F

រឿង​បុរស​​បី​នាក់​ធ្វើ​ឱ្យ​យើង​យល់​ពី ទ្រព្យសម្បត្តិ ​ស្នេហា និង​ជោគជ័យ

 

ការ​រឹង​មាំ​ គឺជា​របស់​ទិព្វ​ម្យ៉ាង​សម្រាប់​នាំ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​នៃ​មនុស្ស​យើង​ដែល​មិន​អាច​ខ្វះ​បាន ព្រោះ​ភាពរឹងមាំ​គឺជា​អាវុធ​ដ៏​ល្អ​សម្រាប់​កម្ចាត់​ភាព​ទន់ខ្សោយ​ក្នុង​ប្រាណ។ វាអាច​នាំ​មនុស្ស​យើង​ទៅ​ដល់​គោលដៅ ដោយ​មានការ​អត់ធ្មត់​ជា​ឫសគល់។ ភាព​ជោគជ័យ​ កើត​ចេញពី​ការ​រឹង​មាំ អត់ធ្មត់ និង​ការ​តស៊ូ។ ប្រសិនបើ​ជួប​បញ្ហា​មិន​មាន​ភាពរឹងមាំ​ទេ អ្វី​ៗ​ទាំងអស់​នឹង​ត្រូវ​បរាជ័យ​ជា​ប្រាកដ។ គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​ចួបប​បញ្ហា ឬ​ក៏​ឧបសគ្គ​នោះ​ឡើយ។ បញ្ហា ឬ​ឧបសគ្គ មនុស្ស​យើង​ជា​ទូទៅ​តែងតែ​ចួប​ជា​ប្រក្រតី​ទៅ​ហើយ​សព្វ​ថ្ងៃនេះ​គ្រាន់តែ​តិច ឬ​ច្រើន​ទៅ​តាម​សមត្ថភាព​ដោះស្រាយ​របស់​គេ​តែ​ប៉ុណ្ណោះ។

ខាងក្រោមនេះជារឿងមួយចំនួនដែលនឹងធ្វើឱ្យអ្នកកាន់តែរឹងមាំ៖

កាលពីព្រេងនាយ នៅក្នុងភូមិមួយ ស្រ្តីម្នាក់ បានសង្កេតឃើញមានបុរសចំណាស់បីនាក់កំពុងអង្គុយនៅខាងក្រៅផ្ទះរបស់នាង។ ដោយឃើញពួកលោកតាអង្គុយមួយសន្ទុះធំហើយនោះ ស្រ្តីមេផ្ទះ ក៏បានចេញទៅខាងក្រៅហើយសាកសួរថា ខ្ញុំឃើញលោកតាអង្គុយយូរណាស់មកហើយ លោកតាច្បាស់ជាឃ្លានណាស់ហើយ សូមលោកតាអញ្ជើញចូលមកក្នុងផ្ទះសិនមកដើម្បីរកអ្វីពិសាសិន។ លោកតាម្នាក់ បានសួរត្រឡប់ទៅវិញថា តើបុរសដែលជាមេគ្រួសារនៅផ្ទះដែរឬទេ? ស្រ្តីក៏បានឆ្លើយតបថា មិននៅទេ។ ឮដូច្នោះហើយ លោកតាក៏បដិសេធមិនចូលផ្ទះនោះទេ។

កន្លងទៅវេលាល្ងាចក៏ចូលមកដល់ ស្វាមីរបស់ស្រ្តីនោះ ក៏ត្រឡប់មកផ្ទះវិញ ហើយនាងក៏បាននិយាយរឿងលោកតាៗដែលកំពុងអង្គុយនៅខាងក្រៅឲ្យប្តីស្តាប់។ បុរសជាប្តីឮហើយ ក៏បានប្រាប់ទៅស្រ្តីជាភរិយាថាឲ្យទៅអញ្ជើញពួកគាត់ចូលផ្ទះមក និងទទួលទានអាហារនៅក្នុងផ្ទះតែម្តង។

ស្រ្តីនោះបានទៅអញ្ជើញបុរសចំណាស់ទាំងបី ប៉ុន្តែលោកតាម្នាក់បាននិយាយថាពួកយើងមិនអាចចូលទៅក្នុងផ្ទះទាំងអស់គ្នាបានទេ ពោលគឺនាងអញ្ជើញចូលបានតែម្នាក់ប៉ុណ្ណោះ។ ស្រ្តីមានចម្ងល់ខ្លាំង ហើយសួរត្រឡប់វិញថា ហេតុអ្វី? ពេលនោះ លោកតាម្នាក់ ក៏បានពន្យល់ដូច្នេះថា គាត់នៅខាងនោះ មានឈ្មោះថា តាទ្រព្យសម្បត្តិ បើសិនជាគាត់ចូលទៅផ្ទះជាមួយនឹងនាង នោះផ្ទះរបស់នាងគឺពោរពេញទៅដោយទ្រព្យសម្បត្តិហូរហៀរ។ រួចហើយ គាត់បានចង្អុលទៅកាន់លោកតាម្នាក់ទៀត ហើយនិយាយថា លោកតាម្នាក់នោះឈ្មោះថា តាជោគជ័យ បើគាត់ទៅតាមនាងចូលទៅក្នុងផ្ទះ នោះផ្ទះរបស់នាងនឹងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារដែលនាងចាប់ផ្តើមធ្វើ។ ហើយគាត់ក៏បានចង្អុលមកខ្លួនឯង ហើយណែនាំប្រាប់ថា គាត់ឈ្មោះតាស្រឡាញ់ បើសិនជាគាត់ចូលទៅផ្ទះជាមួយនាង នោះផ្ទះនឹងពោរពេញដោយសេចក្តីស្រឡាញ់ជារៀងរហូត។

លោកតាបានឲ្យស្រ្តីនោះចូលទៅពិគ្រោះគ្នាក្នុងគ្រួសារសិនទៅថាចង់ឲ្យលោកតាមួយណាចូលផ្ទះ។ បុរសជាប្តីមានការត្រេកអរយ៉ាងខ្លាំង ហើយប្រាប់ប្រពន្ធឲ្យទៅអញ្ជើញលោកតាទ្រព្យមក ព្រោះផ្ទះយើងត្រូវការទ្រព្យ ប៉ុន្តែស្រ្តីជាប្រពន្ធមិនយល់ស្របនោះទេថាគួរតែអញ្ជើញតាជោគជ័យមកវិញល្អជាង ព្រោះពេលធ្វើអ្វីជោគជ័យអ្វីៗក៏កើតឡើងដែរ។ ស្តាប់ឪពុកម្តាយប្រកែកគ្នា កូនស្រីក៏បានលើកឡើងថា ហេតុអ្វីមិនសាកល្បងអញ្ជើញតាស្រឡាញ់ចូលមក ព្រោះបើតាស្រឡាញ់ចូលមក ផ្ទះនឹងពោរពេញដោយក្តីស្រឡាញ់ជារៀងរហូត។ ឪពុកម្តាយគ្មានអ្វីជំទាស់ ក៏យល់ស្រប ហើយទៅអញ្ជើញតាស្រឡាញ់ឲ្យចូលមក។ នាងប្រពន្ធក៏បានចេញទៅអញ្ជើញ ហើយតាស្រឡាញ់ក៏ងើបដើរតាមស្រ្តីចូលមកក្នុងផ្ទះ។ គ្រាន់តែដើរបានតែពីរបីជំហាន តាទាំងពីរនាក់ទៀត ក៏បានងើបឡើង ហើយដើរតាមស្រ្តីនោះ និងតាស្រឡាញ់ពីក្រោយផងដែរ។ ឃើញដូច្នោះ ស្រ្តីក៏បានសួរទៅវិញថា លោកតាមិនត្រូវបានអញ្ជើញនោះទេ ខ្ញុំអញ្ជើញតែតាស្រឡាញ់ប៉ុណ្ណោះ ហេតុអ្វីលោកតាៗមកតាមខ្ញុំដែរ? លោកតាម្នាក់បានឆ្លើយថា បើសិនជានាងអញ្ជើញតែតាទ្រព្យ ឬតាជោគជ័យចូលមក តាទាំងពីរផ្សេងៗទៀតត្រូវតែនៅខាងក្រៅ ប៉ុន្តែបើសិនជានាងអញ្ជើញតាស្រឡាញ់ចូលមក ពួកតាផ្សេងៗត្រូវតែទៅជាមួយគ្នាដែរ ព្រោះថានៅទីណាក៏ដោយឲ្យតែមានសេចក្តីស្រឡាញ់ នោះទ្រព្យសម្បត្តិ និងជោគជ័យនឹងតាមមកពីក្រោយបន្តបន្ទាប់គ្នាជារហូតមក។

Post a Comment

Previous Post Next Post

SHANA ONLINE SHOP