំពុងដេកដាស់មិនទាន់ភ្ញាក់នៅឡើយទេ។ នេះគ្រាន់តែចង់ប្រាប់ថាពួកនេះមក ល អត់គិតម៉ោង ១២ថ្ងៃត្រង់ ឬ១២យប់ទេ ជារួមគឺគេចេញធ្វើការធ្វើងារពីព្រឹកដូចតែយើងដែរនឹង! ………………………………… ត្រឹមតែស្រមោលសោះខ្លាចដែរ? វគ្គ ២ « ស្រមោលនរណា? » ឆ្នាំ១៩៩០ ជាជំនាន់ដែលមួយភូមិមានទូរទស្សន៍ស-ខ្មៅមួយសម្រាប់ចាក់រឿងមើល តែភូមិខ្លះក៏មានលើសនឹងដែរផ្អែកតាមជីវភាពជាក់ស្ដែង។ នៅក្នុងភូមិរបស់ខ្ញុំមានផ្ទះមួយដែលមានម្ចាស់ឈ្មោះតារិនគាត់មានជីវភាពធូរធារជាងគេហើយមានទូរទស្សន៍ រាល់ព្រលប់គាត់តែងចាក់វីដេអូរឿងមានជារឿងខ្មែរឬសាសន៍គេផ្សេងដូចជាថៃជាដើមដោយយកកម្រៃខ្លះៗពីអ្នកទៅមើលចាត់ទុកថាជារបរក្រៅមួយ។ ម្នាក់ៗឱ្យតែដល់ម៉ោងគឺដឹងតែគៀងគរគ្នាទៅមើលវីដេអូនៅផ្ទះតារិនស្ងាត់បាត់ពីផ្ទះអស់ៗទាល់យប់ល្មមវីដេអូចប់ទើបត្រលប់មកផ្ទះវិញ។ ដោយសារផ្ទះនេះជាផ្ទះកេរ្ដិ៍ខាងប៉ាទើបនៅជាប់របងជាមួយផ្ទះយើងគឺជាផ្ទះម្ដាយមីងរបស់ប៉ាគាត់ឈ្មោះយាយហូហើយគាត់រស់នៅជាមួយនឹងយាយរបស់ប៉ាគឺយាយទួតហុក។ព្រលប់មួយដែលគ្រប់គ្នាទៅមើលវីដេអូដូចរាល់ដង ទួតហុកប្រាប់យាយហូ ថាឱ្យទៅមុនគាត់ទៅព្រោះគាត់ចង់បត់ជើងតូចបន្តិចសិនឮដូចនេះយាយហូក៏ទៅមុនព្រោះខ្លាចគេលេងវីដេអូចោលមុនបាត់។ ទួតហុកបត់ជើងនៅដុបព្រៃខាងមុខផ្ទះភ្នែកគាត់ក្រឡេកឃើញស្រមោលរាងដូចមនុស្សស្រីម្នាក់អង្គុយលើជណ្ដើរគាត់ក៏ស្រែកហៅដោយគិតថាជាម៉ាក់ខ្ញុំ… «មីម៉ុមហ្អា៎ ថ្មើរនឹងហើយង៉ែងអត់ទៅមើលវីដេអូទេអី? មកទៅជាមួយអញៗទៅឥឡូវនឹងហើយ» ស្ងាត់ឈឹងមិនឮសំឡេងតប ស្រមោល ស ស្កុងងើបពីជណ្ដើរដើរទៅក្រោយផ្ទះ ឯទួតហុក ដោយចម្ងល់គាត់ក៏ដើរតាម «ចុះយ៉ាងម៉េចវាអញសួរមិនឆ្លើយ? » ទៅដល់ក្រោមផ្ទះស្រាប់តែបាត់ឈឹង! គាត់ស្រែកហៅម៉ាក់ពីរបីដងទៀតមិនឮសំឡេងឆ្លើយណាម្យ៉ាងដូចរាងព្រឺសម្បុរតិចៗផងគាត់ក៏ប្រញ៉ាប់ញាប់ជើងទៅផ្ទះតារិន។ ទៅដល់នោះឃើញម៉ាក់ខ្ញុំឱ្យជ្រងោរគាត់ខឹងក៏សួរថាម៉េចបានជាគាត់ហៅមិនឆ្លើយហើយដើរទៅក្រោយផ្ទះធ្វើព្រងើយ? «អញខំហៅវាមកបានពីរនាក់ហើយវាមិនឆ្លើយបែរមកតែឯងវិញ?» ម៉ាក់រាងងីងឺ ហើយប្រាប់ទៅវិញថាគាត់មកតាំងពីយូរហើយគឺមកមុនយាយហូមកដល់ទៅទៀតឯយាយហូនឹងអ្នកឯទៀតក៏ធ្វើសាក្សីឱ្យម៉ាក់ផងដែរ «ចុះអាណាគេអង្គុយលើជណ្ដើរផ្ទះនាងឯង? » អ្នកណាទៅដឹងបើឃើញតែគាត់ម្នាក់ឯងនឹង??? គាត់និយាយរៀបរាប់ប្រាប់អ្វីដែលគាត់ជួបអ្នកខ្លះបន្ទោសថាមកពីគាត់ចាស់ភ្នែកមើលមិនច្បាស់ហើយស្រវាំងនឹងឯង។ តាំងពីពេលនោះមកទួតហុកខ្លាចលែងហ៊ាននៅតែម្នាក់ឯងឬដើរអត់គ្នាពេលទៅមើលវីដេអូទៀត។ មិនមែនគាត់ចាស់កាន់ធម៌ហើយនៅតែខ្លាចនោះទេតែនេះវាស្ដែងពេកសម្រាប់គាត់បើយើងវិញប្រហែលរត់គ្មានងាកក្រោយផងមិនមែននៅតែដើរដូចគាត់ទេ!! ………………………………… វគ្គ ៣ « ម្រាមដៃអូនស្អាត! » ម្រាមស្អាតនេះមិនមែនម្រាមម៉ាក់ខ្ញុំ ឬម្រាមខ្ញុំស្អាតនោះទេ!គឺជាម្រាមគេនោះ…វាស្អាតល្អបានជាគេខំអួតបង្ហាញនឹងណា៎… កាលនឹងឆ្នាំ ១៩៩៩ ខ្ញុំនៅបៀមទងសុកម៉ាក់នៅឡើយមិនទាន់ឃើញពន្លឺព្រះអាទិត្យទេ អ៊ីចឹងហើយទើបបានថាមិនមែនម្រាមដៃខ្ញុំ! យប់នោះម៉ាក់មិនបានទៅមើលវីដេអូទេទាំងគេគ្រប់គ្នាទៅមើលវីដេអូអស់ឡើងស្ងាត់ភូមិ។ ម៉ាក់អុជចង្កៀងផ្លុងៗ អង្គុយកាត់ក្រចកតែម្នាក់ឯង ឯបងប្រុសខ្ញុំដែលនៅតូច ១ខួបជាងនៅដេកលក់ក្នុងមុងក្បែរនោះ។ ផ្ទះមួយប៉ុណ្ណាណីចេះនៅម្នាក់ឯងតែពីរនាក់កូនតូចទាំងកណ្ដាលអធ្រាត្រទៅកើត នេះខ្ញុំស្ងើចម៉ាក់ខ្ញុំ! បើខ្ញុំវិញមិននៅទេគ្មានខ្មោចក៏ខ្លាចមនុស្សដែរជំនាន់នោះមានសន្តិសុខសង្គមពីណាមក? ឈ្ងោកកាត់ក្រចកសុខៗស្រាប់តែមានម្រាមដៃស្រឡូនស្អាតគ្រប់ម្រាមទាំងដប់លូកតាមប្រឡោះទ្វារផ្ទះមកយឺតៗ អេ៎…ប៉ុន្តែទ្វារបិទជិតឈឹងគ្មានប្រហោងទេទោះអត់ចាក់សោរក៏ដោយ! ចុះលូកចូលមកបានដោយរបៀបម៉េចបើអត់រង្គើរទ្វារបន្តិចផងនោះ? នេះជាតិចនិករបស់គាត់ដែលលូកចូលមកបានពិតជាពិសេសមែន!! ហើយចុះលូកមកនេះក្នុងបំណងអីដែរ? ចង់កាត់ក្រចកដែរមែន? ប៉ុន្តែថាកន្រ្តៃមនុស្សលោកធម្មតាអ៊ីចឹងកាត់កើតដែរ? ម៉ាក់ស្មានថាជាមីងខ្ញុំឈ្មោះមីងសុខណាគាត់ជាប្អូនពៅប៉ាដែលមកលេងពីភូមិព្រៃស្វាយនៅចម្ងាយ៨គីឡូមែត្រពីយើង។ មីងសុខណាចូលចិត្តមកដេកលេងពីរបីថ្ងៃទើបទៅវិញតែយប់នេះក៏ដូចជាពេលដែលគាត់មករាល់ដងគឺទៅមើលវីដេអូជុំគេជុំឯងបាត់ទៅហើយ។ ម៉ាក់ឃើញម្រាមដៃស្អាតលូកចូលមកគាត់គិតថាមីងសុខណា លលេងជាមួយគាត់ក៏ហៅ «សុខណាមកវិញហើយហ្អី? ទ្វារចែអត់ដាក់គន្លឹះទេម៉េចមិនចូលមកលូកតែដៃមកធ្វើអី?» ស្រាប់តែអ្នកម្ចាស់ដៃដកទៅវិញបាត់! ម៉ាក់ឆ្ងល់ថាដកដៃហើយម៉េចមិនបើកទ្វារគាត់ក៏បើកទ្វារមើល…ស្ងាត់ឈឹង!ទទេរស្អាត!គ្មានអីទាំងអស់គ្មានស្រមោលមនុស្សអីសូម្បីម្នាក់!??? បើមីងសុខណាមែន ខ្ញុំថាគាត់ប្រហែលជាត្រូវផ្លោះជណ្ដើរដែលមាន៩កាំនេះពីកាំទីមួយរួចមកដល់ដីតែម្ដងហើយទើបអាចគេចរួចមិនឱ្យម៉ាក់ខ្ញុំឃើញស្រមោលបានពិសេសគឺត្រូវចេះល្បិចកុំឱ្យឮសំឡេងទៀតផង ប៉ុន្តែផ្ទះជណ្ដើរ៩កាំនេះមិនមែនទាបទេណា!មួយកាំៗចន្លោះពីគ្នាធំគ្រាន់បើ…នេះបើផ្លោះបានមែនទាល់តែអ្នកនោះភ័យស្លន់ណាស់ទើបធ្វើបាន!ចា៎…គឺទាល់តែភ័យស្លន់ដូចពូខ្ញុំនៅថ្ងៃដ៏ពិសេសមួយនោះអ៊ីចឹង!! ម៉ាក់ខ្ញុំណា៎កាលនោះចិត្តគាត់ខ្លាំងសម្បើមណាស់ឃើញប៉ុណ្ណឹងហើយនៅតែមិនអីទោះពេលដែលសួរមីងសុខណានឹងអ្នកផ្សេងទៀតទៅដឹងថាប្អូនមិនបានមកលលេងមែនក៏ដោយ…នេះប្រហែលគាត់រៀនផ្សាំចិត្តឱ្យស៊ាំឱ្យហើយទេដឹង? ………………………………… វគ្គ ៤ « គាត់គោះមិនចេះខ្ចិល! » អស់ពីរឿងលូកម្រាមដៃដែលម៉ាក់ឃើញតែម្នាក់ឯងចូលដល់រឿងគោះជញ្ជាំងនិងក្ដារផ្ទះវិញម្ដង… និយាយពីថាមួយយប់ៗគោះនោះគោះ…គោះមិនចេះហត់…គោះមិនឱ្យអស់លោកណាបានដេក! ពីយប់ដំបូងៗដែលឮសំឡេងគោះម៉ាក់ដើរកាន់ចង្កៀងទៅកន្លែងដែលឮសំឡេងគោះនោះ។ដើរដល់ជ្រុងនេះ អស់លោកគាត់ទៅគោះនៅជ្រុងខាងនោះ គាត់គោះសសរខាងកើតតែពេលដើរទៅដល់គាត់ប្ដូរទៅគោះឯខាងលិច លុះម៉ាក់ខ្ញុំធុញឈប់ដើររកមើលគាត់មកគោះនៅក្បែរៗត្រចៀក…ថាធុញនោះធុញ…កាលនោះម៉ាក់នៅតែម្នាក់ឯងជាមួយកូនតូចព្រោះប៉ាទៅធ្វើការរោងចក្រនៅភ្នំពេញ។ អារឿងគោះជញ្ជាំងនេះប្អូនប្រុសម៉ាក់គឺពូថននឹងពួកម៉ាកគាត់ដែលនៅផ្ទះជិតនេះដែរគឺពូចាបសុទ្ធតែមានបទពិសោធន៍ដើរតាមសំឡេងគោះនេះទាំងអស់គ្នា។ មួយយប់ៗម៉ាក់ខ្ញុំនិយាយជាមួយពពួកអត់រូបរាងទាំងនេះឡើងហត់ បើឥឡូវវិញគេថាគាត់កើតរោគសរសៃរប្រសាទហើយបើនិយាយតែម្នាក់ឯងបែបនឹង! នេះរឿងគោះយូរទៅម៉ាក់ដឹងក្រយៅគាត់លែងខ្វល់ អស់លោកគាត់ចាប់ផ្ដើមរបរថ្មីមួយទៀតគឺរបរ លាងជើងនិងបោសផ្ទះ!! ………………………………… វគ្គ ៥ « ពួកគាត់អ្នកស្អាត…???» នេះអស់ពីរឿងគោះចូលរឿងសម្អាតវិញម្ដង… រៀងរាល់យប់ឡើងពេលដែលយើងឡើងលើផ្ទះអស់ហើយចូលដេកស្ងាត់តែងតែឮសំឡេងគេចាក់ទឹកលាងជើងឈូៗសឹងអស់កន្លះបាសាំងទម្រាំឈប់ក្នុងចិត្តម៉ាក់គិតថាបើលាងម្លឹងៗបូមទឹកដាក់ម្ដេចនឹងឈ្នះ? តែក៏ត្រកអររាល់ព្រឹកដែលឃើញថាទឹកនៅដដែលដូចពីល្ងាចមិនបានបាត់ទៅណាបើតាមតែសំឡេងគាត់ចាក់លាងជើងមួយបាសាំងប្រហែលបីថ្ងៃអស់ហើយ! បន្ទាប់ពីលាងជើងរួចគាត់ដើរឡើងជណ្ដើរទន្ទាំតាំងៗខ្លាចគេមិនឮឡើងរង្គើរអស់មួយផ្ទះ! រួចបើកទ្វារក្រាកទាំងគ្មានរូបរាងគឺឮតែសំឡេងបើកទ្វារប៉ុន្តែទ្វារនៅបិទដដែលគ្មានបានបើកអីទេដូចដែលលាងជើងហើយទឹកនៅដដែលអ៊ីចឹងឯង… ពេលបើកទ្វារចូលដល់ក្នុងផ្ទះគេចាប់បើកទូរើអីវ៉ាន់ ត្រង់នេះម៉ាក់សន្មតថាកណ្ដុរទោះជាឈួលចង្កៀងដើរទៅមើលអត់ឃើញអីហើយរបស់របរនៅមានរបៀបដូចដើមក៏ដោយ «ថាបានហើយឈប់រើទៅខោអាវគេរៀបស្អាតហើយខំរើធ្វើអីរញ៉េរញ៉ៃអស់ហើយ!» នេះជាសំឡេងម៉ាក់ដែលតែងនិយាយពេលឮគេបើកទូរើអីវ៉ាន់ម្ដងៗឈប់ពីរើអីវ៉ាន់ក្នុងទូអ្នកខាងណោះទាញអំបោសបោសផ្ទះវិញម្ដង…បោសនោះបោសដូចលើផ្ទះនេះស្តុកដីទុកលក់បន្តអ៊ីចឹង! ធុញពេកម៉ាក់ក៏ស្រែកប្រាប់ «បោសល្មមៗបានហើយផ្ទះគេបោសជូតស្អាតអស់ហើយមានដីពីណាមកទៀត?» គឺរឿងដដែលនេះកើតឡើងរាល់យប់ដូចផ្ទះនេះមានមួយគ្រួសារផ្សេងទៀតរស់នៅដែរអ៊ីចឹង។ យូរទៅម៉ាក់ធុញគាត់ក៏ឈប់ចចារឱ្យគេធ្វើអីក៏ធ្វើតែគេទៅធ្វើម៉េចយើងខំរៀបចំបោសសម្អាតហើយគេចេះតែមើលមិនឃើញស្អាតបែបនេះ…បើគេអ្នកស្អាតជាងយើងទៅហើយ!! រឿងលាងជើងនេះដែរបន្តទៅជារឿយៗរហូតដល់ប្អូនប្រុសពៅខ្ញុំកើតមកហើយប៉ាទៅធ្វើការខ្ញុំគេនៅស្រុកថៃពេលនោះបងប្រុសខ្ញុំដែលធំអាយុ៧ឬ៨ឆ្នាំចេះតែផ្អើលគ្រប់ពេលដែលឮសំឡេងនោះថា «ម៉ាក់អើយប៉ាមកផ្ទះវិញហើយ! សំឡេងលាងជើងហ្អា៎ម៉ាក់ៗឯងឮអត់? ប៉ាមកផ្ទះវិញហើយ!» ម៉ាក់ដឹងរឿងក៏លួងបងខ្ញុំថា «គេទេកូនមិនមែនប៉ាទេ!» « គេណាម៉ាក់? » « ដេកទៅកូន! មិនបាច់ចង់ដឹងទេចាំធំចាំម៉ាក់ប្រាប់!» តែក្រោយមកបងខ្ញុំគាត់ដឹងតាមអ្នកជិតខាងថាផ្ទះយើងមានខ្មោចគាត់ដឹងថា « គេ » ដែលម៉ាក់ប្រាប់នោះជាអ្វីហើយក៏លែងសួរប៉ុន្តែគាត់ចេះខ្លាចរហូតមកទាល់តែធំអាយុ១៤−១៥ឆ្នាំទើបឈប់ខ្លាចឯខ្ញុំវិញគ្មានដឹងខ្យល់អីទេតាំងពីកើតមក រហូតដល់រឿងនោះស្ងាត់បាត់ទៅវិញបានជួបតែម្ដងឱ្យគត់! អានឹងចាំប្រាប់វគ្គក្រោយ។ ………………………………… វគ្គ ៦ « ឈុតផ្លោះជណ្តើរ!! » នេះជាការដំណាលរបស់ពូថនពីបទពិសោធន៍របស់គាត់លើផ្ទះខ្ញុំពីរនាក់ពូចាបពួកម៉ាក់គាត់… លើកនេះពួកគាត់នៅផ្ទះខ្ញុំតែពីរនាក់ព្រោះម៉ាក់នាំពួកខ្ញុំមកមើលវីដេអូនៅផ្ទះយាយស៊នម្ដាយពូចាបវិញ។ពូថននិងពូចាបជាក្មេងរៀនវិទ្យាល័យប្រហែលជាទី១១ឬ១២អីនឹងឯង ចំពោះរឿងគោះអីនឹងគាត់ធ្លាប់ជួបហើយជាមួយម៉ាក់ខ្ញុំប៉ុន្តែលើកនេះគឺឈុតពិសេសសម្រាប់ពួកគាត់ទាំងពីរនាក់ពេលដែលគ្មានម៉ាក់នៅជាមួយ។ ដំបូងគឺចាក់ទឹកលាងជើងដូចដែលបានប្រាប់ពីមុនរួចហើយ… «ចែ? ចែឯងមកវិញហើយមែន?» ពូថនស្រែកសួរពីលើផ្ទះដោយគិតថាជាម៉ាក់ខ្ញុំចាក់ទឹកលាងជើងព្រោះម៉ាក់ជាអ្នកស្អាតជាទូទៅគឺគាត់ចូលចិត្តដងទឹកមួយធុងដាក់ក្បែរជណ្ដើរសម្រាប់ពួកខ្ញុំលាងជើង។ សួរមួយម៉ាត់ស្ងាត់ឈឹងមិនឆ្លើយហើយឮសំឡេងដើរឡើងជណ្ដើរតាំងៗទន្ទាំសឹងបាក់ជណ្ដើរចោល «ចែ?» ពូថនស្រែកសួរជាថ្មី… ពេលឡើងជណ្ដើរដល់មាត់ទ្វារគេបើកទ្វារក្រាក ពូថននិងពូចាបហៀបនឹងសួរទៅហើយថាម៉េចសួរមិនឆ្លើយ? ប៉ុន្តែទ្វារដែលបើកនេះឮតែសំឡេងគ្មានរបើកទ្វារមែនទែនដូចដែលយើងគិតនោះទេ! ស្រមោល សស្កុងផុសចេញពីទ្វារដើរទៅកាន់ទូខោអាវហើយបើកទូខ្វាកដូចជាទ្វារផ្ទះអ៊ីចឹងគឺមានតែសំឡេង… រួចចាំអង្កាល់បើឃើញស្រមោលស្រស់ៗហើយនោះ? ពូទាំងពីរស្ទុះវឹងបើកទ្វារជាន់ជណ្ដើរតែមួយកាំហក់ព្រុសដល់ដីមិនទាំងបានចាប់ភ្លឹកថាផ្លោះជណ្ដើរ៨កាំទៀតផង! ពួកគាត់រត់មកដល់ផ្ទះយាយស៊នឃើញម៉ាក់នៅមើលរឿងធ្វើមិនដឹង! «ចែ! មិញមានទៅផ្ទះដែរ?» ពូថនសួរទាំងហត់គឃុស «វាទៅធ្វើអីវាហ្អា៎! កំពុងមើលរឿងម៉ារីម៉ាសូជីអូ ឯណេះជក់ចង់ងាប់ហើយ!» យាយៗដែលមើលរឿងជាមួយឆ្លើយជំនួស។ ម៉ាក់សួរថាយ៉ាងម៉េចពូក៏បកទៅវិញថា «ហើយគេលាងជើងឡើងជណ្ដើរចឹងឯងរាល់ថ្ងៃនឹង?» «អើ! លាងរាល់តែថ្ងៃនឹងឯង! ម្ដងៗអស់ចង់កន្លះបាសាំងឯណោះ!» ម៉ាក់ឆ្លើយធ្វើហីដូចអត់ខ្វល់ «តែអញឆ្ងល់លាងមិនចេះអស់ទឹកសោះ!» «យប់នឹងខ្ញុំមិនដេកទេចែ! ខ្ញុំដេកនៅផ្ទះអ៊ំជាមួយអាចាបវិញ! តុះ! អាចាប!» ពូថននឹងពូចាបដើរចេញ…យាយៗសួរម៉ាក់ខ្ញុំ «វាស្អីហង៎?» ម៉ាក់តបថា «ដូចខ្ញុំធ្លាប់ប្រាប់អ៊ំឯងនោះ? អាពីរនាក់នឹងសង្ស័យឃើញស្រស់ៗហើយបានស្លន់ដល់ម្លឹង» ព្រោះគាត់ធ្លាប់និយាយប្រាប់អ្នកភូមិជិតផ្ទះជារឿយៗ «អើហើយងែងហ៊ានដេកជាមួយកូនដែរបើអាពីរនាក់នេះវាមកដេកឯណេះហើយ?» «ខ្ញុំធ្លាប់ហើយអ៊ំអើយ! គេតេស្តរាល់ថ្ងៃ! ម៉ាងៃៗខ្ញុំឈ្លោះតែជាមួយខ្មោចនឹងអ៊ំ!» «អញកោតចិត្តនាងឯងហើយហង៎» ម៉ាក់សើចហើយបន្តមើលរឿងទៀតទាល់តែចប់ទើបមកផ្ទះ។ ប៉ុន្មានថ្ងៃក្រោយមកគាត់ភ្លេចឈប់ខ្លាចទើបពូថនត្រលប់មកដេកជាមួយម៉ាក់វិញប៉ុន្តែទាល់តែម៉ាក់នៅជាមួយបើម៉ាក់អត់ទាន់មកផ្ទះគាត់ក៏មិនមកដែរព្រោះខ្លាចគេលេងលើសលើកមុន!! ………………………………… វគ្គ ៧ « អង្រឹងស្នេហាកណ្ដាលរាត្រី » ឮអង្រឹងស្នេហាតិចលោគិតថាប៉ាម៉ាក់ខ្ញុំគេងយោលអង្រឹងជាមួយគ្នានៅពេលយប់ហើយឃើញខ្មោចចុះ…មិនមែនទេគឺខាងនោះគាត់យោលអង្រឹងតែគ្នាគាត់ទាំងកណ្តាលរាត្រីខែភ្លឺទេតើ! វាជាបទពិសោធន៍របស់យាយឃឿតដែលមានផ្ទះនៅខាងស្ដាំផ្ទះខ្ញុំ។ យប់មួយចំជាយប់ខែខ្នើតមានពន្លឺព្រះច័ន្ទភ្លឺថ្លា យាយឃឿតចុះមកបត់ជើងតូចតាមទម្លាប់ហើយក៏ច្រឡំភ្នែកក្រឡេកមកខាងផ្ទះខ្ញុំ ឃើញនៅផ្នែកខាងមុខដែលគ្មានក្ដារគ្មានជញ្ជាំងមានតែសសរនិងរនូត នេះត្រូវបាននរណាម្នាក់យកអង្រឹងមកចងយោលលេងកំសាន្តស្រូបខ្យល់អាកាសនាពេលរាត្រីយ៉ាងរំភើយដូចគ្មានជំពាក់អ្នកណាមួយរៀល! យាយឃឿតខំសម្លឹងមើលក្រែងលោឃើញអ្នកកំពុងដេកយោលអង្រឹងតែមិនឃើញគាត់ចេះតែឆ្ងល់ក្នុងចិត្ត «ចុះមីម៉ុមវាក្ដៅស្អុះស្អីវាបានមកចងអង្រឹងដេកនៅខាងក្រៅនឹងវិញ…ហើយវាឡើងទៅចងលើនឹងយ៉ាងបើគ្មានកន្លែងឡើងទៅផង?» គ្រាន់តែគិតដល់គ្មានអ្វីដែលជាជំនួយឱ្យឡើងទៅចងអង្រឹងនៅត្រង់នឹងបាន យាយឃឿតផ្ដើមបះរោមតិចៗដូចមិនសូវស្រួល «អញសង្ស័យតែ…ឡើងដេកវិញសិនចាំស្អែកចាំសួរមីម៉ុម!» ស្អែកឡើងយាយឃឿតនិយាយរឿងឃើញគេចងអង្រឹងប្រាប់ម៉ាក់ៗក៏ប្រាប់វិញថា «មីងអើយផ្ទះខ្ញុំបើក្ដៅស្អុះណ៎បើកតែទ្វារក្រោយទៅខ្យល់ចូលបក់ប៉ើងជើងមុងចាំបាច់ទៅចង់នៅអាយ៉មុខនឹងធ្វើអី? វាសំខាន់ឡើងទៅចងមិនកើតទៀតហ្នឹងណា៎! » «អើអញគិតថាឡើងចងលើនឹងមិនកើតនឹងហើយបានចាំសួរនាងឯងនឹង…អានេះគេ ល អញមែន! ស្មានតែវានឹកឃើញនាំប្ដីប្រពន្ធមកចងអង្រឹងដេកសាសងគ្នាក្រៅផ្ទះ! » ………………………………… វគ្គ ៨ « រទះសេះកណ្តាលអធ្រាត្រ» អារឿងរទេះសេះនេះណា៎ផ្អើលគេអស់មួយភូមិមិនដឹងជាគាត់អផ្សុកស្អីគាត់ទំនេរៗអត់ការងារធ្វើមករករឿងអូសក្ដារក្រោមផ្ទះហើយដាក់រទេះសេះដឹកឡើងគគ្រឹកគគ្រេងពេញមួយយប់! នៅស្រុកភូមិជនបទដូចយើងនេះចោរចូលមកលួចយករបស់របរឬមាន់ទាវាជារឿងធម្មតាទៅហើយជាពិសេសគឺខោអាវតែយប់ឡើងភ្លេចសាមកទុកលើផ្ទះស្អែកឡើងច្បាស់ជាបាត់ស្រមោលមិនខាន។ តែផ្ទះខ្ញុំនេះវាមានរឿងផ្សេង ដូចដែរដឹងមកថាអាផ្ទះខ្នងខាងមុខនឹងវាបាត់ក្ដារអស់មានតែរនូតហើយបង្អួតនឹងក៏បាត់ខ្លះរាល់ថ្ងៃប្រើស័ង្កសីមកជួសអ៊ីចឹងហើយទើបពេលរកលុយបានម៉ាក់សន្សំទិញឈើគេទុកពេញក្រោមផ្ទះពេលមានលុយធ្វើបំពេញផ្ទះឱ្យស្អាតបាតកុំឱ្យប្រហោងធ្លុងខាងមុខហើយជណ្ដើរមកនៅកណ្ដាលផ្ទះបែបនឹងទៀត។ ក៏ដោយសារតែមានឈើពេញក្រោមផ្ទះនេះហើយ បានជាអស់លោកអ្នកចូលចិត្តធ្វើរឿងប្លែកៗបែបរំភើបនោះ បង្កជាហេតុភេទមួយគឺរើក្ដារក្រោមផ្ទះខ្ញុំព្រុសប្រោះៗឡើងផ្អើលទឹកផ្អើលដី ផ្អើលដល់អ្នកជិតខាងទៀត។ គ្រាន់តែរើមិនអស់ចិត្តគាត់ថែមទាំងប្រើរទេះសេះដឹកឡើងគគ្រឹកគគ្រេង! ហើយកុំសួរថាតើមានអ្នកចុះមើលឬអត់? គ្មានទេគឺនរណាក៏គិតថាជាចោរដែរហើយមកចេញប្រតិបត្តិការគ្មានថ្នមសំឡេងបែបនេះគេគិតថាច្បាស់ជាវាមានគ្នាច្រើននិងមានកាំភ្លើងផងមិនដឹងព្រោះជំនាន់នោះមិនខ្វះទេអារឿងចោរប្លន់បាញ់សម្លាប់នោះគិតអ៊ីចឹងហើយនរណាហ៊ាន? តែម៉ាក់ខ្ញុំមានអារម្មណ៍ដឹងថាមិនមានចោរមកពីណាទេគឺច្បាស់ជាពួកហ្នឹងតែម្ដង គេលេងរសជាតិថ្មីបំភ័យមនុស្សមួយភូមិម៉ាស៊ីនបូម! ពេលដែលរាត្រីរន្ធត់ដូចមិនសូវភ័យនេះកន្លងផុត ពោលគឺព្រលឹមស្រាងៗ អ្នកជិតខាងមកសួរលាន់ពីរឿងឈើក្រោមផ្ទះគេសុទ្ធតែគិតថាច្បាស់ជាបាត់អស់មិនខាន បើរទេះសេះឡើងច្រើនជើង ឯម៉ាក់ខ្ញុំវិញចាំគេផ្អើលអស់ចិត្តដល់មានអ្នកមកដល់ក្រោមផ្ទះបានប្រាប់ «នេះឈើខ្ញុំពូមីង គ្រាន់តែមើលក៏ដឹងថាគ្មានបាត់ម៉ាសន្លឹកទៅហើយ» «យី! នាងឯងច្បាស់ម្ល៉េះហើយមានរាប់ហើយឬនៅ?» «ទៅរាប់ធ្វើអីមីងអើយតាមតែសំឡេងរើយប់មិញគេយកអស់ហើយវាមិនដែលឃើញនៅពេញក្រោមផ្ទះទាំងអស់អ៊ីចឹងហ្អា៎!» «តែអញឮច្បាស់ណាស់» «ឮមកពីមីងឯងមិនហ៊ានចុះមើល» «អាណាហ៊ានហងបើចោរមែនងាប់ហើយ!» «ឥឡូវឃើញហើយថាចោរ ឬមិនចោរ…គាត់លេងឱ្យតែគេមិនបានដេកតែអ៊ីចឹង! » ………………………………… វគ្គ ៩ « ជាងពិសេស » នេះជាបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ជាមួយផ្ទះនេះ… វាជាពេលដែលប៉ាទៅធ្វើការនៅថៃ ខ្ញុំអាយុប្រហែល៥ឆ្នាំពូថនឈប់មកដេកជាមួយពួកយើងហើយតែលើកនេះគឺពូជៀនប្អូនពៅម៉ាក់ម្ដង។ ផ្ទះយើងមានគ្រែឈើមួយយ៉ាងធំស្អាតប៉ុន្តែម៉ាក់ចូលចិត្តសម្រាន្តលើក្ដារដែលយើងជូតជាមួយស្រកីដូងនឹងទៀនឱ្យរលោងស្រិលនោះវិញ។ ក្ដារផ្ទះយើងរលោងណាស់ដើរតែមិនស្រួលដួលអុកគូទមិនខាន! វាជាស្គីពិសេសរបស់បងប្អូនពួកខ្ញុំមានតែស្រោមជើងម្នាក់មួយគូនឹងគឺសប្បាយដួលងាប់ចោល។ ពេលនេះផ្ទះយើងមានទូរទស្សន៍កូល័រនិងក្បាលចាក់វីស៊ីឌីពេលថ្ងៃម៉ាក់ជួលរឿងថៃមកចាក់ឱ្យគេមើលដោយយកលុយចំណេញខ្លះៗ។ ពូជៀនមកដេកជាមួយយើងដោយគាត់ដេកលើគ្រែប៉ុន្តែព្រឹកឡើងកាលណាឃើញតែនៅក្រោមគ្រែមិនដឹងជាគាត់ដេកយ៉ាងម៉េចគាត់? នៅថ្ងៃកើតហេតុម៉ាក់និយាយទូរសព្ទជាមួយប៉ារឿងសន្សំលុយបានចង់ធ្វើបង្អួចមួយដែលនៅខាងត្បូងជិតបង្អួចក្បាលដំណេកព្រោះវាជាបង្អួចឈើមួយចំហៀងសង្ក័សីមួយចំហៀង។ពួកគាត់និយាយត្រូវរ៉ូវគ្នាថាចាំប្រាប់ជាងឱ្យមកធ្វើស្អែក…ប៉ុន្តែមានឯណាយប់នឹងជាងពិសេសគាត់ធ្វើឱ្យវាស់ព្រឹកគ្មាននរណាបានដេករួមទាំងអ្នកជិតខាងខ្ញុំដូចអាយប់រើឈើក្រោមផ្ទះនោះអ៊ីចឹង! យប់នោះអ្នកផ្ទះយើងមានគ្នា៥នាក់គឺម៉ាក់ ពូជៀននិងបងប្អូនខ្ញុំបីនាក់សុទ្ធតែទទួលបានការរំខានពីការធ្វើបង្អួចនេះទាំងអស់! ប្អូនពៅខ្ញុំវានៅតូចអ៊ីចឹងចង់សំឡេងអីក៏សំឡេងទៅវាមិនខ្វល់គិតតែដេកលក់រហូតឯខ្ញុំនិងបងខ្ញុំជាមួយពូឈួលចង្កៀងដើរទៅជិតបង្អូចនោះ។ កុំឆ្ងល់ថាហេតុអីមានដល់ទូរទស្សន៍កូល័រហើយម៉េចបានមិនបើកភ្លើង?ព្រោះយើងខ្លាចផ្អើលពួកគាត់!??ណាមួយភ្លើងវាខ្សោយហើយអំពូលវាតូចឯផ្ទះវាធំភ្លឺមិនដល់កន្លែងបង្អួចនោះទេដូច្នេះមើលមិនច្បាស់ទាល់តែអុជចង្កៀងទៅបន្ថែម! ពួកហ្នឹងដូចលេងបិទពួនជាមួយយើងអ៊ីចឹង…ទៅជិតស្ងាត់ចេញឆ្ងាយបាត់ក៏ឮវិញ កាលនោះយើងក៏បានបើកបង្អួចមើលដែរហើយវាមិនអាចទៅរួចទេដែលមានមនុស្សទៅអង្គុយជិតបង្អួចនោះអារឈើរំខានយើងលេងចាត់ទុកជាការកំសាន្តទាំងយប់អធ្រាត្របែបនេះនោះទេ។ ខ្ញុំកាលនោះមិនដឹងជានឹកឃើញយ៉ាងម៉េចដើរទៅចាក់ចម្រៀងហើយបបួលគេឱ្យមករាំជាមួយព្រោះខ្ញុំស្រឡាញ់សិល្បៈនោះអី! ខ្ញុំរាំច្រៀងតែខ្ញុំគាត់អារធ្វើបង្អួចតែគាត់…មិនចាំទេថាយប់នោះយើងដេករបៀបម៉េច? ស្អែកឡើងអ្នកជិតខាងមកសួរលាន់ ប៉ុន្តែគេសួររឿងផ្សេង… «មីម៉ុមហ្អើយម៉េចហើយហង៎យប់មិញអាណាគេអារស្អី?» «ឮសំឡេងអូសផងបាត់ក្ដារអស់ហើយទេដឹងហង៎? ក្ដារនាងឯងល្អៗផង» ពួកគាត់សួរនេះ មិនខុសទេ មានក្ដារល្អៗទុកក្រោមផ្ទះទាំងគ្មានរបងត្រឹមត្រូវ នរណាក៏គិតបែបនេះដែរ តែវាមិនមែនបែបហ្នឹងសម្រាប់ផ្ទះខ្ញុំ ឯម៉ាក់ខ្ញុំវិញ ក៏សើច ពេលឮពួកគាត់សួរពីក្ដារផ្ទះគាត់ក៏តបទៅវិញថា «បាត់ក្ដារអីមីងពូអើយ ដូចតែអាកាលរទេះសេះលើកមុនចឹង! គ្រាន់តែយប់មិញជាងគេធ្វើបង្អួច!» ពួកគាត់ស្រែកសួរបន្ត «អើចុះបានស្អាតហើយនៅហង៎?» «មានអីពូនៅម៉ាចំហៀងឈើម៉ាចំហៀងសង្ក័សីដដែលនឹងឯង! គាត់បានតែរំខានអត់ប្រយោជន៍អ៊ីចឹង!» គ្រប់គ្នាឮហើយក៏ស្ងាត់លែងសួររំខានគេមួយភូមិម៉ាស៊ីនបូមហើយគ្មានបានជាប្រយោជន៍បោចចាបអីបន្តិចអស់លោកអ្នកជាង!!! ………………………………… វគ្គ ១០ « ចង់សាក » នេះនិយាយពីបងស្រីៗពីនាក់ដែលចង់សាកពិសោធន៍ជាមួយផ្ទះខ្ញុំ… ពួកគាត់នៅក្មេងអាយុជាងដប់ឆ្នាំ (ពួកគាត់កាលនោះប្រហែលអាយុចន្លោះពី ១៣ទៅ១៧ឆ្នាំ) ម្នាក់គឺបងកុចនៅទល់មុខបញ្ឆិតផ្ទះខ្ញុំ ម្នាក់ទៀតគឺមីងតូចនៅចំទល់ពីមុខផ្ទះខ្ញុំនឹងតែម្ដងម៉ែពុករបស់មីងតូចគឺយាយយួមតាឌឿងសុទ្ធតែជាអ្នកបានដឹងបានឮហេតុការណ៍កន្លងមកពិសេសគឺរើឈើដឹករទេះសេះនិងរឿងធ្វើបង្អួច។ ដោយសារភាពចង់ដឹងចង់សាករបស់ពួកគាត់ដែលនៅរាងស្ទាវទើបមកសុំម៉ាក់ខ្ញុំដេកជាមួយ។ ត្រឹមតែមួយយប់ព្រឹកស្អែកឡើងទាំងពីរនាក់បោលក្ដូងគ្មានហ៊ានងាកក្រោយ! ម៉ាក់ទៅសម្ភាសដល់ផ្ទះទើបពួកគាត់ប្រាប់ថាមួយយប់គ្មានបានដេកទេ…អស់ពីរើរុះចូលដល់រង្គើរញ័រពេញទាំងផ្ទះដូចគេអង្រួន «ខ្ញុំរាងហើយមីងអើយ!» ទាំងបងកុចនិងមីងតូចគ្មាននរណាហ៊ានមកយកមុងភួយនិងខ្នើយត្រលប់ទៅផ្ទះវិញទេទាល់តែពួកខ្ញុំយកទៅឱ្យ។ អ៊ីចឹងហើយទើបគេថា « បើមិនជឿកុំប្រមាថ» នោះអី! ………………………………… វគ្គ ១១ « ជំនាងផ្ទះឬក៏ខ្មោច? » ចម្ងល់មិនដាច់ស្រេចដែលម៉ាក់ខ្ញុំចង់ដឹងនោះគឺថាអ្នកលងនេះមួយណាជាជំនាងផ្ទះមួយណាជាវិញ្ញាណខ្មោចឱ្យប្រាកដ? មានម្ដងដែលម៉ាក់យល់សប្តិឃើញមានមនុស្សស្រីវ័យក្មេងអាយុខ្ទង់ម្ភៃឆ្នាំស្លៀកសម្លៀកបំពាក់ពណ៌ក្រហមស្អាតដូចឈុតចិនមកចូលដេកក្នុងមុងជាមួយហើយឱបថើបម៉ាក់ដូចស្រឡាញ់ណាស់អ៊ីចឹង «អេ៎…យ៉ាងម៉េចស្រីដូចតែគ្នានែ៎ក!» ម៉ាក់និយាយទៅកាន់ម្នាក់ស្រីនោះព្រោះវាច្បាស់ពេក ពេលនោះម៉ាក់សន្មតថាច្បាស់ជាជំនាងផ្ទះហើយមើលទៅ។ ក្រោយមកទៀតគឺពេលប៉ាទៅធ្វើការរោងចក្រនៅភ្នំពេញ។ ម្នាក់ស្រីដដែលនេះមកពន្យល់សប្តិម៉ាក់ថាប៉ាមានស្រីពីរនាក់នៅភ្នំពេញម្នាក់រាងខ្មៅអាយុម្ភៃស្ដើងឯម្នាក់ទៀតសម្បុរសជ្រះតែអាយុម្ភៃក្រាស់។ ស្រីដដែលនេះនិយាយថាតែមិនឆាប់ហៅប្ដីមកប្រយត្ន័គេយកប្ដីបាត់។ ម៉ាក់មិនសូវបារម្ភទេព្រោះអត់ប្ដីក៏គាត់ចិញ្ចឹមកូនបានម្យ៉ាងគាត់យល់ថា «បើគេចង់ទៅហើយចង់ឃាត់ក៏ឃាត់មិនឈ្នះដែរ!» លើសពីនេះទៅទៀត ព្រោះម៉ាក់គាត់មានអំណួតថា ប៉ាគ្មានផ្លូវរកប្រពន្ធឯណាបានល្អដូចគាត់នោះទេ! គឺប្រពន្ធដែលអាចនៅម្នាក់ឯងជាមួយខ្មោចបាននោះណា៎!! មានហោរម្នាក់ឈ្មោះយាយហេងគាត់ត្រូវជាបងប្អូនខាងម៉ាក់ដែរ។ គឺយាយហេងនេះហើយដែលទាយថាកូនដំបូងម៉ាក់ជាកូនកម្មនិងកាលដែរគេមកយកព្រលឹងកូននេះទៅនោះឯង។ មិនដឹងជាហេតុភេទអីទើបយាយខាងម៉ាក់គាត់រកយាយហេងទាយពេលនោះម៉ាក់នៅទម្ងន់ខ្ញុំនៅឡើយ ហើយគាត់ក៏ទាយថាប្ដីដែលនៅឆ្ងាយឯណោះគេមានស្រី និងប្រាប់លក្ខណៈដូចដែលម៉ាក់យល់សប្តិឃើញមនុស្សស្រីម្នាក់នោះមកប្រាប់អ៊ីចឹង។ យាយហេងទាយទៅទៀតថាបើកូនដែលកំពុងពពោះនេះកើតមកជាប្រុសប្ដីនឹងគេទៅហើយ…តែបើមកជាស្រីវិញកូននេះនឹងហៅប្ដីឱ្យវិលមកនៅជុំគ្រួសារដូចមុន។ ហេ៎ស…សំណាងណាស់ដែលខ្ញុំកើតមកជាស្រីកុំអីអត់ប៉ាហៅបាត់! ព្រោះពេលត្រលប់មកនៅជុំគ្នាវិញម៉ាក់ឈ្លេចសួរប៉ាៗក៏ប្រាប់ថាដូចហោរ និងយល់សប្តិម៉ាក់នោះពិតមែន គឺគាត់មានស្រីពីរនាក់នៅភ្នំពេញ បំណងគាត់គឺយកមនុស្សស្រីសម្បុរស្រអែមនោះជាប់ ប៉ុន្តែពេលដែលបានឃើញមុខកូនស្រីគាត់ ស្រាប់តែរសេសរសោះនៅមិនសុខ នឹកកូនចង់មកតែផ្ទះ ចុងក្រោយក៏សម្រេចចិត្តរត់មក​វិញ​តែម្ដង គ្មានចាំម៉ាក់ហៅមកទេ។ ចំពោះបញ្ហាខ្មោចវិញគឺមានគេដែលធ្លាប់រស់នៅក្បែរផ្ទះនេះកាលពីជំនាន់ប៉ុលពតនោះគេស្គាល់ប្អូនជីដូនមួយប៉ាឈ្មោះមីងយុតគេប្រាប់ថាផ្ទះនេះកាលនោះកម្មាភិបាលប៉ុលពតរស់នៅហើយគេមានកូនស្រីដែលពពោះ ប៉ុន្តែកូនស្រីនេះបានស្លាប់នៅលើផ្ទះដោយសារកើតកូនមិនចេញរួចក៏ត្រូវគេយកទៅកប់នៅក្រោយផ្ទះនេះតែម្ដង។ ខ្ញុំបានឮមកទាំងស្រពេចស្រពិលថាប្ដីរបស់ខ្មោចស្រីនេះក៏បានស្លាប់លើផ្ទះនេះដែរដោយសារកើតរោគគ្រុនចាញ់។ ខ្មោចស្លាប់តៃហោងបែបនេះគ្មាននរណាធ្វើបុណ្យឧទ្ទិសកុសលឱ្យផងបើមិនលងទើបចម្លែក! សរុបទៅយើងនៅតែមិនហ៊ានសន្មតថាលងបែបនេះគឺជំនាងផ្ទះ ឯលងបែបនោះគឺខ្មោចនៅឡើយទេគ្រាន់តែពេលធំឡើងខ្ញុំចេះតែឆ្ងល់ព្រោះពេលមើលរឿងមួយចំណងជើងបារមីជំនាងផ្ទះឃើញថាពួកវិញ្ញាណខ្មោចមិនអាចចូលមកបៀតបៀនឬលងបន្លាចដល់ក្នុងផ្ទះដែលមានម្ចាស់ទឹកម្ចាស់ដី និងជំនាងផ្ទះ តាមថែរក្សារនោះទេ ឯជំនឿទូទៅរបស់ប្រជាជនខ្មែរក៏លើកឡើងដូច្នេះដែរ រួចចុះករណីផ្ទះខ្ញុំនេះ យ៉ាងម៉េចវិញ ឬមួយក៏ពួកគាត់សហការគ្នារីករាយដូរគ្នាលងយើងម្នាក់ម្ដងទេដឹង? ឬក៏ថាមកពីខ្មោចនោះមិនមែនជាខ្មោចមកពីណាឆ្ងាយតែខ្មោចដែលស្លាប់ក្នុងផ្ទះនេះផ្ទាល់ទើបវាមានអំណាចអាចលងយើងបាន? ………………………………… វគ្គ ១២ « ជម្រើសចុងក្រោយ » រឿងដែលផ្ទះយើងមានខ្មោចស្លាប់តៃហោងមិនមាននរណាប្រាប់យើងទេរហូតដល់ពេលក្រោយមកទៀតគឺប្រហែលឆ្នាំ ២០០៥ ឬ ២០០៦។ បន្ទាប់ពីដឹងរឿងម៉ាក់ជ្រើសរើសបណ្ដេញរបស់មិនល្អទាំងនោះចេញគឺដោយសារគាត់ចាប់ផ្ដើមកើតរោគបេះដូងហើយអ្នកលដូចជារាងខ្លំាងដៃព្រោះបងប្រុសខ្ញុំក៏ជួបញឹកញាប់ដែរនិងថាបើសិនជាសម្ដីដែលគេនិយាយថាមានខ្មោចស្រីកើតកូនមិនចេញស្លាប់លើផ្ទះនេះពិតប្រាកដមែនវាមិនមែនជារឿងល្អទេ។ ដំបូងម៉ាក់គ្រាន់តែអញ្ជើញតាអាចារ្យមកគូសកំបោស និងប្រោះព្រំបន្តិចបន្តួចប៉ុន្តែមិនបានផលគាត់ក៏សម្រេចចិត្តនិមន្តព្រះសង្ឃប្រាំអង្គមកប្រគេនចង្ហាន់និងស្រោចទឹករំដោះគ្រោះលើករាសីថែមទាំងឧទ្ទិសកុសលផលបុណ្យទៅអ្នកដែលស្លាប់លើផ្ទះនេះផងដែរ។ជាលទ្ធផលសំឡេងរំខានគ្រប់យ៉ាងបានស្ងាត់បាត់ទៅនៅសល់តែសម្បកផ្ទះយើងដែលមើលទៅគួរឱ្យខ្លាចដដែលជាមួយនឹងស្នាមជើងក្អែកពណ៌សតាមសសរទិសទាំង៨…ទាល់តែប៉ាម៉ាក់ជួសជុលកន្លែងខ្វះចន្លោះលើផ្ទះនេះរួចអស់ទើបវាក្លាយទៅជាផ្ទះធម្មតាដូចគេដូចឯងវិញ។ គ្រប់យ៉ាងស្ងប់ស្ងាត់ពិតមែនឬ?… ឥឡូវនេះគ្មានវិញ្ញាណគ្មានការលងបន្លាចអ្វីទៀតទេ… ផ្ទះដែលគេធ្លាប់រត់ពេលឆ្លងកាត់មិនជាថាយប់ឬថ្ងៃត្រូវបានគេចេញចូលជាធម្មតa វាគ្មានទៀតទេវិញ្ញាណមិនល្អនៅសល់តែរឿងកំណប់ ជំនាងផ្ទះនិងម្ចាស់ទឹកម្ចាស់ដីដែលតែងតែថែរក្សារពួកយើងប៉ុណ្ណោះ។ម្ចាស់ទឹកម្ចាស់ដីយើងរាងកាចបន្តិចព្រោះបើមានអ្នកប្លែកមុខឯណាមកស្នាក់ហើយម៉ាក់មិនបានអុជធូបសុំឬប្រាប់ជាដំណឹងទេនោះគឺថាសូមទោស…បើនៅមួយយប់គឺមិនបានដេកមួយយប់បើនៅបីយប់គឺមិនបានដេកទាំងបីយប់។ ឆ្នាំ២០១៨កូនសិស្សមករៀនធ្វើផ្សិតរបស់ប៉ាម្នាក់មកស្នាក់នៅផ្ទះយើងបានបីថ្ងៃចូលថ្ងៃទីបួនក៏ដាច់ចិត្តប្រាប់ម៉ាក់ថា «មីងអើយ! បីយប់ហ្នឹងខ្ញុំដេកមិនលក់ទេ! គេមានមាឌធំសម្បុរស្រអែមស្លៀកក្បិនក្រហមមកដេញខ្ញុំរហូត » ម៉ាក់ឮបែបនេះក៏តប «អូ៎! អាអូនអើយមីងភ្លេចសុំគេ!» បន្ទាប់មកម៉ាក់ខ្ញុំក៏ទិញចេកមកសែនហើយអុជធូបសុំម្ចាស់ទឹកម្ចាស់ដីទើបកូនសិស្សនោះបានសុខដេកលក់ស្រួលលែងមានការរំខាន។ ចំណែកជំនាងផ្ទះវិញទោះមិនឃើញរូបក៏ឱ្យឮជាសំឡេងដែរ។ សរុបមកអ្វីៗគឺមិនដូចពីមុនទេ…២០២១ទៅហើយជំនឿក៏សាបរលាបខ្លះៗដែរយ៉ាងណាយើងនៅតែផ្ដល់ការគោរពដល់ពួកគាត់ជានិច្ចព្រោះពួកគាត់ជាអ្នកថែរក្សារនិងការពារក្រុមគ្រួសារមួយនេះឱ្យបានសុខសាន្តរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំមានមតិខ្លះៗទៅលើរឿងវិញ្ញាណខ្មោចនេះ… ពេលត្រូវបានគេសួរថាខ្ញុំជឿលើរឿងខ្មោចទេ? ឬក៏ឯងខ្លាចខ្មោចទេ? ខ្ញុំជាអ្នករៀនខាងវិទ្យាសាស្រ្តបើទៅនិយាយប្រាប់គេថាខ្ញុំមានជំនឿលើរឿងអភិនីហារអស់នោះវាដូចជាគួរឱ្យចង់សើចសម្រាប់គេដែលពឹងពាក់លើតិចណូឡូជីក៏ប៉ុន្តែចម្លើយរបស់ខ្ញុំគឺថា « ជឿប៉ុន្តែក៏មិនជឿ » « ខ្លាចប៉ុន្តែក៏មិនខ្លាច » ខ្ញុំជឿថាបើយើងមិនបានប៉ះពាល់គេៗក៏មិនប៉ះពាល់យើងវិញដែរ… បើយើងគ្មាននិស្ស័យនឹងគេ គេក៏មិនឱ្យយើងឃើញ ដូចដែលខ្ញុំគ្មានដែលឃើញអីក្រៅពីសំឡេងអារបង្អួចម្ដងនោះអ៊ីចឹង។ ពេលរៀនឆ្នាំទីបី មានលោកគ្រូសាស្រ្តាចារ្យម្នាក់ គាត់បាននិយាយថា ព្រលឹងគឺមានពិតមែន ប៉ុន្តែពួកនោះខ្សោយណាស់ទម្រាំអាចឱ្យយើងឃើញជារូបរាងបាន គឺទាល់តែវិញ្ញាណអស់នោះមានអាយុច្រើនគ្រាន់បើហើយមានឥទ្ធិពលខ្លាំងផងដែរ។ បន្ថែមទៀតនោះ គេមិន​មែន​ស្រាប់តែនៅសុខៗមកបង្ហាញឱ្យយើងឃើញនោះទេ ប៉ុន្តែទាល់តែយើងជាមនុស្សដែលអាចផ្ដល់អ្វីម៉្យាងឱ្យគេវិញដែរទើបគេហ៊ានចំណាយថាមពលឱ្យយើងឮ ជាសំឡេង ឬឃើញជារូបរាងបាន មតិនេះខ្ញុំយល់ឃើញថាសមហេតុផលម៉្យាងដែរ។ ក៏ប៉ុន្តែ…គ្រួសារខ្ញុំមានរឿងចម្លែកៗច្រើនណាស់ មិនមែនមានតែប៉ុណ្ណឹងនោះទេ ព្រោះម៉ាក់ខ្ញុំនិងខ្ញុំ ជាមនុស្សដែលមានញ្ញាណពិសេស…ញ្ញាណដែលមិនអាចហៅបានថាជាញ្ញាណទី៦៕ ចប់.

Post a Comment

Previous Post Next Post

SHANA ONLINE SHOP